កម្ពុជាជាប់ចំណាត់ថ្នាក់ទី៣ នៃប្រទេសទាំង១៥នៅអាស៉ីជាប់ឈ្មោះជាគោលដៅទេសចរណ៍មានតម្លៃសមរម្យបំផុត

ដោយៈ គង់ សិរីជេស៊ីកា

ភ្នំពេញៈ ទ្វីបអាស៉ីគឺជាទ្វីបធំជាងគេនៅលើពិភពលោក ដែលមានប្រទេសពេញសិទ្ធិចំនួន៤៨ប្រទេស ក្នុងនោះប្រទេសចិនជាប្រទេសធំជាងគេនៅលើទ្វីបនេះ ប្រសិនបើមិនរាប់ដល់រុស្ស៉ី ដែលមានរដ្ឋបាលកណ្ដាលស្ថិតនៅទ្វីបអឺរ៉ុប បន្ទាប់មកគឺប្រទេសឥណ្ឌា ខណៈប្រទេសដែលតូចជាងគេបំផុតគឺប្រទេសដែនកោះម៉ាល់ឌីវ។

ប្រសិនបើភ្ញៀវទេសចរអន្តរជាតិ ចង់ដើរកម្សាន្តសប្បាយរីករាយ ជាមួ​យនឹងការចំណាយសមរម្យមួយនោះ ពួកគេអាចជ្រើសរើសគោលទេសច​រណ៍នៅតាមប្រទេសទាំង១៥នេះ ពិសេសគឺប្រទេសកម្ពុជា។

ប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍ដ៏ល្អមួយ នៅអាស៉ីភាគអាគ្នេយ៍ ក្នុងនោះភ្ញៀវទេសចរ អាចរីករាយជាមួយការទស្សនា និងស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ នៅរាជធានីភ្នំពេញ ដែលមជ្ឈមណ្ឌលសេដ្ឋកិច្ច និងគោលទេសចរណ៍វប្បធម៌ប្រវត្តិ សារមន្ទីរជាតិជាដើម។ ធ្វើដំណើរចេញពីរាជធានីភ្នំពេញ ភ្ញៀវទេសចរអាចបន្តទៅទស្សនា នៅតាមតំបន់បេតិភណ្ឌរបស់អង្គយូណេស្កូ មានដូចជាប្រាសាទអង្គរវត្ត និងរមណីយដ្ឋានអង្គរទាំងមូល ដែលស្ថិតនៅខេត្តសៀមរាប តំបន់ប្រាសាទព្រះវិហារនៅខេត្តព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក នៅខេត្តកំពង់ធំ ឬក៏អាចទៅទស្សនានៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលលាតសន្ធឹងនៅតាមខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង។

កម្ពុជាក៏មានភាពសម្បូរបែបផងដែរ ជាមួយនឹងតំបន់អេកូទេសចរណ៍នៅភាគឦសានប្រទេស នៅខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តមួយចំនួនទៀត ឬក៏ទៅទស្សនាសត្វផ្សោត ដែលជាសត្វកម្រជិតផុតពូជនៅតាមដងទន្លេមេគង្គនៃខេត្តក្រចេះ។ ជម្រើសពិសេសផ្សេងទៀត គឺការទៅទស្សនាតំបន់បេតិកភណ្ឌសម័យអាណានិគម នៅខេត្តបាត់ដំបង ខេត្តកំពត ខេត្តក្រចេះជាដើម។

ភ្ញៀវទេសចរក៏អាចទៅទស្សនា ទេសភាពបឹងទន្លេសាប ដែលជាបឹងដ៏ធំជាងគេមួយនៅអាស៉ី ក្នុងនោះមានច្រកទៅទស្សនា តាមផ្លូវទឹកជាច្រើនកន្លែងនៅខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំជាដើម។

នៅមានម្ហូបអាហារ ទស្សនីយភាពសិល្បៈ ជីវភាពរស់នៅរបស់ប្រជាជន ឈ្វេងយល់អំពីវប្បធម៌- អរិយធម៌ ដ៏ចំណាស់មួយនៅអាស៉ី និងមានផលិតផលទេសចរណ៍ជាច្រើនទៀត ដែលភ្ញៀវទេសចរអាចរីករាយ ក្នុងការស្នាក់នៅ និងទស្សនាកម្សាន្តជាមួយនឹងការចំណាយសមរម្យបំផុត។

