ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុម័តទឹកប្រាក់ ៣៣៧៥លានដុល្លារ ដែលបានវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យលក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវ ងួន សុខា បានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថា ក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ ក្រសួងសេដ្ឋកិច្ចបានផ្តល់អាជ្ញាប័ណ្ណវិនិយោគ ក្នុងវិស័យសំណង់ចំនួន ២១៣គម្រោង ក្នុងនោះបុរីចំនួន ១៣២គម្រោង និងគម្រោងខុនដូ និងគម្រោងផ្សេងៗជាច្រើនទៀត ដែលមានទុនវិនិយោគសរុបចំនួន ៣៣៧៥លានដុល្លារអាមេរិក។ លោកជំទាវបន្តថា វិស័យសំណង់ បានរួមចំណែក ១ភាគ១០នៃផលទុនជាតិសរុប និងបានបង្កើតសកម្មភាពការងារជាច្រើន។
-->

លោកជំទាវបន្តថា “ការរីកចំរើនវិស័យសំណង់ ឆ្លុះបញ្ចាំងពីការរក្សាបាននូវសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសង្គម។ លោកជំទាវបន្តថា “វិស័យនេះបានបង្កើតការងារដោយផ្ទាល់ និងប្រយោលជាច្រើន ដែលបានរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ា លី ហួរ បានថ្លែងថា វិស័យសំណង់ និងអចលនទ្រព្យកម្ពុជាកំពុងមានភាពរីកចម្រើន ប៉ុន្តែការលក់លំនៅដ្ឋានមានតម្លៃខ្ពស់ ហាក់មានភាពយឺតយ៉ាវបន្តិច ប៉ុន្តែលំនៅដ្ឋានដែលមានតម្លៃសម្រាប់ប្រជាជនមានជីវភាពមធ្យម និងក្រោមមធ្យមមានភាពល្អប្រសើរក្នុងទីផ្សារ។

លោកបន្តថា “ប្រសិនជាកម្ពុជានៅរក្សាបានស្ថិរភាពក្នុងរង្វង់៧ភាគរយ តទៅទៀតខ្ញុំគិតថាវិស័យនេះនឹងនៅតែមានភាពរីកចំរើន ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ។
យោងតាមទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ទុនវិនិយោគក្នុងវិស័យសំណង់ក្នុងរយៈពេល៧ខែឆ្នាំនេះ មានទំហំទឹកប្រាក់ជាង ៥ពាន់លានដុល្លារអាមេរិក។

លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា វិស័យសំណង់បានផ្តល់ការងារជាច្រើន និងជាវិស័យដែលជំរុញឲ្យមានសកម្មភាពសេដ្ឋកិច្ចខ្លាំង ព្រោះសំណង់និមួយៗត្រូវសាងសង់រាប់ឆ្នាំ ហេតុនេះពួកគេបានទិញគ្រឿងសំណង់ និងសម្ភារៈសំណង់ជាច្រើន។លោកបន្តថា វិស័យនេះចំណេញជាងវិស័យកាត់ដេរ ព្រោះវិស័យកាត់ដេរផលិតបានហើយ យកទៅលក់នៅប្រទេសគេគឺចប់ហើយ ប៉ុន្តែវិស័យសំណង់អ្នកវិនិយោគសំណង់ ទិញដី និងសាងសង់ហើយ ស្ថិតនៅលើដីខ្មែរនិងបានផ្តល់ការងារជាច្រើន។

លោកបន្តថា “វិស័យនេះជួយសេដ្ឋកិច្ចច្រើនណាស់ និងជួយលើកមុខមាត់ប្រទេសជាតិផងដែរ ព្រោះប្រទេសមានអាគារខ្ពស់ៗច្រើន ជាការបង្ហាញនូវភាពរីកចំរើននៃប្រទេសជាតិ”៕