ហេតុអ្វីប្រទេសកូរ៉េខាងត្បូងតាមពីក្រោយជប៉ុនក្នុងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត?

ដោយ: គង់ លាងហួរ

អន្តរជាតិ: សេដ្ឋកិច្ច​របស់ប្រទេសជប៉ុន ​ដែល​បានឈប់ទ្រឹងអស់​រយៈពេល​ជាយូរ កំពុង​បង្ហាញ​សញ្ញា​នៃ​ការ​ស្ទុះ​ងើប​ឡើង​វិញ។ អត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ បានប្រែជាវិជ្ជមានជាលើកដំបូង ក្នុងរយៈពេល៣ត្រីមាស ពោលគឺលើសពីប្រទេសកូរ៉េខាងត្បូង។

ប្រសិនបើនិន្នាការនេះនៅតែបន្ត ប្រទេសជប៉ុននឹងវ៉ាដាច់ប្រទេ​សកូរ៉េក្នុងលក្ខខណ្ឌ នៃអត្រាកំណើនសេដ្ឋកិច្ច ពិតប្រាកដនៅឆ្នាំ២០២ឧនេះ ជាលើកដំបូងក្នុងរយៈពេល២៥ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៨ក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុអាស៊ី។

ការិយាល័យខុទ្ទកាល័យ របស់ប្រទេសជប៉ុនបានប្រកាសថា GDP របស់ប្រទេសនេះបានកើនឡើង០,៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងអំឡុងត្រីមាសទីមួយនៃឆ្នាំ២០២៣នេះ។

អត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ជប៉ុន ដែលមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ដំបូងស្ថិត ក្នុងរង្វង់១,៣ភាគរយ ប៉ុន្តែឥឡូវនេះ វាត្រូវបានគេរំពឹងថា នឹងកើនឡើងរហូតដល់១,៦ភាគរយនៅឆ្នាំ២០២៣នេះ។ នេះគឺផ្ទុយស្រឡះ ពីប្រទេសកូរ៉េខាងត្បូងដែលកំពុងខិតខំ សម្រេចបានអត្រាកំណើនសេដ្ឋកិច្ច១,៥ភាគរយនៅឆ្នាំនេះ។

ទីភ្នាក់ងារវាយតម្លៃឥណទានសកល S&P បានបន្ទាបការប៉ាន់ប្រមាណកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣ សម្រាប់ប្រទេសកូរ៉េខាងត្បូងមកត្រឹម១,១ភាគរយ ធៀបនឹងការព្យាករណ៍ពីមុន១,៣ភាគរយ ខណៈដែល IMF ក៏បានបន្ទាបទស្សនវិស័យសេដ្ឋកិច្ច របស់ប្រទេសកូរ៉េមកនៅត្រឹមតែ១,៥ភាគរយ ពី១,៧ភាគរយផងដែរ។

ក្រុមអ្នកឃ្លាំមើលទីផ្សារបានលើកឡើងថា សន្ទុះកំណើនសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ត្រូវបានជំរុញដោយការកើនឡើង នៃតម្រូវការក្នុងស្រុក ដែលបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់សេដ្ឋកិច្ចរបស់ខ្លួនបន្ទាប់ពីការបញ្ចប់នៃជំងឺរាតត្បាត។

លោក Ryu Jin-lee អ្នកស្រាវជ្រាវប្រចាំក្រុមហ៊ុន Hi Investment & Securitiesបានមានប្រសាសន៍ថា “ដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសជប៉ុនគឺប្រទេសចិន ដូចករណីរបស់ប្រទេសកូរ៉េដែរ។ ខណៈពេលដែលការបើកដំណើរការឡើងវិញ របស់ប្រទេសចិនផ្តល់ផលតិចតួច សារៈសំខាន់នៃតម្រូវការក្នុងស្រុក បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញទីផ្សារជប៉ុនបើធៀបនឹងប្រទេសកូរ៉េ”។

លោក Ryu បានពន្យល់ថា ប្រទេសជប៉ុនបានពឹងផ្អែកពីខាងក្រៅក្នុងកម្រិតតិចតួច ដោយសារការប្រើប្រាស់ឯកជន នៅក្នុងស្រុកមានចំនួន៥៤ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។

ខុសពីប្រទេសជប៉ុន កូរ៉េខាងត្បូងពឹងផ្អែកខ្លាំង លើពាណិជ្ជកម្មខាងក្រៅសម្រាប់សេដ្ឋកិច្ចរបស់ខ្លួន។  បច្ចុប្បន្នប្រទេសកូរ៉េ កំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ច ដោយសារតែតម្រូវការផលិតផលនាំចេញសំខាន់ៗរបស់ខ្លួន ដូចជាបន្ទះឈីបទៅកាន់ប្រទេសចិន បានដាំក្បាលចុះ។

ជាក់ស្តែង ការនាំចេញរបស់កូរ៉េ ទៅកាន់ប្រទេសចិនបានធ្លាក់ចុះ២៦,៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាការថយចុះដ៏ធំបំផុតក្នុងចំណោមបណ្តាប្រទេសនាំចេញនានាជាច្រើន។

