ស្ពានបេតុងខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាបសម្រេចបាន៩៣ភាគរយហើយ

ដោយ៖ សុផារី

ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាបសម្រេចបាន ៩៣ភាគរយនៃគម្រោងទាំងមូលហើយ ហើយនឹងបើកដំណើរការនៅខែមេសា ឆ្នាំ២០២៣ខាងមុខ។

នេះបើយោងតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ការដ្ឋានសាងសង់ស្ពាននេះបានសម្រេចលទ្ឋផលដល់ដំណាក់កាលនៃការតភ្ជាប់តួស្ពានទាំងមូលហើយ ធ្វើឡើងក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ។

មន្ទីរសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា តាមផែនការ គម្រោងស្ពាន ដែលចំណាយចំណាយថវិកាប្រមាណ៣៥លានដុល្លារសហរដ្ឋអាមេរិកនេះ នឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងខែមេសា ឆ្នាំ២០២៣ខាងមុខ។

ស្ពានបេតុងខ្សែកាបថ្មីនេះ ឆ្លងកាត់ទន្លេសាបពីក្រុងរណបជ្រោយចង្វារ និងផ្លូវជាតិលេខ៦ មកកាន់ផ្លូវជាតិលេខ៥។ ស្ពានថ្មីនេះនឹងជួយសម្រួលឱ្យការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរផ្សេងៗចេញពីខេត្តនានាមកកាន់រាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា ដែលកំពុងមានកំណើនការធ្វើចរាចរណ៍ជាប្រចាំ។

គម្រោងស្ពានខ្សែកាបឫស្សីកែវនេះ មានរចនាបទទំនើប ដែលមានសរសរធំចំនួន៤បង្គោល មានកម្ពស់រហូតដល់៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប។ ស្ពានបេតុងនេះ ស្ថាបនានៅអមជាមួយស្ពានបេឡេ មានប្រវែង៩២២ម៉ែត្រ មានទទឹង២០,៥ម៉ែត្រ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង មានទទឹង១,២៥ម៉ែត្រសងខាង។

កម្ពស់សរសរស្ពានសម្រាប់ព្យួរខ្សែកាបធៀបនឹងកម្រាលស្ពាន៣៤ម៉ែត្រ។ គន្លងខ្សែយានយន្តមានទទឹង៣,៧៥ម៉ែត្រ គន្លងធ្វើចរាចរណ៍២ខ្សែទៅ២ខ្សែមក។ កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា១០,៥ម៉ែត្រ។ កម្ពស់នាវាចរក្រោមស្ពានអប្បរមានៅរដូវប្រាំង ២០,៥ម៉ែត្រ ដោយមានបំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរណ៍៕

ធនាគារ ហត្ថា បានដាក់ចេញជាផ្លូវការនូវកម្មវិធីធនាគារចល័តជំនាន់ថ្មី​ ដ៏ទាន់សម័យរបស់ខ្លួន

ភ្នំពេញ, ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៣៖ ធនាគារ ហត្ថា ដែលជាធនាគារពាណិជ្ជមានបណ្ដាញធំបំផុតលំដាប់ទី២ ផ្អែកលើសាខាប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញជាផ្លូវការនូវកម្មវិធីធនាគារចល័តជំនាន់ទី៣ដ៏ទាន់សម័យរបស់ខ្លួន ឬ Hattha Mobile 3.0 ដោយនាំមកនូវមុខងារថ្មីៗពិសេសៗជាច្រើន ការពង្រឹងលើសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ក៏ដូចជាការរចនាផ្ទាំងបង្ហាញកាន់តែស្រស់ស្អាត និងងាយស្រួលប្រើប្រាស់ជាងមុន ដោយមានគោលដៅចម្បងក្នុងការនាំមកកាន់ទីផ្សារនូវកម្មវិធីធនាគារចល័តដ៏ពេញលេញនិងមានអត្ថប្រយោជន៍ខ្ពស់សម្រាប់ការទូទាត់ប្រចាំថ្ងៃ ថែមទាំងស័ក្តិសមសម្រាប់អតិថិជនគ្រប់ស្រទាប់វណ្ណៈ។

មុខងារថ្មីមួយក្នុងចំណោមមុខងារពិសេសៗជាច្រើនរបស់កម្មវិធីជំនាន់ថ្មីនេះគឺមុខងារ Dynamic KHQR ID ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់វាយបញ្ចូលនិងកំណត់ចំនួនទឹកប្រាក់ជាក់លាក់ណាមួយនៅក្នុងកូដ KHQR ID ផ្ទាល់ខ្លួន ដោយគ្រាន់តែអនុវត្តតាមជំហានងាយៗខ្លីៗប៉ុន្មានចំណុចតែប៉ុណ្ណោះ។ វាពិតជាងាយស្រួល ដោយគ្រាន់អ្នកប្រើប្រាស់ធ្វើការចែករំលែក KHQR ID ផ្ទាល់ខ្លួនទៅកាន់មិត្តភ័ក្តិ ក្រុមគ្រួសារ ឬដៃគូតាមរយៈកម្មវិធីផ្ញើសារ (ឬប្រព័ន្ធផ្សព្វផ្សាយសង្គម) ឬដោយគ្រាន់តែបង្ហាញ KHQR ID នៅលើផ្ទាំងកម្មវិធី Hattha Mobile ដៃគូរបស់អតិថិជននឹងអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់យ៉ាងរហ័ស និងសុវត្ថិភាពបំផុត។ មុខងារមួយនេះមិនត្រឹមតែសន្សំសំចៃពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយកំហុសនានាទាក់ទិននឹងប្រតិបត្តិការផ្ទេរប្រាក់ថែមទៀតផង។

