ក្រសួងសាធារណការនិងអ្នកជំនាញជប៉ុនពិនិត្យវឌ្ឈនភាពនៃធ្វើឱ្យប្រសើរឡើងនូវភស្តុភារកម្មកម្ពុជា

ដោយៈ ចំណាន

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងអ្នកជំនាញការជប៉ុនបានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងលទ្ធផលនៃការអនុវត្តគម្រោងស្ដីពី ការពង្រឹងសមត្ថភាពក្នុងការសម្របសម្រួល សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវភស្តុភារកម្មកម្ពុជា (PMU/SF-CLIP)។

កិច្ចប្រជុំនេះ ដឹកនាំដោយលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការចម្រុះ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងលទ្ធផលនៃការអនុវត្តគម្រោងស្ដីពី ការពង្រឹងសមត្ថភាពក្នុងការសម្របសម្រួល សម្រាប់ការធ្វើឱ្យប្រសើរឡើង នូវភស្តុភារកម្មកម្ពុជា (PMU/SF-CLIP) ក្រោមជំនួយបច្ចេកទេសរបស់ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA)។

លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន
លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន

កិច្ចប្រជុំនេះក៏មាន ការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង អ្នកជំនាញJICA តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ស្វាយរៀង ព្រៃវែង និងបន្ទាយមានជ័យ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃលើវឌ្ឍនភាពការងារ នៃការអនុវត្តរបស់ក្រុមការងារនីមួ​យៗ លើផែនការសកម្មភាពនៅក្នុងគម្រោង ការស្វែងរកដំណោះស្រា​យលើបញ្ហាប្រឈមនានា ការប្រមូលធាតុចូលបន្ថែម ពង្រឹងការរៀបចំផែនការ ប្រមូល និងវិភាគទិន្នន័យ ដោយផ្អែកលើភស្តុតាងសម្រា​ប់លើកកម្ពស់ប្រព័ន្ធឡូជីស្ទីក និងការដឹកជញ្ជូន ការពង្រឹងការធ្វើរបាយការណ៍ប្រចាំឆ្នាំ នៃផែនការមេគ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ឱ្យមានលក្ខណៈល្អប្រសើរឡើងថែមទៀត។

ការធ្វើឱ្យប្រសើរឡើង នូវការគ្រប់គ្រងការដឹកជញ្ជូនទំនិញតាមផ្លូវថ្នល់ និងផ្លូវដែក ជាមួយប្រទេសជិតខាង សំដៅការលើកកម្ពស់ ប្រព័​ន្ធ​ឡូជីស្ទីក និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន កាន់តែមានប្រសិទ្ធិភាព និងប្រសិទ្ធផល។

លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណចំពោះសមាជិកអង្គប្រជុំ និងអ្នកជំនាញការរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រចាំកម្ពុជា ដែលបានយកចិត្តទុកដាក់ ខិតខំបំពេញការងារ និងការធ្វើបទបង្ហាញអំពីលទ្ធផល នៃការសិក្សាស្រាវ​ជ្រាវ និងការរៀបចំផែនការសកម្មភាពបន្តរបស់គម្រោង ដែលបានផ្តល់ធាតុចូលសំខាន់ៗជាច្រើន ដើម្បីជំរុញការអនុវត្តគម្រោងឱ្យសម្រេចបានជោគជ័យ ស្របតាមផែនការដែលគ្រោងទុក៕

រដ្ឋមន្រ្តីក្រសួងទេសចរណ៍គាំទ្រក្របខ័ណ្ឌយុទ្ធនាការ “ខ្មែរត្រូវតែខ្លាំង” ក្នុងការចូលរួមចំណែកលើកតម្កើងវិស័យទេសចរណ៍កម្ពុជា

ដោយៈ ចំណាន

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសូងទេសចរណ៍ លោកហួត ហាក់បានបង្ហាញការគាំទ្ររបស់ក្រសួងលើយុទ្ធនាការ “ខ្មែរត្រូវតែខ្លាំង” ដែលបាននិងកំពុងរៀបចំឡើងដោយវិទ្យាស្ថានស៊ីអ៊ីអូ។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងបែបនេះ  ក្នុងឱកាសបានអញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយវិទ្យាស្ថានស៊ីអ៊ីអូ ដឹកនាំដោយ លោកបណ្ឌិត អោម សេងបូរ៉ា ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានស៊ីអ៊ីអូ ព្រមទាំងសហការីសរុបចំនួន៧០នាក់ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងក្រសួងទេសចរណ៍ និងវិទ្យាស្ថានស៊ីអ៊ីអូ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងការចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានលើកឡើងអំពីយុទ្ធសាស្ត្រសំខាន់ៗរបស់ក្រសួង ក្នុងការជំរុញវិស័យទេសចរណ៍ ឱ្យមានភាពប្រកួតប្រជែង និងមានចីរភាព ជាពិសេសការផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សដែលមានជំនាញ និងគុណភាពខ្ពស់។

ជាមួយគ្នានេះ លោកបណ្ឌិតអោម សេងបូរ៉ា បានបង្ហាញពីតួនាទី និងសកម្មភាពរបស់វិទ្យាស្ថានស៊ីអ៊ីអូ ក្នុងការរៀបចំស្តង់ដាសម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍កម្ពុជា ការកសាងសមត្ថភាពសម្រាប់សហគ្រិនវិស័យទេសចរណ៍ ពោលគឺផ្តល់ការអប់រំ និងបណ្តុះបណ្តាលជំនាញដល់យុវជន និងមន្ត្រីជំនាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពិសេសឯកឧត្តមបណ្ឌិត ក៏បានស្នើសុំពិនិត្យលទ្ធភាពចុះMoU ក្រោមយុទ្ធនាការ “ខ្មែរត្រូវតែខ្លាំង” ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែខ្លាំង និងមាននិរន្តរភាព។

