ចំណេះដឹងអចលនទ្រព្យៈ ឯកសារចំនួន៥ មុនសម្រេចចិត្តទិញអចលនទ្រព្យប្រភេទផ្ទះបុរី រឺទិញខុនដូ

0

ដោយ: ម៉ាលីស

ភ្នំពេញ: ដើម្បីមានទំនុកចិត្ត និងជៀសវាងការគេងបន្លំផ្សេងៗ មុនសម្រេចចិត្ត ទិញអចលនទ្រព្យប្រភេទផ្ទះបុរីរឺខុនដូ អ្នកគួរពិចារណាពិនិត្យលើឯកសារមួយចំនួនអោយបានត្រឹមត្រូវ។

ហេតុនេះសាធារណៈជន សូមកុំរំលងឯកសារទាំង៥ខាងក្រោមនេះ មុនសម្រេចចិត្តទិញផ្ទះពីគម្រោងបុរីឬខុនដូណាមួយ។

១ ប័ណ្ណចុះបញ្ជីក្រុមហ៊ុន
មុនចាប់ផ្តើម ដំណើរការសាងសង់គម្រោង បុរី /ខុនដូ ម្ចាស់អភិវឌ្ឍន៍ត្រូវមានកាតព្វកិច្ច ចុះបញ្ជីឱ្យរួចរាល់ជាមុនសិន ជាមួយក្រសួងពាក់ព័ន្ធ ទើបអាចមានសិទ្ធិ សាងសង់គម្រោងរបស់ខ្លួនបាន។ ការស្នើសុំពិនិត្យមើលប័ណ្ណចុះបញ្ជីក្រុមហ៊ុនស្របច្បាប់ គឺដើម្បីធានាបានថាគម្រោងនោះ អាចដំណើរការដោយស្របច្បាប់។

២ លិខិតអនុញ្ញាតសាងសង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រួតពិនិត្យយ៉ាងហ្មត់​ចត់ ទៅលើគុណភាព ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជា ប្រព័ន្ធទឹក ភ្លើង និងលូជាដើម មុននឹងផ្តល់លិខិតអនុញ្ញាត សាងសង់ដល់គម្រោងនីមួយៗ។ នេះ​ជាមូលហេតុចម្បងដែលបងប្អូន គួរសួររកលិខិតអនុញ្ញាតសាងសង់ ជា មុនសិន ដើម្បីធានាថាគម្រោងបុរីឬខុនដូ ដែលបងប្អូនទិញនឹងមិនមាន បញ្ហាទៅថ្ងៃក្រោយ។

៣ អាជ្ញាប័ណ្ណបុរី/ខុនដូ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងផ្តល់អាជ្ញាប័ណ្ណបុរី/ខុនដូដល់អ្នក អភិវឌ្ឍន៍គម្រោង បន្ទាប់ពីពួកគេ បានបំពេញគ្រប់នូវរាល់តម្រូវការទាំងអស់ទាក់ទងនឹងគុណភាពសំណង់ ការរចនាប្លង់ ផែនការលក់ និងឯកសារចាំបាច់ផ្សេងៗរួចរាល់ហើយ។ ដូច្នេះ ការស្នើសុំមើលឯកសារនេះ ក៏ សំខាន់ផងដែរ។

៤ ប្លង់មេ
Master Plan ឬប្លង់មេ ត្រូវបានអនុម័តដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាមុនសិន មុននឹងបុរីឬខុនដូ ណាមួយអាចសាងសង់បាន។ ប្លង់មេមានសារៈសំខាន់បំផុត ចំពោះគម្រោងនីមួយៗ ដូច្នេះបងប្អូន ក៏ត្រូវសុំឱ្យក្រុមហ៊ុនអភិវឌ្ឍន៍បង្ហាញប្លង់មេនេះផងដែរ។

៥ ប្រភេទប្លង់កម្មសិទ្ធិ
សម្រាប់គម្រោងបុរី គួរសួររកប្លង់រឹង ដែលជាវិញ្ញាបនបត្របង្ហាញពីភាពជាម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ដែលចេញដោយការិយាល័យរៀបចំ ដែន​ដី។ សម្រាប់គម្រោងខុនដូ គួរសួររកប្លង់សហកម្មសិទ្ធ ដែលជាវិញ្ញាប​ន​​បត្របង្ហាញពីភាពជាម្ចាស់កម្មសិទ្ធិ ហើយក៏បានអនុញ្ញាតឱ្យជនបរទេសអាចមានអចលនទ្រព្យដោយខ្លួនឯង ស្របច្បាប់នៅប្រទេសកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here