លោក Krishna Srinivasan ប្រធាននាយកដ្ឋានប្រចាំអាស៊ី និងប៉ាស៊ីហ្វិករបស់មូលនិធិ IMF បានកត់សម្គាល់ថា ការបើកដំណើរការឡើងវិញរបស់ប្រទេសចិន គឺផ្តោតលើការប្រើប្រាស់ជាចម្បង ជាជាងការផលិតនៅពេលនេះ។

ភាពនៅទ្រឹងនៃចំនួនភ្ញៀវទេសចរបរទេស ទៅកាន់ប្រទេសកូរ៉េ គួបផ្សំនឹងការកើនឡើងគួរឱ្យកត់សម្គាល់ នៃចំនួនអ្នកធ្វើដំណើរកូរ៉េទៅក្រៅប្រទេសក្នុងឆ្នាំនេះ ក៏ជាកត្តាមួយទៀតដែលបង្កបញ្ហាប្រឈមដល់កំណើនសេដ្ឋកិច្ច របស់ប្រទេសកូរ៉េខាងត្បូងផងដែរ៕

អាជ្ញាធរកីឡាប្រទេសថៃបង្ហាញពីការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៥ និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍នេះឱ្យខ្ពស់បំផុត និងលេចធ្លោជាងគេបំផុតតាមស្តង់ដារសកល

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ អាជ្ញាធរកីឡាប្រទេសថៃ(Sport Authority of Thailand (SAT)) បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញពីការត្រៀមលក្ខណៈទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥នៅប្រទេសថៃ បន្ទាប់ពីកម្ពុជាបានជោគជ័យក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ដែលនេះជាការប្តូរវេនរៀងរាល់២ឆ្នាំម្តង នៃប្រទេសសមាជិកអាស៊ាន។

សន្និសិទ្ធសារព័ត៌មាននេះ រៀបចំលើកឡើងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារហ្គាឌិនស៊ីធី ដោយភាគីថៃបានបញ្ជាក់ពីការត្រៀមខ្លួន និងទំនុកចិត្តក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ ស្របតាមស្តង់ដារអន្តរជាតិ។

ក្នុងសន្និសីទនេះមានការចាក់បញ្ចាំងវីដេអូ “ស៊ីហ្គេមលើកទី៣៣ ទីក្រុងបាងកក ឈុនបុរី សុងក្លា” ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការ និងពហុវិស័យរបស់ខេត្ត ដែលធ្វើជាសហម្ចាស់ផ្ទះ និងការសម្តែងក្រោមចំណងជើងថា “សូមស្វាគមន៍មកកាន់ទីក្រុងរីករាយ” ដែលរំលេចនូវវប្បធម៌ ទំនៀមទម្លាប់ និងរបៀបរស់នៅរបស់ថៃ និងការស្វាគមន៍ រាក់ទាក់ចំពោះភ្ញៀវទាំងអស់។

អភិបាលនៃអាជ្ញាធរកីឡាថៃ លោក Gongsak Yodmani បានសម្តែងនូវមោទនភាព ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនេះ ហើយបានបង្ហាញការយល់ព្រម ពីគណៈរដ្ឋមន្ត្រីចំពោះផែនការសម្រាប់ខេត្តបាងកក ឈុនបុរី និងសុងក្លា ដើម្បីរួមគ្នាធ្វើជាម្ចាស់ផ្ទះការប្រកួតនេះ។

ក្នុងឱកាសនោះ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើន បានចូលរួមអបអរសាទរ និងសម្តែងនូវបំណងចង់អភិវឌ្ឍកីឡាស៊ីហ្គេម និងទំនាក់ទំនងរវាងប្រទេសអាស៊ានជាមួយតំណាង មកពីរដ្ឋជាសមាជិកផ្សេងទៀត ដែលបានសន្យាគាំទ្រទាំងស្រុង និងសាមគ្គីភាពចំពោះប្រទេសថៃផងដែរ។

ភាគីថៃបានឱ្យដឹងថា ប្រទេសថៃបានធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេមជាលើកចុងក្រោយ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី២៤ នៅខេត្តនគររាជសីមា កាលពី១៦ឆ្នាំមុន ហើយឧស្សាហកម្មកីឡារបស់ថៃបានបោះជំហាន សម្រេចបាននូវឋានៈលំដាប់ពិភពលោកដោយស្មារតីសហការគ្រប់ភាគីពាក់ព័ន្ធ។

ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍លើកទី៣៣ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៩ ដល់ ២០ ខែធ្នូ ឆ្នាំ២០២៥ ថៃបានបញ្ជាក់ថា ការប្រកាសពីការត្រៀមខ្លួន និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍នេះឱ្យខ្ពស់បំផុត និងលេចធ្លោជាងគេបំផុតតាមស្តង់ដារសកលដែលអាចធ្វើទៅបាន៕

