ដោយៈ សុផារី
ភ្នំពេញៈ ប្រទេសកម្ពុជាទទួលបានកិត្តិយស ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ប្រចាំឆ្នាំ២០២២ និងទទួលស្វាគមន៍ថ្នាក់ដឹកនាំកំពូលៗមកពីបណ្តាប្រទេសនានាក្នុងពិភពលោក។
ការមកដល់នៃឥស្សរជនជាន់ខ្ពស់ទាំងនេះ បាននាំមកនូវកេរ្តិ៍ឈ្មោះ កិត្តិយស និងការទាក់ទាញវិនិយោគិនបរទេស មកកាន់ប្រទេសកម្ពុជាបន្ថែមទៀត។
-->
ថ្នាក់ដឹកនាំប្រទេសក្នុងតំបន់អាស៊ាន និងប្រធានាធិបតីមកពីប្រទេសមហាអំណាចផ្សេងៗ ព្រមទាំងរដ្ឋមន្រ្តី និងប្រធានសភាពាណិជ្ជកម្ម នៃប្រទេសអាស៊ាន នឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា នៅកំឡុងថ្ងៃទី១១-១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ប្រាប់Property Area Asia តាមប្រព័ន្ធតេឡេក្រាមនៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ប្រទេសកម្ពុជាមានកិត្តិយសនៅលើឆាកអន្តរជាតិយ៉ាងខ្ពង់ខ្ពស់ ដោយសារសមត្ថភាពនៃការរៀបចំកិច្ចប្រជុំកំពូលបែបនេះ ដែលនឹងអាចបង្ហាញពីសុខសន្តិភាព វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងអាចជំរុញកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីជាមួយបណ្តាប្រទេសជាដៃគូរ។

លោកបណ្ឌិតបន្តថា “ក្នុងឱកាសនេះ កម្ពុជាមានឱកាសក្នុងការបង្ហាញពីសក្តានុពលរបស់ខ្លួនទៅកាន់ប្រទេស ដែលពាក់ព័ន្ធ រួមមាន ថ្នាក់ដឹកនាំអាស៊ាន G20 G7ជាដើម”។ លោកបន្តថា “ក្នុងទិដ្ឋភាពសេដ្ឋកិច្ច ប្រទេសកម្ពុជា ទទួលបាននូវអត្ថប្រយោជន៍សេដ្ឋកិច្ច និងការទូតដោយប្រយោល តាមរយៈកិច្ចការពាណិជ្ជកម្មទ្វេភាគី និងពហុភាគីជាមួយប្រទេសដៃគូរ រួមមាន សហរដ្ឋអាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូង ។ល។ ដែលអាចឱ្យកម្ពុជាធ្វើពិពិធកម្មផលិតផលឱ្យកាន់តែល្អប្រសើរ ដើម្បីជំរុញការនាំចេញទៅកាន់ប្រទេសទាំងនោះបន្ថែមទៀត”។
លោកបណ្ឌិតបញ្ជាក់ថា ដោយសារកម្ពុជាបានបង្ហាញពីសមត្ថភាព មានកិត្តិយសមុខមាត់ នោះប្រទេសកម្ពុជារបស់យើង មានកាលានុវត្តភាពជាអតិបរមាក្នុងការទាក់ទាញ និងផ្តល់ទំនុកចិត្តដល់វិនិយោគិនបរទេស ដើម្បីមកសិក្សាស្វែងយល់ពីសក្តានុពលជាច្រើន របស់ប្រទេសកម្ពុជា ស្របពេលដែលកម្ពុជាបានរៀបចំខ្លួនរួចជាស្រេច លើការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានាទូទាំងប្រទេស ជាពិសេសមានការរៀបចំនូវតំបន់សេដ្ឋកិច្ចពិសេសជាច្រើនសម្រាប់អ្នកវិនិយោគ។
