ក្រុមហ៊ុន China Evergrande ទទួលលុយ៨១៧,៨លានដុល្លារអាមេរិកពីការបោះបង់សិទ្ធិប្រើប្រាស់ដីសម្រាប់កីឡដ្ឋានបាល់ទាត់

ដោយ: លាងហួរ

ប្រទេសចិន: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលមានបញ្ហាបំណុ​លដ៏ច្រើន China Evergrande Group បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងទទួលបាន៥,៥២ពាន់លានយ័ន (៨១៧,៨លានដុល្លារអាមេរិក) សម្រាប់ការលុបចោលកិច្ចសន្យា ទិញសិទ្ធិប្រើប្រាស់ដីសម្រាប់កីឡដ្ឋានបាល់ទាត់។

ក្រុមហ៊ុននឹងប្រគល់សិទ្ធិប្រើប្រាស់ដី ទៅការិយាល័យផែនការ និងធនធានធម្មជាតិក្រុងក្វាងចូវ ដែលខ្លួនបានទទួលសិទ្ធិក្នុងខែមេសា ឆ្នាំ២០២០ក្នុងតម្លៃ៦,៨១ពាន់លានយ័ន។

ការសាងសង់កីឡដ្ឋានបាល់ទាត់ Guangzhou Evergrande តម្លៃ ១២ពាន់លានយ័ន បានចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២០។  ក្រុមហ៊ុនEvergrande បានទិញគ្រប់គ្រងក្លឹប Guangzhou FC ក្នុងឆ្នាំ២០១០។

កាលពីចុងសប្តាហ៍មុន Evergrande បានបង្ហាញផែនការសម្រាប់ការរៀបចំរចនាសម្ព័ន្ធបំណុល ក្រៅប្រទេសរបស់ខ្លួនឡើងវិញ ដែលពាក់ព័ន្ធនឹងការផ្តល់កញ្ចប់ទ្រព្យសកម្មដល់ម្ចាស់បំណុល៕

កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៥មានទុនវិនិយោគជាង២៥លានដុល្លារ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៥ទៀត សរុបទុនវិនិយោគជាង២៥លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។

តាមសេចក្តីប្រកាសផ្លូវការរបស់ CDC បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ FUKKI APPAREL AND LAUNDRY TECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ និងបោកគក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ ៦A ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២.៤០៤កន្លែង។

២៖ THE INHERITANCE (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.០១៨កន្លែង។

ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ Solar Long PV-Tech (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា និងគ្រឿងបង្គុំ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន១២លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ៥០០នាក់។

២៖ Cambodian Xihanouke Cabinet Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតទូគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន៣លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ២៥០នាក់។

៣៖ Taica (Cambodia) Corporation គម្រោងបង្កើតរោងចក្រផលិតគ្រាប់ជ័រ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន៦២ម៉ឺនដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ២០នាក់៕

សម្តេចតេជោៈកម្ពុជាមានមហិច្ឆតាចង់ឱ្យក្រុងភ្នំពេញក្លាយជាទីតាំងនៃលេខាធិការដ្ឋានRCEP

ដោយៈសុផារី

ភ្នំពេញៈ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវមហិច្ឆតាថា ប្រទេសកម្ពុជាចង់ឱ្យរាជធានីភ្នំពេញ ក្លាយជាទីតាំងកណ្តាល នៃលេខាធិការដ្ឋានRCEP ដែលមានប្រទេសទាំង១៥ ជាសមាជិក។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ។

សម្តេចតេជោបានថ្លែងថា “ក្នុងកំឡុងពេលរៀបចំកិច្ចប្រជុំកំពូលអាស៊ាននេះ កម្ពុជាមានមហិច្ឆតា ចង់ក្លាយជាទីតាំងនៃលេខាធិការដ្ឋានអាសិប ដែលមានប្រទេស១៥ អាស៊ាន១០ ជាមួយដៃគូ៥  រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងណូវេលហ្សេឡង់”។

