ដោយៈ សុផារី
ភ្នំពេញៈ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាសមាជិកនៃធនាគារពិភពលោក បានផ្តល់ប្រាក់កម្ចីរហូតដល់១០០លានដុល្លារ ដល់ធនាគារហត្ថា សម្រាប់ផ្តល់ប្រាក់កម្ចីដល់សហគ្រាសខ្នាតតូច និងមធ្យម (WMSMEs) ដែលគ្រប់គ្រងដោយស្ត្រីនៅក្នុងប្រទេសកម្ពុជា។
យោងតាមសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិIFC បានឲ្យដឹងថា ប្រាក់កម្ចីនេះ រួមបញ្ជូលកម្ចីពីគណនីផ្ទាល់ខ្លួនរបស់IFC ដែលមានទឹកប្រាក់ប្រមាណ២៥ទៅ៥០លានដុល្លារ និងការកៀងគរពីសមាជិកចំនួន ប្រមាណ៥០ទៅ៧០លានដុល្លារអាមេរិក។
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោននេះបាននិយាយថា “ការវិនិយោគរបស់IFC នឹងត្រូវបានប្រើប្រាស់ទាំងស្រុង សម្រាប់ការផ្តល់ប្រាក់កម្ចីដល់វិស័យSME គ្រប់គ្រងដោយស្ត្រីនៅកម្ពុជា ដើម្បីគាំទ្រដល់កំណើននៃផលប័ត្រ នៃវិស័យរបស់ធនាគារហត្ថា ដែលត្រូវបានរំពឹងថា នឹងរួមចំណែកក្នុងការបង្រួមគម្លាត ហិរញ្ញប្បទានដល់SMEគ្រប់គ្រងដោយស្ត្រីនៅកម្ពុជា”។
កាលពីខែឧសភាឆ្នាំមុនIFC បានស្នើផ្តល់កម្ចីរហូតដល់ទៅ៤០លានដុល្លារដល់ធនាគារហត្ថា ដើម្បីគាំទ្រផលប័ត្រ និងកែលម្អលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងអំឡុងពេលជំងឺកូវីដ១៩បច្ចុប្បន្ន។
IFC បានវិនិយោគលើធនាគារហត្ថា តាំងពីឆ្នាំ២០១៥។ ធនាគារ ហត្ថា គឺជាធនាគារមួយក្នុងចំណោមធនាគារ ឈានមុខផ្សេងទៀតនៅកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណ ធ្វើប្រតិបត្តិការធនាគារពាណិជ្ជពីធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម នៅខែសីហាឆ្នាំ២០២០ ដោយបានដំណើរការអស់រយៈពេលជាង២៦ឆ្នាំមកហើយ។
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ធនាគារមានទ្រព្យសកម្មសរុបប្រហែល២ពាន់លានដុល្លារ និងផលប័ត្រប្រាក់កម្ចីសរុបប្រហែល១,៧ពាន់លានដុល្លារ និងមានសាខាចំនួន១៧៧សាខា នៅក្នុង២៥រាជធានីខេត្តផងដែរ។
ធនាគារនេះ ត្រូវបានគ្រប់គ្រងទាំងស្រុងដោយធនាគារ Ayudhya Public Company Limited (BAY) ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសថៃ៕