ក្រុមការងារជំនាញកំពុងធ្វើការយ៉ាងសកម្មដើម្បីដោះស្រាយអាគារចំនួនជាង១០០០ដែលជាប់គាំងនៅខេត្តព្រះសីហនុ

 ដោយៈ ច្រាយ ចំណាន

       ភ្នំពេញៈ លោកឃាង ភារម្យអ្នកនាំពាក្យរដ្ឋបាល ខេត្តព្រះសីហនុបានអះអាងថា ក្រោយពីរាជរដ្ឋាភិបាល បង្កើតក្រុមការងារគណៈកម្មាធិការអន្តរក្រសួងដោះស្រាយគម្រោង អគារជាប់គាំងខេត្តព្រះសីហនុ ដែលមានការសម្របសម្រួលដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងធ្វើការងារយ៉ាងសកម្មក្នុង​ការរៀប​ចំផែនការ វិធានការ ក៏ដូចជាយន្តការក្នុងការដោះស្រាយគម្រោងវិនិយោគទាំងអស់នោះ។

លោកបានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា “គណៈកម្មាធិការអន្តរក្រសួង បានរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ ដើម្បីដាក់ចេញ ក៏ដូចជាស្វែងរកដំណោះស្រាយ”។ លោកបន្តថា “ខ្ញុំគិតថា នឹងអាច​ដំណើរការក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ ហើយរដ្ឋបាលខេត្តក៏កំពុងរង់ចាំកិច្ចដំណើរការចាប់ផ្តើម​ដោះស្រាយ​បញ្ហា ​ដែលកើតមាននៅក្នុងខេត្តព្រះសីហនុរបស់យើង

ញ្ហាអគារជាប់គាំងដែលមានការប៉ាន់ស្មាន ប្រមាណ១ពាន់អគារនៅខេត្តព្រះសីហនុ កំពុងក្លាយជារូបភាពអវិជ្ជមាន ​ក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឱ្យមកបោះទុនវិនិយោគ ក្នុងវិស័យអចលនទ្រព្យនៅ​ខេត្តជាប់មាត់​សមុទ្រមួយនេះ។

លោកជា កុកហុងប្រធានលេខាធិការដ្ឋាន សម្របសម្រួលរៀបចំផែនការមេខេត្តព្រះសីហនុ ដើម្បីប្រែក្លាយខេត្តនេះជាតំបន់សេដ្ឋកិច្ចពហុបំណងបានមានប្រសាសន៍ថា ភាពយឺតយ៉ាវក្នុងការដោះស្រាយបញ្ហានេះ ដោយសារភាគីម្ចាស់ទីតាំង និងក្រុមហ៊ុនអភិវឌ្ឍខ្វះការសម្បទាន ឱ្យគ្នាទៅវិញទៅមក ដែលអាចមកពីការមិនយល់ច្បាស់ ពីស្ថាន​ភាព​សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។

លោកបានមានប្រសាសន៍ថា កាលពីខែតុលា ឆ្នាំ ២០២២ រាជរដ្ឋាភិបាល បានចេញ ស.ជ.ណ មួយចង្អុលបង្ហាញដល់ក្រសួងសេដ្ឋកិច្ច ក្រសួងរៀបចំដែនដី ក្រសួងយុត្តិធម៌ និងក្រសួងទេសចរណ៍ ឱ្យបង្កើត​គណៈកម្មាធិការ សិក្សារៀបចំដំណោះស្រាយជាកញ្ចប់ ទៅលើបញ្ហាជាប់គាំងអគារជាង ១ពាន់នៅខេត្តព្រះសហនុ។

គិតមកដល់ពេលនេះ ស្ថាប័នពាក់ព័ន្ធ បានធ្វើការដោះស្រាយតាមលំដាប់លំដោយ ដូចជា ច្បាប់សាងសង់ វិវាទក្រៅប្រព័ន្ធតុលាការ លើកទឹកចិត្តពន្ធដារ ដើម្បីយកទៅអភិវឌ្ឍអគារ ដែលកំពុងជាប់គាំងទាំងអស់ និងទាក់ទាញអ្នកធុរកិច្ចផ្សេងៗ។

លោកជា កុកហុងបានបញ្ជាក់ថា “ក្រុមការងារបាន និងកំពុងទាក់ទាញអ្នក​វិនិយោគិន​ថ្មី ឱ្យចូលទៅអភិវឌ្ឍនៅខេត្តព្រះសីហនុ”។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកវង្សី វិស្សុត បានសង្កត់ធ្ងន់ថា ការជាប់គាំងអគារជាច្រើន នៅខេត្តព្រះសីហនុនេះ កើតឡើងដោយសារការវិនិយោគ​ពុំមានក្របខណ្ឌស្ថាប័នគ្រប់គ្រងច្បាស់លាស់។

លោកបន្តដូច្នេះថា “ទោះជាការវិនិយោគរបស់ឯកជនក៏ដោយ ប៉ុន្តែនៅពេលមានបញ្ហា មិនមែនឯកជនមកដោះស្រាយឯណា គឺរដ្ឋជាអ្នកដោះស្រាយ។លោកបន្តថា បញ្ហានេះជាបន្ទុករបស់រដ្ឋ ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប ព្រោះរដ្ឋាភិបាលនឹងត្រូវយកចំណូល បានពីការប្រមូលពន្ឋរបស់ប្រជាពលរដ្ឋ ដើ់ម្បីដោះស្រាយបញ្ហានេះ៕

