ផ្លូវរថភ្លើងក្រោមដី Phnom Penh Subway (Metro) តម្លៃ៣.៥ពាន់លានដុល្លារ និងមានចំនួន៤ខ្សែ ដោយក្នុងមួយខ្សែៗមានប្រវែង ចន្លោះពី ១៦គីឡូម៉ែត្រ ទៅ ២៩គីឡូម៉ែត្រ🚇

គម្រោងបណ្ដាញផ្លូវរថភ្លើងក្រោមដី Phnom Penh Subway (Metro)
គម្រោងបណ្ដាញផ្លូវរថភ្លើងក្រោមដី Phnom Penh Subway (Metro)

ដោយ៖ សហការី

ភ្នំពេញ៖ គម្រោងបណ្ដាញផ្លូវរថភ្លើងក្រោមដី Phnom Penh Subway (Metro) ដែលបានចុះអនុស្សរណៈយោគយល់គ្នារវាង ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រុមហ៊ុន AIIB នៅ ទីក្រុងប៉េកាំង កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ វិនិយោគពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី Asian Infrastructure Investment Bank (AIIB) ក្នុងទុនវិនិយោគប្រមាណ ៣.៥ពាន់លានដុល្លារ និងមានចំនួន៤ខ្សែ ដោយក្នុងមួយខ្សែៗមានប្រវែង ចន្លោះពី ១៦គីឡូម៉ែត្រ ទៅ ២៩គីឡូម៉ែត្រ។

បច្ចុប្បន្នគម្រោងស្ថិតក្នុងដំណាក់កាលបឋមសម្រាប់បណ្ដាញមេត្រូ ផ្ដោតលើការប្រមូលទិន្នន័យ ការសិក្សាលិទ្ធភាព ការវាយតម្លៃវឌ្ឈនភាព និងធាតុចូលផ្សេងៗ ពីគ្រប់ភាគីពាក់ព័ន្ធ ដោយអ្នកជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មុនសម្រេចដាក់ជូនទៅកាន់រដ្ឋាភិបាលពិនិត្យសម្រេច។

ក្រុមការងារក្រសួង និងក្រុមអនុវត្តគម្រោង បានកំពុងប្រមូលទិន្នន័យនៅតាមទីតាំងដែលបានកំណត់តាមដងផ្លូវសំខាន់ៗនៅទូទាំងរាជធានីភ្នំពេញ ដូចជាចំណតរថយន្តក្រុង ស្ថានីយរថភ្លើង ទាំងព្រលានយន្ដហោះតេជោ កំពុងដំណើរការ តំបន់អភិវឌ្ឍន៍ថ្មី និងទីក្រុងរណបថ្មី ជាដើម។ ដើម្បីកំណត់ផ្លូវអាទិភាព និងផ្លូវប្រសព្វសម្រាប់ការសិក្សាលម្អិតអំពីលទ្ធភាពមុនជូនដំណឹងឈានដល់ការអភិវឌ្ឍបណ្ដាញដឹកជញ្ជូនសាធារណៈក្នុងទីក្រុងប្រកបដោយប្រសិទ្ធភាព។ ការសិក្សានេះគឺជាធាតុផ្សំមួយនៃវិធីសាស្រ្តក្នុងការដោះស្រាយតម្រូវការដឹកជញ្ជូនរបស់រាជធានីភ្នំពេញ ក្នុងគោលដៅគឺដើម្បីកំណត់នូវដំណោះស្រាយដែលមានប្រសិទ្ធភាពខ្ពស់ និងតម្លៃសមរម្យបំផុត ដើម្បីកាត់បន្ថយការកកស្ទះចរាចរក្នុងក្រុង បង្កើនសុវត្ថិភាព និងការពារបរិស្ថាន៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

តើតម្លៃលំនៅឋាននៅបណ្តាប្រទេសមានសេដ្ឋកិច្ចធំៗក្នុងតំបន់អាស៊ានមានការប្រែប្រួលដូចម្តេចក្នុងរយៈពេលប៉ុន្មានខែកន្លងមក?

