ប្រទេសចំនួន៤ក្នុងតំបន់រៀបចំព្រឹត្តិការណ៍កីឡាមិត្តភាពវ័យចំណាស់ដើម្បីលើកកំពស់វិស័យទេសចរណ៍

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ ការប្រកួតបាល់ទាត់មិត្តភាពវ័យចំណាស់ មេគង្គ រយៈពេល៤ថ្ងៃនេះ គឺបានចូលរួមផ្សព្វផ្សាយគោលដៅ ទេសចរណ៍សុវត្ថិភាពនៅកម្ពុជា។

ព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាព វ័យចំណាស់មេគង្គ (កម្ពុជា ថៃ ឡាវ និងវៀតណាម) រនៅខេត្តសៀមរាប រយៈពេល៤ថ្ងៃនេះ គឺបានចូលរួមផ្សព្វផ្សាយ “កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព ស្អាត និងបៃតង” ព្រមទាំងផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់សៀមរាប-អង្គរ។

គួរជម្រាបថា ព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គនេះបានធ្វើឡើងចាប់តាំងពីថ្ងៃទី៤-៧ ខែសីហា ឆ្នាំ២០២២ នៅខេត្តសៀមរាប ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយនឹងរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធ និងដោយមានការចូលរួមពីក្រុមកីឡាករទាំង៤ មានកម្ពុជា ថៃ ឡាវ និងវៀតណាមសរុបចំនួន១៥០នាក់ ត្រូវបានបញ្ជប់ប្រកបដោយភាពជោគជ័យ ក្រោមបរិយាកាសសប្បាយរីករាយនិងស្និទ្ធស្នាល ដែលមានអ្នកចូលរួមទស្សនាប្រមាណជាង១០០០នាក់។

លោក សុខ វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មកម្សាន្ត និងកីឡាទេសចរណ៍ បានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញសក្តានុពលទេសចរណ៍ខេត្តសៀមរាប-អង្គរ ក្នុងដំណាក់កាលនៃការងើបឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ស្របតាមផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ និងដើម្បីអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗសម្បូរបែប តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់វ័យចំណាស់ និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិនៅបណ្តាប្រទេសតាមដងទន្លេមេគង្គ។

លោកបានបន្តថា ព្រឹត្តិការណ៍នេះក៏បានចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់សៀមរាប-អង្គរ ជំរុញកំណើនភ្ញៀវទេសចរ អភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យកីឡាទេសចរណ៍ និងទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកស្នេហាវិស័យកីឡាជាតិនិងអន្តរជាតិ ជាពិសេសចូលរួមលើកស្ទួយវិស័យកីឡាទេសចរណ៍នៅកម្ពុជា ដើម្បីអបអរសាទរដំណើរឆ្ពោះទៅការប្រកួតកីឡា SEA GAMES – ASEAN PARA GAMES 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ ព្រមទាំងផ្សព្វផ្សាយ «កម្ពុជា៖ ព្រះរាជាណាចក្រកម្ពុជាអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ» ជាគោលដៅទេសចរណ៍សុវត្ថិភាព ស្អាត និងបៃតង និងស្របតាមយុទ្ធសាស្ត្រផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឆ្នាំ២០២៣ (Visit Cambodia Year 2023)។

លោក សុខ វណ្ណា បានបង្ហាញលទ្ធផល៖
* ក្រុមកីឡាករបាល់ទាត់វ័យចំណាស់កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១
* ក្រុមកីឡាករបាល់ទាត់វ័យចំណាស់ថៃ៣ ទទួលបានចំណាត់ថ្នាក់លេខ២
* ក្រុមកីឡាករបាល់ទាត់វ័យចំណាស់ឡាវ ទទួលបានចំណាត់ថ្នាក់លេខ៣
* ក្រុមកីឡាករបាល់ទាត់វ័យចំណាស់ថៃ១ ទទួលបានចំណាត់ថ្នាក់លេខ៤
* ក្រុមកីឡាករបាល់ទាត់វ័យចំណាស់ថៃ២ ទទួលបានចំណាត់ថ្នាក់លេខ៥
* ក្រុមកីឡាករបាល់ទាត់វ័យចំណាស់វៀតណាម ទទួលបានចំណាត់ថ្នាក់លេខ៦។