សម្តេចបានបញ្ជាក់ថា “យើងចង់ឲ្យមានលេខាធិការដ្ឋានRCEPមួយ ដាច់ដោយឡែក ហើយសូមយកភ្នំពេញជាទីតាំង”។សម្តេចតេជោបានបន្តថា “ដូច្នេះយើងក៏ត្រូវធ្វើការជាមួយដៃគូអាស៊ានរបស់យើង តែយើងក៏ត្រូវធ្វើការជាមួយដៃគូផ្សេងទៀត”។

សម្តេចតេជោ បានបញ្ជាក់ថា សម្តេចបានដាក់សំណើរនេះ ទៅកាន់ប្រទេសចិន និងប្រទេសអូស្ត្រាលីរួចរាល់ហើយ ហើយនឹងលើកសំណើជាមួយជប៉ុននៅក្នុងថ្ងៃស្អែក៕

ចិននិងអាស៊ានប្តេជ្ញាពង្រឹងចំណងមិត្តភាពដើម្បីកសាង សហគមន៍អនាគតរួម

ដោយ: លាងហួរ

ភ្នំពេញ: ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាងយី បានមានប្រសាសន៍ថា ចិននិងអាស៊ានបានសម្រេចបានសមិទ្ធិផលយ៉ាងច្រើនហើយភាគីទាំង២ ក៏ប្តេជ្ញាកសាងសហគមន៍អនាគតរួមគ្នា។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលបាននិងកំពុងប្រព្រឹត្តិនៅរាជធានីភ្នំពេញនេះ ដឹកនាំដោយលោកវ៉ាង យី និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិកទាំង១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអគ្គលេខាធិការអាស៊ាន លោក Dato Lim Jock Hoi ។

លោកវ៉ាង យី បានមានប្រសាសន៍ថា ចាប់តាំងពីប្រធានាធិបតីចិន លោកស៊ី ជីនពីង និងមេដឹកនាំនៃបណ្តាប្រទេសអាស៊ាន បានប្រកាសរួមគ្នាអំពីការបង្កើតភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីខែវិច្ឆិកាឆ្នាំ២០២១ ដែលការអភិវឌ្ឍន៍នៃភាពជាដៃគូ បានចាប់ផ្តើមល្អជាមួយនឹងលទ្ធផលដ៏ល្អប្រសើរក្នុងវិស័យផ្សេងៗ។

ភាគីទាំងពីរបានធ្វើការរួមគ្នា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានានិងបានរួមគ្នារក្សាសន្តិភាព និងស្ថិរភាពដែលបានទទួលយ៉ាងលំបាក។

លោក វ៉ាង យី បានបន្តថា ទាក់ទងនឹងជំងឺរាតត្បាតកូវីដ១៩ ភាគីទាំងពីរបានបង្ហាញពីសាមគ្គីភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការគ្រប់គ្រងគ្រាអាសន្ន ដើម្បីកសាងខែលការពារសុវត្ថិភាព។

លោកបានមានប្រសាសន៍ថា ភាគីទាំងពីរក៏បានអនុវត្តរួមគ្នា នូវភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) និងការពន្លឿនការតភ្ជាប់ បង្កើតជាតំបន់ខ្ពង់រាបសម្រាប់ការអភិវឌ្ឍន៍ផងដែរ៕

សម្តេចតេជោលើកឡើងពីកត្តាសំខាន់៤យ៉ាង ដែលកម្ពុជាប្តូរផ្តាច់ ចូលជាសមាជិកអាស៊ាន

ដោយៈ សុផារី

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មានកត្តាសំខាន់៤យ៉ាង ដែលជំរុញឱ្យសម្តេចតេជោសម្រេចចិត្តប្តូរផ្តាច់ ក្នុងការចូលជាសមាជិកអាស៊ាន។

កត្តាសំខាន់ៗទាំងនោះរួមមាន គោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ស្មារតីធ្វើការតាមកុងសង់ស៊ីស ការធ្វើសមាហរណកម្មសេដ្ឋកិច្ចសង្គម និងច្រកចេញការទូតយ៉ាងធំទូលាយរបស់អាស៊ាន។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ។