ប្រទេសទាំង១៥រួមមាន៖
១. កាហ្សាក់ស្ថាន (Kazakhstan)
២. អាមេនី (Armenia)
៣. កម្ពុជា (Cambodia)
៤. ម៉ាឡេស៊ី (Malaysia)
៥. ឥណ្ឌូណេស៊ី (Indonesia)
៦. ថៃ (Thailand)
៧. ម៉ុងហ្គោលី (Mongolia)
៨. ប៉ាគីស្ថាន (Pakistan)
៩. នេប៉ាល់ (Nepal)
១០. បង់ក្លាដែស (Bangladesh)
១១. ឡាវ (Laos)
១២. ហ្វីលីពីន (Philippines)
១៣. មីយ៉ាន់ម៉ា (Myanmar)
១៤. វៀតណាម (Vietnam)
១៥. ឥណ្ឌា (India)៕

ខ័ណ្ឌចំនួនបីបៃរាជធានីភ្នំពេញទាក់ទាញការវិនិយោគដីធ្លីច្រើនជាងគេ ខណៈខណ្ឌពីរផ្សេងទៀតមានការធ្លាក់ចុះ

ដោយៈ សុផារី

ភ្នំពេញៈ ការវិនិយោគលើដីធ្លី នៅបន្តជាជម្រើសវិនិយោគទី១ ក្នុងចំណោមប្រភេទអចលនទ្រព្យសំខាន់ៗ ក្នុងនោះរាជធានីភ្នំពេញ នៅបន្តជាទីតាំងវិនិយោគលំដាប់ទី១របស់ប្រទេស។

តាមការសិក្សាបានបង្ហាញថា មានខណ្ឌចំនួនបី ទទួលបានកំណើនការស្វែងរកដីធ្លី និងអចលនទ្រព្យ ស្របពេលខណ្ឌចំនួនពីរផ្សេងទៀតមានការធ្លាក់ចុះភាពពេញនិយម។

ការស្ទង់មតិថ្មីមួយរបស់ AmCham Cambodia ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ដីនៅតែជាការវិនិយោគ ដែលពេញនិយមបំផុត ដែលមានអ្នកឆ្លើយតបចំនួន៤៣% ជ្រើសរើសវិនិយោគលើដី។ បុរី ខុនដូ និងអចលនទ្រព្យពាណិជ្ជកម្ម ទទួលបានការពេញនិយមបន្ទាប់ ដោយមានអ្នកចង់វិនិយោគ២៣,៩៦% ២០,៨៣% និង ៦,២៥% រៀងៗគ្នា។

ទន្ទឹមនឹងនោះ អ្នកឆ្លើយសំណួរចំនួន៨២ភាគរយ បានជ្រើសរើសទីក្រុងភ្នំពេញ ជាទីតាំងដែលពេញនិយមបំផុតសម្រាប់ការវិនិយោគ។

លោក Tom O’Sullivan នាយកប្រតិបត្តិនៃ realestate.com.kh បានធ្វើបទបង្ហាញអំពីការស្ទង់មតិ ដោយលើកឡើងថា ក្នុងចំណោមខណ្ឌទាំង១៤នៃរាជធានីភ្នំពេញ ខណ្ឌជ្រោយចង្វារ បានក្លាយជាតំបន់ពេញនិយមបំផុតនៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ សម្រាប់អ្នកទិញអចលនទ្រព្យ ដែលមានអត្រាស្វែងរក២១ភាគរយ កើនឡើងពី១២,៧ភាគរយក្នុងឆ្នាំ២០១៧។ ចំណែកខណ្ឌសែនសុខ ទទួលការពេញនិយមកម្រិត១៥,២ភាគរយ និងខណ្ឌចំការមនក្នុងអត្រា១៣,៦ភាគរយ។

ផ្ទុយទៅវិញ ខណ្ឌទួលគោក មានភាពពេញនិយម ក្នុងអត្រាស្វែងរកអច​ល​នទ្រព្យ១៤,៥ភាគរយ ក្នុងឆ្នាំ២០១៧ បានធ្លាក់ចុះយ៉ាងខ្លាំងមក៨,៣ភាគរយ ហើយខណ្ឌដូនពេញ ក៏បានធ្លាក់ចុះពីកម្រិត១០,៣ភាគរយ ដល់៥,៣ភាគរយ ក្នុងរយៈពេលដូចគ្នានេះ។

