លោកហ៊ុន ម៉ានីលើកឡើងនូវកត្តាចំនួន៣នៃភាពរឹងមាំជាមូលដ្ឋានក្នុងទំនាក់ទំនងកម្ពុជា វៀតណាម

ដោយៈ ចំណាន

    វៀតណាមៈ ឧបនាយករដ្ឋមន្រ្តី លោកហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកឡើងនូវមូលដ្ឋានចំនួន៣ នៃភាពរឹងមាំក្នុងទំនាក់ទំនងកម្ពុជា វៀតណាម។

លោកបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមកាលពីរាត្រីថ្ងៃទី២៣ មិនា ក្នុងឱកាសអមដំណើរគណៈប្រតិភូ រណសិរ្សសាមគ្គីអភិ​វឌ្ឍន៍មាតុភូមិកម្ពុជា ដឹកនាំដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សារណសិរ្ស បានជួបសម្តែងការគួរសមជាមួយ លោកតូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីសវៀតណា នៅទីស្នាក់ការមជ្ឈិមបក្ស។

ការឆ្លៀតពេលវេលាដ៏មមាញឹករបស់ លោកអគ្គលេខាធិការ ដើម្បីទទួលស្វាគមន៍ គណៈប្រតិភូជាន់ខ្ពស់នៃរណសិរ្សកម្ពុជា នាខណៈនេះ បានឆ្លុះបញ្ចាំងច្បាស់ នូវការយកចិត្តទុកដាក់ខ្ពស់ និងផ្តល់សារៈសំខាន់ពិសេស ចំពោះភាពជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ។

លោកហ៊ុន ម៉ានីបានបន្តថា ទោះក្នុងបរិការណ៍តំបន់ និងអន្តរជាតិ ដែលកំពុងវិវត្តយ៉ាងស្មុគស្មាញ និងមិនប្រាកដប្រជា ភាពជាអ្នកជិតខាងល្អ និងចំណងមិត្តភាពកម្ពុជា-វៀតណាម មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ និងនៅតែបន្តរឹងមាំ ផ្អែកលើសច្ចភាពនៃការជួយគាំទ្រគ្នាវិញទៅមក ដើម្បីការអភិវឌ្ឍ សន្តិភាព ស្ថិរភាព និងវិបុលភាពរួម ដែលបានបង្ហាញច្បាស់តាមរយៈទិដ្ឋភាពចម្បងចំនួន៣ដូចជា

ទី១-កត្តាប្រវត្តិសាស្ត្រ

ប្រទេសយើងទាំងពីរ តែងជួយគ្នាទៅវិញទៅមកគ្រប់គ្រាលំបាក។ កម្ពុជា បានជួយជ្រោមជ្រែងវៀតណាម ក្នុងបុព្វហេតុនៃការបង្រួបបង្រួមទឹកដី និងឯករាជ្យភាពនៅទសវត្សរ៍ឆ្នាំ១៩៦០ និង១៩៧០ ហើ​យក៏មិនអាចបំភ្លេចបាន នូវការគាំទ្រទាន់ពេលវេលា និងមិនអាចខ្វះបានពីភាគីវៀតណាម ទាំងផ្នែកនយោបាយ និងសម្ភារៈ ជាពិសេសកងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម ក្នុងការជួយរំដោះប្រជាជនកម្ពុជាចេញពីរបបខ្មែរក្រហម នៅទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០។

ទី២-កត្តាសេដ្ឋកិច្ច

ជាប្រទេសភូមិផងរបងជាមួយគ្នា កម្ពុជា និងវៀតណាម តែងគាំទ្រ សាទរសមិទ្ធផលសម្រេចបានក្នុងមាគ៌ា នៃការកសាងអភិវឌ្ឍជាតិទៅវិញទៅមក ហើយបន្តបំពេញបន្ថែមឱ្យគ្នា ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី និងរួមចំណែកដល់សមាហរណកម្មសេដ្ឋកិច្ចតំបន់ រួមទាំងប្តេជ្ញាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីដល់ ២០ពាន់លានដុល្លារអាមេរិក នាអនាគត។

ក៏សូមកត់សម្គាល់នូវភាពជោគជ័យរបស់វៀតណាម ក្នុងការកែទម្រង់ និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ហើយកំពុងក្លាយជាកម្លាំងសេដ្ឋកិច្ចសំខាន់មួយក្នុងតំបន់។