ទីផ្សារអចលនទ្រព្យនៅបណ្តាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនក្នុងតំបន់អាស៊ាន ដូចជា ប្រទេសសិង្ហបុរី ប្រទេសវៀតណាម និងម៉ាឡេសុី
ទីផ្សារអចលនទ្រព្យនៅបណ្តាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនក្នុងតំបន់អាស៊ាន ដូចជា ប្រទេសសិង្ហបុរី ប្រទេសវៀតណាម និងម៉ាឡេសុី

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅបណ្តាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនក្នុងតំបន់អាស៊ាន ដូចជា ប្រទេសសិង្ហបុរី ប្រទេសវៀតណាម និងម៉ាឡេសុីបានបង្ហាញនូវកំណើនវិជ្ជមានគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។

តួយ៉ាង តម្លៃលំនៅដ្ឋាន ដែលអភិវឌ្ឍដោយក្រុមហ៊ុនអចលនទ្រព្យឯកជននៅសិង្ហបុរីបានកើនឡើង១,២ភាគរយនៅត្រីមាសទី៣ ឆ្នាំ២០២៥ បើធៀបនឹងកំណើន១ភាគរយនៅក្នុងត្រីមាសទី២ និងកើនឡើង៣,១ភាគរយក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៥។

ជាមួយគ្នានេះ តម្លៃលំនៅដ្ឋានសាធារណៈប្រភេទទី២ (HDB Resale) បានកើនឡើង០,៤ភាគរយនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ និងកើនឡើង២,៩ភាគរយក្នុងរយៈពេល៩ខែដំបូងដើមឆ្នាំ២០២៥។

ដោយឡែក នៅទីក្រុងហាណូយនៃប្រទេសវៀតណាម តម្លៃអាផាតមុិនជាមធ្យមបានហក់ឡើង៣៣ភាគរយដល់៨០លានដុង (ប្រមាណ៣.០៣០ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េគិតត្រឹមដើមខែតុលា ឆ្នាំ២០២៥ បើធៀបនឹងឆ្នាំមុន។

ចំណែក តម្លៃអាផាតមុិនជាមធ្យមនៅទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសវៀតណាមបានហក់ឡើង៣៦ភាគរយដល់ទំហំទឹកប្រាក់ចំនួន៨៩លានដុងក្នុងមួយម៉ែត្រការ៉េ។

ទន្ទឹមនឹងនេះ តម្លៃផ្ទះជាមធ្យមទូទាំងប្រទេសម៉ាឡេសុីបានកើនឡើងដល់៤៨៣.៨៧៩រីងហ្គីត (ប្រមាណ១១៤.៧៤៥ដុល្លារអាមេរិក) ក្នុងមួយយូនីតគិតត្រឹមខែកញ្ញា ឆ្នាំ២០២៥។

ទីក្រុងគូឡាឡាំពួរបាននាំមុខគេលើទីផ្សារ ដោយមានតម្លៃផ្ទះជាមធ្យមចំនួន៧៩៤.៤៦៧រីងហ្គីត (ប្រមាណ១៨៨.៤៤១ដុល្លារអាមេរិក)ក្នុងមួយយូនីត ដែលធ្វើឱ្យទីក្រុងគូឡាឡាំពួរក្លាយជាតំបន់លំនៅដ្ឋានថ្លៃបំផុតនៅក្នុងប្រទេសម៉ាឡេសុី៕ប្រភព: Bamboo Route Vnexpress៕

វិធានការលើកទឹកចិត្តថ្មីរបស់រដ្ឋាភិបាលអូស្ត្រាលីចំពោះអ្នកទិញផ្ទះលើកដំបូងជំរុញឱ្យតម្លៃផ្ទះកើនឡើង

ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅខែកញ្ញា ឆ្នាំ២០២៥ តម្លៃផ្ទះនៅប្រទេសអូស្ត្រាលីបានកើនឡើង០,៨ភាគរយ ដែលជាកំណើនប្រចាំខែខ្ពស់បំផុតចាប់តាំងពីខែតុលា ឆ្នាំ២០២៣។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cotality ។

កំណើននេះត្រូវបានជំរុញដោយការដាក់ចេញវិធានការលើកទឹកចិត្តថ្មីរបស់រដ្ឋាភិបាលចំពោះអ្នកទិញផ្ទះលើកដំបូង ការកាត់បន្ថយអត្រាការប្រាក់ និងការផ្គត់ផ្គង់លំនៅដ្ឋាននៅមានកម្រិត។

