ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុមានរថយន្តធ្វើដំណើរឆ្លងកាត់១,៤លានដងក្នុងរយៈពេល៤ខែ

 ដោយៈ សូរិយាវង្ស

       ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូ​នបានឲ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ -ក្រុងព្រះសីហនុ មានយានយន្តធ្វើចរាចរណ៍​សរុបប្រមាណ១,៤លានដង ក្នុងរយៈពេល៤ខែ​ (វិច្ឆិកា ២០២២ – កុម្ភៈ ២០២៣) កន្លងមកនេះ។

ទន្ទឹមនឹងនេះផងដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏សង្កេ​តឃើញមានយានយន្តមួយចំនួនតូច នៅមិនគោរពច្បាប់ចរាចរណ៍ បើកបរលើសល្បឿនកំណត់ ការប្រើប្រាស់គន្លងផ្លូវ មិនបានត្រឹមត្រូវ ការបើកបរបញ្ច្រាសទិស ព្រមទាំងការមិនទាន់យល់ ពីការត្រួតពិនិត្យបឋម និងការមិនបានត្រួតពិនិត្យ លក្ខណៈបច្ចេកទេសទៀងទាត់ជាដើម។ កត្តាទាំងនេះអាចបណ្តាលអោយមាន គ្រោះថ្នាក់ជាយថា​ហេតុផ្សេងៗ។

ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជា ក្រុមហ៊ុនផ្លូវល្បឿ​នលឿនភ្នំពេញ-ក្រុងព្រះសីហនុ សូមបន្តអំពាវនាវ និងក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋ មេត្តាគោរពច្បាប់ចរាចរណ៍ អនុវត្តតាមគោលការណ៍សុវត្តិភាព និងត្រូវត្រួតពិនិត្យបឋម មុនពេលចេញដំណើរ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ទៀងទាត់តាមការកំណត់៕

ក្រុមហ៊ុនWHបង្ហើបគន្លឹះសំខាន់ចំនួនបីដើម្បីទទួលបានភាពឈ្នះ ឈ្នះរវាងម្ចាស់ទ្រព្យ និងអតិថិជន

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យWH បាននិងកំពុងការផ្តល់សេវាកម្មជួលជំនួស និងផ្តល់ទំនុកចិត្តទាំងអ្នកជួល និងម្ចាស់អចលនទ្រព្យ ពិតជាសេវាកម្មមួយ ដែលបាននិងកំពុងចាប់ផ្តើម​នៅកម្ពុជា។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យWH លោកញឹម រាសីបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ដើម្បីផ្តល់ឲ្យអ្នកស្វែងរកទីតាំងជួល និងម្ចាស់អចលនទ្រព្យទទួលបានភាពរីកចម្រើន និងឈរលើមូលដ្ឋានឈ្នះ ឈ្នះទាំងអស់គ្នា។

ក្រុមហ៊ុនអចលនទ្រព្យWH បាននិងកំពុងផ្តល់នូវគន្លឹះសំខាន់ៗចំនួន ដែលម្ចាស់អចលនទ្រព្យ អតិថិជន និងអ្នកផ្តល់សេវាកម្មគួរ ស្វែងយល់។ ចំណុចទាំងនោះមានដូចជា

ទី១ ការយល់ដឹងពីទីផ្សារ

ម្ចាស់អចលនទ្រព្យ ដែលមានខុនដូ ឬអាផាតម៉ិន១ឬពីរ ឬបីយូនីត ឬម្ចាស់អាគារណាមួយ ត្រូវសិក្សាពីទីផ្សារនៅក្នុងតំបន់របស់ខ្លួនថា តើអ្នកណា ជាអ្នកប្រកួតប្រជែងជាមួយយើង មានតម្លៃបែបណា ធៀបជាមួយទ្រព្យ​របស់យើង ដើម្បីឲ្យគាត់ដាក់តម្លៃត្រូវទីផ្សារ។ ព៌តមានទីផ្សារទាំងនេះ ម្ចាស់ទ្រព្យអាចរកបាន តាមបណ្តាញទំនាក់ទំនងសង្គម Facebook, Telegram, វេបសាយមួយចំនួនដែលអាចរកបាន។

លោកបានលើកពីបទពិសោធន៍កន្លងមកថា យើងមានអាគារមួយ នៅក្បែរផ្សារកាប់គោ ដែលមានអ្នកជួលពេញៗ ប៉ុន្តែនៅពេលមួយអតិថិជនបានដើរចេញអស់ ដោយសារនៅទីតាំងនោះមានការ​ដ្ឋាន ដែលមានសម្លេងរំខាន។

ប៉ុន្តែដើម្បីដោះស្រាយបញ្ហានេះបាន យើងបានផ្តល់សេវាកម្ម ប្រកបដោយភាពបត់បែន ដល់អតិថិជន ដោយយើងផ្លាស់ប្តូរ ពីការជួលរយៈពេលវែង មករយៈពេលខ្លី ដែលភ្ញៀវមកស្នាក់នៅរយៈពេលខ្លី ជាភ្ញៀវទេសចរណ៍ ឬអ្នកធ្វើការ ដែលពួកគេចាកចេញនៅពេលព្រឹក និងត្រលប់មកវិញនៅពេលយប់ ដែលពេលយប់គឺជាពេល ដែល​ការដ្ឋានសាងសង់បានផ្អាកធ្វើការ។

ជាលទ្ឋផល ភាពបត់បែនបែបនេះ បានធ្វើឲ្យគំរោងនោះទទួលបានភ្ញៀវពេញៗ និងទទួលបានប្រាក់ចំណូលច្រើនជាងមុន ព្រោះភ្ញៀវទាំងនោះ មកតាមវេបសាយអន្តរជាតិធំៗ ដូចជា Agoda, Booking.comជាដើម។

