ដំណឹងល្អៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការបង្ហើបពីចំណុចចេញដំណើរនៃផ្លូវល្បឿនលឿនភ្នំពេញ បាវិត

ដោយៈ សុផារី

ភ្នំពេញៈ គម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិត កំពុងតែត្រូវបានជជែកពិភាក្សា និងឈានទៅកាន់ការបើកការដ្ឋានការសាងសង់ តាមការគ្រោងទុក ដោយគណៈកម្មការអន្តរក្រសួង និងក្រុមហ៊ុនចិន បានកំណត់ទីតាំងនៃចំណុចចាប់ផ្តើម នៃផ្លូវល្បឿនលឿនមួយនេះរួចរាល់ហើយ។

លោក គង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ប្រាប់ Property Area Asia តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី២៤ ខែវិច្ឆិកានេះថា ចំណុចចាប់ផ្តើមនៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិត ត្រូវបានកំណត់រួចរាល់ហើយ ដោយចាប់ផ្តើមនៅលើបណ្តោយផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ២៤ និង២៥ ហើយនឹងត្រូវឆ្លងកាត់ តាមរយៈស្ពានដ៏វែងមួយឆ្លងទន្លេមេគង្គ ឆ្ពោះទៅកាន់ត្រើយម្ខាងទៀត។

ពាក់ព័ន្ធនឹងវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍ លោកអនុរដ្ឋលេខា​ធិការ បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមការងារនៃគណៈកម្មការអន្តរក្រសួង និងក្រុមហ៊ុនចិនបាន និងកំពុងជជែកគ្នាលើបញ្ហាបច្ចេកទេស នៃការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត ហើយគ្រោងនឹងដំណើរការតាមផែនការ ដែលបានត្រៀមទុក ប្រសិនបើមិនមានការប្រែប្រួលនោះទេ។

លោកបញ្ជាក់ថា “ក្រសួង និងក្រុមហ៊ុន កំពុងតែជជែកគ្នាលើបញ្ហាបច្ចេកទេស។ ជារួមគម្រោងត្រូវបានឯកភាពគ្នាហើយថានឹងមានការសាងសង់តាមការគ្រោងទុក”។ លោកបន្តថា “បើមិនមានអ្វីប្រែប្រួលទេ ដែលនឹងចាប់ផ្តើមយូរបំផុតមុន ឬក្រោយចូលឆ្នាំខ្មែរ យើងអាចរៀបចំពិធីបើកការដ្ឋា​នសាងសង់ ប្រសិនបើក្រុមការងារអន្តរក្រសួង និងក្រុមហ៊ុនបានជជែកគ្នាលើបញ្ហាបច្ចេកទេសរួចរាល់”។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត បានថ្លែងបញ្ជាក់ថា ផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ បាវិត នឹងបើកការរដ្ឋានសាងសង់ នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ជាមួយនឹងការប្រើប្រាស់ថវិកាសាងសង់ចំនួន១.៦៣៨លានដុល្លារ។

ផ្លូវល្បឿនលឿននេះ មានប្រវែង១៣៨គីឡូម៉ែត្រ និងត្រូវធ្វើស្ពានឆ្លងទន្លេមេគង្គដ៏វែងមួយ ដែលគិតទាំងស្ពាន និងផ្លូវប្រហែលជា៥គីឡូម៉ែត្រ ផ្លូវនេះ គ្រោងនឹងបើកការដ្ឋាននៅឆ្នាំ២០២៣ និងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។

ផ្លូវល្បឿនលឿននេះមានសារៈសំខាន់ណាស់ ក្នុងការតភ្ជាប់ពីប្រទេសចិន មកភូមា មកថៃ មកកម្ពុជា និងតទៅប្រទេសវៀតណាម តាមរយៈផ្លូវអាស៊ានលេខ១ ដែលកម្ពុជាកំពុងតែចាប់ផ្តើមពង្រីក ពី២គន្លង ទៅ៤គន្លង ពីក្រុងប៉ោយប៉ែត មកភ្នំពេញ និងតភ្ជាប់ពីភ្នំពេញទៅបាវិត តាមផ្លូវល្បឿនលឿនខ្សែទី២នេះ ដើម្បីធ្វើឱ្យទំនាក់ទំនងទំនិញ និងអ្នកដំណើរតាំងពីចិនរហូតដល់វៀតណាម អាចឆ្លងកាត់បាន។៕

