លោកស៊ុន ចាន់ថុលលើកឡើងពីហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៨ដើម្បីទាក់ទាញការវិនិយោគ

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈ​ការនិងដឹកជញ្ជូនបានលើកឡើង ពីសក្តានុពលហេដ្ឋារចនាសម្ព័ន្ខជាតិធំៗចំនួន៨ ដែលបានបញ្ចប់ការសាងសង់ និងគ្រោងសាងសង់នាពេលខាងមុខនេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលថ្លែងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន CMA CGM (Cambodia) Co., Ltdដឹកនាំដោយលោក Laurent OLMETA នាយកប្រតិបត្តិក្រុមហ៊ុន CMA CGM Asia Pacific Limited កាលពីថ្ងៃទី១ វិច្ឆិកាកន្លងមកនេះ។

លោកបន្តថា “កម្ពុជាស្វាគមន៍ និងបើកទូលាយចំពោះ​ការបណ្តាក់ទុនវិនិយោគពីបរទេសលើគ្រប់វិស័យ ពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដឹកជញ្ជូន និងភស្តុភារកម្ម” ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី បានលើកឡើងអំពីហេដ្ឋារចនាសម្ព័ន្ធកំពង់ផែស្វ័យតក្រុងព្រះសីហនុ និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែស្វ័យតភ្នំពេ​ញ ការពង្រីកចំណតផែកុងតឺន័រ នៅកំពង់ផែក្រុងព្រះសីហនុ ការងារសាងសង់កំពង់ផែពហុបំណងខេត្តកំពត គម្រោងសិក្សាអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គម្រោងសិក្សាជីកព្រែកតភ្ជាប់ផ្លូវទឹក ពីទន្លេបាសាក់ទៅសមុទ្រកែប គម្រោងផ្លូវល្បឿនលឿនភ្នំពេញ -ក្រុងព្រះសីហនុ ដែលបានសាងសង់រួចរាល់ និងបានបញ្ចប់ការដាក់ឱ្យដំណើរការសាកល្បង ដោយឥតគិតថ្លៃ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលកំពុងរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាពេលខាងមុខនេះ។

ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថa “វិស័យដឹកជញ្ចូន និងភស្តុភាកម្មនៅកម្ពុជាកំពុង តែមានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័ស សក្តិសមសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស(FDI) ​ហើ​យកម្ពុជាសូមស្វាគមន៍យ៉ាងពេញទំហឹង និងបើកទូលាយចំពោះការវិនិយោគពីបរទេស”។

ក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd. គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CMA CGM Group ដែលមានទីស្នាក់ការកណ្តាលរបស់ខ្លួនស្ថិតនៅរាជធានីភ្នំពេញ និងមានសាខានៅកំពង់ផែក្រុងព្រះសីហនុផងដែរ។ ក្រុមហ៊ុន CMA CGM (Cambodia) Co.,Ltd ផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនដល់អតិថិជនរបស់ខ្លួន នៅទូទាំងពិភពលោកប្រកបដោយគុណភាព និងភាពច្នៃប្រឌិត ៕

ប្រទេសកម្ពុជាស្នើសុំកំណត់យកទីក្រុងភ្នំពេញជាលេខាធិការដ្ឋាននៃRCEP

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានអះអាងជាថ្មីថា កម្ពុជានៅតែមានចំណាប់អារម្មណ៍ ក្នុងការទទួលតាំងលេខាធិការដ្ឋាន RCEP នៅទីក្រុងភ្នំពេញ និងត្រៀមខ្លួនជាស្រេច ក្នុងការផ្ដល់ការគាំទ្រនិងសម្បទានចាំបាច់នានា។

ថ្លែងក្នុងឱកាសអញ្ជើញបើកវេទិកាជាន់ខ្ពស់ គម្រប់ខួបអនុស្សាវរីយ៍ ១០ឆ្នាំ នៃកិច្ចព្រមព្រៀងអាសិប សម្តេចតេជោ ហ៊ុន សែន បានបន្តថា ភាគីសមាជិក និងភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងអាសិបទាំងអស់ ជាពិសេសភាគី សមាជិកដែលជាប្រទេសអភិវឌ្ឍន៍តិចតួច គួរបង្កើនកិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងការអនុវត្តកិច្ចព្រមព្រៀងអាសិបនេះឱ្យបានពេញលេញ ដើម្បីទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា។