ការប្តេជ្ញាចិត្តរបស់យើងគឺដើម្បីក្លាយជាធនាគារឌីជីថលដែលនាំមុខគេ ដើម្បីជួយសម្រួលដល់ប្រតិបត្តិការសេវាធនាគារឱ្យកាន់តែមានភាពសាមញ្ញ និងសម្រួលដល់ប្រព័ន្ធអេកូហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អតិថិជន។

ក្រៅពីមុខងារខាងលើ អតិថិជនថ្មី និងក៏ដូចជាអតិថិជនស្រាប់របស់ ធនាគារ ហត្ថា នឹងទទួលបានអត្ថប្រយោជន៍ពីមុខងារដ៏សម្បូរបែប រួមមាន៖
• ផ្ទេរប្រាក់ទៅធនាគារក្នុងស្រុក ឬក្រៅប្រទេស
• ទូទាត់តាមអនឡាញ (E-Commerce)
• ទូទាត់ប្រាក់តាម KHQR ជាមួយនឹងពាណិជ្ជកររាប់សែនកន្លែងទូទាំងប្រទេសកម្ពុជា
• ទូទាត់ប្រាក់តាម Thai QR ជាមួយនឹងពាណិជ្ជកររាប់លានកន្លែងទូទាំងប្រទេសថៃ
• ទូទាត់វិក្កយបត្រតាមអនឡាញទៅកាន់អាជ្ញាធរអគ្គិសនីកម្ពុជា (EDC) បង់ថ្លៃសេវាប្រមូលសំរាម ទូទាត់វិក្កយបត្រទៅកាន់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏ដូចជាការបង់ថ្លៃសេវាទៅកាន់ដៃគូបង់វិក្កយបត្រឯកជនជាង៣០០កន្លែង ទូទាំងប្រទេសកម្ពុជា
• ការកំណត់ផ្សេងៗជាច្រើនផ្អែកលើតម្រូវការផ្ទាល់ខ្លួន ដើម្បីសម្រួលដល់ការគ្រប់គ្រងគណនីរបស់អ្នកប្រើប្រាស់ឱ្យកាន់តែងាយស្រួល និងរលូនជាងមុន។

អតិថិជនថ្មី ក៏ដូចជាអតិថិជនស្រាប់របស់ ធនាគារ ហត្ថា អាចធ្វើបច្ចុប្បន្នភាព ឬទាញយកកម្មវិធី Hattha Mobile 3.0 នៅលើ App Store ឬ Play Store ដើម្បីប្រើប្រាស់មុខងារថ្មីៗដ៏អស្ចារ្យទាំងអស់នេះ ក៏ដូចជា មុខងារពិសេសជាច្រើនទៀត។

សេវាសំខាន់សំខាន់ៗផ្សេងទៀត ដែលអតិថិជនអាចប្រើប្រាស់ រួមមាន៖
សេវាផ្ទេរប្រាក់
• ផ្ទេរប្រាក់ – ទៅកាន់គណនី ធនាគារ ហត្ថា ផ្ទាល់ខ្លួន
• ផ្ទេរប្រាក់ – ទៅកាន់គណនី ធនាគារ ហត្ថា ដទៃ (គណនីមួយ និងច្រើនក្នុងពេលតែមួយ)
• ផ្ទេរប្រាក់ – ទៅកាន់គណនីបាគង
• ផ្ទេរប្រាក់ – ទៅកាន់គណនី CASA របស់ធនាគារដទៃ តាមរយៈប្រព័ន្ធបាគង
• ផ្ទេរប្រាក់ – ទៅកាន់ធនាគារក្នុងស្រុក តាមរយៈប្រព័ន្ធទូទាត់រហ័ស
• ផ្ទេរប្រាក់តាមទូរស័ព្ទ (ផ្ទេរប្រាក់ទៅកាន់ម៉ាស៊ីនអេធីអឹម)
• ផ្ទេរប្រាក់ទៅកាន់គណនី PiPay
• ផ្ទេរប្រាក់ – ផ្ទេរប្រាក់ក្រៅស្រុកទៅកាន់គណនីធនាគារ ក្រុងស្រ៊ី
សេវាទូទាត់វិក្កយបត្រ
• ទូទាត់វិក្កយបត្រ – ទៅកាន់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
• ទូទាត់វិក្កយបត្រ – ទៅកាន់ រដ្ឋាករទឹកស្វយ័តក្រុងសៀមរាប
• ទូទាត់វិក្កយបត្រ – អនឡាញទៅកាន់ អាជ្ញាធរអគ្គិសនីកម្ពុជា (EDC)
• ទូទាត់វិក្កយបត្រ – អនឡាញទៅកាន់ អាជ្ញាធរអគ្គិសនីកម្ពុជា (EDC) ដើម្បីបន្តចរន្ដថ្មី ឬបង្កើនកម្លាំងអគ្គិសនី
• ទូទាត់វិក្កយបត្រ – កាកសំណល់រឹង
• ទូទាត់វិក្កយបត្រ – Bill24 (ធានារ៉ាប់រង អចលនទ្រព្យ អចលនវត្ថុ ។ល។)

បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទ
• បញ្ចូលទឹកប្រាក់ – កូដ PIN
• បញ្ចូលទឹកប្រាក់ – ដោយមិនប្រើលេខ PINLESS

