កត្តាសំខាន់ៗចំនួន៤ជំរុញវិស័យលក់ដុំលក់រាយនៅកម្ពុជាបន្ត មានកំណើនខ្ពស់ក្នុងឆ្នាំ២០២៣

ដោយ: សុផារី

ភ្នំពេញ: អ្នកជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា វិស័យលក់ដុំ និងលក់រាយនៅកម្ពុជា និងសម្រេចបានកំណើនល្អប្រសើរនៅក្នុងឆ្នាំ២០២៣បន្តទៀត ដែលជំរុញដោយព្រឹត្តិការណ៍សំខាន់ៗចំនួន៣ បូកផ្សំនឹងការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា។

លោកស្រី គ្រុយ ណារិន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី២៥ ខែមករាឆ្នាំ២០២៣កន្លងមកថា ដរាបណាការប្រើប្រាស់ ក្នុងស្រុកមានការកើនឡើង គឺវាអាចឆ្លុះបញ្ចាំងនៅក្នុងវិស័យនេះ។ ចាប់តាំងពីការបើកប្រទេសឡើងវិញ នៅចុងឆ្នាំ២០២១ សកម្ម​ភាពសេដ្ឋកិច្ចសង្គមរបស់កម្ពុជា គឺបើកឡើងវិញ១០០%។

លោកស្រីបានបញ្ជាក់ថា សកម្មភាពនៅក្នុងស្រុក ដូចជា ភោជនីយ  ដ្ឋាន អាជីវកម្មនានា អាពាហ៍ពិពាហ៍ បុណ្យទាន បានដំណើរការឡើងវិញ ដែលបានជំរុញឲ្យមានតម្រូវការប្រើប្រាស់នៅក្នុងស្រុក។

តាមការព្យាករណ៍ លោកស្រីបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ វិស័យលក់ដុំលក់រាយនឹងមានសញ្ញាល្អប្រសើរ ដោយសារនៅក្នុងឆ្នាំ២០២៣ នោះប្រទេសកម្ពុជាមានតួនាទីសំខាន់ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ព្រមទាំងប្រតិការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រផងដែរ ដោយលោកស្រីបានលើកឡើងថា ព្រឹត្តិការណ៍ទាំងនេះគឺជាការជម្រុញការចំណាយ និងការប្រើប្រាស់នៅក្នុងស្រុកមួយផ្នែកធំ។

លោកស្រីបានបន្ថែមទៀតថា មួយផ្នែកធំទៀតក៏ត្រូវបានជំរុញដោយកំណើននៃវិស័យទេសចរណ៍ ដែលមានភាពល្អប្រសើរ នៅក្នុងឆ្នាំ២០២២ កន្លងមកផងដែរ។

យោងតាមទិន្នន័យរបស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចេញផ្សាយកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានបង្ហាញថា វិស័យលក់ដើមលក់រាយមានកំណើនចំនួន១,៦% នៅក្នុងឆ្នាំ២០២០ និង៤,៣ភាគរយ នៅក្នុងឆ្នាំ២០២២។ វិស័យនេះត្រូវបានព្យាក​រណ៍ថា មានកំណើនចំនួន៦,៥ភាគរយ នៅក្នុងឆ្នាំ២០២៣។

សម្រាប់កំណើននៃការនាំចូលសម្ភារៈប្រើប្រាស់ នៅក្នុងឆ្នាំ២០២០ មានកំណើនចំនួន២១,២ភាគរយ ខណៈឆ្នាំ២០២២នេះរំពឹងថា នឹងមានកំណើន១៩,៩ភាគរយ។

លោកស្រីបញ្ជាក់ទៀតថា ទោះយ៉ាងណាក្តី អាចមានការថមថយចុះមួយចំនួនតូច ទៅលើការទិញលក់លើសម្ភារៈសំណង់ ប៉ុន្តែសម្រាប់អាហារនិងភេសជ្ជៈ មានសញ្ញាល្អប្រសើរ៕

ទីផ្សារសណ្ឋាគាររំពឹងងើបឡើងវិញក្នុងអត្រាជាង៣២ភាគរយនៅ ក្នុងឆ្នាំ២០២៣នេះ

ដោយៈ សុផារី

ភ្នំពេញៈ វិស័យសណ្ឋាគារ និងភោជនីយដ្ឋានបានបង្ហាញសន្ទុះងើបឡើងវិញខ្ពស់ ដោយសារកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយត្រូវបានព្យាករណ៍ថា នឹងបន្តមានកំណើនល្អប្រសើរទៀតនៅក្នុងឆ្នាំ២០២៣។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា នៅក្នុងឆ្នាំ២០២២ វិស័យនេះមានកំណើនប្រមាណ៣០% ក្រោយពីបានធ្លាក់ចុះចំនួន៣២,២ភាគរយក្នុងឆ្នាំ២០២០ និងចំនួន៣៩,៥ភាគរយក្នុងឆ្នាំ២០២១។

កំណើនភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាព្យាករកំណើនក្នុងវិស័យសណ្ឋាគារ និងភោជនីយដ្ឋានក្នុងអត្រា៣២,៧ភាគរយនៅក្នុងឆ្នាំ២០២៣។

របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា “វិស័យសណ្ឋាគារ និងភោជនីយដ្ឋានងើបឡើងលឿនជាងការរំពឹងទុក ហើយនៅបន្តនិន្នាការកើនឡើង ដោយសារការលុបបំបាត់របាំង ធ្វើដំណើរសំខាន់ៗ”៕

គណបក្សកាន់អំណាចបង្កើនការយកចិត្តទុកដាក់លើវិស័យកសិកម្មតាម រយៈការពង្រាយអ្នកជំនាញដល់មូលដ្ឋាន

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ដោយមើលឃើញពីភាពចាំបាច់កាន់តែខ្ពស់ គណបក្សប្រជាជនកម្ពុជា នឹងដាក់ពង្រាយអ្នកជំនាញកសិកម្ម នៅគ្រប់ឃុំទូទាំងប្រទេស ដើម្បីធ្វើការជាមួយប្រជាកសិករ បើគណបក្ស ឈានទៅឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧។

គោលនយោបាយនេះ ត្រូវបានដាក់ចេញក្នុងមហាសន្និបាតវិសាមញ្ញ របស់បក្សពីរថ្ងៃកន្លងទៅ។ នេះ គឺជាគោលនយោបាយដ៏ថ្មីសន្លាងមួយ របស់បក្ស ហើយគោលនយោបាយនេះធ្វើឡើង ដើម្បីលើកកម្ពស់វិស័យ កសិកម្ម។

លោក សួស យ៉ារ៉ា អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជាបានមាន​ប្រសាសន៍៍ឱ្យដឹងថា ក្នុងមហាសន្និបាតដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រយៈពេលពីរថ្ងៃកន្លងទៅនេះ គណបក្សក៏បានជជែក និងពិភាក្សាផ្តោតជាសំខាន់ទៅលើវិស័យកសិកម្ម ដែលជាវិស័យដ៏មានសក្តានុពលមួយនៅកម្ពុជា។

លោកបញ្ជាក់ថា “គណបក្សប្រជាជនកម្ពុជា បានកំណត់ប្រែក្លាយវិស័យកសិកម្ម ពីការធ្វើដើម្បីបំពេញការហូបចុករបស់ ប្រជាពលរដ្ឋ ទៅជាការធ្វើកសិកម្ម ដើម្បីពាណិជ្ជកម្ម”។

តាមរយៈគោលនយោបាយនេះ រាជរដ្ឋាភិបាល នឹងប្រើប្រាស់ធនធានមនុស្ស ដែលជាអ្នកមានចំណេះជំនាញផ្នែកកសិកម្ម។

លោក ខៀវ កាញារីទ្ធ សមាជិកគណៈកម្មាធិការកណ្តាលបក្សប្រជាជនកម្ពុជា បានគូសរំលេចថា ក្នុងអាណត្តិទី៧ អ្នករៀនជំនាញកសិកម្មនឹងមានទីផ្សារការងារខ្ពស់។

គោលនយោបាយនេះ ត្រូវបានគេមើលឃើញថា នឹងជួយឱ្យវិស័យកសិកម្មកាន់តែល្អប្រសើរ ហើយក៏នឹងជួយឱ្យជីវភាពកសិករកាន់តែប្រសើរផងដែរ។

វិស័យកសិកម្មបានដើរតួនាទីជាកំលាំងចលករស្នូល ក្នុងការជម្រុញកំនើនសេដ្ឋកិច្ចជាតិ ក្នុងរយពេលជាច្រើនទសវត្សរ៍មកនេះ ដោយប្រទេសនេះ​បានងើបពីប្រទេសអត់ឃ្លាន និងខ្វះស្រូវ អង្ករបរិភោគ ក្លាយជាប្រទេសដែលផលិតស្រូវ អង្ករសម្រាប់នាំចេញបានរាប់លានតោនក្នុងមួយឆ្នាំៗ។

 

តំបន់កំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣កំពុងទាក់ទាញការវិនិយោគ ខណៈផ្លូវដ៏សំខាន់នេះកំពុងជិតបញ្ចប់ការសាងសង់

       ដោយៈគង់ សូរិយា

       ភ្នំពេញៈ បើទោះបីជាមានវិបត្តិសេដ្ឋកិច្ច បណ្តាលមកពីជំងឺកូវីដ១៩ និងសង្រ្គាមរុស្ស៊ី អ៊ុយក្រែនក្តី ប៉ុន្តែតំបន់មួយចំនួនពិសេសតំបន់ស្ថិតនៅជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ​ ក្រុងតាខ្មៅ នៅតែទាក់ទាញការអភិវឌ្ឍ។