ទី៣-កត្តាសង្គមវប្បធម៌

ការផ្លាស់ប្តូរវប្បធម៌ ប្រពៃណី និងទំនាក់ទំនងប្រជាជន-ប្រជាជន គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃទំនាក់ទំនងដ៏ជិតស្និទ្ធ មិត្តភាពយូរអង្វែងរវាងយុវជនជំនាន់ក្រោយ ព្រមទាំងការពង្រឹងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ដែលបន្តជំរុញកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីបន្តនាំមក និងថែរក្សានូវផលជាផ្លែផ្កាជាក់ស្តែង សម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរ។

លោកបានបង្ហាញជំហររបស់ខ្លួនថា “យើងខ្ញុំជាកម្មាភិបាលជំនា​ន់ក្រោយ បានមើលឃើញពីមនោសញ្ចេតនា និងភាពកក់ក្តៅ ចេញពីការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន និងបន្តពូនជ្រុំចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណីនេះឱ្យកាន់តែរឹងមាំ និងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនលើគ្រប់វិស័យ សម្រាប់ប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ”៕

រដ្ឋាភិបាលរៀបចំការរៀបចំបង្កើត និងកំណត់ និងបែងចែកតំបន់គ្រប់គ្រងតំបន់ភ្នំចំនួន៦

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមការងារអន្តរក្រសួងបានបើកកិច្ចប្រជុំស្តីពី ការរៀប​ចំបង្កើត និងកំណត់ និងបែងចែកតំបន់គ្រប់គ្រង តំបន់ការពារទេស​ភាពភ្នំឈ្ងោក ភ្នំក្បាលរមាស ភ្នំកំពង់ត្រាច-ភ្នំស និងភ្នំដំរី-ភ្នំផ្អាវ នៅក្រសួងបរិស្ថាន។

ការរៀបចំនេះ ដើម្បីផ្តល់យោបល់លើផែនទី តំបន់ការពារទេស​ភាពទាំងបួនខាងលើ និងផ្តល់យោបល់ទៅលើ សេចក្តីព្រាងអនុក្រឹត្យបង្កើតតំបន់ការពារទេសភាព និងកំណត់ និងបែងចែកតំបន់គ្រប់គ្រង។

កិច្ចប្រជុំនេះមានការចូលរួមពីមន្រ្តីជាច្រើន រួមមានលោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីលោក ប៉ែន សុផល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកសាន ចំរើន អគ្គនាយករង និងជាតំណាងក្រសួងមហាផ្ទៃ លោកលី វណ្ណា  អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងក្រសួងរ៉ែ និងថាមពល  ក្រសួងទេសចរណ៍ ក្រសួងធនធានទឹក និងឧតុនិយម រដ្ឋបាលខេត្តកំពត អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ  និងតំណាងអគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន មន្រ្តីជំនាញមកពីនាយកដ្ឋានអភិរក្ស តំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប និងមន្ទីរពាក់ព័ន្ធ នៃរដ្ឋបាលខេត្តកំពត សរុបចំនួន ៣៤នាក់។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដូចជា ទី១ ផ្តល់យោបល់ទៅលើផែនទីតំបន់ ការពារទេសភាពទាំងបួនខាងលើ និងទី២ ផ្តល់យោបល់ទៅលើសេចក្តីព្រាងអនុក្រឹត្យ បង្កើតតំបន់ការពារទេសភាព និងការកំណត់ និងបែងចែកតំបន់គ្រប់គ្រង៕

តើខេត្តព្រះសីហនុល្អសម្រាប់វិនិយោគិននៅឆ្នាំ២០២៦ដែរឬទេ បន្ទាប់ពីបង្រ្កាបកល្បែងអនឡាញ?

ដោយៈ គង់ សូរិយា

    ព្រះសីហនុៈ លើសពីទឹកសមុទ្រខៀវស្រងាត់ ជាមួយរលកតូចៗ ខេត្តព្រះសីហនុ បង្ហាញខ្លួនក្នុងទិដ្ឋភាពជាខេត្តមួយ ដែលស្ងប់ស្ងាត់ បន្ទាប់ពីការបិទហ្គេមអនឡាញ និងការមកដល់នៃកូវីដ១៩កាលពីឆ្នាំ២០២០។

ជាមួយនឹងការដាក់ចេញនូវផែនការរៀបចំខេត្តនេះ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ការវិនិយោគលើកំពង់ផែទឹកជ្រៅជាបន្តបន្ទាប់ ប្រែក្លាយជាតំបន់ទាក់ទាញទេសចរណ៍បៃតង ការតភ្ជាប់ផ្លួវអាកាស និងការតភ្ជាប់ផ្លូវល្បឿនលឿនជាលើកដំបូង ជាមួយរាជធានីភ្នំពេញ ក្នុងប្រវត្តិសាស្រ្តកម្ពុជា ខេត្តនេះកំពុងអភិវឌ្ឍន៍យ៉ាងស្ងៀមស្ងាត់ បន្ទាប់ពីការអភិវឌ្ឍន៍ដ៏លឿន និងលេចធ្លោចន្លោះឆ្នាំ២០១៦ ២០២០។