ទូទាត់ប្រាក់ដោយស្កេន QR
• ស្កេន KHQR ដើម្បីធ្វើការផ្ទេរប្រាក់ទៅធនាគារផ្សេងទៀតដែលជាសមាជិករបស់បាគង
• ស្កេនទូទាត់ប្រាក់តាមរយៈ QR Thai Standard QR
• បង្ហាញ KHQR ផ្ទាល់ខ្លួនរបស់អ្នក ដើម្បីទទួលបានការទូទាត់ពីអ្នកប្រើប្រាស់កម្មវិធីធនាគារសមាជិកបាគងផ្សេងទៀត៕

Play Store:https://bit.ly/3Y4kx8T

App Store:https://apple.co/3W6tFYn

សម្តេចតេជោនឹងលើកឡើងពីគំរោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ ព្រះសីហនុ នៅពេលអញ្ជើញទស្សនកិច្ចប្រទេសចិននាពេលខាងមុខ

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងលើកឡើងពីគំរោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ ព្រះសីហនុ នៅពេលសម្ដេ​ចនឹងអញ្ជើញបំពេញទស្សនកិច្ចជាថ្មី នៅប្រទេសចិន នាថ្ងៃទី៩ និងទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។

សម្តេចតេជោបានប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា ដែលជាជំនួបលើកទី៥ បន្ទាប់ពីអាក់ខាន ដោយសារកូវីដ១៩ រយៈពេល២ឆ្នាំកន្លងមក នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។

សម្ដេចតេជោហ៊ុន សែន បានឲ្យដឹងថា ទស្សនកិច្ចនេះ វាជាការរៀបចំមួយ ដើម្បីរំលឹកទៅដល់ពេលវេលាដល់លំបាក ដែលជាខួបលើកទី៣ នៃថ្ងៃដែលសម្ដេចទស្សនកិច្ច ក្នុងពេលវេលា ដែលគេទាំងឡាយរត់ចោលចិន ដោយសារតែខ្លាចនូវជំងឺកូវីដ-១៩ ប៉ុន្ដែសម្ដេចទៅប្រទេសចិន។

បន្ថែមពីនោះទៀត សម្ដេចតេជោហ៊ុន សែន សង្ឃឹមថា ទស្សនកិច្ចរបស់សម្ដេចនាពេលខាងមុខ នឹងមានគម្រោងថ្មីៗបន្ថែមទៀត ដែលត្រូវពឹងពាក់ពីមិត្ដចិត្ដ ដើម្បីអភិវឌ្ឍន៍កម្ពុជា ដោយក្នុងនោះប្រហែលជាត្រូវរៀបចំ អំពីគម្រោងទាក់ទិន ជាមួយនឹងផ្លូវរថភ្លើងល្បឿនលឿន ព្រោះយើងមានផ្លូវដែកចាស់ស្រាប់ហើយ។

សម្តេចតេជោបានបញ្ជាក់ទៀតថា “ទំនាក់ទំនងរបស់យើងស្ថិតនៅក្នុងក្របខ័ណ្ឌដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ និងក្នុងក្របខ័ណ្ឌជោគវា​សនាតែមួយ និងសហគមន៍រួម”។

សម្ដេចតេជោ ហ៊ុន សែនបានឲ្យដឹងទៀតថា ទាក់ទងជាមួយនឹងខួប៦៥ឆ្នា នៃទំនាក់ទំនង កម្ពុជា-ចិន សម្ដេចថា រឿងនេះជារឿងនៃរបត់ប្រវត្ដិសាស្ដ្រមួយដ៏សំខាន់៕

បុរីលំនៅឋានកាន់តែច្រើនកំពុងសម្លឹងទីតាំងនៅតាមបណ្ដោយ ផ្លូវជាតិជាយរាជធានីភ្នំពេញ

  ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ នៅតាមបណដោយផ្លូវជាតិសំខាន់ៗ ដែលមានទិសដៅចេញពីរាជធានីភ្នំពេញ បាននិងកំពុងទាក់ទាញការអភិវឌ្ឍ លើលំនៅឋានជាពិសេសបណ្ដុំលំនៅឋានជាបុរី ហើយយើងមើលឃើញថាផ្លូវជាតិសំខាន់ៗត្រូវបានអភិវឌ្ឍន៍ជាលំនៅឋាន សម្រាប់ផ្គត់ផ្គង់លើទីផ្សារស្របនឹងកំណើនប្រជាពលរដ្ឋរស់នៅភ្នំពេញកាន់តែកើនឡើង។

ជាការកត់សម្គាល់យើងសង្កេតឃើញថា ផ្លូវជាតិពីលេខ១ដល់លេខ៦ សុទ្ធតែមានគម្រោងអភិវឌ្ឍន៍លំនៅឋាន នៅតាមបណ្ដោយផ្លូវជាតិទាំងនោះគ្រាន់តែផ្លូវជាតិខ្លះ មានការអភិវឌ្ឍលំនៅឋានតម្លៃខ្ពស់ ផ្លូវជាតិខ្លះតម្លៃមធ្យម និងខ្លះទៀតតម្លៃសមរម្យ ។

ផ្លូវជាតិលេខ១ និងលេខ៦ ត្រូវបានមើលឃើញថា ជាតំបន់ដែលមានការទាក់ទាញ លើលំនៅឋានដែលមានតម្លៃមធ្យមឡើងទៅ ដោយក្រុមហ៊ុនខ្លះអភិវឌ្ឍន៍លំនៅឋានតម្លៃ រាប់ម៉ឺនដុល្លារនិងមានរហូត ដល់ខ្ទង់លានដុល្លារផងដែរ។