កត្តាទី១  គឺគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។

សម្តេចតេជោថ្លែងថា “ចំណុចនេះ ជាចំណុចទាក់ទាញខ្លាំងណាស់ ប្រសិនបើយើង មិនចូលទៅក្នុងសមាគមមួយនេះ នៅខាងក្រៅម្នាក់ឯង យើងនឹងស្ថិតនៅក្នុងស្ថានភាពឯកោរនៅក្នុងតំបន់”។

កត្តាទី២ គឺស្មារតីសហគមន៍ ដែលសំដៅលើរបៀបនៃការធ្វើការតាមរបបកុងសង់ស៊ីស។

សម្តេចបានលើកឡើងថា “ចំណុចនេះជាចំណុច ដែលទាក់ទាញយើងឲ្យចូលទៅក្នុងអាស៊ាន។ នៅឆ្នាំ២០០៧ យើងមានការបែកខ្ញែកមតិក្នុងការធ្វើការងារតាមកុងសង់ស៊ីស ឬតាមមតិភាគតិចភាគច្រើន”។

សម្ដេចផ្តល់ទស្សនទានថា “ប្រសិនបើប្រើប្រាស់គោលការណ៍ភាគតិច ភាគច្រើននោះអាស៊ាននឹងមានការបែកបាក់ ក្នុងការសម្រេចចិត្តអ្វីមួយ បោះឆ្នោតតែងតែមានមតិភាគតិច ភាគច្រើន នោះហើយជាការបែកបាក់។ ទោះបីជាយឺតបន្ទិច តែធានាសាមគ្គីរឹងមាំក្នុងគ្រួសារអាស៊ាន”។

សម្តេចបានលើកឡើងថា ពិតមែនតែប្រទេសកម្ពុជា ជាសមាជិកក្រោ​យគេ តែមេដឹកនាំរបស់កម្ពុជាជាសមាជិកមុនគេ បន្ទាប់ពីស៊ុលតង់ប្រុយណេ”។

កត្តាទី៣ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការជំរុញការធ្វើសមាហរណកម្ម។

យោងតាមសម្តេច អាស៊ានមានប្រទេសពីរក្រុម គឺ អាស៊ានចាស់មានការអភិវឌ្ឍខ្ពស់ជាង ហើយអាស៊ានថ្មីមានការអភិវឌ្ឍទាបជាង។

សម្តេចបានបន្តថា នៅពេលកម្ពុជាចូលជាសមាជិកអាស៊ាន កម្ពុជាទទួលបានការអភិវឌ្ឍ លើកកម្ពស់សមត្ថភាពផ្នែកសេដ្ឋកិច្ច ជាពិសេសការអភិវឌ្ឍធនធានមនុស្ស ដែលមកដល់ពេលនេះ បានបង្ហាញពីសមត្ថភាពរបស់កម្ពុជា លើកិច្ចការអន្តរជាតិ និងតំបន់។ ចំណែក ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កម្ពុជាបានចូលរួមក្នុងក្របខ័ណ្ឌ តំបន់ពាណិជ្ជកម្មសេរីអាស៊ាន ដែលផ្តល់ឱកាសឱ្យកម្ពុជាទទួលបានការអភិវឌ្ឍ។

កត្តាទី៤ គឺច្រកចេញការទូតកម្ពុជាយ៉ាងធំទូលាយ ដែលអនុញ្ញាតឱ្យកម្ពុជាមានដៃគូជាមួយប្រទេសជាច្រើន ដែលជាដៃគូរបស់អាស៊ាន។

សម្តេចតេជោបន្តថា “អាស៊ានមានដៃគូយ៉ាងច្រើន ដូចនេះពេលកម្ពុជាចូលអាស៊ានភ្លាម កម្ពុជាមានដៃគូយ៉ាងទូលំទូលាយ ជាមួយដៃគូមានស្រាប់របស់អាស៊ាន ទាំងអឺរ៉ុប អាមេរិក ចិន កូរ៉េ ជប៉ុន ជាដើម”។

សម្តេចតេជោបានបន្ថែមថា ” ចំណុច៤យ៉ាងនេះ ផ្តល់ឱកាសឱ្យយើងដើម្បីអនុវត្តគោលនយោបាយក្នុងប្រទេស និងក្រៅប្រទេស ដើម្បីជំរុញដំណើរឈានទៅមុខរបស់កម្ពុជា”៕