ទី២ រៀបចំផលិតផលរបស់យើងឲ្យស្របតម្រូវការទីផ្សារ

       ម្ចាស់អចលនទ្រព្យ ដែលមានអាផាតម៉ិន មានទីតាំងស្ថិតនៅជុំវិញដោយស្ថានទូត សាលារៀនអន្តរជាតិជាដើម ពួកគាត់អាចរៀបចំអាផាតម៉ិន​របស់ខ្លួន ដើម្បីទាក់ទាញចិត្តងតិថិជន។

នៅពេលដែលយើងដឹងពីទីផ្សារហើយ យើងត្រូវរៀបចំទ្រព្យរបស់យើងឱ្យត្រូវនឹងតម្រូវការទីផ្សារ។

ឧទាហរណ៍ថា យើងមាអាផាតម៉ិន២បន្ទប់គេង ហើយស្ថិតទីតាំងនោះជាតំបន់ ដែលបណ្ដុំដោយសាលារៀន អង្គការ ដូច្នេះអ្នកជួលនោះ អាចជាអ្នកដែលមានគ្រួសារ មានកូន។ អញ្ចឹងម្ចាស់ទ្រព្យត្រូវរៀបចំអាផាតម៉ិននោះ ជាពីរបន្ទប់ ដោយ១សម្រាប់ឪពុកម្ដាយ និងមួយទៀតសម្រាប់កូនក្មេង និងត្រូវរៀបចំពណ៌ឱ្យមានភាពទាក់ទាញក្មេងៗ និងមានវេរ៉ងដាជាដើម។

លោកញឹម រាសីនាបបន្តថា “នៅពេលអ្នកចង់ជួល ចូលក្នុងអាផាតម៉ិនរបស់យើង ខ្ញុំជឿជាក់ថាពួកគាត់នឹងពេញចិត្ត ជាក់ជាមិនខានឡើយ”។

លោកបន្តថា កន្លងមក យើងមានបទពិសោធន៍មួយចំនួន ដោយម្ចាស់អចលនទ្រព្យខ្លះ មិនចង់រៀបចំទុកជាមុនទេ ខ្លាចមិនត្រូវចិត្តភ្ញៀវ មិនត្រូវនឹងទីផ្សារ ប៉ុន្តែការ​នាំភ្ញៀវមកមើល និងសម្រេចចិត្តកក់ស្នាក់នៅក្នុងថ្ងៃដដែល ពិតជាល្អ ដោយមិនចាំបាច់រង់ចាំយូរឡើយ។

លោកពន្យល់ថា យើងត្រូវបង្កើតអ្វីធ្វើឲ្យភ្ញៀវមានក្តីស្រម៉ៃ និងសម្រេចចិត្តលឿន និងអាចកក់ប្រាក់នាពេលនោះ។ ជាក់ស្តែងដូចគំរោងបុរី ខុនដូ ពេលភ្ញៀវមកដល់ពួកគេអាចទស្សនាបន្ទប់គំរូ ដែលធ្វើឲ្យអតិថិថិជនសម្រេចចិត្តលឿន។

ទី៣ ការយកចិត្តទុកដាក់លើអ្នកជួល

       នៅពេលដែលយើងមានភ្ញៀវហើយ  យើងត្រូវមានសេវាកម្មថែរទាំគាត់ (costumer care) ពីព្រោះជាទូទៅម្ចាស់ទ្រព្យ តែងតែមើលរំលងចំណុចនេះ ដោយពេលបានភ្ញៀវហើយ ស៊ីញ៉េ ធ្វើកុងត្រាចប់ គឺចប់ហើយ ប៉ុន្តែយើងផ្តោតលើទំនាក់ទំនងបន្ត ព្រោះបើគាត់មានបញ្ហា យើងដោះស្រាយជូនគាត់ ធ្វើឲ្យអ្នកជួលមានអារម្មណ៍ ដូចស្នាក់នៅផ្ទះ​បងប្អូន ដែលនេះជាចំណុចមួយ ជួយឲ្យគាត់ជួយថែរទាំផ្ទះរបស់យើង និងបន្តជួលបន្ត ហើយណែនាំមិត្ភភ័ក្តិឬបងប្អូនបន្តទៀត។

ចំណុចសំខាន់មួយទៀត គឺយើងអាចផ្តល់ទំនុកចិត្ត ដល់អ្នកនាំភ្ញៀវមកឲ្យយើង ដែលជាភ្នាក់ងារអចលនទ្រព្យ ព្រោះបើមានបញ្ហាអ្វីរវាងម្ចាស់ផ្ទះ និងអ្នកជួល គេនឹងទាក់ទងទៅអ្នកនាំភ្ញៀវមកហើយ។

លោកញឹម រាសីបានបន្តដោយលើកជាសំណួរថា “ហេតុនេះ បើគាត់នាំភ្ញៀវមកឲ្យយើង ឧស្សាហ៍មានបញ្ហា សួរថាតើគាត់នឹងមិននាំភ្ញៀវមកទៀតទេ?”។ លោកពន្យល់ថា ប៉ុន្តែបើគាត់នាំភ្ញៀវមក គាត់សប្បាយចិត្ត មិនមានបញ្ហា ទទួលបានទំនុកចិត្ត គាត់នឹងនាំភ្ញៀវមកឲ្យយើងបន្តទៀត គឺដាច់កុងត្រាមិនទាន់ទេ នឹងមានភ្ញៀវចាំជួលបន្តតែម្តង៕

