ដោយៈគង់ សូរិយា
កណ្តាល/កំពង់ស្ពឺៈ តំបន់ស្ថិតនៅតាមបណ្តោយផ្លួវជាតិលេខ៤១ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅកាន់ផ្លូវជាតិលេខ៣ បាននិងកំពុងទាក់ទាញគម្រោងបង្កើតរោចក្រ សហគ្រាសកាន់តែច្រើន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
តាមរយៈដំណើរចុះសិក្សា ពីសក្តានុពលតំបន់នេះ និងបណ្តាញផ្លួវតភ្ជាប់ពីផ្លូវជាតិលេខ៤១ ទៅកាន់បណ្តាញផ្លូវផ្សេងៗទៀត កាលពីថ្ងៃអាទិត្យទី១៣ មិនា ឆ្នាំ២០២២ របស់សហស្ថាបនិក និងអគ្គនាយកគេហទំព័រ Propertyarea.asia លោកយិន លាងគង់ បានបង្ហាញថា បណ្តារោងចក្រថ្មីៗជាច្រើន បាននិងនិងកំពុងសាងសង់ ហើយគំរោងអភិវឌ្ឍន៍លំនៅដ្ឋានតូចធំមួយចំនួន បាននិងកំពុងចាប់ផ្តើមបណ្តើរៗផងដែរ។
លោក Thomas អគ្គនាយកក្រុមហ៊ុនស៊ីឌីលែន បានមានប្រសាសន៍ ឲ្យដឹងក្នុងថ្ងៃដដែលថា តំបន់នេះនឹងមានភាពរីកចម្រើនលឿន នាពេលអនាគត ខណៈតម្លៃដីនៅលើផ្លូវជាតិនេះ នៅតំបន់មួយចំនួនបានឡើងថ្លៃ និងតំបន់មួយចំនួនស្ថិតក្នុងសភាពទ្រឹង។
លោកបន្តថា “តម្លៃដីធ្លីទោះបីឡើងថ្លៃ ក៏ឡើងមានកម្រិតដែរ ដោយសារស្ថានភាពនៅដើមឆ្នាំនេះ មានសញ្ញាមិនល្អទាក់ទងនឹងជំងឺកូវីដ អូមីក្រុង និងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន”។ លោកបន្តថា “ការរីកចម្រើននៅតំបន់នេះ ក៏បានជះផលដល់តំបន់ ស្ថិតនៅតាមបណ្តាញផ្លួវជុំវិញផងដែរ ដូចជាតំបន់ផ្លួវចូល ទៅរមណីយដ្ឋានកំពូលពេជ្រ និងតំបន់ស្ថិតនៅក្បែរមណីយដ្ឋានត្រីមាស ក៏ដីបានឡើងថ្លៃផងដែរ ដែលកាលពីបីឆ្នាំមុនដីមានតម្លៃត្រឹម៤០០០ ទៅ៥០០០ដុល្លារក្នុងមួយហិកតា ប៉ុន្តែបច្ចុប្បន្នបានកើនឡើងដល់ចន្លោះពី៤ ទៅ៦ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតំបន់ចុះពីផ្លូវជាតិទៅកាន់ជើងភ្នំដីមានតម្លៃចន្លោះ១៥ ទៅ២ដុល្លារ ក្នុងមួយម៉ែត្រការ៉េផងដែរ។
លោកយិន លាងគង់បានបន្តឲ្យដឹងផងដែរថា ដោយសារផ្លូវជាតិលេខ៤១ ជាផ្លូវដ៏សំខាន់ក្នុងការតភ្ជាប់រវាងផ្លួវជាតិសំខាន់ពីរ គឺផ្លួវជាតិលេខ៣ និងលេខ៤ បណ្តាញផ្លួវនេះមិនត្រឹមតែជួយសម្រួល ដល់ការដឹកជញ្ជូននោះទេ ប៉ុន្តែវាជាខ្សែផ្លូវតភ្ជាប់ នៃខ្សែច្រវ៉ាក់ទេសចរណ៍នៅតំបន់ឆ្នេរផងដែរ ពិសេសតំបន់ជាប់ផ្លូវសំខាន់ៗ ដែលតភ្ជាប់ចេញពីផ្លូវជាតិលេខ៤១ គឺជាតំបន់ ដែលមានសក្តានុពលផ្នែកធនធានធម្មជាតិ រមណីយដ្ឋានធម្មជាតិ និងអាចកែច្នៃជាដីឡូត៍ និងផ្ទះលំហែរយ៉ាងមនោរម្យទៀតផង។
លោកបន្តថា “ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ឋ របស់រដ្ឋាភិបាល បានក្លាយជាកំលាំងស្នូលដ៏សំខាន់ ក្នុងការលើកកំពស់សេដ្ឋកិច្ចជាតិ ពិសេសជម្រុញការរីកចម្រើន នៃវិស័យអចលនទ្រព្យផងដែរ”៕