រដ្ឋាភិបាលដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ និងប្រព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) លោកជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. និងសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល (ក.ស.ប.) បានអញ្ជើញជាគណៈអធិបតីក្នុង “ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ (EIR) និងប្រព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល (HFMIS)”។

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ មានការចូលរួមពីតំណា​ងអង្គការសុខភាពពិភពលោក (WHO) អង្គការយូនីសេហ្វ (UNICEF) អង្គការCHAI អង្គការGAVI និងដៃគូអភិវឌ្ឍន៍នានា សរុបចំនួនប្រមាណ៣៦០នាក់ និងតាមប្រព័ន្ធវីដេអូសន្និសីទ (កម្មវិធី Zoom) ប្រមាណ៣០០០នាក់។

កន្លងមក ក.ស.ប. និង ក.ប.ទ. បានសហការគ្នាអភិវឌ្ឍប្រព័ន្ធចាក់វ៉ាក់សាំង (vaccine.gov.kh) ដែលបានជួយសម្រួលដល់ការគ្រប់គ្រង និងកត់ត្រាប្រវត្តិនៃការចាក់វ៉ាក់សាំង ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ហើយប្រព័ន្ធនេះមានភាពធន់សាយប័រនិងមាត្រសម្បទា (Scalability) ដែលត្រូវបានប្រើប្រាស់ដោយវេជ្ជបណ្ឌិតនិងបុគ្គលិកពេទ្យប្រមាណ៨០០០នាក់ និងបានកត់ត្រាអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ រហូតដល់ប្រមាណជិត១៥លាននាក់។

ជាមួយគ្នានេះ ដោយមានតម្រូវការបន្ថែម ក្នុងការគ្រប់គ្រងនិងកត់ត្រាប្រវត្តិ នៃការចាក់ថ្នាំបង្ការផ្សេងទៀត ក.ស.ប. និង ក.ប.ទ. ក៏បានពិភាក្សានិងយល់ឃើញថា ប្រព័ន្ធចាក់វ៉ាក់សាំងដែលមានស្រាប់មានភាពសក្តិសមបំផុត ក្នុងការយកទៅពង្រីកវិសាលភាព ប្រើប្រាស់ក្នុងកម្រិតជាតិ ដោយគ្រាន់តែយកមកធ្វើការអភិវឌ្ឍបន្ថែម និងពង្រីកសមត្ថភាពឱ្យក្លាយទៅជាប្រព័ន្ធថ្មីមួយទៀត ដែលមានឈ្មោះថា ប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ (Electronic Immunization Registry/EIR)  ដែលមានភាពធន់សាយប័រ និងសមត្ថភាពខ្ពស់ជាងមុន ព្រមទាំងអាចធ្វើអន្តរប្រតិបត្តិការ។

បន្ទាប់ពីបានអភិវឌ្ឍ និងធ្វើការវាយតម្លៃអំពីភាពធន់សាយប័រ និងភាពរួចរាល់នៃបច្ចេកទេសរួចមក ប្រព័ន្ធEIR ត្រូវបានដាក់ឱ្យដំណើរការសាកល្បងកាលពីខែតុលា ឆ្នាំ២០២៤ នៅមណ្ឌលសុខភាពចំនួន ២ទីតាំង គឺមណ្ឌលសុខភាពសំរោងក្រោម និងមណ្ឌលសុខភាពជ្រោយចង្វារ និងនៅខែមករា ឆ្នាំ២០២៥ បានដាក់ឱ្យដំណើរការសាកល្បង១ទីតាំងបន្ថែមទៀត គឺមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។

លើសពីនេះ ក្រសួងបានបន្តបណ្តុះបណ្តាលបុគ្គលិកពេទ្យ និងដាក់ឱ្យដំណើរការសាកល្បង នៅតាមបណ្តាស្រុកប្រតិបត្តិ និងមូលដ្ឋានសុខាភិបាលផ្សេងទៀត។ ជាលទ្ធផលគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ ប្រព័ន្ធ EIR ត្រូវបានប្រើប្រាស់នៅមូលដ្ឋានសុខាភិបាលចំនួន១,៤៤៣ទីតាំង បុគ្គលិកប្រើប្រាស់ចំនួន២,៦៥៤នាក់ ទិន្នន័យប្រជាពលរដ្ឋបានចុះក្នុងប្រព័ន្ធចំនួន១៧៤,៦៨៨នាក់ និងកំណត់ត្រាវ៉ាក់សាំងចំនួន ១,១០០,១៤៩។

