ឆ្នាំ២០២២ជាឆ្នាំដែលវិស័យអចលនទ្រព្យជួបផលលំបាកខ្លាំងក្នុងរយៈពេល១០ឆ្នាំចុងក្រោយឬ?

0

 ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ គិតចាប់ពីឆ្នាំ២០២០ ២០២១ គ្រាដែលពិភពលោកបានជួបវិបត្តិនឹងជំងឺកូវីដ១៩ វិស័យអចលនទ្រព្យក៏ដូចជាវិស័យផ្សេងៗ ក៏បានជួបប្រទះនឹងបញ្ហាដូចគ្នា ប៉ុន្តែអ្នកជំនាញនិងវិនិយោគបានរំពឹងថា ២០២២នេះ វិស័យអចលនទ្រព្យនឹងវិល ទៅរកស្ថានភាពល្អប្រសើរឡើងវិញ។

ប៉ុន្តែមកដល់ឆ្នាំនេះ អចលនទ្រព្យកាន់តែរងផលប់ះពាល់ និងអាចនិយាយកាន់តែពិបាកជាង២ឆ្នាំមុនទៅទៀត។

អ្នកនាងអាន សុធីតា អគ្គនាយិកាប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ  PropNex Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា បើគិតក្នុងរយៈពេលចាប់តាំងពីឆ្នាំ២០១២ មកដល់ឆ្នាំ២០២២នេះ យើងអាចនិយាយបានថាឆ្នាំ ២០២២នេះ ជាឆ្នាំដែលអចលនទ្រព្យមានសភាពតានតឹងជាងគេ គឺតានតឹងជាងឆ្នាំ២០២០ និងឆ្នាំ២០២១ទៅទៀត ។

អ្នកនាងបន្តថា “វិស័យអចលនទ្រព្យ បានចាប់ផ្ដើមងើបឡើងនៅក្នុងអំឡុងឆ្នាំ ២០១២ បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ២០០៨ ឬ២០០៩”។អ្នកនាងបន្ថែមថា “វិស័យអចលនទ្រព្យ ចាប់ផ្ដើមទាក់ទាញបាននូវការវិនិ​យោគពីបរទេសឡើងវិញ និងកាន់តែមានការទាក់ទាញខ្លាំង នៅក្នុងអំឡុងឆ្នាំ២០១៥ឬ២០១៦ ហើយក៏ចាប់ផ្ដើមមានលំនឹង និងកំណើនបន្តទៀតនៅក្នុងឆ្នាំ២០១៧ និង២០១៨”។

ជាក់ស្ដែងនៅក្នុងអំឡុងឆ្នាំនោះ យើងឃើញមានការអភិវឌ្ឍខ្លាំងស្ទើរតែគ្រប់ផ្នែក ក្នុងនោះដែរវិនិយោគិនចិន បានបណ្ដាក់ទុនវិនិយោគលើអចល​នទ្រព្យនៅកម្ពុជាច្រើនជាពិសេសនៅក្រុងព្រះសីហនុ ។

អ្នកនាងអាន សុធីតាបានបន្តទៀតថា រហូតដល់ចុងឆ្នាំ ២០១៩ និងឆ្នាំ ២០២០ វិបត្តិកូវីដ១៩ក៏ចាប់ផ្ដើមផ្ទុះឡើង និងបានធ្វើឱ្យទីផ្សារអចលនទ្រព្យចាប់ផ្ដើមប្រែប្រួល ។ ទីផ្សារអចលនទ្រព្យ ក៏ដូចជា ទីផ្សារនៃវិស័យផ្សេងទៀត គឺមានការឡើងចុះទៅតាមបរិបទ នៃសេដ្ឋកិច្ចពិភពលោក ហើយបើនិយាយជារួមឆ្នាំ២០២២ មិនសូវជាមានភាពល្អប៉ុន្មានទេ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ ជាពិសេសផលប៉ះពាល់ពីខាងក្រៅតែម្ដង។

អ្នកនាងបញ្ជាក់ថា “ឆ្នាំ២០១២ ជាឆ្នាំដែលកម្ពុជាចាប់ផ្ដើមលើវិស័យអចលនទ្រព្យ ពីព្រោះពេលនោះកម្ពុជា មិនមានការអភិវឌ្ឍអចលនទ្រព្យទូលំទូលាយដូចបច្ចុប្បន្ននេះទេ ហើយសិង្ហបុរីជាប្រទេសដែលចាប់អារម្ម​ណ៍លើការវិនិយោគអចលនទ្រព្យនៅកម្ពុជាជាងគេ”។

អ្នកនាងអាន សុធីតាបានឱ្យដឹងទៀតថា ថ្វីតត្បិតតែកម្ពុជាបានចាប់ផ្ដើមបើកទូលាយ លើការអភិវឌ្ឍអចលនទ្រព្យ រយៈជាង១ទសវត្សរ៍មកហើយក្ដី តែទីផ្សារអចលនទ្រព្យ យើងមិនទា់ជាមានភាពចាស់ទុំនោះទេ ការប្រកួតប្រជែងនៅមានកម្រិតនៅឡើយ។ ពីមុនការប្រកួតប្រជែងបានផ្ដោតទៅលើតម្លៃ និងទីតាំង ប៉ុន្តែបច្ចុប្បន្ននេះ ចាប់ផ្ដើមមានការផ្លាស់ប្តូរទៅលើគុណភាព ការឌីហ្សាញ គុណភាព សោភ័ណភាព និងលក្ខខណ្ឌបង់ប្រាក់ប្រសើរជាដើម។

ពាក់ព័ន្ធនឹងស្ថានភាព នៃវិស័យអចលនទ្រព្យកម្ពុជានាពេលនេះដែរ បើតាមភ្នាក់ងារតាមបណ្ដាខេត្តជាច្រើន បានបង្ហាញពីការស្ថានភាពនៅតាមបណ្ដាខេត្តរបស់ខ្លួន ដោយលើកឡើងថា ការទិញលក់ និងការអភិវឌ្ឍគម្រោងថ្មីៗក្នុងរយៈពេលចុងក្រោយនេះ គឺកាន់តែពិបាកឬស្ងប់ស្ងាត់ខ្លាំង ។

ពួកគេបានលើកឡើថា “ម្ចាស់ទ្រព្យខ្លះ បានប្រកាសលក់ដោយដាក់ផ្លាកលក់១ខែហើយនៅតែ មិនមានអ្នកទាក់ទងសូម្បីតែសួរពីតម្លៃ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here