លោកប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មកម្សាន្ត និងកីឡាទេសចរណ៍នៃក្រសួងទេសចរណ៍បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់វ័យចំណាស់មេគង្គ (កម្ពុជា ថៃ ឡាវ និងវៀតណាម) រយៈពេល៤ថ្ងៃនេះ ទទួលបានការអបអរសាទរ និងការគាំទ្រពីគ្រប់មជ្ឍដ្ឋានដែលជាមន្ត្រីរាជការ សិស្ស-និស្សិត ប្រជាពលរដ្ឋទូទៅ និងភ្ញៀវទេសចរផងដែរ។ តាមរយៈពេលព្រឹត្តិការណ៍នេះ បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទាំងសេដ្ឋកិច្ច សង្គម ដើម្បីស្តារការងើបឡើងវិញនូវវិស័យទេសចរណ៍តំបន់សៀមរាប-អង្គរ៕

តើកោះចំនួនប៉ុន្មាននៅខេត្តព្រះសីហនុកំពុងត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនឯកជន

ដោយៈ គង់ សូរិយា

ព្រះសីហនុៈ មន្រ្តីជាន់ខ្ពស់រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នកោះចំនួន១៩បាននិងកំពុងវិនិយោគ និងអភិវឌ្ឍន៍ដោយក្រុមហ៊ុនឯកជន ដែលទទួលបានសិទ្ឋសម្បទានពីរដ្ឋាភិបាល។

យោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តព្រះសីហនុ បានឲ្យដឹងថា ខេត្តជាប់តំបន់ឆ្នេរ ដែលមានភាពល្បីល្បាញ និងអភិវឌ្ឍន៍លឿនជាងគេនេះ មានកោះសរុបប្រមាណចំនួន៣២ ក្នុងនោះមានកោះចំនួន១៩បាននិង​កំពុងវិនិយោគដោយ​ក្រុមហ៊ុន​ឯកជនចំនួន២៣។

អភិបាលរងខេត្តព្រះសីហនុ លោក គង់ វិតាណៈ បានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា ខេត្តព្រះសីហនុ មានកោះចំនួន៣២ រួមមានទី១ ក្រុងព្រះសីហនុ មានកោះចំនួន៥ មានក្រុមហ៊ុនចំនួន៤ វិនិយោគលើកោះ៤។ ទី២ ក្រុងកោះរ៉ុង មានកោះ១៩ មានក្រុមហ៊ុនចំនួន៧ វិនិយោគលើកោះចំនួន៩។

ទី៣ ស្រុកព្រៃនប់ មានកោះចំនួន៧ មានក្រុមហ៊ុនចំនួន១២កំពុងវិនិយោគលើកោះចំនួន៦ និងទី៤ ស្រុកស្ទឹងហាវ មានកោះចំនួន១ផងដែរ។

លោកឧត្តមសេនីយ៍ឯក សួន សំណាង សមាជិកប្រចាំការគណៈកម្មាធិកាជាតិសន្តិសុខលម្ហសមុទ្រ (គ.ជ.ស.ស) បានមានប្រសាសន៍ថា​ ក្រុមការងារត្រូវការទិន្នន័យថ្នីៗបន្ថែម ដើម្បីធ្វើការផ្ទៀងផ្ទាត់ ពិសេសការ​វិនិយោគ​នៅលើកោះ និងផលប៉ះពាល់ទៅលើវិស័យការពារជាតិ។

លោកបន្តថា “គណៈកម្មាធិការជាតិសន្តិសុខលម្ហ​សមុទ្រ មានតួនាទី​​គ្រប់គ្រង​គ្រប​ដ​ណ្ត​ប់ និង​ឆ្លើយ​តប​ការទទួលខុសត្រូវរបស់ខ្លួន ក្នុងការចូលរួមការពារជីវៈចម្រុះបាតសមុទ្រ និងកិច្ចគាំពារ​បរិស្ថាន​”៕

ខុនដូ ជា សារ៉ន បើកលក់ក្នុងតម្លៃទាបបំផុតសម្រាប់កម្មកររោងចក្រ អ្នករត់កង់បី ក៏អាចទិញបាន

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ខុសប្លែកពីក្រុមហ៊ុនដទៃ ដែលបង្កើតខុនដូផ្តោតលើអតិថិជនគោលដៅអ្នកមាន និងអ្នកមានចំណូលខ្ពស់ ក្រុមហ៊ុនជា សារ៉ន របស់លោកឧកញ៉ា ជា សារ៉ន បានវិនិយោគសាងសង់ គម្រោងខុនដូតម្លៃសមរម្យត្រឹមជាង១ម៉ឺនដុល្លារជាលើកដំបូងនៅកម្ពុជា និងលើពិភពលោក។

គោលបំណងនៃការបង្កើតខុនដូតម្លៃសមរម្យនេះ គឺដោយសារ លោកឧកញ៉ា ចង់ជួយដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ដែលមានចំណូលមធ្យម និងក្រោមធម្យមអាចមានលទ្ធភាពទិញខុនដូ សម្រាប់រស់នៅដូចអ្នកមានដែរ។