អ្នកវិនិយោគក្នុងស្រុកបោះទុនសាងសង់បុរីYCG ចូលរួមពង្រីក សក្តានុពលខេត្តកោះកុង

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ អ្នកអភិវឌ្ឍន៍ក្នុងស្រុក បានចាប់យកសក្តានុពល និងឱកាសវិនិយោគនៅខេត្តកោះកុង ដែលជាខេត្តធ្លាប់ដាច់ស្រយាលមួយ ប៉ុន្តែបច្ចុ​ប្បន្នខេត្តនេះមានការអភិវឌ្ឈលឿន និងជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ។

សាងសង់ឡើងលើទំហំដី៣ហិកតា បុរីYCG បាននិងកំពុងទទួលបាន​ការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ ដោយសារបុរីនេះ សាងសង់ជាមួយរចនាបទម៉ូតផ្ទះសហសម័យ ដែលអ្នកអភិវឌ្ឍន៍ផ្តោតលើគុណភាព សោភ័ណភាព និងប្រណីតភាព។

លោកតាំង ទិត្យសុវណ្ណអគ្គនាយកបុរីYCGបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៣ កុម្ភៈកន្លងមកថា ដោយបានសិក្សាពីសក្តានុពល និងតម្រូវការរបស់អតិថិជនច្បាស់លាស់ ក្រុមហ៊ុនបានសម្រេចចិត្តសាងសង់ផ្ទះ ជាង២០០ ដែលផ្ទះមានច្រើនប្រភេទដូចជា ប្រភេទផ្ទះអាជីវកម្មទំនើប link house , shop house ដែលស្ថិតនៅទីតាំងអាចរស់នៅបានផង និងប្រកបអាជីវកម្មផង។

បុរីYCG មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។

លោកតាំង ទិត្យសុវណ្ណបានបន្តថា ដោយសារតម្រូវការ និងការចាប់អារម្មណ៍ខ្ពស់ពីប្រជាពលរដ្ឋ សព្វថ្ងៃក្រុមហ៊ុនបានសាងសង់ គម្រោងបានបើកលក់ចំនួន២ប្លុក និងលក់បានតាមផែនការ ដែលបានដាក់ចេញដោយក្រុមហ៊ុន។ លោកបន្តថា ការសាងសង់គម្រោងនេះ គ្រោងបញ្ចប់ការសាងសង់ទៅតាមដំណាក់កាលជាក់ស្ដែង អាស្រ័យលើមូលដ្ឋានសេដ្ឋកិច្ចជាតិនិងអន្តរជាតិ។

លោកបន្តថា បុរីYCG ត្រូវបានសាងសង់នៅទីតាំងមួយ ដែលមានភូមិសាស្រ្តល្អបំផុតនាពេលបច្ចុប្បន្ន ដែលលាទសន្ធឹងជាប់ព្រំដែនសមុទ្រ និងព្រំដែនថៃ។ ការអភិវឌ្ឍលូតលាស់ហូរហែរ ភ្ជាប់ទៅនឹងខ្សែរផ្លូវល្បឿនលឿន ផែស្ងួតផែទឹក និងជាទីក្រុងគុជនាថ្ងៃខាងមុខ។ អតិថិជនដែលជាអ្នកប្រកបអាជីវកម្មផ្ទាល់ នៅក្នុងតំបន់នោះដែលមានលទ្ធភាព។

បុរីYCGបានដាក់លក់ក្នុងតម្លៃពិសេស ចាប់ពីជាង៧ម៉ឺនដុល្លារអាមេរិកឡើងទៅ ជាមួយនឹងលក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួលសម្រាប់អតិថិជន៕

  

លោកឌិន សុមេធារិទ្ឋចែករំលែកគន្លឹះសំខាន់ៗចំនួន៧ពីការរៀបចំផែនការអភិវឌ្ឍន៍

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ជាប្រធានសមាគមសណ្ឋាគារ ដោយមានសណ្ឋាគារផ្ទាល់ខ្លួនចំនួន៧ ទីតាំង និងជាម្ចាស់គំរោងអភិវឌ្ឍន៍រមណីយដ្ឋាន ភូមិផ្កាត្រកួន និងគំរោងបុរីមង្គលវីឡា លោកឌិន សុមេធារិទ្ឋត្រូវបានគេស្គាល់ជាសហគ្រិនជោគជ័យមួយរូប។

លោកតែងតែចែករំលែកគន្លឹះពីភាពជាអ្នកដឹកនាំ គន្លឹះជោគជ័យក្នុងមុខជំនួញ ការដឹកនាំអាជីវកម្ម និងផែនការជីវិតជាដើម។

នៅថ្ងៃនេះគេហទំព័រPropertyarea.asia សូមលើកយកនូវគន្លឹះថ្មីសំខាន់ៗចំនួន៧ចំណុច ដែលលោកបានចែករំលែកពីគន្លឹះ សម្រាប់ការងារអភិវឌ្ឍន៍។