ដើម្បីសម្រេចបាននូវគោលបំណងនេះ លេខាធិការដ្ឋានអាសិបគួរតែត្រូវបង្កើតឡើងឱ្យ កាន់តែឆាប់តាមតែអាចធ្វើទៅបាន ដោយត្រូវពិចារណាលើគ្រប់ទិដ្ឋភាពនិងលក្ខខណ្ឌចាំបាច់នានា សំដៅធានាបានអព្យាក្រឹត្យភាព ឯករាជ្យភាព កាលានុវត្តភាពសម្រាប់ការអភិវឌ្ឍ និងការចូលរួមក្នុង ការធ្វើសមាហរណកម្មតំបន់។

កន្លងមក សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាននេះ យើងមានមហិច្ឆតាមួយ ចង់ក្លាយជាលេខាធិការ RCEP មួយ នៅភ្នំពេញ ដែលមានប្រទេស១៥ គឺសមាជិកអាស៊ាន និងដៃគូ ៥ទៀត រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្រា្តលី និងណូវែលហ្សេឡង់។

សម្តេចតេជោសង្ឃឹមថា កម្ពុជាអាចទទួលបានការគាំទ្រពីប្រទេសសមាជិកអាស៊ាន ក៏ដូចជាប្រទេសជាសមាជិកផ្សេងទៀត នៃកិច្ចព្រមព្រៀង RCEP នៅពេលដែលកម្ពុជាដាក់សំណើនេះជាផ្លូវការ ធ្វើជាម្ចាស់ផ្ទះនៃលេខាធិការដ្ឋាន RCEP នេះ ហើយយកទីតាំងភ្នំពេញ សម្រាប់លេខាធិការដ្ឋាន។

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ មានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ដែលបានចាប់ផ្តើមបង្កើតដំបូងនៅឆ្នាំ២០១២នៅភ្នំពេញ។ RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំ នៅក្នុងពិភពលោកដោយមានប្រជាជនប្រមាណ២.២០០លាននាក់ ឬ៣០ភាគរយ នៃប្រជាជនពិភពលោក និង មានទំហំពាណិជ្ជកម្ម ២៨ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោក៕

 

សម្តេចតេជោ ហ៊ុន សែន ចែករំលែកទស្សនទាន៤ចំណុចដើម្បីបង្កើនប្រសិទ្ធភាពនៃការទាញយកប្រយោជន៍ពីអាសិប

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់នូវទស្សនទាន៤ចំណុច ដើម្បីបង្កើនប្រសិទ្ធភាព នៃការទាញយកអត្ថប្រយោជន៍ពី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងដោយតំបន់ (អាសិប)។

ថ្លែងនៅក្នុងវេទិកាជាន់ខ្ពស់ស្តីពីគម្រប់ខួបអនុស្សាវរីយ៍១០ឆ្នាំ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងការប្រកាសជាផ្លូវការនៃសៀវភៅទី២ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា(ERIA) ព្រឹកថ្ងៃទី០២ ខែវិច្ឆិកានេះ សម្តេចតេជោបានមានប្រសាសន៍ថា ដើម្បីបង្កើនប្រសិទ្ធភាពនៃការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងអាសិប សម្តេចសូមចូលចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួន ដូចខាងក្រោម៖

ទី១៖ ភាគីសមាជិក និងភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងអាសិបទាំងអស់ ជាពិសេសភាគី សមាជិកដែលជាប្រទេសអភិវឌ្ឍន៍តិចតួច គួរបង្កើនកិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងការអនុវត្តកិច្ចព្រមព្រៀងអាសិបនេះឱ្យបានពេញលេញ ដើម្បីទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា។ ដើម្បីសម្រេចបាននូវគោលបំណងនេះ លេខាធិការដ្ឋានអាសិបគួរតែត្រូវបង្កើតឡើងឱ្យកាន់តែឆាប់តាមតែអាចធ្វើទៅបាន ដោយត្រូវពិចារណាលើគ្រប់ទិដ្ឋភាពនិងលក្ខខណ្ឌចាំបាច់នានា សំដៅធានាបានអព្យាក្រឹត្យភាព ឯករាជ្យភាព កាលានុវត្តភាពសម្រាប់ការអភិវឌ្ឍ និងការចូលរួមក្នុងការធ្វើសមាហរណកម្មតំបន់។