ជាថ្មីម្ដងទៀត ក.ស.ប. និង ក.ប.ទ. នឹងបន្តសហការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនានាបន្ថែមទៀត ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មឌីជីថល ក្នុងវិស័យសុខាភិបាលឱ្យបានកាន់តែលឿន ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១រប​ស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ស្ថាប័នចំនួន៤ត្រៀមរៀបចំពិព័រណ៍ផលិតផលទេសចរណ៍បៃតង សហគមន៍ភូមិវត្តបូព៌

ដោយៈ គង់ សូរិយា

    សៀមរាបៈ ខេត្តសៀមរាបនឹងរៀបចំពិព័រណ៍ ផលិតផលទេសច​រណ៍បៃតង សហគមន៍ភូមិវត្តបូព៌ រយៈពេល២ថ្ងៃ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងបរិស្ថាន។

ការរៀបចំនេះ ធ្វើឡើងក្រោមកិច្ចសហការ រវាងរដ្ឋបាលខេត្តសៀមរាប សហការគ្នាជាមួយសាកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា ខេត្តសៀមរាប សហគមន៍ភូមិវត្តបូព៌ និងវិស័យឯកជននៅក្នុងខេត្ត គ្រោងនឹងរៀបចំតាំងពិព័រណ៍ ផលិតផលទេសចរណ៍បៃតង រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២៦ នៅតាមដងស្ទឹងក្នុងក្រុងសៀមរាប ដើម្បីដាក់តាំងបង្ហាញផលិតផល និងសេវាកម្មនានាដល់ភ្ញៀវជាតិ និងអន្តរជាតិ។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីខាងលើ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ លោកបណ្ឌិត ជីវ រដ្ឋា អធិការបតីរងប្រតិបត្តិ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ខេត្តសៀមរាប បានឱ្យដឹងថា ពិព័រណ៍នេះនឹងបង្ហាញពីផលិតផលទេស​ចរណ៍បៃតង ដែលមិនប៉ះពាល់ដល់បរិស្ថាន ពីក្រុងស្រុកទាំង១៣ ក្នុងខេត្តសៀមរាប។

តាមរយៈពិព័រណ៍នេះ ជាការអប់រំ និងលើកកម្ពស់ការយល់ដឹងដល់អ្នកទេសចរ និងប្រជាជនមូលដ្ឋានឱ្យយល់ដឹង ពីសារៈសំខាន់របស់ទេសចរណ៍បៃតង និងការអនុវត្តប្រកបដោយនិរន្តរភាព បង្កើតវេទិកាអន្តរកម្ម សម្រាប់អាជីវកម្មក្នុងស្រុក និងប្រតិបត្តិករទេសចរណ៍។ ជាពិសេសជួយជំរុញ និងផ្ដល់ឱកាសដល់ក្រុងស្រុកទាំង១៣ ក្នុងការរួមចំណែកអនុវត្តទេសចរណ៍បៃតង ដើម្បីលើកកម្ពស់មុខមាត់ខេត្តទាំងមូល។

លោកយុន លីនណេ អភិបាលរងខេត្ត តាមរយៈការប្រមូលផ្ដុំផលិតផលពីតាមក្រុងស្រុកទាំង១៣ យើងនឹងឃើញពីភាពច្នៃប្រឌិត និងការប្ដេជ្ញាចិត្ត របស់សហគមន៍មូលដ្ឋាននីមួយៗ ក្នុងការរួមចំណែកអភិរក្សបេតិកភណ្ឌធម្មជាតិ និងវប្បធម៌របស់ខេត្តសៀមរាប។ មិនតែប៉ុណ្ណោះ វាក៏បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដែលជាផ្នែកមួយជួយដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់។

សម្រាប់ភ្ញៀវទេសចរវិញ ក៏អាចទទួលបាននូវបទពិសោធន៍នៃការកម្សាន្ត ជាផ្នែកមួយនៃការចូលរួមចំណែក ដើម្បីលើស្ទួយវិស័យទេស​ចរណ៍ ប្រកបដោយនិរន្តរភាពក្នុងពេលតែមួយទៀតផង។

