តម្លៃប្រេងឆៅរុស្ស៊ីហក់ឡើងជាថ្មី ដោយសារមានតម្រូវការខ្ពស់ពី មហាយក្សអាស៊ីទាំង២

ដោយៈ សុខុម

មូស្គូ: តម្លៃប្រេងឆៅរុស្ស៊ី ប្រភេទESPO ដែលជាប្រភេទនាំចេញដ៏សំខាន់របស់ប្រទេសនេះ មកកាន់អាស៊ី បានហក់ឡើងថ្លៃឡើងវិញ ក្រោយពីចុះថោកខ្លាំងមិនធ្លាប់មាន ស្របពេលមានតម្រូវការខ្ពស់ ពីមហាយក្សចិន និងមហាយក្សឥណ្ឌា ដែលជាអ្នកទិញធំបំផុត។

ឈ្មួញមួយចំនួនបានទម្លាយប្រាប់សារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃច័ន្ទ ទី៨ ខែសីហា នេះថា ការហក់ឡើងថ្លែប្រេងឆៅនេះ អាចជាដំណឹងល្អសម្រាប់ទីផ្សារ ខណៈវាបានជួយបន្ធូរបន្ថយការព្រួយបារម្ភ អំពីការដាក់ទណ្ឌ​កម្មបន្ថែមទៀតដែលអាចកើតមានឡើង។

បណ្តាប្រទេសលោកខាងលិច និងសម្ព័ន្ធមិត្តបានដាក់ទណ្ឌកម្មលើរុស្ស៊ី ដូចទឹកបាក់ទំនប់យ៉ាងធ្ងន់ធ្ងរបំផុត មិនធ្លាប់មានជាប្រវត្តិសាស្ត្រ ក្រោយរុស្ស៊ី បញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំនេះ ហើយជាលទ្ធផល បណ្ដាក្រុមហ៊ុនហិរញ្ញវត្ថុ និងក្រុមហ៊ុនថាម​ពលរុស្ស៊ី បានទទួលរងប៉ះពាល់ធ្ងន់ធ្ងរ។

ទោះជាយ៉ាងណា ពេលនេះសហភាពអឺរ៉ុប បានបន្ធូរបន្ថយហើយនូវទណ្ឌកម្មលើរុស្ស៊ី ដែលបានចូលជាធរមានកាលពីខែមុន ដោយបន្ធូរការរឹតបន្តឹងលើការទូទាត់ សម្រាប់ប្រេងពីបណ្ដាក្រុមហ៊ុនរដ្ឋរុស្ស៊ី ដូចជាក្រុមហ៊ុន Rosneft និងក្រុមហ៊ុន Gazpromneft ដែលជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នូវប្រេងឆៅ ESPO។

ក្រុមឈ្មួញបានទម្លាយឱ្យដឹងទៀតថា បណ្ដាក្រុមហ៊ុនចម្រាញ់ប្រេងចិន និងឥណ្ឌា បានសម្រុកទិញប្រេងរុស្ស៊ី ដែលមានតម្លៃថោកជាងប្រេងមកពីតំបន់មជ្ឈិមបូព៌ា ដែលមានគុណភាពប្រហាក់ប្រហែលគ្នា តែតម្លៃខ្ពស់ជាងឆ្ងាយ៕ Reuters៕

សេដ្ឋវិទូៈទំនាក់ទំនងដ៏រឹងមាំជាមួយចិន នាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រទេសកម្ពុជា

ដោយ: លាងហួរ

ភ្នំពេញ: ទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសកម្ពុជា ជាមួយប្រទេសចិនបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្ររបស់កម្ពុជា។

សេដ្ឋវិទូជាន់ខ្ពស់ លោក គី សេរីវឌ្ឍន៍ អគ្គនាយកវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ប្រទេសចិន គឺជាម្ចាស់ជំនួយ អ្នកវិនិយោគ និងដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ហើយថាទំនាក់ទំនង រវាងប្រទេសទាំងពីរនាពេលនេះ គឺមានភាពរឹងមាំដូចមហា កំផែងនៃប្រទេសចិន។

លោកបានបន្តថា “ជំនួយ និងការវិនិយោគរបស់ប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្ររបស់កម្ពុជា តាមរយៈការបង្កើតការងាររាប់សែនកន្លែង”។