តៃវ៉ាន់គ្រោងទិញរថភ្លើងល្បឿនលឿនពីក្រុមហ៊ុនជប៉ុនក្នុង តម្លៃដ៏ខ្ពស់មួយ

ដោយ: គង់ លាងហួរ

ក្រុងតៃប៉ិ: ក្រុមហ៊ុនរថភ្លើងល្បឿនលឿនរបស់តៃវ៉ាន់ គ្រោងនឹងទិញរថភ្លើងចំនួន១២ឈុត ពីក្រុមហ៊ុនជប៉ុនHitachi និង Toshiba នៅក្នុងតម្លៃ៩៣២លានដុល្លារអាមេរិក។

យោងតាមការចុះផ្សាយដោយសារពត៌មាន Nikkei Asia បានឱ្យដឹងថា តៃវ៉ាន់គឺជាទីផ្សារក្រៅប្រទេសដំបូងគេ ដែលទទួលយកបច្ចេកវិទ្យា រថភ្លើងល្បឿនលឿនShinkansen របស់ប្រទេសជប៉ុន ហើយសេវាកម្មរថភ្លើងល្បឿនលឿន បានបើកដំណើរការក្នុងឆ្នាំ២០០៧ ដោយក្រុមហ៊ុនជប៉ុន បានផ្គត់ផ្គង់ទូររថភ្លើង ប្រព័ន្ធសញ្ញា និងឧបករណ៍ផ្សេងទៀត។

ចំពេលមានការកើនឡើងនៃចំនួនអ្នកដំណើរ ក្រុមហ៊ុនរថភ្លើងល្បឿនលឿនតៃវ៉ាន់ គ្រោងនឹងកែលម្អសេវាកម្មរបស់ខ្លួន តាមរយៈការដាក់ឱ្យប្រើប្រាស់រថយន្តថ្មីៗ។

រថភ្លើងឈ្មោះ 700T shinkansen ដែលប្រើប្រាស់នៅតៃវ៉ាន់គឺជាកំណែដែលបានកែប្រែពីស៊េរី ដែលបានប្រើប្រាស់នៅក្នុងប្រទេសជប៉ុន។

ប្រតិបត្តិករផ្លូវដែកតៃវ៉ាន់បាន និងកំពុងធ្វើការ ដើម្បីទិញរថភ្លើងថ្មីចាប់តាំងពីឆ្នាំ២០១៩ ប៉ុន្តែការដេញថ្លៃកន្លងមកមិនបាន នាំឱ្យមានកិច្ចព្រមព្រៀងនោះទេ ដោយសារតែមានការខ្វែងគំនិតគ្នា លើតម្លៃ និងលក្ខខណ្ឌផ្សេងទៀត។

តៃវ៉ាន់បានកត់សម្គាល់ថា ខ្លួនបានជ្រើសរើសទិញរថភ្លើងពីក្រុមហ៊ុន Hitachi-Toshiba duo បន្ទាប់ពីការដេញថ្លៃជុំទី៣ ដែលបានរៀបចំធ្វើឡើងនៅក្នុងខែមីនា ឆ្នាំ២០២២ ប៉ុន្តែភាគីទាំង២មិនទាន់បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាផ្លូវការនៅឡើយទេ៕

ហេតុអ្វីបានជាកម្ពុជាគួរតែបង្កើតស្ថាប័នមួយស្រដៀងទៅនឹងក្រុមហ៊ុន TEMASEKរបស់សិង្ហបុរី?

ដោយៈ គង់ លាងហួរ

ភ្នំពេញ: ក្រុមហ៊ុនរដ្ឋសិង្ហបុរី TEMASEK ជាក្រុមហ៊ុនវិនិយោគសកលមួយ ដែលមានអាយុកាល៤៨ឆ្នាំមកហើយ ដោយក្រុមហ៊ុននេះ បានវិវិឌ្ឍន៍ទាំងប្រាក់ចំណេញ និងទ្រព្យសកម្មរបស់ខ្លួន និងមានបុគ្គលិកបម្រើការងារ រហូតដល់៩០០នាក់នៅឆ្នាំ២០២២។

ក្រុមហ៊ុនមួយនេះ មានទ្រព្យសកម្មរហូតដល់៤០៣ពាន់លានដុល្លារសិង្ហបុរី ដោយក្រុមហ៊ុនត្រូវបានបង្កើតឡើង ចាប់តាំងពីឆ្នាំ១៩៧៤មកម្ល៉េះ និងជាកម្មសិទ្ធិរបស់រដ្ឋាភិបាលសិង្ហបុរី។

ហេតុអ្វីបានជាកម្ពុជា គួរតែបង្កើតស្ថាប័នមួយដូចទៅនឹងក្រុមហ៊ុន TEMASEK នេះ?

លោកឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិននបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា មានហេតុផលជាច្រើន ដែលរដ្ឋាភិបាលកម្ពុជាគួរបង្កើតក្រុមហ៊ុនបែបនេះ ទី១ ទោះ​បីជាក្រុមហ៊ុននេះ គ្រប់គ្រងដោយរដ្ឋយ៉ាងណាក្តី ក៏ប៉ុន្តែក្រុមហ៊ុននៅតែបង់ពន្ធលើប្រាក់ចំណេញ។ ចំណែកបុគ្គលិកក៏បង់ពន្ធលើប្រាក់ខែចំណូលរបស់ពួកគេដល់រដ្ឋាភិបាល តាមរយៈពន្ធដារ ដោយសារតែរដ្ឋក៏វិនិយោគផងដែរ ដូចជា ការបង្កើតការងារសម្រាប់ប្រជាជន និងប្រែក្លាយអាជីវកម្មនេះ ទៅជាម៉ូដែលគម្រូទៅដល់ស្ថាប័នដទៃទៀតដែលប្រតិបត្តិការ ដែលមានន័យថារដ្ឋចាក់បញ្ចូលដើមទុន និងមានការជ្រើសរើសនាយកប្រតិបត្តិ ដោយការបោះឆ្នោត។