ក្រុមហ៊ុនជប៉ុន Toyota ប្រកាសឈប់ផលិតរថយន្តម៉ូឌែល Toyota Vios ត្រឹមនេះ

ដោយសុខុម

បាងកក: ក្រុមហ៊ុនជប៉ុន Toyota ប្រចាំប្រទេសថៃ ដែលគេស្គាល់ថា Toyota Motor Thailand (TMT) បានប្រកាសឈប់ផលិតរថយន្តម៉ូដែល Toyota Vios 1.5L របស់ខ្លួនដើម្បីបើកផ្លូវសម្រាប់ការបញ្ចេញស៊េរីថ្មី ថ្មីទាំងស្រុង All-New Yaris Ativ ដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារ ទី៩ ខែសីហា ពោលគឺសប្តាហ៍ក្រោយ។

ក្រុមហ៊ុននេះបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា រថយន្ត Vios លក់បានសរុបត្រឹមតែ១.៨២៩គ្រឿងប៉ុណ្ណោះក្នុងពេល៦ខែដើមឆ្នាំ២០២២ បើធៀបនឹងម៉ូឌែល Yaris Ativ ប្រភេទ Sedan ដែលលក់បានដល់ទៅ១០.៦៤៨គ្រឿង និងម៉ូឌែល Yaris ប្រភេទ SUV ដែលលក់បានដល់ទៅ១៤.៧១៥គ្រឿង។

យោងតាមការរំពឹងទុក រថយន្ត Yaris Ativ ដែលជាប្រភេទ Hybrid នឹងចេញលក់នៅឆ្នាំ២០២៣។

ក្រុមហ៊ុន Toyota ក្នុងប្រទេសថៃ លក់រថយន្តបានសរុបចំនួន១៤២.០៣២គ្រឿងក្នុងពេល៦ខែដើមឆ្នាំនេះ ដោយកើនឡើង២១,២%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះក្រុមហ៊ុននេះលក់រថយន្តដឹកអ្នកដំណើរបាន៣៨.៨៩៤គ្រឿងក្នុងពេល៦ខែដើមឆ្នាំនេះ ដោយកើនឡើង៣០,៩%។

លោក Noriaki Yamashita ដែលជាប្រធានក្រុមហ៊ុនផលិតរថយន្តខាងលើនេះនិយាយថា ក្រុមហ៊ុន Toyota Motor Thailand (TMT) មានបំណងលក់រថយន្តឱ្យបានចំនួន២៩០.០០០គ្រឿងនៅឆ្នាំនេះ ដែលស្មើនឹង៣៣%នៃចំណែកទីផ្សារក្នុងប្រទេសថៃ និងកើនឡើង២១%បើធៀបនឹងឆ្នាំមុន។

ប្រធានក្រុមហ៊ុនរូបនេះបានលើកឡើងថា តាមការរំពឹងទុក ក្រុមហ៊ុន Toyota នឹងផលិតរថយន្តសរុបឱ្យបានចំនួន៦៥៩.៤០០គ្រឿង ដោយកើនឡើង២៨,៣%បើធៀបនឹងឆ្នាំ២០២១។

លោកបានព្យាករថា ក្រុមហ៊ុនផលិតរថយន្តទាំងអស់នៅក្នុងប្រទេសថៃ នឹងផលិតរថយន្តបានសរុបចំនួន៨៨០.០០០គ្រឿងនៅឆ្នាំនេះ ដោយកើនឡើង១៦%បើធៀបនឹងឆ្នាំមុន៕ The Nation៕

តំបន់សេដ្ឋកិច្ចពិសេសរបស់អ្នកឧកញ៉ា គិត ម៉េង មានកំណើនការនាំចេញទំនិញជិត៥០០លានដុល្លារ ត្រឹមខែកក្កដាឆ្នាំនេះ