លោក គី សិរីវឌ្ឍន៍ បានមានប្រសាសន៍ថា ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ប្រទេសចិនបានជួយសាងសង់គម្រោងធំៗជាច្រើន ដូចជាផ្លូវថ្នល់ ស្ពាន កំពង់ផែ អាកាសយានដ្ឋាន រោងចក្រវារីអគ្គីសនី តំបន់សេដ្ឋកិច្ច និងពហុកីឡដ្ឋានជាតិក្នុងប្រទេសកម្ពុជា។

អ្នកជំនាញបានកត់សម្គាល់ នូវគម្រោងវិនិយោគដ៏គួរឱ្យកត់សម្គាល់របស់ចិនចំនួនបី នៅក្នុងប្រទេសកម្ពុជា រួមមាន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនដំបូងគេ ដែលមិនធ្លាប់មានពីភ្នំពេញ-ព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី។ គម្រោងទាំងនេះបានផ្តល់ ហើយនឹងបន្តផ្តល់អត្ថប្រយោជន៍ដ៏អស្ចារ្យដល់ប្រទេសកម្ពុជា៕

រដ្ឋាភិបាលចាប់ផ្តើមកំណត់តំបន់គ្រប់គ្រងនិងអាស្រ័យផលលើធនធានធម្មជាតិក្នុងខេត្តចំនួន១៥

ដោយៈគង់ សូរិយា

       ភ្នំពេញៈ រដ្ឋាភិបាលបានបានចេញគោលការណ៍ កំណត់តំបន់គ្រប់​គ្រង និងសម្រាប់ប្រើប្រាស់អាស្រ័យផល ​ជាក់ស្តែង​ក្នុង​តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ក្នុងភូមិសាស្ត្រខេត្តចំនួន១៥ ទូទាំងប្រទេសកម្ពុជា។

យោង​តាម​កិច្ចប្រជុំកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ របស់ក្រសួងបរិស្ថាន កន្លងមកបានឲ្យដឹងថា តំបន់ដែលត្រូវគ្រប់គ្រង ការពារ ននិអាស្រ័យផលទាំងនោះ ស្ថិត​នៅក្នុងភូមិសាស្ត្រខេត្តទាំង១៥ រួមមាន ខេត្តត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង កំពង់ធំ សៀមរាប ព្រះវិហារ ឧត្ដរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កំពត និងខេត្តតាកែវ។

រាជរដ្ឋាភិបាល បានចេញជាគោលការណ៍កំណត់តំបន់គ្រប់គ្រង និងសម្រាប់ប្រើប្រាស់អាស្រ័យផល ដូចជា កែសម្រួលព្រំប្រទល់តំបន់ការពារធម្មជាតិនីមួយៗឡើងវិញ ដោយរៀបចំកំណត់តំបន់ជាបួនតំបន់ គ្រប់គ្រង​រួមមាន៖ទី១ តំបន់សហគមន៍ ជាដីភូមិករ និងដីស្រែចម្ការចាស់របស់ប្រជាពលរដ្ឋ ទី២ តំបន់ប្រើប្រាស់​ដោយចីរភាព ជាដីសម្រាប់រួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច ទី៣ តំបន់អភិក្ស និងទី៤ តំបន់ស្នូល ជាដីព្រៃ​ឈើ​ជម្រកសត្វព្រៃ និងសេវាប្រព័ន្ធអេកូឡូស៊ីស្របតាមច្បាប់ស្តីពី តំបន់ការពារធម្មជាតិ។

  • កែសម្រួលព្រំនៃតំបន់របៀងអភិរក្សជីវៈចម្រុះ ដែលមិនប៉ះពាល់ជាមួយនឹងប្រជាជន និងកំណត់ជាតំបន់​អភិរក្ស​នៃតំបន់ការពារធម្មជាតិនីមួយៗ។
  • ប្រគល់ភារកិច្ចជូនអភិបាលនៃគណៈអភិបាលខេត្ត ដែលជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ ថ្នាក់ខេត្ត បន្តដឹកនាំធ្វើការកំណត់អត្តសញ្ញាណក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ក្បាលដី ជាក់ស្ដែងក្នុងតំបន់​នីមួយៗ​​ឱ្យបានច្បាស់លាស់ ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាពប្រើប្រាស់ដី ​​ស្នើសុំចុះបញ្ជី និងចេញប័ណ្ណ​កម្ម​សិទ្ធិ ស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ច្បាប់ភូមិបាល និងបទប្បញ្ញត្តិលិខិតបទដ្ឋាន​គតិយុត្ត​ជាធរមាន។
  • រក្សាទុក និងចុះបញ្ជីជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ចំពោះទីតាំងមូលដ្ឋានកងទ័ព តំបន់ប្រវត្តិសាស្ត្រ​យោធា និងតំបន់ការពារសន្តិសុខព្រំដែន ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ ដែលមានក្រសួង​បរិស្ថាន​ជា​អាជ្ញា​ធរកាន់កាប់ដីរដ្ឋ ដោយមិនអនុញ្ញាតផ្តល់កម្មសិទ្ធិជូនបុគ្គលឯកជន៕