រយៈពេលប្រមាណ៣ឆ្នាំចុងក្រោយនេះ តំបន់ជុំវិញផ្លូវក្រវ៉ាត់ក្រុងទី៣ រាប់ចាប់ពីផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ បានក្លាយជាទីចាប់អារម្មណ៍៍វិនិយោគបុរីលំនៅដ្ឋានតម្លៃសមរម្យ និងកម្រិតអ្នកមានជីវភាពខ្ពស់ បន្ទាប់ពីក្រសួងសាធារណៈការ និងដឹកជញ្ជូនប្រកាសពីគំរោងសាងសង់ផ្លូវនេះ។

ជាក់ស្តែងបុរីGB Residence ដែលបានវិនិយោគលើផ្ទៃដី១៥ហិកតា បាននិងកំពុងពន្លឿនការសាងសង់បុរីរបស់ខ្លួន ដើម្បីបំពេញតម្រូវការអតិថិជន ដែលកើនឡើងជាប្រចាំ។

លោកតាំង កៅកៀតនាយកប្រតិបត្តិបុរីGB Residenceបានមានប្រសាសន៍ឲ្យដឹងថា កំណើននៃការបញ្ជាទិញលំនៅដ្ឋានរបស់យើង ដោយ​សារកត្តាជាច្រើន ដូចជា ទី១ គុណភាព និងសោភ័ណភាពគំរោងរបស់យើងត្រូវ​បានយកចិត្តទុកដាក់ជាអាទិភាព ទី២ លក្ខខ័ណ្ឌបង់ប្រាក់របស់យើងមានភាពពិសេស និងបត់បែន ទី៣ តំបន់ជុំវិញបុរីរបស់យើង ជាតំបន់ពាណិជ្ជកម្មលំដាប់អន្តរជាតិ ដោយផ្សារទំនើបធំជាងគេ នៅតំបន់អាស៊ានគឺ​ផ្សារទំនើបAEON Mall3បានបើកដំណើរការ។

ទី៤ ការសាងសង់ព្រលាន​យន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤ខាងមុខ ដែលធ្វើឲ្យប្រជាពលរដ្ឋ អ្នកដំណើរជាតិ អន្តរជាតិជារាប់់ពាន់ម៉ឺននាក់ នឹងធ្វើដំណើរឆ្លងកាត់តំបន់នេះ និងទី៥ ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់ជាង១លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវសាធារណៈ សម្រាប់អ្នកដំណើរជាតិ អន្តរជាតិឆ្លងកាត់ផងដែរ។

អ្នកជំនាញជាតិ អន្តរជាតិ សុទ្ឋតែមើលឃើញពីសក្តានុពលនៃការរីកច​ម្រើននៃវិស័យអចលនទ្រព្យនៅកម្ពុជា ពិសេសនៅតំបន់ដែលមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋថ្មីៗ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកសន សៀបបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ឱកាសនៃការរីកចម្រើន និងអភិវឌ្ឍន៍នឹងបន្តកើតមាននៅតំបន់ ដែលរាជរដ្ឋាភិបាលពង្រីកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋថ្មីៗ។

លោកបន្តថា “ជាក់ស្តែងតម្លៃដីធ្លីនៅតែបន្តរក្សាកំណើនខ្ពស់ បើទោះ​បីជាមានវិបត្តិកូវីដ១៩កន្លងមក និងវិបត្តិសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនក្តី ក៏តម្លៃដីធ្លីនៅតំបន់មួយចំនួននៅតែឡើងថ្លៃ”។

ជាការពិត ការរីកចម្រើននូវសេដ្ឋកិច្ចសង្គម និងការវិនិយោគរបស់រដ្ឋាភិបាលលើ់តំបន់ណាមួយ ពិតណាស់វានឹងជួយជម្រុញ និងបង្កើតនូវតម្លៃបន្ថែមយ៉ាងច្រើន ដល់មូលដ្ឋានទាំងនោះ ព្រោះការរីកចម្រើននៃសេដ្ឋកិច្ចជាតិ តែងតែផ្សារភ្ជាប់ជាមួយនឹងការវិនិយោគពីវិស័យឯកជន ដែលរាជរដ្ឋាភិបាល តែងតែចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ៕

អ្នកឧកញ៉ាគួច ម៉េងលីៈមានប្រជាជននៅប្រទេសជាច្រើនយល់ច្រឡំពីខ្មែរថាជាប្រទេសអសន្តិសុខ និងមានសង្រ្គាម

 ដោយៈ ច្រាយ ចំណាន

       ភ្នំពេញៈ ក្នុងដំណើរទស្សនកិច្ចទៅកាន់បុរីវ៉ាទីកង់ ទីក្រុងប៉ារីស ប្រទេ​សបារាំង អ្នកឧកញ៉ាគួច ម៉េងលីបានឲ្យដឹងថា មានជនជាតិខ្មែរ និងជនបរទេសជាច្រើនមានការយល់ច្រឡំថា ប្រទេសយើងអសន្តិសុខ ប៉ុន្តែនៅពេលយើងពន្យល់ពីស្ថានភាពពិត ទើបពួកគេមានភាពភ្ញាក់ផ្អើល។