ដោយវឌ្ឍនា

ភ្នំពេញ៖ ការនាំចេញនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដែលមានតម្លៃរហូតដល់៤៩២,៧លានដុល្លារសហរដ្ឋអាមេរិក គិតត្រឹមខែកក្កដា ឆ្នាំ២០២២ ដែលបង្ហាញពីកំណើនវិជ្ជមានរហូតដល់២៦% ធៀបនឹងការនាំចេញ ក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។

ជាមួយនឹងផ្ទៃដីសរុប៣៥៧ហិកតា តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មានអ្នកវិយោគសរុបចំនួន១០២ក្រុមហ៊ុន ដែលផ្តល់ការងារដល់កម្មករនិយោជិកចំនួន៣៩.១០០នាក់ គិតត្រឹមខែកក្កដា ឆ្នាំ២០២២ ដែលចំនួននេះកើនឡើង៤២,៩% ធៀបនឹងចំនួនកម្មករនិយោជិក ដែលមានសរុបគិតត្រឹម ខែកក្កដា ឆ្នាំ២០២១។

លោក UEMATSU Hiroshi នាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានថ្លែងថា “មូលហេតុចម្បងនៃការកើនឡើងនៃតម្លៃនាំចេញ និងឱកាសការងារកាន់តែច្រើន សម្រាប់កម្មករនិយោជិក គឺកើតឡើងដោយសារតែការពង្រីកផលិតកម្ម នៃរោងចក្រផលិតគ្រឿងបង្គុំរថយន្ត និងរោងចក្រផលិតគ្រឿងបង្គុំអេឡិកត្រូនិក”។

លោកបន្តថា “លើសពីនេះទៀត គឺការវិនិយោគដ៏ធំសម្បើមរបស់ក្រុមហ៊ុន ម៉ាវ៉ល ហ្កាមិន ឯ.ក ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃក្រុមហ៊ុនផលិតសម្លៀកបំពាក់ដ៏ធំមួយនៅក្នុងប្រទេសចិន ដែលជាប់លំដាប់ថ្នាក់ជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ធំបំផុត ដែលបានពង្រីកសង្វាក់ផលិតកម្ម តាមខ្សែឈរ (vertically integrated manufacturer) ពោលគឺមានការផ្គត់ផ្គង់វត្ថុធាតុដើម និងបំពេញគ្រប់ខ្សែសង្វាក់ផលិតកម្មដោយខ្លួនឯង រហូតដល់ផលិតផលសម្រេច”៕

តើកម្ពុជាចំណេញបែបណាពីការបង្ហាញវត្តមានប្រមុខកាទូតមហាអំណាចធំៗចំនួន៤

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ស្របពេលរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដំណើរការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីកាបរទេសអាស៊ានលើកទី៥៥ ក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន ប្រទេសនេះនឹងស្វាគមន៍រដ្ឋមន្រ្តីការបរទេស របស់មហាអំណាចធំៗចំនួន៤។

រដ្ឋមន្រ្តីការបរទេសមកពីបណ្តាប្រទេសមហាអំណាចនានា បានមកដល់កម្ពុជាបណ្តើរៗហើយ រួមមាន លោកវ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តី​ការបរទេសចិន លោកកហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន រដ្ឋមន្រ្តីការបរទេសអាមេរិក លោកAnthony Blinken និងលោកSergay Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ព្រមទាំងប្រមុខកាទូតនៃបណ្តាប្រទេសជាសមាជិកអាស៊ានជាច្រើនទៀត។

តាមរយៈការធ្វើម្ចាស់ផ្ទះនេះ បានធ្វើឲ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទទួលបានផលចំណេញជាច្រើនលើទិដ្ឋភាពនយោបាយផង កាទូតផង និងទិដ្ឋភាពសេដ្ឋកិច្ចផង។

អគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់ដែលតែងតែសិក្សាពីដំណើរវិវត្តន៍នៃនយោបាយ និងសេដ្ឋកិច្ចបានមានប្រសាសន៍ឲ្យដឹងកាលពីរាត្រីថ្ងៃទី២ សីហាថា ដំណើរទស្សនកិច្ច និងការអញ្ជើញមកចុលរួមកិច្ចប្រជុំ កំពូលរដ្ឋមន្រ្តីការបរទេសអាស៊ាន និងមហាអំណាចធំៗបែបនេះ គឺជាពេលវេលាដ៏កម្រ ដែលវាផ្តល់ផលចំណេញជាច្រើនដល់កម្ពុជា។