ការនាំចេញរបស់ចិនទៅកាន់ប្រទេសរុស្ស៊ីបានកើនឡើងជាលើកដំបូង ក្នុងរយៈពេលប្រាំខែ

ដោយ: លាងហួរ

ប៉េកាំង: ទិន្នន័យគយផ្លូវការបានបង្ហាញថា ការនាំចេញរបស់ចិនទៅកាន់ប្រទេសរុស្ស៊ី បានធ្លាក់ចុះរយៈពេល៤ខែ និងកើនឡើងវិញនៅក្នុងខែកក្កដា ខណៈដែលការនាំចេញរបស់រុស្ស៊ី ទៅកាន់ប្រទេសចិនក៏មានការកើនឡើងផងដែរ។

ការនាំចេញរបស់ចិនទៅកាន់ប្រទេសរុស្ស៊ី ដែលស្ថិតក្រោមការរងទណ្ឌកម្មបានកើនឡើង២២,២ភាគរយ នៅក្នុងខែកក្កដាធៀបនឹងឆ្នាំ២០២១ ប៉ុន្តែការទូទាត់ក្នុងលក្ខខណ្ឌប្រាក់ដុល្លារ មានការធ្លាក់ចុះ១៧ភាគរយ នៅក្នុងខែមិថុនា និងកត់សម្គាល់ឃើញមានកំណើនដំបូង ចាប់តាំងពីខែមីនា។ នេះបើយោងតាមការគណនារបស់សារពត៌មានReuters ដោយផ្អែកលើទិន្នន័យគយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។

កំណើនការនាំចូលពីប្រទេសរុស្ស៊ី បានបន្តកើនឡើងក្នុងកម្រិត៤៩,៣ភាគរយ នៅក្នុងខែកក្កដា ទោះបីជាយឺតជាងការកើនឡើង៥៦ភាគរយ នៅក្នុងខែមិថុនា និង៧៩,៦ភាគរយនៅក្នុងខែឧសភាក៏ដោយ។

ប្រទេសរុស្ស៊ី ជា ប្រភព ប្រេង ឧស្ម័ន ធ្យូងថ្ម និង ទំនិញ កសិកម្ម សំខាន់ ៗសម្រាប់ ប្រទេស ចិន។

ចំពេលសង្រ្គាមអ៊ុយក្រែនដែលកំពុងបន្ត ប្រទេសរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំបំផុតរបស់ប្រទេសចិន នៅក្នុងខែឧសភា និងខែមិថុនា។

ទោះបីជាយ៉ាងណាក៏ដោយ ការផ្គត់ផ្គង់ប្រេងដែលបានផ្ទុកពីកំពង់ផែ រុស្ស៊ី ទៅកាន់ប្រទេសចិន បានធ្លាក់ចុះមកនៅត្រឹម២១,៣លានបារ៉ែល ក្នុងខែកក្កដា ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែកុម្ភៈ៕

ក្រុមហ៊ុនTop Land Groupពង្រីកដីឡូត៍គំរោងទី៤ជាមួយសេវាកម្មបង់រំលស់ត្រឹម៥០ដុល្លារក្នុងមួយខែ

ដោយៈ គង់ សូរិយា

       កំពង់ស្ពឺៈ ក្នុងន័យចូលរួមអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន និងតាមរយៈការគាំទ្ររបស់អតិថិជន ក្រុមហ៊ុនTop Land Groupបានសម្រេចពង្រីកគំរោងដីឡូត៍របស់ខ្លួនបន្តទៀត និងផ្តល់សេវាកម្មបង់រំលស់ត្រឹម៥០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។

លោកសេង គន្ឋានាយិកប្រតិបត្តិក្រុមហ៊ុនTop Land Groupបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ បន្ទាប់ពីពិធីសម្ភោធលក់គំរោងដំណាក់កាលទី៤ កាលពីថ្ងៃទី៧​ សីហាកន្លងមកថា ដោយទទួលបានការគាំទ្រពីអតិថិជនជាបន្តបន្ទាប់ និងចំនួនប្រជាពលរដ្ឋមករស់នៅ ក្នុងគំរោងមុនៗកាន់តែច្រើន ថ្នាក់ដឹកនាំក្រុមហ៊ុនបានសម្រេចបើកលក់ គំរោងដំណាក់កាលទី៤ លើដីទំហំ១២ហិកតា។