នាយកប្រតិបត្តិនោះ ត្រូវធ្វើយ៉ាងណាអោយស្ថាប័ននោះចំណេ​ញប្រាក់ច្រើន ដើម្បីបង់ពន្ធ ព្រមទាំងបង្កើតការងារកាន់តែច្រើនដល់ជាតិ។

ទី២: វាក៏ជួយអោយរដ្ឋាភិបាលធ្វើពិពិធកម្ម ប្រាក់ចំណូលរបស់រដ្ឋ ដោយមិនពឹងផ្អែកទាំងស្រុងទៅលើពន្ធដារ រឺក៏ចំណូលបានមកពីគយប៉ុណ្ណោះទេ ប៉ុន្តែរដ្ឋមានក្រុមហ៊ុនវិនិយោគ ដែលរដ្ឋខ្លួនឯងជាម្ចាស់ ហើយទ្រព្យសកម្ម នៅពេលដែលក្រុមហ៊ុនរីកចម្រើន ទ្រព្យសកម្មទាំងនោះជារបស់រដ្ឋ គ្រាន់តែស្ថិតក្រោមអង្គភាពមួយ ដែលជាក្រុមហ៊ុន។

លោកឡោ វិចិត្របានបន្តថា ដូច្នេះ ប្រសិនបើរដ្ឋាភិបាលកម្ពុជាបង្កើតបានក្រុមហ៊ុនមួយស្រដៀង នឹងក្រុមហ៊ុនTEMASEK វាក៏នឹងជំរុញអោយរដ្ឋ មានម៉ូដែលរកស៊ីកាន់តែប្រសើរជាងមុន ហើយនៅពេលដែលរដ្ឋាភិបាល វិនិយោគទៅលើវិស័យបច្ចេកវិទ្យា Startup រឺក្រុមហ៊ុនថ្មីៗដែលមានអនាគតល្អ នោះវានឹងជំរុញអោយរដ្ឋាភិបាលយល់ពីប្រព័ន្ធ និងការរកស៊ីជាងមុន និងជំរុញអោយមានការបង្កើតគោលនយោបាយនានា កាន់តែទាក់ទាញដល់ការវិនិយោគផងដែរ។

លោកបញ្ជាក់ថា “អ្វីដែលជាការចាំបាច់ ក្នុងការបង្កើតស្ថាប័នស្រដៀងទៅនឹងក្រុមហ៊ុនTEMASEKនោះ គឺប្រសិនបើរដ្ឋាភិបាលជោគ ជ័យ នៅក្នុងការធ្វើជំនួញតាមរយក្រុមហ៊ុននេះ វានឹងបង្កើននូវប្រសិទ្ធភាព គណនីភាពទៅតាមបណ្តាក្រសួងស្ថាប័ននីមួយៗ ព្រោះស្ថាប័នដែលទើបបង្កើតថ្មីនេះអាចពង្រីកខ្លួន ទៅជាស្ថាប័នមួយដែលអាចស្វែងរកប្រាក់ចំណេញបាន បង់ពន្ធនិងបង្កើយការងារដល់មន្ត្រីរាជការក្នុងស្ថាប័ននោះផងដែរ។

លោកឡោ វិចិត្របានបន្តថា ភាពជោគជ័យក្នុងការប្រតិបត្តិស្ថាប័ននេះ វានឹងជំរុញអោយស្ថាប័ននានា នៅក្នុងរដ្ឋាភិបាលផ្លាស់ប្តូរពីការធ្វើការបែបការិយាធិបតេយ្យ ឈានទៅរកការធ្វើការកាន់តែមានតម្លាភាព និងប្រសិទ្ធភាព ដោយសារតែយើងមើលឃើញថា ស្ថាប័នដែលជាកូនកាត់អនុវត្តន៍រូបមន្តបានជោគជ័យ ដូចបណ្តាប្រទេសជឿនលឿន ដែលមានប្រទេសសិង្ហបុរីជាម៉ូដែលគម្រូស្រាប់”។

ការដែលអាចបើកស្ថាប័ននេះ នោះវារឹតតែតម្រង់ទិសរបស់រាជ  រដ្ឋាភិបាល អោយកាន់តែមានភាពមុតស្រួច ពីរដ្ឋាភិបាលអាណាឡូកទៅជារដ្ឋាភិបាលឌីជីថល និងពីរដ្ឋាភិបាលឌីជីថលទៅជារដ្ឋាភិបាលE-Business៕

គំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើនទៀតកំពុងសិក្សានិងត្រៀម សាងសង់មួយចំនួន

ដោយៈ ច្រាយ ចំណាន

       ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានលើកឡើង ពីគម្រោងសាងសង់ហេដ្ឋារចនសសម្ព័ន្ឋធំៗចំនួន៧ទៀត ដែលរដ្ឋាភិបាលត្រៀមបើកការដ្ឋាន និងក្រុមហ៊ុននានាកំពុងសិក្សា។

លោកបានមានប្រសាសន៍បែបនេះ កាលពីថ្ងៃចុងសប្តាហ៍មុ​ន ក្នុងជំនួបជាមួយ លោកAtsushi Ueno ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំ កម្ពុជា។

គំរោងហេដ្ឋារចនាសម្ព័ន្ឋ ដែលបានលើកឡើងនោះរួមមាន ទី១ គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ នៅខែមិថុនា ឆ្នាំ២០២៣។ ទី២ គម្រោងសិក្សាសមិទ្ធិលទ្ធភាពផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប ទី៣ ការសិក្សាសមិទ្ធិលទ្ធភាពគម្រោង លើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ។

