កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់តំបន់អាស៊ាននឹងជួយជំរុញដល់ការវិនិយោគលើទីផ្សារអចលនទ្រព្យក្នុងតំបន់

ដោយ: សហសេវិក
អន្តរជាតិ: តំបន់អាស៊ាននៅតែជាប៉ូលសេដ្ឋកិច្ចមួយដែលមានការរីកចម្រើនលឿនបំផុតនៅលើពិភពលោក។ នេះបើយោងតាមការស្រាវជ្រាវក្នុងរបាយការណ៍ Southeast Asia Outlook ឆ្នាំ២០២៦ របស់ក្រុមហ៊ុន Cushman & Wakefield។

ផលទុនជាតិសរុប (GDP) របស់តំបន់អាស៊ានបានបន្តសម្រេចបាននូវកំណើនទោះបីជាបរិយាកាសពាណិជ្ជកម្មពិភពលោកមានភាពច្របូកច្របល់កាលពីឆ្នាំមុនយ៉ាងណាក្តី ដោយការប៉ាន់ស្មានបានបង្ហាញពីការកើនឡើង៤,៨%សម្រាប់ឆ្នាំ ២០២៥។

នៅឆ្នាំ២០២៦ កំណើន GDP ត្រូវបានគេរំពឹងថា នឹងកើនឡើង៤,៣%។ របាយការណ៍បានបង្ហាញថា ការប្រើប្រាស់ឯកជន ដែលជាកត្តាជំរុញកំណើនដ៏សំខាន់នៅក្នុងតំបន់ នៅតែមានភាពធន់ ដោយសារអត្រាភាពគ្មានការងារធ្វើមានកម្រិតទាប និងការកើនឡើងនៃប្រាក់ចំណូលគ្រួសារ។

ក្រុមហ៊ុន Cushman & Wakefield វាយតម្លៃថា សូចនាករសេដ្ឋកិច្ចវិជ្ជមានទាំងនេះ រួមផ្សំជាមួយនឹងកត្តាប្រជាសាស្ត្រអំណោយផល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស នឹងធ្វើឱ្យតំបន់អាស៊ានបោះជំហានក្លាយជាប៉ូលសេដ្ឋកិច្ចធំបំផុតទី៤នៅលើពិភពលោក។

កំណើនសេដ្ឋកិច្ចនេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​វិស័យ​អចលនទ្រព្យ ខណៈ​​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​អាស៊ានបន្ត​បង្ហាញ​សន្ទុះប្រកបដោយស្ថិរភាព។

នៅ​ឆ្នាំ២០២៥ ការ​​វិនិយោគ​លើ​ទីផ្សារអចលនទ្រព្យ​របស់​តំបន់​នេះសម្រេចបានទំហំទឹកប្រាក់សរុប​ប្រមាណ២១,៨ពាន់​លាន​ដុល្លារ​អាមេរិក ដែល​កើនឡើង​ជិត១៦ភាគរយបើ​ធៀប​នឹង​ឆ្នាំ​២០២៤៕ប្រភព: Edgeprop៕

ក្រសួងស្ថាប័នចំនួន១៩រៀបចំ “ក្របខ័ណ្ឌទស្សនាទាន និង ផែនទីបង្ហាញផ្លូវនៃការប្រមើលអនាគតនៅកម្ពុជាឆ្នាំ២០៣០

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមមន្រ្តីមកពីក្រសូង ស្ថាប័នចំនួន១៩ បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់អន្ដរក្រសួងស្ដីពី ការរៀបចំ “ក្របខ័ណ្ឌទស្សនាទាន និង ផែនទីបង្ហាញផ្លូវនៃការប្រមើលអនាគត (foresight) នៅកម្ពុជា ឆ្នាំ២០៣០”។