លោកបណ្ឌិត ក៏បានពិភាក្សាអំពីការរៀបចំកម្មវិធីបណ្តុះបណ្តាល ការស្រាវជ្រាវ និងការចែករំលែកបទពិសោធន៍ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ជំនួបបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាលនេះ ត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយ ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងវិស័យអប់រំ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើន និងមានប្រសិទ្ធភាពខ្ពស់៕

អ្នកជំនាញលើកឡើងពីផ្នែកងើបឡើង និងធ្លាក់ចុះនៃវិស័យអចលនទ្រព្យនៅកម្ពុជា តើមានផ្នែកអ្វីខ្លះងើប?

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ ទោះពេលមេឃងងឹតក្តី ក៏នៅតែមានពន្លឺលេចឡើងខ្លះផងដែរ ប្រៀបដូចវិស័យអចលនទ្រព្យកម្ពុជា នៅឆ្នាំ២០២៦នេះ ដែលផ្នែកមួយចំនួននៅតែមានតម្រូវការ។

អគ្គនាយិកាក្រុមហ៊ុនPropnex Cambodia អ្នកនាងអាន សុធីតា បានមានប្រសាសន៍ឲ្យដឹង កាលពីព្រឹកថ្ងៃទី២៥ មិនាថា ទីផ្សារអចលនទ្រព្យ មានផ្នែកមួយចំនួនបន្តធ្លាក់ចុះ និងផ្នែកមួយចំនួនទៀតមានការកើនឡើង ដោយមានសកម្មភាពទិញ លក់ជាបន្តបន្ទាប់ផងដែរ។

អ្នកនាងបន្តថា “ទីផ្សារដីសម្រាប់ប្រើប្រាស់ និងលំនៅដ្ឋានសម្រា​ប់ប្រើប្រាស់នៅមានជាធម្មតា និងទីផ្សារជួលសម្រាប់ធ្វើសកម្មភាពពាណិជ្ជកម្មមានដំណើរការល្អ”។ អ្នកនាងបន្ថែមថា “ទោះជាយ៉ាងណាការជួលលំនៅដ្ឋានសម្រាប់ស្នាក់នៅ និងការលក់គំរោងដែលស្ថិតនៅកំពុងសាងសង់ហាក់មានបញ្ហាប្រឈមផងដែរ”។

អគ្គនាយិកាក្រុមហ៊ុនPropnex Cambodia អ្នកនាងអាន សុធីតា
អគ្គនាយិកាក្រុមហ៊ុនPropnex Cambodia អ្នកនាងអាន សុធីតា

ការសិក្សាបានបង្ហាញថា ទីផ្សារអចលនទ្រព្យកម្ពុជា អាចមានកំណើនចន្លោះពី២ ទៅ៥ភាគរយនៅឆ្នាំ២០២៦នេះ អាស្រ័យលើប្រភេ​ទអចលនទ្រព្យ។

លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltd បានមានប្រសាសន៍ឥ្យដឹងផងដែរថា មនុស្សជាច្រើនបានគិតថា ទីផ្សារកំពុងជាប់គាំង ប៉ុន្តែសម្រាប់លោកស្រីផ្ទាល់នៅតែអាចលក់បានបណ្តើរៗនៅក្នុងទីផ្សារ។

លោកស្រីបន្តថា “អ្នកវិនិយោគឆ្លាតវៃ ពួកគាត់នៅតែបន្តទិញ អចលនទ្រព្យ ដែលមានតម្លៃល្អនៅលើទីផ្សារ ពិសេសតម្លៃក្រោមទីផ្សារ ដែលមានឱកាសចំណេញ អ្នកមានប្រាក់នៅតែសម្ងំទិញស្ងាត់ៗនៅឡើយ”៕

លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltd
លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltd

សភាពាណិជ្ជកម្មត្រៀមដាក់ដំណើរការផ្សារវីងសប (Wingshop) និងហាងK’FAE

ដោយៈ ម៉ាណា

ភ្នំពេញៈ  សភាពាណិជ្ជក​ម្មកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពីឱកាសអាជីវកម្មជាមួយនឹង ក្រោមអធិបតីភាពលោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងលោក Manu Rajan នាយកប្រតិបត្តិជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក និង សមាជិក សភាពាណិជ្ជកម្មកម្ពុជា ជាច្រើន។

គោលបំណងសិក្ខាសាលានេះ គឺដើម្បីណែនាំ និងផ្សព្វផ្សាយអំពី ផ្សារវីងសប (Wingshop) និង ហាងK’FAE ដល់ សមាជិក សមាជិ​កា សភាពាណិជ្ជកម្មកម្ពុជា និងដៃគូអាជីវកម្ម។

សិក្ខាសាលានេះ បានផ្តល់ឱកាសដ៏មានតម្លៃ ដល់អ្នកចូលរួមទាំងអស់ ដែលមានចំណាប់អារម្មណ៍ ក្នុងការចូលរួមជាដៃគូអាជីវកម្មហាង (Store Business Partners) ជាមួយនឹងផ្សារវីងសប (Wingshop​) និង ហាងK’FAE ។

