លោកឧកញ៉ាលឹម ហេងៈអ្នកវិនិយោគចិនចាប់ផ្តើមវិលមកកម្ពុជាហើយ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ឲ្យដឹងថា អ្នកវិនិយោគចិន បានចាប់ផ្តើមវិលមកកម្ពុជាឡើងវិញហើយ ស្របពេលស្ថានភាពសេដ្ឋកិច្ចកាន់តែប្រសើរ។

លោកបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ដោយ​សា​រទំនាក់ទំនងល្អ រវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន ការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច តំបន់គ្រប់ជ្រុងជ្រោយ (RCEP) និងការត្រៀមចុះ​កិច្ចព្រមព្រៀង ជាមួយបណ្តាប្រទេសដៃគូដទៃទៀត បានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយ ស្ថិតក្នុងក្រសែភ្នែកអ្នកវិនិយោគអន្តរជាតិ ពិសេសអ្នកវិនិយោគមកពីប្រទេសចិន។

លោកឧកញ៉ាបានបន្តថា “ទោះជាយ៉ាងណាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ក៏បានបង្អាក់ដំណើរត្រលប់របស់ចិនខ្លះៗផងដែរ ពិសេសបានបង្អាក់ដល់ខ្សច្រវ៉ាក់នៃសេដ្ឋកិច្ចពិភពលោក”។

ជាមួយគ្នានេះ លោកឃាង ភារម្យអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ទីក្រុងដែលមានការរីកចម្រើនដ៏លឿន ស្ទើរមិនគួរឲ្យជឿ ដោយសារកំនើននៃការវិនិយោគយ៉ាងគំហុករបស់ចិន បានមានប្រសាសន៍ឲ្យដឹងស្រដៀងគ្នាថា សេដ្ឋកិច្ចខេត្តព្រះសីហនុ បានចាប់ផ្តើមកំរើកឡើងវិញបណ្តើរៗ ដោយ​សារការវិលត្រលប់របស់ជនជាតិចិន និងអ្នកវិនិយោគចិនមួយចំនួន និងដោយសារការគ្រប់គ្រងជំងឺកូវីដបានល្អ ពិសេសការកើនឡើងនូវលំហូរទេស​ចរណ៍ក្នុងស្រុក បន្ទាប់ពីរាជរដ្ឋាភិបាលបានបើកដំណើរការ សេដ្ឋកិច្ចឡើងវិញ។

លោកបន្តថា “យ៉ាងណាចំនួននៃវិនិយោគិនចិនថ្មីៗ មិនសូវមានមកច្រើននៅឡើយទេ ភាគច្រើនជាអ្នកវិនិយោគចាស់ៗបានត្រលប់មកវិញ”។

ប្រជាពលរដ្ឋមួយរូបរស់នៅក្រុងព្រះសីហនុ បានលើកឡើងក្នុងលក្ខ ខ័ណ្ឌមិនបញ្ចេញឈ្មោះថា ទីផ្សារខេត្តព្រះសីហនុ ពិតជាមានកំណើនជនជាតិចិនឡើងវិញ ប៉ុន្តែមិនទាន់មានចំនួនច្រើននៅឡើយ បើធៀបនឹងមុនពេលបិទហ្គេមអនឡាញ ប៉ុន្តែការមករបស់ជនជាតិចិនលើកនេះ ពួកគេទំនងមិនបានស្ពាយលុយមកច្រើនដូចពីមុនឡើយ។

លោកបន្តថា “ចិនមកតែភាគច្រើនមកស្នាក់នៅតាមសណ្ឋាគារ និងកាស៊ីណូមួយចំនួន ពួកគេមិនសូវចេញក្រៅនោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here