រមណីយដ្ឋានថ្មីមួយត្រៀមស្វាគមន៍ភ្ញៀវទេសចរណ៍នៅ ខេត្តតាកែវ

ដោយៈ គង់ សូរិយា

        តាកែវៈ រមណីយដ្ឋានទេសចរណ៍ថ្មីមួយ ត្រៀមបង្ហាញខ្លួននៅខេត្តតាកែវ ដែលជាតំបន់បណ្តុំដោយ រមណីយដ្ឋានធម្មជាតិជាច្រើន ស្ថិតនៅលើផ្លូវលេខ១៣២។

រមណីយដ្ឋាននេះ ស្ថិតនៅជិតគ្នានឹងរមណីយដ្ឋានកំពូលពេជ្រ ត្រីមាស និងរមណីយដ្ឋានពុទ្ឋគិរី ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estate បាននិងកំពុងអភិវឌ្ឍន៍គំរោងឋានសួគ៌លំហែរ ជារមណីយដ្ឋានមួយ ដែលផ្តល់ឲ្យអ្នកទិញដីក្នុងគំរោងនេះ អាចសម្រាកលំហែរកំសាន្តនាពេលចុងសប្តាហ៍។

លោកបាននិងកំពុងទិញដី ដើម្បីដាក់ក្នុងស្រះទឹកទំហំជាង២ហិកតា ដើម្បីឲ្យភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិអាចទស្សនានៅលលើខ្ចូសមាត់ទឹក ដែលសាងសង់សម្រាប់ភ្ញៀវទេសចរណ៍ ទៅទស្សនានិងលេងកំសាន្តដោយឥតគិតថ្លៃ។ ជាមួយគ្នានេះ ដើមផ្កាលឿងរាជចំនួន២០០០ដើម បាននិងកំពុងដឹកយកទៅដាំក្នុងគំរោងនេះ ខណៈសួនច្បារ ហេដ្ឋារចនាសម្ព័ន្ឋដទៃទៀតបាន និងកំពុងរៀបចំបណ្តើរ ជាមួយទេសភាពជួរភ្នំដ៏វែងអន្លាយនៅជាប់នឹងគំរោងនេះ។

លោកCooler Tanបានបន្តថា យើងកំពុងអភិវឌ្ឍន៍ដើម្បីធ្វើឲ្យអ្នកទិញមានអារម្មណ៍ ទទួលបានដីលំហែរពិតប្រាកដ ជាមួយលក្ខខ័ណ្ឌបង់ប្រាក់យ៉ាងពិសេស សម្រាប់សាធារណៈជន”។ លោកបន្តថា “អ្នកទិញដីក្នុងគំរោងនេះ នឹងទទួលបាននូវអ្វីដែលពួកគេមិនដែលរំពឹងទុក”។

អ្នកអភិវឌ្ឍន៍រូបនេះ បានអភិវឌ្ឍន៍គំរោងបូគោលែនទី១ ទី២ ទី៣ នៅក្នុងខេត្តកំពត និងគំរោងឆ្នេរសមុទ្រកោងកាង ក្នុងខេត្តកែបបានយ៉ាងជោគជ័យ និងទទួលបានការគាំទ្រពីអតិថិជនក្នុង និងក្រៅប្រទេស៕

Mohegan Inspire mega integrated resort to open in Incheon by year-end

Mohegan Inspire, set to become the largest integrated entertainment resort in Northeast Asia once all four phases are fully complete, is on track to open its doors by end of this year near Incheon International Airport, with the construction progress for its Phase 1 reaching 63 percent completion, Inspire Entertainment Resort said, Wednesday.

Inspire Entertainment Resort, the Korean corporation of the U.S. Indigenous-run entertainment and gaming brand Mohegan, held a press conference at the integrated resort’s construction site on Incheon’s Yeongjong Island, near Incheon International Airport, to showcase the progress of the construction.

“We’re sitting on 4.3 million square meters of land, roughly the same size of Yeouido,” said Chen Si, the company’s chief operating officer.

Mohegan is an integrated entertainment resort developer with an Indigenous background that operates seven properties in North America in cities including Las Vegas. Mohegan Inspire will be the company’s eighth property.

The first phase of construction, which is a 2 trillion won ($1.49 billion) project, includes a three-tower luxury hotel with 1,256 rooms, a 15,000-seat arena to host concerts and sporting events, a foreigner-only casino with 700 slot machines, an all-year indoor water park, theme park, dining and shopping area.

