ដោយៈសុខុម
រីយ៉ាដ- ព្រះអង្គម្ចាស់ Mohammed bin Salman Foundation ដែលគេស្គាល់ថា Misk បានបញ្ចេញព័ត៌មានលម្អិតស្តីពី ផែនការមេសម្រាប់ការសាងសង់ “ទីក្រុងមិនស្វែងរកប្រាក់ចំណេញ” (Nonprofit City) ដំបូងគេបង្អស់របស់ពិភពលោក។
ផ្អែកតាមសេចក្តីថ្លែងការណ៍បង្ហាញបានថា គម្រោងទីក្រុងថ្មី ដែលមានឈ្មោះថា Prince Mohammed Bin Salman Nonprofit City នេះនឹងគ្របដណ្ដប់លើផ្ទៃដី ប្រមាណ៣,៤គីឡូម៉ែត្រការ៉េ។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃទី៦ មីនា។
តំបន់ពាណិជ្ជកម្មនៅក្នុងទីក្រុងនេះ ត្រូវបានប៉ាន់ប្រមាណថា នឹងគ្របដណ្តប់លើផ្ទៃដីជាង ៣០៦.០០០ម៉ែត្រការ៉េ ហើយនឹងផ្ដល់ការងារដល់មនុស្សប្រហែល ២០.០០០នាក់។
ផ្ទៃដីប្រហែល៩៩.០០០ម៉ែត្រការ៉េនៃគំរោងនេះ ត្រូវបានបែងចែកសម្រាប់កន្លែងលក់រាយ កន្លែងកម្សាន្ត និងកន្លែងលក់អាហារ និងភេសជ្ជៈដែលបម្រើសេចក្ដីត្រូវការ ទាំងអ្នករស់នៅក្នុងទីក្រុងនេះ និងភ្ញៀវទេសចរ។
ផែនការមេទូទៅសម្រាប់ទីក្រុង រួមមាន តំបន់លំនៅដ្ឋានដែលមានផ្ទះវីឡា និងផ្ទះ Townhouse ចំនួន៥០០ខ្នង ព្រមទាំងអាផាតម៉ិនចំនួន ៦.០០០យូនីត ហើយទាំងអស់នេះគឺសមល្មម សម្រាប់អ្នករស់នៅជិត ១៨.០០០នាក់។
ទោះជាយ៉ាងណា គ្មានការបញ្ជាក់ច្បាស់លាស់ថា តើគម្រោងនេះនឹងចាប់ផ្ដើមនៅពេលណា ហើយនឹងបញ្ចប់នៅពេលណានោះឡើយ។
ជ្រលងដ៏ល្បីល្បាញ Wadi Hanifa ស្ថិតនៅភាគខាងជើងនៃទីក្រុងនេះ ខណៈសង្កាត់ Irqah ស្ថិតនៅភាគខាងត្បូងតាមបណ្តោយផ្លូវ Western Ring Road៕ Arab News៕