លោក Tom O’Sullivan បានលើកឡើងថា ទិន្នន័យទាំងនេះបានបង្ហាញថា ៥១ភាគរយនៃអ្នកទិញអចលនទ្រព្យ គឺជាជនជាតិខ្មែរ ខណៈជនជាតិចិនមាន២៦ភាគរយ និងជនជាតិអាមេរិកមាន២៣ភាគរយ។
លោកបន្តថា ធៀបនឹងកម្រិតមុនកូវីដ-១៩ ការទិញរបស់ចិនបានធ្លាក់ចុះ៤០ភាគរយ។

ការស្ទាបស្ទង់មតិរបស់ AmCham Cambodia នេះ បានមកពីអ្នកឆ្លើយសំណួរចំនួន៥១៧នាក់ នៅក្នុងផ្នែកផ្សេងៗគ្នា រួមមាន អ្នកធ្វើការតាម​ស្ថាប័នរដ្ឋាភិបាល ធនាគារ ស្ថាប័នហិរញ្ញវត្ថុ ច្បាប់ និងវិស័យឯកជន រួមទាំង អ្នកគ្រប់គ្រងអចលនទ្រព្យ អ្នកអភិវឌ្ឍន៍ អ្នកម៉ៅការ ស្ថាបត្យករ ភ្នាក់ងារអចលនទ្រព្យ ឬឈ្មួញកណ្តាល អ្នកផ្តល់សេវាវាយតម្លៃជាដើម៕

កម្ពុជាគ្រោងតភ្ជាប់បណ្ដាញខ្សែកាបក្រោមបាតសមុទ្រពីទីក្រុងហុងកុងមកខេត្តព្រះសីហនុ

ដោយៈ សុផារី

ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ អះអាងថា កម្ពុជាកំពុងគិតគូរតភ្ជាប់បណ្ដាញខ្សែកាបក្រោមបាតសមុទ្រ ពីទីក្រុងហុងកុង មកខេត្តព្រះសីហនុ ប្រទេសកម្ពុជា ប្រវែងជាង២.៧០០គីឡូម៉ែត្រ ដើម្បីធ្វើឱ្យប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជាមានគុណភាព និងតម្លៃថោកជាងមុន។

ការអះអាងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លង មករបស់ក្រសួងប្រៃសណីយ៍ និងទូរគមនា​គមន៍”។

លោកជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បា​នឱ្យដឹងថា ប្រទេសកម្ពុជាមានបណ្ដាញខ្សែកាប ក្រោមបាតសមុទ្រប្រហែ​ល៦៤០គីឡូម៉ែត្រ ហើយក្រសួងកំពុងតែគិតគូរ តភ្ជាប់បន្ថែមពីហុងកុង ប្រវែង២.៧០០គីឡូម៉ែត្របន្ថែមទៀត។

លោកបន្តថា នៅក្នុងខែតុលា ឆ្នាំ២០២២នេះ ក្រសួងនឹងចាប់ផ្ដើមគម្រោងបណ្តាញខ្សែកាបអុបទិក ក្រោមបាតសមុទ្រ ហុងកុង-ព្រះសីហនុ ប្រវែងសរុប២.៧១៥គីឡូម៉ែត្រ ដោយរំពឹងថានាឆ្នាំ២០២៤ គម្រោងតបណ្តាញនេះនឹងបញ្ចប់។

លោកជា វ៉ាន់ដេត បញ្ជាក់ថា “យើងសង្ឃឹមថាឆ្នាំ២០២៤នឹងចប់ មកដល់ស្រុកខ្មែរ! នៅពេលនោះ សមត្ថភាពអ៊ីនធឺណិតរបស់យើងគឺធំ ដែលយើង លែងព្រួយអំពីសមត្ថភាពអ៊ីនធឺណិតចូល ហើយយើងក៏នឹងទទួលបានសេវាអ៊ីនធឺណិតថោកជាងបច្ចុប្បន្ន”។

បើតាមរដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍រូបនេះ កម្ពុជាមានអ្នកប្រើប្រាស់សេវាទូរសព្ទចល័ត ប្រមាណ១៩,៥០លាន ក្នុងចំណោមនោះ អ្នកប្រើប្រាស់ប្រមាណ១៣លាននាក់ ចំណែកអ្នកប្រើសេវាអ៊ីនធឺណិតមានប្រមា​ណ១៧លាននាក់៕

រដ្ឋាភិបាលជប៉ុននឹងផ្តល់ហិរញ្ញប្បទានសម្បទានដល់កម្ពុជាជាង៣១០លានដុល្លារអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ជាដំណឹងរីករាយមួយ ដែលរដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ហិរញ្ញប្បទានសម្បទាន(កម្ចីការប្រាក់ទាប) ចំនួន៣១០លានដុល្លារដល់​កម្ពុជា ដើម្បីអភិវឌ្ឍ៍កំពង់ផែក្រុងព្រះសីហនុ។

ក្នុងការរួមចំណែកស្តារប្រទេស និងជម្រុញសេដ្ឋកិច្ចកម្ពុជាឡើងវិញ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណង និងកម្ចីការប្រាក់ទាបដល់កម្ពុជា ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ឋធំៗនៅកម្ពុជា ដូចជាស្ពានជ្រោយចង្វារ ស្ពានតភ្ជាប់ក្រុងកំពង់ចាម ស្ពានត្សឹបាសា ផ្លូវជាតិលេខ៥ កំពង់ផែព្រះសីហនុជាដើម។

យោងតាមសេចក្តីប្រកាសពត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២កន្លងមកបានឲ្យដឹងថា លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកHAYASHI Yoshimasa រដ្ឋមន្ត្រីការបរទេសជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទាននេះ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។

ជំនួយបែបជាឥណទានសម្បទាននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បីប្រែក្លាយកំពង់ផែនេះ ទៅជាកំពង់ផែទឹកជ្រៅស្នូល សម្រាប់ប្រទេសកម្ពុជា និងក្នុងតំបន់ ស្របតាម​ការ​ប្តេជ្ញា​ចិត្ត​​របស់នាយករដ្ឋមន្ត្រី ​នៃប្រទេសទាំងពីរកាលពីដើមឆ្នាំនេះ។

គម្រោងសាងសង់ចំណតផែ កុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២២នេះ ហើយគ្រោងបញ្ចប់​ការសាងសង់ នៅចុងឆ្នាំ២០២៥ មានប្រវែង៣៥០ម៉ែត្រ និងជម្រៅទឹក ១៤,៥ម៉ែត្រ ដែលអាចអនុញ្ញាត្តឲ្យកប៉ាល់ដឹកទំនិញធំៗ លំដាប់ពពិភពលោកអាចចូលចតបានប្រមាណ​៩០ភាគរយ៕

Government steps up efforts for closer rail links with Laos and China

Bangkok: Several state organizations have received orders from the Transport Ministry to improve rail transportation between Thailand, Laos and China.

 

Transport Minister Saksayam Chidchob said on Thursday after the meeting with the committee to connect railways between the three countries.

 

He said the committee had approved the guidelines for related organisations and ordered the Highways Department to ask for a budget to study the construction of a new bridge across the Mekong River for both cars and trains.

 

Meanwhile, the committee approved orders for the State Railway of Thailand to hasten construction of the Bangkok – Nong Khai high-speed railway and to propose the Khon Kaen – Nong Khai dual-track railway project to the Cabinet.

 

The committee also approved turning the Nong Khai railway station to become a products transfer area.

 

The committee will also study the potential for public-private partnership at Na Tha station in Nong Khai to prepare for transportation in the future, including an action plan to create a balance between demand and current capacity.

The committee will also consider the freight rate and time cost to support rail as the main transportation of choice between Thailand, Laos, and China.

 

Saksayam said that the committee had told the Customs Department to find mobile x-ray systems for the Nongkhai border checkpoint.

 

The Foreign Affairs Ministry has been told to gather information on the development in Laos to exchange and integrate with related organisations in Thailand to make an export strategy.

 

The committee also told the Agriculture and Cooperatives Ministry to negotiate with the Chinese government on opening six land checkpoints for movement of fruits, while the Commerce Ministry will monitor the trading situation between Thailand and China and utilise rail transportation to support trade.