ក្រៅពីខណ្ឌកំបូល ឧកញ៉ា ជា សារ៉ន ប្តេជ្ញាបង្កើតគម្រោងខុនដូតម្លៃសមរម្យនេះនៅតាមខណ្ឌផ្សេងៗ ក្នុងរាជធានីភ្នំពេញជាច្រើនទៀតផងដែរ។

នាពិធីសម្ពោធបើកការដ្ឋានសាងសង់ និងបើកលក់គម្រោងខុនដូ ជា សារ៉ន កាលពីព្រឹកថ្ងៃទី៧ ខែសីហា ឧកញ៉ា ជា សារ៉ន ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ជា សារ៉ន គ្រុបបានគូសបញ្ជាក់ថា គម្រោងខុនដូ ជា សារ៉ន ដែលមានទីតាំងស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានបង្កើតឡើងដើម្បីប្រជាជន។ ព្រោះគម្រោងខុនដូនេះ ផ្តោតលើអតិថិជនគោលដៅ ដែលមានចំណូលមធ្យម និងក្រោមធម្យម ខុសប្លែកពីគម្រោងខុនដូដទៃ ដែលផ្តោតលើអ្នកមានចំណូលលើមធ្យម និងជនបរទេស។

បើតាមការគូសបញ្ជាក់របស់លោកឧកញ៉ា ជា សារ៉ន ខុនដែលមានទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រនេះ មានតម្លៃត្រឹមតែ១ម៉ឺន៥ពាន់ដុល្លារក្នុង១យូនីតតែប៉ុណ្ណោះ។

មូលហេតុដែលជំរុញឲ្យលោកឧកញ៉ា បង្កើតគម្រោងខុនដូតម្លៃសមរម្យនេះ គឺដោយសារលោកឧកញ៉ា ចង់ជួយដល់កម្មករ កម្មការិនី និងប្រជាពលរដ្ឋរកស៊ីក្រៅប្រព័ន្ធ ដែលមានចំណូលកម្រិតទាប អាចមានលទ្ធភាពទិញខុនដូសម្រាប់ស្នាក់នៅផ្ទាល់ខ្លួន ដោយមិនចាំបាច់ជួលបន្ទប់ ឬផ្ទះសម្រា​ប់រស់នៅ។

ពាក់ព័ន្ធស្ថានភាពទីផ្សារ លោកឧកញ៉ា ជា សារ៉ន អះអាងថា គម្រោងខុនដូតម្លៃសមរម្យ ជា សារ៉ន ទទួលបានការកក់ និងបញ្ជាទិញពីអតិថិជនយងច្រើនលើសការរំពឹងទុក សម្រាប់ការបើកលក់មួយរយៈកន្លងមកនេះ។ កត្តានេះបានធ្វើឲ្យ លោកឧកញ៉ា ហាក់គ្មានការព្រួយបារម្ភ ចំពោះវិបត្តិកូវីដ-១៩ ក្នុងការធ្វើឲ្យប៉ះពាល់ដល់ទីផ្សារទិញលក់ខុនដូ ក្នុងគម្រោងនេះនោះទេ។

ទន្ទឹមនឹងនេះ លោកឧកញ៉ា ក៏បានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការបង្កើតគម្រោងខុនដូតម្លៃសមរម្យនេះ នៅតាមខណ្ឌផ្សេងៗក្នុងរាជធានីភ្នំពេ​ញឲ្យបានច្រើនទៀតផងដែរ។

គម្រោងខុនដូ ជា សារ៉ន មានទីតាំងស្ថិតនៅខុនដូ ជា សារ៉ន ស្ថិតនៅភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ក្បែរតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ គម្រោងនេះមាន១២អគារ ស្ថាបនាលើផ្ទៃដី៣ម៉ឺន៤ពាន់ម៉ែត្រការ៉េ ជាមួយទុនវិនិយោគប្រមាណ៥០លានដុល្លារអាមេរិក៕

រុស្ស៊ីវាយបក ដោយហាមវិនិយោគិនលោកខាងលិច មិនឱ្យលក់ភាគហ៊ុនក្នុងគម្រោងថាមពល និងធនាគារ

ដោយៈ សុខុម

មូស្គូ: ប្រទេសរុស្ស៊ី បានចេញបម្រាមមិនឱ្យវិនិយោគិន មកពីបណ្ដាប្រទេសអមិត្ត លក់ចេញភាគហ៊ុនរបស់ខ្លួន នៅក្នុងគម្រោងថាមពលសំខាន់ៗ និងធនាគារនានានៅរុស្ស៊ី រហូតដល់ដំណាច់ឆ្នាំ២០២២ ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្ម ដែលលោកខាងលិចបានដាក់មកលើខ្លួន។