លោកអភិបាលរងខេត្ត មានប្រសាសន៍ទៀតថា ដើម្បីឱ្យការរៀប​ចំពិព័រណ៍ ផលិតផលទេសចរណ៍ខាងលើ ប្រព្រឹត្តទៅបានល្អប្រសើរ ស្របតាមផែនការគ្រោងទុក សូមឱ្យសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាខេត្តសៀមរាប សហការជាមួយរដ្ឋបាលក្រុងសៀមរាប ស្នងការដ្ឋាននគរបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈទូទៅ៕

ឯកអគ្គរដ្ឋទូតកូរ៉េថ្មីសន្យានឹងនាំអ្នកធុរកិច្ចកូរ៉េកាន់តែច្រើន មកវិនិយោគនៅកម្ពុជា

ដោយៈ ចំណាន

    ភ្នំពេញៈ លោកKim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េថ្មីប្រចាំកម្ពុជា បានសន្យាជម្រុញអ្នកធុរកិច្ចកូរ៉េកាន់តែច្រើនមកវិនិយោគនៅកម្ពុជា និងស្នើរៀបចំខួបលើកទី៣០នៃទំនាក់ទំនងកម្ពុជា កូរ៉េឲ្យបានអធិកអធមបំផុត។

លោកបានលើកឡើងបែបនេះ ជួបពិភាក្សាការងារជាមួយលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)។

ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម Kim Chang Yong ដែលទទួលបានការតែងតាំងជា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការគាំទ្រជាបន្តបន្ទាប់ពីសំណាក់រាជរដ្ឋាភិបាល និងប្រជាជនកូរ៉េ ចំពោះកិច្ចការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ជាមួយគ្នានេះទំនាក់ទំនងពាណិជ្ជកម្ម និងការរីកលូតលាស់គួរឱ្យកត់សម្គាល់ ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៃប្រទេសទាំងពីរផងដែរ។

ក្នុងស្មារតីនេះ លោកឧបនាយករដ្ឋមន្រ្តី បានបង្ហាញនូវក្តីរីករាយដែលប្រទេសទាំងពីរ បានលើកកម្រិតដៃគូទំនាក់ទំនងទេ្វភាគី ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” កាលពីឆ្នាំ២០២៤ កន្លងទៅ ហើយបានបន្តថា ថ្វីត្បិតតែបច្ចុប្បន្នកម្ពុជា-កូរ៉េ មានកិច្ចសហការច្រើនវិស័យហើយក្តី តែប្រទេសយើងទាំងពីរ នៅតែមានសក្តានុពលខ្ពស់ក្នុងការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិវិនិយោគបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទេ្វភាគី និងតំបន់ ព្រោះកូរ៉េជាប្រទេសជឿនលឿន និងមានបទពិសោធន៍ការអភិវឌ្ឍច្រើនវិស័យ ទាំងក្នុងវិស័យបច្ចេកវិទ្យា និងពា​ណិ​ជ្ជកម្ម។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបញ្ជាផ្ទាល់ប្រកប​ដោយភាពម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបោសសម្អាត Online Scam ឱ្យអស់ពីកម្ពុជា ដោយរួមទាំងវិធានការទប់ស្កាត់ បង្ក្រាប អប់រំ និងកិច្ចសហការជាមួយមិត្តបរទេស ក៏ដូចជាមិត្តិកូរ៉េជាដើម។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការអបអរសារទរចំពោះ​លទ្ធផលល្អប្រសើរនៃប្រតិបត្តិការបង្រ្កាប Online Scam ដែលអនុវត្តដោយក្រុមការងាររួមនៃប្រទេសទាំងពីរ។ យ៉ាងណាមិញលោក ឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបផងដែរពាក់ព័ន្ធ នឹងការឯកភាពគ្នារៀបចំកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនឹងផ្នែកឯកជន កម្ពុជា-កូរ៉េ នៅថ្ងៃទី៨ ខែមេសា ខាងមុខ ។

ទន្ទឹមនឹងនេះឯកឧត្តមអគ្គរដ្ឋទូត ក៏បានស្នើនិងអញ្ជើញលោក ឧបនាយករដ្ឋមន្រ្តីឱ្យដឹកនាំគណៈប្រតិភូ ដើម្បីធ្វើដំណើរទៅទស្សនកិច្ចទាក់ទាញអ្នកវិនិយោគ នៅឯប្រទេសកូរ៉េនា ខែមិថុនាផងដែរ។

