តម្លៃហាងឆេងមាសធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីហក់ឡើងលើស៤.០០០ដុល្លារក្នុងមួយអោន

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមអ្នកវិនិយោគសម្រុកលក់មាសចេញដើម្បីទទួលបានប្រាក់ចំណេញមកពីការវិនិយោគលើមាសនាពេលកន្លងមក បន្ទាប់ពីតម្លៃមាសបានហក់ឡើងលើស៤.០០០ដុល្លារក្នុងមួយអោនកាលពីថ្ងៃពុធម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៤៧ភាគរយមកនៅត្រឹម៤០១៨,៥៩ដុល្លារអាមេរិកក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៤០៣៧,៩ដុល្លារអាមេរិកក្នុងមួយអោនកាលពីថ្ងៃពុធម្សិលមិញ។

ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៨១ភាគរយមកនៅត្រឹម៤០៣៧,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៥៣នាទីព្រឹកដូចគ្នា បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៤០៧០,៥ដុល្លារក្នុងមួយអោនកាលពីថ្ងៃពុធម្សិលមិញ៕

គម្រោងវិនិយោគតាបបរធនបាលកិច្ចមានតម្លៃរហូតដល់ប្រមាណ៣៨៥លានដុល្លារ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ វិស័យបរធនបាលកិច្ចរបស់កម្ពុជា សរុបចំនួន៤៥៨ ត្រូវបានចុះបញ្ជីជាមួយនិយ័តករ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ។ បើយោងតាមតួលេខរបស់និយ័តករបរធនបាលកិច្ច (TR) ដែលចេញផ្សាយកាលពីម្សិលមិញ។

បរធនបាលកិច្ចថ្មីទាំងនេះ តំណាងឱ្យមូលធនដ៏សំខាន់ ដែលនាំឱ្យតម្លៃសរុបនៃទ្រព្យសកម្ម ក្រោមការគ្រប់គ្រងនៃបរធនបាលកិច្ចដែលបានចុះបញ្ជីថ្មីមានចំនួនប្រហែល៣៨៥លានដុល្លារ។

តួលេខចាប់ពីខែមករាដល់ខែកញ្ញាឆ្នាំ២០២៥ បង្ហាញពីការអភិវ​ឌ្ឍន៍ជាវិជ្ជមានបន្ត សម្រាប់វិស័យហិរញ្ញវត្ថុថ្មីនេះ ដែលកំពុងទទួលបានភាពទាក់ទាញ ចាប់តាំងពីការប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពី បរធនបាលកិច្ចនៅឆ្នាំ២០១៩ និងការបង្កើតនិយ័តករបរធនបាលកិច្ចនៅឆ្នាំ២០២១។

កំណើនដ៏រឹងមាំគឺជាលទ្ធផល នៃការបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍ដែល និយ័តករបរធនបាលកិច្ចផ្តល់ជូន រួមទាំងការគ្រប់គ្រងទ្រព្យសម្បត្តិប្រកបដោយសុវត្ថិភាព ក្របខ័ណ្ឌច្បាប់ច្បាស់លាស់សម្រាប់ការវិនិយោគ និងផែនការផ្ទេទ្រព្យសម្បត្តិ ជាពិសេសសម្រាប់អចលនទ្រព្យ និងឧបករណ៍ហិរញ្ញវត្ថុ។

លោក សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ចនាពេលថ្មីៗនេះបានមានប្រសាសន៍ថា ការកើនឡើងគួរឱ្យកត់សម្គាល់នៃបរធនបាលកិច្ច ដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា បង្ហាញពីការកើនឡើងនូវប្រជាប្រិយភាព នៃផ្នែកបរធនបាលកិច្ច ក្នុងចំណោមអ្នកវិនិយោគបរទេស។

លោកបានបន្តថា “កំណើននៃវិស័យបរធនបាលកិច្ច ត្រូវបានជំរុញដោយទំនុកចិត្ត និងការយោគយល់ក្នុងចំណោមវិនិយោគិន ជាពិសេសអ្នកវិនិយោគបរទេស រួមជាមួយនឹងការគាំទ្រពីវិស័យធនាគារសម្រាប់អចលនទ្រព្យ និងការវិនិយោគផ្សេងៗទៀត”។

ខណៈដែលនិយ័តករបរធនបាលកិច្ច មិនបានរៀបរាប់លម្អិតអំពីការវិភាគ និន្នាការកន្លងមកបង្ហាញថា បរធនបាលកិច្ចពាណិជ្ជកម្ម ជាពិសេសទាក់ទងនឹងអចលនទ្រព្យបានគ្របដណ្តប់ទីផ្សារ។

ការបន្តពង្រីកនេះត្រូវបានគេរំពឹងថា នឹងធ្វើពិពិធកម្មបន្ថែមទៀតនូវទិដ្ឋភាពសេវាកម្មហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា លើកកម្ពស់ស្ថិរភាព និងតម្លាភាពក្នុងការគ្រប់គ្រង និងការគ្រប់គ្រងទ្រព្យសម្បត្តិ។