បណ្តាប្រទេសលោកខាងលិច និងសម្ព័ន្ធមិត្តរួមទាំងជប៉ុន ផងបានរួមគ្នាដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ មកលើប្រទេសរុស្ស៊ី ដូចទឹកបាក់ទំនប់ ចាប់តាំងពីរុស្ស៊ី បានបញ្ឆេះសង្គ្រាមចូលឈ្លានពាន ប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំនេះ។

ជាការឆ្លើយតបទៅនឹងទណ្ឌកម្មទាំងនេះ រដ្ឋាភិបាលក្រុងមូស្គូ បានសងសឹកវិញភ្លាមៗ ដោយធ្វើយ៉ាងណាឱ្យបណ្ដាក្រុមហ៊ុន លោកខាងលិច និងសម្ព័ន្ធមិត្ត ពិបាកនឹងចាកចេញពីប្រទេសរុស្ស៊ី តួយ៉ាងដូចជាការចេញបម្រាមខាងលើនេះជាដើម ហើយក្នុងករណីខ្លះ ថែមទាំងបានរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទាំងនោះទៀតផង។

ក្រឹត្យដែលចុះហត្ថលេខាដោយប្រធានាធិបតី វ្លាឌីមៀ ពូទីន ហើយផ្សព្វផ្សាយកាលពីថ្ងៃសុក្រ ទី៥ ខែសីហា នេះបានដាក់បម្រាមភ្លាមៗ លើវិនិយោគិន មកពីបណ្តាប្រទេស ដែលបានគាំទ្រការដាក់ទណ្ឌកម្ម លើប្រទេសរុស្ស៊ី មិនឱ្យលក់ចេញទ្រព្យសម្បត្តិ ក៏ដូចជា ភាគហ៊ុនរបស់ខ្លួន នៅក្នុងក្រុមហ៊ុនថាមពល ធនាគារ និងគម្រោងផ្សេងៗទៀតរាប់ ចាប់ពីផលិតកម្មប្រេង និងឧស្ម័នរហូតដល់ធ្យូងថ្ម និងរ៉ែនីគែលនៅរុស្ស៊ី។

ក្រឹត្យនេះបញ្ជាក់ថា លោក ពូទីន អាចនឹងចេញការលើកលែងពិសេសក្នុងករណីមួយចំនួន ដើម្បីឱ្យកិច្ចព្រមព្រៀងនានាបន្តទៅមុខ ហើយរដ្ឋាភិបាល និងធនាគារកណ្តាលនៃប្រទេសនេះ នឹងត្រៀមរៀបចំបញ្ជីឈ្មោះធនាគារសម្រាប់ឱ្យវិមានក្រឹមឡាំង (រុស្ស៊ី) អនុម័ត។

ទោះជាយ៉ាងណា ក្រឹត្យនេះមិនបានបញ្ជាក់ឈ្មោះ វិនិយោគិនណាម្នាក់ចំៗនោះឡើយ៕ Reuters៕

ក្រុមហ៊ុនអចលទ្រព្យFPITគ្រោងនឹងបោះទុន១១២លានដុល្លារលើគម្រោងសាងសង់រោងចក្រនិងឃ្លាំង

ដោយ: លាងហួរ

ប្រទេសថៃ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឧស្សាហកម្ម Frasers Property Industrial(FPIT) នឹងចំណាយប្រាក់ចំនួន៤ពាន់លានបាត (ជាង១១២លានដុល្លារ) ដើម្បីពង្រីកឃ្លាំងថ្មី និងរោងចក្រដែលសមស្របតាមតម្រូវការ និងមជ្ឈមណ្ឌលស្តុកទុកខ្នាតតូចក្នុងទីក្រុង ដើម្បីទាញយកប្រយោជន៍ពីការកើនឡើងនៃតម្រូវការ។

លោក Sopon Racharaksa នាយកប្រតិបត្តិបាននិយាយថា ការកាន់កាប់សរុបរបស់ខ្លួន នៅក្នុងត្រីមាសទីមួយឆ្នាំនេះ មានចំនួន៨៥ភាគរយ ខ្ពស់ជាងគោលដៅរបស់ខ្លួន៨៣ភាគរយ ដោយសារទស្សនវិស័យផ្នែកឧស្សាហកម្មមានសុទិដ្ឋិនិយម ដែលជំរុញដោយការជួលរយៈពេលខ្លី និងតម្រូវការពីអតិថិជនក្នុងវិស័យរថយន្ត និងអេឡិចត្រូនិច។

