ដោយ៖ សុខុម
ហុងកុង: ភាគហ៊ុនរបស់បណ្ដាក្រុមហ៊ុនអចលនទ្រព្យចិន បានហក់ឡើងនៅថ្ងៃច័ន្ទ ទី៧ ខែមីនា នេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីចិន លោក លី ខឹឈាង បានបញ្ជាក់ចំពោះក្ដីរំពឹងក្នុងទីផ្សារដែលនឹងមានការបន្ធូរបន្ថយបន្ថែមទៀតសម្រាប់វិស័យអចលនទ្រព្យ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បង្ហាញថា សន្ទស្សន៍ផ្សារភាគហ៊ុនអចលនទ្រព្យចិនដីគោក Hang Seng Mainland Properties Index ទទួលបានកំណើន១,៥%នៅរសៀលថ្ងៃនេះ ក្រោយពីធ្លាក់ចុះ៣,២%នៅក្នុងទន្ទស្សន៍ផ្សារភាគហ៊ុនក្រុងហុងកុង Hang Seng Index នៅព្រឹកនេះ។
ក្រុមហ៊ុន Country Garden ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតរបស់ប្រទេសចិន បើគិតពីទំហំនៃការលក់ បានហក់ឡើង៥,៦% ខណៈក្រុមហ៊ុនរដ្ឋ China Overseas Land & Investment បានហក់ឡើង៣,៧%។
លោក លី ខឹឈាង បានថ្លែងក្នុងកិច្ចប្រជុំសភាប្រចាំឆ្នាំកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅថា រដ្ឋាភិបាលនឹងជួយគាំទ្រទីផ្សារលំនៅដ្ឋាន ដើម្បីបំពេញតម្រូវការស្របច្បាប់របស់អ្នកទិញផ្ទះឱ្យបានកាន់តែប្រសើរ ហើយអនុវត្តគោលនយោបាយក្រុងដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យអចលនទ្រព្យប្រកបដោយភាពរឹងមាំ។
លោកបានសង្កត់ធ្ងន់ថា ប្រទេសចិន នឹងបន្តអនុវត្តគោលនយោបាយដ៏ល្អប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ខ្លួន។ គោលនយោបាយនោះគឺ “ទិញផ្ទះសម្រាប់រស់នៅ គឺមិនមែនទិញទុកលក់ចំណេញនោះឡើយ” ហើយរដ្ឋាភិបាលនឹងប្រឹងប្រែង “ធ្វើឱ្យតម្លៃដីធ្លី និងតម្លៃផ្ទះមានលំនឹង”។
លោកបានបន្ថែមទៀតថា ក្រុមអ្នកបង្កើតគោលនយោបាយនឹងស្វែងរកគំរូអភិវឌ្ឍន៍ថ្មី និងពន្លឿនការអភិវឌ្ឍទីផ្សារជួលលំនៅដ្ឋាន។
ធនាគារវិនិយោគជប៉ុន Nomura រំពឹងថា រដ្ឋបាលមូលដ្ឋានចិន កាន់តែច្រើននឹងដាក់ចេញវិធានការកែលម្អគោលនយោបាយអចលនទ្រព្យនៅខែខាងមុខនេះ ជាមួយនឹងការកែសម្រួលគោលនយោបាយដ៏មានសក្តានុពលរួមទាំងការកាត់បន្ថយចំនួនទឹកប្រាក់បង់មុន (Down Payment) សម្រាប់ការបង់រំលស់ផ្ទះ និងការដកចេញមួយចំនួនធំនូវការរឹតបន្តឹងលើការទិញផ្ទះផងដែរ។
ចំនួននៃការលក់ផ្ទះក្នុងប្រទេសចិន បានធ្លាក់ចុះរហូតដល់ទៅប្រមាណ៤០%ក្នុងរយៈពេល២ខែដើមឆ្នាំនេះ បើធៀបនឹងឆ្នាំមុន ទោះបីជាតម្លៃផ្ទះបានហក់ឡើងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះក្ដី៕