ក្នុងទិសដៅនេះ សម្តេចសូមបញ្ជាក់ជាថ្មីផងដែរថា កម្ពុជានៅតែមានចំណាប់អារម្មណ៍ក្នុងការទទួលតាំងលេខាធិការដ្ឋានអាសិបនៅទីក្រុងភ្នំពេញ និងត្រៀមខ្លួនជាស្រេចក្នុងការផ្ដល់ការគាំទ្រនិងសម្បទានចាំបាច់នានា។

ទី២៖ សម្តេចសូមលើកទឹកចិត្តយ៉ាងទទូចឱ្យភាគីសមាជិក និងភាគីហត្ថលេខីទាំងអស់នៃអាសិប ចាប់ផ្តើមពិភាក្សាលើនីតិវិធីសម្រាប់ការស្នើសុំចូលជាសមាជិកនៃកិច្ចព្រមព្រៀងបន្ថែមទៀត ឱ្យបានឆាប់តាមតែអាចធ្វើទៅបាន ដោយកិច្ចព្រមព្រៀងរបស់យើង និងអនុញ្ញាតឱ្យមានការស្នើសុំចូលជាសមាជិកជាបន្តនៅក្នុងអំឡុងឆ្នាំក្រោយនេះ។

ទី៣៖ កម្ពុជាសូមស្វាគមន៍ចំពោះការផ្តល់ជំនួយហិរញ្ញវត្ថុពីបណ្តាភាគីសមាជិក និងភាគី ហត្ថលេខីនៃអាសិប សំដៅគាំទ្រ និងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងនេះ ជាពិសេសសម្រាប់ភាគីសមាជិកជាប្រទេសអភិវឌ្ឍន៍តិចតួចរួមទាំងកម្ពុជា និងសូមអំពាវនាវដល់សមាជិកទាំងអស់នៃអាសិប ពន្លឿនការពិភាក្សាលើយន្តការនៃការប្រើប្រាស់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងបច្ចេកទេសនេះឱ្យបានឆាប់ ចែករំលែកឧត្តមានុវត្តន៍ក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដើម្បីប្រែក្លាយកិច្ចព្រមព្រៀងអាសិបនេះឱ្យទៅជាយន្តការរួមមួយ ដែលគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ប្រកបដោយចីរភាព ភាពធន់រឹងមាំ និងបរិយាប័ន្ន។

ទី៤៖ វិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងតួអង្គសំខាន់ក្នុងការធានា និងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះដោយវិស័យឯកជនជាអ្នកអនុវត្តផ្ទាល់។ ហេតុដូចនេះ យើងត្រូវបង្កើនការចូលរួម តាមរយៈការពង្រឹងសមត្ថភាពសកម្មភាពលើកកម្ពស់ការយល់ដឹង និងវេទិកាពិគ្រោះយោបល់ជាមួយវិស័យឯកជន ដែលនឹងអាចក្លាយជាក្របខណ្ឌ ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ និងស្វែងយល់អំពីបញ្ហាប្រឈម និងកាលានុវត្តភាពនានា៕

ក្រុមហ៊ុនអចលនទ្រព្យចិន China Evergrande ត្រូវបានធនាគារដ៏ធំ ទារបំណុល៤,៤៨ពាន់លានដុល្លារ

ដោយៈ សុខុម

សិង្ហបុរី: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សរបស់ចិន China Evergrande Group ដែលជាប់បំណុលរំកោះ បានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ថា ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ខ្លួន ទទួលបានការជូនដំណឹងពីធនាគារ Shengjing Bank Co Ltd ឱ្យអនុវត្តកាតព្វកិច្ចសងបំណុលរាប់ពាន់លានដុល្លារ។

ធនាគារ Shengjing Bank និយាយថា ខ្លួនមិនទាន់ទទួលបាននៅឡើយទេនូវទឹកប្រាក់ មានចំនួនសរុប៤,៤៨ពាន់លានដុល្លារអាមេរិក ដែលត្រូវបានផ្ដល់ឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Evergrande ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១។