Source: Korea Times

ការជាប់គាំងនៃគម្រោងសាងសង់ខុនដូ Le Bassac កំពុងបង្កជាក្តីបារម្ភសម្រាប់គ្រប់ភាគីពាក់ព័ន្ធ

ដោយ: គង់ លាងហួរ

ភ្នំពេញ: ទោះបីជាត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ហើយយ៉ាងណាក្តី ក៏ស្ថានភាពសាងសង់គម្រោងខុនដូ Le Bassac នៅតែមានសភាពទ្រឹងដដែល ដោយមិនមានការធ្វើបច្ចុប្បន្នភាព ឬដំណើរការអស់រយៈពេលជាច្រើនឆ្នាំ និងធ្វើឱ្យមានការខកចិត្តយ៉ាងខ្លាំង ពីសំណាក់ក្រុមអ្នកចាប់អារម្មណ៍។

គម្រោង​ដ៏​ល្បី​ល្បាញនេះ ​រួមមាន ​ការ​សាងសង់​អគារ​កម្ពស់៣៤ជាន់ ដែល​មាន​តម្លៃ៣៥,៧០លាន​ដុល្លារ​អាមេរិក ដែល​ស្ថិត​នៅ​ចំណុច​ប្រសព្វ​ផ្លូវ​ធំៗ​ចំនួន២ គឺ​មហាវិថី​នរោត្តម និង​ផ្លូវ​លេខ២៩៤។ គម្រោង​នេះ​ មាន​ទីតាំង​បែបយុទ្ធសាស្ត្រ​ដ៏ល្អ ដែលមានចំងាយ​ត្រឹមតែ​២៥០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​វិមាន​ឯករាជ្យ ដែលជា​ទីតាំង​ដ៏សំខាន់​បំផុតមួយ​ក្នុង​រាជធានី​ភ្នំពេញ​។

ខុនដូ Le Bassac ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន Taiwan Construction Company- 4 Season Construction Co., Ltd. និងរចនាឡើងដោយវិស្វករល្បីឈ្មោះលោក C. Y. Lee និងក្រុមហ៊ុន China State Construction Engineering Corporation (CSCEC)។

គម្រោងខុនដូ Le Bassac ត្រូវបានចាប់ផ្តើមសាងសង់ឡើងនៅពាក់កណ្តាលឆ្នាំ២០១៧ ហើយដំបូងឡើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២២។ ប៉ុន្តែគិតរហូតមកដល់ពេលនេះ គម្រោងនេះមិនទាន់បានបញ្ចប់ដំណើរការសាងសង់នៅឡើយនោះទេ។ 

ស្ថានភាពនេះបានបង្កឱ្យមានការព្រួយបារម្ភ ចំពោះភាគីពាក់ព័ន្ធនានាដែលមានសក្តានុពល និងភាគីចាប់អារម្មណ៍ ដែលកំពុងរង់ចាំព័ត៌មានថ្មីៗ អំពីដំណើរការរបស់គម្រោងយ៉ាងអន្ទះសារ ហើយគេក៏មិនទាន់ដឹងច្បាស់ថា វាបណ្តាលមកពីមូលហេតុអ្វី ដែលធ្វើឱ្យមានការយឺតយ៉ាវក្នុងដំណើរការសាងសង់នោះដែរ។

ថ្វីត្បិតតែមិនទាន់មានការធ្វើបច្ចុប្បន្នភាពថ្មីយ៉ាងណាក្តី ប៉ុន្តែវានៅតែបង្ហាញឱ្យឃើញថា គម្រោងខុនដូLe Bassac នេះគឺជាគម្រោ​ងមួយប្រកបដោយមហិច្ឆតាខ្ពស់ ដែលមានគោលដៅកំណត់ឡើងវិញនូវការរស់នៅលំដាប់ខ្ពស់នៅក្នុងរាជធានីភ្នំពេញ៕

សមាគមទុរេនស្រុកសំឡូតស្វែងរកឱកាសទទួលបានទីផ្សារនាំចេញផ្លែទុរេនទៅកាន់ទីផ្សារប្រទេសចិន

ដោយ: គង់ លាងហួរ
ភ្នំពេញ: កាលពីពេលថ្មីៗនេះ បណ្តុំអាជីវកម្មទុរេនសំឡូត ដែលជាសមាគមទុរេនដែលមានមូលដ្ឋាននៅក្នុងខេត្តបាត់ដំបង របស់កម្ពុជា បានជួបប្រជុំជាមួយអ្នកវិនិយោគមួយចំនួន ដើម្បីពិភាក្សាអំពីឱកាសនាំចេញទុរេនទៅកាន់ប្រទេសចិន បើទោះបីជាទុរេនកម្ពុជាមិនទាន់ទទួលបានទីផ្សារដ៏កម្រនេះយ៉ាងណាក្តី។

ស្រុកសំឡូត ខេត្តបាត់ដំបង ធ្លាប់ជាតំបន់ផ្ទុះសង្គ្រាម ដោយមានគ្រាប់មីនរាយប៉ាយពាសពេញ ទោះបីជាយ៉ាងនេះ ចាប់តាំងពីពេលនោះមក វាត្រូវបានអភិវឌ្ឍទៅជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ និងជាមូលដ្ឋានផលិតកម្មកសិកម្ម ដែលត្រូវបានគេស្គាល់សម្រាប់ការដាំដុះទ្រង់ទ្រាយធំដូចជា មៀន សាវម៉ាវ ផ្លែបឺរ មង្ឃុត ទុរេន ដំឡូងមី និងម្ទេស។ បណ្តុំអាជីវកម្មទុរេនសំឡូតត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ដោយមន្ទីរកសិកម្មខេត្តបាត់ដំបងក្នុងគោលបំណងធ្វើឱ្យការគ្រប់គ្រងផលិតកម្មងាយស្រួល និងធានាគុណភាពផ្លែឈើ។