ជាមួយគ្នានេះ សិក្ខាសាលានេះក៏មានគោលបំណង បង្កើតទំនាក់ទំនងដៃគូអាជីវកម្ម ដែលជាការចូលរួមជួយ ដល់ការរីកចម្រើនវិស័យលក់រាយនៅកម្ពុជាផងដែរ។

ផ្សារវីងសប (Wingshop) ផ្សារវីងសប មានទំនិញជាច្រើនប្រភេទ រួមទាំងផលិតផលខ្មែរជាច្រើនមុខ ដែលត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំង ដោយរួមបញ្ចូលនូវបច្ចេកវិទ្យាលក់រាយបែបឆ្លាតវៃ ប្រព័ន្ធបង់ប្រាក់ឌីជីថល អាហារចម្អិនស្រាប់ និងសេវាកម្មល្អបំពេញតាមតម្រូវការប្រចាំថ្ងៃនៅក្នុងទីតាំងតែមួយ។

រួមជាមួយនឹងហាងK’FAE ដែលជាគំនិតថ្មីក្នុងការផ្តល់ជូននូវកាហ្វេទំនើប និងសេវាកម្មរហ័ស ដែលជាការលើកកម្ពស់អាជីវកម្មក្នុងស្រុក និងសហគមន៍ តាមរយៈការច្នៃប្រឌិតនិងភាពងាយស្រួល៕

ទីផ្សារការិយាល័យនៅតំបន់កណ្តាលទីក្រុងហុងកុងកំពុងបង្ហាញសញ្ញាងើបឡើងវិញក្នុងរយៈពេល២ខែដំបូងនៃឆ្នាំនេះ

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានឱ្យដឹងថា អត្រា​ទំនេរ​ការិយាល័យ​នៅក្នុង​តំបន់​ពាណិជ្ជកម្ម​កណ្តាល​របស់​ទីក្រុង​ហុងកុង​នៃប្រទេសចិនបាន​ធ្លាក់ចុះ​មក​ត្រឹម​ចំនួនមួយ​ខ្ទង់​ជា​លើកដំបូង​ក្នុង​រយៈពេល២៦ខែ។

ការណ៍នេះបានជំរុញតម្លៃ​ជួលការិយាល័យនៅក្នុង​ទីក្រុង​ហុងកុង។ អត្រាការិយាល័យទំនេរនៅតំបន់ Central របស់ទីក្រុងហុងកុងបានធ្លាក់ចុះមកត្រឹម៩,៩ភាគរយនៅក្នុងខែកុម្ភៈ ពី១០,១ភាគរយកាលពីខែមករា។

ជាមួយគ្នានេះ អត្រា​​ការិយាល័យ​ទំនេរលំដាប់ខ្ពស់​ទូទាំង​ទីក្រុង​បាន​ធ្លាក់​ចុះ​មក​ត្រឹម ១៣,៤ ភាគរយ​ក្នុង​ខែ​កុម្ភៈ​ ពី១៣,៥ភាគរយ​ក្នុង​ខែ​មករា ដោយ​តំបន់ Wan Chai និងតំបន់ Causeway Bay បាន​កត់ត្រា​ការ​ធ្លាក់​ចុះ​មក​ត្រឹម១០,២ភាគរយនៅខែកុម្ភ:​ពី១០,៣ភាគរយ​ក្នុងខែមករា។

តម្លៃជួលការិយាល័យកម្រិត A នៅតំបន់ Central បានកើនឡើង៣,៥ភាគរយក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ បន្ទាប់ពីកើនឡើង១,២ភាគរយនៅក្នុងខែមករា និង២,៣ភាគរយនៅក្នុងខែកុម្ភៈ។

លោក Alex Barnes នាយកគ្រប់គ្រងក្រុមហ៊ុន JLL ប្រចាំទីក្រុងហុងកុង ម៉ាកាវ និងតៃវ៉ាន់ បានលើកឡើងថា វិស័យធនាគារនៅតែជាកត្តាជំរុញចម្បងនៃសកម្មភាពជួលការិយាល័យ ហើយតម្រូវការផ្តោតលើអគារការិយាល័យថ្មីៗនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល។

លោក Barnes បានបន្ថែមថា «និន្នាការនេះត្រូវបានគេរំពឹងថា នឹងបន្តកើតមានរហូតដល់ដំណាច់ឆ្នាំ២០២៦ ខណៈទីផ្សារការិយាល័យនៅតំបន់ non-core ដូចជា សង្កាត់ Kowloon East អាចបន្តស្ថិតនៅក្រោមសម្ពាធ»៕ប្រភព: SCMP៕

រដ្ឋមន្រ្តីក្រសួងចំនួន២រួមគ្នាសហការរៀបចំព្រឹត្តិការណ៍ដំណើរ ទស្សនកិច្ចតំបន់អង្គរ

ដោយៈ ចំណាន

    សៀមរាបៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងសុខាភិបាល បានរួមគ្នាសហការរៀបចំព្រឹត្តិការណ៍ ដំណើរទស្សនកិច្ចតំបន់អង្គរក្នុងយុទ្ធនាការរៃអង្គាសថវិកា “Walk for a Smile” ដែលបានបង្ហាញអំពីទឹកចិត្តសប្បុរសធម៌ ខ្មែរជួយខ្មែរ ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសប្រតិបត្តិការល្អ ជាពិសេសជាតម្លៃបន្ថែមខ្ពស់ ក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា និងសេដ្ឋកិច្ចកម្ពុជា។

លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ រួមជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញ ជាគណៈអធិបតីក្នុងព្រឹត្តិការណ៍ “Walk for a Smile” ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់អង្គការស្នាមញញឹមកម្ពុជា ដែលនេះគឺជាលើកទី១ សម្រាប់ក្រសួងទេសចរណ៍ និងជាលើកទី៨ ដែលកម្មវិធី Walk for a Smile ត្រូវបានរៀបចំឡើងនៅលើទឹកដីដ៏ពិសិដ្ឋ និងជាតំបន់វប្បធម៌បេតិកភណ្ឌនៃខេត្តសៀមរាប ស្របពេលដែលថ្ងៃនេះក៏ជាថ្ងៃនៃព្រឹត្តិការណ៍សមរាត្រីអង្គរ។

ក្នុងកម្មវិធីមនុស្សធម៌នេះ មានការអញ្ជើញចូលរួមពីលោក ចាន់ កុក ចយ នាយកប្រតិបត្តិអង្គការស្នាមញញឹមកម្ពុជា (smile Cambodia) និងមន្រ្តីពាក់ព័ន្ធ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលអង្គការស្នាមញញឹមកម្ពុជា ព្រមទាំងការជួយជ្រោម​ជ្រែង សព្វគ្រប់បែបយ៉ាងពីក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, អង្គការស្នាមញញឹមកម្ពុជា (Smile Cambodia) បានបំពេញបេសកកម្មផ្ដល់សេវាវះកាត់ ដោយឥតគិតថ្លៃ ជូនអ្នកជំងឺមាត់ឆែប ក្រអូមមាត់ឆែប រលាក ព្យាបាលមាត់ធ្មេញ និងពិការមុខមាត់ នៅទូទាំងប្រទេស។

អង្គការស្នាមញញឹមកម្ពុជា (smile Cambodia) ក៏បានអញ្ជើញក្រុមគ្រូពេទ្យដែលស្ម័គ្រចិត្ត ពីសាធារណរដ្ឋប្រជាមានិតចិន មកពីអង្គការចំនួន២ គឺ Future Smile China និង BEAM Hong Kong ដើម្បីចូលរួមកម្មវិធីខាងលើនេះផងដែរ។

លោកហួត ហាក់ បានគាំទ្រយ៉ាងពេញទំហឹងនូវរាល់សកម្មភាពដែលផ្សារភ្ជាប់ ទេសចរណ៍ សុខភាព និងមនុស្សធម៌ ដែលព្រឹត្តិ​ការណ៍ដើរនៅថ្ងៃនេះ បានបង្ហាញឱ្យពិភពលោកឃើញថា កម្ពុជាមិនត្រឹមតែមានប្រាសាទបុរាណដ៏អស្ចារ្យ និងតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាគឺជា “ព្រះរាជាណាចក្រ អច្ឆរិយៈដែលផ្តល់នូវភាពកក់ក្តៅ” តាមរយៈបេះដូងសប្បុរសធម៌របស់ប្រជាជនយើង ជាមួយនឹងស្នាមញញឹម ដែលត្រូវបានពិភពលោក ប្រសិទ្ធនាមថា “ស្នាមញញឹមកម្ពុជា”។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា សកម្មភាពនៅថ្ងៃនេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់រូបភាពវិជ្ជមានរបស់កម្ពុជា ទៅកាន់ពិភពលោកថា យើងគឺជាប្រជាជាតិមួយដែលពោរពេញដោយក្តីស្រឡាញ់ និងការចែករំលែក៕

តើមានកត្តាអ្វីខ្លះអាចធ្វើឲ្យតម្លៃដីនៅកម្ពុជាហក់ឡើងខ្ពស់ជាថ្មី?

ដោយៈ ចំណាន

    ភ្នំពេញៈ ពីមុននៅពេលរដ្ឋាភិបាលប្រកាសសាងសង់ហេដ្ឋារចនាសម្ព័ន្ធណាមួយ គំរោងអ្វីមួយតម្លៃដីតែងតែហក់ឡើងភ្លាមៗ ប៉ុន្តែបច្ចុ​ប្បន្នមិនដូច្នេះទៀតទេ។

តើមានកត្តាអ្វីខ្លះអាចជម្រុញឲ្យតម្លៃដីងើបឡើងវិញ? ដើម្បីធ្វើឱ្យតម្លៃដីធ្លីនៅកម្ពុជាកើនឡើងម្តងទៀត វាមិនមែនគ្រាន់តែជាកត្តាមួយនោះទេ  គឺវាត្រូវការទំនុកចិត្ត + តម្រូវការ + សកម្មភាពសេដ្ឋកិច្ចពិតប្រាកដ។

ទោះជាយ៉ាងណា អ្នកជំនាញបាននិយាយថាឆ្នាំ ២០២៦ ទីផ្សារកំពុងស្ថិតក្នុងដំណាក់កាលងើបឡើងវិញយឺតៗ មិនមែនជាការរីកចម្រើននោះទេ។ តម្លៃត្រូវបានគេរំពឹងថា នឹងកើនឡើងត្រឹមតែប្រហែ​លចន្លោះពី២ ទៅ៥ភាគរយប៉ុណ្ណោះនៅឆ្នាំនេះ អាស្រ័យលើតំបន់ ទីតាំង សក្តានុពលមូលដ្ឋាន។