នាក្នុងឱកាសនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បាននាំមកនូវការថ្លែងអំណរគុណពីសំណាក់ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការប្រយុទ្ធប្រឆាំង Online Scam និងបានសម្រេចសមិទ្ធផលវិជ្ជមានជាច្រើនគួរជាទីមោទនៈ ដែលនឹងរួមចំណែកលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពដល់ប្រជាជនសាធារណរដ្ឋកូរ៉េ។

លោកឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាអភិ​វឌ្ឍន៍កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ទន្ទឹមនេះលោកឯកអគ្គរដ្ឋទូត ក៏បានស្នើសុំលោកឧបនាយករដ្ឋមន្ត្រី ចូលរួមសម្របសម្រួល ដើម្បីឱ្យការរៀបចំខួប៣០ឆ្នាំ នៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េនៅឆ្នាំក្រោយ អាចក្លាយជាព្រឹត្តិការណ៍ដ៏អធិកអធមបំផុត ហើយលោកឯក​អគ្គ​រដ្ឋទូតបានសន្យាថា នឹងជំរុញគម្រោងវិនិយោគធំៗ ឱ្យមកបណ្តាក់ទុននៅកម្ពុជា សំដៅសម្រេចឱ្យបាននូវសមិទ្ធផលកាន់តែច្រើន៕

ដំណឹងល្អ! រដ្ឋាភិបាលកំពុងរៀបចំអភិវឌ្ឍសួនភស្តុភារកម្មបាវិត ខេត្តស្វាយរៀងសម្រាប់ជាគំរូរវាងរដ្ឋ និងវិស័យឯកជន

ដោយៈ ម៉ាណា

    ស្វាយរៀងៈ លោកហេង ណន រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកមាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសហប្រធានបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពការងារ នៃការអភិវឌ្ឍសួនភស្តុភារកម្មបាវិត។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវអនុរដ្ឋលេខាធិការ លោកជំទាវអគ្គនាយក លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន ក្រុមការងារអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្រុមការងារក្រុមហ៊ុន CSCEC និងមន្រ្តីជំនាញជាច្រើនរូប។

កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាវឌ្ឍនភាពការងារនៃការជ្រើសរើសទីតាំង និងការបញ្ជាក់អំពីជំហររបស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍគម្រោងខាងលើនេះ ក្របខណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជន៕

វិបត្តិអចលនទ្រព្យរបស់ប្រទេសចិន កំពុងជះផលប៉ះពាល់ដល់បណ្តាក្រុមហ៊ុនអចលនទ្រព្យយក្សរបស់សិង្ហបុរី

ដោយ: សហសេវិក
អន្តរជាតិ: បណ្តាក្រុមហ៊ុនអចលនទ្រព្យយក្សរបស់ប្រទេសសិង្ហបុរីកំពុងរងផលប៉ះពាល់ ខណៈវិបត្តិអចលនទ្រព្យរបស់ប្រទេសចិនបានអូសបន្លាយដល់ឆ្នាំ២០២៦ ដោយការធ្លាក់ចុះនៃថ្លៃជួល និងតម្រូវការបានជះឥទ្ធិពលអវិជ្ជមានដល់ប្រាក់ចំណូលរបស់ពួកគេ។

ប៉ុន្តែ ក្រុមអ្នកវិភាគអះអាងថា ទំហំទីផ្សារដ៏ធំរបស់ទីក្រុងប៉េកាំង និងការគាំទ្រគោលនយោបាយថ្មីៗនេះនឹងមិនជំរុញឱ្យបណ្តាវិនិយោគិនភាគច្រើនដកថយទាំងស្រុងនោះទេ។ ផ្ទុយទៅវិញ ពួកគេមានជម្រើសកាន់តែច្រើនលើទីតាំង ដែលពួកគេគួរវិនិយោគ។

របាយការណ៍ប្រាក់ចំណូលថ្មីៗពីក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរីជាច្រើនបង្ហាញពីសម្ពាធលើផលបត្ររបស់ពួកគេនៅក្នុងប្រទេសចិន។ យ៉ាងណាមិញ បណ្តាវិនិយោគិនកំពុងតាមដានសញ្ញាដែលបង្ហាញថា វិបត្តិអចលនទ្រព្យរបស់ប្រទេសនេះអាចឈានជិតដល់ចំណុចរបត់មួយ។