គន្លឹះសំខាន់ៗទាំង៧នោះរួមមានដូចជា ទី១- ធ្វើផែនការមេ ទី២- ធ្វើប្លង់មេ ប្លង់បច្ចេកទេស និងប្លង់លំអិត ទី៣- ស្វែងរកប្រភពធនធាន នៃការអភិវឌ្ឍន៍។ ទី៤- អនុវត្តផែនការ តាមផែនការមេ និងប្លង់មេ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ទី៥- កែសម្រួលប្លង់ និងផែនការ ទៅតាមភាពចាំបាច់ និងជាក់ស្តែង។ ទី៦- ត្រួតពិនិត្យ និងវាយតំលៃ សកម្មភាពការងារ និងសមិទ្ធផល និងទី៧- ដកស្រង់បទពិសោធន៍ការងារ ដើម្បីស្វែងរកភាពប្រពៃ៕

សៀវភៅ អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិតសុខគង់នឹងចែកជូនសាធារណៈជននៅខេត្តចំនួន៨ដោយគិតថ្លៃ

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ដោយសារមានសំណើរច្រើនពីបងប្អូន នៅតាមបណ្ដាខេត្តដែលចាប់អារម្មណ៍ចង់អាន និចង់ឈ្វេងយល់ពីសៀវភៅ “អាថ៌កំបាំងពីក្រោយភាពជោគជ័យ របស់អ្នកឧកញ៉ាបណ្ឌិតសុខគង់” និងដើម្បីសម្រួលដល់ការធ្វើដំណើរ ក្រុមហ៊ុននឹងបញ្ជូនសៀវភៅមួយចំនួន ទៅកាន់បណ្ដាខេត្តចំនួន៨ ដើម្បីចែកជូនដោយគិតថ្លៃ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុនសូគីមិច បានឱ្យដឹងថាការចែកជូនសៀវភៅ ដែលជាស្នាដៃនិពន្ធរបស់អ្នកឧកញ៉ាសុខ គង់នឹងចែកជូនចំនួន១០០ក្បាលក្នុងមួយខេត្ត សរុបទាំងអស់៨០០ក្បាល ហើយប្រជាពលរដ្ឋដែលចង់បានសៀវភៅពី ក្រុមការងារអាចទំនាក់ទំនងតាមបណ្ដាខេត្តនីមួយៗក្នុងនោះ ៖

១.ខេត្តសៀមរាប នឹងចែកជូននៅសណ្ឋាគារសុខាអង្គរ អាចទាក់ទងតាមទូរសព្ទ 097 561 6159។

២.ខេត្តព្រះសីហនុ ចែកជូននៅសណ្ឋាគារឆ្នេរសុខា អាចទាក់ទងតាមទូរសព្ទលេខ 097 561 6130 ។

៣. ខេត្តកណ្ដាល ចែកជូននៅស្ថានីយប្រេងសូគីមិចផ្សារដើមមៀន ក្រោយសាលាខេត្តកណ្ដាល អាចទាក់ទងតាមរយៈលេខ097 562 6260។

៤. ខេត្តព្រៃវែង ចែកជូននៅស្ថានីយប្រេងសូគីមិច ជាប់បេនឡានទីរួមខេត្ត ទាក់ទងតាមរយៈលេខ 088 262 6225។

៥. ខេត្តកំពង់ចាម ចែកជូននៅស្ថានីយប្រេងសូគីមិច ក្រោយមន្ទីរពេទ្យមេគង្គ អាចទាក់ទងតាមលេខ 088 555 8205។

៦.ខេត្តពោធិ៍សាត់ ចែកជូននៅស្ថានីយប្រេងសូគីមិច ទល់មុខសណ្ឋា​គារសេនជូរី អាចទាក់ទងតាមលេខ 088 562 6241 ។

៧. ខេត្តបាត់ដំបង ចែកជូននៅស្ថានីយប្រេងសូគីមិចផ្លូវលេខ៣ ទល់មុខវិទ្យាល័យព្រះមុនីវង្ស ទាក់ទងតាមរយៈលេខ 088 562 6288។

៨. ខេត្តកំពត ចែកជូននៅស្ថានីយប្រេងសូគីមិចកំពត ជិតរង្វងមូលទុរេន អាចទាក់ទងតាមរយៈលេខទូរសព្ទ 088 564 6402 ៕

តម្លៃដីនៅទីក្រុងបាងកកហក់ឡើងដល់ទៅ៧៥ភាគរយ នៅក្នុង រយៈពេលប៉ុន្មានឆ្នាំនេះ

ដោយ: គង់ លាងហួរ

បាងកក: លោក Saenphin Sukhee នាយកប្រតិបត្តិនៃក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន Frasers Property Home (Thailand) បានមានប្រសាសន៍ថា តម្លៃដីនៅទីក្រុងបាងកក នៅតែបន្តកើនឡើង ក្នុងកំណើនជាមធ្យមចន្លោះពី៧០ 2    `ទៅ៧៥ភាគរយ។

លោកបានបន្តថា “ផ្លូវល្បឿនលឿនថ្មី បានធ្វើឱ្យតម្លៃដីហក់ឡើងថ្លៃស្ទើរតែទ្វេរដង”។

នៅទីតាំងមួយចំនួនដូចជាផ្លូវ Hathairat តម្លៃដីកើនឡើងជាង៣ដង ពី២ទៅ៣លានបាតដល់១០លានបាត ក្នុងទំហំ១៦០០ម៉ែត្រការ៉េ បន្ទាប់ពីការបញ្ចប់នៃផ្លូវល្បឿនលឿន នៅលើផ្លូវ Chatu Chot ។