គំរោងដីឡូត៍ និងដីបែបលំហែរនេះ ស្ថិតនៅភូមិសប់ ង៉ ឃុំខ្ទុមក្រៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងមានចម្ងាយប្រមាណ៧គីឡូម៉ែត្រពីទីរួម​ខេត្តកំពង់ស្ពឺ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៤។

លោកសេង គន្ឋាបានបន្តថា ជាមួយនឹងការគិតគូរលើចំណង់ចំណូលចិត្ត និងលទ្ឋភាពខុសៗគ្នារបស់អតិថិជន ក្រុមហ៊ុនបានសម្រេចពុះឡូត៍ លើទំហំដីខុសៗគ្នា ដោយមានទំហំ៥គុណ២០ម៉ែត្រ ទំហំ១០គុណ២៥ម៉ែត្រ និងទំហំ១៥គុណនឹង​៣០ម៉ែត្រ ជាមួយតម្លៃ និងលក្ខខ័ណ្ឌបង់ប្រាក់ខុសៗគ្នា ពិសេសការបង់ប្រាក់គឺត្រឹម៥០ដុល្លារឡើងប៉ុណ្ណោះក្នុងមួយខែ។ លោកបន្តថា លើសពីនេះ ក្រុមហ៊ុនមានផ្តល់ជម្រើសជាច្រើន ដោយអតិថិជនអាចទទួលយកលក្ខខ័ណ្ឌបង់ប្រាក់៥០ដុល្លារក្នុងមួយខែ។ បង់១០០ដុល្លារក្នុងខែ និងមានសេវាកម្មបង់ប្រាក់បង់៥០០ដុល្លារ បញ្ចុះ៥០០ដុល្លារ។ បង់១០០០ដុល្លារ បញ្ចុះ១០០០ដុល្លារ ហើយបើបង់៧៥ភាគរយ បញ្ចុះតម្លៃ១៧០០ដុល្លារសម្រាប់ឡូត៍វីឡា។

លោកបន្តថា “គំរោងដីឡូត៍ និងឡូត៍លំហែររបស់យើង ស្ថិតនៅក្នុងផែនការកាត់ចូល ក្នុងដែនរដ្ឋបាលទីក្រុងច្បារមន នាពេលអនាគត ហើយក្រុមហ៊ុននឹងតបណ្តាញទឹកស្អាត ចូលនៅពេលឆាប់ៗខាងមុខនេះ”។ លោកបន្តថា “ជាមួយនឹងការគិតគូរដល់សុខភាព និងភាពងាយស្រួលដល់អ្នករស់នៅ ក្រុមហ៊ុនបានវិនិយោគហាងកាហ្វេ សួនច្បារ និងកន្លែងលំហែរសម្រាប់អ្នករស់នៅតំបន់នេះ និងក្នុងគំរោងនេះមកលំហែរកំសាន្ត និងញាំកាហ្វេយ៉ាងមនោរម្យ ផងដែរ”។

លោកបន្តថា លើសពីនេះ បច្ចុប្បន្នតំបន់នេះមានរោងចក្រ សហគ្រាសជាច្រើនបាន និងកំពុងបើកដំណើរការ និងត្រៀមបើកដំណើរការជា​ច្រើនទៀតនៅពេលខាងមុខផងដែរ។

ជាមួយគ្នានេះ លោកជុន សេរីប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនTop Land Group បានសម្តែងអំណរគុណដល់អតិថិជន និងអាជ្ញាធរដែនដី ដែលបានសហការ និងផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុន ដែលធ្វើឲ្យថ្នាក់​ដឹកនាំក្រុមហ៊ុនកាន់តែមានភាពកក់ក្តៅ និងចូលរួមចំណែកអភិវឌ្ឍន៍តំបន់នេះកាន់តែច្រើនថែមទៀត។

លោកបន្តថា “យើងបាននិងកំពុងរួមចំណែក ដល់ការអភិវឌ្ឍមូល    ដ្ឋានផង និងរួមចំណែកផ្តល់ការងារជាច្រើនដល់ប្រជាពលរដ្ឋផងដែរ”។

