ក្រុមហ៊ុន Foster&Partners កំពុងឌីសាញឡើងវិញនូវអគារពាណិជ្ជកម្មលំដាប់ពិភពលោកនៅទីក្រុងកោះនរា

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីឈ្មោះ របស់អង់គ្លេស Foster& Partners បាននិងកំពុងគូប្លង់ស្ថាបត្យកម្ម មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនៅទីក្រុងកោះនរា។

ដើមឡើយ អគារពាណិជ្ជកម្មលំដាប់ពិភពលោកនេះ ត្រូវបានឌីសាញឡើងដោយក្រុមហ៊ុនថៃ ប៉ុន្តែដោយសារមានយោបល់មួយចំនួនមិនសូវពេញ​ចិត្តទម្រង់អគារនោះ ក្រុមហ៊ុន OCIC ដែលកំពុងវិនិយោគបង្កើតទីក្រុងរណបកោះនរា បានអនុញ្ញាត្តឲ្យក្រុមហ៊ុន Foster&Partners ធ្វើការគូប្លង់់ជាថ្មី។

អ្នកស្រីវី ណាវី ប្រធាននាយកដ្ឋានទីផ្សារនៃក្រុមហ៊ុន OCIC ដែលគ្រប់គ្រងគំរោងអភិវឌ្ឍន៍ទីក្រុងកោះពេជ្រ និងកោះនរាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា តាមព៌តមានដែលអ្នកស្រីបានដឹង គំរោងមជ្ឈ​មណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនេះ មានកំពស់់៥៥០ម៉ែត្រ ប៉ុន្តែតារយៈគំរូថ្មី ដែលគូដោយក្រុមហ៊ុនអង់គ្លេសដ៏ល្បីឈ្មោះនេះ អគារនេះនឹងត្រូវដំឡើងកំពស់ដល់ជាង៦០០ម៉ែត្រ។

អ្នកស្រីបន្តថា “យ៉ាងណានេះជាព៌តមានបឋម ប៉ុន្តែការសម្រេចបែបណា និងរូបរាងអគារបែបណា ខ្ញុំមិនទាន់អាចបញ្ជាក់បាននៅឡើយទេ”។

ក្រុមហ៊ុន FOSTER &Partners ជាក្រុមហ៊ុនដ៏ល្បីរបស់អង់គ្លេស ដែលបានរចនាប្លង់ ស្ថាបត្យកម្មជាច្រើននៅលើពិភពលោក ពិសេសព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ក៏ក្រុមហ៊ុននជាអ្នកឌីសាញនិងឈ្នះការដេញថ្លៃផងដែរ។

អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានមានប្រសា​សន៍ឲ្យដឹងកាលពីពេលថ្មីៗនេះផងដែរថា អគារកប់ពពកនេះ អាចនឹងមិនទាន់ចាប់ផ្តើមសាងសង់ នៅឆ្នាំ២០២២នេះនៅឡើយទេ ប៉ុន្តែអាចនឹងសាងសង់នៅឆ្នាំ​២០២៣ខាងមុខនេះ។

លោកបន្តថា “អ្វីៗវាអាស្រ័យលើការកំណត់របស់ក្រុមហ៊ុន និងស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង ព្រោះវិបត្តិជំងឺកូវីដ បានធ្វើឲ្យទីផ្សារជួបផលវិបាកផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here