 

The Industry Ministry has been told to hasten the construction of the Udon Thani Industrial City, while the Public Health Ministry has been told to facilitate checking of passengers’ baggage and health products.

 

Saksayam added that the committee had ordered Team Thailand (government agencies in foreign countries) to visit Laos from August 30 to September 1. They will study the conditions and potential of the Nong Khai – Vientiane route to evaluate transportation and plan to connect infrastructure.

 

By : THE NATION

 

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន២៣ឱ្យវិនិយោគអភិវឌ្ឍកោះចំនួន១៩នៅក្នុងខេត្តព្រះសីហនុ

ដោយ៖ សុផារី

ព្រះសីហនុៈ រាជ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ជាគោល​ការណ៍ឱ្យធ្វើការ​​វិនិយោគ​កោះ​ចំនួន១៩ ក្នុង​ចំណោម​កោះចំនួន​៣២នៅ​ក្នុង​ខេត្តព្រះ​សីហនុ ទៅ​ឱ្យក្រុម​ហ៊ុន​ចំនួន២៣ សម្រាប់​ធ្វើការ​អភិវឌ្ឍ​ជាតំបន់​ទេស​ចរណ៍ សណ្ឋាគារ​ និងរមណីយ​ដ្ឋាន​ផ្សេង​ទៀត សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរជាតិ​ និង​អន្ត​រ​ជាតិ។

លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងនៅក្នុង ថ្លែង​នៅ​ក្នុង​កិច្ចប្រ​ជុំជាមួយ​ក្រុមការងារ​អគ្គលេខា​ធិការ​ដ្ឋាន​ នៃគណៈ​កម្មាធិការ​ជាតិ​សន្តិ​សុខ​លម្ហស​មុទ្រ ស្តីពី​ការ​ធ្វើប​ច្ចុប្បន្ន​ភាព​ព័ត៌​មាន និង​សន្តិសុ​ខលម្ហសមុទ្រ​ថា ខេត្តព្រះសីហនុមានកោះចំនួន៣២ ក្នុងនោះក្រុងព្រះសីហនុ មានកោះចំនួន៥ មានក្រុមហ៊ុនចំនួន៤ វិនិយោគលើកោះ៤ ក្រុងកោះរ៉ុងមានកោះ១៩ មានក្រុមហ៊ុនចំនួន៧ វិនិយោគលើកោះចំនួន៩ ស្រុកព្រៃនប់មានកោះចំនួន៧ មានក្រុមហ៊ុនចំនួន១២ វិនិយោគលើកោះចំនួន៦និងស្រុកស្ទឹងហាវ មានកោះចំនួន១។

លោកបានបន្តថា ក្នុងចំណោមកោះទាំង៣២ នៃខេត្តព្រះសីហនុ មានកោះចំនួន១៩ ត្រូវបានទទួលគោលការណ៍វិនិយោគ អភិវឌ្ឍពីរាជរដ្ឋាភិបាល ដែលមាន២៣ក្រុមហ៊ុន។

លោកអភិបាលរងខេត្ត បានបន្តថា ក្នុងនាមរដ្ឋបាលខេត្តស្វាគមន៍គណៈប្រតិភូ ដែលបានមកធ្វើបច្ចុប្បន្នភាពព័ត៌មានសន្តិសុខលម្ហសមុទ្រនៅខេត្តព្រះសីហនុ ក៏ដូចជានៅតាមបណ្តាកោះមួយចំនួនទៀតក្នុងខេត្តជាប់សមុទ្រ។

លោក សួន សំណាង សមាជិកប្រចាំការគណៈកម្មាធិកាជាតិសន្តិសុខលម្ហសមុទ្រ បានឱ្យដឹងថា ក្រុមការងារត្រូវការទិន្នន័យថ្នីៗបន្ថែម ដើម្បីធ្វើការផ្ទៀងផ្ទាត់ ពិសេសការវិនិយោគនៅលើកោះ និងផលប៉ះពាល់ទៅលើវិស័យការពារជាតិ។ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រមានវិសាលភាព ក្នុងការគ្រប់គ្រងគ្របដណ្តប់ក្នុងការឆ្លើយតបការទទួលខុសត្រូវរបស់ខ្លួន ក្នុងតួនាទីចូលរួមការពារជីវៈចម្រុះបាតសមុទ្រ និងកិច្ចគាំពារបរិស្ថានផងដែរ។