ក្នុងស្មារតីបុរេសកម្មដើម្បីបុព្វហេតុ នៃការអភិវឌ្ឍជាតិរយៈពេលវែង នាព្រឹកថ្ងៃទី១៣ ខែ មីនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិតសភាចារ្យហ៊ាន សាហ៊ីប រដ្ឋលេខា​ធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អន្តរក្រសួងកម្រិតថ្នាក់ដឹកនាំ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញតំណាងក្រសួង-ស្ថាប័នចំនួន១៩ ដើម្បីពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាង “ក្របខ័ណ្ឌទស្សនាទាន និង ផែនទីបង្ហាញផ្លូវនៃការប្រមើលអនាគត នៅកម្ពុជាឆ្នាំ២០៣០”។

កិច្ចប្រជុំបានផ្ដោតការពិភាក្សា លើភាពចាំបាច់បន្ទាន់នៃឧបករណ៍ប្រមើលអនាគត (Foresight) ក្នុងបរិការណ៍ដែលពិភពលោកកំពុងជួបប្រទះនូវចល័តភាព ភាពមិនប្រាកដប្រជា មិស្សភាពនិងភាពមន្ទិល (Volatility, Uncertainty, Complexity and Ambiguity—VUCA) ។

ក្នុងបរិការណ៍នេះ ការគិតគូរ និងរៀបចំគោនយោបាយដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម ឬព្រឹត្តិការណ៍ ដែលមិននឹកស្មានដល់ (Wild Cards) ការប្រមើលអនាគតដែលជា “ការគិតគូរជាប្រព័ន្ធ” មានតួនាទីដ៏សំខាន់បំផុត ដើម្បីប្រែក្លាយប្រព័ន្ធរដ្ឋបាលសាធារណៈ ឱ្យក្លាយជាប្រព័ន្ធរ៉ាដា ដែលអាចស្កេនរកសញ្ញាផ្លាស់ប្តូរសកល និង ត្រៀមខ្លួនគ្រប់គ្រងកត្តាចៃដន្យនានា ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ការរៀបចំក្របខ័ណ្ឌទស្សនាទាន និងផែនទីបង្ហាញផ្លូវខាងលើ មានគោលដៅ ដើម្បីដាក់ចេញនូវផែនការជាជំហាន ក្នុងការកសាងមូលដ្ឋានគ្រឹះ ដើម្បីត្រៀមខ្លួនចាប់យកការប្រើប្រាស់ ក្របខ័ណ្ឌការប្រមើលអនាគតឱ្យបានពេញលេញ ចាប់ពីឆ្នាំ២០៣០ តទៅតាមរយៈទី១). ការបញ្ជ្រាបទស្សនាទានការប្រមើលអនាគត ទៅដល់ក្រសួង-ស្ថាប័ន ដើម្បីត្រៀមខ្លួនក្នុងការចាប់យក ការប្រើប្រាស់ក្របខ័ណ្ឌគិតគូរពីចម្ងាយ ទី២) ការពង្រឹងសមត្ថភាពមន្រ្តី និងស្ថាប័នអំពីក្របខ័ណ្ឌការប្រមើលអនាគត ទៅក្នុងការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រសំខាន់របស់រាជរដ្ឋាភិបាល និងទី៣). ការគិតគូររៀបចំក្របខ័ណ្ឌស្ថាប័ន ដើម្បីដឹកនាំ និងសម្របសម្រួលការងារប្រមើលអនាគត កម្រិតរាជរដ្ឋាភិបាល ឱ្យមានស្តង់ដារ និងប្រសិទ្ធភាពខ្ពស់ ស្របតាមឧត្តមានុវត្តន៍ក្នុងតំបន់។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់ ចំពោះក្រុមការងាររៀបចំសេចក្តីព្រាង ក្របខ័ណ្ឌទស្សនាទាន និងផែនទីបង្ហាញផ្លូវដ៏មានសារៈសំខាន់នេះ ។ ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ ចំពោះតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្ម និងចែករំលែកនូវមតិយោបល់ ក៏ដូចជាគំនិតផ្ដួចផ្ដើមផ្សេងៗ សំដៅជំរុញឱ្យការរៀបចំ ឯកសារបង្គោលចរយុទ្ធសា​ស្រ្តដ៏មានសារៈសំខាន់នេះ ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និង ស៊ីជម្រៅ៕