ទន្ទឹមនឹងនេះ សម្រាប់រយៈពេល៩ខែដំបូងនៃឆ្នាំ២០២៥ និយ័តករបរធនបាលកិច្ច បានផ្តល់អាជ្ញាប័ណ្ណដល់ធនាគារពាណិជ្ជចំនួន៤ដើម្បីដំណើរការអាជីវកម្មមូលបត្រ ផ្តល់សេវារក្សាសុវត្ថិភាព ឬសេវាថែទាំ ផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនចំនួន៣ ដើម្បីប្រតិបត្តិការក្រុមហ៊ុនគ្រប់គ្រងមូលបត្រ និងផ្តល់អាជ្ញាប័ណ្ណដល់អ្នកគ្រប់គ្រងមូលបត្របុគ្គលចំនួន៦ នៃក្រុមហ៊ុនគ្រប់គ្រងមូលបត្រ៕

 

ដំណឹងល្អៈ ចិនត្រៀមបញ្ចប់ការសាងសង់នាវាចម្បាំងចំនួន២គ្រឿងក្នុងចំណោម២គ្រឿងសម្រាប់ផ្តល់ជូនកម្ពុជាហើយ

ដោយៈ គង់់ សូរិយា

    ប្រទេសចិនៈ  ជាដំណឹងដ៏រីករាយមួយ ខណៈប្រទេសចិនបានដំឡើងនាវាចម្បាំងឈ្មោះFrigateថ្មីចំនួនពីរគ្រឿង ស្ថិតក្នុង “គម្រោ​ងជំនួយយោធាភាគីចិនជូនកម្ពុជា” ជិតរួចរាល់ទាំងស្រុង១០០% ដើ​ម្បីប្រើប្រាស់ជាប្រយោជន៍ ក្នុងប្រទេសជាតិកម្ពុជា ក្នុងតំបន់និងសកម្ម​ភាពមនុស្សធម៌នៅលើលម្អសមុទ្រ។

នាយឧត្តមសេនីយ៍ ទៀ បាញ់ អតីតរដ្ឋមន្ត្រីការពារជាតិកម្ពុជា កាលពីថ្ងៃសុក្រ បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការថា “កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ បានឆ្លៀតទៅពិនិត្យនាវា Frigate ទីមួយ “ជាគម្រោងជំនួយយោធាភាគីចិនជូនកម្ពុជា” ដែលដំឡើងរួចរា​ល់ ព្រមទាំងបានបើកសាកល្បងបច្ចេកទេសបានយ៉ាងល្អប្រសើរ”។

នាយឧត្តមសេនីយ៍បញ្ជាក់ថា ក្នុងដំណើរពិនិត្យនាវា Frigate ក៏បានសង្កេតឃើញថានាវាទី២ បានដំឡើងសម្រេចលទ្ធផល៥០% ផងដែរ។

ទោះអតីតរដ្ឋមន្ត្រីការពារជាតិ បានសរសេរខ្លីបែបនេះ ប៉ុន្តែមិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់ការថា យោធាចិននឹងបញ្ជូននាវាប្រភេទចម្បាំងទាំងពីរនេះ មកកម្ពុជានៅពេលណានោះទេ។

ជុំវិញបញ្ហានេះ កាសែតក្នុងស្រុកជាភាសាខ្មែរនិងអង់គ្លេសថា ពុំអាចសុំការបញ្ជាក់បន្ថែមពីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានទេកាលពីម្សិលមិញ ដោយសារលោកស្រីឱ្យរង់ចាំតាមដាន នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង។

ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតាបានលើកឡើងកន្លងមកថា នាវាចិនផ្តល់មកឱ្យកម្ពុជា គឺធ្វើឡើងតាមសំណើររបស់ភាគីកម្ពុជា ដើម្បីពង្រឹងសមត្ថភាព និងលទ្ធភាពក្នុងការការពារជាតិ និងរក្សាសន្តិភាព ស្ថេរភាព និងសន្តិសុខ ក៏ដូចជាការគាំទ្រទៅដល់ប្រតិបត្តិការស្វែងរក និងការសង្គ្រោះ ព្រមទាំងសកម្មភាពមនុស្សធម៌ដទៃទៀត នៅលើលម្ហសមុទ្រ។

ឧត្តមសេនីយ៍ឯកបញ្ជាក់ថា កម្ពុជា ជារដ្ឋអធិបតេយ្យដែលមានសិទ្ធិពេញលេញក្នុងការកសាង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់ ដើម្បីបម្រើប្រយោជន៍ឱ្យប្រទេសជាតិ និងប្រជាជន ហើយកិច្ចសហប្រតិបត្តិការទាំងអស់នោះ សុទ្ធតែស្របតាមគោលបំណង និងគោលការណ៍នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ពិសេសការគោរព និងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាព។

លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ក្នុងជំនួបជាមួយសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីចុងឆ្នាំ២០២៤ បានបញ្ជាក់ថា ចិន និងកម្ពុជា តែងរួមគ្នាការពារផលប្រយោជន៍ក្នុងស្ថានភាពអន្តរជាតិ ដែលមានការប្រែប្រួលយ៉ាងលឿន និងស្មុគស្មាញ។ ចិននៅតែបន្តគាំទ្រកម្ពុជា ក្នុងការកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ហើយបន្តចូលរួមរក្សាសន្តិភាពពិភពលោក។

លោកបានបន្ថែមថា“កម្ពុជា-ចិន មានទំនុកចិត្តទៅវិញទៅមកក្នុងការដោះស្រាយភាពស្មុគស្មាញ នៃស្ថានការណ៍អន្តរជាតិ។ ចិនគាំទ្រតួនាទីកាន់តែសកម្មរបស់កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ”៕

រដ្ឋមន្រ្តីបរិស្ថានៈ សហគមន៍ទេសចរណ៍ធម្មជាតិត្រូវផ្តល់អាទិភាពដល់សហគមន៍មូលដ្ឋាន

ដោយៈ ម៉ាណា

    កំពង់ស្ពឺៈ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែតបានបញ្ជាក់ថា ការអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិ ត្រូវផ្តល់អាទិភាពដល់សហគមន៍មូលដ្ឋាន មុននឹងអញ្ជើញអ្នកខាងក្រៅមកបណ្តាក់ទុន ដើម្បីជំរុញសេដ្ឋកិច្ចក្នុងស្រុក និងធានាថាផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកបានថ្លែងកាលពីដើមសប្តាហ៍នេះ ក្នុងឱកាសទទួលជួបសម្តែងការគួរសមពីសំណាក់លោក មួង សូនី ប្រធានសមាគម១០០រាត្រី និងក្រុមការងារ ដែលបានរាយការណ៍ពីកិច្ចខិតខំការពារបរិស្ថាន និងលើកកម្ពស់កោះស្រឡៅ (កោះស្រឡៅ) ជាតំបន់អព្យាក្រឹតកាបូន និងគ្មានប្លាស្ទិក នៅទីស្តីការក្រសួង។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្តល់ការណែនាំដ៏ខ្ពង់ខ្ពស់ថា ការអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិ ត្រូវតែផ្តល់អាទិភាពចំពោះផលប្រយោជន៍សម្រា​ប់សហគមន៍មូលដ្ឋានជាមុនសិន មុននឹងអញ្ជើញការវិនិយោគពីខាងក្រៅ។ វិធីសាស្រ្តនេះធានាថាការអភិវឌ្ឍន៍គាំទ្រ ដោយផ្ទាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន។

លោក សុផល្លែត បន្ថែមថា ដូច្នេះហើយ សមាជិកសហគមន៍ត្រូវតែចាប់យកឱកាសរបស់ខ្លួន ដោយប្រើប្រាស់សក្តានុពល ដែលមានស្រាប់ ដើម្បីពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន និងកាត់បន្ថយសម្ពាធបរិស្ថាន។

លោកបានគូសបញ្ជាក់ថា ដើម្បីធ្វើឱ្យកោះស្រឡៅក្លាយជាកោះអព្យាក្រឹតកាបូន បៃតង និងស្រស់ស្អាត ក្រសួងបរិស្ថានបានរៀបចំផែនការសកម្មភាពលម្អិត។ ជំហានដំបូង អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការរវាងសហគមន៍ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីសម្អាតកោះស្រឡៅ និងញែកកាកសំណល់ទៅក្នុងធុងជីកំប៉ុស ចំណែកសំណល់ប្លាស្ទិកនឹងត្រូវដុតបំផ្លាញដោយប្រើថាមពលពន្លឺព្រះអាទិត្យ។

ជំហានបន្ទាប់ផ្តោតលើការរៀបចំតំបន់នេះ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធថាមពលស្អាត ដើម្បីបំពេញតម្រូវការសហគមន៍។ ជាចុងក្រោយ ក្រសួងទេសចរណ៍ នឹងលើកកម្ពស់ទេសចរណ៍ធម្មជាតិ(Eco-Tourism) ការបង្កាត់ពូជក្តាមធម្មជាតិ និងការការពារ និងស្តារព្រៃកោងកាង និងដើមក្រវាញ ដើម្បីលើកកម្ពស់ជីវភាពរស់នៅក្នុងមូលដ្ឋាន។

លោកបានបញ្ជាក់ទៀតថា “គំនិតផ្តួចផ្តើមទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់សម្តេចធិបតីហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់ និងទ្រទ្រង់ជីវភាពសហគមន៍”។