ទី៤ គម្រោងសិក្សាសមិទ្ធិលទ្ធភាព ដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេបាសាក់ ទៅកាន់កំពង់ផែឆ្នេរសមុទ្រខេត្តកែប ជាពិសេសលើវិស័យដឹកជញ្ជូនសាធារណៈក្នុងទីក្រុង ដែលគម្រោងទាំងនោះ ក្រសួងធ្លាប់បានសិក្សា សមិទ្ធិលទ្ធភាពពីមុនរួចមកហើយ រួមមាន ការសិក្សាគម្រោងប្រព័ន្ធប្រតិបត្តិការ រថភ្លើងស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើងMonorail ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ ដែលបន្តទាមទារនូវកិច្ចសហការ និងការវិនិយោគពីវិស័យឯកជន។

ជាមួយគ្នានេះ លោកAtsushi Ueno ឯកអគ្គរដ្ឋទូតបានថ្លែងនូវការកោតសរសើរ ដល់ថ្នាក់ដឹកនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍ និងធ្វើប្រសើរឡើងដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិ​បណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញចំណាប់អារម្មណ៍លើការស្វែងយល់អំពីបច្ចុប្បន្នភាព នៃគម្រោងសាងសង់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជាផងដែរ។

លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីការបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដោយមានគម្រោងអភិវឌ្ឍន៍អាទិភាពសំខាន់ៗដែលសម្រេចបាន និងកំពុងអនុវត្តបន្ត ក្នុងនោះរួមមាន គម្រោងសាងសង់ផែកុងតឺន័រថ្មី ដំណាក់កាលទី១ របស់កំពង់ផែស្វ័យតក្រុងព្រះសីហនុ ការសិក្សាគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី២ និងជំហានទី៣ ដែលកំពង់ផែនេះជាច្រកសេដ្ឋកិច្ចយ៉ាងសំខាន់ សម្រាប់ការនាំទំនិញចេញ-ចូល គម្រោងកែលម្អប្រព័ន្ធភស្តុភារកម្មកម្ពុជា គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ និងគម្រោងផ្សេងៗជាច្រើនទៀត។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល ក៏បានស្នើឱ្យជប៉ុនជួយបន្តអភិវឌ្ឃ កសាងសមត្ថភាពធនធានមនុស្ស តាមរយៈការផ្ដល់សាស្ត្រាចារ្យ វគ្គបណ្តុះបណ្តាលខ្លីៗ ដោយផ្ទាល់ ឬតាមប្រព័ន្ធ online ក៏ដូចជាពិនិត្យលទ្ធភាព ជួយជ្រោមជ្រែងដល់ដំណើរការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលវិស្វករកម្ពុជា ឱ្យមានជំនាញច្បាស់លាស់។

កាលពីពេលថ្មីៗនេះដែរ ជប៉ុនទើបនឹងបានផ្តល់ជាគ្រឿងចក្រ Stabilizer មកកាន់ក្រសួង ដើម្បីបម្រើការងារក្នុងវិស័យផ្លូវថ្នល់ លើសពីនេះជប៉ុន ក៏បានផ្តល់ជំនួយចំពោះការសិក្សា គម្រោងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងផែនការយុទ្ធសាស្រ្ត ភាពជាដៃគូគ្រប់ជ្រុងជ្រោយផងដែរ៕

 

ក្រុងថ្មីៗដែលរដ្ឋាភិបាលបង្កើតកំពុងជំរុញចលនាអភិវឌ្ឍន៍ អចលនទ្រព្យ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងរយៈពេលជាង១ទសវត្សរ៍កន្លងមកនេះ រាជរដ្ឋាភិបាលបានបង្កើតក្រុងថ្មីៗ នៅតាមបណ្ដាខេត្តនានា ដោយខេត្តខ្លះមានខេត្តខ្លះទៀត មានទីក្រុង១ ខេត្តខ្លះ មានក្រុងរហូតដល់ទៅ៣។

ការបង្កើតក្រុងថ្មីៗ នៅតាមបណ្ដាខេត្តនានានេះ ក៏បាននិងកំពុងជំរុញចលនាអភិវឌ្ឍន៍អ ចលនទ្រព្យនៅតាមបណ្ដា ក្រុងទាំងនោះ យ៉ាងសកម្មភាពផងដែរ។

ការបង្កើតក្រុង គឺចាំបាច់ណាស់ ត្រូវការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក និងភ្លើង ដើម្បីទាក់ទាញមនុស្សឱ្យទៅរស់នៅ ក្នុងទីក្រុងថ្មីនោះកាន់តែច្រើន ហើយជាលទ្ធផលក្រោយ ពេលរដ្ឋាភិបាលបង្កើតក្រុងរួចក៏ឃើញថា មានការអភិវឌ្ឍអចលនទ្រព្យ កាន់តែច្រើនផងដែរ ជាពិសេសទៅលើលំនៅឋាន ។

លោកសុខ គែន នាយកប្រតិបត្តិនៃក្រុមហ៊ុនKampot Street Real Estate ប្រចាំខេត្តកំពតបានឱ្យដឹងថា នៅក្នុងខេត្តកំពតមានក្រុងចំនួន២ មកដល់សព្វថ្ងៃនេះ គឺក្រុងកំពត និងក្រុងបូកគោ ដែលក្រុងបូកគោ ទើបតែចេញអនុក្រឹត្យក្នុងការបង្កើតថ្មីៗនេះ។បន្ទាប់ពី      រដ្ឋាភិបាល បានចេញអនុក្រឹត្យបង្កើតក្រុងថ្មីនេះ ក៏ឃើញថាមានការទាក់ទាញអ្នកអភិវឌ្ឍន៍ជាច្រើន បានចូលទៅកាន់តំបន់នោះ ដើម្បីស្វែងរកការវិនិយោគផ្សេងៗ។

