ឆ្នាំ២០៣០ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញនឹងកើនដល់ជាង៣៦ភាគរយនៃប្រជាពលរដ្ឋទូទាំងប្រទេស

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ កំនើនកកស្ទះចរាចរណ៍ ផែនការពង្រីករាជធានីភ្នំពេញរបស់​រដ្ឋាភិបាល នឹងកើតឡើងជាស្វ័យប្រវត្តិ ខណៈការសិក្សាថ្មីមួយរបស់រដ្ឋាភិបាលបានបង្ហាញថា ចំនួនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញនឹងកើនដល់ ៣៦,៣ភាគរយ។

យោងតាមការសិក្សារបស់វិទ្យាស្ថានជាតិស្ថិតិ (N.I.S) នៃក្រសួងផែន ការដែលបានសិក្សាកាលពីឆ្នាំ២០១៤ បានប៉ាន់ប្រមាណថា នៅក្នុងឆ្នាំ២០៣០ កំណើនប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញ នឹងកើនដល់ចំនួន៣៦,៣% នៃប្រជាពល​រដ្ឋសរុបនៅទូទាំងប្រទេស ខណៈនគរូបនីយកម្មនៅកម្ពុជាកំពុងមានសន្ទុះ និងវិសាលភាពធំដែលមិនធ្លាប់មានពីមុនមក។

តាមការព្យការណ៍ផ្លូវការនៅត្រឹមឆ្នាំ២០៣០ ប្រជាជនកម្ពុជាប្រមាណមួយភាគបី នឹងរស់នៅក្នុងតំបន់ទីប្រជុំជននានានៅទូទាំងប្រទេស។

ជាមួយគ្នានេះ ការសិក្សាថ្មីមួយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា នគរូបនីយកម្មត្រូវបាន់ស្មានថា នឹងកើនដល់ប្រមាណ៤៤ភាគរយ ខណៈឆ្នាំ២០១៥បង្ហាញថា នគរូបនគរូបនីយកម្មមានកម្រិតត្រឹម២៧,១ % ក្នុងឆ្នាំ២០០៨ និង៣០ % នៅក្នុងឆ្នាំ២០១៤។

យោងតាមរបាយការណ៍វេទិកា នគរូបនីយកម្មកម្ពុជា របស់ក្រសួងរៀបចំដែននគរូបនីយកម្ម និងសំណង់ចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ដោយសារតែកំណើនប្រជាពលរដ្ឋ ពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងនាពេលបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋកើនឡើងប្រមាណ១៦លាននាក់ ខណៈនៅក្នុងទីក្រុងភ្នំពេ​ញមានជាង២លាននាក់។

រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់លោក ប៉ែន សុផល បានឱ្យដឹងដែរថា ការអភិវឌ្ឍន៍នគរូបនីយកម្ម អចលនទ្រព្យ និងសំណង់កំពុងមានសន្ទុះដ៏លឿន បានក្លាយជាសសរស្តម្ភស្នូល នៃការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យសម្រេចបានក្នុងរង្វង់៧ % ក្នុង១ឆ្នាំៗ ក្នុងរយៈពេលកន្លងមកនេះ ។

លោកបន្តថា “ក្នុងករណីនេះ យើងអាចមើលឃើញពីតម្រូវការនៃការវិនិយោគ ការរៀបចំការអភិវឌ្ឍ និងការគ្រប់គ្រងការអភិវឌ្ឍន៍ក្រុង ប្រកដោយភាពឆ្លាតវៃ ចីរភាព និងបរិយាបន្ន ដែលមានភាពធន់ និងមានភាពប្រកួតប្រជែងខ្ពស់”។

លោកបន្ថែមថា ដើម្បីធានាបាននូវម៉ាក្រូសេដ្ឋកិច្ចរឹងមំាបន្តទៀត និងឆ្ពោះទៅសម្រេ​ចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងនៅឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ មានជាអាទិ៍ការអភិវឌ្ឍលំនៅឋាន ជាពិសេសការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បរិស្ថាន សេដ្ឋកិច្ច សង្គម បណ្តាញផ្លូវ ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនីយ៍ ប្រព័ន្ធលូ ប្រព័ន្ធការពារទឹកជំនន់ ស្ថានីយប្រព្រឹត្តិកម្មទឹកខ្វក់ ការគ្រប់គ្រងសំណល់រឹងរាវ លំហសាធារណៈ និងផ្ទៃបៃតង បរិក្ខារទីក្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here