ដោយៈ សុផារី
ភ្នំពេញៈ អចលនទ្រព្យដែលអាចវិនិយោគ បានមានច្រើនជម្រើស ដូចជា ប្រភេទលំនៅឋាន អគារពាណិជ្ជកម្ម ឃ្លាំងជួល និងដីធ្លីជាដើម។ ជម្រើសវិនិយោគលើអចលនទ្រព្យ អាស្រ័យទៅលើចំណង់ចំណូលចិត្ត និងលទ្ធភាពជាក់ស្តែងនៃអ្នកវិនិយោគនីមួយៗ។
អ្នកជំនាញអចលនទ្រព្យនៅកម្ពុជាបានមើលឃើញថា ប្រភេទអចលនវត្ថុជាលក្ខណៈបុរី ជាប្រភេទនៃការវិនិយោគមួយ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ន។
លោកស្រី ហ្រ្គេស រចនីហ្វុង អគ្គនាយិកានៃកុ្រមហ៊ុន Century21 Cambodia បានមានប្រសាសន៍ថា កាលពីរយៈពេល១០ឆ្នាំ ប្រជាជនកម្ពុជាកាលពីមុននិយម វិនិយោគលើប្រភេទ Flat house ដែលអាចប្រកបរបរអាជីវកម្ម និងអាចរស់នៅបានក្នុងពេលជាមួយគ្នា។
ឧទាហរណ៍ដូចជា តំបន់ផ្សារធំៗនៅក្នុងរាជធានីភ្នំពេញ ផ្សារធំថ្មី ផ្សារអូរឬស្សី ជាដើម។ នាពេលសព្វថ្ងៃនេះ លោកស្រីបានបង្ហើបថា តាមរយៈស្ថិតិនៃការលក់របស់ក្រុមហ៊ុន និងភ្នាក់ងាររបស់ក្រុមហ៊ុន Century21 បានបង្ហាញថា ប្រជាជនកម្ពុជា ចាប់ផ្តើមនិយមចូលចិត្តវិនិយោគ លើប្រភេទអចលនវត្ថុបុរី ដែលមានជម្រើសច្រើនក្នុងការជ្រើសរើស។
កំណើននៃការវិនិយោគលើបុរី លោកស្រីថា ត្រូវបានជម្រុញដោយលក្ខខណ្ឌល្អប្រសើរ នៃការបង់រំលោះផ្ទាល់ពីបុរី និងធនាគារដៃគូដែលចាប់ដៃផ្ទាល់ជាមួយអ្នកអភិវឌ្ឍន៍។
លោកស្រីមើលឃើញថា ប្រជាជនកម្ពុជា សម្លឹងមើលលើក្រុមហ៊ុនអភិវឌ្ឍន៍នានា ដែលមានភាពល្បីល្បាញ នៅក្នុងក្រុងភ្នំពេញ និងតាមជាយក្រុងភ្នំពេញជាដើម។ សម្រាប់ប្រភេទបុរី ដែលអាចជួលនិងទទួលបាននូវផលចំណេញត្រលប់មកវិញបាន គឺប្រភេទផ្ទះអាជីវកម្មឬ Shop House។
ចំណែក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា វិស័យអចលនទ្រព្យកម្ពុជាមានការវិវិត្តន៍ ច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ ចំពោះអចលនទ្រព្យប្រភេទផ្ទះឬលំនៅដ្ឋាន កាលពីមុនមានលក្ខណៈប្រពៃណី តែបច្ចុប្បន្ននេះមានលក្ខណៈទំនើបខ្លាំងជាងមុន ដែលជម្រុញសក្តានុពល នៃវិស័យអចលនទ្រព្យកម្ពុជា មិនចាញ់ប្រទេសផ្សេងទៀត នៅក្នុងពិភពលោកនោះទេ។
លោកក៏លើកទឹកចិត្ត ដល់អ្នកដែលមានចំណាប់អារម្មណ៍ ចង់ចូលវិនិយោគថ្មីៗ អាចសម្លឺងមើលការវិនិយោគលើប្រភេទផ្ទះបុរី ដោយសារតែអ្នកវិនិយោគអាចមានលទ្ធភាព នៅក្នុងការបង់រំលោះត្រលប់ ទៅកាន់ធនាគារវិញបាន តាមរយៈប្រាក់ខែប្រចាំរបស់ពួកគាត់ ដូច្នេះគាត់នឹងមិនប្រឈមទៅនឹងហានិភ័យនៃការបាត់បង់អចលនទ្រព្យឡើយ។
លោកមានប្រសាសន៍ថា “ការវិនិយោគបែបនេះ មានហានិភ័យទាប ហើយអាចគ្រប់គ្រងអចលវត្ថុបាន និងទទួលបានផលចំណេញបានក្នុងរយៈពេលពី១០ទៅ១៥ឆ្នាំខាងមុខបាន”។
កំណើននៃភាពពេញនិយមនេះ អាចមើលឃើញច្បាស់ តាមរយៈការរីកដុះដាលដូចផ្សិត នៃគម្រោងបុរីជាច្រើន។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅដើមខែមីនានេះបានបញ្ជាក់ថា គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ មានសំណង់បុរី និងបណ្ដុំផ្ទះល្វែងជាង៣០០កន្លែង អគារខ្ពស់ៗជាង១៦០០អគារ និងមានគម្រោងសង់ថ្មីជាង១ពាន់គម្រោង ដែលគិតជាទឹកប្រាក់សរុបមានតម្លៃចំនួនប្រមាណជាង២,២៦ពាន់លានដុល្លាអាមេរិក៕