កាលពីដើមខែកញ្ញា បណ្ដាក្រុមហ៊ុនរដ្ឋនៅក្នុងទីក្រុងភាគខាងជើងស៊ឹនយ៉ាង (Shenyang) ប្រទេសចិន បានទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande នៅក្នុងធនាគារ Shengjing Bank នៅក្នុងការដេញថ្លៃក្នុងតម្លៃ៧,៣ពាន់លានយ័ន (ប្រមាណ១ពាន់លានដុល្លារអាមេរិក)។

សេចក្ដីជូនដំណឹងដដែលបញ្ជាក់ថា ភាគហ៊ុន៣០,៩៩%របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនEvergrande ដែលខ្លួនបានសន្យាផ្ដល់ឱ្យធនាគារនេះ ត្រូវបានអនុវត្តហើយពេលនេះ។

ក្រុមហ៊ុនEvergrande ដែលជំពាក់បំណុល រហូតដល់ទៅប្រមាណ៣០០ពាន់លានដុល្លារអាមេរិកបាននិយាយថា អត្រាការប្រាក់លើបំណុលនេះមិនទាន់ត្រូវបានដេញថ្លៃ ឬលក់ឱ្យទៅភាគីទី៣នៅឡើយទេ៕ Reuters៕

សម្តេចតេជោ៖ ការសិក្សាអន្តរជាតិបង្ហាញថាការវិនិយោគជារួមរបស់កម្ពុជានៅដើមឆ្នាំ២០២២កើនឡើងជាង២៣ភាគរយ

ដោយ៖ សុផារី

ភ្នំពេញ៖ ការសិក្សារបស់វិទ្យាស្ថានអន្តរជាតិថ្មីមួយបានបង្ហាញថា ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ២០២២នេះ ស្របពេលដែលកម្ពុជាកំពុងប្រឈមនឹងវិបត្តិកូវីដ១៩​ និងវិបត្តិអតិផរណាក្តី តែផលិតផលក្នុងស្រុកសរុប ការនាំចេញ ឱកាសការងារ ប្រាកចំណូលប្រចាំឆ្នាំ និងកម្រិតការវិនិយោគនៅក្នុងប្រទេសនៅតែបន្តមានកំណើន។

នេះបើយោងតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុង​វេទិកាជាន់ខ្ពស់ស្តីពី គម្រប់ខួបអនុស្សាវរីយ៍១០ឆ្នាំ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និង ការប្រកាសជាផ្លូវការនៃសៀវភៅទី២ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា(ERIA) ព្រឹកថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ ២០២២។

សម្តេចតេជោបានមានប្រសាសន៍ថា​ “ការសិក្សារបស់វិទ្យាស្ថាន ERIA សម្រាប់កម្ពុជា នៅដើមឆ្នាំ២០២២នេះ បានបង្ហាញឱ្យឃើញថា ផលិតផលក្នុងស្រុកសរុប (GDP) កម្ពុជាអាចនឹងកើនឡើងបន្ថែមប្រមាណពី២ភាគរយ ទៅ៣,៨ភាគរយ។ ការនាំចេញអាចនឹងមានកំណើនបន្ថែមក្នុងរង្វង់ប្រមាណពី៩,៤ភាគរយ ទៅ១៨ភាគរយ។

សម្តេចតេជោបន្តទៀតថា “ឱកាសការងារប្រចាំឆ្នាំអាចកើនឡើងប្រមាណ៣,២ភាគរយទៅ៦,២ភាគរយ និងដែលចំណូលពន្ធប្រចាំឆ្នាំកើនប្រមាណ២ភាគរយ ទៅ៣,៩ភាគរយក្នុងមួយឆ្នាំ ខណៈដែលការវិនិយោគជារួម អាចកើនឡើងប្រមាណ២៣,៤ភាគរយផងដែរ”។

សម្តេចតេជោបានគូសបញ្ជាក់ថា បើទោះជាប្រទេសអភិវឌ្ឍន៍តិចតួចក្តី កម្ពុជាជាប្រទេសបើកចំហសេដ្ឋ កិច្ចខ្ពស់ ដោយបានផ្តល់តម្លៃខ្លាំងលើប្រព័ន្ធពហុភាគីនិយមផ្អែកលើវិធានច្បាប់ជាគោល និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងសកល ដែលជារួមស្របគ្នានឹងគោលបំណងរបស់កិច្ចព្រមព្រៀងអាសិប។

