ការអភិវឌ្ឍផ្ទះលំហែនៅកម្ពុជាកាន់តែរីកសាយស្របពេលតម្រូវការនិងអំណាចនៃការទិញកើនឡើង?

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ កាលពីប៉ុន្មានឆ្នាំមុននេះ ទីផ្សារលំនៅឋានលំហែកាយនៅក្នុងប្រទេសកម្ពុជាមានតិចតួចបំផុត ហើយអ្នកអភិវឌ្ឍន៍ក៏មានតិចតួចដែរ ប៉ុន្មានមួយរយៈចុងក្រោយនេះ ជាពិសេសប្រមាណ២ឆ្នាំមកនេះ ការអភិវឌ្ឍផ្ទះលំហែកាយបានចាប់ផ្ដើមកាន់តែខ្លាំង និងរីកសាយទៅកាន់បណ្ដាខេត្តកាន់តែច្រើន។

អគ្គនាយនៃក្រុមហ៊ុនអភិវឌ្ឍន៍ផ្ទះលំហែកាយ Forest Harmony លោកអ៉ិន ស៊ីថាបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា បច្ចុប្បន្ននេះការអភិវឌ្ឍលើផ្ទះលំហែកាយ នៅក្នុងប្រទេសកម្ពុជា កាន់តែរីកដុះដាលកាន់តែខ្លាំង ក្នុងនោះដែរយើងបានមើលឃើញថា ខេត្តមណ្ឌលគីរី ពោធិ៍សា​ត់ ជាតំបន់ថ្មីដែលមានការចាប់អារម្មណ៍ លើការអភិវឌ្ឍផ្ទះលំហែកាយសម្រា​ប់ផ្គត់ផ្គង់ជូនអតិថិជននៅក្នុងប្រទេសកម្ពុជា។

លោកបន្តថា “ការអភិវឌ្ឍលើលំនៅឋានលំហែកាយ នឹងជួយជំរុញឱ្យសេដ្ឋកិច្ចក្នុងតំបន់ កាន់តែមានសន្ទុះមួយកម្រិតទៀត ហើយបើសិនជាមានក្រុមហ៊ុនបរទេសកាន់តែច្រើនចូលមកកម្ពុជា និងអភិវឌ្ឍន៍លើលំនៅឋានលំហែកាយកាន់តែច្រើន វានឹងកាន់តែជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានសន្ទុះបន្ថែម”។ លោកបន្តថា “ការអភិវឌ្ឍអចលនទ្រព្យប្រភេទនេះ នឹងជួយផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងតំបន់មានការងារធ្វើទទួលបានប្រាក់ចំណូលកាន់តែខ្ពស់”។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា ការអភិវឌ្ឍផ្ទះលំហែកាយនឹងកាន់តែមានសន្ទុះ នៅពេលប្រជាពលរដ្ឋកម្ពុជា មានប្រាក់ចំណូលកាន់តែច្រើន។ មួយរយៈចុងក្រោយនេះ ដោយសារតែពលរដ្ឋកម្ពុជាមិនអាចចេញធ្វើដំណើរកម្សាន្តទៅកាន់ក្រៅប្រទេសបាន ធ្វើឱ្យតម្រូវការផ្ទះលំហែក្នុងប្រទេសកម្ពុជាមានតម្រូវការខ្ពស់ និងមានការអភិវឌ្ឍកាន់តែច្រើននៅតាមបណ្ដាខេត្តសក្ដានុពលទេសចរណ៍។

ចំណែកលោកបូ សេងហួរ អ្នកវាយតម្លៃនិងភ្នាក់ងារអចលនទ្រព្យមួយរូបប្រចាំខេត្តកំពង់ស្ពឺក៏បានឱ្យដឹងផងដែរថា មិនថាការអភិវឌ្ឍផ្ទះលំហែឬដីឡូត៏លំហែ គឺកំពុងទទួលបានការចាប់អារម្មណ៍ ពីអ្នកវិនិយោគក្នុងប្រទេស ដើម្បីបំពេញតម្រូវការអតិថិជនក្នុងស្រុក ក្នុងនោះអ្នកអភិវឌ្ឍន៍ដីធ្លីបានទិញដីចំការរបស់ពលរដ្ឋ ហើយអភិវឌ្ឍន៍ជាដីឡូត៏លំហែ សម្រាប់អតិថិជនទិញហើយសង់ផ្ទះលំហែនិងដាំដំណាំ ឬបន្លែបង្កានៅចុងសប្ដាហ៍សប្ដាហ៍។

រីឯលោកជិន ណារិនភ្នាក់ងារអចលនទ្រព្យប្រចាំខេត្តកំពតក៏បាននិយាយថា អតិថិជនដែលជាអ្នកទិញដីឡូត៏លំហែ នៅក្នុងខេត្តកំពតភាគច្រើនគឺជាអ្នកនៅភ្នំពេញ ដោយបានទិញដីហើយទុកសម្រាប់ អភិវឌ្ឍន៍ផ្ទះលំហែដោយខ្លួនឯង។

លោកបន្តថានៅក្នុងខេត្តកំពត មានការអភិវឌ្ឍទៅលើដីឡូត៏ និងផ្ទះលំហែកាយច្រើន តែក៏មានក្រុមហ៊ុនខ្លះទទួលបានជោគជ័យ និងខ្លះទៀត មានការគាំទ្រតិចតួចពីប្រជាពលរដ្ឋ ហើយវាក៏ជាការប្រកួតប្រជែងមួយសម្រាប់ទីផ្សារមួយនេះក្នុងខេត្តកំពត៕

LEAVE A REPLY

Please enter your comment!
Please enter your name here