អ្នកជំនាញលើកឡើងពីផលវិជ្ជមាន និងអវិជ្ជមានពីការកសាងហេដ្ឋារចនាសម្ព័ន្ឋនិងការពង្រីករាជធានី

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ស្របទៅតាមកំណើនប្រជាជន នៅក្នុងទីក្រុងបានកើនឡើងជាបន្តបន្ទាប់ ជាពិសេសប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានធ្វើឱ្យរដ្ឋាភិបាល ត្រូវរៀបផែនការពង្រីកទីក្រុងជាបន្តបន្ទាប់។

ការពង្រីកទីក្រុងនេះផងដែរ ជាទូទៅបានជះឥទ្ធិពលវិជ្ជមាន ទៅលើតម្លៃដីធ្លី និងបានធ្វើឱ្យតម្លៃដីធ្លីកើនឡើងជាងមុន ប៉ុន្តែយ៉ាងណាក្ដីការពង្រី​ករាជធានីភ្នំពេញ ក៏អាចធ្វើឱ្យតម្លៃដីធ្លីធ្លាក់ចុះទៅវិញ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចល​នវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹង កាលពីព្រឹកថ្ងៃទី២៥ កក្កដានេះថា កំណើនប្រជាជនរស់នៅទីក្រុង បានធ្វើឱ្យរដ្ឋាភិបាល ត្រូវពង្រីកផ្ទៃដីនៅទីក្រុងកាន់តែធំឡើងៗ ជាពិសេសពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ពីមួយឆ្នាំទៅមួយឆ្នាំ បានកើនឡើងជាបន្តបន្ទាប់ ហើយរដ្ឋភិបាលក៏បានពង្រីកក្រុងភ្នំពេញក៏កាន់តែធំ ដោយកាត់យកចំណែកខ្លះ នៃខេត្តកណ្តាលជាប់ភ្នំពេញ មកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុងភ្នំពេញផងដែរ ។

លោកបន្តថា “ផែនការពង្រីកទីក្រុងពេលខ្លះ ក៏ធ្វើឱ្យដីធ្លីឡើងថ្លៃហើយពេលខ្លះក៏ធ្វើឱ្យដីធ្លីនៅថេរ និងអាចធ្វើឱ្យធ្លាក់ចុះថ្លៃទៅវិញ”។ លោកពន្យល់ថា “ជាទូទៅនៅពេលមានការពង្រីកក្រុង ដីនៅតំបន់ឆ្ងាយពីក្រុងនឹងត្រូវអភិវឌ្ឍន៍ឱ្យដូចនឹងដីនៅក្រុងដែរ ពេលនោះនឹងមានការអភិវឌ្ឍជាហេដ្ឋារចនាសម្ព័ន្ធ  ផ្ទះ និងតំបន់ឧស្សាហកម្មជាដើម ដូច្នេះដីនៅតំបន់នោះនឹងមានការឡើងថ្លៃ តែសម្រាប់ដីដែលត្រូវបានកំណត់ធ្វើជាផ្លូវ ឬដីដែលមានការសង់ស្ពានអាកាសពីលើ នឹងមិនឡើងថ្លៃនោះទេ”។

កំណើនតម្លៃដីធ្លីខ្ពស់ពេក ក៏រារាំងដល់ផែនការអភិវឌ្ឍន៍មួយផ្នែកផងដែរ ឧទាហរណ៍ការចំណាយលើសំណងដល់ប្រជាពលរដ្ឋ ដើម្បីសាងសង់អ្វីមួយ អ្នកវិនិយោគមិនមានលទ្ឋភាពចាប់ផ្តើមគំរោងរបស់ពួកគេជាដើម។