ផ្លូវជាតិលេខ២លេខ៣ និងលេខ៤ ក៏មានការអភិវឌ្ឍលើលំនៅឋានច្រើនគួរសមដែរ ប៉ុន្តែអ្នកអភិវឌ្ឍន៍ផ្ដោតលើលំនៅឋាន ដែលមានតម្លៃសមរម្យក្រោម១០ម៉ឺនដុល្លារអាមេរិក ហើយការរីកចម្រើននៃលំនៅឋានប្រភេទក៏កាន់តែរីកដុះដាលខ្លាំងឡើង ពីមួយឆ្នាំៗទៅមួយឆ្នាំ ស្របនឹងរដ្ឋាភិបាលក៏បានលើកទឹកចិត្ត ដល់បណ្ដាវិនិយោគិននានា បន្តអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ដោយរដ្ឋាភិបាលបានបន្តលើកលែង ការយកពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិលំនៅឋាន ដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុនអភិវឌ្ឍន៍ ។

តាមរយៈការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យនេះដែរ ក៏ជាចំណែកមួយដល់ការចូលរួម ដោះស្រាយបញ្ហាលំនៅឋាន របស់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងមានក្រុមហ៊ុនខ្លះ បានផ្ដល់លក្ខខ័ណ្ឌងាយស្រួលក្នុងការបង់ប្រាក់ទៀតផង ដោយក្រុមហ៊ុនមួយចំនួន បានផ្ដល់ឱកាសឱ្យអតិថិជនទិញផ្ទះពីគម្រោងរបស់ខ្លួនដោយបង់រំលស់ ។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ប្រចាំឆ្នាំ២០២២ ក៏បានបង្ហាញផងដែរថា ក្នុងចំណោមគម្រោងសំណង់ ដែលក្រសួងបានចេញលិខិត អនុញ្ញាតឱ្យសាងសង់នោះ ឃើញថាគម្រោងអភិវឌ្ឍន៍ លំនៅឋានមានចំនួនច្រើនជាងគេ រួមទាំងទឹកប្រាក់វិនិយោគផងដែរ។ ការនេះបានបញ្ជាក់ពីតម្រូវការ លំនៅឋាននៅក្នុងប្រទេសកម្ពុជា នៅតែបន្តមានតម្រូវការខ្ពស់ ដែលធ្វើក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវការស្នើសុំសាងសង់ផ្ទះបន្ថែមដើម្បីបំពេញតម្រូវការលើទីផ្សារ ។

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យAdvanceបានឱ្យដឹងថា ទីផ្សារលំនៅឋាននៅក្នុងប្រទេសកម្ពុជា នៅតែបន្តមានខ្ពស់ជាពិសេ​សនៅរាជធានីភ្នំពេញ និងតំបន់ជាយៗរាជធានីភ្នំពេញ ហើយវាក៏កាន់តែមានតម្រូវការខ្ពស់បន្ថែមទៀត នៅពេលអនាគតខាងមុខគ្រា ដែលផ្ទៃដីរាជធានីភ្នំពេញកាន់តែរីកធំជាបន្តបន្ទាប់៕

ប្រជាពលរដ្ឋរងគ្រោះ៤០គ្រួសារបន្តស្នើសុំម្ចាស់បុរីហាយធិចចំប៉ា ដោះស្រាយការចាក់ដីលិចលង់ផលដំណាំ និងលំនៅដ្ឋាន

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ប្រជាពលរដ្ឋចំនួន៤០គ្រួសាររបស់នៅ ភូមិជ្រោយអំពិលសង្កាត់ក្បាលកោះ ខ័ណ្ឌច្បារអំពៅបានធ្វើញត្តិតវ៉ាជាបន្តបន្ទាប់ ដល់អាជ្ញាធរមូលដ្ឋាន ដើម្បីរកដំណោះស្រាយករណីក្រុមហ៊ុនបុរីហាយ ធិយ ចំប៉ាក្បាលកោះ ដែលបានចាក់ដីធ្វើបុរី ដោយមិនបានទុកផ្លូវទឹក ដែលបានបង្កការជន់លិចដល់លំនៅដ្ឋាន និងផលដំណាំរបស់ពួកគាត់។

ទោះជាយ៉ាងណាការតវ៉ាទៅកាន់់អាជ្ញាធរ និងមានលិខិតស្នើសុំពីគណៈពង្រឹងមូលដ្ឋានតាំងពីឆ្នាំ២០២១កន្លងមកក្តី ប៉ុន្តែម្ចាស់បុរីនេះ ដែលមានលោកឧកញ៉ាលាង សាំងជាប្រធានក្រុមហ៊ុន មិនបានឆ្លើយតបនឹងសំណើរនេះនោះទេ។

យោងតាមលិខិតចុះថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២១ របស់ប្រជាពលរដ្ឋគោរពជូនមេភូមិជ្រោយអំពិល និងចៅសង្កាត់ក្បាលកោះ ខ័ណ្ឌច្បារអំពៅ ដែលមានកម្មវត្ថុ សំណើរអន្តរាគមន៍ទៅម្ចាស់បុរីហាយធិច ចំប៉ាក្បាលកោះដើម្បី​ដោះស្រាយបញ្ហាទឹក។

