ប្រធានាធិបតីឥណ្ឌូនេស៊ីគ្រោងជំរុញឱ្យអ្នកវិនិយោគរបស់ខ្លួនចូលរួមក្នុងគម្រោងវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

ដោយ: គង់ លាងហួរ

ហ្សាការតា: ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Jokowi Widodo គ្រោងឲ្យអ្នកធុរកិច្ចខ្លួន ចូលរួមក្នុងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលជាការប្តេជ្ញាចិត្ត ក្នុងការពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

យោងតាមរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi បានឱ្យដឹងថា លោកប្រធានាធិបតីបានថ្លែងបែបនេះដោយផ្ទាល់ក្នុងជំនួបទ្វេរភាគី ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុង Labuan Bajo កាលពីថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣។

លោកស្រី Retno បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំទ្វេរភាគីនោះថា “ប្រទេសឥណ្ឌូនេស៊ីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តធ្វើឱ្យប្រសើរឡើង នូវភាពជាដៃគូសេដ្ឋកិច្ច រួមទាំងការចង់ចូលរួម ក្នុងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ជាពិសេសការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធ” ។

កិច្ចប្រជុំទ្វេរភាគីឥណ្ឌូនេស៊ី-កម្ពុជារៀបចំធ្វើឡើង បន្ទាប់ពីលោ​កប្រធានាធិបតី Jokowi dodo បានដឹកនាំសម័យប្រជុំពេញអង្គនៃការបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។នៅពេលចាប់ផ្តើមនៃកិច្ចប្រជុំ លោកប្រធានាធិបតីបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់កម្ពុជា សម្រាប់ការធ្វើជាប្រធានអាស៊ានឆ្នាំ២០២៣របស់ប្រទេសឥណ្ឌូនេស៊ី និងបានអបអរសាទរចំពោះការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជាផងដែរ។

ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសុំទោសចំពោះ​ឧប្បត្តិហេតុ កាន់ទង់ជាតិឥណ្ឌូនេស៊ីបញ្រ្ចាស ក្នុងពិធីបើកការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា កាលពីថ្ងៃសុក្រ ទី៥ ខែឧសភាផងដែរ។ជំនួប​រវាង​លោក​ប្រធានាធិបតី Jokowi dodo ជាមួយ​សម្តេចតេជោ គឺជា​ជំនួប​ទ្វេរភាគី​លើក​ទី​៥ ដែល​រៀបចំ​ដោយ​ប្រទេស​ឥណ្ឌូនេស៊ី​ នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ទីក្រុង Labuan Bajo។

លើសពីនេះទៀត កាលពីថ្ងៃអង្គារ ទី៨ ខែឧសភាកន្លងទៅ ប្រធានាធិបតីឥណ្ឌូនេស៊ី ក៏បានជួបពិភាក្សាទ្វេរភាគី ជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នាយករដ្ឋមន្ត្រី Timor Leste លោក Taur Matan Ruak នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim និងនាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandoneផងដែរ៕

EU គ្រោងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិនចំនួន៧បន្ថែមទៀត ទាក់ទងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន

ដោយ: គង់ លាងហួរ

អន្តរជាតិ: សហភាពអឺរ៉ុប (EU) កាលពីពេលថ្មីៗនេះ បានគាស់ប្រជុំ ដើម្បីស្នើសុំឱ្យមានការដាក់ទណ្ឌកម្ម ទៅលើក្រុមហ៊ុនចិនចំនួន៧ បន្ទាប់ពីត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធជាមួយនឹងការលក់សព្វាវុធ ដែលត្រូវបានប្រើប្រាស់ នៅក្នុងកងម្លាំងរុស្ស៊ី សម្រាប់ធ្វើសង្រ្គាមនៅអ៊ុយក្រែន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Financial Times បានឱ្យដឹងថា ក្រុមហ៊ុនអាជីវកម្មរបស់ចិនចំនួន៧ ត្រូវបានចុះឈ្មោះទៅក្នុងបញ្ជីទណ្ឌកម្មថ្មី ដែលត្រូវលើកយកមកពិភាក្សាដោយរដ្ឋសមាជិកសហភាពអឺរ៉ុប នៅក្នុងសប្តាហ៍នេះ ។
ប្រភពដដែលនេះ បានបង្ហាញឱ្យដឹងទៀតថា នៅក្នុងបញ្ជីទណ្ឌ​កម្មថ្មីនេះ គេសង្កេតឃើញថា មានក្រុមហ៊ុនរបស់ចិនចំនួន២ គឺក្រុមហ៊ុន 3HC Semiconductors និងក្រុមហ៊ុន King-Pai Technology រួមជាមួយនឹងក្រុមហ៊ុនចំនួន៥ទៀត មកពីទីក្រុងហុងកុងរួមមាន Sinno Electronics Sigma Technology Asia Pacific Links Tordan Industry និង Alpha Trading Investments ដែលត្រូវបានចោទប្រកាន់ ។

ក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនធំៗខាងលើ គឺក្រុមហ៊ុន King-Pai Technology ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម ដោយសហរដ្ឋអាមេរិករួចទៅហើយ បន្ទាប់ពីរកឃើញថា ពួកគេជាអ្នកផ្គត់ផ្គង់​សព្វាវុធ​ សម្រាប់អង្គភាពជាច្រើន នៅក្នុងបរិវេ​ណ​ឧស្សាហកម្មយោធារបស់ប្រទេសរុស្ស៊ី។