វៀតណាមកំពុងសាងសង់គម្រោងអចលនទ្រព្យធំៗចំនួន ២៧ ដែលមានតម្លៃជាង១១៥ ពាន់លានដុល្លារអាមេរិក

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមរបាយការណ៍មួយបានបង្ហាញថា ប្រទេសវៀតណាមមានគម្រោងអភិវឌ្ឍន៍ទីក្រុងខ្នាតយក្សចំនួន ២៧ ដែលមានទំហំដើមទុនវិនិយោគសរុបលើសពី១១៥ពាន់លានដុល្លារអាមេរិក។នេះបើយោងតាមការចុះផ្សាយដោយកាសែត Vnexpress។

ទីភ្នាក់ងារវាយតម្លៃឥណទាន S&I Ratings ដែលមានមូលដ្ឋាននៅទីក្រុងហាណូយ បានឱ្យដឹងថា គម្រោងនីមួយៗគ្របដណ្តប់លើផ្ទៃដីរាប់រយទៅរាប់ពាន់ហិកតា រួមមានគម្រោងអភិវឌ្ឍដែលទើបនឹងដាក់ឱ្យដំណើរការថ្មី កំពុងសាងសង់ ឬទើបតែត្រូវបានអនុម័តទូទាំងប្រទេស។

របាយការណ៍​ខាងលើ​បាន​បន្តថា ចំនួនជាង៥០ភាគរយនៃ​ការវិនិយោគ​សរុប​ត្រូវ​បាន​ដឹកនាំ​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំៗ រួម​មាន ក្រុមហ៊ុន ​Vingroup និង ក្រុមហ៊ុន Sun Group ដែល​ឆ្លុះបញ្ចាំង​ពី​ការប្រកួតប្រជែង​កាន់តែ​ខ្លាំង​ឡើង​ដើម្បី​អភិវឌ្ឍ​គម្រោងទីក្រុង​ធំ​ៗ។

តំបន់ភាគខាងជើងប្រទេសវៀតណាមមានគម្រោងអចលនទ្រព្យធំៗចំនួន៩ ដែលភាគច្រើនស្ថិតនៅក្នុង និងជុំវិញទីក្រុងហាណូយ ក៏ដូចជាខេត្ត Hung Yen និងខេត្ត Quang Ninh។

តំបន់ភាគកណ្តាលវៀតណាមមានគម្រោងចំនួន៨ ដែលក្នុងនោះគម្រោងធំជាងគេ មានឈ្មោះថា Cam Lam ក្នុងខេត្ត Khanh Hoa ដែលត្រូវបានអភិវឌ្ឍដោយសម្ព័ន្ធក្រុមហ៊ុន Vinhomes។ គម្រោងនេះលាតសន្ធឹងលើផ្ទៃដីជាង ១០.០០០ ហិកតា និងមានទុនវិនិយោគជិត១១ពាន់លានដុល្លារ។

តំបន់ភាគខាងត្បូងវៀតណាមមានគម្រោងធំៗចំនួន១០ ដែលក្នុងនោះចំនួន៥០ភាគរយនៃគម្រោងទាំងនោះកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការស្នើសុំការអនុម័តទុនវិនិយោគ៕ប្រភព: Vnexpress៕

ផ្ទៃដីប្រព័ន្ធអេកូឡូស៊ីទំហំជាង៨២,០០០ហិកតា និងតំបន់សហគមន៍ទេសចរណ៍ចំនួន១៦កំពុងសហការជាមួយគម្រោងCamAdapt

ដោយៈ ចំណាន

ភ្នំពេញៈ ប្រព័ន្ធអេកូឡូស៊ីជាង៨២,០០០ហិកតា និងតំបន់សហគមន៍ការពារធម្មជាតិចំនួន១៦ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន កំពុងសហការជាមួយគម្រោងCamAdapt ដើម្បីពង្រឹងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ភាពធន់ និងការធ្វើពិពិធកម្មជីវភាពរស់នៅ នៅតាមតំបន់ឆ្នេរកម្ពុជា។ ​​