ផ្សារទំនើបAEON Mall3 គ្រោងបើកដំណើរការនៅក្នុងខែធ្នូ ខាងមុខនេះហើយ

ដោយ: លាងហួរ
ភ្នំពេញ: គម្រោងសាងសង់ផ្សារទំនើប AEON Mall 3 ដែលស្ថិតនៅលើមហាវិថីសម្តេចតេជោ ក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប ING City បានសម្រេចវឌ្ឍនភាព នៃការសាងសង់យ៉ាងល្អប្រសើរតាមផែនការ និងគ្រោងនឹងបើកដំណើរការ នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២២នេះហើយ។
ដំណាក់កាលទី១ នៃគម្រោងផ្សារទំនើប AEON Mall 3 របស់កម្ពុជានេះ នឹងត្រូវចំណាយថវិកាជិត៣០០លានដុល្លារ ដែលផ្សារនេះស្ថិតលើផ្ទៃដីជាង១៨ហិកតា។

គម្រោង AEON Mall 3 ដែលជាមជ្ឈមណ្ឌលលក់ទំនិញចម្រុះ មានទំហំផ្ទៃក្រឡាលក់រាយ សរុបចំនួន១៧០.០០០ម៉ែត្រការ៉េ និងជាផ្សារទំនើបដ៏ធំបំផុត ក្នុងចំណោមផ្សារទំនើប AEON ចំនួន៣ក្នុងប្រទេសកម្ពុជានិងធំជាងគេបំផុតក្នុងតំបន់អាស៊ី។ នេះបើតាមការលើកឡើងរបស់ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ប្រាប់ឲ្យដឹងកាលពីពេលថ្មីៗនេះ។
ផ្សារទំនើបថ្មីនេះ មានចំណតរថយន្តខាងក្រៅរាប់រយ ខណៈគម្រោងនេះ បានចំណាយពេល២៤ខែដើម្បីបញ្ចប់ការសាងសង់។

គម្រោងផ្សារទំនើបនេះ មានទីតាំងនៅលើមហាវិថីសម្ដេចតេជោ ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ជាតំបន់កំពុងអភិវឌ្ឍទៅជាតំបន់ ដែលមានសក្ដានុពលខ្ពស់ ក្នុងការទាក់ទាញការវិនិយោគយ៉ាងច្រើន ពីក្រុមវិនិយោគិនក្នុងស្រុក និងបរទេស។
បច្ចុប្បន្ននេះ តំបន់នេះមានផ្សារទំនើបអន្តរជាតិជាច្រើន ជាបណ្តុំដោយលំនៅដ្ឋានដ្ឋានប្រណីត អគារពាណិជ្ជកម្ម ផ្សារទំនើប និងការកម្សាន្ត និងសាលារៀនស្តង់ដារអន្តរជាតិ៕

អ្នកជំនាញៈ គម្រោងខ្សែក្រវាត់និងផ្លូវចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា

ដោយ: លាងហួរ

ភ្នំពេញ: លោក សុខ ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដែលស្នើឡើងដោយប្រទេសចិន បានចូលរួមចំណែកយ៉ាងសម្បើមដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

ថ្លែងក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កម្ពុជាលើកទី២ កាលពីថ្ងៃពុធម្សិលមិញនេះ លោក សុខ ស៊ីផាណា បានមានប្រសាសន៍ថា កម្ពុជាបានកសាងកិច្ចសហប្រតិបត្តិការល្អជាមួយចិន​ តាមរយៈគម្រោង ដែលបានជួយអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅក្នុងប្រទេសកម្ពុជា ដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ  រោងចក្រថាមពលធ្យូងថ្មខេត្តព្រះសីហនុ និងព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ។

លោកបានបន្ថែមថា “ទាក់ទងនឹងការពង្រឹងខ្សែសង្វាក់ឧស្សាហកម្ម និងផ្គត់ផ្គង់រវាងប្រទេសទាំងពីរ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសពហុបំណងក្រុងព្រះសីហនុ ពិតជានឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការរបស់យើងកាន់តែស៊ីជម្រៅក្នុងសមត្ថភាពផលិតកម្ម និងជួយពន្លឿនការអភិវឌ្ឍទំនើបកម្មឧស្សាហកម្មរបស់កម្ពុជា​។