យោងតាមនាយកដ្ឋានទិញយកដី និងអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុន Frasers បានឱ្យដឹងថា ផ្លូវល្បឿនលឿនថ្មីនេះ បានជំរុញឱ្យតម្លៃដីនៅភាគខាងលិចទីក្រុងបាងកក កើនឡើងជាមធ្យម៨១ភាគរយ ដែលតម្លៃដីនៅទីតាំង Rama 2-Bang Bon មានការកើនឡើង៩៨ភាគរយ ហើយតម្លៃដីនៅ Suksawat-Pracha Uthit បានកើនឡើង៦៣ភាគរយ។

ការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ពីទីក្រុងបាងកកទៅកាន់បណ្តាខេត្តភាគខាងលិច បានជំរុញឱ្យតម្លៃដីនៅតំបន់ Pin Klao-Ratchaphruek និងRattanathibet-Chaiyaphruek កើនឡើងចន្លោះពី៦៤ទៅ៦៥ភាគរយ។

តម្លៃដីនៅតំបន់ Kaset-Ram Intra និង Watcharapol-Sai Mai បានកើនឡើង៦០ភាគរយ និង៤៤ភាគរយរៀងៗគ្នា ដែលបណ្តាលមកពីការពង្រីកផ្លូវរថភ្លើងក្រោមដី។

តម្លៃដីនៅភាគខាងកើតទីក្រុងបាងកក បានកើនឡើងជាមធ្យម៩២ភាគរយ ដោយសារតែមានការប្រកួតប្រជែង ក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានមានកម្រិតខ្ពស់។

លើសពីនេះទៀត តម្លៃដីនៅតំបន់ Ramkhamhaeng-On Nut មានការកើនឡើងខ្ពស់បំផុតរហូតដល់១៣៨ភាគរយ។

លោក Saenphin បាន​មាន​ប្រសាសន៍​បន្ថែមថា “តម្លៃ​ដី​ពិត​ប្រាកដ​បាន​កើន​ឡើង​លើស​ពី​តម្លៃ​ដី​ ដែល​គេ​វាយ​តម្លៃ ហើយស្ថាប័ន​ហិរញ្ញវត្ថុ​មិន​អាច​តាម​ទាន់​ការ​កើន​ឡើង​នោះ​ទេ”៕

វិស័យសេវាកម្មរបស់ប្រទេសចិនងើបឡើងវិញជាលើកដំបូង ក្នុងខែមករា

ដោយ: គង់ លាងហួរ

ប៉េកាំង: យោងតាមការស្ទង់មតិរបស់វិស័យឯកជន បានបង្ហាញថា វិស័យសេវាកម្មរបស់ប្រទេសចិន ក្នុងខែមករាបានកើនឡើងជាលើកដំបូង ក្នុងរយៈពេល៥ខែ ដោយសារកំណើននៃការចំណាយ និងការធ្វើដំណើរ។

សន្ទស្សន៍អ្នកគ្រប់គ្រងការទិញសេវាកម្មរបស់ Caixin/S&P Global បានកើនឡើងដល់៥២,៩ ក្នុងខែមករា ធៀបនឹង៤៨ក្នុងខែធ្នូ ឆ្នាំ២០២២។

ការលុបចោលវិធានការសូន្យកូវីដ១៩ ជាបន្ទាន់របស់ទីក្រុងប៉េកាំង និងការឆ្លងរាលដាលលឿនជាងការរំពឹងទុក ដែលជំរុញឱ្យមានតម្រូវការសេវាកម្ម ជាពិសេសក្នុងអំឡុងពេលថ្ងៃឈប់សម្រាក បុណ្យចូលឆ្នាំចិនពេញមួយសប្តាហ៍ បានកំណត់ដំណាក់កាល សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចយ៉ាងលឿន និងពេញលេញ។

ការប្រារព្ធពិធីបុណ្យចូលឆ្នាំចិននៅឆ្នាំនេះ គឺជាលើកដំបូងហើយ ក្នុងរយៈពេល៣ឆ្នាំ ដោយគ្មានការទប់ស្កាត់ទម្រង់ណាមួយឡើយ។

ប្រទេសចិនបានបោះបង់ចោល គោលនយោបាយសូន្យកូវីដ១៩ដ៏តឹងរឹងរបស់ខ្លួន កាលពីដើមខែធ្នូ ដែលអនុញ្ញាតឱ្យប្រជាជនអាចធ្វើដំណើរចេញក្រៅឡើងវិញ បន្ទាប់ពីផ្ទុះការតវ៉ាប្រឆាំង នឹងវិធានការរបស់រដ្ឋាភិបាលនេះ។

លោក Wang Zhe សេដ្ឋវិទូជាន់ខ្ពស់នៃក្រុមហ៊ុន Caixin Insight Group បានមានប្រសាសន៍ថា “បន្ទាប់ពីរងការវាយប្រហារដោយរលកចុងក្រោយនៃជំងឺកូវីដ ការងារសេដ្ឋកិច្ចគួរតែផ្តោតលើ ការពន្លឿនការស្តារសេដ្ឋកិច្ច និងការលើកកម្ពស់ផលិតកម្មធម្មតា និងសណ្តាប់ធ្នាប់សង្គម”។

ការបើកដំណើរការឡើងវិញរបស់ប្រទេសចិន ក៏បានជំរុញការនាំចេញសេវាកម្មផងដែរ ដោយសន្ទស្សន៍រងនៃការបញ្ជាទិញ និងនាំចេញថ្មី បានកើនឡើងក្នុងខែមករា បើធៀបនឹងការធ្លាក់ចុះ នៅក្នុងខែធ្នូ ឆ្នាំ២០២២។