ចាប់តាំងពីរុស្ស៊ី បានចាប់ផ្តើមបើកការលុកលុយ ទៅលើអ៊ុយក្រែន កាលពី ១៤ ខែមុន នៅពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានហៅវាថាជា ប្រតិបត្តិការយោធាពិសេសរួចមក បានធ្វើឱ្យសហភាពអឺរ៉ុប ចាប់ផ្តើមអនុម័តទណ្ឌកម្មធំៗចំនួន​១០ ប្រឆាំងទៅនឹងបុគ្គល និងក្រុមហ៊ុនរុស្ស៊ី ជាមួយនឹងការដាក់សម្ពាធទៅលើផ្នែកសេដ្ឋកិច្ច និងការរាំងខ្ទប់ទៅលើការផ្តល់ហិរញ្ញប្បទាន សង្គ្រាមទៅកាន់ប្រទេសមួយនេះ៕

China’s Hozon to produce EVs in Thailand for Southeast Asian market

BANGKOK : China’s Hozon New Energy Automobile will make electric vehicles in Thailand for the Southeast Asian market, a Thai official said on Saturday, as it follows others in building facilities in the region’s major auto production hub.

Hozon signed an agreement with Thailand’s Bangchan General Assembly this week to start production of its NETA V model, expected in 2024, Thai government spokesperson Tipanan Sirichana said in a statement.

The EV maker launched its NETA V model in the Thai market last year and planned to start offering its NETA U and NETA S models in the near future, Tipanan said.

Other Chinese EV makers like BYD have also invested in Thai plants as demand heats up among domestic consumers choosing from brands like Great Wall Motors and Tesla.

Last month, a Thai official said China’s Changan Auto would invest $285 million in a facility in Thailand.

Thailand is Asia’s fourth-largest autos assembly and export hub for carmakers like Toyota and Honda.

The country aims to become a key player in the global EV supply chain outside of China by offering tax cuts and subsidies to drive EV adoption and production.It has set a target that 30 per cent of domestic auto production be EVs by 2030.

Source: Reuters

ទំហំលំហូរ FDI របស់ជប៉ុនចូលមកកម្ពុជានឹងហក់ឡើងស្មើប្រទេសចិននាពេលអនាគត

ដោយ: គង់ លាងហួរ

ភ្នំពេញ: ថ្នាក់ដឹកនាំធុរកិច្ចជប៉ុន ឈានមុខគេមួយរូបនៅកម្ពុជាបានមានប្រសាសន៍ថា បរិមាណនៃលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) មកពីប្រទេសជប៉ុននឹងដើរស្របគ្នាជាបណ្តើរៗ ជាមួយនឹងលំហូរមកពីប្រទេសចិនចូលកម្ពុជា។

លោក Tsuboya Masayuki នាយកគ្រប់គ្រងក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា លីមីតធីត បានធ្វើការសង្កេតបែបនេះ ខណៈថ្លែងនៅខាងក្រៅព្រឹត្តិការណ៍ចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា (MoU) ដែលធ្វើឡើងនៅមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC)។អនុស្សរណៈដែលបានចុះហត្ថលេខា រវាងមជ្ឈមណ្ឌល(CJCC) និងផ្សារទំនើបអ៊ីអន មានគោលបំណងជួយដល់សហគ្រិន ដែលកំពុងរីកចម្រើននៅកម្ពុជា។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា កម្ពុជាទទួលបានលំហូរ FDI ចំនួន៤,៦៨ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដែលជាការកើនឡើង៧,៥% ធៀបនឹងឆ្នាំ២០២១ ក្នុងនោះប្រទេសសិង្ហបុរី និងចិន គឺជាប្រភពផ្តល់លំហូរវិនិយោគឈានមុខគេចូលមកកម្ពុជា ដែលជំរុញដល់វិស័យជាច្រើនរួមមាន វាយនភ័ណ្ឌ ស្បែកជើង ស្បែក និងឧស្សាហកម្មបច្ចេកវិទ្យា។

ទោះបីជាកម្ពុជាទទួលបានមូលនិធិវិនិយោគ ពីប្រទេសជប៉ុនយ៉ាងណាក្តី ប៉ុន្តែវាមានបរិមាណតិចជាង បើប្រៀបធៀបទៅនឹងបណ្តាប្រទេសមួយចំនួនទៀត ដូចជា ប្រទេសចិន សិង្ហបុរី ឬសហរដ្ឋអាមេរិក។ លោក​ Tsuboya Masayuki បន្ត​ទៀតថា “និន្នាការ​នេះ​នឹង​ផ្លាស់​ប្តូរ ហើយលំហូរFDIកាន់​តែ​ច្រើន ​នឹង​ចាប់​ផ្តើម​ហូរ​ចេញ​ពី​ប្រទេស​ជប៉ុន​ចូលមក​កម្ពុជា​ នៅក្នុង​រយៈពេលប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ខណៈទំនាក់ទំនងការទូតដ៏ល្អ រវាងប្រទេសទាំងពីរនឹងដើរតួជាសសរស្តម្ភសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងលំហូរវិនិយោគ”។

លោក Tsuboya បានវាយតម្លៃថា លំហូរ FDI របស់ប្រទេសចិនចូលកម្ពុជាមានកម្រិតខ្ពស់ជាងជប៉ុន គឺដោយសារកត្តាពេលវេលា។ លោកបញ្ជាក់ថា  “វិនិយោគិនចិន បានចាប់ផ្តើមស្វែងរកឱកាសវិនិយោគនៅកម្ពុជាយ៉ាងល្អ មុនពេលអ្នកវិនិយោគជប៉ុន បានស្វែងរកឱកាសនៅកម្ពុជា”។