លិខិតរបស់ប្រជាពលរដ្ឋ ដែលមានស្នាមមេដៃភ្ជាប់ផងដែរនោះបាន ឲ្យដឹងថា ដំណាំតាមក្បាលដីនិមួយៗ ដែលយើងខ្ញុំបាន និងកំពុងអាស្រ័យផលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ត្រូវបានជន់លិចលង់អស់ទៅហើ​យ។ ក្រៅពីនេះផ្ទះយើងខ្ញុំមួយចំនួន ក៏ត្រូវបានទឹកលិចដល់គ្រែដេកទៅហើយ​ដែរ។ នេះមិនមែនជាជំនន់ទឹកភ្លៀងធម្មជាតិនោះទេ តែជាទឹកជំនន់បង្កឡើងដោយសកម្មភាពមនុស្ស គឺបង្កឡើងដោយសារសកម្មភាពចាក់លុបដីរបស់បុរីហាយ ធិច ចំប៉ាក្បាលកោះ ដោយពុំបានទុកផ្លូវទឹកសម្រាប់បង្ហូរចេញ។

លិខិតប្រជាពលរដ្ឋបានលើកជាសសំណួរថា “តើឲ្យយើងរស់នៅយ៉ា​ងដូចម្តេចទៅ បើផ្ទះក៏លិច ដំណាំក៏រលួយអស់បែបនេះ យើងខ្ញុំទាំងអស់គ្នាស្នើសុំដោយទទូច សូមលោកមេភូមិជ្រោយអំពិល២ លោកចៅសង្កាត់ក្បាលកោះ មេត្តាជួយធ្វើអន្តរាគមន៍ទៅម្ចាស់បុរីហាយធិច ចំប៉ាក្បាលកោះ ដើម្បីចាត់វិធានការណ៍ដោះស្រាយបញ្ហាទឹកលិច និងការខូចខាតផលដំណាំ​យើងខ្ញុំ ដែកបង្កឡើងដោយសារម្ចាស់បុរីខាងលើដោយក្តីអនុគ្រោះ។

ជាមួយគ្នានេះ កាលពីថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលសង្កាត់ក្បាលកោះ ខ័ណ្ឌច្បារអំពៅបានចេញលិខិតលេខ០៩៥ /២២ លស ដែលផ្ញើរទៅកាន់ឧកញ៉ាលាង សាំងប្រធានក្រុមហ៊ុនហាយធិច ចំប៉ាក្បាលកោះ ដែលមានកម្មវត្ថុបានលើកឡើងថា សំណើរសុំជួយដាក់លីរំដោះទឹកចំនន១ខ្សែទៀត ទំហំមុខកាត់១ម៉ែត្រ មានទីតាំងស្ថិតនៅភូមិជ្រោយអំពិល២ សង្កា​​ត់ក្បាលកោះ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លិខិតដដែលបានសរសេរថា យោងតាមប្រសាសន៍របស់លោកស៊ុយ សេរិទ្ឋ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការ​ងារ សម្រាប់ការចុះសិក្សាគំរោងប្លង់មេប្រព័ន្ឋបង្ហូរទឹក និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងភូមិសាស្រ្តខ័ណ្ឌច្បារអំពៅនាថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២២។

លិខិតដដែលបានញ្ជាក់ថា យោងតាមកម្មវត្ថុ និងយោងខាងលើខ្ញុំមាន​កិត្តិយសសូមគោរពជូនលោកឧកញ៉ា មេត្តាជួយដាក់លូរំដោះទឹក១ខ្សែទៀត (មានទំហំដូចខាងលើ) និងប្រវែងបណ្តោយចាប់ពីរបងបុរីហាយធិច ចំប៉ា ក្បាលកោះ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំពោះជម្រៅលូ តាមការ​សិក្សាបច្ចេកទេសជាក់ស្តែង ដែលអាចរំដោះទឹកចេញបាន។

ទោះជាមានសំណើរជាច្រើនលើកច្រើនសារក្តី ប៉ុន្តែលោកឧកញ៉ាលាង សាំងមិនបានឆ្លើយតបនឹងសំណើរនេះនោះទេ។

តំណាងប្រជាពលរដ្ឋរងគ្រោះ បានលើកឡើងដោយសុំមិនបញ្ចេញឈ្មោះថា ពួកគាត់ពិតជាអស់សង្ឃឹម ព្រោះទោះជាមានលិខិតសំណើរជាបន្តបន្ទាប់ក្តីប៉ុន្តែនៅតែគ្មានប្រសិទ្ឋភាព និងគ្មានការអើរពើពីម្ចាស់បុរីនេះឡើយ ដោយមិនដឹងគាត់អភិវឌ្ឍន៍គិតតែផលចំណេញរបស់ខ្លួន ដោយមិនខ្វល់ពីសហគមន៍ប្រជាពលរដ្ឋមូលដ្ឋានននោះឡើយ។

តំណាងប្រជាពលរដ្ឋដដែលបានបញ្ជាក់ថា “សង្ឃឹមថាអ្នកទិញផ្ទះនៅបុរីនេះ នឹងពិចារណាទៅលើក្រមសីលធ៌មរបស់អ្នកអភិវឌ្ឍ ដែលគិតតែពីផលចចំណេញ និងមិនខ្វល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋឡើយ”។

គេហទំព័រPropertyarea.asia មិនអាចទាក់ទងសុំការអត្ថាធិប្បាយ និងបំភ្លឺពីលោកឧកញ៉ាលាង សាំងបានឡើយ៕

   