លោកច្រឹក សុខនីមបានបន្ថែមថា ជាធម្មតា ផែនការពង្រីកក្រុងត្រូវមានការអភិវឌ្ឍ៣ ដំណាក់កាលសំខាន់ៗ ទី១ ការអភិវឌ្ឍហេដ្ឋារចនាស   ម្ព័ន្ធជាមុន ដូចជាផ្លូវ ទឹក ភ្លើង ទី២ គឺការអភិវឌ្ឍលំនៅឋាន ។ នៅពេលដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួចរាល់ អ្នកអភិវឌ្ឍន៍លំនៅឋាននឹងចូលទៅអភិវឌ្ឍន៍ ដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការ ពីព្រោះថាពេលមានការពង្រីកក្រុង នឹងធ្វើឱ្យលំនៅឋាននៅតំបន់ជាយៗក្រុង ឬតំបន់អភិវឌ្ឍន៍ថ្មីនឹងមានតម្រូវការ ពេលនោះគឺជាឱកាសរបស់អ្នកអភិវឌ្ឍន៍។

ទី៣ ការអភិវឌ្ឍតំបន់ឧស្សាហកម្មឬពាណិជ្ជកម្ម ពីព្រោះថានៅពេលមានមនុស្សរស់នៅកាន់តែច្រើន តម្រូវការទៅលើសេវាកម្មផ្សេងៗ ដែលជាកត្តាចាំបាច់ សម្រាប់ការរស់នៅរបស់មនុស្ស នឹងកើនឡើងដូចគ្នា។ ដូច្នេះហើយការអភិវឌ្ឍឧស្សាហកម្ម និងពាណិជ្ជកម្មនឹងមានសន្ទុះកំណើននៅ តំបន់ថ្មីៗទាំងនោះ។

ចំណែកលោកប៉ូ អ៊ាវគង់ អគ្គនាយកនៃក្រុមហ៊ុនAdvance  Real Estate បានមានប្រសសាន៍ផងដែរថា ដើម្បីឱ្យផែនការទទួលបានជោគ​ជ័យ ពិតណាស់រដ្ឋាភិបាលប្រាកដជាមានគម្រោងប្លង់មេ សម្រាប់ការអភិវឌ្ឍ ហើយអនុវត្តទៅតាមគម្រោងប្លង់មេទាំងនោះ ដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បានត្រឹមត្រូវ និងការចុះបញ្ជីដីធ្លីជូនពលរដ្ឋ ដែលទើបកាត់ចូលមកជាអ្នកក្រុងថ្មីៗបានត្រឹមត្រូវផងដែរ។

រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីឆ្នាំមុន បានបង្ហាញពីផែនការប្រើប្រាស់ដីលំអិត និងផែនការពង្រីករាជធានីភ្នំពេញ សម្រាប់ផែនការអភិវឌ្ឍន៍ឆ្នាំ២០២០ ២០៣៥ ដែលផែន​ការនេះ រដ្ឋាភិបាលគ្រោងនឹងពង្រីករាជធានីភ្នំពេញ ​ក្នុងកាំរង្វង់៣០គីឡូ​ម៉ែត្រការ៉េ៕

ហេតុអ្វីពិភពលោកត្រូវព្រួយបារម្ភចំពោះវិបត្តិអចលនទ្រព្យ របស់មហាយក្សចិន?

ដោយៈ សុខុម

ប៉េកាំងៈ វិស័យអចលនទ្រព្យ បាននិងកំពុងជួបវិបត្តិផ្ទួនៗរបស់ប្រទេ​សចិន បានជួបវិបត្តិថ្មីមួយទៀតនៅខែនេះ នៅពេលក្រុមអ្នកទិញផ្ទះបានសម្ដែងការខកចិត្ត និងឈប់ទូទាត់ប្រាក់កម្ចីរបស់ពួកគេ សម្រាប់ផ្ទះក្នុងគម្រោងណាដែលសាងសង់មិនទាន់រួចរាល់។

ការឈប់ទូទាត់ប្រាក់កម្ចីទិញផ្ទះនេះ ធ្វើឡើងស្របពេលក្រុមហ៊ុនអភិវឌ្ឍន៍ចិនជាច្រើន កំពុងជួបវិបត្តិពិបាកគ្រប់គ្រងបំណុល ដែលគរដូចភ្នំ និងការភ័យខ្លាចថា វិបត្តិនេះអាចនឹងរីករាលដាល ដល់សេដ្ឋកិច្ចរបស់ប្រទេសចិន និងពិភពលោកទាំងមូល។

*តើវិស័យអចលនទ្រព្យរបស់ប្រទេសចិនមានទំហំធំប៉ុនណា?