ផលចំណេញទាំងនោះ រួមមាន ទី១ ផែនទីកម្ពុជាត្រូវបានរំលេចឡើងម្តងទៀត និងកាន់តែច្បាស់ទៅកាន់ពិភពលោក ទី២ កិច្ចប្រជុំនេះនឹងធ្វើឲ្យកម្ពុជាចំណេញលើការផ្សព្វផ្សាយ ពីមុខមាត់របស់ខ្លួនលើឆាកអន្តរជាតិ និងទាក់ទាញទេសចរណ៍នានា ទី៣ វាផ្តល់ផលចំណេញផ្នែកនយោបាយ និងកាទូត ដោយកិច្ចប្រជុំនេះបានបង្ហាញពីកិត្តិនាមកម្ពុជា ក្នុងនាមជាប្រទេស​មានសេដ្ឋកិច្ចលូតលាស់លឿន និងបង្ហាញពីកត្តាសុខសន្តិភាព ស្ថេរភាព​នយោបាយរយៈពេលវែងរបស់កម្ពុជា និងទី៤ ការរៀបចំកិច្ចប្រជុំនេះ ក៏ធ្វើ
ឲ្យកម្ពុជាអាចបង្ហាញសាច់ដុំ និងឋានៈរបស់ខ្លួនស្មើមុខ ស្មើមាត់ជាមួយបណ្តាប្រទេសមហាអំណាចធំៗលើពិភពលោកផងដែរ៕

ការបង្កើតរមណីយដ្ឋានទេសចរណ៍តាមបណ្តាខេត្តជំរុញឱ្យមានការវិនិយោគដីធ្លីបន្ថែម

ភ្នំពេញៈ វឌ្ឍនៈ

ភ្នំពេញៈ សក្ដានុពលវិនិយោគអចលនទ្រព្យ នៅតាមបណ្ដាខេត្តត្រូវបានមើលឃើញថា មិនទាន់ជាមានខ្លាំង ដូចនៅក្នុងរាជធានីភ្នំពេញនោះទេ។

ដូច្នេះដើម្បីជំរុញឱ្យមានការវិនិយោគដីធ្លីបន្ថែមនោះទេ វិនិយោគិនដីធ្លីនៅក្នុងនានា បានបង្កើតរមណីយដ្ឋានជាច្រើនកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិទៅសម្រាកនិងកម្សាន្ត។ ការបង្កើតរមណីយដ្ឋានទាំងនេះ បានធ្វើឱ្យតម្លៃដីធ្លីនៅខេត្តនោះ មានសកម្មភាពទិញលក់ខ្លាំងជាងមុនមួយកម្រិត។

ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding លោកម៉ៅ មុនីរតនា ប្រចាំខេត្តព្រៃវែងបានមានប្រសាសន៍ឲ្យដឹង​កាលពីព្រឹកថ្ងៃទី៤ សីហានេះថា កាលពីមុនខេត្តនេះ មិនសូវមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់វិនិយោគិនអចលនទ្រព្យ ជាពិសេសដីធ្លីនោះទេ ប៉ុន្តែក្រោយមក ក៏ឃើញថាមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់វិនិយោគជាតិដែលមកពីភ្នំពេញ ឬបណ្ដាខេត្តនានាចូលទៅកាន់តំបន់នោះ ដើម្បីស្វែងរកដៃគូសហការអភិវឌ្ឍន៍គម្រោងអ្វីមួយ។

លោករតនាបានឲ្យដឹងថា សម្រាប់គម្រោងរមណីយដ្ឋាន នៅក្នុងខេត្តនេះមានច្រើនគួរសម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះដែរមានគម្រោងមួយចំនួន ដែលមានអ្នកវិនិយោគពីភ្នំពេញ បានចាប់ផ្ដើមនិងទាក់ទាញទេសចរជាច្រើន ទៅលេងនៅចុងសប្ដាហ៍ និងមានការស្វែងរកទិញដីជាហូរហែផងដែរ។ លោកបន្តថា ក្រោយមានការអភិវឌ្ឍជាតំបន់ទេសចរណ៍ ជារមណីយដ្ឋានជាបន្តបន្ទាប់ក្នុងខេត្តព្រៃវែង ឃើញថាសកម្ម​ភាពនៃការរកទិញដីធ្លី និងតម្លៃដីធ្លីនៅក្នុងខេត្តនេះ ក៏បានកើនឡើងមួយកម្រិតទៀត។