លោក សួន សំណាង បានបន្តថា ចំណុចទាក់ទងការងារពីរឆ្នាំ យើងរៀបចំឡើងវិញស្របតាមគោលនយោបាយជាតិសន្តិសុខលម្ហសមុទ្រ ទាមទាឱ្យក្រុមការងារប្រមូលទិន្នន័យ ដើម្បីធ្វើបច្ចុប្បន្នភាពឱ្យកាន់តែស៊ីជំរៅ និងមាន ប្រសិទ្ធភាពក្នុងការគ្រប់គ្រងដែនសមុទ្រកម្ពុជា៕

 

រដ្ឋាភិបាលថៃពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ផ្លូវដែកជាមួយប្រទេសឡាវនិងចិន

ដោយ៖ សុខុម

បាងកក: ស្ថាប័នរដ្ឋជាច្រើនបានទទួលបទបញ្ជាទិញពីក្រសួងដឹកជញ្ជូនថៃ ដើម្បីកែលម្អការដឹកជញ្ជូនតាមផ្លូវដែករវាងប្រទេសថៃ ប្រទេសឡាវ និងប្រទេសចិន។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយនៅថ្ងៃសុក្រ ទី៥ ខែសីហា នេះ។

រដ្ឋមន្ត្រីដឹកជញ្ជូនថៃ លោក Saksayam Chidchob បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា បន្ទាប់ពីកិច្ចប្រជុំជាមួយគណៈកម្មាធិការ ដើម្បីតភ្ជាប់ផ្លូវដែករវាងប្រទេសទាំង៣ថា គណៈកម្មាធិការក្រសួងបានអនុម័តគោលការណ៍ណែនាំនេះ ដើម្បីឱ្យស្ថាប័នពាក់ព័ន្ធអនុវត្ត និងបានបញ្ជាឱ្យនាយកដ្ឋានផ្លូវហាយវ៉េ (Highways Department) ស្នើសុំថវិកា ដើម្បីសិក្សាសមិទ្ធលទ្ធភាពសាងសង់ស្ពានថ្មីមួយកាត់ទន្លេមេគង្គ សម្រាប់ទាំងរថយន្ត និងរថភ្លើង។

ទន្ទឹមនឹងនេះ គណៈកម្មាធិការក្រសួងបានអនុម័តលើបទបញ្ជាឱ្យប្រតិបត្តិករផ្លូវដែករដ្ឋ State Railway of Thailand ពន្លឿនការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនបាងកក-ណងខៃ (Bangkok-Nong Khai High-Speed Railway) និងស្នើគម្រោងផ្លូវដែកខុនគែន-ណងខៃ (Khon Kaen-Nong Khai Railway) ទៅគណៈរដ្ឋមន្ត្រី។

គណៈកម្មាធិការក្រសួងក៏នឹងសិក្សាពីសក្តានុពលនៃការចាប់ដៃគូសហការ រវាងវិស័យរដ្ឋ និងឯកជននៅស្ថានីយ Na Tha ក្នុងខេត្តណងខៃ (Nong Khai) ដើម្បីត្រៀមរៀបចំសម្រាប់ការដឹកជញ្ជូននាពេលអនាគត រួមទាំងផែនការសកម្មភាព ដើម្បីបង្កើតតុល្យភាព រវាងតម្រូវការ និងសមត្ថភាពបច្ចុប្បន្នផងដែរ។

គណៈកម្មាធិការនេះក៏នឹងពិចារណាផងដែរ ចំពោះអត្រាតម្លៃដឹកជញ្ជូន និងពេលវេលាដើម្បីគាំទ្រផ្លូវដែក ដែលជាជម្រើសដ៏សំខាន់នៃការដឹកជញ្ជូន រវាងប្រទេសថៃ ប្រទេសឡាវ និងប្រទេសចិន៕