លោក សុខ ស៊ីផាន់ណា បានបន្តថា ប្រទេសកម្ពុជា និងចិនបានចងសម្ព័ន្ធមេត្រីភាពនឹងគ្នាយ៉ាងរឹងមាំក្នុងកាលៈទេសៈដ៏ល្អ និងលំបាកជាមួយគ្នា អស់ជាច្រើនទសវត្សរ៍មកហើយ។ លោកថា “រយៈពេល៣ឆ្នាំចុងក្រោយនៃជំងឺកូវីដ-១៩ គឺពិតជាពេលវេលាសាកល្បងដ៏ពិតប្រាកដ នៃទំនាក់ទំនងរបស់យើង ហើយលោកជឿជាក់ថា កិច្ចសហប្រតិបត្តិការរបស់យើងនឹងបន្តរីកចម្រើន និងបង្កើតអត្ថប្រយោជន៍ជាក់ស្តែងបន្ថែមទៀត ទាក់ទងនឹងសន្តិភាពយូរអង្វែងស្ថិរភាព និងវិបុលភាព សម្រាប់ប្រជាជាតិទាំងពីរ និងតំបន់ទាំងមូល”។

លោកបានបន្ថែមថា “ឱកាសអាជីវកម្មគឺគ្មានដែនកំណត់ ផ្តល់ឱ្យក្រុមហ៊ុនកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីយន្តការនាំចេញរបស់ចិនជាច្រើន ដូចជា ពិព័រណ៍នាំចូលអន្តរជាតិរបស់ប្រទេសចិន ពិព័រណ៍នាំចូល និងនាំចេញរបស់ចិន និងពិព័រណ៍អាស៊ាន-ចិន”។

 

ជាមួយគ្នានេះ ទីប្រឹក្សាជាន់ខ្ពស់រូបនេះបានបញ្ជាក់ថា កម្ពុជាគាំទ្រយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមហត្ថលេខាពីរចុងក្រោយរបស់ចិន គឺគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) និងគំនិតផ្តួចផ្តើមសន្តិសុខសកល (GSI)៕

រដ្ឋាភិបាលចាប់អារម្មណ៍ប្រើប្រាស់កន្រ្តកខ្សែកាបក្នុងការធ្វើទំនើបកម្មវិស័យដឹកជញ្ចូនសាធារណៈកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុន Doppelmayr Group នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានធ្វើបទបង្ហាញជូនដល់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីអំពីការជ្រើសយកការដឹកជញ្ជូនដោយ “កន្រ្តកខ្សែកាប” (Cable Car) មកបម្រើឱ្យវិស័យដឹកជញ្ជូនសាធារណៈនៅក្នុង តំបន់ទីក្រុង ទីប្រជុំជន និងតំបន់ទេសចរណ៍នានា។

លោក Peter Vogelmann នាយកផ្នែកលក់អន្តរជាតិ តំណាងក្រុមហ៊ុន Doppelmayr Group បានធ្វើបទបង្ហាញពីសាវតា ក៏ដូចជា សកម្មភាពប្រតិបត្តិការរបស់ក្រុមហ៊ុន ចាប់តាំងពីពេលកកើតរហូតមកដល់បច្ចុប្បន្ន និងគម្រោងនានា ដែលក្រុមហ៊ុនបាន និងកំពុងអនុវត្តនៅតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកទាំងក្នុងតំបន់អាស៊ី និងអឺរ៉ុប ហើយចំណុចសំខាន់ដែលបានលើកយកមកបង្ហាញនៅក្នុងជំនួបនេះគឺគុណសម្បត្តិនៃការជ្រើស យកការដឹកជញ្ជូនដោយ “កន្រ្តកខ្សែកាប” (Cable Car) មកបម្រើឱ្យវិស័យដឹកជញ្ជូនសាធារណៈនៅក្នុង តំបន់ទីក្រុង ទីប្រជុំជន និងតំបន់ទេសចរណ៍នានា។

បន្ថែមពីលើនេះ តំណាងក្រុមហ៊ុន ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនលើវិស័យដឹកជញ្ជូនសាធារណៈនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅភូមិសាស្ត្ររាជធានីភ្នំពេញផ្ទាល់ ដែលមាននិន្នាការងាកទៅរកការដឹកជញ្ជូនរួមមួយ ប្រកបដោយនិរន្តភាព(Sustainability) និងការគិតគូរដល់បរិស្ថាន(Environmental Friendly)។

លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញចំណាប់អារម្មណ៍លើគម្រោងដែល ក្រុមហ៊ុនលើកយកមកបង្ហាញ និងបានគូសបញ្ជាក់ពីវិស័យដឹកជញ្ជូនសាធារណៈ ដែលក្រសួង សាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងគិតគូរ និងស្វែងរកដៃគូអភិវឌ្ឍន៍ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋនៅក្នុងទីក្រុង និងទីប្រជុំជនឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ។

លោកបានបន្ថែមថា ទំនោរនៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរបស់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ នៅមានកម្រិតនៅឡើយ ប៉ុន្តែក្រសួងនៅតែបន្តបញ្ជ្រាបការយល់ដឹងពីគុណសម្បត្តិនៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈទៅកាន់ពួកគាត់ ហើយសង្ឃឹមយ៉ាងមុតមាំថា នាពេលអនាគតប្រជាពលរដ្ឋគ្រប់រូប នឹងផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនងាកមកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈនេះបានកាន់តែច្រើនឡើង។

លោកបញ្ជាក់ទៀតថា ក្រសួងបានធ្វើការសិក្សា លើគម្រោងអភិវឌ្ឍន៍វិស័យដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុង ក៏ដូចជាកំពុងស្វែងរកដៃគូវិនិយោគបន្ថែម ដើម្បីអភិវឌ្ឍវិស័យនេះឱ្យកាន់តែមានភាពរីកចម្រើន ក្នុងនាមជាប្រទេសដែលកំពុងអភិវឌ្ឍមួយក្នុងតំបន់។

ក្រុមហ៊ុន Doppelmayr Group គឺជាក្រុមហ៊ុនធំមួយនៅអឺរ៉ុប មានជំនាញក្នុងរៀបចំផែនការ អភិវឌ្ឍ រចនា ផលិត សាងសង់ និងគាំទ្រគម្រោងច្នៃប្រឌិត ដែលទាក់ទងនឹងវិស័យដឹកជញ្ជូនសាធារណៈ ដោយកន្រ្តកខ្សែកាប (Cable Car) ដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់ការដឹកជញ្ជូនអ្នកដំណើរប្រកបដោយបទពិសោធន៍ និងការច្នៃប្រឌិតខ្ពស់៕

  

អ្នកជំនាញបង្ហាញ៥ចំនុចដែលគួរគិតគូរមុននឹងទិញផ្ទះក្នុងបុរី

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ ទីផ្សារលំនៅឋានក្នុងប្រទេសនៅតែជាទីផ្សារអាទិភាពមួយ នៃវិស័យអចលនទ្រព្យ ដោយនៅតែមានតម្រូវការ និងការទិញលក់ជាហូរហែ ទាំងផ្ទះតម្លៃខ្ពស់ៗ និងតម្លៃសមរម្យ។ ប៉ុន្តែក្នុងពេលដែលការអភិវឌ្ឍលំនៅឋានមានកាន់តែច្រើន នាពេលបច្ចុប្បន្ននេះ អ្នកទិញលំនៅឋានក៏គួរតែគិតគូរពីចំនុចមួយចំនួនផងដែរ មុននឹងសម្រេចចិត្តទិញ ជាពិសេសលំនៅឋានក្នុងបុរី។

អ្នកនាង ចន្ទី ទិវា នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Century 21 Advance Property បានមានប្រសាសន៍ឱ្យដឹងថា ចំនុចដែលគួរគិតមុននឹងសម្រេចចិត្តទិញលំនៅឋានក្នុងបុរី មានដូចជា ១. ស៊ើបពីប្រវត្តិអ្នកអភិវឌ្ឍន៍លំនៅឋាននោះជាអ្នកណា ហើយគាត់មានប្រវត្តិបែបណា កេរ្តិ៍ឈ្មោះបែបណា និងធ្លាប់បានសាងស្នាដៃអ្វីខ្លះ ជាដើម។ ២. ប្លង់កម្មសិទ្ធិ អ្នកទិញផ្ទះក្នុងបុរីមុននឹងសម្រេចចិត្តបង់លុយទិញផ្ទះ ក៏គួរគិតគូរនិងសួររកប្លង់កម្មសិទិ្ធដែរ។ ត្រូវសួរថាតើប្លង់កម្មសិទិ្ធប្រភេទយ៉ាងម៉េច ជាប្លង់រឹង ប្លង់ទន់ ពីព្រោះថាការទិញផ្ទះ មិនមែនគ្រាន់តែបានផ្ទះទេ តែក៏ត្រូវមានប្លង់បញ្ជាក់ពីកម្មសិទិ្ធនៃផ្ទះនោះដែរ។