កាល​ពី​ខែ​មករាកន្លងទៅ បណ្តាក្រុមហ៊ុន ​ដែល​ត្រូវបាន​គេស្ទង់​មតិ​ បាន​អះអាងថា “ពួកគេ​បាន​ជួប​ប្រទះ ​នឹង​ការ​កើន​ឡើង​នៃ​ថ្លៃ​ថាមពល វត្ថុធាតុដើម និងការ​កាត់​បន្ថយ​បុគ្គលិក”។

ទោះជាយ៉ាងនេះក្តី ក្រុមហ៊ុនទាំងនោះ នៅតែមានសុទិដ្ឋិនិយមអំពីទស្សនវិស័យនៃការស្តារឡើងវិញ សម្រាប់រយៈពេល១២ខែខាងមុខ បន្ទាប់ពីទីក្រុងប៉េកាំង លុបចោលវិធានការសូន្យកូវីដរបស់ខ្លួន។

លោក Wang បានបន្ថែមថា “ការកែលម្អការរំពឹងទុក ការស្ដារឡើងវិញនូវទំនុកចិត្ត ការបង្កើនប្រាក់ចំណូល ការពង្រីកការប្រើប្រាស់ និងការជំរុញតម្រូវការក្នុងស្រុក នឹងស្ថិតក្នុងចំណោមអាទិភាពជាច្រើនផងដែរ”៕

ក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់កម្ពុជា និងចិនរួមគ្នាចែករំលែករបៀបរកស៊ីក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា

ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ កាន់តែមានសញ្ញាវិជ្ជមាន នៃការវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្រោយពីប្រទេសចិនបានប្រកាស ពីការបើកប្រទេសបើកទូលាយឱ្យវិនិយោគិន និងទេសចរចេញចូលដោយសេរីឡើងវិញ។

ជាក់ស្ដែងក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុក និងក្រុមហ៊ុនអចលនទ្រព្យរបស់ប្រទេសចិន បានចាប់ផ្ដើមសហការគ្នា ក្នុងការបង្ហាញពីសក្ដានុពល និងពីរបៀបរកស៊ី លើវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន Lucky Realty ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុនអចលនទ្រព្យមួយ មកពីប្រទេសចិនបានប្រកាសថា ខ្លួននឹងធ្វើសិក្ខាសាលាធំមួយ និយាយពីរបៀបរកស៊ីក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា ដែលសិក្ខាសាលានេះ នឹងធ្វើឡើងនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៣ខាងមុខនេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ ( CKCC ) ។

លោកឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុន Lucky Realty បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៣ កុម្ភៈថា គោលបំណងនៃការធ្វើសិក្ខាសាលានេះ គឺដើម្បីផ្សារភ្ជាប់រវាងអ្នករកស៊ី ក្នុងប្រទេសកម្ពុជា និងអ្នកវិនិយោគមកពីប្រទេសចិន។ បច្ចុប្បន្ននេះទំនាក់ទំនងរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរមានភាពល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ។ ដូច្នេះក្នុងនាមជាអ្នករកស៊ីក្នុងប្រទេសកម្ពុជា ក៏ចង់ឱ្យមានទំនាក់ទំនងល្អ រវាងអ្នករកស៊ីក្នុងប្រទេសកម្ពុជា និងអ្នករកស៊ីក្នុងប្រទេសចិនផងដែរ។

លោកបន្តថា កន្លងមកប្រជាជននៃប្រទេសកម្ពុជា យើងមួយចំនួន នៅមិនទាន់បានយល់ដឹងស៊ីជម្រៅ ទូលំទូលាយនៅឡើយ ពីវិនិយោគិនជនជាតិចិន ដូច្នេះដើម្បីឱ្យពួកគាត់យល់កាន់តែច្បាស់ យើងត្រូវមានការផ្សារភ្ជាប់រវាងប្រជាជនចិន និងប្រជាជនកម្ពុជា និងអាចយល់ពីគ្នាកាន់តែច្បាស់នោះ នឹងធ្វើឱ្យទំនាក់ទំនង នៃការរកស៊ីរបស់យើង កាន់តែល្អប្រសើរបន្ថែមទៀត  ។

នៅក្នុងសិក្ខាសាលានេះ នឹងមានការបកស្រាយលម្អិតពីលោកឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យLucky Realty និងលោក Char Lyu នាយកប្រតិបត្តិ នៃក្រុមហ៊ុនអចលនទ្រព្យមកពីប្រទេសចិន Ming Sheung Landmark ដោយផ្ដោតទៅលើប្រធានបទសំខាន់ៗដូចជា៖

១. ស្វែងយល់ពីអត្តចរិត និងរបៀបរកស៊ីក្នុងវិស័យអចលនទ្រព្យរបស់ជនជាតិចិន។ ២.របៀបទិញដីរបស់អ្នកវិនិយោគិនចិន ។ ៣.របៀបលក់ដីរបស់អ្នកវិនិយោគចិន ។ ៤. របៀបសង់គម្រោងរបស់អ្នកវិនិយោគចិន ។

៥.របៀបលក់គម្រោងរបស់វិនិយោគិនចិន ទី៦.របៀបរកដៃគូសហការជាមួយវិនិយោគិនចិន។ ទី៧.របៀបធ្វើការជាមួយវិនិយោគិនចិន ទី៨. រៀបចាត់ចែងបុគ្គលិករបស់វិនិយោគិនចិន និងទី៩. ការយល់ឃើញពីអនាគតក្នុងវិស័យអចលនទ្រព្យ របស់វិនិយោគិនក្នុងប្រទេសកម្ពុជា៕