លោក ណៃ ចន ប្រធានបណ្ដុំអាជីវកម្មដំណាំទុរេន បានសម្តែងការព្រួយបារម្ភខ្លះៗអំពីការនាំចេញទុរេនទៅកាន់ប្រទេសចិន ទោះបីជាលោកបានជួបជាមួយក្រុមហ៊ុនបរទេសជាច្រើនដែលចាប់អារម្មណ៍ក្នុងការនាំចូលទុរេនពីស្រុកសំឡូតយ៉ាងណាក្តី។ លើសពីនេះ សមាគមក៏បានចូលរួមពិភាក្សាជាច្រើនជាមួយមន្ទីរកសិកម្មខេត្តបាត់ដំបង ទាក់ទងនឹងការនាំចេញទុរេនទៅកាន់ប្រទេសចិនផងដែរ។

លោក ណៃ ចន បានអះអាងថា “កាលពីមុន ក្រុមហ៊ុនចិនគ្រាន់តែចាប់អារម្មណ៍ចង់ដឹងពីបរិមាណផ្គត់ផ្គង់ប្រចាំឆ្នាំប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះពួកគេទាមទារទិន្នន័យលម្អិតបន្ថែមទៀត”។ សមាគមសម្តែងការព្រួយបារម្ភថា ប្រសិនបើពួកគេចុះកិច្ចសន្យាជាមួយគ្នា ប៉ុន្តែមិនអាចបំពេញតាមតម្រូវការដែលបានកំណត់ វាអាចនាំឱ្យមានផលវិបាក។

នៅពាក់កណ្តាលឆ្នាំ២០២២ មន្ទីរកសិកម្មខេត្តបាត់ដំបងបានដឹកនាំក្រុមអាជីវករចិន និងថៃទៅទស្សនាចម្ការទុរេនដែលជាកម្មសិទ្ធិរបស់បណ្តុំអាជីវកម្មដំណាំទុរេនស្រុកសំឡូត។ នៅពេលនោះ អាជីវករចិនមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរសជាតិ និងគុណភាពនៃទុរេនក្នុងស្រុក ហើយពួកគេថែមទាំងបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការនាំចូលទុរេនកកពីស្រុកសំឡូតតាមរយៈប្រទេសថៃផងដែរ។

បើយោងតាមលោក ណៃ ចន បានឱ្យដឹងទៀតថា ទុរេនសំឡូតមានគុណភាពល្អ និងរសជាតិឆ្ងាញ់ ប៉ុន្តែលោកក៏បានទទួលស្គាល់ថា យើងមានឧបសគ្គសំខាន់ៗក្នុងការបង្កើនបរិមាណផ្គត់ផ្គង់ និងការបំពេញតាមតម្រូវការអនាម័យ។

លោកហេង សិទ្ធីមន្ត្រីនៃមន្ទីរកសិកម្មខេត្បាត់ដំបងបានមានប្រសាសន៍ថា ខណៈដែលក្រសួងកសិកម្មកម្ពុជានិង មន្ទីរពាក់ព័ន្ធទទួលខុសត្រូវក្នុងការស្វែងរកទីផ្សារ និងអ្នកទិញសក្តានុពលសម្រាប់កសិករ ប៉ុន្តែការចរចានាំចេញ អាស្រ័យលើក្រុមអ្នកវិនិយោគ។

នៅក្នុងខេត្តបាត់ដំបង ទុរេនត្រូវបានគេដាំដុះតែនៅស្រុកសំឡូតទេ ដែលមានផ្ទៃដីដាំសរុបទំហំ៥៤៦ហិកតា។ ក្នុង ចំណោមផ្ទៃដីសរុបនេះ៧៦%អាចប្រមូលផលបានហើយដោយមានទិន្នផលជាមធ្យម១២តោនក្នុងមួយហិកតា និង ទិន្នផលប្រចាំឆ្នាំលើសពី៥០០០តោន។

ទន្ទឹមនឹងនេះក្រសួងកសិកម្ម កម្ពុជាបានបញ្ជាក់ថាបច្ចុប្បន្នប្រទេសកម្ពុជាមិនមានទីផ្សារក្រៅប្រទេស សម្រាប់នាំចេញផ្លែទុរេនោះទេ ខណៈដែលបរិមាណផលិតទុរេនកម្ពុជានៅមានកម្រិតនៅឡើយ៕

រមណីយដ្ឋានបែបរីសតខ្នាតយក្សក្នុងទីក្រុងសេអ៊ូលគ្រោងនឹងបើកដំណើរការនៅដំណាច់ឆ្នាំនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: រមណីយដ្ឋានរីសតកម្សាន្តដ៏ធំបំផុតនៅប្រទេសកូរ៉េខាងត្បូង Mohegan Inspire គ្រោងនឹងបើកទ្វាររបស់ខ្លួននៅចុងឆ្នាំ២០២៣នេះ ដែលរីសតនេះមានទីតាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិ Incheon។