ចម្លើយគឺវាធំមហាសាល! ឧស្សាហកម្មអចលនទ្រព្យ និងឧស្សាហកម្ម ដែលពាក់ព័ន្ធត្រូវបានប៉ាន់ប្រមាណថា មានចំណែករហូតដល់ទៅ១ភាគ៤នៃផលទុនជាតិសរុប (GDP) របស់ប្រទេសចិនទាំងមូល។

វិស័យនេះ បានចាប់ផ្ដើមមានសន្ទុះរីកចម្រើនខ្លាំង បន្ទាប់ពីការធ្វើកំណែទម្រង់ទីផ្សារក្នុងឆ្នាំ១៩៩៨។

វិស័យសំណង់មានការរីកចម្រើនយ៉ាងខ្លាំង ខណៈប្រជាជនចិន ស្ថិតក្នុងវណ្ណៈកណ្តាល មានតម្រូវការទិញផ្ទះកើនឡើងឥតឈប់ឈរ ហើយពួកគេថែមទាំងចាត់ទុកផ្ទះ ជាទ្រព្យដ៏សំខាន់ក្នុងកគ្រួសារ និងជានិមិត្តរូបនៃវណ្ណៈទៀតផង។

វិស័យអចលនទ្រព្យមានសន្ទុះរីកចម្រើនខ្លាំង ក៏ដោយសារតែលក្ខ​ខណ្ឌ​ទទួលបានឥណទានងាយស្រួល ដោយធនាគារព្យាយាមផ្ដល់ប្រាក់កម្ចីដល់ធនាគារអភិវឌ្ឍន៍ និងអ្នកទិញឱ្យបានច្រើនតាម ដែលអាចធ្វើទៅបាន។

យោងតាមរបាយការណ៍មួយរបស់ ANZ Research ក្នុងខែនេះបង្ហាញថា កម្ចីទិញផ្ទះមានចំនួនស្ទើរតែ២០% នៃប្រាក់កម្ចីដែលមិនទាន់ទូទាត់សងទាំងអស់ នៅក្នុងប្រព័ន្ធធនាគារទាំងមូលរបស់ប្រទេសចិន។

គម្រោងអភិវឌ្ឍន៍ជាច្រើនពឹងផ្អែកលើ “ការលក់Pre-sale” ដោយអ្នកទិញបង់រំលស់ផ្ទះ ក្នុងគម្រោងមិនទាន់ចាប់ផ្ដើមសាងសង់នៅឡើយ។

សារព័ត៌មាន Bloomberg News បានចុះផ្សាយថា ផ្ទះដែលមិនទាន់រួចរាល់នៅក្នុងប្រទេសចិន មានទំហំដល់ទៅ២២៥លានម៉ែត្រការ៉េ។

*ហេតុអ្វីបានជាពិភពលោក ត្រូវព្រួយបារម្ភចំពោះវិបត្តិអចលនទ្រព្យរបស់មហាយក្សចិន?

ដូចយើងបានដឹងហើយថា ប្រទេសចិន គឺជាមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោក ដែលមានទំនាក់ទំនងពាណិជ្ជកម្ម និងហិរញ្ញវត្ថុយ៉ាងស៊ីជម្រៅនៅលើពិភពលោក។

ក្រុមអ្នកវិភាគលើកឡើងថា ប្រសិនបើវិបត្តិអចលនទ្រព្យនេះ រីករាលដាលដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិន ផលប៉ះពាល់ដ៏ធំធេងរបស់វានឹងរីកដាលដាលដល់ពិភពលោកទាំងមូល។

ទីភ្នាក់ងារដាក់កម្រិតគុណភាពឥណទាន Fitch Ratings បានសរសេរក្នុងកំណត់ត្រាមួយរបស់ខ្លួន កាលពីថ្ងៃច័ន្ទ ទី១៨ ខែកក្កដាកន្លងមក ថា “ប្រសិនបើការខកខានទូទាត់បំណុល (របស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន) កើនឡើង វាអាចជះផលប៉ះពាល់ធំធេង និងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងសង្គម”។