លោកបានសង្កត់ធ្ងន់ទៀតថា “ប៉ុន្តែបច្ចុប្បន្ននេះ វិនិយោគិនជប៉ុនកំពុងស្វែងរកឱកាសវិនិយោគ នៅក្នុងប្រទេសកម្ពុជាជាបណ្តើរៗ ហើយយើងអាចមើលឃើញលំហូរ វិនិយោគពីប្រទេសរបស់ខ្ញុំកើនឡើងនៅថ្ងៃខាងមុខ ដែលអាចស្មើទៅនឹងចំនួននៃលំហូរ FDI មកពីប្រទេសចិន”៕

ធនាគារ Phillip ចាប់ដៃគូជាមួយក្រុមហ៊ុនអភិវឌ្ឍន៍កម្ពុជា Sarita Watersideជំរុញការវិនិយោគអចលនទ្រព្យពីបរទេស

ដោយៈ សុខុម

សិង្ហបុរី: ធនាគារ Phillip Bank ជាធនាគារពាណិជ្ជសិង្ហបុរី តែមួយគត់ ដែលកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Phillip Trustee (Cambodia) កាលពីថ្ងៃពុធ ទី១០ ខែឧសភា បានប្រកាសចាប់ដៃគូសហការ ជាយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន Sarita Waterside ។

ការចុះMoU ចាប់ដៃគូយុទ្ធសាស្ត្រនេះ ធ្វើឡើងក្នុងគោលបំណងទាក់ទាញការវិនិយោគកាន់តែច្រើន ជាពិសេសពីសំណាក់អ្នកវិនិយោគសិង្ហបុរី ខណៈប្រឹងប្រែងការកសាងទំនុកចិត្ត លើទីផ្សារអចល​នទ្រព្យនៅកម្ពុជា។

Sarita Waterside ដែលជាគម្រោងដំបូង នៃផែនការមេរបស់គម្រោងអចលនទ្រព្យ Kampot Park Eco Estate ស្ថិតក្នុងខេត្តកំពត គឺជាការបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុន Sarita Resort Pte. Ltd និងក្រុមហ៊ុន Kampot Mountain Park Development Co., Ltd។

គម្រោងអភិវឌ្ឍន៍នេះ ផ្ដល់ជូននូវផ្ទះវីឡាដាច់ៗពីគ្នាចំនួន៣ប្រភេទគឺវីឡា Soodra Villas វីឡា Maha Villas និងវីឡា Visha Villas ដែលមានអាងហែលទឹកឯកជន ស្ពានបណ្តែតទឹកនៅចំកណ្តាលសួនច្បារធំទូលាយ ដែលផ្ដល់បរិយាកាសរស់នៅ ប្រកបដោយផាសុកភាព និងប្រណីតភាព។ គម្រោងអភិវឌ្ឍន៍នេះក៏មានក្លឹប និងស្ប៉ាផងដែរ។

ក្រោមភាពជាដៃគូយុទ្ធសាស្ត្រនេះ ធនាគារ Philip Bank នឹងផ្តល់ការធានាទិញយកវិញ ដល់អ្នកទិញផ្ទះក្នុងគម្រោង Sarita Waterside ។ សម្រាប់ដំណាក់កាលដំបូងនៃគម្រោងនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ Sarita Waterside ផ្តល់នូវជម្រើសទិញយកវិញដែលមានតែមួយគត់ដល់អ្នកវិនិយោគ។

នៅពេលការសាងសង់ផ្ទះវីឡា ដែលអាចនឹងបញ្ចប់ជាស្ថាពរនៅខែមិថុនា ឆ្នាំ២០២៤ អ្នកវិនិយោគនឹងមានជម្រើសច្រើនដូចជា រក្សាទុកផ្ទះវីឡាសម្រាប់ជួល ទុកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬក៏ដកខ្លួនចេញពីការវិនិយោគ ដោយលក់ផ្ទះឱ្យទៅក្រុមហ៊ុនអភិវឌ្ឍន៍វិញ។

ក្រុមហ៊ុនអភិវឌ្ឍន៍នេះ ផ្តល់ជូនអ្នកវិនិយោគនូវតម្លៃទិញយកវិញក្នុងអត្រា១១០% នៃតម្លៃលក់ដើមរបស់វីឡា។ ដើម្បីផ្តល់ការធានាបន្ថែមទៀតដល់អ្នកទិញ ជម្រើសទិញយកវិញនេះដែលផ្តល់ដោយក្រុមហ៊ុន Sarita Waterside នឹងត្រូវបានគាំទ្រ ដោយលិខិតធានាពីធនាគារ Phillip Bank ប្រចាំកម្ពុជា។ពេលនេះ អ្នកទិញជាជនបរទេសអាចទិញ និងកាន់កាប់ផ្ទះទាំងនេះបានក្រោមរចនាសម្ព័ន្ធបរធនបាល។

Phillip Trustee Cambodia ជាក្រុមហ៊ុនបរធនបាលដែលកាន់កាប់ទាំងស្រុងដោយធនាគារPhillip Bank នឹងអាចជួយអ្នកវិនិយោគបរទេសបង្កើតបរធនបាលមួយ ដើម្បីកាន់កាប់ផ្ទះបែបនេះដោយតាមច្បាប់របស់កម្ពុជាទាំងស្រុង៕ Laotian Times៕

ប្រទេសថៃប្រឈមមុខនឹងចលាចលនយោបាយជាថ្មី ប្រសិនជាត្រកូលថាក់ស៊ីនជាប់ឆ្នោត?