ក្រៅពីអាសិប កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ នៅថ្ងៃតែមួយជាមួយអាសិប កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ខណៈដែលកម្ពុជាកំពុងបន្តពិនិត្យលទ្ធភាពធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាដៃគូផ្សេងៗទៀត៕

ប្រាក់ចំណេញរបស់ធនាគារជាតិស្វីសបានដាំក្បាលចុះអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររយៈពេល១១៥ឆ្នាំ

ដោយៈ សុខុម

ក្រុងហ្ស៊ូរិច: ធនាគារជាតិស្វីស (Swiss National Bank) បានទម្លាយឱ្យដឹងកាលពីថ្ងៃច័ន្ទ ទី៣១ ខែតុលា ថា ខ្លួនបានខាតបង់យ៉ាងធ្ងន់ធ្ងរ រហូតដល់ទៅ១៤២,៦០ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២២។

ការខាតបង់យ៉ាងច្រើនសន្ធឹកសន្ធាប់ មិនធ្លាប់មាននេះកើតមានឡើង ខណៈការដំឡើងអត្រាការប្រាក់ និងការឡើងថ្លៃនៃរូបិយប័ណ្ណហ្វ្រង់ (franc) របស់ស្វីស បានធ្វើឱ្យខាតបង់យ៉ាងច្រើន នូវតម្លៃនៃការវិនិយោគក្រៅប្រទេសរបស់ធនាគារកណ្ដាលមួយនេះ។

ការខាតបង់ដែលធ្ងន់ធ្ងរបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ១១៥ឆ្នាំរបស់ធនាគារជាតិស្វីសនេះ គឺមានទំហំច្រើនជាងផលទុនជាតិសរុប (GDP) ប្រចាំឆ្នាំរបស់ប្រទេសម៉ារ៉ុក ទៅទៀត ដែលមានត្រឹមតែ១៣២ពាន់លានដុល្លារអាមេរិក។

ទោះជាយ៉ាងណា ធនាគារកណ្ដាលនេះ មិនប្រឈមការក្ស័យធន់នោះឡើយដោយសារតែធនាគារនេះ មានសមត្ថភាពខ្ពស់ក្នុងការបង្កើតលុយ។

ការខាតបង់នេះ គឺដោយសារតែមូលបត្របំណុល និងភាគហ៊ុនដែលធនាគារនេះ បានទិញអំឡុងយុទ្ធនាការរបស់ខ្លួន​ ដើម្បីទប់ការឡើងថ្លៃនៃរូបិយប័ណ្ណហ្វ្រង់ បានធ្លាក់ថ្លៃយ៉ាងគំហុក។

លោក Alessandro Bee អ្នកជំនាញសេដ្ឋកិច្ចធនាគារវិយោគពហុជាតិសាសន៍ USB ដែលមានមូលដ្ឋាននៅប្រទេសស្វីស លើកឡើងថា “ការខាតបង់ទាំងនេះស្ដាប់ទៅដូចច្រើនខ្លាំងណាស់ ក៏ប៉ុន្តែធនាគារជាតិមិនមែនជាក្រុមហ៊ុនធម្មតាៗនោះឡើយ”។

លោក Heinz Taennler នាយកហិរញ្ញវត្ថុនៅទីក្រុង Zug របស់ស្វីសបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា “ធនាគារជាតិស្វីស  មិនមែនជាធនាគារធម្មតានោះឡើយ។ វាជាធនាគារកណ្ដាល ដែលមានកិច្ចការត្រូវធ្វើជាច្រើនផ្សេងទៀត ដូចជា ការរក្សាស្ថានភាពតម្លៃ និងការការពារសេដ្ឋកិច្ចរបស់ប្រទេសស្វីសជាដើម”។

ការលើកឡើងរបស់ក្រុមអ្នកជំនាញខាងលើបង្ហាញថា ទោះបីជាទទួ​លការខាតបង់ ដែលធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំយ៉ាងណាក្ដី ក៏ធនាគារជាតិស្វីសធន់ទ្រាំណាស់ គឺមិនដួលរលំដោយងាយៗនោះឡើយ៕ Reuters៕