អ្នកជំនាញបានលើកឡើងថា អចលនទ្រព្យនៅខេត្តព្រះសីហនុបច្ចុប្ប​ន្ន មានតម្លៃថោកជាងសម័យកាលរីកចម្រើន ដែលជាចំណុចចូលល្អសម្រាប់វិនិយោគិនរយៈពេលវែង ជាមួយទីតាំងយុទ្ធសាស្ត្រ ជា​មជ្ឈ​មណ្ឌលពាណិជ្ជកម្មសំខាន់របស់កម្ពុជា ដោយ៧៥ភាគេយនៃច្រករបៀងពាណិជ្ជកម្មឆ្លងកាត់ភ្នំពេញ-ក្រុងព្រះសីហនុ។

រដ្ឋាភិបាល កំពុងកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីសម្អាតឧក្រិដ្ឋកម្មនិងកែលម្អរូបភាព ដោយផ្តោតលើ “សេដ្ឋកិច្ចពិត” ជាសេដ្ឋកិច្ចព៌ណ “ស”។

សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងកាលពីពេលថ្មីៗនេះថា កម្ពុជាកំពុងប្រែក្លាយពីសេដ្ឋកិច្ចព៌ណខ្មៅ មកជាសេដ្ឋកិច្ចព៌ណ “ស” ដើម្បីទាក់ទាញការវិនិយោគ។

សម្តេចបានសុំទោសប្រជាពលរដ្ឋមួយចំនួន ដែលរងផលប៉ះពាល់ពីការបង្រ្កាបល្បែងអនឡាញ។

សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា
សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា

ទោះជាយ៉ាងណា ស្រមោលអតីតកាលនៅតែត្រូវបានលាបព៌ណ និងលងបន្លាច ដោយទីក្រុងនេះ នៅតែត្រូវបានគេស្គាល់ទូទាំងពិភពលោកសម្រាប់ការបោកប្រាស់ វិនិយោគិនព្រួយបារម្ភអំពីតម្លាភាព។

ជាមួយគ្នានេះ ការដោះស្រាយបញ្ហាអាគារជាប់គាំងរាប់រយក្នុង ខេត្តនេះ មិនទាន់បានលេចចេញនូវសកម្មភាពជាដុំកំភួនក៏ដោយ បើទោះបីជារដ្ឋាភិបាលបង្ហាញទិន្នន័យ នៃការវិនិយោគហាក់ដូចជាត្រឹមរបាយការណ៍នៅលើក្រសាស ច្រើនជាងសកម្មភាពពិត។

បច្ចុប្បន្ននេះ ចំនួនយូនីតខុនដូ និងសណ្ឋាគារច្រើនពេកត្រូវបានសាងសង់ក្នុងអំឡុងពេលរីកចម្រើន ជាអ្វីដែលជានិន្នាការពពុះសាប៊ូ ឬការផ្គត់ផ្គង់លើសតម្រូវការ។

អ្នកវិភាគនិយាយថា ក្រុងព្រះសីហនុគឺជាទីក្រុង “កើនឡើង បន្ទាប់មកធ្លាក់ចុះ និងចាប់ផ្តើមកំណត់នូវគោលនយោបាយឡើងវិញ”។

ទីក្រុងនេះ ពីមុនមកមានការការរីកចម្រើន ដែលជំរុញដោយ

ល្បែងស៊ីសង ប៉ុន្តែឥឡូវនេះ កំពុងព្យាយាមក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចធម្មតា។

អ្នកជំនាញបាននិយាយថា សម្រាប់ការវិនិយោគរយៈពេលខ្លី នៅតែមានហានិភ័យ ប៉ុន្តែបើគិតរយៈពេលវែង  ទីក្រុងនេះនៅតែសក្តានុពល ប្រសិនបើកំណែទម្រង់ទទួលបានជោគជ័យ៕

ដំណឹងល្អៈការពង្រីកផ្លូវជាតិលេខ៧ពីស្គន់ ទៅកាន់ក្រុងកំពង់ចាមជិតសម្រេចបាន១០០ភាគរយហើយ

ដោយៈ ចំណាន

    កំពង់ចាមៈ ក្រសួងសាធារណការបានឲ្យដឹងថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) បួនគន្លង សម្រេចការងារបាន៩៥,៥%ហើយ។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម)។

លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន
លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន

ក្រសួងបានឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ វឌ្ឍនភាពគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង (ស្គន់​-កំពង់ចាម) ប្រវែងសរុប៤៥,៥០គីឡូម៉ែត្រ (PK000+000 – PK45+502.84) ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេចការងារបានចំនួន៩៥,៥% ដើម្បីឱ្យបានហើយមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ហើយបានសំណូមពរដល់ ជំនាញពាក់ព័ន្ធទាំងអស់ត្រូវខិតខំបំពេញការងារដើម្បីពង្រឹងគុណភាពផ្លូវ និងត្រូវចុះអនុវត្តការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍៕

លោកបណ្ឌិតគី សេរីវឌ្ឍន៍បង្ហាញទស្សនទាក់ទងការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិរបស់ចិន

ដោយៈ និស្ស័យ

    ភ្នំពេញៈ នៅខែមីនា ឆ្នាំ ២០១៣ ប្រធានាធិបតីចិន ស៊ី ជិនពីង បានបង្ហាញនូវទស្សនវិស័យនៃ “ការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ” ជាលើកដំបូងនៅលើឆាកអន្តរជាតិ ក្នុងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិទីក្រុងម៉ូស្គូ។

ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិតសភាកម្ពុជារូបនេះបានបង្ហាញការយល់ឃើញរបស់ខ្លួនថា រយៈពេល១៣ឆ្នាំក្រោយមក ទស្ស​នវិស័យនេះ បានអភិវឌ្ឍន៍ពីពាក្យស្លោកការទូត ទៅជាស៊ុមគោលនយោបាយសំខាន់មួយ នៃទំនាក់ទំនងអន្តរជាតិក្នុងសតវត្សទី២១ ខណៈពេលពិភពលោក កំពុងប្រឈមមុខនឹងវិបត្តិជាច្រើន ដូចជា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ការប្រែប្រួលអាកាសធាតុ ភាពមិនស្មើគ្នាកាន់តែធំ និងការបែកបាក់នៃសណ្តាប់ធ្នាប់ពិភពលោក ខួបទី១៣ ឆ្នាំនេះជាឱកាសសំខាន់សម្រាប់ពិចារណា អំពីមូលដ្ឋានគំនិត សមិទ្ធផលជាក់ស្តែង និងសារៈសំខាន់ដ៏យូរអង្វែងរបស់វា។

នៅឆ្នាំ២០១៣ នៅពេលលោក​ស៊ី ជិនពីងបានលើកឡើងគំនិតនេះ គាត់បានឆ្លើយតបទៅនឹងសំណួរប្រវត្តិសាស្ត្រមួយ “មនុស្សជាតិកំពុងទៅកាន់ណា?”។

ប្រធានាធិបតីចិន បានចង្អុលបង្ហាញពីពិភពលោកមួយ ដែលស្ថានភាពសន្តិសុខអន្តរជាតិមានភាពធ្ងន់ធ្ងរ ការស្ដារសេដ្ឋកិច្ចខ្វះថាមពល និងភាពខុសគ្នានៃការអភិវឌ្ឍកំពុងកើនឡើង ខណៈពេលដែលការបាក់បែក នៃការយល់ព្រមពហុភាគី បានធ្វើឱ្យអភិបាលកិច្ចសកលខ្វះទិសដៅច្បាស់​លាស់​។

បច្ចុប្បន្ន ទស្សនវិស័យនេះត្រូវបានបញ្ចូល ទៅក្នុងរដ្ឋធម្មនុញ្ញនៃបក្សកុម្មុយនិស្តចិន រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតចិន និងឯកសាររបស់អង្គការអន្តរជាតិមួយចំនួន ដោយសារតែសហគមន៍មានគោលបំណងសំខាន់ដូចជា ការរក្សាសន្តិភាពយូរអង្វែង សន្តិសុខសកល ទ្រព្យសម្បត្តិរួម ការបើកចំហរ និងបរិយាប័ន្ន និង ពិភពលោកស្អាត។

គោលបំណងសំខាន់ៗនេះ រួមចំណែកក្នុងការងាកចេញពីការប្រកួតប្រជែងយកឈ្នះចាញ់ ទប់ស្កាត់អំពើភេវកម្ម ជំងឺរាតត្បាត និង បញ្ហាអាកាសធាតុ កាត់បន្ថយវិសមភាព លើកកម្ពស់​ពហុភាគីនិយម និង ផ្តោតលើនិរន្តរភាពបរិស្ថាន។

ទស្សនវិស័យនេះ ក៏លើកស្ទួយតម្លៃរួមរបស់មនុស្សជាតិ ដូចជា សន្តិភាព យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព ព្រមទាំងគោរពភាពចម្រុះនៃវប្បធម៌។​