 

រដ្ឋបាលខេត្តកោះកុងទុកពេល៥ថ្ងៃដល់អ្នកលួចសង់ខ្ទមលើដីរដ្ឋនិងដីក្រុមហ៊ុនហ្គ្រីនរិចគ្រុបឱ្យចាកចេញ

  ដោយៈ សុផារី

កោះកុងៈ រដ្ឋបាលខេត្តកោះកុង បានសម្រេចទុកពេលវេលារយៈពេល៥ថ្ងៃ ដល់អ្នកលួចសង់ខ្ទមប្រមាណជា៧៣ខ្ទមលើដីរដ្ឋ និងដីក្រុមហ៊ុនហ្គ្រីនរិចគ្រុប ត្រូវរុះរើឱ្យអស់ ដោយព្រមាននឹងមានវិធានការច្បាប់ជាពុំខាន។

លោកសុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការត្រៀមអនុវត្តវិធានរដ្ឋបាលរុះរើខ្ទម អនាធិ​បតេយ្យសង់លើដីរដ្ឋនៅឃុំជ្រោយប្រស់ និងឃុំត្រពាំងរូង ស្រុកកោះកុង នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក សុខ សុទ្ធីបានឱ្យដឹងថា ខ្ទមដែលសង់លើដីរដ្ឋមួយភាគធំ ជាដីដែលត្រូវបានកាត់ឆ្វៀល ពីរាជរដ្ឋាភិបាលប្រគល់មកឱ្យរដ្ឋបាលខេត្ត ជាអ្នកគ្រប់គ្រង និងមួយផ្នែកទៀតជាដីដែលក្រសួងកសិកម្ម ផ្តល់កិច្ចសន្យាជួលរយៈពេលវែងជាមួយក្រុមហ៊ុន ហ្គ្រីនរិចគ្រុប ទទួលសិទ្ធិវិនិយោគកន្លងមក។

លោកបានបន្តថា រដ្ឋបាលខេត្តនឹងចេញលិខិត ជូនដំណឹងឱ្យប្រជាពលរដ្ឋ ដែលទន្ទ្រានកាន់កាប់ដីរដ្ឋ និងដីក្រុមហ៊ុនហ្គ្រីនរិចគ្រុប រុះរើដោយខ្លួនឯង និងចាកចេញពីដីរដ្ឋ ត្រឹមថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំហិត ហើយនឹងចុះអនុវត្តវិធានរដ្ឋបាលរុះរើ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ និងចាត់វិធានការផ្លូវច្បាប់ចំពោះម្ចាស់ខ្ទម។

លោកក៏លើកឡើងថា ការរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ការទន្ទ្រានកាន់កាប់ដីរដ្ឋ គឺជាទង្វើខុសច្បាប់ ដោយយោងតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ត្រង់មាត្រា៨១ ចែងថា “រាល់អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់ដូចមានចែងក្នុងមាត្រា៧១ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ)ឆ្នាំ ដល់ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ដល់ ១០.០០០.០០០ (ដប់លាន) រៀល”៕

មកស្គាល់កូនស្រីដ៏ឆ្នើមទាំង៣របស់អ្នកឧកញ៉ា សុខ គង់ដែលកំពុង ដឹកនាំអាជីវកម្មជាច្រើន

ដោយៈ សុផារី

ភ្នំពេញៈ អ្នកឧកញ៉ា សុខ គង់ ដែលជាមហាសេដ្ឋីមានជំនួញជាច្រើននៅក្នុងដៃនៅក្នុងប្រទេសកម្ពុជា មិនថាអាជីវកម្មប្រេងសាំង សណ្ឋាគារលំដាប់ផ្កាយប្រាំ ក្រុមហ៊ុនអចលនទ្រព្យ សុខាភិបាល និងគម្រោងអភិវឌ្ឍធំៗជាច្រើន។​​

សព្វថ្ងៃនេះ ការងារមួយចំនួនធំរបស់អ្នកឧកញ៉ា សុខ គង់ បានប្រគល់ឱ្យកូនៗរបស់លោក ដើម្បីសម្រាលបន្ទុកផង និងដើម្បីជាការបណ្តុះបណ្តាលកូន លើការគ្រប់គ្រង ដឹកនាំមុខជំនួញធំៗផង។

តាមរយៈសៀវភៅអាថ៌កំបាំង នៅពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់ បានឱ្យដឹងថា អ្នកឧកញ៉ា សុខ គង់ មានបុត្រាបុត្រីទាំងអស់មានចំនួន៦នាក់ រួមមាន ប្រុសចំនួន ៣នាក់ (កូនទី១ ទី២ ទី៣) និងស្រី៣នាក់ (កូនទី៤ ទី៥ និងទី៦)។

កូនស្រីទាំង៣នាក់របស់អ្នកឧកញ៉ា សុទ្ធតែមានតំណែង និងតួនាទីជាថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ក្រុមហ៊ុនជាច្រើនរបស់អ្នកឧកញ៉ា។