. កត្តាជំរុញឱ្យតម្លៃដីធ្លីកើនឡើងម្តងទៀតនៅក្នុងប្រទេសកម្ពុជា

កំណើនសេដ្ឋកិច្ចរឹងមាំ គឺជាមូលដ្ឋានគ្រឹះនៃកំណើនតម្លៃដីធ្លី ស្របពេលកម្ពុជាត្រូវការកំណើនGDP ដែលមានស្ថេរភាពចន្លោះពី៥ទៅ៦ភាគរយ ដែលផ្តល់ការងារកាន់តែច្រើន មានប្រាក់ចំណូលធ្វើឲ្យមនុស្សកាន់តែច្រើនអាចទិញដីធ្លីបាន។

នៅពេលប្រាក់ចំណូលកាន់តែខ្ពស់ ជាស្វ័យប្រវត្តិនឹងធ្វើឲ្យតម្រូវការអចលនទ្រព្យកាន់តែខ្ពស់។

. ហេដ្ឋារចនាសម្ព័ន្ធគឺជាកត្តាជំរុញលេខ១

តម្លៃដីធ្លីកើនឡើងលឿនបំផុតនៅជិតគម្រោងធំៗដូចជា  គំរោងអាកាសយានដ្ឋានថ្មី (អាកាសយានដ្ឋានអន្តរជាតិតេជោ) ផ្លូវល្បឿនលឿន (ភ្នំពេញ-ក្រុងព្រះសីហនុ) កំពង់ផែ ប្រឡាយ តំបន់សេដ្ឋកិច្ចពិសេស។

មូលហេតុដោយសារគំរោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងនាំមកនូវសកម្មភាពអាជីវកម្ម កាត់បន្ថយពេលវេលាធ្វើដំណើរ និងជាកត្តា ទាក់ទាញវិនិយោគិន។

ឧទាហរណ៍៖ តំបន់នៅជិតច្រករបៀងហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានគេរំពឹងថា នឹងទទួលបានតម្លៃកាន់តែច្រើនតាមពេលវេលា។

. ពិតប្រាកដ សកម្មភាពអាជីវកម្ម

ពីមុន តម្លៃបានកើនឡើងដោយសារតែការប៉ាន់ស្មាន ដោយសារការមកដល់បៃក្រុមអ្នកវិនិយោគចិន ចន្លោះឆ្នាំ២០១៦ ២០១៩។

ប៉ុន្តែស្ថានភាពឥឡូវនេះ ទីផ្សារត្រូវការតម្រូវការពិតប្រាកដ ដូចជា រោងចក្រ មជ្ឈមណ្ឌលដឹកជញ្ជូន ឃ្លាំង ការិយាល័យសម្រាប់ជួល ដែលធ្វើឲ្យដីឧស្សាហកម្មបច្ចុប្បន្ន គឺជាវិស័យខ្លាំងបំផុតនៅក្នុងប្រទេសកម្ពុជា។

៤. ប្រាក់កម្ចីធនាគារកាន់តែងាយស្រួល (ការសងឥណទាន)

ជាមួយនឹងវិបត្តិលំហូរសាច់ប្រាក់ ការសងត្រលប់យឺតជាងមុនកាន់តែច្រើន បានធ្វើឲ្យធនាគារមានភាពតឹងរ៉ឹង ក្នុងការបញ្ចេញឥណទាន ដែលធ្វើឲ្យអ្នកទិញជាច្រើនមិនអាចខ្ចីប្រាក់បានងាយស្រួល។

នេះគឺជាហេតុផលមួយ ក្នុងចំណោមហេតុផលធំបំផុត ដែលតម្លៃមិនឡើងថ្លៃលឿន។

ហេតុនេះប្រសិនជាធនាគារបន្ធូរបន្ថយការផ្តល់ឥណទាន អត្រាការប្រាក់ទាប  នឹងធ្វើឲ្យមានហានិភ័យទាប ប្រជាជនអាចខ្ចីប្រាក់កម្ចីបន្ថែម នឹងជម្រុញឲ្យតម្លៃដីធ្លីនឹងឡើងថ្លៃម្តងទៀតយ៉ាងឆាប់រហ័ស។

៥. ទំនុកចិត្តលើការវិនិយោគបរទេស

តម្លៃដីធ្លីនៅប្រទេសណាក៏ដោយ កើនឡើងនៅពេលដែលអ្នកវិនិយោគបរទេសហូរចូលមក និងពួកគេសម្លឹងឃើញឱកាសរកប្រាក់ចំណេញបានច្រើន ប្រសិនជាពួកគេរកឃើញមានតម្រូវការពិតប្រាកដពីប្រជាជនក្នុងស្រុក និងអ្នកវិនិយោគបរទេស។

នៅពេលមាន ទុកចិត្តលើទីផ្សារ នាំមកនូវដើមទុនដុល្លារអាមេរិកប៉ុន្តែបច្ចុប្បន្ន ទំនុកចិត្តនៅតែខ្សោយ (បន្ទាប់ពីការកែតម្រូវទីផ្សារនិង ព័ត៌មានបង្ក្រាបការបោកប្រាស់តាមអនឡាញ។

លើសពីនេះប្រសិនបើកម្ពុជា មានភាពប្រសើរឡើងនូវតម្លាភាព

ប្រព័ន្ធច្បាប់រឹងមាំ និងការស្តារកេរ្តិ៍ឈ្មោះឡើងវីញបានល្អ លំហូរសាច់ប្រាក់បរទេសនឹងត្រឡប់មកវិញ នឹងធ្វើឲ្យតម្លៃកើនឡើង។

