គំរោងវិនិយោគតម្លៃ៤៥០លានដុល្លារបោះទីតាំងនៅខេត្តចំនួន៣នេះ

ចែករំលែក

ដោយៈ គង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាល តាមរតៈគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សា លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន៧គម្រោង ជាមួយទុនវិនិយោគទំហំ៤៥០លានដុល្លារអាមេរិក។

គម្រោងវិនិយោគទាំង៧ ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅខេត្តកំពង់ស្ពឺ ស្ទឹងត្រែង និងពោធិ៍សាត់។

កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។

គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៤៥០លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ៩០០កន្លែង និងមានមុខសញ្ញាវិនិយោគ ក្នុងវិស័យឧស្សាហកម្មចំនួន២គម្រោង៖ រោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ព។

សាងសង់អាងប្រព្រឹត្តកម្ម និងឡចំហាយ វិស័យកសិ-ឧស្សាហកម្មចំនួន១គម្រោង៖ រោងចក្រចម្រាញ់ប្រេងឆា (ប្រេងកន្ទក់ ប្រេងសណ្តែកសៀង ប្រេងពោត និងប្រេងអូលីវ) និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន៤គម្រោង៖ អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព២០០មេហ្គាវ៉ាត់។

អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអា​ទិត្យ អានុភាព១០០មេហ្គាវ៉ាត់ អភិវឌ្ឍន៍ស្ថានីយប្រព័ន្ធអាគុយស្តុកទុកថាមពល អានុភាព៥០០មេហ្គាវ៉ាត់/ ១០០០មេហ្គាវ៉ាត់ម៉ោង (500 MW/1000 MWH) និងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៣០មេហ្គាវ៉ាត់៕


ចែករំលែក