តម្លៃផ្ទះនៅទីក្រុង Darwin បានកើនឡើង១,៧ភាគរយ ខណៈតម្លៃផ្ទះនៅទីក្រុង Perth បានកើនឡើង១,៦ភាគរយ។ ចំណែក តម្លៃផ្ទះនៅទីក្រុង Brisbane បានកើនឡើង១,៦ភាគរយ ហើយតម្លៃផ្ទះនៅទីក្រុងសុីដនីបានកើនឡើង០,៨ភាគរយ។

ជាមួយគ្នានេះ តម្លៃផ្ទះលំដាប់មធ្យម (Mid-range) បានកើនឡើង ដោយសារពលរដ្ឋអូស្ត្រាលីអាចខ្ចីប្រាក់បានកាន់តែច្រើន និងមានលទ្ធភាពទិញអចលនទ្រព្យ ដែលមានតម្លៃខ្ពស់ជាងមុន។

ធនាគារកណ្តាលរបស់ប្រទេសអូស្ត្រាលី (RBA) បានកាត់បន្ថយអត្រាការប្រាក់របស់ខ្លួនចំនួន៣ដងរួចមកហើយក្នុងឆ្នាំ២០២៥នេះ និងអាចទាញទម្លាក់អត្រាការប្រាក់បន្ថែមទៀតនាពេលខាងមុខ។

លោក Tim Lawless នាយកស្រាវជ្រាវនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cotality បានលើកឡើងថា នៅឆ្នាំនេះ ធនាគារកណ្តាលអូស្ត្រាលីបានកាត់បន្ថយអត្រាការប្រាក់ចំនួន៣លើក ក្នុងអត្រាសរុបចំនួន០,៧៥ភាគរយរួចមកហើយ។ ការណ៍នេះបានជួយជំរុញតម្រូវការលំនៅដ្ឋាន។

លោកបន្តថា ការទាញទម្លាក់អត្រាការប្រាក់បានធ្វើឱ្យទំនុកចិត្តអ្នកប្រើប្រាស់មានភាពប្រសើរឡើង ដែលជំរុញឱ្យមនុស្សធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុធំៗ ដូចជាការទិញផ្ទះជាដើម។

ទោះជាយ៉ាងណា ប្រទេសអូស្ត្រាលីនៅតែប្រឈមមុខនឹងបញ្ហាកង្វះលំនៅដ្ឋានតម្លៃសមរម្យ។ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលអូស្ត្រាលីគ្រោងសាងសង់ផ្ទះថ្មីឱ្យបានចំនួន១,២លានខ្នងនៅត្រឹមឆ្នាំ២០២៩ និងអនុញ្ញាតឱ្យអ្នកទិញផ្ទះលើកដំបូងបង់ប្រាក់កក់មុនត្រឹមតែ៥ភាគរយប៉ុណ្ណោះ៕ប្រភព: Bloomberg៕

ទំហំមូលធនបត្រទីផ្សារ​​អាផាតមុិនក្នុងទីក្រុងសេអ៊ូលកើនឡើងជិត១០ភាគរយដល់ទឹកប្រាក់ជាង១ទ្រីលានដុល្លារ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទិន្នន័យ​ពីការសិក្សាស្រាវជ្រាវថ្មីមួយបាន​បង្ហាញ​ថា កំណើននៃតម្លៃ​អាផាតមុិនក្នុង​ទីក្រុង​សេអ៊ូល​នៃប្រទេសកូរ៉េខាងត្បូងបាន​ជំរុញ​ឱ្យ​ទំហំមូលធនបត្រទីផ្សារ​​អាផាតមុិនក្នុងទីក្រុងមួយនេះកើនឡើង​ជិត១០ភាគរយ​ចាប់តាំងពី​ចុងឆ្នាំ​២០២៤។

ទំហំមូលធនបត្រទីផ្សារអាផាតមុិននៅក្នុងរដ្ឋធានីសេអ៊ូលបានកើនឡើងដល់ប្រមាណ១,២៦ទ្រីលានដុល្លារអាមេរិក គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៥ កើនឡើង៩,៣ភាគរយបើធៀបនឹងចុងឆ្នាំ២០២៤។ នេះបើយោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនអចលនទ្រព្យ Real Estate 114។