ក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ សមិទ្ធផលជាច្រើនបាន​លេចចេញជារូបរាង​ឡើង​​​និងត្រូវបានអនុវត្ត ដូចជាគម្រោងខ្សែក្រវាត់និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួច​ផ្តើម​សន្តិសុខសក និងគំនិតវប្បធម៌សកល។ គម្រោងខ្សែក្រវាត់ និងផ្លូវ មានប្រទេសចូលរួមជាង ១៥៥ ប្រទេស និងគម្រោងជាង៣,០០០។

ជាមួយគ្នានេះ ចិនក៏បានសហការជាមួយប្រទេសអាហ្វ្រិក ក្នុងវិស័យកាត់បន្ថយភាពក្រីក្រ ពង្រឹងវិស័យសុខាភិបាល និងវិស័យអប់រំ​។ សារៈសំខាន់ដ៏ប្រសើរបំផុតនៃគំនិត “សហគមន៍ជោគវាសនារួមសម្រា​ប់មនុស្សជាតិ” គឺស្ថិតនៅលើការវិភាគ អំពីគម្លាតអភិបាលកិច្ចសកល។

ស្ថាប័នអន្តរជាតិដែលបានបង្កើតឡើង បន្ទាប់ពីសង្គ្រាមលោកលើកទី២ ដូចជា អង្គការសហប្រជាជាតិ ប្រព័ន្ធBretton Woods និងអង្គការពាណិជ្ជកម្មពិភពលោក ត្រូវបានរចនាឡើងសម្រាប់ពិភពលោកមួយ ដែលមានការតភ្ជាប់គ្នាខ្សោយនៅឡើយ។ នេះជាផ្នត់គំនិតមួយដើម្បីចូលរួមដោះស្រាយ នូវគម្លាតអភិបាលកិច្ចសាកល ដោយជំរុញឱ្យបង្កើតនូវទំនាក់ទំនងអន្តរជាតិប្រភេទថ្មី ដែលផ្អែកលើអត្ថប្រយោជន៍រួម សមភាព និងការទទួលខុសត្រូវសាកលជារួម។

ជ្រុងសំខាន់មួយនៃគំនិតនេះ វិមាត្រសំខាន់មួយទៀតគឺការបដិ​សេធនូវការវាតទីអំណាច ដែលមានសារសំខាន់សម្រាប់ប្រទេសតូចៗ ការលើកស្ទួយតម្លៃរួមរបស់មនុស្សជាតិ។

ជាមួយគ្នានេះ ទស្សនវិស័យនេះត្រូវបានដាក់បញ្ចូល ទៅក្នុងឯកសារសំខាន់ៗរបស់ស្ថាប័នអន្តរជាតិ និងរដ្ឋចិន ដែលវាមិនមែនគ្រាន់តែជានិមិត្តសញ្ញាទេ ប៉ុន្តែជាការបង្កើតផ្នត់គំនិត សម្រាប់ការលូតលាស់សម្រាប់អនាគត។ ជាក់ស្តែងដូចជា គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែលមានប្រទេសចូលរួមជាង១៥៥ ដែលតំណាងឲ្យប្រជាជនភាគច្រើននៃពិភពលោក។

គម្រោងជាង៣,០០០ ត្រូវបានអនុវត្តន៍ និងមានការវិនិយោគជិត ១ ទ្រីលានដុល្លារ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ដូចជា កំពង់ផែ ផ្លូវដែក និងបច្ចេកវិទ្យាឌីជីថល។ លើសពីនេះទៀត សម្រាប់ប្រទេសកំពុងអភិវឌ្ឍ ដូចជា កម្ពុជា គំនិតផ្តួចផ្តើនេះ សមស្របជាមួយបំណងចង់បានរបៀបលំដាប់អន្តរជាតិដែលមានសមធម៌។

គំនិតផ្តួចផ្តើមនេះ បានជួយលើកតម្កើង និងពង្រីកសហប្រតិបត្តិការពិភពលោក ជាពិសេសនៅតំបន់អាស៊ី អាហ្វ្រិក អឺរ៉ុប និង អាមេរិកឡាទីន។ បន្ថែមលើនេះទៀត ទស្សនវិស័យនេះ បានរួមចំណែកបង្កើតសហគមន៍ជាក់តាមវិស័យ ដូចជា អ៊ីនធឺណិត សុខាភិបាល បរិស្ថាន សន្តិសុខបរិមាណូ និងសន្តិសុខមហាសមុទ្រ។