ក្រុមហ៊ុន FPIT គ្រោងនឹងចំណាយប្រាក់ចំនួន៣ពាន់លានបាតលើការអភិវឌ្ឍន៍ឃ្លាំង លើផ្ទៃដីសរុប២០ម៉ឺនម៉ែត្រការ៉េ ដែលនឹងត្រូវបញ្ចប់នៅឆ្នាំក្រោយ។

ក្រុមហ៊ុននឹងចំណាយប្រាក់ពី៤០០ទៅ ៥០០លានបាត ដើម្បីអភិវឌ្ឍរោងចក្រ ដែលសាងសង់ស្របគ្នា ជាមួយនឹងផ្ទៃដីសរុប១២០០០ម៉ែត្រការ៉េ ដែលនឹងបញ្ចប់នៅឆ្នាំ២០២៣។

លោក Sopon Racharaksaបាន បន្ត ថា បញ្ហា ប្រឈម គឺ ការ ចំណាយ លើ ការ អភិវឌ្ឍ កាន់តែ ខ្ពស់ ដែល បាន កើនឡើង១៥ភាគរយ ដោយសារ សង្គ្រាម នៅអ៊ុយក្រែន។

លោកបន្ថែមថា យើងត្រូវគ្រប់គ្រងការចំណាយ និងព្យាយាមចរចាជាមួយអ្នកជួល ដើម្បីចុះហត្ថលេខាលើកិច្ចសន្យាជួល រយៈពេលវែងជាថ្នូរនឹងអត្រាការជួលកាន់តែប្រសើរ៕

សភាពាណិជ្ជកម្មថៃបង្កើនឱកាសនិងពង្រីកទីផ្សារនៅកម្ពុជា និងប្រទេសក្នុងតំបន់

ដោយៈ គង់ សូរិយា

ភ្នំពេញៈ សភាពាណិជ្ជកម្ម និងអ្នកធុរកិច្ចថៃបាននិងកំពុងពង្រីកឱកាសនៃការវិនិយោគ ដើម្បីពង្រីកទីផ្សារនៅកម្ពុជា។

ថ្លែងក្នុងជំនួបជាមួយលោកប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៥ សីហា លោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃនិងគណៈកម្មការធុរកិច្ចថៃ គោលបំណងនៃទស្សនកិច្ច របស់គណៈប្រតិភូសភាពាណិជ្ជកម្មថៃនាពេលនេះ គឺដើម្បីបង្កើនឱកាសពាណិជ្ជកម្ម ពង្រីកបណ្តាញទីផ្សារ តាមរយៈពិព័រណ៍ពាណិជ្ជកម្ម មានគុណភាពខ្ពស់ ជាពិសេស នៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV)។

លោកបន្តថា ជាងនេះទៅទៀត ទស្សនកិច្ចពាណិជ្ជកម្ម និងពិព័រណ៍ពាណិជ្ជកម្មនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការតភ្ជាប់ជាមួយដៃគូអាជីវកម្មនានាក្នុងប្រទេសកម្ពុជា ដូចជា សភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាសមាគមពាណិជ្ជកម្មនានា ដើម្បីអញ្ជើញធុរជនកម្ពុជា-ថៃ ជួបគ្នាក្នុង គោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ក៏ដូចជាការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសថៃបន្ថែមទៀត។

ជាការឆ្លើយតបលោកប៉ាន សូរស័ក្តិ បានស្នើដល់ លោកប្រធានគណៈប្រតិភូសភាពាណិជ្ជកម្មថៃ ឱ្យជួយជំរុញសកម្មភាពពាណិជ្ជកម្មសំខាន់ៗមួយចំនួន រួមមាន៖ (១) រៀបចំបេសកកម្មពាណិជ្ជកម្ម កម្ពុជា-ថៃ (២) ចូលរួមក្នុងការតាំងពិពណ៌កម្ពុជា ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ នៅរាជធានីភ្នំពេញ និងរៀបចំដោយ ក្រសួងពាណិជ្ជកម្មកម្ពុជា និង (៣) ចូលរួមវេទិកាធុរកិច្ច ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគនៃប្រទេស កម្ពុជា-ថៃ។

លោកបន្តថា ទាក់ទងនឹងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-ថៃ ឯកឧត្តមរដ្ឋមន្រ្តី សូមលើកទឹកចិត្តអ្នកវិនិយោគថៃ នៅកម្ពុជាឱ្យចូលរួមយ៉ាងសកម្មបន្ថែមទៀត ក្នុងសកម្មភាពជំរុញពាណិជ្ជកម្ម និងការវិនិ​យោគ ដើម្បីប្រើប្រាស់សក្តានុពលធុរកិច្ច របស់កម្ពុជាឱ្យបានពេញលេញ។