លោកបន្តថា ការបង្កើតក្រុង គឺត្រូវមានការអភិវឌ្ឍអគាររដ្ឋបាលក្រុង អគារសង្កាត់ហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាអភិវឌ្ឍន៍ផ្លូវបន្ថែម តបណ្ដាញភ្លើង និងទឹក ហើយនៅពេលមានហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងទាក់ទាញមនុស្សទៅរស់នៅកាន់តែច្រើន ដែលធ្វើឱ្យតម្រូវការលំនៅឋាន ក៏ដូចជា ដីធ្លីសម្រាប់អភិវឌ្ឍន៍លំនៅឋាន ក៏ច្រើនដូចគ្នាដែរ”។

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យAdvance ក៏បានឱ្យដឹងថា ការបង្កើតក្រុងថ្មី អ្វីដែលត្រូវអភិវឌ្ឍន៍មុនគេ គឺហេដ្ឋារចនាសម្ព័ន្ធ បន្ទាប់មកគឺលំនៅឋាន ហើយដើម្បីជំរុញឱ្យពលរដ្ឋទៅរស់នៅ ក្នុងក្រុងថ្មីកាន់តែច្រើន គឺត្រូវមានការអភិវឌ្ឍលំនៅឋាន មានហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាព។

លោកបន្តថា ជាការកត់សម្គាល់ នៅពេលមានការបង្កើតក្រុងថ្មី អ្នកវិនិយោគក្នុង និងក្រៅប្រទេស តែងតែសម្លឹងឆ្ពោះទៅកាន់ទីនោះ និង​បានស្វែងរកការវិនិយោគនានា។

ជាក់ស្ដែងក្រុងថ្មីៗ ដែលទើបបង្កើ​ត ដូចជាទីក្រុងអរិយក្សត្រ ទីក្រុងឧត្តុងម៉ែជ័យ ទីក្រុងសំពៅពូន ខេត្តកណ្តាល យើងសង្កេតឃើញថា តំបន់ទាំងនោះ ចាប់ផ្ដើមមានអ្នកវិនិយោគ លើអចលនទ្រព្យចូលទៅអភិវឌ្ឍន៍គម្រោងរបស់ពួកគេ ដើម្បីផ្គត់ផ្គង់ជូនពលរដ្ឋទៅតាមតម្រូវការជាក់ស្ដែង ។

បច្ចុប្បន្ននេះខេត្តកណ្ដាល ជាខេត្តដែលមានក្រុងច្រើនជាងគេក្នុងចំណោម​ខេត្តទូទាំងប្រទេសកម្ពុជា ដោយមានរហូតដល់៣ក្រុង ក្នុងនោះរួមមានក្រុងតាខ្មៅ ទីរួមខេត្តកណ្ដាល ក្រុងអរិយក្សត្រ ទើបបង្កើតថ្មី ក្រុងសំពៅពូន ក៏ទើបបង្កើតថ្មី។

ក្នុងនោះដែរក្រុងអរិយក្សត្រ នៃខេត្តកណ្ដាលកំពុងទទួលបានការចាប់អារម្មណ៍ ពីសំណាក់វិនិយោគិនក្នុង និងក្រៅប្រទេសច្រើនជាងគេ និងកំពុងមានសកម្មភាព ក្នុងការអភិវឌ្ឍអចលនទ្រព្យយ៉ាងមមាញឹកផងដែរ៕

ក្រុមហ៊ុនដ៏ធំរបស់ចិនចាប់អារម្មណ៍វិនិយោគលើហេដ្ឋារចនា សម្ព័ន្ឋធំៗនៅកម្ពុជា

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុមហ៊ុនចិនដ៏ធំមួយ China Metro Groupរបស់ប្រទេសចិន បានបង្ហាញពីបំណងចង់វិនិយោគ លើហេដ្ឋារចនាសម្ព័ន្ឋនៅក​ម្ពុជា។

ថ្នាក់ដឹកនាំក្រុមហ៊ុននេះ បានជួបសម្តេចតេជោហ៊ុន សែននាយ​ករដ្ឋមន្រ្តីនៃកម្ពុជាម្តងរួចហើយ នៅទីក្រុងប៉េកាំងអំឡុងសម្តេចបានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងចន្លោះថ្ងៃទី៩ ដល់១១កុម្ភៈកន្លងមកនេះ។

តាមរយៈជំនួបនេះ បានធ្វើឲ្យលោកLi Kuo តំណាងក្រុមហ៊ុនChina Metro Groupមកស្វែងយល់ពីគំរោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋធំៗនៅកម្ពុជា។

លោកLi Kuoបានជួបពិភាក្សាការងារ ជាមួយលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពីចុងសប្តាហ៍មុននេះ។

លោក Li Kuo បាន​ប្រាប់លោក ស៊ុន ចាន់ថុល អំពី​សកម្មភាព​ការងារ បទ​ពិសោធន៍​របស់​ក្រុមហ៊ុន ដែលជា​សាជីវកម្ម​ធំមួយ​នៅ​ប្រទេស​ចិន ក្នុង​ការអនុវត្ត​ការងារ​សាងសង់ ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នៅ​ក្នុងតំបន់ និង​ពិភព​លោក។