Inspire Entertainment Resort ដែលជាសាជីវកម្មកម្សាន្ត និងហ្គេមកូរ៉េដែលដំណើរការដោយជនជាតិដើមភាគតិចអាមេរិកធ្លាប់បានធ្វើសន្និសីទសារព័ត៌មានមួយនៅឯការដ្ឋានសាងសង់របស់រមណីយដ្ឋាននេះនៅលើកោះ Yeongjong ក្បែរអាកាសយានដ្ឋានអន្តរជាតិ Incheon ដើម្បីបង្ហាញពីវឌ្ឍនភាពនៃការសាងសង់។

គម្រោងសាងសង់ដំណាក់កាលដំបូងតម្លៃ១,៤៩ពាន់លានដុល្លារនៅក្នុងរីសត រួមមានសណ្ឋាគារប្រណីតកម្ពស់៣ជាន់ដែលមាន១.២៥៦បន្ទប់ សង្វៀនដែលមានកៅអីចំនួន១៥.០០០សម្រាប់រៀបចំការប្រគំតន្ត្រី និងព្រឹត្តិការណ៍កីឡា កាស៊ីណូសម្រាប់ជនបរទេសដែលមានម៉ាស៊ីនស្លុតចំនួន៧០០ សួនហែលទឹក សួនកម្សាន្ត កន្លែងទទួលទានអាហារ និងកន្លែងទិញទំនិញ។

លើសពីនេះទៀត រមណីយដ្ឋានរីសតខ្នាតយក្សមួយនេះក៏នឹងសាងសង់ដាក់រួមបញ្ចូលនូវកន្លែងប្រជុំសន្និបាតដែលមានសាលប្រជុំទំហំ១០.០០០ម៉ែត្រការ៉េផងដែរ។

លោក Chen Si ប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន INSPIRE Entertainment Resortបានមានប្រសាសន៍ថា “វាជាគោលដៅរបស់យើងក្នុងការទាក់ទាញភ្ញៀវបរទេសដើម្បីមកយល់ដឹងអំពីវប្បធម៌កូរ៉េ ជាពិសេសការកម្សាន្តផ្ទាល់ និងសិល្បៈ ដោយលោកគូសបញ្ជាក់អំពីជំនាញរបស់ក្រុមហ៊ុនក្នុងការកសាង និងប្រតិបត្តិការកន្លែងស្នាក់នៅរួមបញ្ចូលគ្នាជាមួយនឹងកន្លែងកម្សាន្ត”។

លោកបានបន្ថែមថា រមណីយដ្ឋានទាំងមូល រួមទាំងកាស៊ីណូ គ្រោងនឹងបើកដំណើរការក្នុងត្រីមាសទី១ ឆ្នាំ២០២៤ បន្ទាប់ពីក្រុមហ៊ុនទទួលបានការវាយតម្លៃចំណាត់ថ្នាក់លើសណ្ឋាគារ និងអាជ្ញាប័ណ្ណកាស៊ីណូ។

ក្រុមហ៊ុននេះបានធ្វើការប៉ាន់ប្រមាណថា រមណីយដ្ឋាននេះនឹងអាចបង្កើតការងារបានដោយផ្ទាល់ចំនួន៣.០០០ នៅក្នុងអគារ និងការងារជាច្រើនទៀតដោយប្រយោលនៅក្នុងតំបន់៕

ការរៀបចំឥណទានឡើងវិញមិនមែនជាដំណោះស្រាយយូរអង្វែងសម្រាប់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ចិន

សុខុម

ហុងកុង: ដីទំនេរ ឬដីមិនទាន់អភិវឌ្ឍន៍ដែលនៅសល់កាន់តែតិចទៅៗ និងតម្រូវការអចលនទ្រព្យធ្លាក់ចុះ ទំនងជារារាំងផែនការរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនចិន កាន់តែច្រើនឡើងដែលបានខកខានទូទាត់បំណុលរបស់ខ្លួនជាបន្តបន្ទាប់ ហើយកំពុងរៀបចំឥណទានឡើងវិញដើម្បីមានឱកាសស្ដារទ្រព្យសម្បត្តិរបស់ខ្លួនមកវិញ។

ឧបសគ្គទាំងនេះអាចធ្វើឱ្យរាំងស្ទះដល់ការជំរុញការលក់ និងសាច់ប្រាក់ដែលបណ្ដាក្រុមហ៊ុនអចលនទ្រព្យត្រូវការដើម្បីស្ដារអាជីវកម្ម និងរៀបចំបំណុលរបស់ខ្លួនឡើងវិញក្នុងរយៈពេលវែង។ នេះបើយោងតាមក្រុមហ៊ុនអភិវឌ្ឍន៍ និងអ្នកប្រឹក្សាយោបល់ខាងរៀបចំឥណទានឡើងវិញចំនួន៥បានទម្លាយឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា។

ពួកគេបានគូសបញ្ជាក់ថា នៅទីបំផុតឧបសគ្គទាំងនេះអាចនឹងធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនរៀបចំឥណទានឡើងវិញជាជុំទី២។