អ្នកឧកញ៉ាបានអះអាងថា មេដឹកនាំសាសនាជាន់ខ្ពស់និកាយកាតូលិក (Cardinal) នៃបុរីវ៉ាទីកង់ Miguel Ángel Ayuso Guixot ដែលមានតួនាទីជាប្រធានប្រឹក្សាសម្តេចសង្ឃ សម្រាប់កិច្ចសន្ទនាអន្តរសាសនា (ឋានៈស្មើរដ្ឋមន្ត្រី) បានបង្ហាញពីបំណងចង់មកលេងប្រទេសកម្ពុជា នៅពេលសមស្របណាមួយ។

អ្នកឧកញ៉ាគួច ម៉េងលីបានមានប្រសាសន៍ថា មេដឹកនាំសាសនាកាតូលិក សម្តេចប៉ាប ចង់មកលេងស្រុកខ្មែរ ក្រោយពេលលោកបានប្រាប់ថាកម្ពុជាកំពុងអភិវឌ្ឍន៍ជាតិ ខណៈសេដ្ឋកិច្ចក៏ដំណើរការល្អ និងគ្មានសង្គ្រាមស៉ីវិល។

អ្នកឧកញ៉ា រួមនឹងព្រះតេជគណសាន សុជាបានធ្វើដំណើរពិសេសនៅទ្វីបអឺរ៉ុប រយៈពេលចំនួន៦ថ្ងៃកន្លងទៅថ្មីៗនេះ ក្រោមគម្រោងមួយមានឈ្មោះថា “Rome Monaco Paris (RMP) Friendship Tour January 2023 Provisional Program” ឬហៅជាខេមរភាសាថា “ដំណើរទស្សនកិច្ចមិត្តភាពទៅកាន់ទីក្រុងរ៉ូម ម៉ូណាកូ ប៉ារីស (RMP) ខែមករា ឆ្នាំ២០២៣”។

អ្នកឧកញ៉ា គួច ម៉េងលីបានបញ្ជាក់ថា “ជនបរទេសជាច្រើនកំពុងយល់ច្រឡំ ពីស្ថានភាពកម្ពុជានៅពេលបច្ចុប្បន្ន មុនពេលលោកបានជួប និងប្រឹងប្រែងពន្យល់ពួកគាត់ទាំងឡាយ”។ អ្នកឧកញ៉ាបានបញ្ជាក់ថា “ខ្ញុំមានអារម្មណ៍ថា ផ្នត់គំនិតរបស់មហាជន ប្រជាជនច្រើនគេគិតថា ខ្មែរយើងមានបញ្ហា។ ប្រទេសខ្មែរយើង នៅមានសង្គ្រាម មានទំនាស់ មិនមានសន្តិភាព”។

នៅពេលយើងបានចែករំលែកឲ្យគេ គេមានការភ្ញាក់ផ្អើលខ្លាំង គេស្ទើរតែមិនចង់ជឿ។ អ្នកខ្លះទៀត Personally (ផ្ទាល់ខ្លួន) គេចង់មកលេងនៅស្រុកខ្មែរ ដូចជា រដ្ឋមន្ត្រីខាងអន្តរក្រសួង គាត់ចង់មកលេងស្រុកខ្មែរ ក្នុងខែក្រោយៗទៀត នឹងមកលេង។

អ្នកឧកញ៉ាគួច ម៉េងលីបានបញ្ជាក់ថា “ខ្ញុំគិតថា ខ្ញុំនឹងស្វាគមន៍គេ ព្រោះគាត់ជារដ្ឋមន្ត្រីទទួលបន្ទុកអន្តរសាសនា។ អញ្ចឹងខ្ញុំគិតថា ខ្ញុំគួរតែស្វាគមន៍គេវិញ ដូចគេបានស្វាគមន៍ខ្ញុំពេញលក្ខណៈអញ្ចឹង ជាមួយព្រះតេជគុណ​ សាន សុជា”។

អ្នកបន្ថែមថា គេមានការយល់ពីខ្មែរយើងនូវភាពអវិជ្ជមានច្រើន ទាំងការលូតលាស់ ទាំងការជឿនលឿន ទាំងសន្តិភាព និងទាំងសេដ្ឋកិច្ច។ នៅពេល លោកបានចែករំលែក និងទៅបំភ្លឺ ក្នុងនាមជាប្រជាពលរដ្ឋធម្មតា ធ្វើឲ្យគេមានការភ្ញាក់ផ្អើល ធ្វើឲ្យគិតថា កន្លងមកគេមានការយល់ច្រឡំ។

អ្នកឧកញ៉ាគួច ម៉េងលីបន្តថា ទាំងប្រជាជនទូទៅ ដែលលោកជួបនៅក្នុងប្រទេស ជាពិសេសពេលលោកទៅគេងផ្ទះគេ ទៅញ៉ាំបាយផ្ទះគេ និងទៅចូលលេងផ្ទះគេ ជនជាតិគេក៏គិតថាខ្មែរយើងជាប្រទេស ដែលកំពុងតែមានអសន្តិសុខ ជាប្រទេសដែលអត់លូតលាស់ ជាប្រទេសដែលមានសង្គ្រាម។ អញ្ចឹងនៅពេលដែលលោកនិយាយប្រាប់គេ គេមានការភ្ញាក់ផ្អើលខ្លាំង ភ្ញាក់ផ្អើលរហូតដល់លោកគិតថា ខ្មែរយើងអត់ទាន់បានធ្វើកិច្ចការ ក្នុងការផ្សព្វផ្សាយទៅប្រទេសនានាឲ្យបានត្រឹមត្រូវ។