ប្រធានCVEAលើកឡើងពីមូលហេតុសំខាន់ៗដែលធ្វើឲ្យតម្លៃដី នៅតែបន្តឡើងថ្លៃ

 ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)បានពន្យល់ និងលើកឡើងនូវមូលដ្ឋានសំខាន់ៗជាច្រើន ដែលធ្វើឲ្យតម្លៃដីនៅតែបន្តកើនឡើង។

លោកបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា តម្លៃដីធ្លីជាមធ្យមមានកំនើនចន្លោះពី១០ ទៅ១៥ភាគរយ ប៉ុន្តតំបន់ខ្លះឡើងថ្លៃខ្ពស់ជាងនេះ អាស្រ័យលើសក្តានុពលនៃទីតាំងទាំងនោះ ដែលតំបន់ខ្លះឡើងដល់៣០ភាគរយ តំបន់ខ្លះឡើង៥០ភាគរយ ឬ១០០ភាគរយជាដើម។

លោកបន្តថា “មូលហេតុដីនៅតែឡើងថ្លៃដោយសារគោលនយោបា​យពង្រីករាជធានី ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល និងការគាំទ្រពីស្ថាប័នហិរញ្ញវត្ថុនានា ដើម្បីជម្រុញការរីកចម្រើនក្នុងវិស័យនេះ”។ លោកបន្តថា “កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំនើនសេដ្ឋកិច្ច​ល្អប្រសើររបស់កម្ពុជា ក៏ជាមូលដ្ឋានគ្រឹះជម្រុញឲ្យវិស័យនេះមានភាពរីកចម្រើនផងដែរ”។

លោកច្រឹក សុខនីមបានបន្តថា នៅតាមតំបន់ជាយរាជធានីភ្នំពេញទំាងមូល កំពុងតែមានការរីកចម្រើនខ្លាំងលើវិស័យអចលនទ្រព្យ ជាពិសេសដីធ្លី តែនាពេលបច្ចុប្បន្នសន្ទុះនៃការរីកចម្រើនខ្លាំង គឺនៅតាមបណ្តោយផ្លូវជាតិលេខ១ ដោយរីចម្រើនតាមបែបធម្មជាតិ ព្រោះតំបន់នោះមានការអភិវឌ្ឍលំនៅដ្ឋាន មានលក្ខណៈយូអង្វែង បន្ទាប់មកតំបន់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក៏កំពុងមានការរីកចម្រើនខ្លាំងណាស់ដែរ និងតំបន់ងាកទៅជាយបន្តិច​គឺនៅតំបន់ភ្នំប្រសិទ្ឋ ដោយសារតំបន់នោះមានហេដ្ឋារចនាសម្ព័ន្ធល្អ  ហើយប្រជាពលរដ្ឋនៅទីនោះ កំពុងទទួលបាលផលចំណេញពីការលក់ដីធ្លី។

លោកបន្តថា “តំបន់ជាយក្រុងនាពេលបច្ចុប្បន្ននេះ កំពុងមានការអភិវឌ្ឍន៍ទាំងហេដ្ឋាចរនាសម្ព័ន្ធ និងអគារផ្សេងៗ ដោយគ្រាន់តែទុកពេលមួយរយៈពេលខ្លីប៉ុណ្ណោះ”៕

គម្រោងជីកព្រែកពីទន្លេរបាសាក់ភ្ជាប់ទៅកាន់ខេត្តកែបនឹងមានប្រវែង១៦៨គីឡូម៉ែត្រដែលអាចធ្វើនាវាចរណ៍ទាំងប្រាំង និងវស្សា

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ រដ្ឋាភិបាលបាននិងកំពុងរៀបចំផែនការជីកព្រែកពីទន្លេបាសាក់ តភ្ជាប់ទៅកាន់ខេត្តកែប ដែលវានឹងជាខ្សែទឹកប្រវត្តិសាស្រ្តមួយសំរាប់​កម្ពុជា ដើម្បីសម្រួលការដឹកជញ្ជូនផង និងកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាងផង។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសូងសាធារណៈការ និង​ដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងកាលពីពីពេលថ្មីៗនេះថា កម្ពុជាកំពុង​ជំរុញ​ឱ្យមាន​ការដឹក​ជញ្ជូន​តាមផ្លូវ​ទឹក ​កាន់តែច្រើន​តាម​ដែល​អាច​ធ្វើបាន​ ខណៈ​ដែល​​បណ្តា​ប្រទេស​នៅ​ជិតខាង​កម្ពុជា ក៏បាន​ប្រើប្រាស់​ការដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវទឹក​ ក្នុងការ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​គេ​។