បុរី​ ឡាក់​ឃី ​វ័ន គម្រោង​ 217ជាមួយការសម្ពោធផ្ទះគំរូពិត និងការទទួលបានមាស​10តម្លឹង

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ បុរី ឡាក់ឃី វ័ន គម្រោង 217 បាន​បើក​សម្ពោធ​ផ្ទះ​គំរូ​ពិត ជាមួយការផ្តល់លាភសំណាងមាស10តម្លឹង និងរង្វាន់ដទៃទៀតយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អតិថិជនដែលបានទិញផ្ទះ។

នេះជាការផ្តល់ជូនលាភសំណាងឆ្នាំថ្មីពី បុរី​ ឡាក់​ឃី ​វ័ន គម្រោង​ 217 ដល់អតិថិជនទូទៅ លើសពីការរស់នៅធម្មតា​។ នេះជាការផ្តល់ សេរី ហេង ហេង សម្រាប់ឆ្នាំថ្មីជូនដល់អតិថិជនគ្រប់រូប។

បុរីឡាក់ឃី វ័ន​ គម្រោង217 មានទីតាំងស្ថិតនៅជាប់ផ្លូវធំ 217 ដោយភ្ជាប់ទៅវីថីសម្តេចតេជោ​ ហ៊ុន សែន និងផ្លូវក្រវ៉ាត់ក្រុងទី3 ជាទីតាំងស្ថិតនៅក្បែរផ្សារព្រែកជ្រៃ ដែលផ្តល់ភាពងាយស្រួលក្នុងការទិញបន្លែ ត្រីសាច់ស្រ​ស់សម្រាប់ធ្វើម្ហូបអាហារប្រចាំថ្ងៃ​។ រៀងរាល់ចុងសប្តាហ៍ លោកអ្នកអាចដើរទិញទំនិញឥវ៉ាន់ និងរបស់ប្រើប្រាស់ នៅផ្សារទំនើបអ៊ីអន3 មានជ័យ ដោយចំណាយតែ7នាទីក្នុងការធ្វើដំណើរ។

បុរី ឡាក់ឃី វ័ន​ គម្រោង217 ផ្តល់លើសពីការរស់នៅ ដោយជុំវិញបុរីមានផ្ទះអាជីវកម្មជាច្រើន ដែលជាឱកាសសម្រាប់ការប្រកបមុខរបរ និងជំនួញខ្នាតតូច មធ្យម ធំ គ្រប់ប្រភេទ។

ទាំងផ្ទះគំរូពិត និងសំណង់ផ្ទះពិត ដែលកំពុងសាងសង់ មានគុណភាពខ្ពស់ ម៉ូតស្រស់ស្អាតប្លែក មានតម្លៃសមរម្យ។ ផ្ទះ​និមួយៗត្រូវបានសាងសង់ឡើង ដោយប្រើតែសម្ភារៈដែលមានគុណភាពល្អបំផុត ក្នុង​គោល​ដៅ​មួយ​គឺ​ ចង់បាន​អោយ​ឱ្យមាន​ការ​ប្រើប្រាស់បានយូរអង្វែង​ និង​ត​កូន​ត​ចៅ។

ផ្ទះអា​ជីវកម្ម​ក្នុងតម្លៃដ៏ល្អនេះ គឺជាការ​ផ្តល់ជូនយ៉ាងពិសេស សម្រាប់ក្រុមគ្រួសារតូចធំ ដែលចង់បានការរស់នៅក្នុង​សហគមន៍បុរី ឡាក់ឃី វ័ន​ គម្រោង217 ឲ្យ​​ប្រកប​ដោយ​​លាភ​សំណាង។

លោក លី លឹមស្រ៊ុន នាយកគ្រប់គ្រងគម្រោង បុរី ឡាក់ឃី វ័ន បានមានប្រសាសន៍ឲ្យដឹង ក្នុងពិធីបើកការដ្ឋានសាងសង់បុរីនេះ កាលពីថ្ងៃទី១៤ មករាថា ​​ការ​ផ្លាស់​ប្តូររូបរាងថ្មី គឺ​មានការ​ចាប់​អារម្មណ៍យ៉ាង​ខ្លាំង​​ពី​មហា​ជន​ជា​ច្រើន​ ហើយ​ស្របពេល​​គ្នា​នេះ​ដែរ​ ក្រុមការងារសាងសង់របស់ បុរី​ ឡាក់ឃី វ័ន​គម្រោង​217 ក៏បានអនុវត្តបញ្ចប់ការសាងសង់ផ្ទះគំរូ អាជីវកម្ម ដូចដែលយើងបានបញ្ជាក់ជាសក្ខីភាពតាមរយៈ កម្មវិធីបើក​សម្ពោធ​ផ្ទះ​គំរូ​ពិត និងទិញ​ផ្ទះ​បាន​មាស​10តម្លឹង ដែលផ្តល់ជូន​​លាភ​សំណាង​ជា​ច្រើន​សន្ធឹក​សន្ធាប់នាថ្ងៃនេះ។

នៅក្នុងថ្ងៃកម្មវិធីនេះ បុរីឡាក់ឃី វ័ន​ គម្រោង217 ទទួលបានភ្ញៀវទិញ និងកក់ផ្ទះយ៉ាងច្រើន ដែលនេះជាមោទនភាពមួយ ដែលធ្វើឲ្យបុរី ឡាក់ឃី វ័ន មានភាពជឿជាក់ក្នុងការបន្តគុណភាពរបស់ខ្លួន និងពង្រឹងបន្ថែមឲ្យកាន់ល្អឡើងមួយកំរិតទៀត។