អ្នកគួច ម៉េងលី ចង់ឃើញរាជរដ្ឋាភិបាល បង្កើតបេសកកម្មបញ្ជូនតំណាងប្រជាជនធម្មតា មិនមែនក្នុងនាមរាជរដ្ឋាភិបាល ទៅបង្កើតសិក្ខាសាលានៅបរទេស ដើម្បីពន្យល់ជនបរទេស ឲ្យពួកគាត់បានដឹងពីទិដ្ឋភាពពិតរបស់កម្ពុជា។ លោកយល់ថា បើគេដឹងភាពពិត គេនឹងមកលេងស្រុកខ្មែរកាន់តែច្រើន។

លោក គួច ម៉េងលី ថ្លែងថា យើងបានត្រឹមតែផ្សព្វផ្សាយទៅខ្មែរយើងនៅប្រទេសក្រៅឲ្យបានដឹង​ តែប្រជាជនបរទេសគេអត់បានដឹង ហើយបើអត់ដឹងគេអត់ងាយមកទេ អ្នកទេសចរក៏អត់មកដែរ។

អ្នកឧកញ៉ាបានបញ្ជាក់ថា “អញ្ចឹងខ្ញុំគិតថា បើអាចឲ្យរាជរដ្ឋាភិបាល មានបេសកកម្មទៅក្រៅប្រទេស ក្នុងនាមមួយជាប្រជាជនតំណាង ទៅប្រទេសអភិវឌ្ឍន៍ផ្សេងៗ ដើម្បីផ្សព្វផ្សាយនូវការអភិវឌ្ឍ ការជឿនលឿន និងដំណើរការសន្តិភាព របស់ខ្មែរយើង ដើម្បីឲ្យគេដឹងលឺ គេចូលរួម គេកោតសរសើរ ហើយគេមកលែងក្នុងនាមជាអ្នកទេសចរ ហើយខ្មែរក្លាយជាកន្លែងមួយដ៏អ៊ូរអរ ដ៏ឱឡារឹកល្បីល្បាញ”។ អ្នកឧកញ៉ាបានបន្ថែមថា “ខ្ញុំសោកស្តាយមែនទែន ដែលមហាជន ប្រជាពលរដ្ឋនៅស្រុកគេ ដែលគេអត់ដឹង គេដឹងតែអ្វីដែលកើតឡើងពីដើមមក គេអត់ដឹងថា បច្ចុប្បន្នភាពខ្មែរយើងយ៉ាងម៉េច”។

កន្លែងនេះមួយ ធ្វើឲ្យខ្ញុំមានការព្រួយបារម្ភ ខ្ញុំមានការពិបាកក្នុងចិត្ត ដែលលើលោកនេះគេមើលមកខ្មែរយើង ក្នុងរូបភាពហ្នឹង។ អញ្ចឹងខ្ញុំគិតថា បើថ្ងៃក្រោយ រាជរដ្ឋាភិបាល អាចមានប្រជាពលរដ្ឋ តំណាងឲ្យប្រទេសខ្មែរ ចេញទៅបើកសិក្ខាសាលា ពន្យល់ ចែករំលែក ទៅដល់មហាជន ជនជាតិគេ កុំឲ្យទៅក្នុងនាមរាជរដ្ឋាភិបាល កុំទៅក្នុងនាមជួបខ្មែរ គឺទៅជួបជនជាតិគេតែម្តង ដើម្បីឲ្យគេដឹងថា ខ្មែរយើងមិនមែនដូចអ្វី ដែលគេគិតទេ។ ការចាប់អារម្មណ៍ ពីមហាជនស្រុកគេ ធ្វើឲ្យគេមកលេងខ្មែរ។ អ្នកឧកញ៉ាបន្ថែម។

កាលពីពេលថ្មីៗនេះ ព្រះតេជគុណ សាន សុជា បូជាចារ្យកាតូលិក Will Conquer និងអ្នកឧកញ៉ា គួច ម៉េងលី បាននិមន្ត និងធ្វើដំណើរ នៅទ្វីបអឺរ៉ុប ដើម្បីចូលគាល់ សម្ដេចប៉ាប ហ្វ្រង់ស៉ីស នៅវិមានវ៉ាទីកង់ ប្រទេសអ៉ីតាលី ចូលរួមកម្មវិធីពិសេសនៅប្រទេសម៉ូណាកូ ព្រមទាំងចូលរួមជាវាគ្មិនកិត្តិយសក្នុងសន្និសីទនៅទីក្រុងប៉ារីស លើប្រធានបទស្តីអំពី «ការកែប្រែជំនឿ នេក្ខម្មបារមី និងបរិស្ថានវិទ្យា»។