លោកបន្តថា “ការសិក្សាពីផែនការជីកព្រែក ពីទន្លេបាសាក់ទៅកាន់ខេត្តកែបនឹងបញ្ចប់នៅចុងឆ្នាំនេះហើយ”។

លោកស៊ុន ចាន់ថុលបានបង្ហើបឲ្យដឹងថា ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​លើក​ឡើងពីផែនការ​​​ស្ដារផ្លូវទឹកនៅតាមទន្លេបាសាក់ពីព្រែកអំបិលទៅខេត្តតាកែវ កំពត និងខេត្តកែប មានចម្ងាយ១៦៨គីឡូម៉ែត្រ។ ​តាម​ការសិក្សា​ជំហាន​ដំបូង ក្នុង​ប្រវែង១៦៨គីឡូម៉ែត្រ​នេះ មាន​ប្រហែល ១១៥គីឡូម៉ែត្រ ជា​ផ្លូវទឹកដែល​អាចធ្វើ​ដំណើរ​បានទាំង​ខែប្រាំង និង​វស្សា​៕

 

រដ្ឋាភិបាលគ្រោងប្រមូលចំណូលផ្ទៃក្នុងឲ្យបានជាង៣៥៧១លានដុល្លារនៅឆ្នាំ២០២៣

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈអគ្គនាយកដ្ឋានពន្ឋដា គ្រោងប្រមូលពន្ឋឲ្យបានជាង៣៥៧១លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៣ខាងមុខនេះ។

សម្រាប់ឆ្នាំ ២០២៣ ចំណូលពន្ធផ្ទៃក្នុង ដែលត្រូវប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ និងត្រូវបានកំណត់ ក្នុងសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលត្រូវបានកិច្ចប្រជុំពេញគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ តម្រូវឲ្យអគ្គនាយកដ្ឋានពន្ធដារ ប្រមូលឲ្យបាន៣៥៧១,៧០លានដុល្លារ កើនឡើង ២៦.៧០% ធៀបនឹងផែនការច្បាប់ថវិកា ឆ្នាំ២០២២។

លោក គង់ វិបុល បញ្ជាក់ថា បើទោះស្ថានភាពសេដ្ឋកិច្ចសកល បានកំពុងជួបវិបត្តិ ដែលស្ថិតភាពមិនច្បាស់លាស់ក្តី ហើយសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៣ ត្រូវបានព្យាករកើនឡើង៦.៦% ខណៈការលើកលែងពន្ធដល់វិស័យអនុគ្រោះ នៅតែបន្តមានច្រើនក្តី អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តខិតខំប្រឹងប្រែងបំពេញបេសកកម្មនេះ ឲ្យអស់ពីលទ្ធភាព ដើម្បីគាំទ្រការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រីបន្តថា ដើម្បីឈានដល់ការអនុវត្តការប្រមូលចំណូលពន្ធ ឲ្យគ្រប់តាមផែនការ អគ្គនាយករដ្ឋានពន្ធដារ នៅតែបន្តធ្វើកំណែទម្រង់ថែមទៀត ដែលកំណែទម្រង់នេះ ធ្វើឲ្យលទ្ធផលចំណូលពន្ធរបស់ពន្ធដារលើសផែនការ បន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន គឺសរុបមកជាង១០ឆ្នាំ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បើទោះជាការកើនឡើង នៃផែនការប្រមូ​លចំណូលពន្ធប្រមាណ៧៥២.១៦លានដុល្លារ នេះជាការកើនឡើងខ្ពស់ហើយ អាចនឹងនាំឱ្យការបំពេញបេសកកម្មរបស់ អគ្គនាយកដ្ឋានពន្ធដារមានសភាពតានតឹងកាន់តែខ្លាំង។