តែយ៉ាងណាការដោះដូមិនសូវជាច្រើនទេ តែមានបែបជាដៃគូ សហការទៅវិញ ដោយអ្នកវិនិយោគពីខេត្តផ្សេងឬពីភ្នំពេញ មានលុយមករកអ្នកមានដីនៅក្នុងខេត្តរួចហើយអភិវឌ្ឍន៍ ដើម្បីចែកប្រាក់ចំណេញជាមួយគ្នា។
លោកម៉ៅ មុនីរតនាបានបន្តថា ដីធ្លីនៅតំបន់មាត់ច្រកព្រំដែនអន្តរជាតិក៏ឃើញថាមានសន្ទុះតម្លៃ និងស្វែងរកការវិនិយោគច្រើន ពីសំណាក់វិនិយោគិនផងដែរ ដូច្នេះហើយលោកជឿជាក់ថា នៅក្នុងពេលខាងមុខនេះខេត្តព្រៃវែង នឹងទទួលបានការវិនិយោគកាន់តែច្រើន ពីសំណាក់វិនិយោគិនជាតិនិងអន្តរជាតិ ។

ដូចគ្នានេះដែរ នៅឯខេត្តបាត់ដំបងវិញក៏ឃើញថា មានការវិនិយោគលើដីធ្លី និងធ្វើឱ្យតម្លៃដីធ្លីនៅក្នុងខេត្តនេះ កាន់តែមានតម្លៃជាងមុនផងដែរ ក្រោយពេល មានការអភិវឌ្ឍតំបន់រមណីយដ្ឋានកាន់តែច្រើន នៅក្នុងខេត្តនេះ ប៉ុន្តែការវិនិយោគក្នុងខេត្តនេះភាគច្រើន ជាងអ្នកនៅក្នុងខេត្តផ្ទាល់ ដោយមិនសូវជាមានការវិនិយោគពីខាងក្រៅនោះទេ ហើយបើសិនជាក៏មានក៏មានទ្រង់ទ្រាយធំដែរ។ នេះបើតាមភ្នាក់ងារអចលនទ្រព្យមួយរូបប្រចាំខេត្តបាត់ដំបងបានថ្លែងប្រាប់តាមទូរសព្ទ ។

ជាការកត់សម្គាល់បណ្ដាខេត្តណា ដែលមានតំបន់ទេសចរណ៍កាន់តែច្រើន ខេត្តនោះតែងតែទទួលបានការចាប់អារម្មណ៍ និងការវិនិយោគលើអចលនទ្រព្យ ក៏ដូចជា ការវិនិយោគលើដីធ្លីក៏កាន់តែច្រើនដែរ ក្នុងនោះដែរ កំពត កែប កោះកុងនិងខេត្តព្រះសីហនុ ក៏មានសន្ទុះតម្លៃដីធ្លីកាន់ខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។

ជាមួយគ្នានេះ លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estate ដែលបានវិនិយោគគំរោងដីលំហែរជាច្រើននៅក្នុងខេត្តកំពត និងខេត្តមួយចំនួនទៀត បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការវិនិយោគរបស់វិស័យឯកជនដើរតួនាទីសំខាន់ណាស់ មិនត្រឹមតែលើកកំពស់សេដ្ឋកិច្ចមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែវាបាននិងកំពុងជម្រុញល្បឿននៃការអភិវឌ្ឍ និងធ្វើឲ្យដីឡើងថ្លៃផងដែរ។

លោកបន្តថា “សកម្មភាពវិនិយោគ និងការទិញដីធ្លីរបស់អ្នកវិនិយោគតែងតែកើនឡើង នៅតំបន់ណាមួយដែលគំរោងវិនិយោគធំៗទៅដល់ ព្រោះ​វាបានផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគដទៃទៀត”៕