លោក​ទេស​រដ្ឋមន្ត្រី ​ជម្រាប​ជូន​អំពី​ការលើក​ទឹកចិត្ត ​របស់​រាជរដ្ឋាភិ​បាលកម្ពុជា ដល់វិនិយោគិនតាមរយៈ​ច្បាប់​វិនិយោគ ដែល​អនុ​ញ្ញាត​ឱ្យ​មាន​កិច្ចសន្យា​រយៈពេល​វែង ការបើក​ចំហ​ការវិនិយោគ​លើ​គ្រប់​វិស័យ ការអនុគ្រោះ​ពន្ធ។ល។ ជាងនេះ​ទៅទៀត ឯកឧត្តមទេស​រដ្ឋមន្ត្រី ​ក៏បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព ក្នុង​ការចូលរួម​ដាក់ទុន​វិនិយោគ​ ក្នុងការកសាង ​និង​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា។

លោក ស៊ុន ចាន់ថុល បាន​បង្ហាញ​នូវ​គម្រោង​សិក្សា​មួយចំនួន ដែល​ក្រសួង​កំពុង​ស្ថិត​ក្នុងការសិក្សា ព្រមទាំង​កំពុង​លើក​ទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន ឬដៃគូ​អភិវឌ្ឍន៍​នានា​ចូលរួម​ក្នុង​ការវិនិយោគ។ លោក​ថា គម្រោង​ទាំងនោះ​រួមមាន ការសិក្សា​គម្រោង​តភ្ជាប់​ផ្លូវ​រថភ្លើង ​ពី​ព្រលាន​យន្តហោះភ្នំពេញ​ថ្មី ការសិក្សា​គម្រោង​តភ្ជាប់​ផ្លូវ​រថភ្លើង តភ្ជាប់​ពី​ព្រលាន​យន្តហោះ​ថ្មី ​ខេត្ត​សៀមរាប ប្រព័ន្ធប្រតិបត្តិការ​រថភ្លើង​ស្វ័យ​ប្រវត្តិ(AGT) ប្រព័ន្ធ​រថភ្លើង​ក្រោម​ដី (Subway) និង​ការសិក្សាគម្រោង​អភិវឌ្ឍន៍​រថភ្លើង Monorail ដើម្បី​ឆ្លើយតប​ទៅនឹង​ការកកស្ទះ​ចរាចរណ៍ ដោយ​សារកំណើន​នៃ​យានយន្ត និង​តម្រូវការ​នៃ​ការដឹកជញ្ជូន។

លោក​លើកឡើង​ថា វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ​នៅ​កម្ពុជា​មានការរីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ជាពិសេស​ការសាងសង់​ផ្លូវថ្នល់ ស្ពាន ផ្លូវដែក ដោយ​សំដៅ​ជំរុញ​នូវ​ការតភ្ជាប់ ​នៅ​ទូទាំង​ប្រទេស ដែល​មាន​លក្ខណៈ​ពហុមធ្យោបាយ និង​បណ្តា​គម្រោង​សាងសង់​ធំៗ​ជាច្រើនទៀត រួមមាន​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ​ដឹកជញ្ជូន​នានា ដែល​ក្រសួង​សម្រេច​បាន និង​កំពុង​ធ្វើ​ការអភិវឌ្ឍ។

លោកស៊ុន ចាន់ថុលបានបន្ត​ថា គម្រោង​ទាំងនោះ​មាន ដូចជា​ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គម្រោង​ផ្លូវ​ល្បឿនលឿន ភ្នំពេ​ញ-បាវិត គម្រោង​សិក្សា​សមិទ្ធិលទ្ធភាព ​ផ្លូវ​ល្បឿនលឿន ភ្នំពេញ-សៀមរាប និងការសិក្សា​សមិទ្ធិ​លទ្ធភាព ​គម្រោង​លើកកម្រិត​ផ្លូវ​រថភ្លើង​ភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យ​ទៅជា​ផ្លូវ​រថភ្លើង​ល្បឿនលឿនផងដែរ៕

  

ភាពមហស្ចារ្យៈ បាតុភូតថ្ងៃឃរះចំកំពូលប្រាង្គប្រាសាទអង្គរនឹងកើតឡើងចន្លោះថ្ងៃទី២០ ដល់២៣មិនានេះ

  ដោយៈ គង់ សូរិយា

សៀមរាបៈ  ជារឿងអស្ចារ្យបំផុត បើរំលឹកពីចក្រភពខ្មែរ ដែលព្រះបាទសូរិយវរ្ម័នទី២ បានបន្សល់នូវភាពមហស្ចារ្យដល់កូនខ្មែរជំនាន់ក្រោយ តាមរយៈស្ថាបត្យកម្មគ្មានពីរ នៅលើពិភពលោករបស់ព្រះអង្គ។

ព្រះបាទសូរិយវរ្ម័នទី២ គួរជាស្តេចដែលគួរឲ្យគោរពបំផុតក្នុងដែនដីកម្ពុជា បើគិតពីស្នាព្រះហស្តរបស់ព្រះអង្គ។

ក្រសួងទេសចរណ៍បានចេញសេចក្តីជូនដំណឹងស្តីពី “បាតុភូតធម្មជាតិព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរ” ឬ EQUINOX

ដែលកើតឡើងចន្លោះថ្ងៃទី២០ ឬ២១ ឬ២២ ឬ២៣ ខែមីនា ឆ្នាំ២០២៣ ហើយដែលជាទស្សនីយភាពពិសេសមួយ សម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិគួរអញ្ជើញទៅទស្សនាដោយខានមិនបាន ។