អត្រាកំណើននេះបានវ៉ាដាច់កំណើននៃទំហំមូលធនបត្រទីផ្សារអាផាតមុិនទូទាំងប្រទេសកូរ៉េខាងត្បូង ដែលបានកើនឡើង៤,៣ភាគរយដល់ទំហំទឹកប្រាក់ប្រហែល២,៩៤ទ្រីលានដុល្លារអាមេរិកគិតត្រឹមចុងខែកញ្ញាដូចគ្នា។

កន្លងទៅ រដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់ចេញនូវវិធានការទប់ស្កាត់ការកើនឡើងនៃតម្លៃផ្ទះ និងបំណុលគ្រួសារ រួមមានការរឹតបន្តឹងបទប្បញ្ញត្តិនៃការផ្តល់ប្រាក់កម្ចី និងគោលនយោបាយជំរុញការផ្គត់ផ្គង់លំនៅដ្ឋាន។

ដោយឡែក ទំហំមូលធនបត្រទីផ្សារអាផាតមុិននៅទីក្រុង Sejong បានកើនឡើង៥,៤ភាគរយដល់ចំនួន៦៣,៨ទ្រីលានវ៉ុន(ប្រមាណ៤៥,៣៦ពាន់លានដុល្លារ)។

ចំណែក ទំហំមូលធនបត្រទីផ្សារអាផាតមុិននៅខេត្ត Gyeonggi ជាប់ទីក្រុងសេអ៊ូលបានកើនឡើងដល់ចំនួន៨៣៨,២៥ពាន់លានដុល្លារ៕ប្រភព: Korea Times៕

តើទ្វីបធំៗនៅលើពិភពលោកកំពុងអភិវឌ្ឍន៍គម្រោងខ្នាតយក្សអ្វីខ្លះ ក្នុងយុគសម័យនៃនគរូបនីយកម្ម?

ដោយ: គង់ លាងហួរ
អន្តរជាតិ: ពិភពលោកបច្ចុប្បន្នកំពុងឆ្លងកាត់នូវយុគសម័យនៃនគរូបនីយកម្ម បញ្ហាប្រឈមអាកាសធាតុ និងនវានុវត្តន៍បច្ចេកវិទ្យា។ ទន្ទឹមគ្នានេះ ប្រទេសនានាជុំវិញពិភពលោកកំពុងបោះទុនវិនិយោគលើគម្រោងអភិវឌ្ឍន៍ធំៗដើម្បីត្រៀមខ្លួនសម្រាប់អនាគត។

ខាងក្រោមនេះជាគម្រោងអភិវឌ្ឍន៍ធំៗនៅតាមទ្វីបនានាលើពិភពលោក៖

ទី១: ទ្វីបអាសុី

ប្រទេសចិនកំពុងសាងសង់គម្រោងទំនប់វារីអគ្គិសនីខ្នាតយក្សឈ្មោះ Yarlung Zangbo នៅតំបន់ទីបេ ដែលនឹងមានសមត្ថភាពផលិតថាមពលអគ្គិសនីចំនួន៦០ជីហ្គាវ៉ាត់។ គម្រោងនេះបានចាប់ផ្តើមការសាងសង់នៅខែកក្កដា ឆ្នាំ២០២៥ ក្រោមទុនវិនិយោគជាង១ទ្រីលានយ័ន ដោយគ្រោងបញ្ចប់នៅឆ្នាំ២០៣៣។

ទី២: ទ្វីបអាហ្វ្រិក

ប្រទេសអេហ្សុីបបានអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសព្រែកជីកស៊ុយអេ (SCZone) ដោយលាតសន្ធឹងលើផ្ទៃដីទំហំប្រមាណ៤៦១គីឡូម៉ែត្រការ៉េ លើច្រាំងខាងកើត និងច្រាំងខាងលិចនៃព្រែកជីកស៊ុយអេ។

សម្រាប់ប្រទេសអេហ្ស៊ីប តំបន់ SCZone ជាមូលដ្ឋានគ្រឹះនៃគោលនយោបាយធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ការបង្កើតការងារ ការបង្កើនការនាំចេញ ការកាត់បន្ថយការពឹងផ្អែកលើការនាំចូល និងទាញយកសក្តានុពលពីទីតាំងភូមិសាស្ត្រដ៏អំណោយផលរបស់ខ្លួន។