ការរៀបចំហេដ្ឋារចនាសម្ព័ន្ឋដីឡូត៍លំហែរបូកគោលែន២សម្រេចបាន៩០ភាគរយហើយ

ដោយៈគង់ សូរិយា

កំពតៈ វឌ្ឍនភាពបាននិងកំពុងវិវត្តន៍ល្អប្រសើរ ដោយគិតមកទល់ពេលនេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ក្នុងគំរោងបូកគោលែន២ សម្រេ​ចបាន៩០ភាគរយហើយ។

គំរោងដីលំហែរ នៅក្នុងខេត្តកំពត ដែលបាននិងកំពុងវិនិយោគដោយក្រុមហ៊ុនYongsia Real Estateបាន និងកំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីវិនិយោគិនជាតិ អន្តរជាតិ ដោយសារអ្នកវិនិយោគគម្រោងនេះផ្តោតលើការអភិវឌ្ឍដោយចីរភាព និងទំនួលខុសត្រួវសង្គម។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីថ្ងៃទី៤ សីហាថា ការទទួលខុសត្រូវសង្គម និងចូលរួមលើកកំពស់វិស័យទេសចរណ៍ ក៏ដូចជា បង្កើតទីតាំងសម្រាប់លំហែរពិតប្រាកដ បាននិងកំពុងស្ថិតនៅក្នុងចក្ខុវិស័យរបស់យើង ជាហេតុធ្វើឲ្យអ្នកវិនិយោគ ឬអ្នកស្វែងរកដីលំហែរ​តែងតែនឹកគិតដល់យើងមុនគេ។

លោកបន្តថា “ជាក់ស្តែងរហូតមកទល់ពេលនេះ ដីលំហែរក្នុងគំរោងបូកគោលែន២ បានលក់អស់ជាង៨០ភាគរយហើយ និងកំពុងទទួលបាន​ការចាប់អារម្មណ៍ពីអ្នកស្វែងរកដីលំហែរជាច្រើនទៀត”។

គំរោងនេះផ្តោតលើហេដ្ឋារចនាសម្ព័ន្ឋ បរិស្ថានបៃតង សួនកំសាន្ត តំបន់ដើរហាត់ប្រាណ គយគន់ទេសភាពថ្ងៃរៀបលិច និងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត ដើម្បីឲ្យអ្នកមកលំហែរក្នុងគំរោងនេះ ទទួលបានការលំហែរពិតប្រាកដ។

លោកCooler Tanបានបង្ហើបឲ្យដឹងផងដែរថា រហូតមកទល់ពេលនេះ ការសាងសង់អាងស្តុកទឹកស្អាត សម្រាប់ប្រើប្រាស់ក្នុងគំរោងនេះបាននិងកំពុងជិតបញ្ចប់ហើយ ស្របពេលហេដ្ឋារចនាសម្ព័ន្ឋទាំងមូល មានភាព ប្រទាក់ក្រឡា និងកំពុងត្រៀមបញ្ចប់ការសាងសង់នាពេលឆាប់ៗនេះ។

គំរោងបូកគោលែន២ ស្ថិតនៅលើផ្លូវជាតិលេខ៤៣ ដែលមានចម្ងាយ​ប្រមាណ២០គីឡូម៉ែត្រពីក្រុងកំពត។ ដីក្នុងគំរោងនេះមានតម្លៃជាង៣ម៉ឺនដុល្លារឡើងទៅ អាស្រ័យលើទីតាំង និងទំហំដី ដែលមានភាពខុសៗគ្នា។

អ្នកវិនិយោគឬអ្នកចង់បានដីលំហែរ ពួកគេអាចជ្រើសរើសជម្រើសបង់ប្រាក់បានយ៉ាងប្រសើរ ដោយអតិថិជនអាចកក់មុន៣០ភាគរយ និងសល់៧០ភាគរយ អតិថិជនអាចបង់រំលស់ ដោយឥតការប្រាក់រយៈពេល៣៦ខែ៕