ក្នុងសារអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ កាលពីខែមុន សម្តេចធិបតីហ៊ុន ម៉ាណែត បានថ្លែងថា វិស័យទេសចរណ៍របស់កម្ពុជា ដែលត្រូវបានបង្កើតឡើង នៅលើមូលដ្ឋាននៃសន្តិភាព និងស្ថិរភាព គឺជាក្បាលម៉ាស៊ីនដ៏សំខាន់ ក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់ប្រទេសកម្ពុជា ដើម្បីក្លាយជាសេដ្ឋកិច្ចដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ដើម្បីធានាបាននូវអត្ថប្រយោជន៍ រយៈពេលវែងរបស់វិស័យនេះ លោកបានអំពាវនាវឱ្យមានការ លើកកម្ពស់ការវិនិយោគបៃតងក្នុងវិស័យទេសចរណ៍ តាមរយៈភាពជាដៃគូរដ្ឋ-ឯកជន-ប្រជាជន (4Ps: Public-Private-People Partnerships) ស្របតាមគោលការណ៍ “ការអភិរក្សបម្រើដល់ការអភិវឌ្ឍន៍ ការអភិវឌ្ឍន៍បម្រើដល់ការអភិរក្ស”៕

ធនាគារអេស៊ីលីដាចាប់ផ្តើមចុះបញ្ជីរលក់សញ្ញាប័ណ្ណសាជីវកម្មនៅក្នុងទីផ្សារមូលបត្រនៅកម្ពុជា

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមហ៊ុនថ្មីមួយបានឈានជើង ផ្សារមូលបត្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៥ និងបានរៀបចំ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្ម ជាផ្លូវការលើកទី២ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។

ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា ភីអិលស៊ី តំណាងក្រសួងស្ថាប័ន និងវិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមប្រឹក្សាភិបាល បានជម្រាបជូនអង្គពិធីថា ការចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្ម ជាលើកទី ២ របស់ធនាគារអេស៊ីលីដា នាពេលនេះ បានបង្ហាញអំពីការប្តេជ្ញាចិត្តមុតមាំ របស់ថ្នាក់ដឹកនាំធនាគារ ក្នុងការចូលរួមចំណែកអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា។

លោកបន្តថា “ការណ៍នេះ គឺជាសក្ខីភាពថ្មីមួយទៀត សបញ្ជាក់អំពី ភាពចាស់ទុំ និង ភាពរឹងមាំ នៃផ្សារមូលបត្រកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់ប្រភពហិរញ្ញប្បទាន ដែលមិនចេះរីងស្ងួត ជូនវិស័យឯកជន និង រាជរដ្ឋាភិបាល”។

ជាក់ស្តែង វិស័យមូលបត្រកម្ពុជា បានទាក់ទាញ និង លើកទឹកចិត្ត ដល់បណ្តាក្រុមហ៊ុនសក្តានុពលកាន់តែច្រើនឡើង ឱ្យមកចុះបញ្ជីលក់ភាគហ៊ុន និង/ឬ សញ្ញាបណ្ណ ក្នុងផ្សារមូលបត្រកម្ពុជា ដែលញ៉ាំងឱ្យវិស័យនេះ មានការរីកលូតលាស់ជាបន្តបន្ទាប់ សំដៅចូលរួមចំណែ​កអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការគាំទ្រលើកស្ទួយសហគ្រា​សក្នុងស្រុក ធុរកិច្ចថ្មី និងសហគ្រិនភាព ព្រមទាំងពង្រឹងសមត្ថភាពប្រកួតប្រជែង ជាពិសេស ក្នុងបរិការណ៍ដែលមានការរំលោភបំពានបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ពីសំណាក់ប្រទេសថៃ នៅតាមតំបន់ព្រំដែន។

ជាមួយគ្នានេះ លោក ស៊ូ សុជាតិ បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា គឺជាធនាគារពាណិជ្ជ ដែលមានបណ្តាញប្រតិបត្តិការយ៉ាងធំទូលាយ ហើយធនាគារនេះក៏ជាធនាគារ ដែលធ្លាប់បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ នៅលើទីផ្សារគោលនៃផ្សារមូលបត្រកម្ពុជា (ផមក) កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ ដោយប្រមូលបានសាច់ប្រាក់ដោយជោគជ័យពីទីផ្សារនេះ ក្នុងទំហំប្រមាណជា១៧,៦លានដុល្លារអាមេរិក ហើយក៏ធ្លាប់ចុះបញ្ជីលក់សញ្ញាបណ្ណបន្ទាប់បន្សំ លើកទី១ ចំនួន២ដំណាក់កាល (នៅថ្ងៃទី ១៥ ខែ មករា និង ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៥) ដោយប្រមូលបានសាច់ប្រាក់ដោយជោគជ័យពីទីផ្សារ ក្នុងទំហំប្រមាណ១០០លានដុល្លារអាមេរិក ។