ជាការអនុវត្តជាក់ស្តែង ក្នុងពេលជំងឺCOVID-19 ចិនបានផ្តល់វ៉ាក់សាំង និងសម្ភារៈវេជ្ជសាស្ត្រដល់ប្រទេសជាច្រើន។ សមិទ្ធផ​ល​សំខាន់ៗមួយចំនួនទៀត រួមមាន គឺការលើកកម្ពស់សាមគ្គីភាពរវាងប្រទេសសាកលខាងត្បូង។

ក្នុងកិច្ចប្រជុំBRICS កាលពីឆ្នាំ ២០២៤ មានការពង្រីកសមាជិក និងការផ្តល់វិធានការគាំទ្រជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម សេដ្ឋកិច្ចឌីជីថល បរិស្ថាន សុខាភិបាល។ ទស្សនវិស័យនេះក្លាយជាចំណុចយោងសំខាន់សម្រាប់ការទូតរបស់ប្រទេសកំពុងអភិវឌ្ឍ។

ជារួមមក ប្រសិនបើពិភពលោកនូវរក្សាសណ្តាប់ធ្នាប់ ដោយផ្អែកលើគោលការណ៍សំខាន់ៗ នៃទស្សនវិស័យនៃសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិនេះ​ ​ម៉្លេះពិភពលោកនឹងមិនមានសង្គ្រាម​នៅមជ្ឈឹមបូព៌ា ការប៉ះទង្គិចប្រដាប់អាវុធ នៅតាមព្រំដែនកម្ពុជា–ថៃ និងវិបត្តិប្រងឥន្ធនៈដូចសព្វថ្ងៃនេះទេ៕

អ្នកជំនាញអះអាងថាមាសមិនធ្លាក់ចុះរយៈពេលវែងនោះទេ

ដោយៈ ម៉ាណា

    អន្តរជាតិៈ មាសអាចនឹងធ្លាក់ចុះក្នុងរយៈពេលខ្លី ប៉ុន្តែអ្នកជំនាញភាគច្រើនមិនរំពឹងថា នឹងមានការធ្លាក់ចុះរយៈពេលវែងនោះទេ។

ផ្ទុយទៅវិញភាគច្រើននិយាយថា និន្នាការរយៈពេលវែង មានស្ថេរភាពទៅកើនឡើង ជាមួយនឹងរយៈពេលនៃភាពប្រែប្រួល។

.​ អ្វីដែលអ្នកជំនាញកំពុងនិយាយ (2026)

សេដ្ឋវិទូនៅធនាគារJ.P. Morganបានព្យាករណ៍មាសអាចស្ថិតក្នុងតម្លៃប្រហែល $5,000–$5,400 (2026–2027)ក្នុងមួយអោនស៍

ជាមួយគ្នានេះ ធនាគារGoldman Sachs បានកំណត់គោលដៅប្រហែល $5,400 នៅចុងឆ្នាំ២០២៦។

ធនាគារUBSបាននិយាយថា មាសអាចកើនឡើង២០ភាគរយពីកម្រិតបច្ចុប្បន្ន។

ចំណែកការស្ទង់មតិរបស់Reuters ជាមួយអ្នកវិភាគ៣០នាក់បានព្យាករណ៍ថា មាសមានតម្លៃជាមធ្យមខ្ពស់បំផុត$4,746+។

អ្នកវិភាគភាគច្រើននៅតែមានសុទិដ្ឋិនិយមថា “មាសទំនងជានៅតែខ្ពស់ ឬឡើងខ្ពស់ជាងនេះ មិនមែនដួលរលំទេ”។

ចំណែកអ្នកវិភាគខ្លះរំពឹងថាការធ្លាក់ចុះ អាចមកដល់ប្រហែល៤២០០ដុល្លារ ព្រោះមានតម្លៃថ្លៃរួចទៅហើយ បន្ទាប់ពីការកើនឡើងយ៉ាងខ្លាំង៕

អន្តរក្រសួងចាប់ផ្តើមដោះស្រាយករណីដីដេប៉ូស្ថានីយរថភ្លើងសំរោង

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមមន្រ្តីអន្តរក្រសួងបានចូលរួមក្នុងកិច្ចប្រជុំដោះស្រា​យករណីដីដេប៉ូស្ថានីយរថភ្លើងសំរោង ក្រោមអធិបតីភាពលោកឧបនា​យករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ស្ថានីយរថភ្លើងសំរោង ស្ថិតនៅភូមិតិក្ខបញ្ញ ភូមិសំរោង ភូមិចែងម៉ែង សង្កាត់សំរោងក្រោម និងភូមិកាកាបទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

រដ្ឋាភិបាលកម្ពុជាមានផែនការ រុះរើស្ថានីយ៍រថភ្លើងបច្ចុប្បន្ន ដែលស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ទៅកាន់ស្ថានីយ៍សំរោង ដើម្បីសម្រួល​ការដឹកជញ្ជូន ការកកស្ទះចរាចរណ៍ជាដើម ដែលគំរោងនេះបានគ្រោងធ្វើជាយូរមកហើយ ប៉ុន្តែមិនទាន់បានលេចចេញជារូបរាងនៅឡើយ៕

តើស្ថានភាពទីផ្សារអចលនទ្រព្យនៅខេត្តសៀមរាបវិវត្តន៍ដូចម្តេច? បន្ទាប់ពីទេសចរណ៍ងើបឡើងវិញ?