អ្នកនាងបន្តថា “ក្រៅពីនេះក៏ត្រូវសិក្សាពីទីតាំងនៃលំនៅឋាន ដែលយើងបម្រុងនឹងទិញផងដែរ។ ត្រូវសិក្សាពីទីតាំងនោះមានសុវត្ថិភាពដែរទេ តំបន់នោះមានសក្ដានុពលកម្រិតណា ជាតំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម ឬតំបន់លំនៅឋាន សម្រាប់តែរស់នៅទេ។ ទី៤ ទាក់ទងនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក៏ត្រូវតែគិតគូរដែរ ដូចជាប្រព័ន្ធ ផ្លូវ ទឹក ភ្លើង និងប្រព័ន្ធលូ ជាដើម”។

អ្នកនាងថា “ចំណែកកត្តាសំខាន់មួយទៀត ដែលគួរសួរនាំដែរនោះ គឺលក្ខខណ្ឌបង់ប្រាក់។ ទោះបីជាអ្នកមានលុយ១០០ភាគរយទៅបង់ ក៏គួរពិចារណាដែរ បើសិនជាម្ចាស់អភិវឌ្ឍន៍បុរីនោះមានលក្ខខណ្ឌ ក្នុងការសម្រួលដល់អ្នកទិញ”។

អ្នកជំនាញហិរញ្ញវត្ថុ លោក ង៉ែត ជូ បានលើកឡើងពាក់ព័ន្ធនឹងការទិញផ្ទះ ដោយបង់រំលស់ដោយមិនគួរបង់ឱ្យលើស៣០ភាគរយ នៃប្រាក់ចំណូលប្រចាំខែរបស់ខ្លួនឡើយ។

លោកលើកឧទាហរណ៍ថា ចំណូលទាំងប្តី ប្រពន្ធ មានត្រឹម១០០០ដុល្លារ ការទិញផ្ទះបង់រំលស់គួរបង់យ៉ាងច្រើន៣០០ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយខែ ដោយទុកចំណែកផ្សេងទៀត សម្រាប់ដោះស្រាយបញ្ហាបន្ទាន់ៗ និងការចំណាយប្រចាំថ្ងៃ ដូចជា ថ្លៃសិក្សារបស់កូន ចំណាយអាហារសម្លៀកបំពាក់ និងថ្លៃសម្រាប់ទុកព្យាបាល ពេលមានជំងឺ ជាដើម៕

អាជីវកម្មចំនួនជាង១៩.៣០០ត្រូវបានចុះបញ្ជីក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ដោយ: លាងហួរ

ភ្នំពេញ: អាជីវកម្មជាង១៩.៣០០ ដែលមានទំហំទុនវិនិយោគចំនួន៥,៥១ពាន់លានដុល្លារអាមេរិក ត្រូវបានចុះបញ្ជីជាមួយវេទិការបស់រដ្ឋាភិបាលពោលគឺប្រព័ន្ធ ចុះបញ្ជីពាណិជ្ជកម្មតាមអ៊ីនធឺណិត រហូតដល់ខែវិច្ឆិកា។

គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា អាជីវកម្មចំនួន ១៩.៣២៨ត្រូវបានអនុម័តក្រោមទំហំទឹកប្រាក់វិនិយោគ សរុបចំនួន៥,៥១ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ ពីប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម តាមអ៊ីនធឺណិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

របាយការណ៍ដដែលបានបង្ហាញថា ឈ្មោះអាជីវកម្មជាង១២.០០០របស់បណ្តាក្រុមហ៊ុននានា កំពុងស្ថិតក្នុងដំណាក់កាល នៃការត្រួតពិនិត្យសម្រាប់អនុម័ត។

ទំហំនៃការវិនិយោគ ក្នុងវិស័យសំណង់មាន១៧ភាគរយ ស្មើនឹង៩៦៣លានដុល្លារ បន្ទាប់មកទៀតគឺវិស័យអចលនទ្រព្យមាន១២ភាគរយស្មើនឹង៦៤៣លានដុល្លារ១២ភាគរយ សកម្មភាពទីប្រឹក្សាគ្រប់គ្រងមាន៥ភាគរយ ស្មើនឹង២៨៩លានដុល្លារ ការផលិតមាន៥ភាគរយ ស្មើនឹង២៦៩លានដុល្លារ សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រងមាន៥ភាគរយស្មើនឹង២៥០លានដុល្លារនិងផ្សេងទៀត មាន៥៦ភាគរយស្មើនឹង៣,១លានដុល្លារ។