គម្រោង 217 គឺជាគម្រោងមួយ ក្នុងចំណោមគម្រោងជាច្រើនរបស់ បុរីឡាក់ឃី វ័ន ដែលតែងតែទទួលបានការគាំទ្រ និងជឿជាក់រៀងមកលើស្នាដៃ ក៏ដូចជាគុណភាពសំណង់ដែលជឿទុកចិត្ត។ នេះក៏ជាការចូលរួមចំណែកក្នុងការបង្កើតឲ្យមានលំនៅដ្ឋាន រីកដុះដាលប្រកបដោយគុណភាព នៅលើទឹកដីនៃភាគខាងត្បូងនៃរាជធានីភ្នំពេញ។

ក្លាយ​ជា​ម្ចាស់​ផ្ទះ​ដំបូងគេ​ឥឡូវ​នេះ៖ 098 225 323 / 089 323 523៕

 

សម្តេចតេជោប្រកាសលើកលែងពន្ឋដល់សារព៌តមានអនឡាញ រយៈពេល៥ឆ្នាំ

ដោយៈ ច្រាយ ចំណាន

       ភ្នំពេញៈ ដោយយល់ពីការលំបាករបស់ស្ថាប័ន ព៌តមានអនឡាញតូច​ៗ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្តល់អនុ​គ្រោះពន្ឋ ដល់សារព៌តមានអនឡាញរយៈពេល៥ឆ្នាំ ដោយរដ្ឋាភិបាលជាអ្នកទទួលបន្ទុក។

សម្តេចតេជោបានថ្លែងបែបនេះ ក្នុងពេលជួបជាមួយអ្នកសារព៌តមានប្រចាំឆ្នាំ២០២៣ ដែលមានអ្នកសារព៌តមានចូលរួម ប្រមាណ៥០០០នាក់នៅទីក្រុងកោះពេជ្រនាល្ងាចថ្ងៃទី១៤ មករានេះថា ការលើកលែងពន្ឋនេះ ធ្វើឡើង សម្រាប់សារព៌តមានអនឡាញតូចៗប៉ុណ្ណោះ ប៉ុន្តែសម្រាប់ស្ថាប័នធំៗដូចជាវិទ្យុ ទូរទស្សន៍នៅតែត្រូវបន្តបង់ពន្ឋជូនរដ្ឋ។

សម្តេចតេជោហ៊ុន សែនបានបន្តថា សម្តេចបានជជែកជាមួយឧប​នា​យករដ្ឋមន្រ្តីពូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជជែ​កពីការលើកលែងឬអនុគ្រោះពន្ឋនេះ។ សម្តេចបញ្ជាក់ថា ជាមួយគ្នានេះ សម្តេច ក៏កាត់បន្ថយតម្លៃអាជ្ញាប័ណ្ណចំនួន៥០ភាគរយ ដល់ស្ថាប័នព៌តមាននានាផងដែរ ហើយចំណុចនេះជាបន្ទុករបស់រដ្ឋ។

ជាមួយគ្នានេះ សម្តេ​ចតេជោបានស្នើឲ្យស្ថាប័នព៌តមាននានា បន្តចុះ​បញ្ជីរជាធម្មតា នៅតាមក្រសួងស្ថាប័នពាក់ព័ន្ឋផងដែរ៕

អគ្គនាយកគេហទំព័រPropertyareaផ្ញើរលិខិតជូនពរសម្តេចតេជោក្នុង ឱកាសខួប៣៨ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្រ្តី

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ អគ្គនាយកគេហទំព័រwww.propertyarea.asia និងគេហ ទំព័រCambodiafinancilatimes.com លោកយិន លាងគង់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប៣៨ឆ្នាំ នៃការចូលកាន់តំណែងជា នាយករដ្ឋមន្ត្រី។

ក្នុងសារលិខិតជូនពរ លោកយិន លាងគង់បានសរសេរថា ក្នុងនាមថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃគេហទំព័រទាំងពីរ ខ្លួនខ្ញុំផ្ទាល់ សូមចូលរួមអបអរសាទរ និងគាំទ្រយ៉ាងស្មោះអស់ពីដួងចិត្តចំពោះ សម្តេចតេ​ជោនាយករដ្ឋមន្ត្រី ក្នុងថ្ងៃដ៏មហានក្ខត្តឫក្សពោរពេញ ដោយក្តីសោមនស្សរីករាយនៃខួបទី៣៨ឆ្នាំ នៃការចូលកាន់តំណែងផ្លូវការជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រម្ពុជា ដែលត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ។

សូមសម្ដេច មានជន្មាយុយឺនយូរ សុខុមាលភាពល្អបរិបូរណ៌ ដើម្បីបន្តដឹកនាំកសាង និងអភិវឌ្ឍមាតុភូមិកម្ពុជា ឲ្យកាន់តែរីកចម្រើន ថ្កុំថ្កើន រុងរឿងថែមទៀត ក្រោមម្លប់នៃសុខសន្តិភាព។