CDC ជំរុញវិនិយោគិនបរទេសមកវិនិយោគនៅកម្ពុជា ស្របពេលអ្នកជំនាញមានសុទិដ្ឋិនិយមចំពោះរំហូរវិនិយោគពីបរទេសនៅចុងឆ្នាំនេះ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC បានលើកទឹកចិត្តឱ្យតំណាងវិស័យឯកជនលើឆាកអន្តរជាតិស្វែងយល់បន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងជាច្រើនដែលកម្ពុជាបានចុះហត្ថលេខា នាពេលកន្លងមក។

លោក សុខ ចិន្តាសោភា បានលើកឡើងថា បន្ទាប់ពីពិភពលោកបានជួបវិបត្តិនៃជំងឺកូវីដ១៩បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល បានធ្វើឱ្យការធ្វើពាណិជ្ជកម្ម និងធុរកិច្ចនាពេលបច្ចុប្បន្នមានការផ្លាស់ប្តូរ បើធៀបនឹងអំឡុងពេលមុន។

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំបានខិតខំស្តារសេដ្ឋកិច្ចឡើងវិញ ដោយធ្វើការដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួន ដូចជា ច្បាប់ស្តីពីវិនិយោគថ្មី និងក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយជំងឺកូវីដ១៩ ស្របតាមគន្លងប្រក្រតីភាពថ្មី។

លោកបានលើកទឹកចិត្តឱ្យតំណាងវិស័យឯកជន ដែលមានវត្តមានក្នុងវេទិកានេះស្វែងយល់បន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ នៅកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងជាច្រើន ដែលកម្ពុជាបានចុះហត្ថលេខា ជាពិសេស កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមានចាប់ពីដើមឆ្នាំ២០២២នេះ។

បើតាមអ្នកជំនាញនៃវិស័យអចលនវត្ថុកម្ពុជាជាច្រើន​ បានបង្ហាញពីសុទិដ្ឋិនិយមចំពោះរំហូរវិនិយោគពីបរទេសនៅកម្ពុជាឡើងវិញ ក្រោយពីស្ថានភាពនៃវិបត្តិកូវីដ១៩នៅក្នុងប្រទេសមានភាពធូរស្រាលច្រើន។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២២នេះ អាចនៅត្រឹមចុងឆ្នាំនឹងមានការវិនិយោគពីបរទេសឡើងវិញហើយនឹងមានចំនួនកាន់តែច្រើនជាក់ស្ដែង នៅក្នុងឆ្នាំ២០២២នេះ រំហូរទុនវិនិយោគពីបរទេសចូលមកកម្ពុជាមានចំនួនកាន់តែច្រើនជាបណ្ដើរៗហើយ។

លោកបន្តថា កម្ពុជាបានមានសក្ដានុពលទូលំទូលាយ សម្រាប់វិនិយោគិនបរទេសក្នុងការបណ្ដាក់ទុនរកប្រាក់ចំណេញនៅពេលអនាគត។ ក្នុងនោះ ច្បាប់វិនិយោគថ្មីព្រះរាជាណាចក្រកម្ពុជា និងតម្លៃដីធ្លីនៅមានកម្រិតទាបជាងបណ្ដាប្រទេសនានាជិតខាងធ្វើឱ្យជនបរទេសនៅតែចាប់អារម្មណ៍ក្នុងការវិនិយោគលើកម្ពុជា៕

ក្រសួងសាធារណការនិងដឹកជញ្ជូនបញ្ជាក់ឯកសារភ្ជាប់ដែលពលរដ្ឋត្រូវតែយកតាមខ្លួននៅពេលបើកបរយានយន្ត

ដោយ៖ សហការី

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី0៥ ខែសីហា ឆ្នាំ ២០២២នេះ បានប្រកាសឱ្យអ្នកបើកបរយានយន្តធ្វើដំណើរតាមដងផ្លូវ ត្រូវមានបណ្ណបើកបរច្បាប់ដើមតាមខ្លួន ខណៈបណ្ណសំគាល់យានជំនិះអាចប្រើប្រាស់ឯកសារថតចម្លង។

 

សេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការបញ្ជាក់ថា ករណីប័ណ្ណសំគាល់យានជំនិះមិនមាន QR Code តម្រូវឱ្យមានការបញ្ជាក់ពីស្ថាប័នមានសត្ថកិច្ចលើច្បាប់ថតចម្លងនោះទើបអាចប្រើប្រាស់ជាផ្លូវការបាន។