ការព្រមាននេះ បន្ទរតាមការព្រមានដោយធនាគារកណ្តាល អាមេរិក (Federal Reserve) ដែលបាននិយាយកាលពីខែឧសភាថា ខណៈប្រទេសចិន នៅគ្រប់គ្រងការខនខានទូទាត់បំណុលនេះ បាននៅឡើយរហូតមកទល់ពេលនេះ វិបត្តិអចលនទ្រព្យកាន់តែធ្ងន់ធ្ងរទៅៗ អាចប៉ះពាល់ដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសនេះផងដែរ។

ធនាគារកណ្ដាលអាមេរិក បានលើកឡើងក្នុងរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុ (Financial Stability Report) របស់ខ្លួនកាលពីខែឧសភា ឆ្នាំ២០២២ថា វិបត្តិនេះអាចរីករាលដាល និងជះប៉ះពាល់ដល់ពាណិជ្ជកម្មទូទាំងពិភពលោក៕ Reuters៕

មន្រ្តីក្រសួងសាធារណៈការពិនិត្យបញ្ហាប្រឈមក្នុងការអនុវត្តគម្រោងធ្វើ ឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ដែលការសាងសង់យឺតយ៉ាវ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុមមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនដឹកនាំដោយលោកហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ២ និងលេខ២២។

ជំនួបពិភាក្សាការងារនេះ បានធ្វើឡើងជាមួយលោកស្រី Minnie Chey នាយិកាមូលនិធិសហប្រតិបត្តិការសេដ្ឋកិច្ចកូរ៉េប្រចាំកម្ពុជា(EDCF) ដោយមានការចូលរួម ពីលោកកែន រដ្ឋា នាយករងគម្រោង និងមន្រ្តីពាក់ព័ន្ឋ​មួយចំនួន។

ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យបញ្ហាប្រឈមទាក់ទងដឹងការអនុវត្ត គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ និងស្វែងរកដំណោះស្រាយ ចំពោះបញ្ហាសំដៅធានាដល់ការអនុវត្តគម្រោងដោយភាពរលូន និងបញ្ចប់តាមការគ្រោងទុក។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាអំពីរបាយការណ៍លទ្ធផល នៃការចុះអង្កេតគុណភាពផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ដោយម៉ាស៊ីនFWD ការផ្ទៀងផ្ទាត់របាយការណ៍បឋម របស់ក្រុមការងារបច្ចេកទេសក្រសួង ជាមួ​យនឹងរបាយការណ៍បឋមរបស់ក្រុមជំនាញការកូរ៉េ។

ក្រុមមន្រ្តីក៏បានពិភាក្សា អំពីតម្រូវការក្រុមបច្ចេកទេសឯករាជ្យមកធ្វើសវនកម្មបច្ចេកទេស (Technical Audit) និងបញ្ហាប្រឈមនានា ដូចជាការដោះស្រាយផលប៉ះពាល់ នៅកំណាត់ផ្លូវនៅក្រុងតាខ្មៅ ការស្នើសុំបន្ថែមការងារមួយចំនួន និងការស្នើសុំពន្យារពេល។

ភាគីទាំងពីរ បានបង្ហាញនូវការខិតខំប្រឹងប្រែងបន្តកិច្ចសហការ និងស្វែងរកវិធីដោះស្រាយ ដើម្បីឱ្យការអនុវត្តគម្រោងសម្រេច បានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងមានគុណភាព៕