ទី៣: ទ្វីបអឺរ៉ុប

កាលពីដើមខែកញ្ញា ឆ្នាំ២០២៥ ប្រទេសអុីតាលីបានអនុម័តគម្រោងសាងសង់ស្ពានព្យួរដោយខ្សែកាបវែងជាងលើពិភពលោក ដោយតភ្ជាប់ពីតំបន់អុីតាលីដីគោកទៅកាន់កោះស្វយ័ត Sicily ឆ្លងកាត់ច្រកសមុទ្រ Messina។ ស្ពាននេះនឹងមានចម្ងាយ៣,៣គីឡូម៉ែត្រ និងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០៣៣ខាងមុខ។

ទី៥: ទ្វីបអាមេរិក

សហរដ្ឋអាមេរិកបាននិងកំពុងសាងសង់គម្រោងផ្លូវដែកល្បឿនលឿនក្នុងរដ្ឋកាលីហ្វ័រញ៉ា ដើម្បីតភ្ជាប់រវាងទីក្រុង Los Angeles និងទីក្រុង San Francisco ក្រោមទុនវិនិយោគប្រមាណ៧០ពាន់លានដុល្លារ និងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០៣០៕ប្រភព: The West Australian៕

រដ្ឋមន្រ្តីលើកឡើងពីសក្តានុពលក្នុងវិស័យកសិកម្មប្រាប់មន្រ្តីម៉ាឡេស៊ីពីឱកាសវិនិយោគ

រដ្ឋមន្រ្តីលើកឡើងពីសក្តានុពលក្នុងវិស័យកសិកម្មប្រាប់មន្រ្តីម៉ាឡេស៊ីពីឱកាសវិនិយោគ
រដ្ឋមន្រ្តីលើកឡើងពីសក្តានុពលក្នុងវិស័យកសិកម្មប្រាប់មន្រ្តីម៉ាឡេស៊ីពីឱកាសវិនិយោគ

ដោយៈ ម៉ាណា

ម៉ាឡេស៊ី រដ្ឋមន្រ្តី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោកឌិត ទីណា ​បាន​រំលេច​អំ​ពី​ឱកាស​វិនិយោគ​លើ​វិស័យ​កែច្នៃ វេច​ខ្ចប់ និង​នាំចេញ​កសិផល​របស់​កម្ពុជា ដែល​ផ្ដល់​ផល​ចំណេញ​ និង​ផលប្រ​យោជន៍​ទៅវិញ ​ទៅមក​សម្រាប់​ប្រជា​ជន​នៃ​ភាគី​ទាំងពីរ​។

លោកឌិត ទីណា​​ បាន​លើក​ឡើងបែបនេះ​ ក្នុង​ជំនួប​ពិភាក្សា​ការងារ​លើ​វិស័យ​កសិកម្ម ​ជាមួយលោក​ Datuk Dr. Abdul Rahman Junaidi ​អនុរដ្ឋមន្រ្តី​ក្នុងខុទ្ទកាល័យ​នាយករដ្ឋមន្ត្រីនៃរដ្ឋសារ៉ាវ៉ាក់​ ប្រទេស​ម៉ាឡេស៊ី កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥​។

លោករដ្ឋមន្ត្រី ឌិត ទីណា បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់រដ្ឋសារ៉ាវ៉ាក់ ​ក្នុងការពង្រឹងកិច្ច​សហ​ប្រតិបត្តិ​ការ ​ក្នុងវិស័យកសិ​កម្មកម្ពុជា ជាពិសេសការដោះដូរបច្ចេកទេសដាំដុះ​ និងលទ្ធភាព​បើក​ទីផ្សារនាំចូលស្រូវអង្ករ ផលិតផលសាច់ និងកសិផលមានសក្ដានុពលដទៃទៀតពីកម្ពុជា ដើម្បី​ធានាសន្តិសុខស្បៀងរដ្ឋសារ៉ាវ៉ាក់។

កម្ពុជា-ម៉ាឡេស៊ី បន្តពង្រឹងកិច្ចសហប្រតិបតិ្តការ លើវិស័យកសិ​កម្ម ធានានូវសន្តិសុខស្បៀង ជំរុញទំហំកសិ-ពាណិជ្ជកម្ម ជាពិសេសលើស្រូវអង្ករ និងភាពជាដៃគូដ៏រឹង​មាំយូរអង្វែងក្នុង​ការតភ្ជាប់ខ្សែច្រវាក់តម្លៃ និងផលិតកម្ម ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្គត់ផ្គង់​កសិផលដល់រដ្ឋសារ៉ាវ៉ាក់ នៃប្រទេសម៉ាឡេស៊ី និងគាំទ្រវិនិយោគិនម៉ាឡេស៊ី​ក្នុងវិស័យ​កសិកម្មកម្ពុជាផងដែរ៕