លើសពីនេះ លោក ហុង សុហួរ បានធ្វើបច្ចុប្បន្នភាពទីផ្សារមូលបត្រជូនអង្គពិធី ដោយគិតត្រឹមថ្ងៃនេះ ផ្សារមូលបត្រកម្ពុជា បានទទួលក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រសរុបចំនួន ២៥ ដែលរួមមាន៖ ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ ចំនួន១១ និងក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុល ចំនួន១៤ ហើយក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ ទាំង ២៥ បានប្រមូលមូលធនសរុបពីទីផ្សារមូលបត្រ ក្នុងទំហំប្រមាណជា ៦៤៨ លានដុល្លារអាមេរិក។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា ភីអិលស៊ី បានជម្រាបជូនអង្គពិធីថា តាមរយៈការធ្វើបរិវិសកម្ម កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ ២០២៥ ធនាគារ អេស៊ីលីដា បានធ្វើបរិវិសកម្មប្រកបដោយភាពជោគជ័យ ដោយមានវិនិយោគិនគុណវុឌ្ឍិ ចំនួន៧៧រូប បានដាក់បញ្ជាទិញសញ្ញាបណ្ណបន្ទា​ប់បន្សំលើកទី២ ដែលធនាគារបានបោះផ្សាយទាំងអស់ រហូតដល់ ៤០០ពាន់លានរៀល (ប្រមាណ១០០លានដុល្លារអាមេរិក) ជាមួយនឹងអត្រាគូប៉ុង ៧,៥% ក្នុងមួយឆ្នាំ។

ការណ៍នេះ បានផ្តល់ឱកាសជូនវិនិយោគិន និងអនុញ្ញាតឱ្យធនាគារប្រមូលប្រភពទុនក្នុងទំហំធំ ដើម្បីគាំទ្រប្រតិបត្តិការរបស់ធនា​គារបង្កើនទំនុកចិត្ត និងការជឿជាក់ពីវិនិយោគិន និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក និងសង្គមជាតិ៕

 

ប៉េង ហួត គ្រុប ឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ សម្រាប់យុទ្ធនាការ “រួមគ្នាជួយសង្រ្គោះកុមារមានជំងឺមហារីក” របស់មន្ទីរពេទ្យកុមារអង្គរ

ប៉េង ហួត គ្រុប បរិច្ចាគថវិកាចំនួន ៥ម៉ឺនដុល្លារ សម្រាប់កម្មវិធីបើកយុទ្ធនាការសប្បុរសធម៌ ក្រោមប្រធានបទ “រួមគ្នា ជួយសង្រ្គោះកុមារមានជំងឺមហារីក” ក្រោមការរៀបចំរបស់មន្ទីរពេទ្យកុមារអង្គរ នារសៀលថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០២៥ ស្ថិតក្នុងអគារសាលសន្និបាទប្រារព្ធពិធីមង្គលការ ភីអេច ហ្រ្គេនហល បុរីប៉េង ហួត (បឹងស្នោ)។  ​

 

យុទ្ធនាការនេះមានគោលបំណងដើម្បីលើកកម្ពស់ និងគាំទ្រវិស័យសុខាភិបាល ជាពិសេសគឺកៀរគរថវិកាសប្បុរសធម៌ក្នុងទំហំ ២០ម៉ឺនដុល្លារ ដើម្បីទ្រទ្រង់ដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យកុមារអង្គរឱ្យដល់ចុងឆ្នាំនេះ។ យុទ្ធនាការនេះគឺត្រូវបានចាប់ផ្ដើមពីថ្ងៃទី ០៦ តុលា ហើយនឹងបញ្ចប់ត្រឹមថ្ងៃទី ៣១ តុលា ២០២៥។

 

ថ្លែងក្នុងកម្មវិធីនេះ សាស្រ្តាចារ្យវេជ្ជ បណ្ឌិត ងួន ចន្ទភក្រ្តា នាយកមន្ទីរពេទ្រកុមារអង្គរ បានអំពាវនាវដល់សប្បុរសជនទាំងឡាយអាចចូលរួមគំាទ្រតាមរយៈការបរិច្ចាគជាថវិកា ការផ្សព្វផ្សាយ និងសកម្មភាពសប្បុរសធម៌ផ្សេងៗ ដើម្បីឱ្យយុទ្ធនាការនេះទទួលបានជោគជ័យស្របតាមការរំពឹងទុករបស់មន្ទីរពេទ្យ ដែលនឹងជួយសង្រ្គោះជីវិតកុមារមានជំងឺមហារីកជាច្រើននាក់។ បើយោងតាមប្រសាសន៍របស់ ឯក ឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលដែលបានថ្លែងក្នុងពីធីប្រកាសដាក់ឱ្យអនុវត្តជា​ផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» យើងដឹងថា ជារៀងរាល់ឆ្នាំប្រទេសកម្ពុជា មានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២០ ០០០ ករណី ហើយមនុស្សស្លាប់ជិត ១៤ ០០០ នាក់ក្នុងមួយឆ្នាំៗ។ កាន់តែគួរឱ្យសោកសង្រេងទៅទៀតនោះ គឺសោកនាដកម្មនេះកើតមានលើកុមារផងដែរ ដែលក្នុងមួយឆ្នាំ មានប្រមាណ ៦០០ករណី។

 

គួរ​រំឭកថា នេះគឺជាលើកទី ៥ ដែលក្រុមហ៊ុន ប៉េង ហួត គ្រុប បរិច្ចាគថវិកាប្រចាំឆ្នាំ និងសហការរៀបចំយុទ្ធនាការមនុស្សធម៌ផ្សេងៗទៅកាន់សប្បុរសជនទូទាំងប្រទេស ដើម្បីនិរន្តភាពនៃបេសកម្មមន្ទីរពេទ្យកុមារអង្គរក្នុងការជួយសង្រ្គោះកុមារកម្ពុជាប្រមាណ ១៣ ម៉ឺនករណីក្នុងមួយឆ្នាំៗ។