លោករដ្ឋមន្រ្តីបញ្ជាក់ថា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ បានកើនឡើងពី៣.៤៩ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដល់៣.៨៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១៕

ប្រទេសចិនដាក់បង្ហាញរថភ្លើងល្បឿនលឿនតភ្ជាប់ពីទីក្រុងហ្សាការតាទៅកាន់ទីក្រុងបានដុង

ដោយ:លាងហួរ

ហ្សាការតា: ក្រុមហ៊ុនChina Railway International បានរាយការណ៍ថា រថភ្លើងល្បឿនលឿន ដែលតភ្ជាប់ពីទីក្រុងហ្សាការតា និងទីក្រុងបានដុងប្រទេសឥណ្ឌូណេស៊ី ត្រូវបានដាក់បង្ហាញនៅថ្ងៃសុក្រនេះ នៅភាគខាងកើតប្រទេសចិន ដើម្បីរៀបចំសម្រាប់ការបើកដំណើរការ តាមកាលវិភាគ។

រថភ្លើងល្បឿនលឿនសរុបចំនួន១១ឈុត និងរថភ្លើងត្រួតពិនិត្យដែលសាងសង់ នៅ ប្រទេស ចិន ត្រូវ បាន ដាក់ តាំង បង្ហាញ នៅ ទីក្រុង Qingdao ខេត្ត Shandong ហើយនឹង ត្រូវ បញ្ជូន ទៅ កាន់ ប្រទេស ឥណ្ឌូនេស៊ី ក្នុង ពេល ឆាប់ៗ នេះ។

យោងតាមក្រុមហ៊ុន China Railway Internationalបានឱ្យដឹងថា រថភ្លើងដែលរចនា និងអភិវឌ្ឍដោយក្រុមហ៊ុន CRRC Qingdao Sifang Co, Ltd គឺផ្អែកលើបច្ចេកវិទ្យាដែលប្រើក្នុងរថភ្លើង Fuxing ដែលផលិតដោយប្រទេសចិន ដែលអាចបង្កើនល្បឿនដល់ ទៅ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

ខ្សែរថភ្លើងប្រវែង២៤៣គីឡូម៉ែត្រ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន បានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០១៨ហើយ រំពឹងថានឹងចាប់ផ្តើមដំណើរការ ចាប់ពីខែមិថុនាឆ្នាំក្រោយ។

ជាមួយនឹង រថភ្លើង ដែល មាន ល្បឿន រហូតដល់៣៥០គីឡូម៉ែត្រ ក្នុង មួយ ម៉ោង ខ្សែ រថភ្លើង នេះ នឹង កាត់ផ្តាច់ ការធ្វើដំណើរ រវាង ទីក្រុង ហ្សាការតា និងរដ្ឋធានី នៃ ខេត្ត West Java ពី ជាង៣ម៉ោង មក នៅត្រឹមតែ៤០នាទី ប៉ុណ្ណោះ៕

ក្រុមហ៊ុនអូស្រ្តាលីចម្រាញ់រ៉ែមាសនៅកម្ពុជាបានរហូតជាង៣០០០គីឡូក្រាម

ដោយៈគង់ សូរិយា

មណ្ឌលគិរីៈ ក្រុមហ៊ុនអូស្រ្តាលី Renaissance Mineral Limited (Cambodia) ចម្រាញ់បានរ៉ែមាសសរុប៣.០៩០,២០គីឡូ ស្មើនឹង២០៦ដុំ ពីតំបន់អាជ្ញាបណ្ណរ៉ែមាសនៅខេត្តមណ្ឌលគីរី។

លោកមាស សុខសេនសាន  អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៥ សីហា ២០២២។

សម្តេចតេជោ ហ៊ុន សែនធ្លាប់បានឱ្យដឹងថា ក្រុមហ៊ុនរំពឹងថា នឹងអាចផលិតមាសសុទ្ធបានប្រមាណ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល៨ឆ្នាំដំបូង។

ផលិតផលមាសពីជម្រករ៉ែអូរខ្វាវនេះ នឹងផ្ដល់ចំណូលដុលជាមធ្យមប្រមាណ១៨៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើសពន្ធផ្សេងៗ ជាមធ្យមនឹងមានប្រមាណ៤០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ក្រុមហ៊ុន Renaissance Minerals បានចាប់ផ្ដើមសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នូវរោងចក្រចម្រាញ់រ៉ែមាសខ្នាតពាណិជ្ជកម្ម ជាលើកដំបូងនៅកម្ពុជា ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី៕