ដោយៈគង់ សូរិយា

        បាងកកៈ ចលាចលក្នុងនយោនបាយប្រទេសថៃ បានបិទបញ្ចប់មួយរយៈ បន្ទាប់ពីក្រុមយោធាឡើងកាន់អំណាច និង​បានរៀបចំប្រព័​ន្ឋ​និតិវិធីច្បាប់នានា ដើម្បីឲ្យយោធាមានសិទ្ឋចាត់ចែងកិច្ចការនយោ​បាយស្ទើរទាំងអស់។

នៅថ្ងៃអាទិត្យ ទី១៤ ខែឧសភា ប្រជាជនថៃនឹងត្រូវធ្វើការសម្រេ​ចចិត្តរបស់ពួកគេ នៅក្នុងការបោះឆ្នោតសកលមួយ ដែលត្រូវបានគេមើលឃើញថាជា ការប្រកួតប្រជែងរវាង “អ្នកនយោបាយត្រកូលស៊ីណាវ៉ាត់” និងអ្នកនយោបាយគាំទ្រដោយយោធា។

មែនទែនទៅ នៅគ្រប់ការបោះឆ្នោតសកលថៃ ចាប់តាំងពី ឆ្នាំ២០០១មក គណបក្សដែលទទួលបានអាសនៈច្រើនជាងគេ នៅក្នុងសភាជាន់ទាប ឬរដ្ឋសភា គឺជាគណបក្សដឹកនាំដោយ ឬមានទំនាក់ទំនងជាមួយលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦។

និន្នាការបែបនេះ តែងតែកើតឡើងជារឿយៗ បើទោះជានយោ​បាយថៃធ្លាក់ ចូលក្នុងភាពចលាចលក៏ដោយ។លោក ថាក់ស៊ីន ត្រូវបានយោធាថៃធ្វើរដ្ឋប្រហារទម្លាក់ពីអំណា​ច កាលពីឆ្នាំ២០០៦ ហើយលោកត្រូវបង្ខំចិត្តរស់នៅនិរទេសខ្លួនឯង នៅឯបទេស ដើម្បីគេចពីការចាប់ខ្លួនដាក់ពន្ធនាគារ។ នៅឆ្នាំ២០០៨ រដ្ឋាភិបាលមួយ ដឹកនាំដោយប្អូនថ្លៃរបស់លោក ថាក់ស៊ីន គឺលោក សុមឆៃ វ៉ុងសាវ៉ាត់( Somchai Wongsawat) ត្រូវបានរំលាយចោលដោយ តុលាការធម្មនុញ្ញថៃ និងនៅឆ្នាំ២០១៤ អតីតនាយករដ្ឋមន្ត្រីថៃ ត្រូវជាប្អូនស្រីបង្កើតរបស់លោក ថាក់ស៊ីន គឺលោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ ត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ ចេញពីអំណាច ហើយត្រូវរស់នៅនិរទេសខ្លួនឯង នៅបរទេសជាមួយបងប្រុស។

សព្វថ្ងៃ មេដឹកនាំដែលដឹកនាំរដ្ឋប្រហារ កាលពីឆ្នាំ២០១៤ កំពុងបន្តដឹកនាំប្រទេសថៃ ហើយអ្នកនាងផែថងថាន ស៊ីណាវ៉ាត់ មានអាយុ៣៦ឆ្នាំ ជាកូនស្រីពៅរបស់លោក ថាក់ស៊ីន រំពឹងថាអាចនឹងដឹកនាំគណបក្សភឿថៃ ដែលមានសម្ព័ន្ធភាពនឹងឪពុករបស់អ្នកនាង យកជ័យជម្នះនៅក្នុងការបោះឆ្នោតនៅថ្ងៃទី១៤ ខែឧសភា។

ប៉ុន្តែដូចសព្វដង “វាមិនមែនជា បញ្ហាចោទនោះទេ ថាតើគណបក្សណា ឬនរណាដែលទទួលបានជ័យជម្នះ ជាក់ស្ដែងនៅក្នុងការបោះឆ្នោត។ ផ្ទុយទៅវិញអ្វីដែលជាបញ្ហាចោទ នោះគឺថាតើនឹងមានរឿងអ្វីកើតឡើងនៅក្រោយការបោះឆ្នោត”?​។

អនាគតនាយករដ្ឋមន្ត្រីថៃ នឹងត្រូវបានជ្រើសរើសដោយសមា​ជិកសភាជាន់ទាប៥០០នាក់ និងសមាជិកព្រឹទ្ធសភា២៥០នាក់ ដែលត្រូវបានចាប់ដាក់ ឱ្យអង្គុយកៅអីព្រឹទ្ធសភាដោយយោធាថៃ ក្រោយរដ្ឋប្រហារកាលពីឆ្នាំ២០១៤។

នៅថ្ងៃទី១៤ ខែឧសភា គណបក្សភឿថៃសង្ឃឹមថា អាចនឹងទទួល​បានអាសនៈភាគច្រើន “ភ្លូកទឹកភ្លូកដី” គ្រប់គ្រាន់នឹងបង្កើតរដ្ឋាភិបាលដោយខ្លួនឯង ឬអាចបង្កើតរដ្ឋាភិបាលចម្រុះ មួយដែលមានអ្នកនាង ផែថងថានជានាយករដ្ឋមន្ត្រី។ ក៏ប៉ុន្តែ ជ័យជម្នះលើសលប់ពេករបស់គណបក្សភឿថៃ នឹងធ្វើឱ្យក្រុមអ្នកនយោបាយអភិរក្សនិយ​មថៃ នោះគឺក្រុមមេដឹកនាំ យោធាថៃ និងអ្នកមានភក្ដីភាពចំពោះរបបរាជានិយមថៃ មានអារម្មណ៍ថាអំណាចរបស់ពួកគេ រងការគំរាមកំហែង ដែលនេះអាចបង្កើនហានិភ័យ នៃការធ្វើរដ្ឋប្រហារសាជាថ្មី ណាមួយ។