ចូលរួមជាអធិបតីក្នុងពិធីនោះ អភិបាលស្រុកសំរោងទង លោកស៊ីម រតនៈ បានកោតសរសើរដល់ក្រុមហ៊ុន ដែលបានចូលរួមអភិវឌ្ឍន៍នៅមូល  ដ្ឋាន​ខាងលើ ដោយលោកបានមានប្រសាសន៍ថា ការទទួលបានជោគជ័យរបស់ក្រុមហ៊ុននេះ ដោយលក់អស់គំរោងពីទី១ដល់ទី៣ និងបើកគំរោងទី៤នាពេលនេះ គឺថ្នាក់ដឹកនាំក្រុមហ៊ុននេះ សុទ្ឋតែជាយុវជនឆ្នើម ដែលបានអភិវឌ្ឍន៍តំបន់នេះពីដីព្រៃ ទៅជាភូមិ និងសហគមន៍ដ៏ទាក់ទាញមួយ។

លោកបន្តថា “ការរីកចម្រើនសេដ្ឋកិច្ច និងកំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ យើងត្រូវនឹកនិងអរគុណដល់ស្ថាបនិកសន្តិភាព គឺសម្តេចតេជោហ៊ុន សែន ដែលបាននាំមកនូវសន្តិភាពពេញផ្ទៃប្រទេស និងបានធ្វើ ឲ្យជីវភាពប្រចាពលរដ្ឋបានប្រសើរឡើង”។ លោកបន្តថា “ប្រជាពលរដ្ឋយើងបាននិងកំពុងយល់ និងស្គាល់ពីតម្លៃសន្តិភាព ដែលពួកគេឃើញប្រទេសអ៊ុយក្រែន កំពុងមានសង្រ្គាម ដែលមានតែការឈឺចាប់ ប៉ុន្តែពេលយើងមានសន្តិភាពដូចសព្វថ្ងៃនេះ ប្រជាពលរដ្ឋមានជីវភាពធូរធារ និងមានប្រាក់ទិញដីទុក”។

លោកស៊ីម រតនៈបានបន្តថា ក្រោមដំបូលសន្តិភាពនេះ ស្រុកសំរោងទងបានទាក់ទាញក្រុមហ៊ុនជាតិ អន្តរជាតិមកវិនិយោគជាច្រើន ដោយបច្ចុ ​ប្បន្ន ក្នុងមូលដ្ឋានស្រុកទាំងមូល មានរោងចក្រ សហគ្រាសចំនួន៥១ និងបានផ្តល់ការងារធ្វើ ដល់ប្រជាពលរដ្ឋជាង៣០,០០០នាក់ ក្នុងចំណោមប្រជាជនជាង១០០,០០០នាក់ ដែលបានកំពុងរស់នៅក្នុងស្រុកនេះទាំងមូល៕


RCEP ជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាក្រោយជំងឺ រាតត្បាតកូវីដ១៩

ដោយ: លាងហួរ

ភ្នំពេញ: សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលចូលជាធរមានកាលពីដើមឆ្នាំនេះ នឹងក្លាយជាកត្តាជំរុញសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ក្រោយការរីករាលដាលនៃជំងឺកូវីដ១៩។

ក្នុងសារជាវីដេអូ ដើម្បីប្រារព្ធទិវាអាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) ដែលផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា (ទទក) សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការអនុវត្តពេញលេញ និងមានប្រសិទ្ធភាពនៃកិច្ចព្រមព្រៀង RCEP គឺជាអាទិភាពមួយ។

RCEPនឹងជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត បង្កើតការងារ និងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោកទាំងមូល។

សម្តេចតេជោបានបន្ថែមថា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ ប្រទេសកម្ពុជានឹងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយបណ្តាប្រទេសសមាជិកRCEP ដើម្បីលើកកម្ពស់ការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងRCEP និងដើម្បីពង្រឹងបន្ថែមទៀតនូវការសម្របសម្រួ លនៃពាណិជ្ជកម្មឆ្លងព្រំដែន ។

ក្នុងនាមជាប្លុកពាណិជ្ជកម្ម ដ៏ធំបំផុតរបស់ពិភពលោក RCEP បានបង្កើតទីផ្សារ នៃប្រជាជនចំនួន២,២ពាន់លាននាក់ រឺ៣០ភាគរយនៃចំនួនប្រជាជនពិភពលោក ជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) រួមបញ្ចូលគ្នាចំនួន២៦,២ពាន់ពាន់លានដុល្លារអាមេរិក ដែលតំណាងឱ្យប្រហែល៣០ភាគរយ នៃផលិតផលក្នុងស្រុកសរុបពិភពលោក និង28ភាគរយនៃពាណិជ្ជកម្មពិភពលោក។