 

ក្រុមហ៊ុនហនុមាននាំយកតារាTik Tokដ៏ល្បីរបស់កូរ៉េមកផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅកម្ពុជា

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បាននាំលោក Sean Solo មក ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយពីប្រទេសកម្ពុជា តំបន់ទេសចរណ៍ល្បីៗនៅកម្ពុជា។

លោក Sean Solo នឹងធ្វើដំណើរទៅកាន់ផ្សារធំថ្មី រួមទាំង ភ្លក់នំពុម្ព នំចាក់ជុល អាម៉ុកខ្មែរ ឡុកឡាក់សាច់គោ និងពេលល្ងាចទៅលេង Walk-street ភ្លក់អាពីង និងនំអាកោរ លើសពីនេះ ក៏មានសកម្មភាពមនុស្សធម៌ ជួយដល់កុមារកំព្រាផងដែរ។

តាមរយៈសកម្មភាពទាំងអស់នេះ នៅលើបណ្តាញសង្គម ធ្វើឲ្យអ្នកគាំទ្រជាច្រើន បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល សប្បាយរីករាយ និងរង់ចាំជួបគាត់ផ្ទាល់មុខនៅ Walk Street។

វីដេអូ និងរូបភាព Sean Solo នៅកម្ពុជា កំពុងក្លាយជាប្រធានបទ ក្នុងការចែករំលែកយ៉ាងទូលំទូលាយ។

ការមកដល់របស់លោក Sean Solo បង្ហាញថា ប្រទេសកម្ពុជា តូច តែមានបេះដូងធំ ជាប្រទេសមួយដែលមានប្រជាប្រិយភាព និងសមត្ថភាពទាក់ទាញតារាល្បីៗ និងសិល្បករអន្តរជាតិ មកទស្សនា។ ជាពិសេស ការចូលរួមយ៉ាងសកម្មរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក្នុងការនាំយកសិល្បករ និងបុគ្គលល្បីៗពីក្រៅប្រទេស មកកាន់ប្រទេសកម្ពុជា ដែលទាំងអស់នេះ ជាសកម្មភាព ក្នុងការលើកស្ទួយនូវសិល្បៈវប្បធម៌ និងទេសចរណ៍កម្ពុជា ដើម្បីពិភពលោកស្គាល់កាន់តែច្រើន។

កាន់តែពិសេស សម្រាប់ផលិតផលខ្មែរ ជាមួយវិសាលភាពគ្រប់ពេល ស្រាបៀរ ហនុមាន ក៏មានលក់នៅលើទីផ្សារ ប្រទេសកូរ៉េផងដែរ៕

ផ្លូវជាតិលេខ៥១ បន្តសក្តានុពលជាមួយនឹងការសមាហរណកម្មតំបន់

ផ្លូវក្រវ៉ាត់មួយនាជាយរាជធានីភ្នំពេញ ផ្លូវជាតិលេខ៥១ នៅតែត្រូវមើលឃើញថា ជាតំបន់មានសក្តានុពលសេដ្ឋកិច្ច និងឧស្សាហកម្ម។
ផ្លូវក្រវ៉ាត់មួយនាជាយរាជធានីភ្នំពេញ ផ្លូវជាតិលេខ៥១ នៅតែត្រូវមើលឃើញថា ជាតំបន់មានសក្តានុពលសេដ្ឋកិច្ច និងឧស្សាហកម្ម។

ដោយៈ គង់ សូរិយា

    កណ្តាលៈ ជាផ្លូវក្រវ៉ាត់មួយនាជាយរាជធានីភ្នំពេញ ផ្លូវជាតិលេខ៥១ នៅតែត្រូវមើលឃើញថា ជាតំបន់មានសក្តានុពលសេដ្ឋកិច្ច និងឧស្សាហកម្ម។

ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវជាតិលេខ៥១ គឺជាផ្លូវខ្សែក្រវាត់ភ្នំពេញមួយ ដែលបានជួយសម្រួលការធ្វើដំណើរ ជាពិសេសអ្នកដែលរស់នៅដូចជា ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំងជាដើម ដែលមានបំណងចង់ទៅខេត្តតំបន់មាត់សមុទ្រ មិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញទេ គឺអាចធ្វើដំណើរកាត់តាមផ្លូវជាតិលេខ៥១នេះ។

ខ្សែផ្លូវនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ព​ស់វិស័យដឹកជញ្ជូន និងឧស្សាហកម្ម ព្រមទាំងជាតំបន់ទីប្រជុំជន អំណោយផល សម្រាប់គម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ដែលបានចូលរួមបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ដែលរស់តាមបណ្តោយខ្សែផ្លូវនេះ។