ក្រសួងបរិស្ថាន តាមរយៈគម្រោង CamAdapt បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការពង្រឹងបណ្តាញសហគមន៍តំបន់ការពា​រធម្មជាតិ និងការត្រួតពិនិត្យឡើងវិញ នូវវឌ្ឍនភាពនៃការអភិរក្សសហគមន៍”។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួម ពីតំណាងមន្ទីរបរិស្ថានខេត្ត និងតំណាងសហគមន៍តំបន់ការពារធម្មជាតិ នៃខេត្តកំពត និងខេត្តកោះកុង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ នៅក្នុងបណ្តាញសហគមន៍ កែលម្អផែនការគ្រប់គ្រង និងធ្វើសមាហរណកម្មវិធានការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងលើកកម្ពស់ការផ្តល់អាទិភាពយេនឌ័រ នៅក្នុងការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីនៅតំបន់ឆ្នេរ។

ជាលទ្ធផល សហគមន៍តំបន់ការពារធម្មជាតិទាំង១៦ បានធ្វើបច្ចុ​ប្បន្នភាព និងកែសម្រួលផែនការគ្រប់គ្រង សម្រាប់សហគមន៍នីមួយៗ ដើម្បីបំពេញចន្លោះខ្វះខាត លើការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី ការចូលរួមរបស់សហគមន៍ និងការបញ្ជ្រាបយេនឌ័រ។

ព្រឹត្តិការណ៍ការណ៍នេះ បានជួយពង្រឹងសមត្ថភាពក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលបង្កឡើងដោយអាកាសធាតុ ព្រមទាំងធានាបាននូវការចូលរួម ពីគ្រប់សមាសភាព ក្នុងកិច្ចការអភិរក្ស និងការអភិវឌ្ឍសហគមន៍។

គម្រោងCamAdapt ត្រូវបានផ្តល់ថវិកាដោយមូលនិធិបរិស្ថានសកល (GEF) និងអនុវត្តដោយក្រសួងបរិស្ថាន រដ្ឋបាលជលផល និងអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ប្រចាំប្រទេសកម្ពុជា៕

ក្រុមការងារវិស័យឯកជនពិភាក្សាពីបញ្ហាប្រព័ន្ធសុវត្ថិភាព ចំណតនៅក្នុងអគារCondo និងអគារពាណិជ្ជកម្មខ្ពស់ៗ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមការងារផ្នែកឯកជន ក្រុមការងារ “ឌ” “ផ្នែកសំណង់ និងអចលនទ្រព្យ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនបានបើកកិច្ចប្រជុំពាក់ព័ន្ធនឹងបញ្ហាក្នុងវិស័យសំណង់។

កិច្ចប្រជុំនេះ ដឹកនាំដោយ ឧកញ៉ាបណ្ឌិត តាន់ មុន្នីវណ្ណ សហប្រធានក្រុមការងារ “ឌ” តំណាងផ្នែកឯកជន។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា​ តំណាងក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត ក្រុមហ៊ុនបុរី ខេស៊ី ឯ.ក អគ្គនាយកក្រុមហ៊ុន ព្រុំ មុន្នីទេ, អគ្គនាយកក្រុមហ៊ុន សេម អេសអិន រៀលធី ឯ.ក។ តំណាងសមាគមសហព័ន្ធវិនិយោគិនកម្ពុជា  និងតំណាងក្រុមហ៊ុនឯកជនពាក់ព័ន្ធក្នុងវិស័យសំណង់ និងអចលនទ្រព្យមួយចំនួនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងបន្តលើកឡើងនូវបញ្ហាប្រ​ឈមថ្មីៗបន្ថែមទៀត ក្នុងវិស័យយសំណង់ និងអចលនទ្រព្យ ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាពេលខាងមុខនេះ។

ជាលទ្ធផល កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមមួយចំនួនរួមមាន៖ ១.ការពិភាគ្សាលើ អនុក្រឹត្យលេខ០៣ អនក្រ.បក “ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ” ២.បញ្ហាចំណតនៅក្នុងអគារCondo និងអគារពាណិជ្ជកម្មខ្ពស់ៗ រួមនឹងបញ្ហាប្រឈមមួយចំនួន​ផ្សេងទៀតផងដែរ៕