ជាក់ស្តែង ក្រុមហ៊ុន CapitaLand Investment ដែលជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេមួយរបស់សិង្ហបុរី បានរាយការណ៍ពីការខាតបង់ចំនួន១៤២លានដុល្លារសិង្ហបុរី (១១១លានដុល្លារអាមេរិក) ក្នុងឆមាសទី២ ឆ្នាំមុន។

ការខាតបង់ភាគច្រើនបណ្តាលជាចម្បងមកពីការខាតបង់នៃផលបត្រអចលនទ្រព្យរបស់ក្រុមហ៊ុន CapitaLand Investment នៅក្នុងប្រទេសចិន។

ក្រុមអ្នកវិភាគបានវាយតម្លៃថា សកម្មភាពថ្មីៗរបស់ទីក្រុងប៉េកាំងអាចជួយវិនិយោគិនឱ្យស្តារការខាតបង់មួយចំនួនដោយជំរុញទំនុកចិត្តក្នុងចំណោមអ្នកទិញផ្ទះ និងអ្នកជួល។

ទោះជាយ៉ាងនេះក្តី ក្រុមអ្នកវិភាគបានព្រមានថា ការលក់អចលនទ្រព្យ និងការវិនិយោគអាចនឹងនៅតែបន្តធ្លាក់ចុះក្នុងរយៈពេលខ្លី ព្រោះការផ្លាស់ប្តូរគោលនយោបាយទាំងនេះត្រូវការពេលវេលាដើម្បីផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនអចលនទ្រព្យ និងទីផ្សារអចលនទ្រព្យទាំងមូល៕ប្រភព: Edgeprop៕

កម្ពុជា អេហ្សីបគ្រោងចុះMOUលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម

ដោយៈ ម៉ាណា

    ភ្នំពេញៈ លោកជំទាវអនុរដ្ឋលេខាធិការក្រសួងកសិកម្ម យ៉ើ អាស៊ីគីន អញ្ជើញចូលរួមកិច្ចប្រជុំ​ពិភាក្សា និងផ្តល់ធាតុចូលលើ “សេចក្តីព្រាងអនុស្សរណៈនៃការយោគ​យល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាង​កម្ពុជា និងអេហ្ស៊ីប”។

កិច្ចពិភាក្សា និងផ្តល់ធាតុចូលលើ “សេចក្តីព្រាងអនុស្សរណៈ​នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋ​កិច្ច រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃ​សាធា​រណ​រដ្ឋ​អារ៉ាប់អេហ្ស៊ីប”។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតី​ភាព លោករដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយ​មាន​ការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានចូលរួមពិភាក្សា​យ៉ាង​ផុសផុល ដោយបានពិនិត្យលើខ្លឹមសារបច្ចេកទេស និងផ្តល់​ធាតុចូល​សំខាន់ៗ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ដើម្បីធានាឱ្យសេចក្តី​ព្រាងអនុស្សរណៈនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ សំដៅជំរុញកិច្ច​សហ​ប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពី​រឱ្យកាន់​តែរឹងមាំ៕

ការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរំពឹងជំរុញសន្ទុះទីផ្សារអចលនទ្រព្យហ្វីលីពីននៅឆ្នាំនេះ

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ប្រទេសហ្វីលីពីនអាចនឹងបន្តរីកចម្រើនជាបន្តបន្ទាប់នៅឆ្នាំ ២០២៦ ខណៈដែលគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជិតបញ្ចប់ការសាងសង់ ដោយជំរុញការតភ្ជាប់ និងការបើកទីតាំងថ្មីសម្រាប់ការអភិវឌ្ឍ។

យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ JLL Philippines បានឱ្យដឹងថា ការបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ផ្នែកដឹកជញ្ជូនសំខាន់ៗត្រូវបានគេរំពឹងថានឹងជះឥទ្ធិពលដល់ឱកាសវិនិយោគ និងការអភិវឌ្ឍនៅក្នុងតំបន់ដែលកំពុងរីកចម្រើន។

គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងធ្វើឱ្យប្រសើរឡើងនូវមធ្យោបាយធ្វើដំណើរជុំវិញទីក្រុងម៉ានីល រួមមានដូចជា ផ្លូវល្បឿនលឿន Cavite-Laguna (CALAX) ផ្លូវល្បឿនលឿន C5 South Link និងផ្លូវ NLEX-SLEX។