ដោយៈ ចំណាន

    សៀមរាបៈ អ្នកជំនាញ និងអ្នកវិភាគទីផ្សារបាននិយាយថា អច​ល​នទ្រព្យនៅសៀមរាប ទំនងជានឹងកើនឡើង ប៉ុន្តែយឺតៗ និងស្ថិតនៅក្នុងលក្ខខ័ណ្ឌពិសេសមួយ។

. តើអ្នកជំនាញនិយាយអ្វីខ្លះ

ក្រុមហ៊ុនCBRE Cambodia បាននិយាយថា អចលនទ្រព្យនៅទីក្រុងនេះ សកម្មភាពសម្រាប់រយៈពេលខ្លីនៅតែយឺត ប៉ុន្តែបើគិតរយៈពេលវែងមានឱកាស ដោយសារទេសចរណ៍ មិនទាន់ងើបឡើងវិញពេញលេញនៅឡើយទេ។

“ទស្សនវិស័យរយៈពេលខ្លីនៅតែស្ងប់ស្ងាត់ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធ និងមូលដ្ឋានគ្រឹះគាំទ្រដល់កំណើនរយៈពេលវែង”។

ក្រុមហ៊ុនKnight Frank អ្នកវិភាគទីផ្សារបានបង្ហាញរបាយការ​ណ៍របស់ខ្លួនផងដែរថា  ទីផ្សារអចលនទ្រព្យកម្ពុជា កំពុងចូលទៅក្នុង “ដំណាក់កាលស្ថិរភាព” ក្នុងឆ្នាំ២០២៦ ជាមួយកំណើនមានកម្រិតមធ្យម មិនផ្ទុះខ្លាំង។

ការស្រាវជ្រាវទីផ្សារក្នុងស្រុកពីក្រុមហ៊ុនERA, APS, IPS, BambooRoutes បានព្យាករណ៍សម្រាប់តម្លៃនៅសៀមរាប នឹងអាចមានកំណើនត្រឹមចន្លោះពី២% ដល់៥% ក្នុងឆ្នាំ ២០២៦នេះ។

កំណើនដ៏យឺតនេះ ដោយសារការងើបយឺតនៃទីផ្សារទេសចរណ៍ ការផ្គត់ផ្គង់ខុនដូមានកំណត់ និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ។

អ្នកជំនាញអចលនទ្រព្យកម្ពុជាបានលើកឡើងថា ទីផ្សារកំពុង “ងើបឡើងវិញជាបណ្តើរៗ” ជាមួយនឹងតម្រូវការស្ថិរភាព។

ជាមួយគ្នានេះ ការដាក់ដំណើរការអាកាសយានដ្ឋានថ្មី កាលពីឆ្នាំ២០២៣ បានផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង ដែលហេដ្ឋារចនាសម្ព័ន្ធនេះ បានធ្វើអោយប្រសើរឡើងនូវការចូលប្រើប្រាស់ ជាមួយការមកដល់នៃជើងហោះហើរកាន់តែច្រើន ភ្ញៀវទេសចរកាន់តែច្រើន ការវិនិយោគកាន់តែច្រើន៕

មជ្ឈមណ្ឌលពាណិជ្ជកម្មG.I.A Noreaកំពស់ជាង២០០ម៉ែត្រនឹងក្លាយជាគម្រោងអគារឆ្លាតវៃដំបូងគេនៅភ្នំពេញ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ វានឹងក្លាយជាអាគារខ្ពស់ជាងគេ សម្រាប់ទីក្រុងនរា សម្រាប់អន្តរកាលមួយ ដោយG.I.A Norea នឹងក្លាយជាអាគារពាណិជ្ជកម្មឆ្លាតវៃ និងបំពាក់ដោយបច្ចេកវិទ្យាAI។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការគម្រោងនេះកាលពីចុងសប្តាហ៍មុន។

ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តី បានចាត់ទុកថា គម្រោងអគារឆ្លាតវៃ ជី អាយ អេ នរា ជា “ហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏សំខាន់” និង ជា “មជ្ឈមណ្ឌលឆ្លាតវៃ” (Smart Hub) ដែលត្រូវបានរចនាឡើងដើម្បីឆ្លើយតប ទៅនឹងតម្រូវការខ្ពស់នៃសេដ្ឋកិច្ចឌីជីថលសកល។ អ្វីដែលកាន់តែពិសេសនោះ គឺការអនុវត្តបច្ចេកវិទ្យា BIM (Building Information Modeling) ដែលនឹងប្រែក្លាយសំណង់នេះ ឱ្យទៅជា “ឌីជីថលភ្លោះ” (Digital Twin) ដ៏រស់រវើក។

លោកជា វ៉ាន់ដេតបានបន្តថា គម្រោងអគារនេះ មានរួមបញ្ចូលប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការគ្រប់គ្រងថាមពលនិងការថែទាំទុកជាមុន (Predictive Maintenance) ជាគំរូដ៏ឆ្នើមក្នុងការកាត់បន្ថយការភាយចេញឧស្ម័នកាបូន និងការជំរុញការអភិវឌ្ឍប្រកបដោ​យចីរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកបានលើកឡើងទៀតថា បច្ចេកវិទ្យាបានចូលរួមធ្វើទំនើបកម្មនិងសម្របសម្រួលកិច្ចការជាច្រើន ទាំងវិស័យសាធារណៈ និងឯកជន ព្រមទាំងបានកាត់បន្ថយពេលវា និងការចំណាយផ្សេងៗ។ ក្នុងន័យនេះ លោករដ្ឋមន្រ្តីបានអំពាវនាវ ដល់វិស័យឯកជនចូលរួមប្រើប្រា​ស់បច្ចេកវិទ្យា សម្រាប់ជាជំនួយដល់ការគ្រប់គ្រង ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៕

រដ្ឋាភិបាលសិង្ហបុរីគ្រោងសាងសង់អគារលំនៅឋានសាធារណៈខ្ពស់បំផុតក្នុងប្រទេសរបស់ខ្លួន

ដោយ: សហសេវិក
អន្តរជាតិ: ប្រទេសសិង្ហបុរីគ្រោងសាងសង់អគារលំនៅឋានសាធារណៈខ្ពស់បំផុតរបស់ខ្លួននៅទីតាំង Pearl’s Hill ក្នុងតំបន់ Outram ហើយនេះក៏ជាលើកដំបូងក្នុងរយៈពេល៤០ឆ្នាំ ដែលផ្ទះល្វែងសាធារណៈថ្មីនឹងត្រូវបានសាងសង់នៅលើទីតាំងនេះ។

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជាតិ លោក Chee Hong Tat បានអះអាងថា គម្រោងនេះនឹងមានកំពស់ជាង ៦០ជាន់ និងមានលំនៅឋានប្រហែល ១.៧០០យូនីត ដែលនឹងក្លាយជាអគារលំនៅឋានសាធារណៈខ្ពស់បំផុតនៅសិង្ហបុរី បន្ទាប់ពីបញ្ចប់ការសាងសង់។

គម្រោងនេះនឹងវ៉ាដាច់កំពស់របស់អគារ The Pinnacle@Duxton ដែលបច្ចុប្បន្នជាអគារលំនៅឋានសាធារណៈខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសសិង្ហបុរី។

លោក Chee បានគូសបញ្ជាក់ថា ការសាងសង់អាផាតមុិនខ្ពស់ៗ ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដើម្បីពង្រីកការផ្គត់ផ្គង់លំនៅឋានសាធារណៈ តាមរយៈការបង្កើនការប្រើប្រាស់ដីធ្លី។

អាជ្ញាធរសិង្ហបុរីបានបង្ហាញផែនការខាងលើជាលើកដំបូងនៅឆ្នាំ២០២៣ ដើម្បីអភិវឌ្ឍលំនៅឋានសាធារណៈនៅទីតាំង Pearl’s Hill ដោយបង្ហាញថា ផ្ទះសាធារណៈ និងឯកជនប្រមាណ៦.០០០យូនីតនឹងត្រូវបានសាងសង់នៅក្នុងតំបន់នេះក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។

យោងតាមកាសែត The Straits Times បានឱ្យដឹងថា គម្រោងនឹងមានតំបន់េបៃតងដូចជា លក្ខណៈពិសេសនៃទឹក និងដើមឈើ ដែលបំផុសគំនិតដោយរចនាបថសិល្បៈប្រពៃណីចិន ដែលពណ៌នាអំពីភ្នំ និងទឹកហូរ៕ប្រភព: Vnexpress៕