៦. កំណើនប្រជាជន និងការធ្វើចំណាកស្រុកក្នុងទីក្រុង

កម្ពុជាមានសក្តានុពល ដោយសារប្រជាជនវ័យក្មេងច្រើន ដែលអ្នកមានអាយុ៣០ឆ្នាំចុះ មានប្រមាណ៦០ភាគរយ ពួកគេបានផ្លាស់ប្តូរពីជនបទមករស់នៅទីក្រុងភ្នំពេញ ដើម្បីការងារនឹងបង្កើតតម្រូវការលំនៅដ្ឋានពិតប្រាកដ ដែលជំរុញឱ្យតម្លៃដីធ្លីកើនឡើង តាមពេលវេលា ដោយសារតម្រូវការស្នាក់នៅ ការសាងសង់នឹងកើនឡើងលើលំនៅដ្ឋានតម្លៃមធ្យម និងបន្ទប់ជួលនានា។

៧. អ្វីដែលរារាំងកំណើនតម្លៃដីធ្លីឥឡូវនេះ

តើអ្វីជាបញ្ហានាពេលបច្ចុប្បន្ននេះ? ការសិក្សារបស់ក្រុមហ៊ុនជាច្រើនបានរកឃើញពីមូលហេតុ និងបញ្ហាចម្បងៗដូចជា ការផ្គត់ផ្គង់លើស (ខុនដូ /គម្រោងច្រើនពេក) ទំនុកចិត្តរបស់វិនិយោគិនធ្លាក់ចុះ ការផ្តល់ប្រាក់កម្ចីពីធនាគារតឹងតែង និងភាពមិនប្រាកដប្រជាសកល៕

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកោះកុង សហការជាមួយវិស័យឯកជន ជំរុញអភិវឌ្ឍវិស័យទេសចរណ៍កម្រិតខ្ពស់ក្នុងខេត្តកោះកុង

ដោយ៖ ឈុនហេង

កោះកុង៖ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកោះកុង ព្រមទាំងវិស័យឯកជន បានប្តេជ្ញារួមគ្នាក្នុងការជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តកោះកុង ឱ្យក្លាយជាគោលដៅទេសចរណ៍កម្រិតខ្ពស់ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ការអភិវឌ្ឍកោះទទឹងរីស្សតនេះ គឺជាការវិនិយោគដោយក្រុមហ៊ុនខ្មែរ ស្នាដៃនិងគំនិត ព្រមទាំងការឆ្នៃប្រឌិតដោយវិនិយោគិនខ្មែរ ដោយរក្សានូវអត្តសញ្ញាណខ្មែរ  ដែលនេះបានឆ្លុះបញ្ជាំងពីការរួមចំណែករបស់ប្រជាជនខ្មែរ ដែលចេះស្រឡាញ់និងរួបរួមគ្នាក្រោមទិសស្លោក “ខ្មែររួមគ្នា ខ្មែរខ្លាំង”។

ក្នុងបេសកកម្មនេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ព្រមទាំងលោកស្រី ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចសិក្សា និងពិនិត្យស្ថានភាពអភិវឌ្ឍន៍ជាក់ស្តែងនៅ “កោះទទឹងរីស្សត” ដែលជារមណីយដ្ឋានទេសចរណ៍កម្រិតខ្ពស់ថ្មីមួយ ស្ថិតក្នុងទឹកដីខេត្តកោះកុង។ ដំណើរទស្សនកិច្ចនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំខេត្តកោះកុង តំណាងសមាគមក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា រួមមាន CATA, CTF និង PATA ព្រមទាំងអ្នកផលិតមាតិកាជាតិ និងអន្តរជាតិ សរុបប្រមាណ ៦០ នាក់។

គណៈប្រតិភូបានចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅលើកោះទទឹងរីស្សត រួមមាន វីឡាលំហែប្រណិត ផ្ទះឈើបែបខ្មែរបុរាណ បណ្ណាល័យ កន្លែងហាត់ប្រាណ និងយូហ្គា អាងហែលទឹក កន្លែងមើលថ្ងៃលិច និងភោជនីយដ្ឋាន ដែលបានរៀបចំតាមស្តង់ដារខ្ពស់។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែននគរ (ខេមូឌា) អ៊ិនវេសមិន ឯ.ក. ដែលបានវិនិយោគ និងអភិវឌ្ឍកោះទទឹងរីស្សត តាមរយៈ ឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍ប្រណិត មានសក្តានុពលខ្ពស់ក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។

គួរបញ្ជាក់ថា “កោះទទឹងរីស្សត” បានបើកដំណើរការសាកល្បងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៦ ដោយមានវីឡាសរុបចំនួន ២៤ រចនាបែបបុរាណ និងសហសម័យ ព័ទ្ធជុំវិញដោយធម្មជាតិខៀវស្រងាត់ និងមានឆ្នេរខ្សាច់សស្អាតប្រវែងប្រមាណ ២,០០០ ម៉ែត្រ ដែលផ្តល់នូវបទពិសោធន៍លំហែកាយដ៏ប្រណិត និងឯកជនភាពខ្ពស់។

 

កោះទទឹង, ខេត្តកោះកុង, ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦

The Ministry of Tourism and the Koh Kong Provincial Administration, in collaboration with the private sector, are promoting the development of high-end tourism in Koh Kong Province.

 

The Ministry of Tourism, the Koh Kong Provincial Administration, and the private sector have jointly committed to promoting and developing tourism in Koh Kong Province into a high-end destination to attract both national and international tourists. The development of Koh Totung Resort is an investment by a Cambodian company, driven by Cambodian ideas, creativity, and innovation, while preserving Khmer identity. This reflects the contribution of Cambodian people who unite under the motto “Khmer Together, Khmer Strong.”