លោកស្រី Esther Liu អ្នកវិភាគមកពីទីភ្នាក់ងារវាយតម្លៃកម្រិតគុណភាពឥណទានអាមេរិក S&P Global Ratings ថ្លែងថា “កិច្ចព្រមព្រៀងរៀបចំឥណទានឡើងវិញភាគច្រើនដែលយើងមើលឃើញនៅពេលនេះ គឺគ្រាន់តែជាការពន្យារពេលបណ្ដោះអាសន្នសម្រាប់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍តែប៉ុណ្ណោះ។ ប៉ុន្តែបញ្ហាអាចនឹងត្រលប់មកវិញ ប្រសិនបើក្រុមហ៊ុនអភិវឌ្ឍន៍ទាំងនោះមិនអាចបង្កើតរំហូរសាច់ប្រាក់ដូចដែលពួកគេបានរំពឹងទុកទេនោះ”។

ក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនចិន នានាបានធ្លាក់ចូលក្នុងស្ថានភាពចលាចលចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២១ បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ចេញវិធានការរឹតបន្តឹងកម្រិតបំណុលដែលបានធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី២ នៅពេលនោះ China Evergrande Group ធ្លាក់ចូលក្នុងវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ ហើយបន្ទាប់មកវិបត្តិនេះបានរីករាលដាលពាសពេញក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន។

យោងតាមទិន្នន័យបង្ហាញថា ក្រុមហ៊ុនអចលនទ្រព្យស្ថិតក្នុងចំណោមក្រុមហ៊ុនដែលបោះផ្សាយមូលបត្រច្រើនបំផុតបំផុតនៅអាស៊ី។

វិបត្តិនេះបានធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍នានាជួបវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ រហូតឈានទៅដល់ការខកខានទូទាត់បំណុលជាបន្តបន្ទាប់។ ជាក់ស្ដែង ក្រុមហ៊ុន Evergrande និងក្រុមហ៊ុន Sunac China គឺជាក្រុមហ៊ុនលេចធ្លោជាងគេបំផុតក្នុងចំណោមក្រុមហ៊ុនមួយចំនួន ដែលបានប្រកាសលក្ខខណ្ឌរៀបចំបំណុលនៅឯនាយសមុទ្ររបស់ពួកគេឡើងវិញគិតមកទល់ពេលនេះ។

ក្រុមហ៊ុនអភិវឌ្ឍន៍ និងអ្នកប្រឹក្សាយោបល់លើកឡើងថា ក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនទៀតត្រូវបានរំពឹងថានឹងប្រកាសលក្ខខណ្ឌរៀបចំបំណុលឡើងវិញដូចគ្នានេះដែរនៅប៉ុន្មានខែខាងមុខ។

គោលបំណងនៃការរៀបចំបំណុលឡើងវិញ គឺដើម្បីឱ្យក្រុមហ៊ុនអភិវឌ្ឍន៍រួចផុតពីកាតព្វកិច្ចទូទាត់បំណុលក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូង ដើម្បីឱ្យពួកគេមានពេលវេលាដកដង្ហើមគ្រប់គ្រាន់ក្នុងការក្រោកឈរឡើងវិញ។

ទោះជាយ៉ាងណា ការរស់រានឡើងវិញនេះហាក់មិនប្រាកដប្រជានោះឡើយ ខណៈសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យរបស់ប្រទេសចិន កំពុងដាំក្បាលចុះ។ ការវិនិយោគ និងការលក់អចលនទ្រព្យបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងខែមេសា ឆ្នាំ២០២៣ នេះ ហើយល្បឿននៃការកើនឡើងតម្លៃផ្ទះក៏បានធ្លាក់ចុះដែរអំឡុងខែនេះ៕ Reuters៕

លោកឧកញ៉ាគីម ហ៊ាងពន្យល់ពីមូលដ្ឋាននៃការរីកចម្រើននៅភាគខាងជើងរាជធានីភ្នំពេញ

ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ជាមួយនឹងភាពប្រសើរឡើង នូវហេដ្ឋារចនាសម្ព័​ន្ឋ បានធ្វើឲ្យតំបន់ភាគខាងជើងរាជធានីភ្នំពេញ ក្លាយជាប្លុកស៊ីវិល័យមួយនាពេលបច្ចុប្បន្ន និងទៅអនាគត។

ជាមួយនឹងបទពិសោធន៍យូរឆ្នាំ ក្នុងវិស័យអចលនវត្ថុ ដោយក្លា​យពីភ្នាក់ងារធម្មតា ទៅជាអ្នកអភិវឌ្ឍន៍ដ៏លេចធ្លោម្នាក់ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា មិនត្រឹមតែការរីកចម្រើន លើផ្នែកហេដ្ឋារចនាសម្ព័ន្ឋប៉ុណ្ណោះទេ ប៉ុន្តែវត្តមានហាងល្បីៗ ភោជនីយដ្ឋានលំដាប់អភិជន និងផ្សារទំនើបធំៗ បាននិងកំពុងទាក់ទាញអ្នកមានកាន់តែច្រើន ទៅរស់នៅភាគខាងជើងរាជធានីភ្នំពេញ។