រដ្ឋប្រហារយោធា កាលពីឆ្នាំ២០០៦ និងឆ្នាំ២០១៤ កើតមានឡើងតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីផ្ទុះបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំដោយត្រកូលស៊ីណាវ៉ាត់ ពីសំណាក់ “ក្រុមអាវលឿង” ដែលមានភក្ដីភាព ទៅនឹងរាជានិយមថៃ។ បើតាមក្រុមអ្នកវិភាគ គណបក្សភឿថៃ​ អាចបញ្ចៀសកុំឱ្យសេណារីយ៉ូបែបនេះកើតឡើង តាមរយៈការធ្វើ ការសម្រុះសម្រួលជាមួយគណបក្សណាមួយដែលមានសម្ព័ន្ធភាពជាមួយយោធា។ តែការធ្វើបែបនេះ ក៏ប្រថុយធ្វើឱ្យក្រុមអ្នកគាំទ្ររបស់ខ្លួនខកចិត្តផងដែរ។

អ្នកនយោបាយត្រកូល ស៊ីណាវ៉ាត់ នៅតែមានឥទ្ធិពលនៅលើឆាកនយោបាយថៃ បើទោះជាយោធាប្រើប្រាស់គ្រប់មធ្យោបាយ ដើ​ម្បីកម្ចាត់ឥទ្ធិពលនេះក៏ដោយ ហើយប្រជាប្រិយភាពទាំងនេះ បន្សល់ទុក ដោយគោលនយោបាយសេដ្ឋកិច្ច និងសុខាភិបាលរបស់លោក ថាក់ស៊ីន កាលនៅកាន់តំណែងជានាយករដ្ឋមន្ត្រី ដែលបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ដោយទទួលបាន ការគំាទ្រពីប្រជាជនថៃរស់នៅតាមទីជនបទ ជាពិសេសគឺតំបន់ភាគខាងជើងប្រទេសថៃតែម្ដង ឬគេស្គាល់ជាទូទៅថា “ក្រុមអាវក្រហម”។

កាលពីឆ្នាំ២០២២ នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោក បា្រយុទ្ធ ចាន់អូចា បានចូលរួមក្នុងគណបក្សថ្មីមួយ មានឈ្មោះថាគណបក្សថៃរួបរួមជាតិ (United Thai Nation) ដោយទុកឱ្យក្លើរបស់លោក គឺលោកឧបនាយករដ្ឋមន្ត្រី ប្រាវីត វ៉ុងស៊ូវ៉ាន់ (Prawit Wongsuwan) គ្រប់គ្រងគណបក្ស Palang Pracharath។

ក្រុមអ្នកវិភាគខ្លះយល់ថា ការផ្ដាច់ខ្លួនរបស់លោក ប្រាយុទ្ធ ចេញពីគណបក្ស Palang Pracharath អាចនឹងបង្កឱ្យមានការបែកបាក់គ្នា នៅក្នុងចំណោមសមាជិកព្រឹទ្ធសភាថា តើពួកគេត្រូវគាំទ្រលោក ប្រាយុទ្ធ ឬលោក ប្រាវីត?។

លោក Titipol Phakdeewanich ជាព្រឹទ្ធបុរសនៃមហាវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យ Ubon Ratchathani University មិនគិតដូច្នេះនោះទេ។លោក Titipol បានកត់សម្គាល់ដូច្នេះថា “ខ្ញុំមិនគិតនោះទេថាព្រឹទ្ធសភានឹងបែកបាក់គ្នាពិតប្រាកដ។ទាំងលោក ប្រាយុទ និងលោក ប្រាវីត សុទ្ធតែចង់រក្សាអំណាច ដូច្នេះនៅទីបញ្ចប់ ពួកគេនឹងសម្រុះសម្រួលគ្នា ហើយធ្វើសហការគ្នា”។

គណបក្សភឿថៃ ក៏បានអះអាងដែរថា ខ្លួននឹងមិនសហការជាមួយគណបក្សរបស់លោកប្រាវីតឡើយ តែបើភឿថៃពិតជាទទួលបានជ័យជម្នះភ្លូតទឹកភ្លូកដី ឬទទួលបានអាសនៈ ភាគច្រើនលើសលប់នៅក្នុងសភាជាន់ទាប ជាមួយការសហការជាមួយគណបក្ស Palang Pracharath និងលោកប្រាវីដ នោះសម្ព័ន្ធភាពបែបនេះអាចនឹងទទួលបានការគំាទ្រពី ព្រឹទ្ធសភា ខណៈកាត់បន្ថយហានិភ័យនៃការផ្ទុះរដ្ឋប្រហារ។

ក្នុងន័យនេះ ក្រុមអ្នកវិភាគបានលើកឡើង ពីសេណារីយ៉ូ ដែលបើគណបក្សភឿថៃ ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ពិតមែន នោះយោធា និងព្រះមហាក្សត្រថៃ ទំនងជានឹងមិនអនុញ្ញាតឱ្យគណបក្សប្រឆាំងកាច់ចង្កូចដឹកនាំប្រទេសបាននោះទេ។

