ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ និធិរូបិយវត្ថុអន្តរជាតិ IMF បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០១៨នេះ នឹងសម្រេចបានកំនើន ៧,២៥ភាគរយ ជាកំនើនល្អប្រសើរ និងអត្រាអតិផរណាមានកម្រិតទាបត្រឹម២,៥ភាគរយ។
ក្នុងជំនួបជាមួយលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី២ តុលាកន្លងមក ក្រុមបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ ដឹកនាំដោយលោក Jarkko Turunen ប្រធានក្រុមបេសកកម្ម ក្រុមការងារចុះតាមដានវាយតម្លៃពី ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាបានថ្លែងថា ការតាមដានវាយតម្លៃពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ចាប់ពីថ្ងៃទី១៩ ខែកញ្ញា រហូតដល់ថ្ងៃទី២ ខែតុលា ឆ្នាំ ២០១៨ នេះ ជាលទ្ធផលក្រុមបេសកកម្មArticle IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិបានវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅឆ្នាំ២០១៨ មានភាពល្អប្រសើរដោយកំណើនសេដ្ឋកិច្ចស្ថិតក្នុងអត្រា៧,២៥ភាគរយ ដែលជំរុញដោយវិស័យសារពើពន្ធមានភាពរឹងមាំ ជាពិសេ សការប្រមូលចំណូល និងការគ្រប់ គ្រងបំណុលសាធារណៈបានយ៉ាងល្អ។
លោកបន្តថា“សេដ្ឋកិច្ចកម្ពុជាកំពុងស្ថិតក្នុងគន្លងដ៏ត្រឹមត្រូវ ឆ្ពោះទៅរកការរីកចម្រើន ស្របពេលដែលរចនាសម្ព័ន្ធសេដ្ឋកិច្ចកំពុងធ្វើពិពិធកម្មជាបណ្តើរៗ ហើយប្រាក់ចំណូលប្រជាជនក៏បានបន្តកើនឡើង និងភាពក្រីក្រត្រូវបានកាត់បន្ថយជាបន្តបន្ទាប់។លោកបន្តថា “ការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់នេះ គឺបានដោយសារកត្តាធំៗ គឺភាពរឹងមាំនៃតម្រូវការទីផ្សារបរទេស លើទំនិញនាំចេញរបស់កម្ពុជា និងការអនុវត្តគោលនយោបាយថវិការបស់រាជរដ្ឋាភិបាល ដែលផ្តោតលើការវិនិយោគលើវិស័យសង្គមកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ជាវិស័យដែលបម្រើដល់ការបង្កើនផលិតភាពរបស់សេដ្ឋកិច្ច។
ក្រុមអ្នកជំនាញIMFបានព្យាករណ៍ថា ក្នុងរយៈពេលមធ្យមកម្រិតនៃកំណើនសេដ្ឋកិច្ចនេះ អាចប្រឈមនឹងហានិភ័យធំៗទាំងខាងក្នុង និងខាងក្រៅមួយចំនួនដូចជា៖ ទី១ កំនើនឥណទាននៅតែស្ថិតក្នុងកម្រិតខ្ពស់ ហើយប្រមូលផ្តុំលើវិស័យអចលនទ្រព្យ និងនៅពឹងផ្អែកលើមូលធនពីខាងក្រៅ ទី២ កំណើនសម្ពាធលើថវិកាជាតិទាំងផ្នែកចំណូល និងចំណាយ ទី៣ និន្នការនៃការអនុវត្តគោលនយោបាយពាណិជ្ជកម្មគាំពារនិយម និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក និងទី៤ ការថមថយនៃកំណើនសេដ្ឋកិច្ចពិភពលោក ពិសេសប្រទេសចិន ដែលអាចមានឥទ្ធិពលលើការវិនិយោគពីក្រៅស្រុកនៅកម្ពុជា។
ទោះស្ថិតក្នុងស្ថានភាពនេះលោក Jarkko ក៏បានសម្តែងសុទិដ្ឋិនិយមថា កម្ពុជានៅតែមានលទ្ធភាពបន្តរក្សាកំណើននេះក្នុងកម្រិត៧% សម្រាប់រយៈពេលមធ្យម ក្នុងលក្ខ័ណ្ឌ ដែលកម្ពុជាបន្តជម្រុញឱ្យកាន់តែស៊ីជម្រៅលើការកែទម្រង់ជារចនាសម្ព័ន្ធ ជាពិសេសលើផ្នែកសារពើពន្ធ និងអភិបាលកិច្ច ព្រមទាំងការបន្តបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា និងធនធានមនុស្ស។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកវង្សី វិស្សុត បានកោតសរសើ ចំពោះការវាយតម្លៃរបស់ក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ចំពោះការបន្តគាំទ្រ និងកិច្ចសហការល្អក្នុងការចុះមកធ្វើការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជាជាទៀងទាត់ ហើយផ្តល់ជាអានុសាសន៍ គោលនយោបាយ ក្នុងន័យជួយតម្រង់ទិសក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ជាពិសេសសម្រាប់បម្រើ ដល់ការអនុវត្តគោលនយោបាយចតុកោណដំណាក់កាលទី៤ ឱ្យមានប្រសិទ្ធភាព ដើម្បីសម្រេចគោលដៅឱ្យកម្ពុជា ក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឈានទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០ ផងដែរ៕