ដោយៈ វឌ្ឈនៈ
ភ្នំពេញៈ បញ្ហាកង្វះទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ បានកើតឡើងជាយូរមកហើយ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិបត្តិទឹកស្អាតនៅជាយរាជធានីភ្នំពេញ បានកើតឡើងកាន់តែធ្ងន់ធ្ងរ។
សម្រាប់ឆ្នាំ២០២២នេះ វិបត្តិទឹកស្អាតបានកើតកាន់តែអាក្រក់ថែមទៀត ស្របពេលកំណើនផ្ទះ នៅតាមតំបន់ជាយក្រុង ក៏កាន់តែកើនឡើងច្រើន។
ប្រជាពលរដ្ឋដែលរស់នៅតំបន់ជាយក្រុងភ្នំពេញ ជាពិសេសនៅប៉ែកខាងលិចភ្នំពេញ រួមមានក្នុងខណ្ឌកំបូលផ្នែកខ្លះ នៃខណ្ឌពោធិ៍សែនជ័យ បាននាំគ្នារង់ចាំបូមទឹក ពីប្រព័ន្ធទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ និងខ្លះទៀត ក៏បាននាំគ្នាដឹកទឹកពីស៊ីទែនទឹក ដែលអាជ្ញាធរនិងក្រុមហ៊ុនម្ចាស់បុរី បានដាក់នៅតាមសួនដោយបូមទឹកពីក្រោមដី មកដាក់ឬដឹកជញ្ជូនទឹកតាមឡាន ពីតំបន់ផ្សេងមកដាក់ក្នុងស៊ីទែននោះ។
លោកតុង ហួរ ប្រជាពលរដ្ឋរស់នៅក្នុងបុរីពិភពថ្មី នៃខណ្ឌកំបូល បានឱ្យដឹងនាព្រឹកថ្ងៃទី៩ មិនាថា ឆ្នាំនេះកង្វះទឹកប្រើប្រាស់ បានកើនឡើងកាន់តែខ្លាំង សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងបុរីពិភពថ្មី ដោយសារតែកំណើនប្រជាពលរដ្ឋមករស់នៅក្នុងបុរីកាន់តែច្រើន ហើយកំណើនលំនៅឋាននៅក្នុងតំបន់នោះក៏កាន់តែច្រើន ឡើងដល់រាប់ម៉ឺនល្វែងហើយមកដល់ពេលនេះ ។
លោកបន្តថារាល់ថ្ងៃ លោកត្រូវទិញពីក្រុមអ្នកដឹកទឹក ដើរលក់តាមផ្ទះក្នុងមួយស៊ីទែន ដែលមានចំណុះ១០០០លីត្រ ក្នុងតម្លៃ២ម៉ឺនរៀលមួយស៊ីទែននេះ លោកប្រើមិនគ្រប់ទេក្នុងមួយថ្ងៃ ដោយសារតែលោកជាអ្នកបើករបរបោកអ៊ុត គឺមានតម្រូវការទឹកច្រើន សម្រាប់បោកអ៊ុតជូនអតិថិជន ហើយពេលខ្លះ ដោយសារតែកង្វះខាតទឹក ធ្វើឱ្យការផ្ដល់សេវាជូនអតិថិជនមានការយឺតយ៉ាវ ។
ចំណែកកញ្ញាសោភណ ពលរដ្ឋរស់នៅក្នុងបុរីពិភពថ្មីកំបូលក៏បានឱ្យដឹងផងដែរថា រៀងរាល់ថ្ងៃនៅពេលចេញពីធ្វើការ កញ្ញាត្រូវមកដឹកជញ្ជូនទឹកនៅតាមសួន ដើម្បីយកទៅប្រើប្រាស់ ពេលខ្លះម៉ោង១១យប់ ឬ១២ទើបបានចូលគេង។ បើសិនជាមិនដឹកទឹកទុកប្រើប្រាស់ទេ ព្រឹកឡើងច្បាស់ជាអត់ទឹកងូតមុនទៅធ្វើការហើយ។ ការរស់នៅក្នុងបុរីពិតមែនតែវាមិនស្រួលបែបអ្នករស់នៅក្នុងបុរីឡើយ ។
ជាការកត់សម្គាល់ ឱ្យតែពលរដ្ឋរស់នៅក្នុងបុរីពិភពថ្មី តែងតែមានបញ្ហាទឹកប្រើប្រាស់ ជាពិសេសបុរីថ្មីៗដែលរចនាមកក្រោយៗ ប៉ុន្តែតំបន់នៅខាងកំបូលមានបញ្ហាទឹកស្អាតខ្លាំងជាង។ កន្លងមកខាងបុរី បានដាក់បន្ទុកទៅលើរដ្ឋាករទឹក ដែលមិនមានទឹកផ្គត់ ហើយខាងរដ្ឋាករទឹកវិញក៏បានប្រាប់ទៅអតិថិជន ដែលឡើងតវ៉ារឿងអត់ទឹកប្រើថា ពេលក្រុមហ៊ុនដាក់សំណើរមកសុំរដ្ឋាករ ដើម្បីតបណ្ដាញចូលបុរី ខាងរដ្ឋាករបានប្រាប់ថា មិនមានទឹកទេ តែបុរីបានប្រាប់វិញថា ឱ្យតែមានទុយោតចូល ឬឱ្យតែមានបណ្ដាញរដ្ឋចូលចាំក្រុមហ៊ុន ជាអ្នករកទឹកមកផ្គត់ផ្គង់ជូនអតិថិជនជំនួស។
ជាការពិតបច្ចុប្បន្នម្ចាស់បុរី ជាអ្នករកទឹកមកឱ្យអតិថិជនមែន តែដោយសារតែកំណើនពលរដ្ឋកាន់តែច្រើន តម្រូវការទឹកក៏មានកាន់តែច្រើន ដែលធ្វើឱ្យម្ចាស់បុរីមិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់។
មន្ត្រីនៃរដ្ឋាករទឹកមួយរូបបានប្រាប់ឱ្យដឹងថា ដោយសារតែកំណើនអគារនិងលំនៅឋាននៅភ្នំពេញ និងក្រុងតាខ្មៅ ធ្វើឱ្យសម្ពាធទឹកប្រើប្រាស់ទៅតំបន់ជាយក្រុងកាន់តែខ្សោយ ហើយថាពេលនេះ រដ្ឋាករទឹកកំពុងព ន្លឿន ការសាងសង់អាងប្រព្រឹត្តិកម្មទឹកស្អាត ដើម្បីឱ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់បានគ្រប់គ្រាន់។ រដ្ឋាករទឹកក៏បានអំពាវនាវឱ្យពលរដ្ឋ នៅកណ្ដាលក្រុង ប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីទុកទឹកឱ្យបានដល់តំបន់ជាយក្រុងប្រើប្រាស់ផង៕