កម្ពុជា-ម៉ាឡេស៊ី បន្តពង្រឹងកិច្ចសហប្រតិបតិ្តការ លើវិស័យកសិ​កម្ម ធានានូវសន្តិសុខស្បៀង ជំរុញទំហំកសិ-ពាណិជ្ជកម្ម ជាពិសេសលើស្រូវអង្ករ
កម្ពុជា-ម៉ាឡេស៊ី បន្តពង្រឹងកិច្ចសហប្រតិបតិ្តការ លើវិស័យកសិ​កម្ម ធានានូវសន្តិសុខស្បៀង ជំរុញទំហំកសិ-ពាណិជ្ជកម្ម ជាពិសេសលើស្រូវអង្ករ

តើរូបិយប័ណ្ណឌីជីថលនឹងត្រូវប្រើប្រាស់កាន់តែទូលំទូលាយលើទីផ្សារហិរញ្ញវត្ថុសកល ហើយវានឹងទាញតម្លៃមាសធ្លាក់ចុះឬទេ?

ដោយៈ ម៉ាលីនណា

    អន្តរជាតិៈ អ្នកវិភាគបានឆ្លើយថា នេះ​ជា​សំណួរ​ដ៏​ឆ្លាត​វៃ  ហើយ​វា​ប៉ះ​លើ​ការ​ជជែក​ដេញ​ដោល ​សំខាន់​មួយ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​សព្វថ្ងៃនេះ។

  1. ការពេញនិយមCrypto នាពេលអនាគត

ក្រុមអ្នកវិភាគលើឧស្សាហកម្មហិរញ្ញវត្ថុ បាននិយាយថា រូបិយប័ណ្ណគ្រីបតូ ត្រូវបានគេរំពឹងថា នឹងកាន់តែមានប្រជាប្រិយភាព នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុសកលជាពិសេសដូចជា៖

ទី១ ប្រទេសកាន់តែច្រើន បង្កើតរូបិយប័ណ្ណឌីជីថល របស់ធនាគារកណ្តាល (CBDCs)។

ទី២ ស្ថាប័ននានា (ដូចជាធនាគារ មូលនិធិ និងក្រុមហ៊ុនទូទាត់ប្រាក់ ទទួលយកblockchain និងទ្រព្យសកម្មដែលបានកំណត់អត្តសញ្ញាណ។

ទី៣ មនុស្សជំនាន់ក្រោយចូលចិត្ត ទ្រព្យសម្បត្តិឌីជីថល សម្រា​ប់ការវិនិយោគ និងការទូទាត់។

ទោះជាយ៉ាងណាក៏ដោយ ភាពប្រែប្រួល និយតកម្ម និងការប្រើប្រាស់ថាមពលរបស់គ្រីបតូ នៅតែកំណត់ស្ថេរភាពរបស់វា បើប្រៀបធៀបទៅនឹងមាស។

  1. តួនាទីរបស់មាស និងហេតុអ្វីបានជាវារឹងមាំ

មាសនៅតែជាទ្រព្យសម្បត្តិ “កន្លែងសុវត្ថិភាព” ប្រពៃណី – មនុស្សងាកទៅរកវាក្នុងអំឡុងពេលដូចជា

  • អតិផរណា ឬតម្លៃរូបិយប័ណ្ណ
  • ជម្លោះសកល ឬហានិភ័យនយោបាយ
  • អស្ថិរភាពទីផ្សារហិរញ្ញវត្ថុ។

ទោះបីជាមានការកើនឡើងនៃគ្រីបតូក៏ដោយ មាសមានទំនុកចិត្ត

និងតម្លៃរូបវ័ន្ត5,000+ ឆ្នាំ ដែលទ្រព្យសម្បត្តិឌីជីថល មិនអាចជំនួសបានទាំងស្រុង។

  1. តើគ្រីបតូនឹងទាញតម្លៃមាសធ្លាក់ចុះទេ?