ទីផ្សារជួលការិយាល័យកម្រិតBនិងCកំពុងមានកំណើនខ្ពស់ ខណៈ កម្រិតAធ្លាក់ចុះបន្តិច

ដោយៈ សុផារី

ភ្នំពេញៈ ជាមួយការត្រលប់មកវិញបណ្តើរៗ នៃអ្នកវិនិយោគិនបរទេស និងការចាប់ផ្តើមអាជីវកម្មឡើងវិញ បានធ្វើឱ្យទីផ្សារជួលការិយាល័យហាក់បង្ហាញសញ្ញាល្អប្រសើរច្រើន ដោយទទួលបានការជួលឡើងវិញ។ ក្នុងនោះ អាគារការិយាល័យកម្រិតB និងCទទួលបានការពេញនិយមខ្ពស់ ខណៈកម្រិតAបានធ្លាក់ចុះបន្តិច។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍នៅថ្ងៃទី២៥ ខែកក្កដានេះថា ទីផ្សារជួលអាគារពាណិជ្ជកម្មប្រភេទB និងC ទទួលបានការគាំទ្រកើនឡើងខ្ពស់ជាងប្រភេទA ដែលបានធ្លាក់ចុះបន្តិចបន្តួច ដោយសារបញ្ហាប្រឈមនឹងវិបត្តិសេដ្ឋកិច្ច។

បើតាមការបញ្ជាក់របស់អ្នកជំនាញរូបនេះ អាគារប្រភេទA មានតម្លៃលើសពី២០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ អាគារប្រភេទB មានតម្លៃចន្លោះ៨ ទៅ២០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ និងអាគារប្រភេទC មានតម្លៃក្រោម៨ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

លោកបន្តថា “អាគារពាណិជ្ជកម្មក៏ចាប់ផ្តើមដំណើរការខ្លះៗ ក្នុងនោះអាគារកម្រិតB និងC នៅតែបន្តទទួលបានការគាំទ្រ ពីសំណាក់អតិថិជនរបស់ខ្លួន ខណៈកម្រិតA មានការធ្លាក់ចុះបន្តិចបន្តួច ដោយសារបញ្ហាសេដ្ឋកិច្ច ដែលធ្វើឱ្យម្ចាស់់ក្រុមហ៊ុនមួយចំនួន ព្យាយាមកាត់បន្ថយការចំណាយរបស់ខ្លួនក្នុងកំឡុងវិបត្តិ”។

លោកបានគូសបញ្ជាក់ថា “កម្រិតB និង C នៅតែបន្តទទួលការគាំទ្រ ជួលបានច្រើន ហើយប្រភេទA មានការធ្លាក់ចុះខ្លះ ដោយសារតែបញ្ហាប្រ​ឈ​មនៃវិបត្តិសេដ្ឋកិច្ច ដូច្នេះម្ចាស់ក្រុមហ៊ុន ឬសហគ្រាសមួយចំនួន បានកាត់បន្ថយថ្លៃដើម តែនៅពេលសមរម្យណាមួយ គាត់នឹងត្រឡប់ទៅប្រើប្រាស់អាគារទាំងអស់នេះវិញ”។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនCBRE Cambodia ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះស្តីអំពី បច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា ក្នុងឆមាសទី២ ឆ្នាំ២០២២នេះបានបង្ហាញថា ក្នុងឆ្នាំ២០២២ទាំងមូល ទីផ្សារការិយាល័យរំពឹងទទួលបាន ការផ្គត់ផ្គង់សរុបចំនួន១០០.០០០ម៉ែត្រក្រឡា ប៉ុន្តែតាមរយៈការសិក្សាបានបង្ហាញថា ប្រមាណ៦០ភាគរយនៃការផ្គត់ផ្គង់ ដែលរំពឹងទុកនោះ ត្រូវបានពន្យារពេលរហូតដល់ឆ្នាំ២០២៣។

អ្នកនាងជិន ដាលុច្ស ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ឲ្យដឹងថា ទីផ្សារជួលការិយាល័យនៅក្នុងប្រទេសកម្ពុជាមានភាពធន់ខ្ពស់ ដោយសារសញ្ញានៃការធ្លាក់ចុះ នៃការផ្គត់ផ្គង់ និងការមិនមានគម្រោងថ្មី ដែលជួយគាំទ្រឱ្យអត្រាគ្រប់គ្រងការិយាល័​យមានស្ថិរភាព។