របាយការណ៍នេះបានចង្អុលបង្ហាញថា អាជីវកម្មដែលគ្រប់គ្រងដោយបុរសមានចំនួន៦២ភាគរយ នៃអាជីវកម្មដែលបានចុះបញ្ជីសរុប។

លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានកោតសរសើរ ចំពោះកំណែទម្រង់របស់រដ្ឋាភិបាល ក្នុងការសម្រួលដល់អាជីវកម្ម និងការវិនិយោគ ជាពិសេសការចុះបញ្ជីពាណិជ្ជកម្ម៕

ធនាគារធំៗបំផុតរបស់ចិនព្រមព្រៀងជួយគាំទ្រផ្នែកឥណទានដ៏ច្រើន សន្ឋឹកសន្ឋាប់ដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ

ដោយៈ សុខុម

ប៉េកាំងៈ ធនាគារពាណិជ្ជធំៗបំផុតចំនួន៣របស់ប្រទេសចិន បានយល់ព្រមប្រមូលដើមទុន ដើម្បីជួយគាំទ្រដល់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរួមទាំងក្រុមហ៊ុនខ្នាតយក្ស Vankeផងដែរ ដើម្បីរួមចំណែកជួយស្ដារឡើងវិញនូវវិស័យអចលនទ្រព្យ ដែលកំពុងដាំក្បាលចុះខ្លាំងរបស់ប្រទេសនេះ។

នេះបង្ហាញពីចំណាត់ការចុងក្រោយបំផុតមួយ របស់បណ្ដាធនាគាររដ្ឋ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវ របស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលសុំឱ្យជួយបន្ធូរបន្ថយសម្ពាធ លើបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ ដែលជំពាក់បំណុលរុំកោះ និងស្ដារទីផ្សារលំនៅដ្ឋានដែលកំពុងដាំក្បាលចុះខ្លាំង។

វិស័យអចលនទ្រព្យពិតជាធំធេង និងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសចិន ព្រោះវាគ្របដណ្ដប់រហូតដល់ ទៅប្រមាណ១ភាគ៤នៃទំហំសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសនេះ។

តួយ៉ាងធនាគារ Bank of Communications (BoCom) ទម្លាយឱ្យដឹងកាលពីថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ថា ខ្លួនបានយល់ព្រមផ្តល់ឥណទានអតិបរមារហូតដល់ ប្រមាណ១៤ពាន់លានដុល្លារអាមេរិក ដល់ក្រុមហ៊ុន Vanke និង២,៨ពាន់លានដុល្លារអាមេរិក ដល់ក្រុមហ៊ុន Midea Real Estate Holding។

កាលពីថ្ងៃពុធ ដដែលធនាគារ Agricultural Bank of China (AgBank) និយាយថា ខ្លួនបានចុះកិច្ចព្រមព្រៀងជាយុទ្ធសាស្រ្ត ដើម្បីប្រមូលដើមទុន ជួយគាំទ្រដល់ក្រុមហ៊ុនអចលនទ្រព្យចំនួន៥ រួមមានក្រុមហ៊ុន Vanke ក្រុមហ៊ុន Longfor Group Holdings និងក្រុមហ៊ុន China Resources Land។ ទោះជាយ៉ាងណា ធនាគារនេះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីទំហំនៃការគាំទ្រនេះទេ។

ធនាគាររដ្ឋចិន Bank of China ក៏បាននិយាយកាលពីថ្ងៃពុធដែរថា ខ្លួនបានយល់ព្រមផ្តល់ឥណទាន អតិរមារហូតដល់ទៅប្រមាណ១៤ពាន់លានដុល្លារអាមេរិក ដល់ក្រុមហ៊ុន Vanke។

Vanke គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំទី២ របស់ប្រទេសចិន បើគិតពីទំហំនៃការលក់៕ Reuters៕

ប្រធានCVEAលើកឡើងពីកត្តាមួយចំនួនដែលធ្វើឲ្យសុខភាពក្នុងវិស័យអចលនទ្រព្យនៅតែរឹងមាំ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ វិបត្តិកូវីត១៩ បានអូសបន្លាយ ដោយក្នុង​រយៈពេលមួយឆ្នាំចុងក្រោយនេះ អ្វីៗមានសភាពធូរស្រាល ព្រោះចំនួននៃអ្នកចាក់វ៉ាក់សាំងបានច្រើនរហូតដល់ ៩៩,៥៤% នៃប្រជាជន​កម្ពុជា​ដែល​មាន​អាយុ​១៨ ឆ្នាំ​ឡើង​ទៅ។