In this mission, H.E. HUOT Hak, Minister of Tourism and Madam along with H.E. Mrs. CHHI Va, Governor of Koh Kong Province, led a delegation to conduct a study visit and inspect the actual development progress at “Koh Totung Resort,” a new high-end tourist destination located in Koh Kong Province. The visit included participation from leaders of the Ministry of Tourism, provincial authorities of Koh Kong, representatives from Cambodia’s tourism industry associations such as CATA, CTF, and PATA, as well as national and international content creators, totaling around 60 participants.

The delegation inspected key infrastructure on Koh Totung Resort, including luxury villas, traditional Khmer wooden houses, a library, fitness and yoga facilities, a swimming pool, sunset viewing areas, and restaurants, all developed to high standards.

On this occasion, H.E. the Minister expressed appreciation and highly valued Dainkor (Cambodia) Investment Co., Ltd. for investing in and developing Koh Totung Resort into a luxury tourism destination with strong potential to compete in the international market.

It is worth noting that “Koh Totung Resort” officially launched its soft opening on March 20, 2026, featuring a total of 24 villas designed in both traditional and contemporary styles.

Surrounded by lush greenery and boasting a pristine white sandy beach stretching approximately 2,000 meters, the resort offers an exclusive and luxurious relaxation experience.

Koh Totung, Koh Kong Province, March 23, 2026

តើតម្លៃមាសនឹងហក់ខ្ពស់ឡើងវិញរហូតដល់សង្រ្គាមនៅអ៊ីរ៉ង់ ត្រូវបញ្ចប់ឬយ៉ាងណា?

ដោយៈ ម៉ាណា

    ភ្នំពេញៈ នៅពេលប្រធានាធិបតីដូណាល់ ត្រាំប្រកាសពីការផ្អាកវាយគ្នា៥ថ្ងៃជាមួយអ៊ីរ៉ង់ ភ្លាមៗតម្លៃមាសបានហក់ឡើងខ្ពស់ ហើយតម្លៃប្រេងបានធ្លាក់ចុះ ប៉ុន្តែអ្វីៗគ្រាន់តែជាការភូតកុហក។

សំណួរនៅទីនេះតើតម្លៃមាស នឹងធ្លាក់ចុះរហូតដល់សង្រ្គាមបញ្ចប់ ទើបងើបឡើងវិញឬយ៉ាងណា? អ្នកវិភាគមកពីស្ថាប័នល្បីៗជាច្រើនបានលើកឡើងថា តម្លៃមាសវាអាចនឹងធ្លាក់ចុះក្នុងរយៈពេលខ្លី ប៉ុន្តែមិនចាំបាច់ក្នុងរយៈពេលយូរទេ សូម្បីតែបន្ទាប់ពីសង្គ្រាមអ៊ីរ៉ង់បានបញ្ចប់ក៏ដោយ។

១) បន្ទាប់​ពី​សង្គ្រាម​អ៊ីរ៉ង់​បញ្ចប់ មាស​អាច​ធ្លាក់​ថ្លៃ​បន្ថែម​ទៀត

ប្រសិនបើសង្គ្រាមស្ងប់ស្ងាត់ ឬបញ្ចប់ ការភ័យខ្លាចនៅក្នុងទីផ្សារថយចុះ វិនិយោគិនផ្លាស់ប្តូរប្រាក់ទៅក្នុងផ្សារហ៊ុន និងទ្រព្យសកម្មអាជីវកម្មមានហានិភ័យ ខណៈប្រាក់ដុល្លារអាមេរិកអាចនៅតែរឹងមាំ ហេតុផលនេះ នឹងធ្វើឲ្យតម្លៃមាសធ្លាក់ចុះ។

អត្រាការប្រាក់នៅតែខ្ពស់ ក៏ជាបញ្ហាសម្រាប់មាសផងដែរ ដោយធនាគារកណ្តាលសហរដ្ឋអាមេរិ កមិនទាន់កាត់បន្ថយនៅឡើយទេ។ នេះជាហេតុផលធំបំផុត ដែលមាសកំពុងធ្លាក់ចុះនៅពេលនេះ។

 ២) ការធ្លាក់ចុះបច្ចុប្បន្នមិនមែនភាគច្រើននិយាយអំពីសង្គ្រាមទេ

ចំណុចនេះមានសារៈសំខាន់ខ្លាំងណាស់ ដោយតម្លៃមាសបានធ្លាក់ចុះចន្លោះពី១៥ ទៅ២០ភាគរយរួចហើយ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។

នេះមានន័យថា ទីផ្សារកំពុងមានប្រតិកម្មកាន់តែច្រើន ចំពោះអត្រាការប្រាក់ ដុល្លារអាមេរិក មិនមែនសង្គ្រាមទេ។ ដូច្នេះទោះបីជាសង្គ្រាមបញ្ចប់ក៏ដោយ ក៏មាសបន្តផលប៉ះពាល់។

៣) រយៈពេលវែង៖ មាសជាធម្មតាមិនធ្លាក់ចុះទេ

អ្នកជំនាញនិយាយថា ទោះបីជាមានការធ្លាក់ចុះបច្ចុប្បន្នក៏ដោយ មាសរយៈពេលវែង មាសនៅតែឡើងថ្លៃ ដែលគាំទ្រដោយបញ្ហាអតិផរណា បញ្ហាបំណុលសកល និងការទិញរបស់ធនាគារកណ្តាលរបស់បណ្តាប្រទេសនានា។