យើងខ្ញុំទាំងអស់គា្ន សូមគោរពកោតសរសើរ ចំពោះភាពអង់អាចក្លា​ហាននិងឈ្លាសវៃ របស់សម្តេចក្នុងរយៈពេល៣៨ឆ្នាំនេះ ក្រោមការដឹក​នាំប្រកបដោយគតិបណ្ឌិតដ៏ឧត្តុង្គឧត្តមរបស់ សម្តេច បានបន្សល់ទុកនូវស្នា​ដៃយ៉ាងធំធេងបំផុតមិនអាចកាត់ថ្លៃបាន ក្នុងការរំដោះជាតិមាតុភូមិឱ្យចាកចេញផុតពីរបបប្រល័យពូជសាសន៍ និងឈានដល់ការបង្រួបបង្រួមផ្សះផ្សាក្រោមគោលនយោបាយឈ្នះឈ្នះ ហើយបានធ្វើឲ្យប្រទេសជាតិទទួលបាននូវឯកភាពជាតិ ស្ថិរភាពនយោបាយ សុខសន្តិភាពយ៉ាងពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីឲ្យប្រជាជនកម្ពុជា រស់នៅប្រកបដោយភាពសុខដុមរមនា សម្បូរសប្បាយ រុងរឿង និងបានធ្វើអោយមាតុភូមិកម្ពុជាមានកិត្តិនាមល្បីរន្ទឺទូទាំងសកលលោក។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយលើលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនសម្ដេចតេជោនា​យករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់ សូមជួបប្រទះនូវសុខសុភមង្គល វិបុលសុខគ្រប់ប្រការ និងសម ប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សម្តេចតេជោអំពាវនាវឲ្យស្ថាប័នសារព៌តមានទាំងអស់ចូលរួមយុទ្ឋនាការរាប់ថយក្រោយ១០០ថ្ងៃនៃព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានអំពាវនាវឲ្យស្ថាប័នព៌តមានពាក់ព័ន្ឋទាំងអស់ ចូលរួមផ្សព្វផ្សាយយុទ្ឋនាការរាប់ថយក្រោយ១០០ថ្ងៃ នៃការបើកព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខ។

សម្តេចបានថ្លែងបែបនេះ ក្នុងជំនួបជាមួយអ្នកសារព៌តមានប្រមាណ​៥០០០នាក់ នៅទីក្រុងកោះពេជ្រនារសៀលថ្ងៃទី១៤ មករានេះថា នៅថ្ងៃទី២៥ កុម្ភៈខាងមុខ ជាព្រឹត្តិការណ៍រាប់ថយក្រោយ១០០ថ្ងៃ នៃការប្រារពព្រឹត្តិ​ការណ៍ស៊ីហ្គេមនៅកម្ពុជា ហេតុនេសូមស្ថាប័នសារព៌តមានទាំងអស់ ចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះ។

សម្តេចក៏បានស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ឋ ចូលរួមសហការជាមួយអ្នកសារព៌តមាន ដើម្បីស៊ើបអង្គេតលើបញ្ហាអ្វីមួយ ហើយសម្តេចនឹងផ្តល់មេធាវី រាជរដ្ឋាភិបាលជូនអ្នកសារព៌តមានណា ដែលរងបណ្តឹងទាក់ទងនឹងការផ្សព្វ​ផ្សាយព៌តមានពិត។

សម្តេចបញ្ជាក់ថា “ខ្ញុំការពារតែអ្នកសារព៌តមាន ដែលផ្សាយព៌តមានពិត និងមានភស្តុតាងត្រឹមត្រូវ ប៉ុន្តែមិនការពារអ្នកសារព៌តមានណា ដែលផ្សព្វផ្សាយបំភ្លើសការពិតឡើយ”៕

សម្តេចតេជោស្នើឲ្យស្ថាប័នពាក់ព័ន្ឋពង្រឹងសមត្ថភាពអ្នកសារព៌តមាន

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ថ្លែងចេញពីទីក្រុងកោះពេជ្រ សម្តេចតេជោបានស្នើឲ្យអ្នកសារព៌តមាន ពង្រឹងសមត្ថភាពរបស់ខ្លួន ដោយសារបច្ចុប្បន្ននេះយើងមានតែបរិមាណ។

សម្តេចបានថ្លែងចេញពីជំនួបអ្នកសារព៌តមាន ប្រចាំឆ្នាំ នាល្ងាចថ្ងៃទី១៤ មករានេះថា នៅកម្ពុជាមានប្រជាជនប្រមាណ១៧លាននាក់ តែចំនួនអ្នកសារព៌តមាន មានចំនួនច្រើនណាស់ ប៉ុន្តែតាមការរាយការណ៍របស់រដ្ឋមន្រ្តីក្រសួងព៌តមានបានបញ្ជាក់ថា ចំនួនអ្នកសារព៌តមានគឺមានចំនួនច្រើនណាស់។

សម្តេចតេជោបានស្នើឲ្យស្ថាប័នព៌តមាននិមួយៗ ពង្រឹងការបណ្តុះបណ្តាលធនធានមនុស្សរបស់ខ្លួន ហើយសមាគម និងក្លឹបអ្នកសារព៌តមានត្រូវរួមគ្នា ពង្រឹងការបណ្តុះបណ្តាលអ្នកសារព៌តមាន ពិសេសក្រសួងព៌តមា​ន​ត្រុវរៀបចំសហការ និងរៀបចំកម្មវិធីបណ្តុះបណ្តាល អ្នកសារព៌តមាន ​ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន។

ជាមួយគ្នានេះ សម្តេចតេជោហ៊ុន សែនបានស្នើឲ្យអ្នកសារព៌តមាន និងស្ថាប៍័នព៌តមាន ត្រូវរៀបចំការដាក់ពាក្យស្នើសុំអាហាររូបករណ៍ និងស្វែង​រកអាហាររូបករណ៍ ដើម្បីទៅទទួលការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ និងដល់ថ្នាក់អនុបណ្ឌិតផងដែរ៕