អ្នកឧកញ៉ា គួច ម៉េងលី និងព្រះតេជគុណ សាន សុជា គឺជាជនជាតិខ្មែរដ៏កម្រ ដែលមានឱកាសចូលគាត់សម្តេចប៉ាប។ កន្លងមក មានជនជាតិខ្មែរ ត្រឹមតែ២រូបប៉ុណ្ណោះ ដែលបានចូលគាត់សម្តេចប៉ាប គឺសម្តេចឪ (ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ) នៅឆ្នាំ១៩៥០ និងសម្តេចព្រះមហាឃោសនន្ទ នៅឆ្នាំ១៩៨៦។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី គឺជាស្ថានិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំ សុខភាព សហគមន៍ និងសង្គម។ ថ្មីៗនេះ លោកត្រូវបានសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជប្រកាសនីយប័ត្រ ផ្តល់គោរម្យងារកិត្តិយស ជា «បញ្ញាមេធាភិរ័ក្ខសិរី មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍» ដោយសារសកម្មភាពជួយសង្គម។

ចំណែកឯព្រះតេជគុណ សាន សុជា ជាបុគ្គលល្បីលើបណ្តាញស​ង្គម ដែលអប់រំប្រជាជនខ្មែរលើសាកលលោក តាមរយៈការផ្សព្វផ្សាយធម្មទេសនា។ រីឯលោក Will Conquer គឺជាជនជាតិបារាំងកាត់អាមេរិក ដែលកំពុងបំពេញបេសកកម្ម ក្នុងនាមជាបូជាចារ្យសាសនទូត ផ្នែកកាតូលិក នៅកម្ពុជា៕

 

ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកោះកុងបង្ហាញពីទិដ្ឋភាពដ៏ឆើតឆាយ នៃឆ្នេរបាក់ខ្លង

 ដោយៈ គង់ សូរិយា

       កោះកុងៈ ដែនដី ដែលធ្លាប់់ស្ថិតនៅកណ្តោចកណ្តែក អាណុងអា​ណោច បានសម្រស់បង្កប់នូវរតនៈសម្បត្តិ ផ្នែកទេសចរណ៍ធម្មជាតិដ៏មហាសាល ដែលមិនទាន់បានទាញយកមកប្រើប្រាស់អស់នៅឡើយ។

កាលពីពេលថ្មីៗនេះ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកោះកុងបានបង្ហាញនូវរូបថតជាច្រើនសន្លឹក ដើម្បីបង្អួតពីទិដ្ឋភាពដ៏ស្រស់ស្អាតនៃឆ្នេរសមុទ្របាក់ខ្លង។

តាមឯកសារបានបង្ហាញថា “ឆ្នេរប៉ាក់ខ្លង”ជារមណីយដ្ឋានទេសច​រណ៍បែបធម្មជាតិ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងភូមិប៉ាក់ខ្លង ឃុំមណ្ឌលសីមា ស្រុកមណ្ឌលសីមា ដែលមានចំងាយប្រមាណ៨គីឡូម៉ែត្រពីទីរួមខេត្តកោះកុង សម្រាប់លំហែលកម្យាន្ត ឆ្នេរខ្សាច់ស្អាត ស្រូបខ្យល់បរិសុទ្ធ ស្តាច់សំលេងទឹកសមុទ្រ។

លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា ខេត្តកោះកុង មានអាថ៌កំបាំងធម្មជាតិជាច្រើន ដែល​មានសក្តានុពល ផ្នែកវិស័យទេសចរណ៍បំផុត ប៉ុន្តែយើងមិនទាន់អាចទាញ​យកមកប្រើប្រាស់ ធនធានធម្មជាតិដ៏មានតម្លៃនេះ សម្រាប់បំរើដល់ផលប្រយោជន៍សេដ្ឋកិច្ចជាតិបាននៅឡើយ៕

ថៃគ្រោងនឹងចាប់ផ្ដើមសាងសង់ទីក្រុងអាកាសចរណ៍ភាគបូព៌ាតម្លៃជិត៩ពាន់លានដុល្លារ នៅដើមឆ្នាំ២០២៣

សុខុម

បាងកក: គម្រោងទីក្រុងអាកាសចរណ៍ភាគបូព៌ា (East Aviation City) តម្លៃរហូតដល់ទៅ២៩០ពាន់លានបាត (ជាង៨,៨២ពាន់លានដុល្លារអាមេរិក) ដែលចផ្ដោតលើអាកាសយានដ្ឋាន U-Tapao Airport នឹងចាប់ផ្ដើមដំណើរការសាងសង់នៅដើមឆ្នាំនេះ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Tipanan Sirichana បានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ទី២៧ ខែមករា ថា គម្រោងនេះនឹងបង្កើតការងារថ្មីប្រមាណ១៥.៦០០កន្លែងបន្ថែមទៀតក្នុងរយៈពេល៥ឆ្នាំដំបូង និងជំរុញកំណើនក្នុងឧស្សាហកម្មអាកាសចរណ៍នៃប្រទេសនេះ។