ផ្លូវក្រវ៉ាត់មួយនាជាយរាជធានីភ្នំពេញ ផ្លូវជាតិលេខ៥១ នៅតែត្រូវមើលឃើញថា ជាតំបន់មានសក្តានុពលសេដ្ឋកិច្ច និងឧស្សាហកម្ម។

ក្រសួងបានបន្តថា ផ្លូវជាតិលេខ៥១ ក៏ជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជាប់ជាមួយផ្លូវអាស៊ានហាយវ៉េ លេខ១ (AH-1) នៃរបៀងសេដ្ឋកិច្ចខាងត្បូង ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-ថៃ (ប៉ោយប៉ែត) និងផ្លូវអាស៊ានហាយវ៉េលេខ១១ (AH-11) ឆ្ពោះទៅកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ ហើយអាចតភ្ជាប់តាមរយៈផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៣៣ ទៅកាន់ខេត្តកំពត និងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ធម្មជាតិ និង តំបន់ឆ្នេរដ៏ស្រស់ត្រកាលរបស់កម្ពុជា។

ផ្លូវជាតិលេខ៥១ មានប្រវែង៣៧,៩៥ គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង(ផ្លូវជាតិលេខ៤) បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ និងបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០៕

ផ្លូវក្រវ៉ាត់មួយនាជាយរាជធានីភ្នំពេញ ផ្លូវជាតិលេខ៥១ នៅតែត្រូវមើលឃើញថា ជាតំបន់មានសក្តានុពលសេដ្ឋកិច្ច និងឧស្សាហកម្ម។
ផ្លូវក្រវ៉ាត់មួយនាជាយរាជធានីភ្នំពេញ ផ្លូវជាតិលេខ៥១ នៅតែត្រូវមើលឃើញថា ជាតំបន់មានសក្តានុពលសេដ្ឋកិច្ច និងឧស្សាហកម្ម។

ក្រសួងដែនដីដាក់ចេញ “សមរភូមិចំនួន៩” ដើម្បីបន្តមរតកសុខសន្តិភាព និងចាក់គ្រឹះក្នុងសង្គមកម្ពុជា

ដោយៈ សូរិយា

ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បាននិងកំពុ​ងអនុវត្តន៍នូវសមរភូមិ ទៅតាមផែនទីឯកភាពការងា​ររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព ក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ការពារកុំឱ្យការបែកបាក់វិលត្រលប់មកវិញសម្រាប់ប្រជាជនតជំនាន់។

ជាមួយគ្នានេះ ក្រោយឈានទៅបញ្ចប់ ការបង្កើតបរិយាកាសមិនមានវិវាទ ក្រសួងបានងាកមកការងាររៀបចំដែនដី និងនគរូបនីយកម្ម ដោយកសាងទីប្រជុំជន និងលំហសាធារណៈឱ្យមានជីវិត និងធ្វើឱ្យប្រជាជនកម្ពុជាមានជីវភាពកាន់តែប្រសើរ និងចូលរួមចំណែកកសាងខឿនសេដ្ឋកិច្ចកម្ពុជា ដើម្បីកម្ពុជាជាប្រទេសមានភាពរឹងមាំ រស់បានដោយខ្លួនឯង និងឯករាជ្យម្ចាស់ការ។

សមរភូមិទាំង៩ របស់ក្រសួង ដ.ន.ស. រួមមាន

១.ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖ បន្តនិរន្តភាពការងារ និងដំណើរការស្ថាប័ន រក្សាស្មារតី និងសតិអារម្មណ័ឱ្យបាននឹងនរ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ព្រមទាំងកសាងបាននូវជំនឿ និងទំនុកចិត្តលើការដឹកនាំជារួម។

២. ការបង្កើតនូវបរិយាកាសគ្មានវិវាទ៖ ការចុះបញ្ជីដីបង្ហើយ ការដោះស្រាយវិវាទដីធ្លី សេវាគាប់ចិត្ត ការរក្សាអាយុជីវិតបឹងទន្លេសាប តំបន់រមណីយដ្ឋានសៀមរាប-អង្គរ ការដោះស្រាយបញ្ហាចម្រូង​ចម្រា​សតាមបុរី។

៣. ការកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ៖ ការពង្រឹងសមត្ថភាពស្ថាប័ន ការពង្រឹងសមត្ថភាពមន្ត្រី មូលដ្ឋានថវិកា និងហិរញ្ញវត្ថុ ប្រព័ន្ធលើកទឹកចិត្តមន្ត្រី ការងារអប់រំផ្សព្វផ្សា​យ ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង និងការរៀបចំគោលនយោបាយ ច្បាប់ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្ត។

៤. ការងាររៀបចំដែនដី និងនគរូបនីយកម្ម៖ ការកំណត់តំបន់អភិរក្ស តំបន់កសិកម្ម តំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់ប្រជុំជន និងទីក្រុង ការកសាងទីប្រជុំជនជាបុរីជនបទ ភូមិឋានក្សេម​ក្សាន្ត ទ្រនំសុភមង្គល ការរៀបចំរបៀង និងប៉ូលសេដ្ឋកិច្ច ការរៀបចំសួន​និងលំហសាធារណៈ។