លោកថោង ម៉េងដាវិដ អ្នកស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែ លមានមូលដ្ឋាននៅទីក្រុងភ្នំពេញ បាននិយាយថា RCEP បានផ្តល់ឱកាសដល់ប្រទេសក្នុងតំបន់ ដើម្បីការពារសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលជាកត្តាសំខាន់ សម្រាប់ការស្តារឡើងវិញក្រោយការឆ្លងកូវីដ១៩៕

ប្រទេសថៃបង្កើនល្បឿនលើការពង្រីកផ្លូវដែកជាមួយប្រទេសចិន-ឡាវ

ដោយ: លាងហួរ

ប្រទេសថៃ: រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនប្រទេសថៃ លោកSaksayam Chidchob បាននិយាយកាលពីថ្ងៃអាទិត្យថា មន្ត្រីមកពីក្រសួងមួយចំនួនរបស់ប្រទេសថៃ នឹងធ្វើទស្សនកិច្ចនៅក្រុងវៀងចន្ទន៍ នៅដំណាច់ខែសីហានេះដើម្បីពិភាក្សាអំពីការពង្រីកផ្លូវដែកចិន-ឡាវ។

កិច្ចពិភាក្សាដែលគ្រោងនឹងរៀបចំឡើង ចាប់ពីថ្ងៃទី៣០ខែសីហាដល់ថ្ងៃទី១ខែកញ្ញា នឹងផ្តោតជាសំខាន់លើការសាងសង់ផ្លូវដែក ភ្ជាប់ទីក្រុងវៀងចន្ទន៍ជាមួយទីក្រុងNong Khaiក្នុងប្រទេសថៃ។

ការពង្រីកផ្លូវរថភ្លើងប្រទេសទាំងបីរបស់ថៃ ក៏មានការចូលរួមពីក្រសួងហិរញ្ញវត្ថុ បរទេស កសិកម្ម និងពាណិជ្ជកម្មផងដែរ។

លោកSaksayam បាននិយាយថា ផ្លូវដែករដ្ឋថៃ (SRT) នឹងពន្លឿនការសាងសង់ផ្លូវរថភ្លើងល្បឿនលឿន Nong Khai-Bangkok និងការអភិវឌ្ឍន៍ស្ថានីយ៍ Nong Khaiជាមជ្ឈមណ្ឌលពាណិជ្ជកម្ម។

លោកបានបន្តថា SRT ក៏នឹងស្នើគម្រោងផ្លូវរថភ្លើង ពីរផ្លូវពីNong KhaiទៅKhon Kaenដល់គណៈរដ្ឋមន្ត្រីផងដែរ។

ជាមួយគ្នានេះ នាយកដ្ឋានផ្លូវជាតិថៃ ក៏នឹងពន្លឿនការស្នើសុំថវិកាសម្រាប់សិក្សាការសាងសង់ស្ពានថ្មី ឆ្លងកាត់ទន្លេមេគង្គផងដែរ៕

កំពូលមហាសេដ្ឋី Warren Buffett ខាតបង់ ៤៣,៨ពាន់លានដុល្លារខណៈផ្សារហ៊ុនហ៊ុនអាមេរិកដាំក្បាលចុះ

ដោយៈ សុខុម

ញូវយ៉ក: ផ្សារហ៊ុនអាមេរិក បានដាំក្បាលចុះយ៉ាងខ្លាំង ក្នុងត្រីមាសទី២ ឆ្នាំនេះ ហើយការធ្លាក់ចុះនេះ បានធ្វើឱ្យក្រុមហ៊ុនមេ Berkshire Hathaway Inc របស់កំពូលមហាសេដ្ឋីដ៏ល្បីល្បាញ Warren Buffett ខាតបង់ធ្ងន់ធ្ងរ ដោយបានរាយការណ៍កាលពីថ្ងៃសៅរ៍ ទី៦ ខែសីហា ថាខ្លួនខាតបង់ដល់ទៅ៤៣,៨ពាន់លានដុល្លារ។