ផែនការវិនិយោគនេះគ្រោងនឹងប្រែក្លាយអាកាសយានដ្ឋាន U-Tapao Airport ដែលបន្សល់ពីសម័យសង្គ្រាមវៀតណាម ស្ថិតក្នុងខេត្តរ៉ាក់យ៉ង (Rayong) ទៅជាអាកាសយានដ្ឋានអន្តរជាតិថ្មីមួយដែលតភ្ជាប់ជាមួយអាកាសយានដ្ឋដនមឿង និងអាកាសយានដ្ឋានសុវណ្ណភូមិ។

អ្នកនាំពាក្យដដែលគូសបញ្ជាក់ថា គម្រោងសហការរវាងវិស័យរដ្ឋ និងឯកជនដែលជាចំណុចស្នូលនៃគម្រោងរបៀងសេដ្ឋកិច្ចភាគបូព៌ា (Eastern Economic Corridor) នេះនឹងគ្របដណ្ដប់លើផ្ទៃដី១.០៤០ហិកតា ហើយការសាងសង់នេះគឺធ្វើឡើងដោយមានគោលបំណងទាក់ទាញភ្ញៀវទេសចរ។

យោងតាមគេហទំព័រ Eastern Economic Corridor របស់រដ្ឋាភិបាលបង្ហាញថា ទីក្រុងអាកាសចរណ៍ភាគបូព៌ា ឬ Eastern Aviation City នេះក៏នឹងរួមបញ្ចូលតំបន់ពាណិជ្ជកម្មសេរីសម្រាប់ទំនិញ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលអាកាសចរណ៍ និងអគារថែទាំ និងជួសជុលយន្តហោះផងដែរ៕ Bangkok Post៕

Korea to invest $982.3 mil. for energy tech development

Korea will earmark 1.21 trillion won ($982.3 million) this year for technology development in nuclear energy, hydrogen and other energy resources, the industry ministry said Thursday.

The budget marked a 0.8 percent on-year growth, as the country has sought to secure advanced technologies to ensure energy security and to achieve zero-emission goals.

Of them, 205.9 billion won will be earmarked for hydrogen and related technologies, and 196.9 billion won will be spent on technologies for renewable energy resources, including solar cells, wind power and bio fuel, according to the Ministry of Trade, Industry and Energy.

The government also plans to spend 173.6 billion won in the nuclear energy field, including the development of small modular reactors, it added.

“Some 9.6 percent of the budget will be set aside for new projects to develop fresh, state-of-the-art technologies,” a ministry official said, adding that the government will receive applications in March and April, and choose projects that will be entitled to state subsidies.

Source: Yonhap

កម្ពុជារំពឹងទទួលបានអ្នកធ្វើដំណើរចំនួន៤,៦លាននាក់មកកាន់អាកាសយានដ្ឋានអន្តរជាតិទាំងបីក្នុងឆ្នាំ២០២៣

ដោយ៖ សុផារី

ភ្នំពេញ៖ ការបើកប្រទេសកាន់តែទូលំទូលាយរបស់បណ្តាប្រទេសនានាលើសកលលោក ជំរុញឱ្យវិស័យអាកាសចរណ៍កម្ពុជាមានភាពល្អប្រសើរច្រើន។ សម្រាប់កម្ពុជា ចំនួនអ្នកទេសចរណ៍នឹងរំពឹងថាមានការកើនឡើងក្នុងឆ្នាំ២០២៣នេះ មានចំនួនប្រមាណ៤,៦លាននាក់ ធៀបនឹង២,២លាននាក់ក្នុងឆ្នាំ២០២២។

នេះបើតាមរយៈការព្យាករណ៍អ្នកដំណើរ របស់ក្រុមហ៊ុនសម្បទានព្រលានយន្តហោះ SCA នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២ របស់គណៈកម្មការតាមដាន និងត្រួតពិនិត្យលើការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងការសាងសង់អាកាសយានដ្ឋានដទៃទៀតនៅក្នុងប្រទេសកម្ពុជា ដែលដឹកនាំដោយលោក តឹករ៉េត សំរេច រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

បន្ថែមពីលើការព្យាករណ៍យ៉ាងសុទិដ្ឋិនិយមសម្រាប់ឆ្នាំ២០២២ គណៈកម្មការក៏បានជំរុញក្រុមហ៊ុនសម្បទានព្រលានយន្តហោះ SCA ក្នុងការវិនិយោគផ្សេងៗដើម្បីត្រៀមលក្ខណៈរួចរាល់របស់អាកាសយានដ្ឋានទាំងបី សំដៅធានាបាននូវសុវត្ថិភាព សន្តិសុខ និងសេវាកម្មប្រកបដោយផាសុខភាពក្នុងការបម្រើដល់អ្នកទេសចរណ៍ដែលនឹងមកដល់កម្ពុជាជាបន្តបន្ទាប់នៅឆ្នាំ២០២៣នេះ៕