តាមរយៈការប្រើប្រាស់សំឡេង នៅឯព្រឹទ្ធសភា ពួកគេអាចនឹងព្យាយាមរារាំងគណបក្សប្រឆាំង មិនឱ្យទទួលបានអាសនៈចំនួន ៣៧៦ ដែលចាំបាច់សម្រាប់បង្កើតរដ្ឋាភិបាល ឬអាចនឹងបង្ខំឱ្យគណបក្សភឿថៃយល់ព្រមសហការ ដោយទទួលស្គាល់លោក ប្រាវីត ជានាយករដ្ឋមន្ត្រី។ក្នុងសេណារីយ៉ូនេះដែរ លោក ប្រាវីដ នឹងធ្វើជានាយករដ្ឋមន្ត្រី  រយៈពេល២ឆ្នាំ ហើយនាយករដ្ឋមន្ត្រីមកពីបក្សភឿថៃ កាន់អំណាច ២ឆ្នាំបន្តទៀត។

សេណារីយ៉ូមួយទៀត គឺប្រព័ន្ធតុលាការ តួយ៉ាងតុលាការធម្មនុញ្ញថៃអាចនឹងរិះរកគ្រប់មធ្យោបាយ ដើម្បីរារាំង ឬប្រកាសថាបេក្ខជននាយករដ្ឋមន្ត្រីមកពី គណបក្សប្រឆាំង ឬគណបក្សប្រឆាំងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមផ្លូវច្បាប់ ដើម្បីដឹកនាំប្រទេសនោះទេ។សេណារីយ៉ូកាន់តែអាក្រក់ទៅទៀត នោះគឺបើយោធាថៃមើលឃើញថាខ្លួនគ្មានជម្រើស ពួកគេអាចធ្វើរដ្ឋប្រហារមួយសាជាថ្មី ដោ​យទំនងជានឹងមានការយល់ព្រម ពីព្រះមហាក្សត្រថ្ងៃ Vajiralongkorn​។

ការធ្វើរដ្ឋប្រហារមិនមែនជារឿងភ្ញាក់ផ្អើលអ្វីទេ ដោយយោធាថៃធ្លាប់បានធ្វើរដ្ឋប្រហារដណ្ដើមអំណាច ដោយជោគជ័យចំនួន១៣លើករួចមកហើយ នៅក្នុងយុគសម័យទំនើបរបស់ខ្លួន៕

 

 

ឡាវចាប់ផ្ដើមសាងសង់រោងចក្រថាមពលអគ្គិសនីដើរដោយខ្យល់ ដ៏ធំបំផុតប្រចាំអាស៊ីអាគ្នេយ៍

ដោយៈ សុខុម

វៀងចន្ទន៍: ប្រទេសឡាវ ពេលនេះបានចាប់ផ្ដើមសាងសង់ហើយនូវរោងចក្រថាមពលអគ្គិសនី ដើរដោយខ្យល់Monsoon Wind Power Project ដែលនឹងក្លាយជាគម្រោងថាមពលអគ្គិសនីដើរដោយខ្យល់ធំបំផុត ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងកម្លាំង៦០០មេហ្គាវ៉ាត់ (MW)។

រោងចក្រថាមពលអគ្គិសនីដើរដោយខ្យល់នេះ នឹងមានទួរប៊ីនខ្យល់ចំនួន១៣៣ និងលាតសន្ធឹងលើផ្ទៃដីសម្បទានជាង១.០០០ហិកតា។ គម្រោងប្រកបដោយមហិច្ឆតានេះ កំពុងត្រូវបានអនុវត្ត បន្ទាប់ពីកិច្ចព្រមព្រៀង ឥណទាន៦៩២,៥៥លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខារវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមហ៊ុន Monsoon Wind Power Company។យោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃពុធ  ទី១០ ខែឧសភា ថា ក្រុមហ៊ុនផ្តល់ដំណោះស្រាយថាមពលកកើតឡើងវិញឈានមុខគេ នៅអាស៊ី Energy Asia Development (IEAD) ដែលចុះបញ្ជីនៅប្រទេសថៃ គឺជាអ្នកអភិវឌ្ឍគម្រោង Monsoon Wind Power។

ដោយមានភូមិសាស្ត្រ ស្ថិតនៅតំបន់ភ្នំនៃខេត្តសេកុង (Sekong) និងខេត្តអាត់តៈពឺ (Attapeu) ដែលមានកម្ពស់ពី១.០០០ម៉ែត្រទៅ១.៦០០ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ គម្រោងនេះរំពឹងថា នឹងបញ្ចប់ការសាងសាង់នៅឆ្នាំ២០២៥ ហើយត្រូវបានចុះកិច្ចសន្យានាំចេញអគ្គិសនីទៅកាន់ប្រទេសវៀតណាម សម្រាប់រយៈពេល២៥ឆ្នាំ។

បច្ចុប្បន្នប្រទេសឡាវ មានគម្រោងថាមពលវារីអគ្គិសនីរហូតដល់ទៅ៨១ គម្រោងថាមពលសូឡាចំនួន៨ គម្រោងជីវម៉ាស់ចំនួន៤ គម្រោងថាមពល ទាញចេញពីកម្តៅក្នុងផែនដីចំនួន១ ជាមួយនឹងថាមពលដំឡើង សរុបចំនួន១១.៦៦១មេហ្គាវ៉ាត់ (MW) និងផលិតអគ្គិសនីប្រចាំឆ្នាំ បានប្រមាណ៥៨.៨១៣គីឡូវ៉ាត់ម៉ោង (KWh)៕ Laotian Times៕

