ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ កំនើននៃការមកដល់របស់ភ្ញៀវទេសចរណ៍ និងទំហំពាណិជ្ជកម្មកើនឡើង បានធ្វើឲ្យការតភ្ជាប់ផ្លូវអាកាសកំពុងកើនឡើងរវាងប្រទេសកម្ពុជា ចិន ខណៈដែលកម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរណ៍ចិន២លាននាក់នៅឆ្នាំ២០២។
មន្ត្រីទទួលបន្ទុកបង្កើនការហោះហើរនៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា លោកពេជ្រ សុប៉ុនតារាបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលម៉ិញនេះថា ការតភ្ជាប់តាមផ្លូវអាកាសរវាងកម្ពុជា ចិនកំពុងកើនឡើងខ្ពស់ ដោយបច្ចុប្បន្ននេះ មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន៥ បានហោះហើរទៅកាន់គោលដៅផ្សេងៗគ្នានៃប្រទេសចិន និងមានក្រុមហ៊ុនអាកាសចរណ៍ចិនប្រមាណ១២បានភ្ជាប់ជើងហោះហើរពីទីក្រុងនានា មកកាន់រាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ។
-->
លោកបន្តថា “ការភ្ជាប់ជើងហោះហើរកាន់តែច្រើន បង្ហាញពីសញ្ញាល្អប្រសើរនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងនាំមកនូវភ្ញៀវទេសចរណ៍កាន់តែច្រើន។ លោកបន្តថា “តាមរយៈការតភ្ជាប់អាកាសចរណ៍នានាមកកម្ពុជា និងពីកម្ពុជាទៅកាន់ប្រទេសចិន ក្នុងមូយថ្ងៃមានជើងហោះហើរប្រមាណ៣៥ទៅ៤០លើកបានភ្ជាប់រវាងកម្ពុជា ចិន។

យោងតាមរបាយការណ៍ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឲ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នព្រលានយន្តហោះអន្តរជាតិភ្នំពេញមានភ្ជាប់ជើងហោះហើរ ទាំងទៅទាំងមកចំនួន២២០លើក ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបចំនួន២១៩លើក និងព្រលានយន្តហោះអន្តរជាតិភ្នំពេញចំនួន២៤លើកក្នុងមួយថ្ងៃ។
លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា សកម្មភាពនៃការហោះហើររវាងកម្ពុជា ទៅកាន់ប្រទេសចិន និងពីប្រទេសចិនមកកម្ពុជាកំពុងកើនឡើងខ្លាំង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារយុទ្ឋសាស្ត្របើកចំហជើងមេឃរបស់រដ្ឋាភិបាល និងទំនាក់ទំនងល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។លោកបន្តថា តាមរយៈការបង្កើនជើងហោះហើរនេះ បានធ្វើឲ្យចំនួនភ្ញៀវទេសចរណ៍ចិនកើនឡើងខ្លាំង នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

លោកបន្តថា “កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវចិនចំនួន១លាននាក់នៅឆ្នាំនេះ កើនឡើងពី៨៤ម៉ឺននាក់កាលពីឆ្នាំមុន”៕