ប្លង់ស្ថាបត្យកម្មផ្លូវក្រោមទន្លេមេគង្គត្រូវបានបង្ហាញ ប៉ុន្តែអ្នកនាំពាក្យក្រសួងសាធារណៈការមិនបានបញ្ជាក់

0

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ប្លង់ស្ថាបត្យកម្មស្ពានក្រោមទន្លេមេគង្គ ដែលស្ថិតនៅតំបន់ប្រជុំទន្លេចតុមុខ សម្រាប់ទស្សនវិស័យឆ្នាំ២០៣០ ត្រូវបានបង្ហាញដោយអ្នករកស៊ី អចលនទ្រព្យដ៏ល្បីឈ្មោះ។

ទោះជាយ៉ាងណា ព៌តមាននិងគំរោងស្ថាបត្យកម្មនេះពិត ឬយ៉ាងណា វាស្រ័យលើការប្រកាសរបស់រដ្ឋាភិបាល ដោយគេហទំព័រ Propertyarea គ្រាន់តែដើរតួនាទីយកមកបង្ហាញ និងមិនអាចបញ្ជាក់ថា គំរោងនេះពិតឬមិនពិតនោះទេ។

លោកវ៉ាស៊ីម សូរិយា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹង កាលពីរសៀលថ្ងៃទី៦ មិនាថា លោកធ្លាប់បានលឺពីគំរោងនេះ ប៉ុន្តែការពិតគំរោងនេះចាប់ផ្តើមសាងសង់ និងគូរដោយក្រុមហ៊ុនណាលោកមិនអាចបញ្ជាក់បាននោះទេ។

លោកបន្តថា “បើសិនជាគម្រោងនេះ ស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ គេមិនឲ្យយើងដឹងនោះទេ”។ លោកបន្តថា “កន្លងមក យើងចង់បានស្ពានក្រោមទន្លេដែរ ដែលតភ្ជាប់ពីជ្រោយចង្វារ មកកាន់ទីក្រុងកោះពេជ្រ មកកាន់ណាហ្កា និងទៅកាន់ក្រុងតាខ្មៅ”។

មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា គំរោងសាងសង់ស្ពានក្រោមទន្លេស្ថិតនៅតំបន់ខាងលើនេះ ពិតជាមានពិតប្រាកដ ប៉ុន្តែពួកគេមិនបញ្ជា​ក់ពីកាលបរិច្ឆេទ កំណត់ពេលសាងសង់នៅឆ្នាំណានោះទេ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានលើកឡើងពីគំរោងសាងសង់ស្ពានក្រោមទន្លេផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែសម្តេចមិនបានបញ្ជាក់លំអិតនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here