ថ្ងៃនេះគេហទំព័រPropertyarea.asia សូមណែនាំឱ្យស្គាល់បុត្រីឆ្នើមទាំងបីរូបរបស់អ្នកឧកញ៉ា ដែលម្នាក់ៗមានប្រវត្តិការសិក្សា ចប់មកពីក្រៅប្រទេស និងបាននិងកំពុងចូលរួមជាអ្នកកាច់ចង្កូត អាជីវកម្មជាច្រើនរបស់ឳពុក រួមមាន៖

បុត្រីច្បង (កូនទី៤)៖ លោកជំទាវឧកញ៉ា សុខ ចន្ថា ជាកូនស្រីទី៤ បានសិក្សានៅប្រទេសសិង្ហបុរី និងបន្តការសិក្សានៅប្រទេសអូស្ត្រាលី ផ្នែកគ្រប់គ្រង ហើយបានរៀបអាពាហ៍ពិពាហ៍ ជាមួយឧកញា ណាំង សុភាត អាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិកនៅឆ្នាំ២០០៧។

បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍មួយរយៈ បានចាកចេញពីក្រុមគ្រួសា រ ទៅរស់នៅសហរដ្ឋអាមេរិក អស់រយៈពេលជាងដប់ឆ្នាំ។ លោកជំទាវឧកញ៉ា សុខ ចន្ថា មានបុត្រាបុត្រីចំនួន៥នាក់ គឺប្រុសពីរនាក់និងស្រីបីនាក់។

នៅឆ្នាំ២០១៩ បន្ទាប់ពីអ្នកឧកញ៉ាបណ្ឌិត សុខ គង់ ទទួលការវះកាត់ព្យាបាលបានដោយជោគជ័យ លោកជំទាវឧកញ៉ា សុខ ចន្ថា បានសម្រេចចិត្តវិលត្រឡប់ មកប្រទេសកម្ពុជាវិញទាំងគ្រួសារ ដើម្បីរស់នៅក្បែរគ្នា និងជួយការងារលោក។

ការសម្រេចចិត្តនេះ ធ្វើឱ្យអ្នកឧកញ៉ាបណ្ឌិត និងភរិយាមានការសប្បា​យចិត្ដយ៉ាងខ្លាំង ព្រោះកូនចៅរបស់គាត់មិនពិបាក ធ្វើដំណើរឆ្ងាយមកលេងគាត់ ឬគាត់មិនចាំបាច់ធ្វើដំណើរក្នុងចម្ងាយផ្លូវដ៏វែងឆ្ងាយ ដើម្បីទៅលេងកូន និងចៅជាទីស្រឡាញ់រៀងរាល់ឆ្នាំទៀតនោះទេ។

លោកជំទាវឧកញ៉ា សុខ ចន្ថា មានតួនាទីជា អនុប្រធានក្រុមហ៊ុនសូគីម៉ិច អ៊ុនវេសមេន គ្រុប ប្រធានក្រុមហ៊ុនសុខារៀលអេស្តេត ឯ.ក និងអនុប្រធាន ក្រុមហ៊ុនសុខាអូតែល និងជានាយកប្រតិបត្តិក្រុមហ៊ុនបូកគោហ្វាម ឯ.ក ។

បុត្រីទី២ (កូនទី៥) លោកជំទាវឧកញ៉ាសុខ ចន្ធី ជាកូនទី៥ បានសិក្សានៅប្រទេសសិង្ហបុរី និងបន្តការសិក្សានៅប្រទេសអូស្ត្រាលី ហើយបានបញ្ចប់ការសិក្សាផ្នែកទីផ្សារ នៅប្រទេសអូស្ត្រាលី ព្រមទាំងបានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ២០០៦ ជាមួយលោកឧកញ៉ាសាយ សុភ័ត្រា ដែលជាអតីតនិស្សិតសិក្សា នៅប្រទេសអូស្ត្រាលីដែរ។

ក្រុមគ្រួសារនេះ មានបុត្រីចំនួនបីនាក់។ លោកជំទាវឧកញ៉ា សុខ ចន្ទី ព្រមទាំងស្វាមី បានបម្រើការងារនៅក្នុងក្រុមហ៊ុនសូគីម៉ិច អិនវេសមេន គ្រុប មានតួនាទីជាអនុប្រធាន ក្រុមហ៊ុនសុខារៀលអីស្តេត ឯ.ក ។

បុត្រីទី៣ (កូនពៅ)  ជំទាវឧកញ៉ា សុខ ចន្ធូ ជាកូនទី៦ បានបញ្ចប់ការសិក្សានៅប្រទេស អូស្ត្រាលីខាងផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ។ ជំទាវឧក​ញ៉ា សុខ ចន្ធូ ជាភរិយា របស់ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ងិន បាណាល់ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។

លោកជំទាវមានបុត្រា បុត្រីចំនួន៣នាក់ ប្រុស១នាក់ និងស្រី២នាក់។ លោកជំទាវឧកញ៉ា សុខ ចន្ធូ មានតួនាទីជា អនុប្រធានក្រុមហ៊ុនសូគីម៉ិច អ៊ុនវេសមេន គ្រុប ទទួលកិច្ចការផ្នែកហិរញ្ញវត្ថុ។

កន្លងមក អ្នកឧកញ៉ាបណ្ឌិតសុខ គង់ បានរំឭកជារឿយៗថា លោកបានតម្រង់ទិស នៃការសិក្សារបស់កូនស្រីទាំងបីនាក់ ដើម្បីមកជួយការងាររបស់លោកទៅថ្ងៃក្រោយ ដោយកូនស្រីទី១ ឱ្យរៀនផ្នែកគ្រប់គ្រង ហើយកូនស្រីទី២ ឱ្យរៀនផ្នែកទីផ្សារ រីឯកូនស្រីទីបីឱ្យរៀនផ្នែកគណនេយ្យ។