អ្នកនាងសង្គត់ធ្ងន់ថា “ការបន្ថយល្បឿនការផ្គត់ផ្គង់ការិយាល័យនេះជាសញ្ញាល្អមួយ ដើម្បីជួយឱ្យទីផ្សារមួយនេះ មានពេលគ្រប់គ្រាន់ ក្នុងការស្រូបយកការិយាល័យដែលទំនេរ ដោយអត្រាការិយាល័យ ដែលបានគ្រប់គ្រងរួច ក្នុងឆមាសទី២ឆ្នាំនេះ ប្រមាណ៦៧ភាគរយ ស្មើនឹងឆមាសទី១ ឆ្នាំ២០២២ដែរ”។

អ្នកនាងបន្តថា គ្រប់ការិយាល័យ នៅក្នុងតំបន់អភិវឌ្ឍន៍ចម្រុះ (CBD) នៅបន្តរក្សាបានអត្រាតម្លៃ និងការជួលរបស់ខ្លួនដូចក្នុងត្រីមាសទី១ នៃឆ្នាំ២០២២ដែរ ប៉ុន្តែសម្រាប់ការជួលអាគារ ដែលស្ថិតនៅក្រៅតំបន់អភិវឌ្ឍន៍ចម្រុះ មានការធ្លាក់ចុះ។

អ្នកនាងបានឱ្យដឹងថា ម្ចាស់អាគារអាគារក្រៅតំបន់អភិវឌ្ឍន៍ចម្រុះ បានទម្លាក់ថ្លៃជួលការិយាល័យកម្រិតB និងកម្រិតC ក្នុងចន្លោះពី៣ភាគរយ ទៅ៨,៧ភាគរយ ដើម្បីទាក់ទាញអតិថិជន ដែលកំពុងមានបំណងពង្រីកទំហំការិយាល័យរបស់ខ្លួន ហើយចាកចេញពីអាគារការិយាល័យនៅក្នុងតំបន់អភិវឌ្ឍន៍ចម្រុះ ទៅកាន់ក្រៅតំបន់តំបន់អភិវឌ្ឍន៍ចម្រុះ ដើម្បីរកទីតាំងជួលមានតម្លៃទាបជាងមុន។

អ្នកនាងបន្ថែមថា ជាពិសេស អាគារការិយាល័យកម្រិតB ដែលស្ថិតនៅក្រៅតំបន់អភិវឌ្ឍន៍ចម្រុះ ទទួលបានការពេញនិយម ហើយបានស្រូបយកចំណែកទីផ្សារពីប្រភេទផ្សេងទៀត៕

ឡាម៉េហ្សុង ផ្លាហ្សាបើកសម្ពោធដំណើរការគម្រោងអភិវឌ្ឍផ្ទះអាជីវកម្ម ជាមួយទីតាំងយ៉ាងល្អប្រណិត

ដោយៈ លីថូ

ភ្នំពេញៈ គំរោងលំនៅដ្ឋានឡាម៉េហ្សុង ផ្លាហ្សា បានបើកសម្ពោធដំណើរការជាផ្លូវការ នូវគម្រោងអភិវឌ្ឍផ្ទះអាជីវកម្មរបស់ខ្លួន ដែលមានទីតាំងប្រកបដោយសក្តានុពលខ្ពស់ ស្ថិតនៅជាប់រង្វង់មូលអប្សរា មហាវិថីឈ្នះឈ្នះ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ពិធីសម្ពោធនេះកាលពីថ្ងៃទី២៤ កក្កដាកន្លងមកនេះ មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អាជ្ញាធរពាក់ព័ន្ធ តំណាងដៃគូវិនិយោគ ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើននាក់ ដោយកម្មវិធីនេះប្រារព្ធធ្វើឡើង នៅសាលប្រជុំ ដឹព្រេមៀរសែនសុខ រាជធានីភ្នំពេញ ។