ចម្លើយរបស់អ្នកវិភាគថា “វាមិនចាំបាច់” ប៉ុន្តែវាអាចមានផលប៉ះពាល់ខ្លះៗផងដែរនាពេលអនាគត៕

តើកត្តាសំខាន់ៗអ្វីខ្លះ ដែលជំរុញឱ្យតម្លៃលំនៅឋានក្នុងប្រទេសវៀតណាមហក់ឡើងយ៉ាងគំហុក?

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកវិភាគបានលើកឡើងថា តម្លៃលំនៅឋាននៅប្រទេសវៀតណាមកំពុងកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារការកើនឡើងនៃថ្លៃដើមលើការអភិវឌ្ឍន៍ និងការធ្លាក់ចុះនៃការផ្គត់ផ្គង់។

ជាក់ស្តែង នៅឆ្នាំនេះ តម្លៃអាផាតមុិនជាមធ្យមនៅទីក្រុងហាណូយ មានទំហំទឹកប្រាក់ចំនួន៨០លានដុង (ប្រមាណ៣.០៣០ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ ហក់ឡើង៣៣ភាគរយធៀបនឹងឆ្នាំមុន។

ជាមួយគ្នានេះ តម្លៃអាផាតមុិនជាមធ្យមនៅទីក្រុងហូជីមិញបានហក់ឡើង៣៦ភាគរយដល់ទំហំទឹកប្រាក់ចំនួន៨៩លានដុង(ប្រមាណ៣.៣៧៤ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ។

លោកសេដ្ឋវិទូ Can Van Luc លើកឡើង​ថា​ ការហក់​ឡើង​នៃតម្លៃដី​ ជា​មូលហេតុ​សំខាន់​ ដែលនាំឱ្យតម្លៃអាផាតមុិនកើនឡើង។ ការកើនឡើងនៃតម្លៃសម្ភារៈសំណង់ កម្លាំងពលកម្ម និងប្រាក់កម្ចីរបស់ធនាគារ ជំរុញឱ្យថ្លៃដើមលើការអភិវឌ្ឍន៍គម្រោងអចលនទ្រព្យកើនឡើង។

លោក Pham Viet Thuan នាយកវិទ្យាស្ថានធនធានសេដ្ឋកិច្ច និងបរិស្ថាននៅទីក្រុងហូជីមិញ បានអះអាងថា បណ្តាអ្នកអភិវឌ្ឍន៍ចង់បានប្រាក់ចំណេញច្រើន។ហេតុនេះ ពួកគេផ្តោតលើការសាងសង់អាផាតមុិនប្រណីត ដែលមានតម្លៃខ្ពស់កប់ពពក។

លោក Ngo Quang Phuc នាយកប្រតិបត្តិនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Phu Dong Group បានមានប្រសាសន៍ឱ្យដឹងថា ការកើនឡើងនៃតម្លៃលំនៅឋានបណ្តាលមកពីនីតិវិធីស្មុគស្មាញក្នុងការស្នើសុំអាជ្ញាបណ្ណដើម្បីសាងសង់គម្រោង។

លោកបានបន្តថា បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យសម្រុកប្រណាំងប្រជែងគ្នាដើម្បីទទួលបានអាជ្ញាបណ្ណ។ ប៉ុន្តែ អ្នកអភិវឌ្ឍន៍មួយចំនួនត្រូវចំណាយពេលរាប់ឆ្នាំ ឬអាចអូសបន្លាយ១ទសវត្សរ៍ដើម្បីទទួលបានអាជ្ញាបណ្ណ។

គម្រោងលំនៅឋានជាច្រើនបានជាប់គាំង ដោយសារការអនុម័តផ្តល់អាជ្ញាបណ្ណត្រូវការរយៈពេលយូរ ដែលធ្វើឱ្យការផ្គត់ផ្គង់លំនៅដ្ឋានធ្លាក់ចុះ និងជំរុញឱ្យតម្លៃផ្ទះកើនឡើង៕ប្រភព: Vnexpress៕

តើតម្លៃហាងឆេងមាសមានការប្រែប្រួលដូចម្តេចនៅថ្ងៃអង្គារនេះ?