បាតុភូតព្រះអាទិត្យ រះចំកណ្តាលកំពូលប្រាសាទអង្គរ (EQUINOX) កើតឡើងជារៀងរាល់ឆ្នាំចំនួន២លើក នៅខែមីនាម្ដង និងខែកញ្ញាម្ដងទៀត។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ស្តែងឲ្យឃើញពីអច្ឆរិយភាពនៃប្រាសាទអង្គរ ដែលបុព្វបុរសខ្មែរបានកសាងឡើង ដោយមានការគិតគូរអំពីស្ថាបត្យកម្ម និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ តាមរយៈខ្សែអក្សនៃភពផែនដី និងព្រះអាទិត្យយ៉ាងច្បាស់លាស់ និងគួរស្ញប់ស្ញែងជាទីបំផុត។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា នៅឆ្នាំ២០២៣ បាតុភូតព្រះអាទិត្យរះ “ចំកណ្តាលកំពូលប្រាសាទអង្គរវត្ត អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២០ដល់ថ្ងៃទី២៣ ខែមីនា ចាប់ពីម៉ោង៥៖៣០នាទីព្រឹក ដល់ម៉ោង៧៖០០នាទីព្រឹក ដែលជារៀងរាល់ឆ្នាំតែងមានភ្ញៀវទេសចរជាតិ- អន្តរជាតិ រាប់ម៉ឺននាក់បានចូលរួមទស្សនា និងផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

ក្រសួងទេសចរណ៍បានអំពាវនាវ ដល់គ្រប់សមាគមទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទូទៅ ចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់ដៃគូពាក់ព័ន្ធ និងទៅទស្សនា ផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដែលជាផ្នែកមួយនៃយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” ក្រោមពាក្យស្លោក “គ្រប់ថ្ងៃគឺជាអច្ឆរិយភាព”៕

 

សម្តេចតេជោអញ្ជើញបើកឲ្យអនុវត្តន៍កម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដំណាក់កាលទី៤នីថ្ងៃនេះ

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី២០ មិនានេះ នឹងអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ​ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានដាក់ឱ្យអនុវត្តលើក​ដំបូងពី២០០៤- ២០០៨។ ដំណាក់កាលទី២ ពីឆ្នាំ២០០៩-២០១៥ ដំណាក់កាលទី៣ ចាប់ពីឆ្នាំ២០១៦-២០២២។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាកម្មវិធីកែទម្រង់ស្នូលមួយ នៃកម្មវិធី​កែទម្រង់​សំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានឆ្ពោះទៅពង្រឹងអភិបាលកិច្ច។ ការគ្រប់​គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព គឺជាមូលដ្ឋាន​គ្រឹះដ៏ចាំបាច់ សម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិ និងកែលម្អជីវភាពប្រចាំ ថ្ងៃរបស់ប្រជា​ជន​កម្ពុជា។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានចក្ខុវិស័យប្រកបដោយមហិច្ឆិតា និង​ប្រាកដនិយម ពោលគឺកសាងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យស្របតាមស្តង់ដា និង​ឧត្តមានុវត្តន៍​អន្តរជាតិ ដែលមានគោលដៅផ្លាស់ប្តូរប្រព័ន្ធ ដែលផ្ដោតលើធាតុចូល និងមាន​លក្ខណៈមជ្ឈការ ឆ្ពោះទៅប្រព័ន្ធដែលផ្ដោតលើធាតុចេញ ឬលទ្ធផល និងវិមជ្ឈការ។

សមិទ្ធផលដ៏ត្រចះត្រចង់ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចាប់តាំងពី​ដំណាក់​កាលទី១ (ឆ្នាំ២០០៥) រហូតមកដល់បច្ចុប្បន្ន បានអនុញ្ញាតឱ្យ​រាជរដ្ឋាភិបាល​អាច​សន្សំ និងបង្ហូរថវិកាកាន់តែច្រើន ទៅកាន់វិស័យអាទិភាព ក៏ដូចជាអាចបង្កើនយ៉ាងច្រើន នូវ​ធនធានវិនិយោគសាធារណៈក្នុងស្រុក ពិសេសលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដោះ​ស្រាយ​វិបត្តិកូវីដ១៩ ជួយដល់ប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ រងផលប៉ះពាល់ដោយអតិផរណា គ្រោះទឹកជំនន់ ជូនដល់កម្មករក្នុងវិស័យរងផលប៉ះពាល់ ជាមួយគ្នានេះថវិកាថ្នាក់ក្រោមជាតិ ក៏ត្រូវបានបង្កើនផងដែរ ដែលជាប្រការជួយ​លើកស្ទួយ​មួយ​កម្រិត ដល់ឯករាជ្យភាពផ្នែកថវិការបស់កម្ពុជា៕

 

China to step up financing support for private small firms

BEIJING: China will step up financing support for private micro and small enterprises, its central bank said on Wednesday (Mar 15), as the country aims to build on a recovery from COVID-19 disruptions while facing weaker demand abroad and a domestic property downturn.

The People’s Bank of China (PBOC) will support reasonable bond financing needs for private companies, the central bank of the world’s second-largest economy said in a statement after a work meeting.

“We will precisely and effectively implement the prudent monetary policy, keep an appropriate pace of loan issuance, and keep the total supply of money and credit at an appropriate amount and grow steadily,” the central bank said.

The private sector provides a third of all jobs in China and creates 90 per cent of new urban jobs.

But in recent years, the
government has sought to tighten its grip on private businesses, by taking stakes in non-state enterprises or installing officials in large firms.

In its statement, the PBOC added it would maintain harsh punishments for corruption and “appropriately cope with suppression from the US and Western countries”.

The central bank will also steadily and orderly promote institutional reform, it said.

China last week announced a sweeping government reform, including the establishment of a new financial regulatory body that would absorb some supervisory functions from the PBOC.

Under the changes, the central bank is expected to focus more on conducting monetary policy and macro-prudential supervision, analysts said.

Source: Reuters/gs