រដ្ឋមន្រ្តីការបរទេសអាមេរិកៈកម្ពុជាត្រូវបង្កើនការប្រកួតប្រជែងក្នុងស្រុកនិងអន្តរជាតិ

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ក្នុងឱកាសចូលរួមម្មវិធីមួយ ដែលផ្តល់ជំនួយដោយUSAID នៅកម្ពុជា លោក Antony Blinken រដ្ឋមន្ត្រី​ការបរទេស​អាមេរិកបានមានប្រសាសន៍ថា កម្ពុជាត្រូវតែបង្កើនការប្រកួតប្រជែង នៅទីផ្សារក្នុងស្រុក និងអន្តរជាតិ។

ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​អាស៊ាន​នៅ​កម្ពុជា ​កាលពី​ថ្ងៃទី​ ៤ សីហា លោកAnthony Blinken​ បាន​ឆ្លៀត​ចូលរួម​ក្នុង​កម្មវិធី​ ប្រកាស​អំពី​ការផ្តល់​មូលនិធិ​សន្តិសុខ​ស្បៀង ​ក្រោម​ជំនួយ​ពី​ទីភ្នាក់ងារUSAID ដោយ​លោក​លើកឡើង​ថា កម្ពុជា​បាន​នាំ​ផលិតផល​ជាច្រើន ​ទៅកាន់​សហរដ្ឋអាមេរិក​ និង​ពិភពលោក​។

លោកបានបន្តថា “ក្នុង​ចំណោម​ផលិតផល​ទាំងនោះ គ្រាប់​ស្វាយចន្ទី​កម្ពុជា​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ពិតជា​មាន​គុណភាព​ល្អ​”។ លោក​បញ្ជាក់ទៀតថា​ “​ដើម្បី​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា ​ដែល​ពឹង​ផ្អែក​ទៅលើ​វិស័យ​កសិកម្ម ​ជា​ប្រភព​ចំណូល​ចម្បង​របស់​ពួកគេ វិធីសាស្ត្រ​ផលិតកម្ម​កសិកម្ម​ត្រូវតែ​ធ្វើ​ទំនើបកម្ម​”។

លោកAnthony Blinken បានបន្តថា កម្ពុជា​ត្រូវតែ​បង្កើន​ការប្រកួត​ប្រជែង​របស់​ខ្លួន​នៅក្នុង​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ ដែល​មាន​ន័យថា​ការកែលម្អ ​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ បង្កើន​តម្លៃបន្ថែម កាត់បន្ថយ​ការប្រឈម​នឹង​ហានិភ័យ​អាកាសធាតុ ការកែលម្អ​គុណភាព​ និង​ការប្រកាន់​ខ្ជាប់​នូវ​ស្តង់ដា​សុវត្ថិភាព និង​ការបង្កើន​លទ្ធភាព​ទទួល​បាន​សេវា​កសិកម្ម​​។

ជាមួយគ្នានេះ លោក Patrick Murphy ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​លើកឡើង​ថា Harvest III នឹង​ជួយ​កសិករ​ជាច្រើន​ឱ្យ​បង្កើន​ការធ្វើ​ពាណិជ្ជកម្ម និង​នាំយក​នូវ​បច្ចេកវិទ្យា​ទំនើប ដែល​នឹង​អាច​ជួយ​បង្កើន​ផលិតភាព និង​ទទួល​បាន​តម្លៃបន្ថែម​ ពី​ការផលិត​នូវ​ផលិតផល​ទាំងនោះ និង​ទទួលបាន​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​។

លោក​បញ្ជាក់ថា​ ​ភ្នាក់ងារ​ទាំង​ ២ USAID និង ​US Department of Agriculture បាននិង​កំពុង​អនុវត្ត​នូវ​កម្មវិធី​ជួយ ​ដល់​ការផ្តល់​មូលនិធិ​សន្តិសុខ​ស្បៀង ប្រកប​ដោយ​ភាពធន និង​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។
គម្រោង Harvest ក្រោមជំនួយរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក សំរាប់កិច្ចអភិវឌ្ឍន៍អន្តរជាតិ(USAID) នេះ​បាន​ដំណើរការ២​ដង​មកហើយ ដោយ​គម្រោង​កម្ពុជា​ហាវែសII ​។

ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងមក គម្រោង​កម្ពុជា​ហាវែស II បាន​ជួយ​ផ្នែក​ឯកជន​បង្កើន​ទុនវិនិយោគ​ប្រមាណ​២៨​លាន​ដុល្លារ បង្កើត​ការងារ​បាន​ជាង ​២៥០០កន្លែង គាំទ្រ​ដល់​ការអភិវឌ្ឍ ​គោលនយោបាយ​កសិកម្ម​ចំនួន១៧ និង​ជួយ​គាំទ្រ​អាជីវកម្ម និង​អ្នក​ផលិត​ក្នុង​វិស័យ​សាកវប្បកម្ម បង្កើន​ការលក់​បាន​ជាង៧៥លាន​ដុល្លារ​៕

អគារខ្ពស់បំផុតប្រចាំអាស៊ីអាគ្នេយ៍គ្រោងសង់បញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២៣

ដោយៈ សុខុម

គូឡាឡាំពួ: ក្រុមហ៊ុនអភិវឌ្ឍន៍បានទម្លាយឱ្យដឹងថា អគារខ្ពស់បំផុតប្រចាំអាស៊ីអាគ្នេយ៍ និងខ្ពស់បំផុតទី២ ក្នុងពិភពលោកគ្រោងនឹងសាងសង់បញ្ចប់ជាស្ថាពរ នៅពាក់កណ្ដាលឆ្នាំ២០២៣ខាងមុខនេះ។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃសុក្រ ទី៥ ខែសីហា។

នាយកប្រតិបត្តិក្រុមហ៊ុនអភិវឌ្ឍន៦ PNB Merdeka Ventures លោក Ab Aziz Tengku Mahmud បានគូសបញ្ជាក់ថា ការងារសាងសង់អគារកប់ពពក ដែលមានឈ្មោះថា Merdeka 118 Tower នៅក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនេះ សម្រេចបាន៩២%ហើយ ហើយកំពុងតែបន្តមានវឌ្ឍនភាពទៅមុខ។

អគារកប់ពពក Merdeka 118 Tower មានកម្ពស់៦៧៨,៩ម៉ែត្រ ដោយដណ្ដើមតំណែងជើងឯក ពីអគារកប់ពពក Landmark 81 កម្ពស់៤៦១,២ម៉ែត្រនៅក្រុងហូជីមិញ ប្រទេសវៀតណាម ក្លាយជាអគារខ្ពស់បំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍។

យោងតាមការចុះផ្សាយរបស់គេហទំព័រ thetowerinfo ឱ្យដឹងថា អគារកប់ពពកនេះ ត្រូវបានសាងសង់ឡើង ក្រោមទុនវិនិយោគរហូតដល់ទៅ១,៥ពាន់លានដុល្លារអាមេរិក។

អគារកប់ពពកនេះ បង្កប់នូវអត្ថន័យដ៏គួរឱ្យចាប់អារម្មណ៍ ដែលយើងនឹងស្មានមិនដល់ ដោយពាក្យ Merdeka មានន័យថា “ឯករាជ្យ” ចំណែកឯលេខ 118 តំណាងឱ្យចំនួនជាន់នៃអគារនេះ ពោលគឺ១១៨ជាន់។

អគារនេះមានផ្ទៃបាត ដល់ទៅ២៨៧.៩៩៩ម៉ែត្រការ៉េ ចំណែកឯផ្ទៃការិយាល័យ ដែលអាចជួលបានមានទំហំរហូតដល់១៥៧.៩៣៥ម៉ែត្រការ៉េ ហើយជាន់កំពូលចំនួន១៧ជាន់ នឹងទុកធ្វើជាសណ្ឋាគារ Park Hyatt Hotel ដំបូងគេបង្អស់នៅក្នុងប្រទេសម៉េឡេស៊ី។

លោក Ab Aziz បានទម្លាយឱ្យដឹងថា ក្រុមហ៊ុន PNB Merdeka Ventures ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនវិនិយោគរដ្ឋ ម៉ាឡេស៊ី Permodalan Nasional គ្រោងជួល៧០% នៃអគារនេះសម្រាប់បណ្ដាក្រុមហ៊ុនក្នុងស្រុក ហើយ៣០%សម្រាប់បណ្ដាក្រុមហ៊ុន ពហុជាតិសាសន៍។

លោកបានបន្ថែមថា កន្លែងដ៏សំខាន់ដែលភ្ញៀវទេសចរណ៍ ត្រូវទៅលេងនៅអគារនេះ គឺកន្លែងគយគន់ទេសភាព ដែលខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍។

សំបុត្រចូលទស្សនា នឹងមានលក់តាមអនឡាញសម្រាប់អ្នក ដែលចាប់អារម្មណ៍ ចង់គយគន់ទេសភាពដ៏អស្ចារ្យ នៃផ្ទៃមេឃក្នុងទីក្រុងគូឡាឡាំពួ៕ The Star៕