តើអគារប៉ុន្មានកំពុងសាងសង់ និងកំពុងផ្អាកនៅក្រុងព្រះសីហនុ?

0

ដោយៈគង់ សូរិយា

ព្រះសីងហនុៈ បន្ទាប់ពីជួបវិបត្តិផ្ទួនៗ លើការបិទហ្គេមអនឡាញ ការមកដល់ នៃវបត្តិសេដ្ឋកិច្ចបណ្តាលមកពីជំងឺកូវីដ១៩ បានធ្វើឲ្យទីក្រុងព្រះសីហនុ ដែលជាទីក្រុងមានការរីកចម្រើនលឿនជាងគេ កំពុងស្ថិតនៅក្នុងសភាពស្លោកស្រពោននៅឡើយ ទាក់ទងនឹងវិស័យសំណង់។

យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលទើបបានធ្វើបច្ចុប្បន្នភាព កាលពីពេលថ្មីៗនេះបានបង្ហាញថា រហូតមកទល់ពេលនេះ មានសំណង់អគារចំនួន៧៨ប៉ុណ្ណោះ កំពុងសាងសង់ និងអគារចំនួន៣៦៨អគារ​បាន និងកំពុងផ្អាកការសាងសង់ ក្នុងចំណោ​មគំរោងអគារសរុបចំនួន៩៧៥អគារ ដែលបានអនុម័តឲ្យសាងសង់ ដោយសមត្ថកិច្ចថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគិតចាប់តាំងឆ្នាំ២០០៥ ដល់ឆ្នាំ២០២១។

លោកឃាង ភារម្យអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានមានប្រ​សា​សន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា រហូតមកទល់ពេលនេះ សកម្មភាព​សេដ្ឋកិច្ច និងការវិនិយោគអចលនទ្រព្យ ការទិញលក់ដីធ្លីមានការកំរើកឡើងវិញបណ្តើរៗ ប៉ុន្តែមិនទាន់មានសញ្ញាល្អប្រសើរខ្លាំងនៅឡើយទេ។

លោកបន្តថា “ស្ថានភាពនេះ ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីឲ្យ​សេដ្ឋកិច្ច និងវិស័យអចលនទ្រព្យនៅក្នុងខេត្តនេះរសរវើកឡើងវិញ”។

អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍នាពេលថ្មីៗនេះថា ទីផ្សារអចលនទ្រព្យពិតជាត្រូវការពេលវេលាច្រើនបន្ថែមទៀត ពីអ្វីដែលមានកន្លងមក ដើម្បីឲ្យទីផ្សារស្រូបយកនូវការផ្គត់ផ្គង់កន្លងមក។

អ្នកស្រីបន្តថា “វាមិនងាយឡើងដល់កម្រិតពីមុននោះទេ ព្រោះការឡើងថ្លៃយ៉ាងគំហុក អំឡុងបណ្តាឆ្នាំមុនពេលមានវិបត្តិ និងការបិទហ្គេមអនឡាញ ជាអ្វីដែលជាកំណើនហួសការរំពឹងទុក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here