ទោះជាយ៉ាងណា ក្រុមហ៊ុនBerkshire Hathaway Inc ទទួលបានប្រាក់ចំណេញប្រតិបត្តិការ ជិត៩,៣ពាន់លានដុល្លារ នៅពេលប្រាក់ចំណេ​ញពីធានារ៉ាប់រង និងផ្លូវដែកដឹកជញ្ជូនទំនិញ BNSF Railway ដែលធំបំផុតមួយនៅទ្វីបអាមេរិកខាងជើង បានជួយទប់ការខាតបង់ថ្មីៗ នៅឯក្រុមហ៊ុនធានារ៉ាប់រងរថយន្តGeico ដែលកង្វះគ្រឿងបន្លាស់ និងការឡើងថ្លៃរថយន្តមួយទឹក បានបណ្ដាលឱ្យការទាមទារសំណងគ្រោះថ្នាក់កើនឡើង។

ការដំឡើងអត្រាការប្រាក់ និងការទូទាត់ភាគលាភ បានជួយឱ្យបណ្ដាក្រុមហ៊ុនធានារ៉ាប់រង រកប្រាក់បានកាន់តែច្រើនពីការវិនិយោគ ខណៈការឡើងថ្លៃប្រាក់ដុល្លារអាមេរិក បានជំរុញប្រាក់ចំណេញពីការវិនិយោគបំណុ​លអឺរ៉ុប និងជប៉ុនកើនឡើង។

លោក James Shanahan អ្នកវិភាគនៅក្រុមហ៊ុនហិរញ្ញវត្ថុ Edward Jones & Co លើកឡើងថា ទោះបីជាទទួលរងការខាតបង់យ៉ាងច្រើនសន្ធឹកសន្ធាប់យ៉ាងណាក្ដី ក៏ “លទ្ធផលនេះ បង្ហាញពីភាពធន់ទ្រាំនៃក្រុមហ៊ុន Berkshire”។

អ្នកវិភាគរូបនេះបានបន្ថែមទៀតថា “អាជីវកម្មនានាកំពុងដំណើរការល្អ ទោះជាអត្រាការប្រាក់កើនឡើងខ្ពស់ សម្ពាធអតិផរណា និងការព្រួយបារម្ភជុំវិញភូមិសាស្ត្រនយោបាយយ៉ាងណាក្ដី។ វាធ្វើឱ្យខ្ញុំមានទំនុកចិត្តលើក្រុមហ៊ុននេះ ប្រសិនបើមានវិបត្តិសេដ្ឋកិច្ចកើតឡើង”។

ក្រុមហ៊ុន Berkshire ក៏បានបង្អង់ល្បឿនទិញភាគហ៊ុនរបស់ខ្លួនផងដែរ ទោះបីជាក្រុមហ៊ុននេះ នៅតែមានសាច់ប្រាក់ដល់ទៅ១០៥,៤ពាន់លានដុល្លារ ក្នុងដៃសម្រាប់ទិញយកភាគហ៊ុនយ៉ាងណាក្ដី៕ Reuters៕

ដីលំហែរកាយតម្លៃជាង ១០លានដុល្លារ កំពុងត្រៀមដាំដូងចំនួន ៥០០ដើម នៅក្នុងគំរោងរបស់ខ្លួន

ដោយៈ គង់ សូរិយា

ខេត្តកែបៈ គំរោងដីលំហែរ ដែលគ្រោងចំណាយទុនជាង១០លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍លើផ្ទៃដី១៥ហិកតា លើកដំបូងនៅខេត្តកែប ក្រុងកែប កំពុងត្រៀមផ្តល់នូវអ្វីៗគួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត។

អគ្គនាយកក្រុមហ៊ុនYoungsia Real Estate លោកCooler Tanបានសរសេរលើបណ្តាញទំនាក់ទំនងសង្គម របស់ខ្លួនកាលពីចុងសប្តាហ៍មុនថា ក្រុមហ៊ុនបាន និងកំពុងត្រៀមដើមដូងចំនួន500ដើម សំរាប់គម្រោង ឆ្នេរសមុទ្រកោងកាង ដែលជាគំរោងមួយ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអតិថិជន។

លោកបន្តថា “យើងបាននិងកំពុងរៀបចំគំរោងនេះ ក្លាយជាផលិតផ​លមួយ សម្រាប់វិស័យទេសចរណ៍ និងលើកស្ទួយជីវភាពប្រជាសហគមន៍ក្នុង​សង្កាត់អូរក្រសា ក្រុងកែប ខេត្តកែបឲ្យមានជីវភាពប្រសើរឡើង”។