៥. កិច្ចការលំនៅឋាន៖ ការអភិវឌ្ឍ “លំនៅឋានតម្លៃសមរម្យ” មូលនិធិលំនៅឋាន សំណង់អគារចាស់ទ្រុឌទ្រោម សំណង់មិនរៀបរយ។

៦. គោលនយោបាយសម្បទានដើម្បីសង្គមនិងសេដ្ឋកិច្ច៖ ការបែងចែកដីធ្លី និងផ្ទះសម្បែង ការផ្តល់ពូជសត្វ និងដំណាំគ្រប់ប្រភេទ ការកសាងសហគមន៍ភាព និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចាំបាច់ នាំចេញនៅហ្នឹងកន្លែង ភូមិមួយ ផលិតផលមួយ។

៧. ស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា៖ វិស័យសំណង់ និងស្ថាបត្យកម្ម គិតគូរពីសុវត្ថិភាព គុណភាព និងសោភណភាព រចនាបទ និងការឌីសាញសហសម័យ ច្បាប់ស្តីពីសំណង់ ការកាត់បន្ថយហានិភ័យនិងគ្រប់គ្រងគ្រោះមហន្តរាយក្នុងវិស័យសំណង់ ការគ្រប់គ្រ​ងអ្នកវិជ្ជាជីវៈ ក្នុងវិស័យសំណង់និងស្ថាបត្យកម្ម។

៨. ការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និង

៩. កម្ពុជារុងរឿង ដង្ហើមសេដ្ឋកិច្ច៖ ឧស្សាហកម្មសំណង់ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មគ្រឿងសង្ហារឹម ឧស្សាហកម្មគ្រឿងតុបតែងលម្អ ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មហិរញ្ញវត្ថុនិងធនាគារ ឧស្សាហកម្មប្រាក់កម្ចី។

ពិធីធ្វើបទបង្ហាញផ្តល់ការស្វែងយល់អំពីអភិបាលកិច្ច និងផែនការអនុវត្តការងារលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជូនដល់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នាទីស្តីការគណៈរដ្ឋមន្ត្រី៕

លោកយិន លាងគង់ ប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារ និងគ្មានការគោរពរបស់ក្រុមជ្រុលនិយមថៃ ដែលប្រព្រឹត្តមកលើសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនកម្ពុជាផ្សេងទៀត

ដោយសូរិយា

ភ្នំពេញៈ លោកយិន លាងគង់ សហស្ថាបនិកនិងជាអគ្គនាយកគេហទំព័រPropertyarea.asia,​Cambodiafinancialtimes.com ព្រមទាំងថ្នាក់ដឹកនាំ សូមសម្ដែងនូវការសោកស្តាយជាពន់ពេក និងសូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារ និងគ្មានការគោរពប្រព្រឹត្តមកលើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឥស្សរជនកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ។

អាកប្បកិរិយាបែបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃ សីលធម៌ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ។ ទង្វើបែបនេះ ក៏បានធ្វើឱ្យប៉ះពាល់ ទៅដល់ស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសន្តិសហវិជ្ជមាន ដែលជាគោលការណ៍គ្រឹះ ក្នុងការដឹកនាំទំនាក់ទំនងរវាងកម្ពុជា និងថៃ ក្នុងនាមជាសមាជិកក្នុងអាស៊ាន និងសហគមន៍អន្តរជាតិ។

យើងខ្ញុំ សូមវាយតម្លៃខ្ពស់ចំពោះការបញ្ចេញមតិ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ របស់ សម្តេចតេជោ ហ៊ុន សែន ប្រកបដោយភាពឈ្លាសវៃ អត់ធ្មត់ និងក្នុងស្មារតីជារដ្ឋបុរស ដោយបានឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំ ប្រកបដោយសីលធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់។

នៅចំពោះមុខការបង្កហេតុដោយចេតនានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ ឱ្យរក្សាភាពស្ងប់ស្ងាត់ ចៀសវាងការសងសឹក និងប្រកាន់ខ្ជាប់នូវស្មារតី នៃការឯកភាពជាតិ និងការអត់ធ្មត់។ ការអំពាវនាវនេះបានបង្ហាញពីចរិតថ្លៃថ្នូរ ដ៏ឧត្តង្គឧត្តម និងភាពស្អាតស្អំខាងសីលធម៌ ដែលបន្តជំរុញឱ្យមានសន្តិភាព និងភាពសុខដុមរមនានៅក្នុងប្រទេសកម្ពុជា និងតំបន់។

យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះការអំពាវនាវរបស់សម្តេចតេជោ ដើម្បីលើកកម្ពស់អធិបតេយ្យភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា។ ការពង្រឹងការប្រើប្រាស់រូបិយវត្ថុជាតិ និងការកាត់បន្ថយការពឹងផ្អែកលើខាងក្រៅ គឺជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់ការពង្រឹងការគ្រប់គ្រងខ្លួនឯង ភាពធន់របស់ជាតិ និងឯករាជ្យភាព៕