លោកបន្តថា ការសាងសង់អាគាររដ្ឋបាល ក្រសួងរបស់រដ្ឋាភិបាលជាច្រើន បានធ្វើឲ្យតំបន់នេះកាន់តែលេចធ្លោ និងទាក់ទាញគំរោងអភិវឌ្ឍន៍ធំៗជាច្រើន និងកំពុងកើនឡើងជាប់ជាប្រចាំ។ លោកបន្តថា ផ្នែកហេដ្ឋារចនាសម្ព័ន្ឋវិញ ភាគខាងជើងរាជធានីភ្នំពេញ ជាតំបន់មិនមានរោងចក្រ សហគ្រាសបំពុលផ្សែងនោះឡើយ ពិសេសជាតំបន់តភ្ជាប់ទៅកាន់ផ្លូវជាតិសំខាន់ៗដូចជា ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ និងផ្លូវខេត្តដូចជាផ្លូវលេខ៥១ និងតំបន់កំសាន្តជាច្រើនទៀតដូចជា ភ្នំពេញសាហ្វារីវើលដ៏ សួនទឹកកំសាន្តលំដាប់អន្តរជាតិហ្កាឌិន ស៊ីធី ពហុកីឡដ្ឋានមរតកតេជោ វិមានឈ្នះ ឈ្នះជាដើម។

បច្ចុប្បន្នបុរីជាច្រើនបាន និងកំពុងបង្ហាញខ្លួននៅតំបន់នេះ ដូចជា បុរីវិមានសំណាង បុរីវិមានភ្នំពេញ និងបណ្តាបុរីជាច្រើនទៀតដែលបាននិងកំពុងសាងសង់លើមហាវិថីឈ្នះ ឈ្នះ៕

លោកឧកញ៉ាហួត អៀងតុងៈធនាគារហត្ថាទទួលបានប្រាក់ចំណេញជាង១១លានដុល្លារក្នុងរយៈពេល៤ខែ

ដោយៈគង់ សិរីជេស៊ីកា

        ភ្នំពេញៈ ប្រធានអគ្គនាយកនៃធនាគារហត្ថា លោកឧកញ៉ាហួត អៀងតុងបានថ្លែងថា ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ធនាគារទទួលបានប្រាក់ចំណេញជាង១១លានដុល្លារអាមេរិក។

លោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចសម្ភាសន៍ពិសេសកាលពីថ្ងៃទី១៨ ឧសភាថា ទំហំប្រាក់ចំណេញនេះ ជាការបង្ហាញថា សុខភាពរបស់ធនាគារនៅតែមានភាពរ៉ឹងមាំ បើទោះ​ជាកម្ពុជា ក៏ដូចជាពិភពលោកបានរងវិបត្តិ អស់រយៈពេលជាច្រើនឆ្នាំក្តី។

លោកឧកញ៉ាបានបន្តទៀតថា “ការសម្រេចបាននូវប្រាក់ចំណេ​ញនេះ ទោះជាមិនដល់គោលដៅយើងចង់បាន ប៉ុន្តែវាជាដំណើរការធម្មតា និងបង្ហាញពីភាពរ៉ឹងមាំនៃប្រព័ន្ឋធនាគាររបស់យើង”។ លោកបន្តថា “ជាមួយគ្នានេះ យើងនៅតែបន្តរីកចម្រើន និងកំពុងរៀបចំផែនការយុទ្ឋសាស្រ្តថ្មីៗ ដើម្បីសម្រេចបានវឌ្ឍនភាពនាពេលអនាគត។

លោកឧកញ៉ាហួត អៀងតុងបានបន្តថា បញ្ហាសេដ្ឋកិច្ចពិភពលោកមិនត្រឹមតែប៉ះពាល់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានប៉ះពាល់ដល់បណ្តាប្រទេសនានាទាំងអស់ ហេតុនេះទើបយើងផ្តល់ឥណទានមានការប្រុង​ប្រយ័ត្នជាងមុន យើងមានការឆែកប្រវត្តិឥណទានច្បាស់លា​ស់ ដើម្បីធ្វើឲ្យប្រាកដថា ឥណទានរបស់យើងគ្មានហានិភ័យ ហើយអតិថិជន ដែលជាដៃគូអាជីវកម្មរបស់យើង មិនប្រឈមហានិភ័យផងដែរ។

លោកបន្តថា ក្នុងអំឡុងដើមឆ្នាំនេះ ការបញ្ចេញឥណទានរបស់យើងមានភាពសមាមាត្រនឹងអ្វី ដែលជាគោលនយោបាយ និងផែន​ការរបស់ធនាគារដាក់ចេញ។ ជាមួយគ្នានេះផងដែរ កម្រិតប្រាក់បញ្ញើររបស់ធនាគារ ក៏បានថមថយល្បឿនផងដែរ ប៉ុន្តែវានៅតែមានសញ្ញារ៉ឹងមាំ និងអាចទទួលយកបាន៕