មន្រ្តីពាណិជ្ជកម្ម ទេសចរណ៍មានសុទិដ្ឋិនិយមជុំវិញដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុន

0

ដោយៈជេស៊ីកា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា និងអ្នកជំនាញក្នុងវិស័យទេសចរណ៍ បានសម្តែងសសិទិដ្ឋិនិយមជុំវិញ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុន មកកម្ពុជានៅចុងខែមិនាខាងមុខនេះ។

លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀល ថ្ងៃទី១១ មិនាថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុន លោក FUMIO Kishida នាថ្ងៃទី២០ និង២១មិនាខាងមុខនេះ ជាសញ្ញាល្អ និងផ្តល់ផលចំណេញដល់កម្ពុជា ដែលបង្ហាញទៅពិភពលោកថា កម្ពុជាមានសេដ្ឋកិច្ចរីកចម្រើនជាមួយសុខសន្តិភាព និងស្ថេរភាពនយោបាយ។

លោកឧកញ៉ាបានបន្តថា “ជុំវិញដំណើរទស្សនកិច្ចនេះ នឹងជម្រុញឲ្យអ្នកវិនិយោគជប៉ុនមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ស្របពេលអ្នកវិនិយោគជប៉ុនបាន និងកំពុងសម្លឹងមកាន់ទីផ្សារកម្ពុជា”។ លោកបន្តថា “តាមរយៈមហាអនុតំបន់ទន្លេមេគង្គ បូកជប៉ុន នៅពេលជប៉ុនវិនិយោគនៅប្រទេសថៃ ពួកគេនឹងផ្តោតលើការវិនិយោគនៅកម្ពុជាផងដែរ”។

លោកឧកញ៉ាលឹម ហេង បានបន្តថា កម្ពុជាបានរៀបចំខ្លួនរួចជាយូរមកហើយ ដើម្បីស្វាគមន៍ការវិនិយោគពីបរទេស ដោយកម្ពុជាមានច្បាប់វិនិយោគថ្មី ដែលផ្តល់ការទាក់ទាញ និងលើកកំពស់បរិយាកាសវិនិយោគកាន់តែប្រសើរឡើង។ លោកបន្តថា ជាមួយគ្នានេះ យើងមានសុទិដ្ឋិនិយមថា លំហូរពាណិជ្ជកម្ម និងវិនិយោគជប៉ុនមកកាន់កម្ពុជានឹងមានភាពល្អប្រសើរឡើងនាពេលខាងមុខ ខណៈការរៀបចំឯកសារដើម្បីបើកការិយាល័​យសភាពាណិជ្ជកម្មនៅតំបន់សេនដាយ ប្រទេសជប៉ុនបានបញ្ចប់រួចហើយ។

ក្រុមហ៊ុនជប៉ុនជាង១០០កំពុងវិនិយោគនៅកម្ពុជា និងការវិនិយោគជារូបវ័ន្តបុគ្គល របស់ជនជាតិជប៉ុននៅកម្ពុជា ក៏មានចំនួនច្រើនផងដែរ ដោយទំហំទុនវិនិយោគជប៉ុននៅកម្ពុជា បានកើនឡើងដល់ជាង២០០០លានដុល្លារអាមេរិក គិតរហូតដល់ដំណាច់ឆ្នាំ២០២១កន្លងមកនេះ។

ជាមួយគ្នានេះ លោកហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា ការសម្រេចបាននូវលំហូរពាណិជ្ជកម្ម និងទេសចរណ៍របស់ជប៉ុនមកកម្ពុជា វាអាស្រ័យលើការបើករបាំងចត្តាឡីស័ករបស់ប្រទេសជប៉ុន ព្រោះទោះបីជាកម្ពុជាបើកចំហ និងមិនធ្វើចត្តាឡីស័កក្តី ប៉ុន្តែប្រសិនបើប្រទេសជប៉ុនដាក់របាំាំងនេះ លំហូរពាណិជ្ជកម្ម ការវិនិយោគ និងវិស័យទេសចរណ៍នឹងនៅតែមានបញ្ហា។

លោកបន្តថា “យើងសង្ឃឹមថាសម្តេចតេជោ នឹងស្នើនាយករដ្ឋមន្រ្តីជប៉ុនឲ្យមានការហោះហើរត្រង់ និងបន្ឋូរបន្ថយរបាំងចត្តាឡីស័ក ដើម្បីសម្រួ​លលំហូរពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ”។ លោកបន្តថា “ការហោះហើររបស់អាកាសចរណ៍ ANA Airlineមកកកម្ពុជា នាពេល​កន្លងមកបានលើកកំពស់ពាណិជ្ជកម្ម ការវិនិយោគ និងភ្ញៀវទេសចរណ៍ដ៏ល្អរវាងប្រទេសទាំងពីរ”។

លោកបន្តថា ប៉ុន្តែដោយសារវិបត្តិកូវីដ បានធ្វើឲ្យកម្ពុជាមិនទទួលបានភ្ញៀវទេសចរណ៍ជប៉ុន និងលំហូរពាណិជ្ជកម្មនៅមានកម្រិតនៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here