 

ចំណែកវិញ្ញាបនប័ត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ក៏អាចប្រើប្រាស់ឯកសារថតចម្លងបានដែរ។

 

ចំណែករថយន្តដែលប្រកបអាជីវកម្មដឹកជញ្ជូនទំនិញ ឬអ្នកដំណើរត្រូវភ្ជាប់តាមខ្លួនបន្ថែមនូវលិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូន ក៏អាចប្រើប្រាស់ឯកសារច្បាប់ចម្លងបានដែរ៕

ប្រមុខការទូតមហាអំណាចធំៗចំនួន៣កំពុងជជែកទល់មុខគ្នានៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅទីក្រុងភ្នំពេញ

ដោយ៖ សុផារី

ភ្នំពេញ៖ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ បាននិងកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅក្នុងរាជធានីភ្នំពេញ។

ក្នុងនោះ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១២ (12th East Asia Summit Foreign Ministers’ Meeting) ត្រូវដំណើរការហើយ នៅវេលាម៉ោង ០៩:០០នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ ហើយតាមការគ្រោងទុក ត្រូវបន្តរហូតដល់ម៉ោង ១១:៣០នាទី។

កិច្ចប្រជុំកំពូលអាស៉ី-បូព៌ា (EAS) មានសមាជិកចំនួន ១៨ប្រទេស រួមមាន សមាជិកអាស៊ានទាំង ១០ (ASEAN Countries) អូស្រា្តលី ចិន ឥណ្ឌា ជប៉ុន ណូវែលហ្សេឡង់ កូរ៉េខាងត្បូង រុស្ស៉ី និងអាមេរិក។

នៅថ្ងៃចុងក្រោយនេះដែរ មានកិច្ចប្រជុំសំខាន់មួយទៀត គឺវេទិកាតំបន់អាស៊ានលើកទី២៩ (29th ASEAN Regional Forum) ។ វេទិកាតំបន់អាស៊ានលើកទី២៩ (29th ASEAN Regional Forum) តាមការគ្រោងទុក ត្រូវចាប់ផ្តើមនៅវេលាម៉ោង ១៤:០០ រសៀល រហូតដល់ម៉ោង ១៧:១៥ នាទី។

វេទិកាតំបន់អាស៊ាន (ARF) មានសមាជិក២៧ប្រទេស សមាជិកអាស៊ានទាំង១០ ដៃគូសន្ទនារបស់អាស៊ានចំនួន១០ប្រទេស (ASEAN Dialogue Partners) រួមមាន អូស្ត្រាលី កាណាដា ចិន សហភាពអឺរ៉ុប ឥណ្ឌា ជប៉ុន ណូវែលហ្សេឡង់ សាធារណរដ្ឋកូរ៉េ (ឬកូរ៉េខាងត្បូង) រុស្ស៉ី និងអាមេរិក និងបូកប្រទេស៧ទៀត រួមមាន បង់ក្លាដេស សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (ឬកូរ៉េខាងជើង) ម៉ុងហ្គោលី ប៉ាគីស្ថាន ស្រីលង្កា ប៉ាពូញូវហ្គីណេ និងទីម័រខាងកើត។

បន្ថែមលើនេះ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងធ្វើសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីស្តីការក្រសួងការបរទេស។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៦៧ ដោយសេចក្ដីថ្លែងការណ៍ រាជធានីបាងកកបន្ទាប់ពីអាស៊ានត្រូវបានបង្កើតឡើង។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ប្រជុំយ៉ាងហោចណាស់ ៤ដង ក្នុងមួយឆ្នាំ ហើយអាចកោះប្រជុំពិសេសនៅពេលចាំបាច់ ដើម្បីពិភាក្សាអំពីបញ្ហា ដែលទាមទារឲ្យមានការយកចិត្តទុកដាក់បន្ទាន់ ពីអាស៊ាន។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ពិនិត្យ និងពិភាក្សា ជាទៀងទាត់ អំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងទិសដៅជាយុទ្ធសាស្ត្ររបស់ខ្លួន ក៏ដូចជាការប្រព្រឹត្តទៅនៃទំនាក់ទំនងខាងក្រៅ របស់អាស៊ាន។

កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីឆ្នាំ២០០២ និង២០១២៕