ដោយៈ ស៊ីវ ម៉េង
កំពតៈ គិតត្រឹមខែកញ្ញាកន្លងមកនេះ ការសាងសង់អាគារកប់ពពកដំបូងគេនៅក្រុងកំពតរបស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុងទើបសម្រេចបានកំពស់ត្រឹម៧ជាន់ប៉ុណ្ណោះ។ នេះបើតាមការបង្ហាញព៌តមានលើផេកFacebookរបស់ លោកសាស្រ្តាចារ្យទួស សាភឿន។
ទោះជាយ៉ាងណា លោកសាស្រ្តាចារ្យទួស សាភឿនថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបនៃក្រុមហ៊ុនថៃ ប៊ុនរ៉ុងដែលបាននិងកំពុងវិនិយោគ សាងសង់អាគារនេះបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលទីថ្ងៃទី១២ ឧសភាកន្លងមកថា ការសាងសង់គំរោងនេះ បានឡើងដល់ជាន់ទី១០ហើយ ដោយក្រុមការងារបាន និងកំពុងសំរុកធ្វើទាំងយប់ទាំងថ្ងៃ ដើម្បីបញ្ចប់ការសាងសង់តាមផែនការដែលបានគ្រោងទុក។
លោកបន្តថា “អគារពាណិជ្ជកម្មនេះ នឹងរួមបញ្ចូលនូវការិយាល័យធ្វើការបែបទំនើប សណ្ឋាគារប្រណីត មជ្ឈមណ្ឌលកំសាន្ត ខារ៉ាអូខេ អាផាតម៉ិនដែលអាចជួលប្រើប្រាស់រយៈពេលវែង”។ លោកបន្តថា “ជាមួយគ្នានេះ យើងក៏មានភោជនីយដ្ឋាន សំរាប់ម្ហូបអាហារច្រើនប្រទេស និងសេវាកម្មជាច្រើនទៀត”។
លោកគឹម សង្រ្គាមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ នៅក្នុងខេត្តកំពតបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា លោកគិតថាគំរោងនេះ នឹងទទួលបានជោគជ័យ ព្រោះទី១ មុនវិនិយោគក្រុមហ៊ុនបានសិក្សា ពីទីផ្សាររួចហើយ ទី២ សក្តានុពលសេដ្ឋកិច្ចក្នុងខេត្តកំពតនៅតែដំណើរការល្អ ទោះមានវិបត្តិកូវីដក្តី ព្រោះខេត្តកំពតពឹងផ្អែកសេដ្ឋកិច្ច ក្នុងស្រុកច្រើន មានភ្ញៀវទេសចរណ៍ក្នុងស្រុកច្រើន។
លោកបន្តថា “ជាមួយគ្នានេះ ខ្ញុំមើលឃើញថាអ្នកវិនិយោគជាច្រើនបានចាប់ផ្តើមចូលមកកាន់ខេត្តកំពត ហើយខេត្តនេះនឹងដើរតួជាប៉ូលសេដ្ឋកិច្ចថ្មីមួយនៅតំបន់ឆ្នេរ ដែលមានសកម្មភាពពាណិជ្ជកម្មបែបពហុបំណង”។លោកបន្តថា “សក្តានុពលលើសេដ្ឋកិច្ច ដែលពឹងផ្អែកលើកសិកម្ម កសិឧស្សាហកម្ម ទេសចរណ៍ និងការវិនិយោគអចលនទ្រព្យ នឹងធ្វើឲ្យអគារពាណិជ្ជកម្មថៃ ប៊ុនរ៉ុងនឹងទទួលបានជោគជ័យ”។
លោកបន្តថា ការវិនិយោគរបស់ក្រុមហ៊ុននេះ ជាការឆ្លយតបនិងត្រៀមទុកសម្រាប់កិច្ចការមួយចំនួន ដែលជាសក្តានុពលរបស់ខេត្ត សូម្បីតែលោក
ក៏ត្រូវការអាគារបែបនេះ សម្រាប់ធ្វើជាការិយាល័យរបស់ខ្លួន នាពេលអនាគតផងដែរ៕