គំរោងឆ្នេរសមុទ្រកោងកាង បាននិងកំពុងផ្តល់ទស្សនទាន នៃការអភិវឌ្ឈន៍បែបគំរូមួយ តាមរយៈទស្សនទាននៃការអភិវឌ្ឍន៍ដោយចីរភាព នៅត្រង់ថា គំរោងនេះ នឹងផ្តល់នូវផលប្រយោជន៍ដល់សហគមន៍ ការរក្សាជីវចម្រុះតាមរយៈការរក្សា និងអភិរ័ក្សព្រៃកោងកាង ការរក្សាឆ្នេរសមុទ្រឲ្យមាន​បរិស្ថានល្អ និងថែរក្សានូវកេរ្ត៍តំណែល ក្នុងសហគមន៍នេះ លើការរក្សាស្រែអំបិលជាដើម។

លោកcooler Tanបានបន្តថា ដោយសារខេត្តកែបមានសក្តានុពលលើវិស័យទេសចរណ៍ ទើបយើងផ្តោតសំខាន់ លើការរៀបចំហេដ្ឋារចនាស ម្ព័ន្ឋក្នុងគំរោងនេះ ពោរពេញដោយការទទួលខុសត្រូវ និងបង្កើតសហគមន៍ ក៏ដូចជាគំរោងមួយ ដែលជួយលើកកំពស់មុខមាត់របស់ខេត្តកែបឲ្យកាន់តែទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិជាច្រើនទៀតនាពេលអនាគត។

ជាមួយគ្នានេះ អ្នកនាងឆយ ហ្រ្វីដានាយិកាគ្រប់គ្រងទូទៅគំរោងឆ្នេរសមុទ្រកោងកាងបានមានប្រសាសន៍ថា បច្ចុប្បន្នអ្នកនាង និងក្រុមការងារបាន និងកំពុង​រៀបចំសហគមន៍ទេសចរណ៍អូរក្រសារ ដែលពឹងផ្អែកលើស្រែអំបិល និង​ការនេសាទ ទៅជាសហគមន៍ទេសចរណ៍មួយ ដែលផ្តល់នូវទស្សនវិស័យរយៈពេលវែង ក៏ដូចជាចូលរួមលើកកំពស់វិស័យទេសចរណ៍ ក្នុងសហគមន៍នេះ ឲ្យមានភាពស្រស់សំព្រង និងអាចលើកកំពស់ប្រាក់ចំណូលដល់មូលដ្ឋានរបស់ពួកគាត់ផងដែរ៕

ក្រុមហ៊ុនយក្ស Alibaba គ្រោងសាងសង់អគារកប់ពពកខ្ពស់បំផុតនៅសិង្ហបុរី

ដោយ វឌ្ឍនា

សិង្ហបុរី: ក្រុមហ៊ុនយក្សរបស់ចិនAlibaba និងដៃគូក្នុងស្រុកមួយក្រុមដែលដឹកនាំ ដោយក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរី Perennial Holdings ទទួលបានការអនុម័ត សម្រាប់គម្រោងសាងសង់អគារប្រើប្រាស់ចម្រុះមួយដែលមានកម្ពស់៦៣ជាន់ នៅតាមបណ្ដោយវិថី Shenton Way ក្នុងសង្កាត់ពាណិជ្ជកម្ម ប្រទេសសិង្ហបុរី។

តាមរយៈឯកសាររបស់អាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) បានបង្ហាញថា អគារនេះមានកម្ពស់៣០៥ម៉ែត្រ ដែលនឹងវ៉ាដាច់អគារ Guoco Tower កម្ពស់២៨៤ម៉ែត្រ ដែលជាអគារខ្ពស់បំផុត នៅក្នុងប្រទេសសិង្ហបុរី នាពេលបច្ចុប្បន្ន។

អ្នកនាំពាក្យអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) បានបញ្ជាក់នៅថ្ងៃសុក្រ ទី៥ ខែសីហា នេះថា អគារដែលត្រូវបានអនុម័ត ឱ្យសាងសង់នៅតាមប ណ្ដោយវិថី 8Shenton Way នេះនឹងក្លាយជាអគារខ្ពស់បំផុតនៅក្នុងប្រទេសសិង្ហបុរី។

អគារថ្មីនេះ នឹងត្រូវសាងសង់លើទីតាំងអគារAXA Tower កម្ពស់៥០ជាន់នៅតាមបណ្ដោយវិថី8Shenton Way ក្នុងសង្កាត់ Tanjong Pagar។

យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថា អគារនេះគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅឆ្នាំ២០២៨។ ទោះជាយ៉ាងណា គ្មានការបញ្ជាក់ថា តើអគារនេះនឹងត្រូវសាងសង់ ក្រោមទុនវិនិយោគប៉ុន្មានលានដុល្លារនោះឡើយ៕ CNA៕