លើសពីនេះទៅទៀត ច្បាប់វិនិយោគថ្មី ដែលត្រូវបានរៀបចំ ការដោះស្រាយវិវាទ និងការសម្របសម្រួលពាណិជ្ជកម្ម សម្រាប់ជនបរទេស ក៏ជាសក្តានុពល ដែលអនុញ្ញាតិឱ្យកម្ពុជាអាចបង្ហាញបាន ក្នុងកំឡុងពេលនេះបានផងដែរ។
លោកបណ្ឌិតបានបន្ថែមទៀតថា តាមរយៈការទាក់ទាញវិនិយោគិននេះហើយ ដែលនឹងនាំមកនូវអត្ថប្រយោជន៍ដល់វិស័យ និងទីផ្សារផ្សេងៗទៀត ជាអាទិ៍ ទីផ្សារអចលនទ្រព្យ ទេសចរណ៍ ។ល។ ដែលអាចផ្តល់ការងារធ្វើដល់ប្រជាជនក្នុងស្រុក និងជំរុញសេដ្ឋកិច្ចកម្ពុជាបានច្រើន។
លោកបញ្ជាក់ថា “ពេលដែលយើងធ្វើជាម្ចាស់ផ្ទះ យើងមានឱកាសបង្ហាញ និងនាំគេឱ្យមកសិក្សា បរិយាកាសវិនិយោគនៅកម្ពុជា។ ចំណុចនេះហើយ ដែលជាអត្តប្រយោជន៍ដោយប្រយោល ដែលអាចជំរុញឱ្យវិស័យដ៏ទៃៗទៀត ដូចជាវិស័យអចលនទ្រព្យអាចកម្រើកបាន”។ លោកបន្តថា “កាលណាវិនិយោគមក ប្រជាពលរដ្ឋក៏មានការងារធ្វើ ទេសចរណ៍មកច្រើន ក៏បានជំរុញឱ្យវិស័យពាក់ព័ន្ធមានកំណើន មានការងារធ្វើ។ រដ្ឋក៏ទទួលបានចំណូលពីការបង់ពន្ធការនាំចូល និងពន្ធប្រាក់ចំណូល ។ល។ ដែលជំរុញឱ្យសកម្មភាពសេដ្ឋកិច្ចមានភាពរីកចម្រើនលូតលាស់”។

ជាមួយគ្នានេះ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍នៅថ្ងៃទី៨ ខែវិច្ឆិកាម្សិលមិញថា ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានរបស់កម្ពុជា ជាការបើកចំហរទីផ្សារ ក្រោយពីកម្ពុជាចូលជាសហគមន៍សេដ្ឋកិច្ចអាស៊ាន ភ្ជាប់តំបន់សេដ្ឋកិច្ចអាស៊ានតែមួយ ដែលជាចំណុចដ៏សំខាន់ ជាពិសេសនៅក្រោយបរិបទនៃជំងឺកូវីដ-១៩។
លោកបន្តថា “ក្រុមហ៊ុនធំៗនឹងធ្វើបទបង្ហាញអំពីសក្ដានុពល និងបទពិសោធន៍គ្នាទៅវិញទៅមក ដែលធ្វើឱ្យតំបន់អាស៊ានកាន់តែរស់រវើក និងមានទំនាក់ទំនងគ្នាកាន់តែល្អប្រសើរ ជាពិសេសទៅលើការវិនិយោគគ្រប់វិស័យ”។
លោកឧកញ៉ា លឹម ហេង បានលើកឡើងថា ប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៃកិច្ចប្រជុំសំខាន់នេះ មានឱកាសច្រើនក្នុងការបង្ហាញអំពីសមិទ្ធផលផ្សេងៗ ដែលកម្ពុជាសម្រេចបាន ដូចជា ការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ ការបើកប្រទេសឡើងវិញ ការបង្កើតឱ្យមានច្បាប់វិនិយោគថ្មី ការកែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុង និងការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ជាដើម។ លើសពីនេះទៅទៀត ប្រទេសកម្ពុជាមានឱកាសបង្ហាញពីសក្ដានុពលលើវិស័យកសិកម្ម ដើម្បីទាក់ទាញអ្នកវិនិយោគក្នុងការកែច្នៃនាំចេញ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា៕