រដ្ឋាភិបាលចាប់ផ្តើមរៀបចំទិន្នន័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សម្រាប់ការផលិតផែនទីគោល

ដោយៈ និស្ស័យ

    ភ្នំពេញៈ ក្រុមមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំក្រុមការងារ រៀបចំទិន្នន័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សម្រាប់ការផលិតផែនទីគោល។

កិច្ចប្រជុំនេះ ដឹកនាំដោយលោកយិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំទិន្នន័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សម្រាប់ការផលិតផែនទីគោល ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំរៀបចំឡើងដើម្បីពិភាក្សាកម្រិតផ្ទៃក្នុង សម្រាប់អ្នកបច្ចេ​កទេសក្រសួង ដោយយោងទៅតាមសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីរៀបចំទិន្នន័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់សម្រា​ប់ការផលិតផែនទីគោល៕

រដ្ឋមន្រ្តីក្រសួងកសិកម្មស្វាគមន៍ក្រុមហ៊ុនធំមួយរបស់អាល្លឺម៉ង់ ក្នុងការកែច្នៃម្រេចនៅកម្ពុជា

ដោយៈ និស្ស័យ

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោកឌិត ទីណា អញ្ជើញជួបជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត Stefan Messerer និងប្រតិភូក្រុមហ៊ុនអាល្លឺម៉ង់Fuchs Gruppe។

ក្នុងជំនួបនេះ លោកឌិត ទីណាបានស្វាគមន៍លោក Stefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ និងប្រតិភូក្រុមហ៊ុនអាល្លឺម៉ង់ Fuchs Gruppe ដឹកនាំដោយលោកអគ្គនាយក Nil Meyer-Pries ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នាឱកាសនៃជំនួប លោករដ្ឋមន្រ្តី បានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងអាល្លឺម៉ង់លើវិស័យកសិកម្ម ជាពិសេសភាពជាដៃគូល្អ ក្នុងការបណ្ដុះបណ្ដាលការអនុវត្តកសិកម្មល្អ (GAP) ដែលបានជួយលើកស្ទួយ គុណភាពកសិផលកម្ពុជា សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។

លោករដ្ឋមន្ត្រីឌិត ទីណា ក៏បានស្វាគមន៍ផែនការរបស់ក្រុមហ៊ុន Fuchs Gruppe ក្នុងការវិនិយោគលើការកែច្នៃម្រេចកម្ពុជា សំដៅផ្ដល់តម្លៃបន្ថែមខ្ពស់ ក្នុងខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា និងជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

តាមរយៈជំនួបនេះ ភាគីកម្ពុជា-អាល្លឺម៉ង់ បានបង្ហាញសុទិដ្ឋិ​និយម ចំពោះកិច្ចសហប្រតិបត្តិការរយៈពេលវែង ដើម្បីជំរុញកសិ-ពាណិជ្ជកម្ម និងការបង្កើនប្រសិទ្ធភាព និងនិរន្តរភាពនៃវិស័យកសិកម្ម៕

បណ្តាប្រទេសចំនួន៤ កំពុងនាំមុខគេក្នុងការសម្រេចបានកំណើនតម្លៃអចលនទ្រព្យសកលនាពេលបច្ចុប្បន្ន

ដោយ: សហសេវិក
អន្តរជាតិ: ទិដ្ឋភាពនៃការវិនិយោគលើអចលនទ្រព្យសកលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយទីផ្សារមួយចំនួននឹងនាំមុខទីផ្សារផ្សេងទៀតនៅឆ្នាំ២០២៦។ ខាងក្រោមនេះជាប្រទេសទាំង ៤ ដែលនាំមុខគេលើកំណើនតម្លៃអចលនទ្រព្យសកលនាពេលបច្ចុប្បន្ន។