ឡាម៉េហ្សុងផ្លាហ្សា គឺជាគម្រោងអភិវឌ្ឍផ្ទុះអាជីវកម្ម ដែលប្រមូលផ្ដុំដោយហាងលក់ទំនិញ ហាងផ្តល់សេវាកម្ម ភោជនីយដ្ឋាន ហាងលក់ម្ហូបអាហារនិងភេសជ្ជៈរហ័សជាដើម។ ពិសេសបានរៀបចំឲ្យដំណើរការពេញ ២៤ម៉ោង ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ ។ ហ្សបហោស៍ ទាំងអស់បានរចនាតាមបែបស្ថាបត្យកម្មប៉ារីស នៃប្រទេសបារាំង ស្ថិតក្នុងរាជកាលស្តេចណាប៉ូលេអុង សម្រាប់គ្រួសារអភិជននាសម័យនោះ។ រចនាបថនេះ ក៏បានពន្លេចឡើងវិញផងដែរ ពីឧត្តមភាពនៃប្រទេសកម្ពុជា នាទសវត្ស៦០ ដែលគេស្គាល់ថា ជា “ប៉ារីសនៃអាស៊ីខាងកើត” ។

លោកអេង លីឃ័ង អគ្គនាយកក្រុមហ៊ុន Cambestate Management Co., Ltd. និងជាម្ចាស់គម្រោងឡាម៉េហ្សុង ផ្លាហ្សាមានប្រសាសន៍ថា ឡាម៉េហ្សុងផ្លាហ្សា ជាគម្រោងអភិវឌ្ឍរួមគ្នា រវាងក្រុមហ៊ុន Pacrim Camblossom Development Co. Ltd (PCD Group) តំណាងដោយលោក Wang Fu-Chang និងក្រុមហ៊ុន LCH Investment Group Co., Ltd. (LCH Group) តំណាងដោយលោក តាន់ កាក់ឃុន ជាសម្ព័ន្ធក្រុមហ៊ុន បានប្រតិបត្តិអាជីវកម្មក្នុងវិស័យអចលវត្ថុនៅកម្ពុជា ដែលមានបទពិសោធន៍ ជាយូរឆ្នាំណាស់មកហើយ ព្រមទាំងទទួលស្គាល់ដោយធុរជន និងវិនិយោគគិនជាច្រើនទាំងក្នុង និងក្រៅប្រទេស។

ជាមួយគ្នានោះលោក អេង លីឃ័ង បានបញ្ជាក់ថា  “ចក្ខុវិស័យរបស់គម្រោង គឺផ្តោតទៅលើការបង្កើតមណ្ឌលពាណិជ្ជកម្ម២៤ម៉ោង ក្នុងប្រាំពីរថ្ងៃ ដែលប្រមូលផ្តុំដោយធុរកិច្ចចម្រុះ ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងខណ្ឌទាំង៤ រួមមាន៖ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌព្រែកព្នៅ និងខណ្ឌជ្រោយចង្វារ”។ លោកបន្តថា អ្វីពិសេសជាងនេះ គឺផ្តល់ឱកាស ឱ្យធុរជនអាចធ្វើធុរកិច្ច និងរស់នៅក្នុងគេហដ្ឋានរបស់ខ្លួនឯងផ្ទាល់តែម្តង ដោយពុំចាំបាច់ចំណាយបន្ថែមលើការជួលទីកន្លែងផ្សេងគ្នា”។

លើសពីនេះទៀតលោក អគ្គនាយកក្រុមហ៊ុន បានបន្ថែមថា  គម្រោងផ្ទះអាជីវកម្ម ឡាម៉េហ្សុងផ្លាហ្សា មានផ្លូវធំទូលាយ ទីធ្លា និងកន្លែងចតយានយន្តទូលាយ មានផ្លូវថ្មើរជើង សួនច្បារ កន្លែងអង្គុយ និងបន្ទប់ទឹកសាធារណះយ៉ាងល្អស្អាត។ នៅតាមដងផ្លូវនីមួយៗ មានដាំលម្អដោយដើម ផ្កាអង្គាបុស្ស ដើម្បីបន្ថែមបរិយាកាសធម្មជាតិ ពណ៍បៃតង ផ្តល់អារម្មណ៍ស្រស់ស្រាយ ទន់ភ្លន់ និងអន្លង់អន្លោចដល់ធុរជន អ្នក រស់នៅ និងភ្ញៀវទាំងឡាយដែលបានចូលមកដល់។