ក្រុមហ៊ុន JLL Philippines បានលើកឡើងថា ការតភ្ជាប់កាន់តែប្រសើរឡើងពីគម្រោងទាំងនេះត្រូវបានគេរំពឹងថា នឹងគាំទ្រដល់សកម្មភាពអចលនទ្រព្យ និងជួយជំរុញឱកាសអភិវឌ្ឍន៍នៅក្នុងខេត្តដែលនៅជាប់នឹងទីក្រុងម៉ានីល។

លោក De los Reyes អ្នកជំនាញនៅក្រុមហ៊ុន JLL Philippines បានអះអាងថា គម្រោងទាំងនេះនឹងជំរុញទំនុកចិត្តទីផ្សារ ជាមួយនឹងកំណើននៃការផ្គត់ផ្គង់ថ្មីផ្នែកការិយាល័យ លក់រាយ លំនៅឋាន សណ្ឋាគារ និងវិស័យភស្តុភារកម្មនៅក្នុងខេត្តជុំវិញរដ្ឋធានីម៉ានីល។

ក្នុងចំណោមនោះ ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ JLL Philippines បានវាយតម្លៃថា ទីផ្សារអចលនទ្រព្យផ្នែក​ដឹកជញ្ជូន និង​ឧស្សាហកម្ម​អាច​ទទួល​បាន​អត្ថប្រយោជន៍ដោយផ្ទាល់​ពីការអភិវឌ្ឍគម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ខាងលើ៕ប្រភព: BusinessWorld ៕

មន្រ្តីអន្តរក្រសួងបើកកិច្ចប្រជុំទាក់ទងនឹងបច្ចុប្បន្នភាពទីតាំងដីរបស់រដ្ឋដែលបានចុះបញ្ជីសារពើភ័ណ្ឌ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមមន្រ្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបានបើកកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ស្ដីពីការបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ស្ដីពីការបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។

កិច្ចប្រជុំនេះដឹកនាំដោយលោក បណ្ឌិតឈន សុភាព រដ្ឋលេខា​ធិការ នៃកសហវ. និងជាសហប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំធ្វើវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុ (គ.ដ.ប.អ.) តំណាងដ៏ខ្ពង់ខ្ពស់របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង (១) បូកសរុបវឌ្ឍនភាព និងបញ្ហាប្រឈមនៃការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានចុះ ក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងក្របខ័ណ្ឌគណៈកម្មការអន្តរក្រសួង (២) ពិនិត្យ និងពិភាក្សាលើតម្រូវការនៃការប្រមូលផ្ដុំទិន្នន័យលម្អិត និងព័ត៌មានជាក់លាក់ពាក់ព័ន្ធនឹងទីតាំងដីរដ្ឋ ដែលមិនទាន់មានប័ណ្ណកម្មសិទ្ធិ ដើម្បីជាមូលដ្ឋានក្នុងការសម្របសម្រួល ពិនិត្យ និងលើកស្នើជាដំណោះស្រាយ និង (៣) ពិភាក្សា និងដាក់ចេញជាផែនការសកម្មភាពរបស់ក្រុមការងារ របស់គណៈកម្មការអន្តរក្រសួង និងផែនការសកម្មភាព របស់គណៈកម្មការចំពោះកិច្ចតាមរាជធានី-ខេត្ត ដើម្បីដឹកនាំសម្របសម្រួល គាំទ្រ និងតាមដាន ការរៀបចំវិញ្ញា​បនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់៕

តម្លៃមាសនៅតែហក់ឡើងខ្ពស់បន្ថែមទៀតឬទេនៅពេលអនាគត?

ដោយៈ ចំណាន

    អន្តរជាតិៈ មាសនៅតែអាចឡើងថ្លៃម្តងទៀត ទោះបីជាវាកំពុងធ្លាក់ចុះឥឡូវនេះក៏ដោយ ហើយការធ្លាក់ចុះក្នុងអំឡុងពេលសង្គ្រាមគឺជារឿងធម្មតា និងបណ្តោះអាសន្ន។

ហេតុអ្វីបានជាមាសធ្លាក់ចុះ សូម្បីតែក្នុងអំឡុងពេលសង្គ្រាម? ជាធម្មតា សង្គ្រាមធ្វើឱ្យមាសឡើងថ្លៃ (ទ្រព្យសកម្មដែលមានសុវត្ថិភាព)។ ប៉ុន្តែឥឡូវនេះ មានកត្តាខ្លាំងៗជាច្រើន កំពុងជំរុញមាសឱ្យធ្លាក់ចុះ ឬទៅចំហៀង៖