៤) សេណារីយ៉ូដែលអាចកើតមានចំនួន២ បន្ទាប់ពីសង្គ្រាមបញ្ចប់

    សេណារីយោ “ក”

ករណីធ្លាក់ចុះ ប្រសិនបើក្រោយសង្គ្រាម សេដ្ឋកិច្ចរឹងមាំ អត្រាការប្រាក់នៅតែខ្ពស់ ដុល្លារអាមេរិករឹងមាំ នឹងធ្វើឲ្យតម្លៃមាសអាចធ្លាក់ចុះបន្ថែមទៀត ចន្លោះពី៥ទៅ២០ភាគរយ។

សេណារីយ៉ូ “ខ”(ករណីកើនឡើង)

ប្រសិនបើក្រោយសង្គ្រាម សេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ធនាគារកណ្តាលអាមេរិកកាត់បន្ថយអត្រាការប្រាក់ ដុល្លារអាមេរិកចុះខ្សោយ

មាសអាចឡើងថ្លៃខ្លាំងម្តងទៀត ដែលអាចកើនឡើងចន្លោះពី១៥ទៅ៣០ភាគរយ៕

ក្រឡេកមើលមហាអំណាច២នៅតំបន់មជ្ឈឹមបូព៌ាដែលកំពុងផុងក្នុងសង្រ្គាមជាមួយអាមេរិក

ដោយៈ ចំណាន

    អន្តរជាតិៈ តើអ្នកណាជាមហាអំណាចពិតប្រាកដ នៅតំបន់មជ្ឈឹម​បូព៌ា ដែលកំពុងផុងក្នុងជម្លោះដ៏ក្តៅគគុកពីអាមេរិក និងអ៊ីស្រាអែល? អ្នកធ្លាប់ឆ្ងល់អំពីភាពខុសគ្នាពិតប្រាកដ រវាងមហាអំណាចក្នុងតំបន់ទាំងពីរនេះទេ? ខាងក្រោមនេះជាការក្រឡេកមើលការពិត និងតួលេខយ៉ាងរហ័ស។

. ទំហំផ្ទៃដី

អារ៉ាប៊ីសាអូឌីតនាំមុខគេ ជាមួយនឹងទឹកដីដ៏ធំទូលាយចំនួន ២,១៥លានគីឡូម៉ែត្រការ៉េ បើប្រៀបធៀបទៅនឹងអ៊ីរ៉ង់ ដែលមានចំនួន១,៦៥លានគីឡូម៉ែត្រការ៉េ។

. ចំនួនប្រជាជន

មាត្រដ្ឋាននេះ បែរទៅរកអ៊ីរ៉ង់ ដែលមានប្រជាជនចំនួនប្រមាណ៩២លាននាក់ ធៀបនឹង៣៥,៣លាននាក់នៅក្នុងព្រះរាជាណាចក្រ។

. មាត្រដ្ឋានសេដ្ឋកិច្ច (GDP)

ការនាំមុខដ៏សំខាន់សម្រាប់អារ៉ាប៊ីសាអូឌីត ដែលមានGDPលើ​សពី១,២ពាន់ពាន់ឬ១,២ទ្រីលានដុល្លារ ខណៈដែលGDPរបស់អ៊ីរ៉ង់មានចំនួនប្រហែល៤៧៥ពាន់លានដុល្លារ។

ប្រាក់ចំណូលក្នុងមនុស្សម្នាក់ គឺមានភាពខុសគ្នាយ៉ាងខ្លាំងនៅក្នុងស្តង់ដាររស់នៅ ដោយប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យម នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត គឺប្រហែល៣៥.០០០ដុល្លារ បើប្រៀបធៀបទៅនឹងប្រហែល៥.០០០ដុល្លារ នៅក្នុងប្រទេសអ៊ីរ៉ង់សម្រាប់មនុស្សម្នាក់ ក្នុងមួយឆ្នាំ។

. កម្លាំងយោធា

ប្រទេសអារ៉ាប៊ីសាអូឌីត បានបញ្ចេញថវិកាការពារជាតិដ៏ច្រើនសន្ធឹកសន្ធាប់(ប្រហែល៨០ពាន់លានដុល្លារ) ជាមួយនឹងអាវុធបច្ចេកវិទ្យាខ្ពស់លំដាប់ពិភពលោក។

ចំណែកប្រទេសអ៊ីរ៉ង់៖ ឧត្តមភាពផ្នែកកម្លាំងពលកម្ម (ប្រហែល ៦១០,០០០នាក់) និងការផលិតមីស៊ីល និងយន្តហោះគ្មានមនុស្សបើកក្នុងស្រុកដ៏រឹងមាំ។

. ធនធានធម្មជាតិ

ប្រទេសទាំងពីរគឺជា “សួតថាមពល” របស់ពិភពលោក។ អារ៉ាប៊ីសាអូឌីត ស្ថិតនៅលើកំពូលនៃទុនបំរុងប្រេង ឈានមុខគេរបស់ពិភពលោក ខណៈដែលអ៊ីរ៉ង់កាន់កាប់ទុនបំរុងឧស្ម័នធម្មជាតិ ធំជាងគេរបស់ពិភពលោក។

សរុបមក៖ អារ៉ាប៊ីសាអូឌីតពូកែខាងអំណាចសេដ្ឋកិច្ច វិបុលភាព និងបច្ចេកវិទ្យា ខណៈដែលអ៊ីរ៉ង់ ពឹងផ្អែកលើជម្រៅមនុស្ស និងការផលិតយោធាក្នុងស្រុក៕