ទី១: ប្រទេសព័រទុយហ្កាល់

ក្នុងរយៈពេល៥ឆ្នាំកន្លងមក តម្លៃផ្ទះនៅប្រទេសព័រទុយហ្គាល់បានហក់ឡើង ៤៨% ដែលធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសដែលមានសក្តានុពលផ្នែកអចលនទ្រព្យលំដាប់កំពូលមួយរបស់ពិភពលោក។

ទោះបីជាមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចពិភពលោក និងកម្រិតអត្រាការប្រាក់ខ្ពស់យ៉ាងណាក្តី ទីផ្សារអចលនទ្រព្យរបស់ប្រទេសព័រទុយហ្គាល់នៅតែមានភាពធន់ និងសម្រេចបានលទ្ធផលល្អប្រសើរលើសពីការរំពឹងទុក។

ទី២: ប្រទេសម៉ិកស៊ិក

ទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ិកស៊ិកកំពុងរីកចម្រើន ដោយសារតែគម្រោងអភិវឌ្ឍន៍អចលនទ្រព្យប្រណីត។ នៅទូទាំងប្រទេសម៉ិកស៊ិក តម្លៃផ្ទះបានកើនឡើង៨,៨% ក្នុងឆ្នាំ ២០២៤ ខណៈទំហំទីផ្សារទាំងមូលត្រូវបានប៉ាន់ប្រមាណថា ឈានដល់៥,៧៤ ទ្រីលានដុល្លារនៅឆ្នាំ២០២៥។

ទី៣: ប្រទេសក្រិក

ទីផ្សារអចលនទ្រព្យរបស់ប្រទេសក្រិកបានទទួលអត្ថប្រយោជន៍ពីឥទ្ធិពលនៃវិស័យទេសចរណ៍ និងការលើកទឹកចិត្តពន្ធ។ វិស័យនេះត្រូវបានគេរំពឹងថា នឹងឈានដល់ទំហំទឹកប្រាក់១,៥៦ទ្រីលានដុល្លារនៅឆ្នាំ២០២៩ ដោយលំហូរជនបរទេស កំពុងកើនឡើងនិងជំរុញតម្រូវការលំនៅឋាន។

ទី៤: ប្រទេសតួកគី

ទោះបីជា​ទីផ្សារ​​មាន​ភាព​ប្រែប្រួលយ៉ាងណាក្តី តម្រូវការអចលនទ្រព្យនៅក្នុងប្រទេស​តួកគីនៅតែមានភាពរឹងមាំ និង​មានសក្តានុពល​ខ្ពស់ផ្នែកលំនៅឋានជួល។ទីក្រុងអ៊ីស្តង់ប៊ុលបានជាប់ឈ្មោះជាទីក្រុងមួយលើពិភពលោក ដែលសម្រេចបានកំណើនខ្ពស់បំផុតនៃតម្លៃអចលនទ្រព្យ ជាពិសេសនៅក្នុងផ្នែកលំនៅឋានប្រណីត៕ប្រភព: Benoit Properties៕

កម្ពុជាពិភាក្សាជាមួយអ្នកជំនាញការWorld Bankទាក់ទងការតភ្ជាប់ការដឹកជញ្ជូនកម្ពុជា ឡាវ

ដោយៈ ម៉ាណា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបើកកិច្ចជំនួបពិភាក្សា ការងារជាមួយក្រុមជំនាញការ Worldbank ស្តីពីការតភ្ជាប់ការដឹកជញ្ជូនកម្ពុជា-ឡាវ។

កិច្ចប្រជុំនេះដឹកនាំដោយលោកជំទាវ សន សុភាវត្តី អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារកម្ម បានអញ្ជើញដឹកនាំកិច្ចជំនួបពិភាក្សាការងារជាមួយក្រុមជំនាញការក្រសួង និងមានការចូលរួមពីប្រធាននាយកដ្ឋាន ក្រុមការងារបច្ចេកទេសWorldbank និងមន្ត្រីជំនាញផងដែរ។

គោលបំណងនៃកិច្ចជំនួបពិភាក្សានេះគឺ ដើម្បីផ្លាស់ប្តូរយោបល់បច្ចេកទេស និងកំណត់អាទិភាពសំខាន់ៗ សម្រាប់ការពង្រឹងការតភ្ជាប់ការដឹកជញ្ជូន និងភស្តុភារកម្មរវាងកម្ពុជា និងឡាវ៕

ភាពតានតឹងនៅមជ្ឈិមបូព៌ាអាចបង្វែរទិសដៅនៃលំហូរមូលធនសកល ទៅកាន់ទីផ្សារអចលនទ្រព្យរបស់ទីក្រុងហុងកុង

ដោយ: សហសេវិក
អន្តរជាតិ: ក្រុមអ្នកវិភាគលើកឡើងថា ភាពតានតឹងកាន់តែខ្លាំងឡើងនៅតំបន់មជ្ឈិមបូព៌ាអាចបង្វែរទិសដៅនៃលំហូរមូលធនសកល និងជំរុញតម្រូវការអចលនទ្រព្យនៅទីក្រុងហុងកុង ខណៈវិនិយោគិនស្វែងរកមជ្ឈមណ្ឌលហិរញ្ញវត្ថុដែលមានស្ថិរភាព ស្របពេលភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយកើនឡើង។

ការប្រែប្រួលនេះកើតឡើង ខណៈការបង្វែរទិសដៅនៃលំហូរមូលធនសកលកំពុងជះឥទ្ធិពលលើទីផ្សារអចលនទ្រព្យប្រណីត ដូចជានៅទីក្រុងស៊ីដនី ទីក្រុងឌូបៃ និងទីក្រុងហុងកុង។

ធនាគារ Citigroup បានគូសបញ្ជាក់នៅក្នុងរបាយការណ៍មួយថា អស្ថិរភាពយូរអង្វែងនៅក្នុងតំបន់មជ្ឈិមបូព៌ាអាចជំរុញឱ្យលំហូរមូលធន និងមនុស្សមានទេព្យកោសលខ្ពស់ងាកចេញពីតំបន់មជ្ឈិមបូព៌ា។

របាយការណ៍ខាងលើបានបន្តថា ទីក្រុងហុងកុងរបស់ប្រទេសចិនអាចស្រូបទាញបានលំហូរទាំងនោះ ដែលអាចជួយគាំទ្រដល់តម្រូវការលំនៅឋាន និងការិយាល័យ។

ជាមួយគ្នានេះ ធនាគារវិនិយោគ Morgan Stanley បានលើកឡើងថា ការវិវឌ្ឍថ្មីៗនៅតំបន់មជ្ឈិមបូព៌ាអាចប្រែក្លាយទីក្រុងហុងកុងទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុជំនួសដ៏សំខាន់មួយ (Alternative) ដោយសារកត្តាស្ថិរភាព និងការយកអត្រាពន្ធទាបរបស់ទីក្រុងហុងកុង។

ទីផ្សារលំនៅឋានលំដាប់ខ្ពស់របស់ទីក្រុងហុងកុងកំពុងបង្ហាញសញ្ញានៃការងើបឡើងវិញ។ ទីក្រុងហុងកុងបានកត់ត្រាការលក់ផ្ទះលំដាប់ខ្ពស់ចំនួន៨១យូនីត ដែលមានតម្លៃលើសពី១០លានដុល្លារអាមេរិកក្នុងមួយយូនីតនៅក្នុងត្រីមាសទី៤ ឆ្នាំមុន កើនឡើង៤៥ភាគរយធៀបនឹងត្រីមាសទី៣។

ក្រុមអ្នកវិភាគនៅធនាគារ J.P. Morgan បានអះអាងថា ទីក្រុងហុងកុងនៅតែជាគោលដៅទាក់ទាញសម្រាប់វិនិយោគិនអចលនទ្រព្យនៅបរទេស ខណៈជនបរទេសមិនប្រឈមមុខនឹងការរឹតបន្តឹងខ្លាំងលើការទិញផ្ទះពីអាជ្ញាធរទេ បើប្រៀបធៀបជាមួយទីផ្សារប្រកួតប្រជែងដូចជាប្រទេសសិង្ហបុរី៕ប្រភព: SCMP៕