1️. ដុល្លារអាមេរិកឡើងថ្លៃខ្លាំង

នៅពេលដែលប្រាក់ដុល្លារអាមេរិកឡើងថ្លៃខ្លាំង មាសជាធម្មតាធ្លាក់ចុះ។

  • វិនិយោគិនចូលចិត្តកាន់ប្រាក់ដុល្លារអាមេរិកជំនួសឱ្យមាស។

2️. អត្រាការប្រាក់ខ្ពស់

  • មាសមិនបង់ការប្រាក់ទេ។
  • នៅពេលដែលអត្រាការប្រាក់នៅតែខ្ពស់ វិនិយោគិនផ្លាស់ប្តូរប្រាក់ទៅមូលបត្របំណុល ឬប្រាក់ដុល្លារអាមេរិក។

3️. វិនិយោគិនយកប្រាក់ចំណេញ

  • មាសបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ 2024–2025។
  • វិនិយោគិនធំៗមួយចំនួនកំពុងលក់ ដើម្បីយកប្រាក់ចំណេញឥឡូវនេះ។

4️. សង្គ្រាមបណ្តាលឱ្យមានអតិផរណា ធ្វើឲ្យប្រាក់ដុល្លារឡើងថ្លៃខ្លាំង

  • តម្លៃប្រេងកើនឡើងក្នុងអំឡុងពេលជម្លោះអ៊ីរ៉ង់។
  • នេះបង្កើនអតិផរណា និងពង្រឹងប្រាក់ដុល្លារអាមេរិក ដែលដាក់សម្ពាធលើមាស។

ប៉ុន្តែមាសនៅតែរឹងមាំក្នុងរយៈពេលវែង ទោះបីជាវាធ្លាក់ចុះឥឡូវនេះក៏ដោយ អ្នកវិភាគនៅតែរំពឹងថា តម្លៃនឹងខ្ពស់ជាងនេះនៅពេលក្រោយ។

ការព្យាករណ៍មួយចំនួនរំពឹងថា មាសនឹងមានតម្លៃប្រហែល ៥៥០០ ទៅ៦០០០ដុល្លារក្នុងមួយអោនស៍នៅចុងឆ្នាំ ២០២៦ ប្រសិនបើហានិភ័យសកលនៅតែបន្ត។

ភាពតានតឹងសកល ការទិញរបស់ធនាគារកណ្តាល និងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច នៅតែគាំទ្រដល់មាសរយៈពេលវែង។

វិធីងាយៗដើម្បីយល់

ទីផ្សារមាសច្រើនតែផ្លាស់ប្តូរដូចនេះ៖

ការចាប់ផ្តើមសង្គ្រាម → 📈 មាសកើនឡើង

បន្ទាប់ពីការលោតផ្លោះដ៏ធំ → 📉 ការកែតម្រូវ (ការលក់ប្រាក់ចំណេញ)។

ជម្លោះយូរអង្វែង ឬវិបត្តិសេដ្ឋកិច្ច → 📈 មាសកើនឡើងម្តងទៀត។

ដូច្នេះការធ្លាក់ចុះបច្ចុប្បន្នមិនមានន័យថា ការកើនឡើងនៃតម្លៃមាសត្រូវបានបញ្ចប់នោះទេ៕

តើអ៊ីរ៉ង់ស្ថិតក្នុងស្ថានភាពដូចម្តេច ឈ្នះឬចាញ់ ខណៈអាមេរិកមានចេតនាបញ្ចប់សង្រ្គាម?

ដោយៈ ចំណាន

    អ៊ីរ៉ង់ៈ ប្រសិនជាមើលពីផលប៉ះពាល់ ការជះត្រលប់របស់អ៊ីរ៉ង់ លើតំបន់មជ្ឈឹមបូព៌ា និងការវាយបកដោយមីស៊ីលស្រោចដូចទឹកភ្លៀងលើអ៊ីស្រាអ៊ែល គឺអ៊ីរ៉ង់កំពុងឈ្នះសង្រ្គាមនេះរួចទៅហើយ។

ស្ថានភាពពិភពលោកកំពុងជ្រួលច្របល់ ដោយសារការកើនតម្លៃប្រេងយ៉ាងគំហុក ពីការបិទច្រកសមុទ្រហ័រម៉ូសរបស់អ៊ីរ៉ង់ កំពុងធ្វើឲ្យពិភពលោកញាប់ញ័ររួចទៅហើយ ខណៈអាមេរិកមិនអាចជួយអ្វីបានដល់សម្ព័ន្ធមិត្តរបស់ខ្លួននៅមជ្ឈឹមបូព៌ា និងសម្ព័ន្ឃមិត្តនានារបស់ខ្លួន។

១. តើអ៊ីរ៉ង់បានឈ្នះសង្គ្រាមហើយឬនៅ?