លោកបញ្ជាក់ថា ក៏ខ្ញុំប្ដេជ្ញា និងព្យាយាមឱ្យអស់ពីលទ្ធភាព ទាំងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីដឹកនាំអគ្គនាយកដ្ឋានពន្ធដារ ក្នុងការបំពេញបេសកកម្មប្រមូលចំណូលពន្ធ ដោយមិនរាថយ និងមិនរារែក ពោល គឺខ្ញុំនឹងខិតខំប្រឹងប្រែង ពុះពារអនុវត្តភារកិច្ចប្រមូលចំណូល ដើម្បីជាការបន្តគាំទ្រដ៏ពេញទំហឹង ចំពោះការអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

 

រដ្ឋាភិបាលគ្រោងសាងសង់ផែរណបចំនួន៧ដើម្បីពង្រីសក្តានុពលដឹកជញ្ជូនតាមផ្លូវទឹក

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនគ្រោងសាងសង់កំពង់ផែ​រណប ​តាម​ដង​ទន្លេ​ចំនួន​៧កន្លែង នៅក្នុងអ្វីដែលក្រសួងហៅថា “ផែន​ការ​​ពង្រីក​សកម្មភាព​ដឹក​ជញ្ជូន ​តាម​ផ្លូវ​ទឹក​​​ក្នុង​ប្រទេ​ស​​កម្ពុជា។

ទេសរដ្ឋមន្រ្តី លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ថ្លែង​​ថា ​ការ​​អភិវឌ្ឍ​ផែ​រណប​តាម​ដង​ទន្លេ​ជា​បន្តបន្ទាប់​​ ដើម្បពង្រីកសកម្មភាព​ដឹកជញ្ជូន​តាម​ផ្លូវទឹក​។

គម្រោងចំណតផែរណបតាមដងទន្លេ ចំនួន ៧ កន្លែង​​រួមមាន ចំណតផែរណបពហុបំណងកោះរកា (LM២៦) ចំណតផែរណបពហុបំណងព្រែកអញ្ចាញ (UM១) ចំណតផែរណបពហុបំណងទន្លេបិទ (UM២) ចំណត​ផែ​រណប​ពហុបំណងឆ្លូង (ក្រចេះ) ចំណតផែរណបពហុបំណងកំពង់ឆ្នាំង និងចំណតផែរណបពហុបំណងព្រែកក្តាមជាដើម។

ក្នុងនោះមានគម្រោង ៤ កន្លែងបានអនុម័ត ទីមួយគម្រោង ផែរណបគីឡូម៉ែត្រលេខ ៦ ទីពីរគម្រោងផែរណបនៅទន្លេបិទក្នុងខេត្តត្បូងឃ្មុំ ទីបីផែរណកោះរកាព្រំដែនវៀតណាម និងទីបួនផែរណបបព្រែកតាមាក់។ ចំណែកកំពង់ផែបីទៀត ស្ថិតនៅក្នុងដំណាក់កាលកំពុងសិក្សានៅឡើយ។

ផែរណប​​នៅ​ទន្លេ​បិទ កំពុង​សាងសង់សម្រេច​បានជាង៨៦ភាគរយ និង​ផែ​រណបនៅ​គីឡូ​លេខ៦ បានបញ្ចប់​​កំពុង​ដាក់​ដំណើរការ​រួចហើយ។ នេះ​បើតាមឲ្យ​ដឹង​របស់​លោក​ស៊ុន ចាន់ថុល។

ថ្លែងក្នុង​សន្និសីទ​កាលពីពេលថ្មីៗ​នេះ​ លោក​ស៊ុន ចាន់ថុល​ បានមើលឃើញ​ការ​អភិវឌ្ឍ​កំពង់ផែ​រណប តាមផ្លូវ​ទឹកឲ្យ​ច្រើន នឹង​រួមចំណែក​កាត់បន្ថយ​ការ​ខូចខាត​ដល់​​ផ្លូវថ្នល់ ចំណេញ​ពេលវេលា និង​បន្ថយ​ថ្លៃ​ដើមលើការ​ដឹក​ជញ្ជូន។

កម្ពុជាកំពុង​ជំរុញ​ឱ្យមាន​ការដឹក​ជញ្ជូន​តាមផ្លូវ​ទឹក ​កាន់តែច្រើន​តាម​ដែល​អាច​ធ្វើបាន​ ខណៈ​ដែល​​បណ្តា​ប្រទេស​នៅ​ជិតខាង​កម្ពុជា ក៏បាន​ប្រើប្រាស់​ការដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវទឹក​ ក្នុងការ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​គេ​៕