អ្នកឧកញ៉ាបណ្ឌិតបន្តថា នៅពេលរៀនចប់ ពួកគេអាចធ្វើការរួមគ្នាជួយគាត់ជំរុញក្រុមហ៊ុន ឱ្យកាន់តែរីកចម្រើន ព្រោះអ្នកឧកញ៉ាបណ្ឌិតតែម្នាក់ឯង លោកគ្រប់គ្រងការងារ មិនឈ្នះនោះទេ ពិសេសពេលដែលវ័យរបស់លោកកាន់តែច្រើន មុខជំនួញកាន់តែធំ។

ប៉ុន្តែដោយក្តីស្រឡាញ់ចំពោះកូនៗ ទោះជាបំណងប្រាថ្នារបស់លោកដូច្នេះក៏ដោយ ក៏លោក និងភរិយាតែងគោរព តាមការសម្រេចចិត្តរបស់កូនៗដែរ ដូចករណីលោកជំទាវឧកញ៉ា សុខ ចន្ថា ចង់ទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមី ក៏លោកសុខចិត្តអនុញ្ញាត តាមការសម្រេចរបស់កូនស្រីដែរ៕

ទិវារត់ប្រណាំងទីក្រុងអរិយក្សត្រលើកទី១នឹងរៀបចំឡើងនៅថ្ងៃទី១២ ខែកុម្ភៈខាងមុខនេះ

ដោយ: សហការី

កណ្តាល: សហព័ន្ធខ្មែរអត្តពលកម្ម ស្ម័គ្រចិត្តបានប្រកាសថា ខ្លួននឹងរៀបចំទិវារត់ប្រណាំងក្រុងអរិយក្សត្រលើកទី១ (The 1st Areyksat Fun Run) ដែលនឹងធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ។

កម្មវិធីរត់ប្រណាំងនេះ នឹងរៀបចំឡើងនៅបរិវេណសាលាបឋមសិក្សាសុវណ្ណសាគរ ស្ថិតនៅក្នុងឃុំល្វាឯម ស្រុកអរិយក្សត្រ ខេត្តកណ្តាល។

លោក ពៅ ហុក ប្រធានចាត់ការទូទៅ នៃទិវារត់ប្រណាំងក្រុងអរិយក្សត្រលើកទី១ បានបញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី៣ កុម្ភៈនេះថា ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយសហព័ន្ធ ក្នុងគោលបំណងរួមចំណែកលើកកម្ពស់សុខភាព បរិស្ថានស្អាត និងបំផុសវិស័យកីឡាអត្តពលកម្ម ឈានឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ប្រធានចាត់ការទូទៅរូបនេះបានលើកឡើងថា ចំពោះទិសដៅបន្តនៃព្រឹត្តិការណ៍នេះ សហព័ន្ធនឹងរៀបចំគណៈកម្មការប្រកួត មានយុទ្ធសាស្ត្រប្រមូលផ្តុំដៃគូគៀងគរឧបត្ថម្ភ មកជួយជ្រោមជ្រែង ដើម្បីជំរុញវិស័យកីឡា​អត្តពលកម្ម ឲ្យមានការរីកចម្រើនបន្ថែមទៀត ដោយពង្រីកសមាជិកចូលរួមឲ្យបានច្រើន ហើយសហព័ន្ធនឹងជួយឱ្យអ្នកចូលរួមមានក្លឹបហាត់ មានគ្រូបង្វឹកកីឡា ដែលមានវិជ្ជាជីវៈ។

លោកបន្តថា សហព័ន្ធនឹងស្វែងរកដៃគូសហការឧបត្ថម្ភ ដើម្បីអាចជួយទៅកាន់ពួកគាត់វិញ។ ហើយសម្រាប់ផែនការទៅមុខ យើងនឹងមានការរៀបចំការប្រកួតជាច្រើន ដែលនឹងមានចំនួន២លើកក្នុងមួយខែ ព្រមទាំងមានការប្រកួតប្រចាំត្រីមាស និងឆមាសទៀតផង ដើម្បីវាស់វែងសមត្ថភាព ដើម្បីជ្រើសរើសកីឡាករ កីឡាការិនីខ្លាំងៗឲ្យបានច្រើន ដើម្បីអភិរក្សប្រភេទកីឡាឲ្យដើរទៅមុខ។

ទិវារត់ប្រណាំងក្រុងអរិយក្សត្រលើកទី១នេះ ធ្វើឡើងលើ ៣ វិញ្ញាសារ រួមមាន ៤គ.ម ៨គ.ម ១៦គ.ម។

ទន្ទឹមនឹងនេះ សហព័ន្ធខ្មែរអត្តពលកម្ម បានអំពាវនាវដល់ប្រជាជន ជាពិសេសយុវជន ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ឲ្យបានច្រើនកុះករ ដើម្បីសុខភាពផង និងដើម្បីបំផុសវិស័យអត្តពលកម្ម ឲ្យបានខ្លាំងក្លាផង ដើម្បីលើកកម្ពស់អ្នកកីឡាជំនាញ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត សម្រាប់ត្រៀមលក្ខណៈចូលរួមប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣៕