ការសាងសង់ផ្លូវតភ្ជាប់ពីក្រុងសៀមរាប ទៅកាន់ក្រុងបាត់ដំបងបង្ហាញពីប្រវែងនិងពេលវេលាជាក់ហើយ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋាភិបាលនឹងសាងសង់ផ្លូវមួយខ្សែ មានប្រវែង៧២គីឡូ​ម៉ែត្រ ភ្ជាប់ខេត្តសៀមរាប ទៅកាន់ខេត្តបាត់ដំបង ដែលនឹងចាប់ផ្តើមដំណើរការសាងសង់នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះហើយ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង លោក ព្រួញ រិទ្ធិ បានមានប្រសាសន៍ឱ្យដឹងកាលពីដើមសប្តាហ៍នេះថា គម្រោងសាងសង់​ផ្លូវ​មួយខ្សែនេះ ​ជាសរសៃឈាមដ៏សំខាន់ ​ដែល​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន បាន​ដាក់​ចូល​ក្នុង​គម្រោងអាទិភាពផងដែរ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកាន់តែងាយស្រួល និងចំណាយពេលតិចជាងមុន រវាងខេត្តទាំងពីរ។

ជាមួយគ្នានេះ លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានបន្ថែមថា ​ផ្លូវនេះពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការបម្រើដល់វិស័យទេស​ចរណ៍ និងជួយជំរុញកំណើន​សេដ្ឋកិច្ចជាតិថែមទៀតផង។

ទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗកន្លងទៅ បានមានប្រសាសន៍ឱ្យដឹងថា នៅពេលដែលគម្រោងសាងសង់ផ្លូវនេះរួចរាល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋចេញចូលខេត្ដទាំង២ នឹងចំណេញចម្ងាយផ្លូវរហូតដល់៨០គីឡូម៉ែត្រ បើធៀបនឹងការធ្វើដំណើរលើផ្លូវ ដែលមានបច្ចុប្បន្ន។

កន្លងមករដ្ឋាភិបាលបានធ្វើការសិក្សាចប់ សព្វគ្រប់លើគម្រោងសង់ផ្លូវមួយខ្សែនេះរួចរាល់ហើយ ដោយសហការជាមួយក្រុមហ៊ុន China Road and Bridge Corporation កាលពីខែសីហា ឆ្នំា២០២១៕

ធនាគារជាតិនៃកម្ពុជានិងអគ្គស្នងការដ្ឋាននគរបាលជាតិនឹងចាត់វិធានការចំពោះការផ្តល់ឥណទានដោយខុសច្បាប់

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា ( NBC ) និងអគ្គស្នងការនគរបាលជាតិនៅថ្ងៃទី២ កុម្ភៈ ២០២៣ ឱ្យដឹងថា ស្ថាប័នទាំងពីរនឹងរួមគ្នា ក្នុងការចាត់វិធានការតឹងរ៉ឹង តាមផ្លូវច្បាប់ដល់ការផ្ដល់ឥណទានខុសច្បាប់ ការផ្សព្វ​ផ្សាយនានា តាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្ដល់ហិរញ្ញវត្ថុ ដោយគ្មានច្បាប់អនុញ្ញាត បន្ទាប់ពីឃើញមានសកម្មភាពផ្សព្វផ្សាយ និងផ្ដល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ឬឥណទានខុសច្បាប់ច្រើន។

សេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយដោយស្ថាប័នទាំងពីរបានឲ្យដឹងថា នាពេលថ្មីៗនេះ យើងសង្កេតឃើញថា មានសកម្មភាពផ្សព្វផ្សាយ និងផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសសេវាឥណទាន តាមរយៈទូរស័ព្ទ បណ្ដាញសង្គមនានា និងអនឡាញ យ៉ាងអនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា ដោយបានធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងបានបង្កផលវិបាកជាច្រើន មកលើសេដ្ឋកិច្ចនិងសង្គម តាមរយៈការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ ការគំរាមកំហែងបំភិតបំភ័យ ការអនុវត្តកិច្ចសន្យាមិនសុចរិត ដោយបង្កប់នូវការកេងចំណេ​ញហួសហេតុពីអ្នកខ្ចីប្រាក់ ដែលបណ្តាលឱ្យប៉ះពាល់ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យធ្លាក់ក្នុងបំណុលច្រើនលើសលប់។

សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា “ការណ៍នេះបានជះឥទ្ធិពលដល់ស្ថិរភាព ហិរញ្ញវត្ថុ ជំនឿទុកចិត្តរបស់សាធារណជន បរិយាបន្នហិរញ្ញវត្ថុ និងការរីកចម្រើន នៃវិស័យធនាគារនៅកម្ពុជាទាំងមូល”។

សេចក្ដីថ្លែងការឱ្យដឹងបន្ថែមថា ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ សូមស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់ សេវាហិរញ្ញវត្ថុផ្លូវការដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលទទួលអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា រួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថានផ្តល់សេវាទូទាត់ សងប្រាក់ និងគ្រឹះស្ថានឥណទានជនបទ ដែលគ្រឹះស្ថានទាំងនេះស្ថិតក្រោមច្បាប់ និងបទប្បញ្ញត្តិ និងការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ហើយអតិថិជនគ្រឹះ​ស្ថានទាំងនេះត្រូវបានការពារដោយច្បាប់៕

ប្រទេសកម្ពុជានឹងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន៥ទីតាំង នៅប្រទេសចិន

ដោយៈ សុផារី

ភ្នំពេញៈ ប្រទេសកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានដាក់ផែន​ការ ក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាចំនួន៥ ទីតាំងនៅប្រទេសចិន ដើម្បីផ្សព្វផ្សាយ និងជំរុញការនាំចេញទំនិញពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនឱ្យកាន់តែច្រើនថែមទៀត។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅក្នុងសប្តាហ៍នេះថា ក្នុងយុទ្ធសាស្ត្រសមាហរណកម្ម និងពិពិធកម្មទីផ្សារ  ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ និងជំរុញការលក់ផលិតផលកម្ពុជា នៅលើទីផ្សារប្រទេសចិនបន្ថែមទៀត ក្រសួងបាននិងកំពុងរៀបចំរាយការណ៍ស្តីពីការចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា០៥ទីតាំងទៀត នៅក្នុងប្រទេសចិន។

មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានោះ មានទីតាំងនៅទីក្រុងឆាងឈុន ហាបីន ណានជីង ថាយយាន និងចឹងចូវ នៃប្រទេសចិន។

ជាមួយគ្នានេះ ក្រសួងក៏បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងកិច្ចសហការលើកកម្ពស់ផលិតផលខ្មែរ ជាមួយក្រុមហ៊ុន និងស្ថាប័នចំនួន៦ រួមមាន(១)ក្រុមហ៊ុនភីធីធី (ខេមបូឌា) (២)មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន និងវិទ្យាស្ថានរចនាម៉ូដជប៉ុន (៣)ធនាគារហត្ថា (៤)ក្រុមហ៊ុនម៉ាក្រូ (ខេមបូឌា)  (៥)មន្ទីរពាណិជ្ជកម្ម នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និង (៦)អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការជំរុញ ការនាំចេញផលិតផលសំបុកត្រចៀកកាំកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ។

បន្ថែមលើសនេះ ក្រសួងក៏បានរៀបចំថ្នាលទីផ្សារផ្សព្វផ្សាយ និងលក់ទំនិញ ដែលមានឈ្មោះថា Go4eCam និងកំពុងរៀបចំអនុស្សារណៈ ធ្វើកិច្ចសហការជាមួយក្រុមហ៊ុនឯកជន និងអ្នកដឹកជញ្ជូនតាមយន្តហោះ ដើ​  ម្បីជំរុញការធ្វើម៉ាកទំនិញកម្ពុជា និងការលក់ទំនិញទៅប្រទេសចិន និងអាស៊ាន តាមរយៈលើកទឹកចិត្តឱ្យមានការតភ្ជាប់ថ្នាលលក់ ទំនិញរបស់កម្ពុជាជាមួយថ្នាលលក់ទំនិញល្បីៗរបស់ប្រទេសចិន និងប្រទេសក្នុងតំបន់ផងដែរ។

ក្រៅពីនេះ ក្រសួងក៏បានបានរៀបចំ និងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នូវមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុង Atsugi ខេត្ត Kanagawa ប្រទេសជប៉ុន ដើម្បីដាក់តាំងបង្ហាញ និងលក់ផលិតផលកម្ពុជាជាអចិន្ត្រៃយ៍៕

ពិធីចាប់ត្រីបែបប្រពៃណី នៅស្រុកមេមត់ខេត្តត្បូងឃ្មុំនឹងចាប់ផ្តើម នៅថ្ងៃទី១៨ កុម្ភៈខាងមុខ

   ដោយៈ គង់ សូរិយា

       ត្បូងឃ្មុំៈ ពិធីចុះចាប់ត្រីតាមបែបបុរាណ ដែលតែងតែមានអ្នកចូលរួមរាប់ម៉ឺននាក់ ក្នុងបឹងត្រពាំងក្រម នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ នឹងធ្វើឡើងក្នុងខែកុម្ភៈនេះ។

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលស្រុកមេមត់ បានចេញសេចក្តីជូនដំណឹងជាផ្លូវការ ពាក់ព័ន្ធនឹងថ្ងៃប្រារព្ធពិធី ពេលវេលា និងកម្មវិធី ក្នុងពិធីចុះចាប់ត្រីតាមបែបបុរាណ នៅក្នុងបឹងត្រពាំងក្រម ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងខ្លឹមសារ សេចក្តីជូនដំណឺងរបស់ រដ្ឋបាលស្រុកមេមត់ បានឲ្យដឹងថា យោងមតិដឹកនាំរបស់ឯកឧត្តមបណ្ឌិត អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលស្រុកមេមត់ សូមគោរពជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា សប្បុរសជន លោក លោកស្រី អ្នកនាង កញ្ញា បងប្អូនប្រជាពលរដ្ឋ និងបងប្អូនអាជីវករ មេត្តាជ្រាបថា នៅថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ចាប់ពីម៉ោង ៩:០០នាទីព្រឹក តទៅ នៅក្នុងបរិវេណបឹងត្រពាំងក្រម ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នឹងរៀបចំពិធីចុះចាប់ត្រីតាមបែបបុរាណ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង លោកជំទាវ ។

តាមកម្មវិធី៖-ម៉ោង ៩០០នាទី ជួបជុំភ្ញៀវកិត្តិយស និងប្រជាប្រិយមិត្ត នៅក្នុងបរិវេណបឹងត្រពាំងក្រម -ម៉ោង ៩៖៣០នាទី គណៈអធិបតី និងសហការី អញ្ជើញដល់ -ម៉ោង ៩៖ ៤៥នាទី ប្រសាសន៍សំណេះសំណាលរបស់ឯកឧត្តមគណៈអធិបតី -ម៉ោង១០៖១៥នាទី ចាប់ផ្តើមចុះក្នុងបឹងត្រពាំងក្រម ដំណើរការចាប់ត្រី តាមបែបបុរាណ ឧបករណ៍សម្រាប់ចាប់ត្រី រួមមាន៖ អង្រុត ឈ្នាង ត្រក ក្លុះ ។ល។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ សប្បុរសជន លោក លោកស្រី អ្នកនាង កញ្ញា បងប្អូនប្រជាពលរដ្ឋ និង បងប្អូនអាជីវករ អញ្ជើញចូលរួម តាមកាលបរិច្ឆេទ និង ទីកន្លែងខាងលើ ដោយមេត្រីភាព។

បឹងត្រពាំងក្រម គឺស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានផ្ទៃជម្រាលប្រមូលទឹក៣០ហិកតា និងមានបឹងតូចៗ២០បឹង ជាសាខា ព្រមទាំងមានរុក្ខជាតិលិចទឹកជាច្រើនប្រភេទ ហើយរៀងរាល់ដើមឆ្នាំក្នុងអំឡុងខែកុម្ភៈ ប្រជាពលរដ្ឋនៅទីនេះ តែងតែប្រារព្ធពិធីចាប់ត្រីយកមកចំអិនហូបជុំគ្នា ដែលជាទំនៀមទំលាប់ តាំងពីដើមរហូតមកដល់សព្វថ្ងៃ​។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាឧត្តមភរិយា តែងតែដឹកនាំមន្ត្រីរាជការ អញ្ជើញទៅដោយផ្ទាល់ ជាមួយប្រជាពលរដ្ឋរាប់ម៉ឺននាក់ ចុះចាប់ត្រី យកមកចំអិន ជួបជុំពិសារយ៉ាងសប្បាយរីករាយ ក្រោមម្លប់សន្តិភាព៕

 

កម្ពុជានឹងចំណេញថវិកា៥៣០លានដុល្លារខណៈការសិក្សាសាងសង់រថយន្តល្បឿនលឿនបានបញ្ចប់

ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងគិតគូរពីការដឹកជញ្ជូនទំនិញតាមរថភ្លើងពីប្រទេសកម្ពុជា ទៅកាន់ព្រំដែននៃប្រទេសជិតខាងក្នុងនោះថៃជាប្រទេសដំបូងគេ ដែលកម្ពុជាគ្រោងនឹងចាប់ផ្ដើមសាងសង់ផ្លូវរថភ្លើងល្បឿនលឿននាពេលខាងមុខ។

លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍កាលពីពេលថ្មីៗឱ្យដឹងថា បើសិនជាយើងដឹកទំនិញតាមផ្លូវរថភ្លើង កម្ពុជានឹងចំណេញថវិកា ប្រមាណ៥៣០លានដុល្លារក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០៣៥តទៅ បើធៀបជាមួយនឹងការដឹកជញ្ជូនទំនិញ តាមផ្លូវគោកឬតាមរថយន្ត ហើយវានឹងចំណេញដល់៨០០លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០៤៥។

លោកបន្តថា បច្ចុប្បន្ននេះ យើងបានបញ្ចប់ការសិក្សារួចហើយ លើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ ប៉ោយប៉ែតព្រំដែនកម្ពុជា​ថៃ ដែលគម្រោងនេះ នឹងត្រូវចំណាយថវិកាប្រមាណ៤ពាន់លានដុល្លារអាមេរិក ដោយនឹងអាចរត់ក្នុងល្បឿនពី១៦០គីឡូម៉ែត្រ ក្នុងមួយម៉ោងទៅ២០០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលវានឹងចំណេញពេលវេលា និងចំណេញថវិកា ។

លោកបានបន្ថែមថា “ក្នុងនាមជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន យើងនឹងជំរុញឱ្យមានការដឹកជញ្ជូនផ្លូវទឹក ឱ្យបានច្រើនជាងមុន ដឹកជញ្ជូនតាមផ្លូវដែក ឱ្យបានច្រើនជាងមុនបន្ថែមទៀត”។ លោកបន្តថា”បច្ចុប្បន្ននេះ ការដឹកជញ្ជូនតាមផ្លូវទឹក និងការដឹកជញ្ជូនតាមផ្លូវដែកមានការកើនឡើងច្រើនជាងមុនបន្តិចហើយ តែមិនទាន់ដល់កម្រិតដែលយើងចង់បាននោះទេ គឺយើងត្រូវតែជំរុញឱ្យមានការកើនឡើង ខ្ពស់ជាងនេះបន្ថែមទៀត”។

លោកស៊ុន ចាន់ថុលឱ្យដឹងថា ការដឹកជញ្ជូនតាមផ្លូវរថភ្លើងយើង មានដំណើរការហើយ ពីប៉ោយប៉ែត មកភ្នំពេញ ប៉ុន្តែល្បឿនរថភ្លើងយើងនៅយឺតនៅឡើយ ត្រឹម៣០គីឡូម៉ែត្រប៉ុណ្ណោះក្នុងមួយគីឡូម៉ែត្រ ដូច្នេះដើម្បីឱ្យការដឹកជញ្ជូនទំនិញរបស់យើងបានលឿន និងច្រើនជាងមុនយើងត្រូវការរកក្បាលរថភ្លើងដែលមានល្បឿនលឿន និងត្រូវអភិវឌ្ឍន៍ផ្លូវរថភ្លើងឱ្យរត់បានលឿនជាងមុន។

ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា នាពេលនេះកំពុងតែអភិវឌ្ឍន៍ទៅមុខជាបន្តបន្ទាប់ ដោយកម្ពុជាបានសាងសង់ផ្លូវល្បឿនលឿន ផ្លូវរថភ្លើង ការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាសផងដែរ ប៉ុន្តែការដឹកជញ្ជូ​នដែលមានតម្លៃទាបជាងគេនោះ គឺការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវដែក ជាពិសេសការដឹកជញ្ជូនចេញទៅក្រៅប្រទេស៕

តម្រូវការជួលខុនដូនឹងចាប់ផ្តើមមានសញ្ញាល្អប្រសើរនៅដើមឆ្នាំ២០២៣

ដោយៈសុផារី

ភ្នំពេញៈ និន្នាការរស់នៅរបស់ប្រជាជនកម្ពុជាបានផ្លាស់ប្តូរ  ពីការរស់នៅក្នុងផ្ទះប្រភេទបុរី មករស់នៅក្នុងខុនដូកាន់តែច្រើនជាងមុន។ ការទិញលក់ និងជួលខុនដូចាប់ផ្តើមមានប្រតិបត្តិការច្រើន ដោយសារតម្រូវការទាំងក្នុងស្រុក និងពីសំណាក់ជនបរទេស។

អ្នកជំនាញលើកឡើងថា ក្នុងឆ្នាំ២០២៣ តម្រូវការជួលខុនដូនឹងមានការកើនឡើងវិញ។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong បានមានប្រសាសន៍ប្រាប់ Property Area Asia នៅក្នុងសប្តាហ៍នេះថា នៅក្នុងទីផ្សារខុនដូនៅក្នុងឆ្នាំ២០២៣ តម្រូវការនៃការជួលខុនដូ មានការកើនឡើង ដោយសាររំហូរនៃជនជាតិបរទេស ជាពិសេសជនជាតិចិន និងបណ្តាប្រទេសមួយចំនួន ចូលមកកាន់ប្រទេសកម្ពុជាវិញនៅឆ្នាំនេះ។

លោកគូសបញ្ជាក់ថា “តម្រូវការជួលប្រភេទទីផ្សារនេះ នឹងមានការកើនឡើងនៅក្នុងដើមឆ្នាំ២០២៣នេះ ដោយសាររំហូរជនបរទេសចូលមកកម្ពុជាមានការកើនឡើង”។

លោកឲ្យដឹងទៀតថា “ការដោះដូរ ទិញលក់ខុនដូ នាពេលបច្ចុប្បន្ននេះភាគច្រើន មានតែក្នុងចំណោមជនជាតិកម្ពុជាតែប៉ុណ្ណោះ”។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Realestate.com.kh បានបង្ហាញថា ជាមួយនឹងការកើនឡើងនៃតម្រូវការសកល ការកើនឡើងនូវទំនុកចិត្តរបស់អ្នកវិនិយោគបរទេស និងច្បាប់វិនិយោគថ្មី ក៏ដូចជាការបើកឡើងវិញពេញលេញនៃព្រំដែនកម្ពុជា ទីផ្សារនេះត្រូវបានរំពឹងថា សេដ្ឋកិច្ចនឹងដំណើរការបានល្អនៅក្នុងឆ្នាំនេះ ហើយវាអាចជាឱកាសមួយក្នុងការទិញអចលនទ្រព្យនៅកម្ពុជា មិនថាជាលំនៅឋាន និងការវិនិយោគនានា។

ប្រភពដដែលឱ្យដឹងទៀតថា ស្របពេលដែលប្រទេសកម្ពុជា កំពុងអភិវឌ្ឍប្រកបដោយកំណើ នយ៉ាងឆាប់រហ័ស ហើយនគរូបនីយកម្មកំពុងពង្រីក ការជួលខុនដូ ដើម្បីទទួលបានចំណូលនៅក្នុងទីផ្សារ នៅតែមានភាពពេញនិយម។ ការវិនិយោគលើខុនដូ ក្នុងទីផ្សារប្រទេសកម្ពុជា ត្រូវពិចា​រណាលើចំណុចសំខាន់ៗមួយចំនួន គឺទីតាំង និងសក្តានុពលសម្រាប់កំណើ​នក្នុងរយៈពេលវែង ព្រមទាំងសុវត្ថិភាព និងសន្តិសុខនៅក្នុងអាគារផងដែរ៕

រដ្ឋាភិបាលអាណត្តិទី៧ នឹងដាក់ចេញយុទ្ឋសាស្រ្តបញ្ចកោណបន្ទាប់ពីការបោះឆ្នោតនាពេលខាងមុខ

    ដោយៈ ជេស៊ីកា

       ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមរៀបចំយុទ្ឋសាស្រ្តថ្មី គឺយុទ្ឋ​សាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលនឹងចាប់អនុវត្តន៍ក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាឆ្នាំ២០២៣នេះ។

ការរៀបចំយុទ្ឋសាស្រ្តនេះ ត្រូវបានរៀបចំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងការប្រមូលធាតុ ចូលទាក់ទងនឹងវិស័យសាធារណការ និងដឹកជញ្ជូន ដើម្បីចូលរួមរៀបចំតាក់តែងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១។

កិច្ចប្រជុំកាលពីថ្ងៃទី១ កុម្ភៈកន្លងមកនេះ ដឹកនាំដោយលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ការងារពាក់ព័ន្ធនឹងធាតុចូលនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីពាក់ព័ន្ឋនានាផងដែរ។

តាមរយៈព៌តមានបានបង្ហាញថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូល ទាក់ទងនឹងវិស័យសាធារណការ និងដឹកជញ្ជូន សំដៅចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការរៀបចំតាកតែងយុទ្ធសា​ស្រ្ត​បញ្ចកោណ ដំណាក់កាលទី១ ដើម្បីបន្តអភិវឌ្ឍកម្ពុជា បន្តពីយុទ្ធសាស្រ្តចតុកោណទាំងបួនដំណាក់កាល ដែល រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តកន្លងមក។

អង្គប្រជុំ បានពិភាក្សាផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុលលើមុំទាក់ទងនឹងវិស័យសាធារណការ និងដឹកជញ្ជូន ដែលសម្រេចសមិទ្ធផលការងារបានក្រោមយុទ្ធសាស្រ្តចតុកោណទាំង៤ ដំណាក់កាលក្នុង នីតិកាលទី៦ នៃរដ្ឋសភា (២០១៨-២០២៣) ព្រមទាំងបានកំណត់សូចនាករ និងពេលវេលាអនុវត្តច្បាស់លាស់ ទាក់ទងនឹងវិស័យសាធារណការ និងដឹកជញ្ជូ​ន ដើម្បីបានជាធាតុចូលសម្រាប់រៀបចំយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កា​លទី១ នេះផងដែរ។

ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានចូលរួមរៀបចំយុទ្ធសាស្ត្រចតុកោណទាំង៤ ដំណាក់កាលរួចមកហើយ។ យុទ្ធសាស្ត្រចតុកោណ បានបំពេញតួនាទីជារបៀបវារៈយ៉ាងល្អប្រសើរ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ហើយការអនុវត្តដោយឆ្លងកាត់ដំ​ណាក់កាលទាំង៤ ជាបន្តបន្ទាប់នេះ បានផ្តល់ផលជាការផ្លាស់ប្តូរស៊ីជម្រៅនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច ការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនឱ្យកាន់តែប្រសើរឡើង និងការពង្រឹងប្រសិទ្ធភាព នៃអភិបាលកិច្ចរបស់ស្ថាប័នរដ្ឋ៕

 

Global investment banks project jump in yuan in 2023

SHANGHAI : Global investment banks have raised their forecasts for the Chinese yuan this year on expectations the country’s economic reopening and Beijing’s decision to relax property sector curbs will trigger strong capital inflows.

The bullish forecasts follow Beijing’s exit from a crippling zero-COVID strategy in early December and reversion to pro-growth policies to restore investor confidence and prioritise domestic demand.

“China’s reopening and visible policy shift toward the property sector has lifted the yuan’s outlook, and there could be more upside in the medium term,” said Lemon Zhang, FX strategist at Barclays.

On average, the forecasts are for the yuan to end 2023 at 6.5 per dollar, a 3.6 per cent rise from current levels.

It has already surged more than 7 per cent from the trough hit in late November to 6.7497 per dollar on Wednesday, up about 2.2 per cent year-to-date.

COVID-induced disruptions and the Federal Reserve’s rate rises have pressured the yuan, driving it down roughly 8 per cent against the dollar last year, its worst annual performance since 1994.

Other investment houses including Goldman Sachs, HSBC, UBS and Standard Chartered also projected a stronger yuan.

“While asset markets have already priced in a meaningful improvement, we expect reopening to continue to lift Chinese asset prices, with the most upside in equities and credit,” analysts at Goldman Sachs said in a note.

They forecast the yuan at 6.5 per dollar by the end of this year, compared with 6.9 previously.

Persistent capital inflows into China’s A shares – stocks of Chinese companies that trade on domestic exchanges – are also supporting the yuan, and Citic Securities expects foreigners to purchase 200 billion to 300 billion yuan ($44.46 billion) worth of Chinese stocks this year.

Improving confidence has also helped extend gains in China’s new home prices in January, a private survey showed on Wednesday.

In a previous Reuters survey conducted in November, analysts had predicted the Chinese currency will finish 2023 around 7 per dollar.

Still, analysts also reckon Beijing will try to limit yuan gains, given worries about a possible U.S. recession hurting Chinese exports.

Source: Reuter

បណ្ដាវិនិយោគិនចិនពេលនេះ ចាប់ផ្ដើមបង្វែរលុយពីមូលបត្របំណុល ដើម្បីវិនិយោគលើភាគហ៊ុនជំនួសវិញ

ដោយៈ សុខុម

សៀងហៃ: របាយការណ៍ចុងក្រោយបង្អស់ស្ដីពី សង្គហមូលនិធិ (Mutual Funds) បង្ហាញថា ពេលនេះបណ្ដាវិនិយោគិនចិន កំពុងបង្វែរលុយពីមូលបត្របំណុល (Bond) ដើម្បីវិនិយោគលើភាគហ៊ុន ដែលមានហានិភ័យជាងវិញម្ដង ខណៈគោលនយោបាយរបស់រដ្ឋាភិបាល បង្វែរទិសដើម្បីជំរុញកំណើន។

រូបិយប័ណ្ណបរទេសក៏បាន និងកំពុងហូរចូលក្នុងផ្សារហ៊ុន ប្រទេសចិន ផងដែរ ដោយសន្ទស្សន៍គោលបានកើនឡើង៧,៤%ក្នុងខែមករា កន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃពុធ ទី០១ ខែកុម្ភៈ។

ការងាកទៅវិនិយោគលើទ្រព្យសកម្ម ដែលមានហានិភ័យជាងនេះ កើតមានឡើងស្របពេលប្រទេសចិន បានចាត់វិធានការនានាដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដោយក្នុងនោះរួមមានទាំងលុបចោល គោលនយោបាយសូក្យ-កូវីដ ដ៏តឹងរ៉ឹងរបស់ខ្លួន និងការជួយគាំទ្រ ដល់វិស័យអចលនទ្រព្យនៅចុងឆ្នាំ២០២២ ផងដែរ។

សន្ទស្សន៍ភាគហ៊ុនរបស់ប្រទេសចិន បានកើនឡើងជិត២០%ពីកម្រិតដ៏ទាបក្នុងខែតុលា កន្លងទៅ ខណៈមូលបត្របំណុលធ្លាក់ថ្លៃ។

លោក Mo Zhaoheng នាយកផ្នែកវិនិយោគនៃក្រុមហ៊ុនវិនិយោគ Guangzhou Hanma Investment Management លើកឡើងថា “យើងកំពុងស្ថិតក្នុងដំណាក់កាលដំបូង នៃការងើបឡើងវិញ ហើយទីផ្សារភាគហ៊ុន នឹងទទួលផលពីការងើបឡើងនេះ”។

អ្នកជំនាញរូបនេះគូសបញ្ជាក់ថា លោកបានទិញចូលភាគហ៊ុនបន្ថែមទៀតក្នុងខែវិច្ឆិកា និងខែធ្នូ កន្លងទៅ នៅពេលវិនិយោគិនជាច្រើនបានបង្វែរលុយរបស់ពួកគេ ចេញពីមូលបត្របំណុល ដោយសារបារម្ភខ្លាចទីផ្សារមូលបត្របំណុលអាចឈានដល់ទីបញ្ចប់។

យោងតាមក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកវិនិយោគ TX Investment Consulting ឱ្យដឹងថា ទ្រព្យសកម្មដែលស្ថិតក្រោមការគ្រប់គ្រងរបស់សង្គហមូលនិធិ (Mutual Funds) នៃប្រទេសចិន បានកើនឡើង៨,៧%ឈានដល់៣៣៦,៣៨ពាន់លានដុល្លារអាមេរិក ក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២២ បន្ទាប់ពីធ្លាក់ចុះ៧,៣%ក្នុងត្រីមាសទី៣ ចំណែកឯទ្រព្យសកម្មដែលស្ថិតក្រោម ការគ្រប់គ្រងរបស់មូលនិធិមូលបត្របំណុល (Bond Funds) បានធ្លាក់ចុះ៦,៩%មកនៅ១,១ទ្រីលានដុល្លារអាមេរិក បន្ទាប់ពីកើនឡើង៦ត្រីមាសជាប់ៗគ្នា៕ Reuters៕

ឆ្នាំថ្មី! រដ្ឋាភិបាលបង្ហាញគម្រោងអភិវឌ្ឍន៍ធំៗដើម្បីទាក់ទាញ ដល់វិនិយោគិនបរទេស

 ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ចុងឆ្នាំ២០២២កន្លងទៅនិងដើមឆ្នាំ ២០២៣នេះ រដ្ឋាភិបាលកម្ពុជាបានបង្ហាញ ពីផែនការនៃគម្រោងវិនិយោគរបស់រដ្ឋមួយចំនួន ដែលភាគច្រើនជាគម្រោងធំៗ និងជាគម្រោងប្រវត្តិសាស្ត្រ ដែលគម្រោងទាំងនោះដែរ នឹងក្លាយជាធ្នាក់ទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ ដើម្បីបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។

គម្រោងធំៗដែលរដ្ឋាភិបាលបានលើក និងប្រកាសដាក់ក្នុងផែនការអាទិភាពសម្រាប់អភិវឌ្ឍន៍ក្នុងពេលឆាប់ៗនេះ រួមមានគម្រោងស្ពានឆ្លងទន្លេពីភ្នំពេញទៅអរិយក្សត្រ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិត គម្រោង ស្ពានភ្ជាប់ពីផ្លូវជាតិលេខ១ទៅល្វាឯម គម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ ប៉ោយប៉ែត និងគម្រោងមួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយទៀត បានចាប់ផ្ដើមដំណើរការសាងសង់រួចហើយដែរ ។

គម្រោងអភិវឌ្ឍន៍ទាំងនេះ នឹងជួយឱ្យមានការវិនិយោគបន្ថែមទៀតនៅតំបន់ដែលមានការអភិវឌ្ឍ ជាក់ស្ដែងគ្រាន់តែរដ្ឋប្រកាសពីគម្រោងសង់ស្ពានឆ្លងពីភ្នំពេញ ទៅអរិយក្សត្រភ្លាម វិនិយោគិនជាតិជាច្រើនបាននាំគ្នាទៅកាន់ទីនោះ ដើម្បីអភិវឌ្ឍន៍គម្រោងឯកជន របស់ខ្លួនរួចជាស្រេច ដែលជំរុញឱ្យដីធ្លីនៅតំបន់អរិយក្សត្រហក់ឡើងភ្លាមៗតែម្ដង ។

លោកថាន់ ចាន់ណាអគ្គនាយកនៃក្រុមហ៊ុនអភិវឌ្ឍន៍បុរីមួយកន្លែងនៅប៉ែកខាងកើតភ្នំពេញបានមានប្រសាសន៍ឱ្យដឹងថា គ្រាន់តែគម្រោងស្ពានប្រកាស និងចេញប្លង់ភ្លាមដីធ្លីនៅតំបន់អរិយក្សត្រ និងតំបន់ជិតៗនោះបានហក់ឡើងភ្លាមតែម្ដង ធ្វើឱ្យអ្នកអភិវឌ្ឍន៍ដែលមិនទាន់បានត្រៀមដីពិបាកក្នុងការស្វែងរកទិញដីសម្រាប់អភិវឌ្ឍន៍ ។

លោកបន្តថា “សម្រាប់អ្នកវិនិយោគធំៗ គាត់បានត្រៀមដីរួចរាល់នៅតំបន់នោះ ដូច្នេះពេលប្រកាសសង់ស្ពានភ្លាម ក៏ធ្វើឱ្យពួកគាត់ចាប់ផ្ដើមត្រួសត្រាយផ្លូវ ត្រួសត្រាយគម្រោងរបស់គាត់ភ្លាមដែរ ហើយពួកគេក៏អត់ចាំបាច់ក្នុងការស្វែងរកទីតាំងដែរ ពីព្រោះតែគាត់មានដីស្រាប់ទៅហើយ”។

លោកបន្ថែមថា សម្រាប់អ្នកដែលចង់វិនិយោគ នៅតំបន់អរិយក្សត្រតែមិនទាន់មានទីតាំង គឺពិបាកក្នុងការស្វែងរកទីតាំងណាស់ ហើយបើគាត់ចង់បានគឺត្រូវចំណាយថ្លៃដើមខ្ពស់ ជាពិសេសទៅលើដីធ្លីតែម្ដង។

គម្រោងអភិវឌ្ឍន៍មួយចំនួនទៀត ដែលគ្រោងនឹងអភិវឌ្ឍន៍នៅពេលឆាប់ៗនេះ ក៏នឹងធ្វើឱ្យមានការចាប់អារម្មណ៍ ពីសំណាក់វិនិយោគិនក្នុងនិងមកពីបរទេសដែរ ជាពិសេសនោះក៏បានជំរុញឱ្យតម្លៃដីធ្លី នៅតំបន់អភិវឌ្ឍន៍ហក់ឡើងមួយកម្រិតដូចគ្នា ។

លោកថា ថេង ប្រធានសាខានៃក្រុមហ៊ុនCentury 21 Zillion Holding ប្រចាំខេត្តស្វាយរៀងបានឱ្យដឹងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេ​ញ បាវិតក៏បានធ្វើឱ្យសក្ដានុពលដីធ្លី នៅខេត្តស្វាយរៀង ជាពិសេសក្រុងបាវិត ងើបឡើងវិញបន្តិចក្រោយពីតំបន់នេះ ត្រូវបានស្ងប់ស្ងាត់មួយរយៈ បន្ទាប់ពីការចាកចេញរបស់វិនិយោគិនចិន និងដោយសារកូវីដ១៩ ។

លោកជឿជាក់ថា “នៅពេលគម្រោងនេះ ចាប់ផ្ដើមបើកការដ្ឋាន វានឹងផ្ដល់ទំនុកចិត្តបន្ថែមទៀត ដល់វិនិយោគិន ហើយនឹងធ្វើឱ្យវិនិយោគិនកាន់តែច្រើន មកកាន់ទឹកដីនៃខេត្តស្វាយរៀង និងតំបន់ព្រំដែនកម្ពុជា វៀតណាម ដើម្បីរកការវិនិយោគបន្ថែមលើដីធ្លីនិងគម្រោងនានា”៕