ជាមួយនឹងវិស័យសេដ្ឋកិច្ចបានចាប់ផ្តើមងើបឡើងវិញ សកម្មភាពជាអាជីវកម្មនានាក៏មានភាពប្រសើរឡើង ពិសេសវិស័យអចលនទ្រព្យផងដែរ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ​និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា​បានឱ្យ​ដឹងកាលពីពេលថ្មីៗនេះថា “ក្នុងរយៈពេលមួយរយៈចុងក្រោយ ការទិញលក់ដូរអចលនវត្ថុនៅតែបន្តកើតមានធម្មតា គ្រាន់តែចំនួនមានការថមថយ​ចុះខ្លះ ប៉ុន្តែសុខភាពក្នុងវិស័យនេះនៅតែរឹងមាំ និងមិនប្រឈមការដួលរលំ ដោយសារគោលនយោបាយលើកទឹកចិត្តពីរដ្ឋាភិ​បាល ការបន្តផ្តល់ប្រាក់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុនានា និងវិនិយោគិនក្នុងស្រុកនៅតែបន្តវិនិយោគ។

លោកបន្តថា “សម្រាប់​អ្នកវិនិយោគបរទេស មានការថមថយ ដោយ​សារក្តី​បារម្ភពីបញ្ហា​សុខភាព និងសុវត្ថិភាព ដែលជះឥទ្ធិពលមកលើខ្លួនគាត់”។ លោកបន្តថា “ប៉ុន្តែអ្នកវិនិយោគិនមួយចំនួន នៅមានសហសេវិក និងក្រុមហ៊ុន​ដៃគូរបស់ខ្លួនក្នុង​ប្រទេស​ សម្រាប់​យកពត៍មាននិងធ្វើការស្រាវជ្រាវ​​ឱកាស​ក្នុង​ការ​​វិនិយោគ លើវិស័យអចលនទ្រព្យនៅកម្ពុជា”។

លោក​បាន​មានប្រសាសន៍ថា “សម្រាប់​តម្លៃ​អចលនទ្រព្យមិនមានការថយចុះទេ តែចំនួននៃការទិញលក់ មានការថយចុះធៀបទៅនឹងឆ្នាំមុនៗ មុន​វិបត្តិកូវីដ​១៩បានកើតឡើង ដែលបង្ហាញជារួមថាប្រទេសកម្ពុជានៅតែមានភាពរឹងមាំ​ក្នុងវិស័យអចលនទ្រព្យ និងខឿនសេដ្ធកិច្ចជាតិ”។

លោកបាន​ប្រមើលមើល​ថា​ វិស័យអចលនទ្រព្យក្នុងឆ្នាំ២០២២នេះ មានភាពប្រសើរឡើងខ្លាំង បើធៀបនឹងឆ្នាំ២០២០ និងឆ្នាំ២០២១ ហើយនៅឆ្នាំ២០២៣ខាងមុខ តាមរយៈការរៀបចំកិច្ចប្រជុំកំពូលអាស៊ានកន្លងទៅ ការរៀបចំកីឡាស៊ីហ្គេម នឹងធ្វើឲ្យកម្ពុជាឈានឡើងមួយកម្រិតទៀត ហើយ​វិនិយោគិនបរទេសនឹងត្រលប់មកវិញបណ្តើរៗ។

លោកChin Binអគ្គនាយកក្រុមហ៊ុនRoad& Sea construction consultant Co, Ltdបានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា អ្នកវិនិយោគនឹងត្រលប់មកកម្ពុជាវិញ នៅពេលឆាប់ៗខាងមុខ បន្ទាប់ពីពិធី​ចូលឆ្នាំប្រពៃណីជាតិចិនរួច ដោយពួកគេនឹងផ្តោតលើវិស័យសំខាន់ៗជាច្រើន​ដូចជា វិស័យឧស្សាហកម្ម កសិឧស្សាហកម្ម និងវិស័យអចលនទ្រព្យជាដើម៕

 

នៅក្នុងឆ្នាំ២០២៤ការផ្គត់ផ្គង់នៅក្នុងទីផ្សារលក់រាយរំពឹងថានឹងកើនឡើងដល់ជាង១លានម៉ែត្រក្រឡា