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ដោយសារភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចអាមេរិក ហើយក្រុមអ្នកវិនិយោគសង្កេតឃើញលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតដោយធនាគារកណ្តាលសហរដ្ឋអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១២ភាគរយដល់៣.៩៦៥ក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៣៩៦០,៤១ដុល្លារអាមេរិកក្នុងមួយអោនកាលពីថ្ងៃចន្ទម្សិលមិញ។

ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៣១ភាគរយដល់៣៩៨៨,៨០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៥៥នាទីព្រឹកដូចគ្នា បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៣៩៧៦,៣០ដុល្លារក្នុងមួយអោនកាលពីថ្ងៃចន្ទម្សិលមិញ៕

ដំណឹងល្អៈរដ្ឋាភិបាលចាប់ផ្តើមប្រែក្លាយទីប្រជុំជនទាំងអស់ឲ្យទៅជាបុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល

រដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី និងក្រសួងមហាផ្ទៃ បានប្រកាសចាប់ផ្តើមប្រែក្លាយទីប្រជុំជនទាំងអស់ ឱ្យទៅជាបុរីជនបទ ភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល។
រដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី និងក្រសួងមហាផ្ទៃ បានប្រកាសចាប់ផ្តើមប្រែក្លាយទីប្រជុំជនទាំងអស់ ឱ្យទៅជាបុរីជនបទ ភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល។

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី និងក្រសួងមហាផ្ទៃ បានប្រកាសចាប់ផ្តើមប្រែក្លាយទីប្រជុំជនទាំងអស់ ឱ្យទៅជាបុរីជនបទ ភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល។

ផែនការនេះត្រូវបានប្រកាសកាលពីព្រឹកថ្ងៃទី៦ តុលា ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកឧបនាយករដ្ឋមន្រ្តីស សុខា រដ្ឋមន្រ្តីក្រសូងមហាផ្ទៃ។

យោងតាមព៌ត៌មានដែលបានប្រកាសលើផេក របស់ក្រសួងដែនដី បានបង្ហាញថា ផែនការនេះ ក្រសួងទាំងពីរមានការឯកភាពគ្នា ធ្វើការរៀបចំប្លង់គោលនៃការប្រើប្រាស់ដី កំណត់តំបន់ពាណិជ្ជកម្ម តំបន់កសិកម្ម តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស ការរៀបចំព្រំប្រទល់រដ្ឋបាលទូទាំងប្រទេស អាសយដ្ឋាន បង្គោលប្រតិភាគដែលជាខឿនសន្តិសុខជាតិ ការរៀបចំរបៀងនិងប៉ូលសេដ្ឋកិច្ច ទៅតាមសក្តានុពលតំបន់នីមួយៗ ដោយប្រើប្រាស់អ្វីដែលយើងមាន ការរៀបចំលំហសាធារណៈ ការដោះស្រាយសំណង់មិនរៀបរយ និងអគារចាស់ទ្រុឌទ្រោម ដែលទាំងនេះគឺជាស្នូល នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងឆ្លើយតបទៅនឹងដំណើរដ៏ជាក់លាក់របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា ធ្វើឱ្យប្រជាជនមានជីវិតកាន់តែប្រសើរឡើង និងដើម្បីកម្ពុជាអាចរស់ដោយខ្លួនឯង ប្រកបដោ​យភាពឯករាជ្យម្ចាស់ការ។

កិច្ចប្រជុំនាពេលនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ ក្រសួងព្រះបរមរាជវាំង ក្រសួងសាធារណៈការ និងដឹកជញ្ជូន ថ្នាក់ដឹកនាំមកពីក្រសួង ស្ថាប័ន ដែលជាសមាជិកគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ រដ្ឋបាលខេត្ត មន្ទីរ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ នាទីស្តីការក្រសួង។

ផ្អែកលើរបៀបរបបការងារ និងដំណើររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងមហាផ្ទៃ បានឈានមកដល់របត់នៃឱកាសសម្រាប់ធ្វើការងារថ្មី និងក្រោយពីការបង្កើតនូវបរិយា​កាសគ្មានវិវាទនៅកម្ពុជា ក្រសួងទាំងពីរបានងាកមកគិតគូរ លើការងាររៀបចំដែនដី និងនគរូបនីយកម្ម ដែលជាការបើកទំព័រថ្មី សម្រាប់សង្គមជាតិទាំងមូល៕