ឥឡូវនេះមិនមានអ្នកឈ្នះចុងក្រោយទេ។

  • សង្គ្រាមរវាងអ៊ីរ៉ង់ទល់នឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមនៅប្រហែលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៦។
  • ភាគីទាំងពីរនៅតែវាយប្រហារគ្នាទៅវិញទៅមក។
  • កងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសរាប់ពាន់លើក លើគោលដៅយោធា និងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់។
  • អ៊ីរ៉ង់ក៏កំពុងបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកទៅកាន់អ៊ីស្រាអែល និងគោលដៅក្នុងតំបន់ផងដែរ។

ដូច្នេះ សង្គ្រាមនៅតែបន្ត ហើយអ្នកជំនាញនិយាយថា វាលឿនពេកក្នុងការនិយាយថាអ្នកណានឹងឈ្នះ។

២. តើមានអ្វីកើតឡើងចំពោះប្រជាជនប្រហែល១០លាននាក់នៅទីក្រុងតេអេរ៉ង់?

ទីក្រុងតេអេរ៉ង់ មានប្រជាជនប្រហែល១០លាននាក់ ហើយជីវិតនៅទីនោះបាននិងកំពុងជួបសោកនាដកម្ម។

ស្ថានភាពបច្ចុប្បន្នត្រូវបានរាយការណ៍៖

  • ការវាយប្រហារតាមអាកាស និងការផ្ទុះយ៉ាងខ្លាំងនៅក្នុងទីក្រុង។
  • ផ្សែងពីរោងចក្រប្រេង ដែលកំពុងឆេះបណ្តាលឱ្យមាន “ភ្លៀងខ្មៅែ និងខ្យល់ពុល។ • មន្ទីរពេទ្យ និងអគារស៊ីវិលរងការខូចខាត។
  • មនុស្សជាច្រើនភៀសខ្លួន ចេញពីទីក្រុងទៅកាន់តំបន់ ដែលមានសុវត្ថិភាពជាង។
  • ប្រជាជនស្នាក់នៅក្នុងផ្ទះ និងបិទបង្អួចដើម្បីជៀសវាងការរងរបួសដោយសារការផ្ទុះ។

មន្ត្រីអ៊ីរ៉ង់និយាយថា៖

  • មនុស្សជាង1,200–1,300 នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងពេលសង្គ្រាមរហូតមកដល់ពេលនេះ។
  • ផ្ទះរាប់ពាន់ខ្នង និងអគារស៊ីវិលត្រូវបានខូចខាត។

ដូច្នេះមនុស្សភាគច្រើន នៅទីក្រុងតេអេរ៉ង់មិនស្លាប់ទេ ប៉ុន្តែពួកគេកំពុងរស់នៅក្នុងគ្រោះថ្នាក់ ការទម្លាក់គ្រាប់បែក ការបំពុល និងការខ្វះខាត។

៣. តើទីក្រុងតេអេរ៉ង់ត្រូវបានបំផ្លាញទេ?

រហូតមកទល់ពេលនេះ ទីក្រុងតេអេរ៉ង់មិនត្រូវបានបំផ្លាញទាំងស្រុងទេ ប៉ុន្តែតំបន់លំនៅដ្ឋានមួយចំនួន ឃ្លាំងប្រេង មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានខូចខាត។ ផ្នែកខ្លះនៃទីក្រុង បានជួបប្រទះ នឹងការទម្លាក់គ្រាប់បែកធ្ងន់ធ្ងរបំផុត ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។

ហេតុអ្វីបានជាទីក្រុង Tel Aviv និងទីក្រុងTehran ទាំងពីរកំពុងរងការវាយប្រហារ ប៉ុន្តែគ្មានភាគីណាមួយដួលរលំនៅឡើយទេ។ នេះគឺនិយាយអំពីការការពារមីស៊ីល និងយុទ្ធសាស្ត្រយោធា៕