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិមួយបានព្យាករណ៍ថា នៅក្នុងឆ្នាំ២០២៤ ការផ្គត់ផ្គង់នៅក្នុងទីផ្សារលក់រាយត្រូវបានគេរំពឹងថានឹងកើនឡើងរហូតដល់ជាង១លានម៉ែត្រក្រឡា ប្រសិនបើគម្រោងអភិវឌ្ឍន៍ទាំងអស់នឹងត្រូវបញ្ចប់ដូចការគ្រោងទុក។

របាយការណ៍របស់ក្រុមហ៊ុន Knight Frank Cambodia ចេញផ្សាយនៅពេលថ្មីៗនេះ ស្តីពីស្ថានភាពអចលនទ្រព្យកម្ពុជា ក្នុងឆ្នាំ២០២២ បានធ្វើចំណាត់ថ្នាក់ទីផ្សារលក់រាយនៅក្នុងប្រទេសកម្ពុជា ជាពីរផ្នែកផ្សេងគ្នា ដោយគិតត្រឹមចុងឆមាសទី១ នៃឆ្នាំ២០២២នេះ គម្រោងអភិវឌ្ឍន៍ចំនួន១០ ដែលមានផ្ទៃដីសរុប២៥១.៧៩១ម៉ែត្រក្រឡា ត្រូវបានធ្វើចំណាត់ថ្នាក់ថាស្ថិតនៅក្នុងប្រភេទ “ទីផ្សារចម្បង” ខណៈផ្នែកនៅសល់ ចំនួន២៥ភាគរយនៃការអភិវឌ្ឍន៍ មានចំនួន២៥៣.៦០៧ម៉ែត្រក្រឡា ជា”ការផ្គត់ផ្គង់បន្ទាប់បន្សំ”។

ក្នុងនោះ ៥៧% នៃការផ្គត់ផ្គង់ ដែលមានស្រាប់នៅក្នុងទីផ្សារ គឺស្ថិតនៅក្នុងតំបន់កណ្តាលទីក្រុងភ្នំពេញ មានចំណែកពីទីតាំងលក់រាយដ៏ពេញនិយម នៃផ្សារទំនើប រួមមាន Eden Garden អ៊ីអនម៉ល១ TK Avenue Samai Square និង Khalandale ខណៈការផ្គត់ផ្គង់ដែលនៅសល់មានទីតាំងនៅខណ្ឌជាយក្រុងភ្នំពេញ។

របាយការណ៍បានបញ្ជាក់ថា “ជាមួយនឹងការផ្គត់ផ្គង់ទាំងអស់ចូលមកកាន់ទីផ្សារមួយនេះ ការផ្គត់ផ្គង់ទីផ្សារលក់រាយត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់១.០៧០.៧០៤ម៉ែត្រក្រឡា នៅចុងឆ្នាំ២០២៤។ នេះតំណាងឱ្យកំណើនកើនឡើងជាង១១២% ធៀបនឹងការផ្គត់ផ្គង់នាពេលបច្ចុប្បន្ន”៕

Luxury hotel chain to open in Japan’s highest building in 2028

TOKYO- British ultra-luxury hotel chain Dorchester Collection plans to open in what will soon be Japan’s highest building, currently under construction in Tokyo, with the company making its first inroads into Asia slated for 2028, developer Mitsubishi Estate Co. said.

 

Favored among royalty and celebrities, the hotel will open its doors within the 390-meter-high “Torch Tower,” which will be built near JR Tokyo Station, with construction expected to be completed in fiscal 2027

 

Under the current plan, the hotel will occupy the 53rd through 58th floors of the building. It is expected to include 110 guest rooms, as well as restaurants and a pool, according to a press release jointly announced by Mitsubishi, Tokyo Century Corp. and Dorchester Collection.

 

The hotel floor area is expected to total around 21,400 square meters and will treat guests to a panoramic view of Tokyo Bay and Mt. Fuji.

 

“We can provide an experience like no other,” Mitsubishi Estate President Junichi Yoshida said during a press conference on Nov. 8.

 

Although accommodation fees are yet to be announced, a Dorchester official said they are likely to be among the most expensive in Tokyo.

“World-class architects will inspire with their symbolic design torch concept, lighting up not only the future of Tokyo and Japan but also the world,” Christopher Cowdray, CEO of Dorchester Collection, said in the press release.

 

Hotels operated by Dorchester Collection are currently located in nine locations across five cities, including in London, Paris and Los Angeles.

Source:Kyodo News