អ្នកឧកញ៉ាសុខ គង់ ពន្យល់ពីគំរោងហេដ្ឋារចនាសម្ព័ន្ធបំរើទេសចរណ៍ និងអភិវឌ្ឍន៍ទីក្រុងបូកគោ

0

ដោយៈជេស៊ីកា

ភ្នំពេញៈ អ្នកឧកញ៉ាសុខ គង់ ប្រធានក្រុមហ៊ុន Sokimex  Investment Group បានមានប្រសាសន៍លើកឡើងពីផែនការអភិវឌ្ឍន៍ និងចក្ខុវិស័យចំពោះមុខ លើផែនការអភិវឌ្ឍន៍ទីក្រុងបូកគោ ដើម្បីទាក់ទាញលំហូរទេសច​រណ៍។

អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង ក្នុងកិច្ចសម្ភាសន៍ពិសេសកាលពីថ្ងៃទី២២ មិនាកន្លងមកថា ការអភិវឌ្ឍន៍សាងសង់ហេដ្ឋារចនាសម្ព័ន្ឋនានាបាននិងកំពុងបន្តឆ្ពោះទៅមុខ និងសាងសង់បានជាច្រើនមកហើយ ប៉ុន្តែ ក្រុមហ៊ុនក៏បាននិងកំពុងត្រូវសិក្សា និងពិចារណាលើទុនវិនិយោគ និងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ពិសេសការសាងសង់កន្រ្តកយោងឆ្លងកាត់ភ្នំ ត្រូវចំណាយទុនរាប់លានដុល្លារ ប៉ុន្តែតើពេលសាងសង់រួច មានមនុស្សប៉ុន្មាននាក់នឹងមកកំសាន្ត។

លោកបន្តថា “ទីក្រុងបូកគោ ត្រូវអភិវឌ្ឈន៍ច្រើន និងចំណាយរយៈពេលវែងណាស់ ហេតុនេះយើងត្រូវការ ទុនវិនិយោគច្រើនណាស់ពីដៃគូជាតិ និងអន្តរជាតិ”។ លោកបន្តថា “យើងកំពុងសិក្សាសាងសង់ផ្សារ សាលារៀន មន្ទីរពេទ្យ ដើម្បីបំរើដល់ប្រជាពលរដ្ឋរស់នៅទីក្រុងនេះ ពិសេសក្រុមហ៊ុនបាន និងកំពុងសាងសង់ទំនប់ទប់ទឹកថ្មីមួយទៀត ដែលមានសមត្ថភាពផ្ទុកទឹករហូតដល់១លានម៉ែត្រគីប”។

អ្នកឧកញ៉ាសុខ គង់បានបន្តថា ក្រុមហ៊ុននឹងផ្តល់ការសហការជាមួយក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ តាមរយៈការសហការដោយមិនចាំបាច់ទិញដីឬជួលដី ប៉ុន្តែគំរោងអភិវឌ្ឍន៍ទាំងនោះ ត្រូវធ្វើលើអ្វីជាភាពចាំបាច់ជាមុន ដូចជាផ្ទះ ឬធ្វើរមណីយដ្ឋានកែច្នៃនានា តែត្រូវធ្វើយ៉ាងណាឲ្យគំរោងនោះទទួលបានផលចំណេញទាំងអស់គ្នា។

អ្នកឧកញ៉ាបានបន្តថា រហូតមកទល់ពេលនេះ មានក្រុមហ៊ុនអន្តរជាតិជាច្រើនកំពុងចាប់អារម្មណ៍មកវិនិយោគនៅទីនេះ ប៉ុន្តែអ្វីស្ថិតនៅក្នុងដំណើរ​ការសិក្សា និងពិភាក្សាគ្នានៅឡើយ។ អ្នកឧកញ៉ាបន្ថែមថា នៅលើរមណីយដ្ឋាន និងទីក្រុងបូកគោ មានទីតាំងកំសាន្តជាច្រើនទាំងរមណីយ ដ្ឋានបែបធម្មជាតិ វប្បធ៌ម ប្រវត្តិសាស្រ្តជាដើម។

អ្នកឧកញ៉ាសុខ គង់ បានបន្តថា “អ្វីសំខាន់យើងមានភ្ញៀវមកកំសាន្ត​ច្រើន ព្រោះបើមានភ្ញៀវមកកំសាន្តច្រើន យើងនឹងអភិវឌ្ឍន៍លឿន ប៉ុន្តែភ្ញៀវទេសចរណ៍ឡើងមកសំរាកលំហែរលើភ្នំ មានកម្រិតនៅឡើយ បើទោះជាភ្ញៀវកើនឡើងនៅខេត្តកំពតក្តី ប៉ុន្តែដោយសារហេដ្ឋារចនាសម្ព័ន្ឋងាយស្រួ​ល បានធ្វើឲ្យពួកគេវិលត្រលប់ទៅកាន់ភ្នំពេញវិញនៅពេលល្ងាច៕

LEAVE A REPLY

Please enter your comment!
Please enter your name here