រដ្ឋបាលខេត្តព្រះសីហនុកំពុងព្យាយាមរកដំណោះស្រាយ បញ្ហាបុរីវីអាយភី

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន អភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយសម្របសម្រួ​លករណីវិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន បុរី វីអាយភី ពាក់ព័ន្ធការអនុវត្តកិច្ចសន្យាទិញ-លក់ផ្ទះ មានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីជម្រុញការរកដំណោះស្រាយបញ្ហារបស់បុរី វីអាយភី ដែលបានធ្វើការសាងសង់ផ្ទះ និងលក់ជូនអតិថិជននៅពេលកន្លងទៅ។

ដោយមានបញ្ហាវិបត្តិជាបន្តបន្ទាប់ ធ្វើឱ្យបងប្អូនអតិថិជនបាត់​បង់ទំនុកចិត្តដល់ម្ចាស់បុរី ហើយម្ចាស់បុរី មានការពាក់ព័ន្ធជាមួយម្ចាស់បំណុលផ្សេងទៀតថ្ងៃនេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំ សម្រុះសម្រួលឱ្យមានការឯកភាពគ្នា រវាងភាគីម្ចាស់បំណុល និងក្រុមហ៊ុន បុរី វីអាយភី ដើម្បីបន្តការសាងសង់ជូនអតិថិជន។

រដ្ឋបាលខេត្តព្យាយាមរកបញ្ហាប្រឈម ដើម្បីរកដំណោះស្រាយជូនបងប្អូនអតិថិជន ភាគីម្ចាស់ បំណុល និងក្រុមហ៊ុន ថ្ងៃនេះ រដ្ឋបាលខេត្ត ចង់ដឹងពីភាគីម្ចាស់បំណុលណាមួយ ដែលស្ម័គ្រចិត្តចូលរួមសហ ការសាងសង់សំណង់បុរីនេះ បន្តជូនបងប្អូនអតិថិជន។

តាមលិខិតអនុញ្ញាតសាងសង់ ម្ចាស់សំណង់គ្រោងសាងសង់ផ្ទះ ល្វែងសរុបចំនួន៤០០៥ល្វែង និងអគារចំនួន៨ តាមការពិនិត្យជាក់ស្តែង ម្ចាស់សំណង់សាងសង់បានចំនួន១៤៣៨ល្វែង ហើយម្ចាស់ផ្ទះបានបន្តសាងសង់ខ្លួនឯងចំនួន៣៨ល្វែង។អង្គប្រជុំបានធ្វើការបូកសរុប និងសម្រេចដូចជា

ទី១-ស្នើឱ្យភាគីម្ចាស់បំណុលទាំងអស់ ត្រូវដោះស្រាយជាអាទិភាពតែបំណុល ដែលពាក់ព័ន្ធនឹងក្រុមហ៊ុន បុរី វីអាយភី ក្នុងខេត្តព្រះសីហនុ កុំទាន់យកបំណុលផ្សេងដែលមិនពាក់ព័ន្ធមកបូកបញ្ចូលគ្នា

ទី២-ម្ចាស់បំណុលទាំងបីយល់ព្រមសហការ បន្តវិនិយោគសាងសង់សំណង់បុរី ដើម្បីដោះស្រាយជូនអតិថិជន ប៉ុន្តែផ្តល់អាទិភាពជូនលោកជំទាវ សេង រួចលាង ជាអ្នកបន្តគម្រោងសាងសង់។

ទី៣- ជូនលោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំក្រុមការងារចុះពិនិត្យ ទីតាំងដីក្រុមហ៊ុន បុរី វីអាយភី ជាមួយម្ចាស់បំណុល ដោយមានការចូលរួមពីរដ្ឋបាលស្រុកព្រៃនប់ ភាគីក្រុមហ៊ុន បុរី វីអាយភី និងតំណាងប្រជាពលរដ្ឋ ចាប់ពីថ្ងៃស្អែកតទៅ៕

 

គំរោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ព្រែកប្រា ឆ្ពោះទៅផ្លូវ៥០ម៉ែត្រស្ថិតក្នុងផែនការអាទិភាព

        ដោយៈគង់ សូរិយា

        ភ្នំពេញៈ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានឲ្យដឹងថា ស្ពានឆ្លងកាត់ទន្លេបាសាក់នៅតំបន់ព្រែកប្រា តភ្ជាប់ទៅកាន់ផ្លូវ៥០ម៉ែត្របាន និងកំពុងស្ថិតក្នុងគំរោងអាទិភាព។

លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា គំរោងស្ពាននេះ ស្ថិតក្នុងផែនការអាទិភាព ខណៈស្ពា​នឆ្លងកាត់ទន្លេសាប ទៅកាន់ស្រុកកំពង់លែង និងតភ្ជាប់ទៅកាន់ខេត្តកំពង់ធំនឹងសាងសង់នាពេលក្រោយ។

លោកបន្តថា “ស្ពាននេះស្ថិតក្នុងផែនការអាទិភាព ប៉ុន្តែរហូតមកទល់ពេលនេះ ខ្ញុំមិនទាន់ទទួលបានព៌តមានថាស្ពានព្រែកប្រានេះ នឹង​ចាប់ផ្តើមសាងសង់នាពេលណាឡើយ”។

លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា រហូតមកទល់

ខេត្តព្រះសីហនុត្រៀមរៀបចំពិព៌ណកង់រថយន្តនិងត្រៀមសម្ភោធរោងចក្រតម្លៃ៣០០លានដុល្លារជាលើកដំបូង

ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ ខេត្តព្រះសីហនុ ត្រៀមរៀបចំពិព៌ណកង់រថយន្ត និងសម្ភោធរោងចក្រផលិតកង់រថយន្តនាពេលខាងមុខនេះ។

អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន និងលោកទេស រុក្ខាផល អគ្គលេខាធិការគណកម្មការជាតិដោះស្រា​យបាតុកម្ម កូដកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលជិជ្ជាជីវៈ អញ្ជើញចុះពិនិត្យទីតាំងរៀបចំ សំណេះសំណាលជាមួយកម្មករ និយោជិត និងពិនិត្យទីតាំងរោងចក្រផលិត សំបកកង់រថយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលគ្រោង និងរៀបចំពិពរណ៌ និងសម្ពោធរោងចក្រផលិត សំបកកង់រថយន្តរបស់ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី (ខេមបូឌា) ឯ.ក នៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំងក្រុងព្រះសីហនុ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ខាងមុខ ។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យក្រុមហ៊ុន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទី១.រៀបចំឈូសឆាយដីទីតាំងឱ្យបានរាបស្មើ ដោយឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ត្រីមន្ទីរដែនដីខេត្ត សហការជាមួយតំបន់សេសកិច្ចពិសេស ដើម្បីឈូសឆាយដីកន្លែងប្រារព្ធពិធី សំណេះសំណាលជាមួយកម្មករ និយោជិតរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ រួចបន្តពិនិត្យរោងចក្រផលិតកង់រថយន្ត ដំបូងគេនៅខេត្តព្រះសីហនុ ដែលមានទុនវិនិយោគ៣០០លានដុល្លាអាមេរិក ម្យ៉ាងទៀត ដើម្បីអបអរសាទរខួប១៥ឆ្នាំ នៃដំណើរការរបស់តំបន់សេដ្ឋកិច្ចពិសេសនៅលើទឹកដីខេត្តព្រះសីហនុ ។

អភិបាលខេត្តបានបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមីនា ២០២៣កន្លងមក ខ្ញុំបានដឹកនាំប្រតិភូខេត្ត មកពិនិត្យដំណើរការចង្វាក់ផលិត​កម្មរបស់រោងចក្រផលិត សំបកកង់រថយន្តម្តងរួចមកហើយ ក្រុមហ៊ុនបានសន្យារៀបចំ ចង្វាក់ផលិតកម្មបានទាន់ពេលវេលា ដើម្បីរៀបចំកាត់ខ្សែបូរសម្ពោធជាផ្លូវការ និងកម្មវិធីពិពរណ៍ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនាពេលនេះ ផ្តោតសំខាន់លើចំណុចចំនួន ៣ ទី១.ការរៀបចំសំណេះសំណាលជាមួយកម្មករ និយោជិត ទី២.ទស្សនាពិពរណ៌តំបន់សេដ្ឋកិច្ចពិសេស និងទី៣.សម្ពោធរោងចក្រផលិតសំបកកង់រថយន្តធំជាងគេនៅខេត្តព្រះសីហនុ។ ព្រមទាំងបានធ្វើការណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ត្រីដែនដីខេត្ត សហការជាមួយក្រុមហ៊ុនសេដ្ឋកិច្ចពិសេស ឈូសឆាយទីលានសំណេះសំ​ណាលឱ្យបានរៀបស្មើ ព្រោះកម្មវិធីសំណេះសំណាលនេះ មានកម្មករ និយោជិតចូលរួមជាង២០,០០០នាក់ ទាមទាមរៀបចំទីលានឱ្យបានធំទូលាយ ធានាបាននូវផាសុភាពអ្នកចូលរួម ត្រូវបើកច្រកឱ្យបានច្រើនទាំងច្រកចេញចូល ទន្ទឹមនោះ ត្រូវគិតគូរពីអាកាសធាតុ ដែលអាចបង្កផលប៉ះពាល់នៅពេលភ្លៀង ខ្យល់ សុទ្ធតែជាកង្វល់របស់យើងទាំងអស់គ្នា។

ជាមួយគ្នានេះ លោកទេស រុក្ខាផល អគ្គលេខាធិការគណៈកម្មការជាតិដោះស្រាយបាតកម្ម កូដកម្ម នៃក្រសួងការងារនិងបណ្តុះបណ្តាលជិជ្ជាជីវៈ បានគាំទ្រចំណាត់ការណែនាំ របស់លោកអភិបា​ល​ខេត្ត ក្នុងការរៀបចំជួបជុំកម្មករ និយោជិតជាង២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

លោកបន្តថា “នេះក៏ជាការជួបជុំកម្មករយ៉ាងច្រើន មិនដែលធ្លាប់មានបែបនេះ យើងធ្លាប់ធ្វើការជួបជុំកម្មករ និយោជិតត្រឹមតែ១៦ ០០០នាក់នៅស្វាយរៀង”។លោកបន្តថា “បើយើងមិនបានរៀបចំឱ្យបានមុននោះទេ វានឹងមានពិបាកក្នុងការគ្រប់គ្រង ដូច្នេះកិច្ចប្រជុំនាពេលនេះ គឺរួមគ្នាធ្វើផែនការ ដើម្បីឱ្យដំណើរការកម្មវិធីសំណេះ​សំណាលជាមួយកម្មករ និយោជិតនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៣ខាងមុខនេះ ប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក សុំឪ្យអាជ្ញាធរពាក់ព័ន្ធចូលរួមសហការឱ្យបានផុលផុស ដើម្បីឪ្យកម្មវិធីរបស់យើងប្រព្រឹត្តិទៅទទួលបានលទ្ធផលល្អតាមការគ្រោងទុក”៕