តម្រូវការដីនៅតាមបណ្ដោយមហាវីថីឈ្នះឈ្នះមានការកើនឡើង ខណៈបុរីជាច្រើនឆ្ពោះទៅតំបន់នេះ

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ការអភិវឌ្ឍសំណង់អចលនទ្រព្យ នៅតំបន់តាមបណ្ដោយមហាវិថីឈ្នះ ឈ្នះ ប៉ែកខាងលិចរាជធានីភ្នំពេញ មួយរយៈពេលចុងក្រោយនេះមានកំណើនកាន់តែច្រើនឡើងៗ ដែលធ្វើឱ្យតម្លៃ ដីនិងការទិញលក់នៅទីនោះនៅតែមានសកម្មភាពទោះបីជាកម្ពុជាជួបនឹងវិបត្តិកូវីដ១៩ក្ដី។

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៤ មិនានេះថា កំណាត់ផ្លូវមហាវិថីឈ្នះឈ្នះ ឃើញថាជាតំបន់ដែលមានសកម្មភាព មមាញឹកមួយក្នុងចំណោមផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលតភ្ជាប់ពីផ្លូវជាតិលេខ១ ដល់មហាវិថីឈ្នះឈ្នះ ដោយក្នុងនោះយើងឃើញថា តំបន់នៅតាមបណ្ដោយផ្លូវឈ្នះឈ្នះ ជាផ្លូវដែលតភ្ជាប់ទៅផ្លូវជាតិសំខាន់ៗ ឆ្ពោះទៅកាន់បណ្ដាខេត្តនានា ដូចជាទៅកាន់កំពង់ផែទឹកជ្រៅ នៃខេត្តព្រះសីហនុ ខេត្តកំពត និងតំបន់ច្រកទ្វារអន្តរជាតិកម្ពុជា ថៃ ជាដើម ។

លោកបន្តថា “នៅពេលតម្រូវការប្រើប្រាស់ដីធ្លី កាន់តែច្រើនវានឹងជំរុញឱ្យតម្លៃដីធ្លីនៅតំបន់នោះ កាន់តែមានហាងឆេង និងកើនឡើងខ្ពស់”។

សព្វថ្ងៃនេះតំបន់តាមបណ្ដោយផ្លូវឈ្នះឈ្នះ មានតម្លៃរង្វង់ប្រមាណ១២០ដុល្លារ ទៅ១៥០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ អាស្រ័យទៅលើទំហំដី និងជាប្រភេទដីនៅជាប់ផ្លូវធំ ។ នៅពេលពេលអនាគត តំបន់តាមបណ្ដោយផ្លូវឈ្នះ ឈ្នះ នឹងកាន់តែមានសក្ដានុពលបន្ថែមទៀត ហើយនឹងទាក់ទាញដល់ការវិនិយោគកាន់តែច្រើនបន្ថែមទៀតផងដែរ ។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានលើកឡើងផងដែរថា តំបន់ប៉ែកខាងលិចក៏មាន គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធច្រើនដែរ ដូច្នេះហើយទើបធ្វើឱ្យមានតម្រូវការ នៃការអភិវឌ្ឍអចលនទ្រព្យដូចជា បុរីលំនៅឋាន ឃ្លាំងស្ដុកទំនិញ ផ្សារជាដើម ។

លោកបានបន្តថា តាមពិតទៅតំបន់ជុំវិញរាជធានីភ្នំពេញ មានសក្ដានុពលដូចតែគ្នា វាគ្រាន់តែការអភិវឌ្ឍមានទំនោរខុសៗគ្នា បន្តិចបន្តួចប៉ុណ្ណោះ ។ ហើយការវិនិយោគនៅតំបន់ជាយៗ រាជធានីភ្នំពេញនឹងអាចផ្ដល់ប្រយោ​ជន៍ត្រលប់មកវិញឆាប់ៗផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here