ដោយៈវិវត្តន៍
ភ្នំពេញៈ អ្នកវិនិយោគលើវិស័យអចលនទ្រព្យ តែងតែចង់បានតម្លៃថ្លៃ មនុស្សមួយចំនួន តែងតែឡើងថ្លៃតម្លៃអចលនទ្រព្យរបស់ខ្លួន នៅពេលមានគេសួរនាំច្រើន ហេតុនេះតើអ្នកវិនិយោគគួរលក់អចលនទ្រព្យបែបណា ទើបទទួលបានផលចំណេញច្រើន និងសមស្របនឹងតម្លៃទីផ្សារពិតប្រាកដ។

-->
ជាទូទៅតម្លៃអចលនទ្រព្យ ត្រូវបានគេប្រដូចទៅទឹកចរន្តនៃទឹកសមុទ្រ ដែលភាពឡើងចុះគ្រប់វិនាទី ម្ដងជោរ ម្ដងនាច ហើយមានពេលខ្លះក៏នៅស្មើត្រឹងតែម្ដង។ ដូច្នេះ ប្រសិនបើអ្នកមានអចលនទ្រព្យនៅក្នុងដៃ ហើយចង់ទទួលបានផលចំណេញច្រើន តើគួរលក់នៅពេលណាទើបល្អ? ចម្លើយត្រូវបានបង្ហាញថា ដើម្បីអាចទទួលបានផលចំណេញច្រើនពីការលក់ អ្នកគួរតែទុកលក់នៅពេលតម្លៃអចលនទ្រព្យឡើង ដល់ចំណុចកំពូលមួយ ប៉ុន្តែក៏មិនត្រូវទុករហូតទាល់តែតម្លៃចាប់ផ្តើមធ្លាក់ចុះទៅវិញ។
មានន័យថា អ្នកមិនត្រូវទន្ទឹងរង់ចាំតម្លៃថ្លៃ រហូតបាត់បង់ឱកាសមាស ឱកាសប្រាក់នោះទេ ពោលគឺយើងត្រូវតែធ្វើការប្រៀបធៀបតម្លៃដើម ដែលអ្នកទិញជាមួយនឹងតម្លៃទីផ្សារ នៅពេលចង់លក់ដែលកំពុងមានដង្ហើម ហើយចាប់ធ្វើការសម្រេចចិត្តតែម្ដង ខណៈបើតម្លៃនៃភាគចំណេញមានអត្រាស្ទើរតែស្មើនឹង៨០-៩០ ភាគរយទៅហើយនោះ ។
នៅពេលដែលតម្លៃអចលនទ្រព្យ របស់អ្នកឡើងដល់កម្រិតមួយ ដែលអ្នកគិតថាមិនអាចឡើងហួសពីតម្លៃជាក់ស្ដែង អ្នកគួរតែសម្រេចចិត្តលក់ចេញទៅ ព្រោះបើអ្នកនៅតែព្យាយាមរក្សាទុកថា មិនត្រូវអាចជួបការខាតបង់ ឬស្តាយក្រោយដោយសារតែតម្លៃដីធ្លាក់ចុះ ឬតម្រូវការទីផ្សារត្រូវបានគេបំពេញមុនក៏ថាបានដែរ។
ជាទូទៅម្ចាស់អចលទ្រព្យភាគច្រើន តែងរំពឹងចង់បានតម្លៃខ្ពស់បំផុត។ ប៉ុន្តែអ្នកត្រូវចាំថា ពេលខ្លះម្ចាស់អចលនទ្រព្យ ត្រូវជួបនឹងភាពបរាជ័យ ដោយសារតែចិត្តលោភលន់នេះឯង ចង់បានចំណេញខ្ពស់កប់ពពក រហូតធ្វើឱ្យអ្នកទិញមិនហ៊ានចរចា ឬចរចាហើយមិនទិញក៏មានដែរ ខណៈដែលគេពិចារណាឃើញថា មិនអាចទទួលបានតម្លៃ លើសពីការទិញរបស់ពួកគេ។
មិនតែប៉ុណ្ណោះ ឈ្មួញដែលជាអ្នកទិញ ក៏អាចនិយាយព័ត៌មានមិនល្អពីអ្នកប្រាប់ទៅកាន់អ្នកវិនិយោគដូចគ្នាក៏ថាបានដែរ ដែលទាំងអស់នេះសុទ្ធតែជះឥទ្ធិពលមិនល្អដល់អ្នកទាំងអស់។
មានម្ចាស់អចលនទ្រព្យខ្លះ មិនបានក្តាប់ជាប់តម្លៃទីផ្សារជាក់ស្ដែង ហើយជឿតាមពាក្យចចាមអារាមថា តម្លៃដីនឹងកាន់តែឡើងថ្លៃ ជាមួយនឹងការព្យាយាមដាក់តម្លៃដី របស់ខ្លួនខ្ពស់ហួសភាពជាក់ស្ដែង ដែលចំណុចនេះក៏ជាគ្រោះថ្នាក់ ដែលអាចអោយមានការបាត់បង់នូវឱកាស ទទួលបានលាភសក្ការៈពីអចលន្រព្យរបស់ខ្លួន។
មួយវិញទៀត ប្រសិនបើអ្នកត្រូវការលុយ ទៅបង្វិលធ្វើអ្វីផ្សេងទៀត ដែលអាចនាំឱ្យចំណេញលុយត្រឡប់មកវិញច្រើន ប៉ុន្តែអ្នកនៅព្យាយាមរង់ចាំតម្លៃដីឡើងថ្លៃទើបសម្រេចលក់ ចុះបើជួនជាចៃដន្យ តម្លៃទីផ្សារអចលនទ្រព្យធ្លាក់ចុះ ឬជួបនឹងហានិភ័យណាមួយកើតឡើង សំណួរសួរថា តើអ្នកនៅតែអាចទទួលបានផលចំណេញពីដី ឬជួបភាពខាតបង់ ដែលចំណាយពេលវេលាឥតប្រយោជន៍?។

ដូច្នេះ ដើម្បីឱ្យមានភាពច្បាស់លាស់ និងអស់មន្ទិលសង្ស័យនៅក្នុងចិត្តខណៈបើអ្នកមិនបានជ្រាបច្បាស់ ពីស្ថានភាពជាក់ស្ដែងនៃតម្លៃទីផ្សារ ជម្រើសចុងក្រោយ អ្នកគួរតែរកជំនួយការ ដែលជាអ្នកជំនាញផ្នែកអចលនទ្រព្យ ឬភ្នាក់ងារជំនាញដែលមានភាពច្បាស់លាស់ មានកេរ្តិ៍ឈ្មោះក្នុងវិស័យអចលនទ្រព្យធ្វើជាបង្អែក ទើបការសម្រេចចិត្តរបស់អ្នក មិនជួបភាពស្តាយក្រោយ៕