ឆ្នាំ២០២៣កម្ពុជាហាក់មានពន្លឺនៃការវិនិយោគគម្រោងថ្មីៗឡើងវិញ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ដើមឆ្នាំ២០២៣នេះ កម្ពុជាហាក់មានសញ្ញាវិជ្ជមានច្រើនពីគម្រោងវិនិយោគថ្មីៗ ដែលអាចឱ្យកម្ពុជាស្ដារនិងជំរុញសេដ្ឋកិច្ចបានលឿនរហ័ស។ ជាក់ស្ដែង ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ កម្ពុជាបានប្រកាសពីគម្រោងវិនិយោគធំៗទាំងរដ្ឋនិងឯកជន។

កាលពីពេលថ្មីៗនេះ គម្រោងព្រលានយន្តហោះអន្តរជាតិនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុបានប្រកាសទទួលស្គាល់ ដោយលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលមានទំហំទឹកប្រាក់វិនិយោគជាង៣០០លានដុល្លារអាមេរិក វិនិយោគដោយក្រុមហ៊ុនឯកជនក្នុងស្រុក។

ក្រោយមក កម្ពុជាក៏បានប្រកាសពីគម្រោងជាប្រវត្តិសាស្ត្រ គឺផ្លូវរថភ្លើងល្បឿនលឿនពីភ្នំពេញទៅប៉ោយប៉ែត ដែលមានតម្លៃ វិនិយោគប្រមាណ៤ពាន់លានដុល្លារអាមេរិក។ គម្រោងនេះបានសិក្សាដោយក្រុមហ៊ុនស្ពានថ្នល់ របស់ចិន ដែលជាសញ្ញាវិជ្ជមានកាន់តែខ្ពស់ ចំពោះស្ថានភាពនៃការវិនិយោគទាំងរដ្ឋ និងឯកជន។

ការកត់សម្គាល់ នៅព្រឹកថ្ងៃទី២៧ មករា ២០២៣នេះ ទេសចរ និងវិនិយោគិនចិនប្រមាណ១០០នាក់បានមកដល់កម្ពុជាតាមជើងយន្តហោះពីទីក្រុងគុនមិញ ប្រទេសចិនចុះចតនៅខេត្តព្រះសីហនុ ហើយក៏មានការស្វាគមន៍ពីរដ្ឋបាលខេត្តព្រះសីហនុយ៉ាងរាក់ទាក់ផងដែរ។ នេះជាសកម្មភាពដែលបង្ហាញពីសញ្ញាណល្អ សម្រាប់ឆ្នាំ២០២៣នេះ និងអាចជាការត្រួសត្រាយផ្លូវទៅរកភាពល្អប្រសើរកាន់តែខ្លាំងនៅឆ្នាំនេះ និងឆ្នាំក្រោយ។

លោកឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានលើកឡើងថា ស្ថានភាពអចលនទ្រព្យនៅកម្ពុជាអាចនឹងវិលទៅរកភាពប្រក្រតីដូចមុនកូវីដ១៩វិញ ជាបន្តបន្ទាប់ យ៉ាងយូរនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។

លោកឧកញ៉ាបានមានប្រសាសន៍ថា ជាការកត់សម្គាល់ បានឃើញថា នៅពេលមានគម្រោងវិនិយោគរដ្ឋធំៗណាមួយនៅបានប្រកាស ឬចាប់ផ្ដើមអភិវឌ្ឍន៍បានធ្វើឱ្យតម្លៃដីធ្លី និងអចលនទ្រព្យ នៅតំបន់នោះមានសន្ទុះមួយកម្រិត ហើយក៏ជាការចាប់អារម្មណ៍របស់វិនិយោគិនផ្នែកអចលនទ្រព្យផងដែរ។

លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា ក៏បានថ្លែងកាលពីពេលថ្មីៗនេះថា ភាពសំបូរបែបនៃហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា គឺជាកត្តាជំរុញកំណើនសេដ្ឋកិច្ចបានមួយកម្រិតទៀត  ដោយអាចធ្វើឱ្យការដឹកជញ្ជូនក្នុងប្រទេសកម្ពុជា មានការប្រកួតប្រជែង ជាមួយប្រទេសជិតខាង។

អ្នកវិនិយោគក្នុងស្រុក និងអាជីវករជាច្រើនទៀត បានបង្ហាញក្តីរំពឹងខ្ពស់ថាឆ្នាំនេះ គឺជាឆ្នាំល្អរបស់ពួកគេ ដើម្បីប្រមូលយកនូវអ្វី ដែលបាត់បង់វិញ ទាំងវិស័យទេសចរ និងការវិនិយោគថ្មីៗ។ ពួកគេបានរំពឹងខ្ពស់ទៅលើវត្តមានទេសចរ និងវិនិយោគិនចិនចូលមកកម្ពុជា ក្រោយពីរដ្ឋាភិបាលចិនបានប្រកាសបើកប្រទេសបើកទូលាយឱ្យពលរដ្ឋចិនធ្វើដំណើរចេញក្រៅប្រទេស ហើយក៏រំពឹងថាចិននឹងសប្បាយចាយវាយលុយ ដែលពួកគេខកខាន អស់រយៈពេល៣ឆ្នាំកន្លង៕