នៅជុំវិញគម្រោង ឡាម៉េហ្សុង ផ្លាហ្សា មានមហាវិថី ផ្លូវជាតិ និងផ្លូវរដ្ឋធំតូចយ៉ាងតិច១០ខ្សែព័ទ្ធប្រជុំគ្នា ជាពិសេសគឺមានផ្លូវរដ្ឋ២០ម៉ែត្រ ឆ្លងកាត់គម្រោងតែម្តង គឺចាប់ពីរង្វង់មូលអប្សរា (អតីតរង្វល់ មូលព្រែកព្នៅ) រហូតដល់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ព្រមទាំងមាន ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈ ងាយស្រួល (physical infrastructure-accessibility) ដូចជាស្ថាប័នរដ្ឋ សហគ្រាសឯកជន និងបុរីធំៗជាច្រើនកុះករ។

ចំណែកលោក Wang Fu-Chang ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន PCD Group បានមានប្រសាសន៍ថា អ្វីដែលជាភាពល្អឯក នៃគម្រោងឡាម៉េហ្សុងផ្លាហ្សា មានដូចជា ទី១ ទីតាំងគម្រោងមានសក្តានុពល ស្ថិតនៅចំកណ្តាល នៃទីតាំងភូមិសាស្ត្រភាគខាងជើង រាជធានីភ្នំពេញ។ ទី២ គឺរចនាបថ ហ្សបហៅស៍ បែបស្ថាបត្យកម្មប៉ារីសនៃប្រទេសបារាំង មានរូបរាងស្ទាតសមសួនឥតខ្ចោះ មានភាពបត់បែនក្នុងការប្រើប្រាស់លម្អនិងទី៣៖គឺពហុមុខងារហ្សបហៅស៍ ដែលផ្តល់ឱកាសឱ្យធុរជនអាចធ្វើធុរកិច្ច និងរស់ នៅក្នុងគេហដ្ឋានតែមួយ ។

លើសពីនេះ ហ្សបហៅស៍ អាចឱ្យវិនិយោគិន ទទួលបានចំណូលពីការជួលផ្ទះ និងចំណេញមូលធន ពីការឡើងថ្លៃផ្ទះផងដែរ។ ជាពិសេសគឺបានបន្ថែមដោយបទដ្ឋានគ្រប់គ្រងគម្រោងដ៏ល្អ ដែលអាចធានាបាននូវវឌ្ឍនភាព និង និរន្តរភាពសម្រាប់គ្រប់ធុរកិច្ច។

ជាមួយគ្នានោះលោក Wang Fu-Chang ក៏បានគូសបញ្ជាក់ផងដែរថា គម្រោងឡាម៉េហ្សុង ផ្លាហ្សា សម្រាប់ជនបរទេស ក៏អាចក្លាយជាម្ចាស់កម្មសិទ្ធិស្របច្បាប់នៃអាជីវកម្មដ៏ប្រណិតភាព និងមានសក្តានុពល នេះផងដែរ ។

នៅក្នុងពិធីសម្ពោធបើកដំណើរការគម្រោង ឡាម៉េហ្សុង ផ្លាហ្សាក៏មានការចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា(MOU)រវាងលោក អេង លីឃ័ង អគ្គនាយកក្រុមហ៊ុន និងជាម្ចាស់គម្រោងឡាម៉េហ្សុង ផ្លាហ្សា ជាមួយលោកChu, Che-Yi ប្រធានក្រុមប្រឹក្សាភិបាល និងជាតំណាងក្រុមហ៊ុន Grand Cathay Investiment Trust (Cambodia) Plc. លើកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ សម្រាប់ផ្ដល់សេវា បរធនបាលកិច្ចជូនជនបរទេស ឱ្យអាចទិញផ្ទះដោយស្របច្បាប់នៅគម្រោង ឡាម៉េហ្សុងផ្លា  ហ្សានេះផងដែរ៕

ការវិនិយោគអចលនទ្រព្យនៅកម្ពុជាមានភាពបត់បែននិងផ្តល់ផលចំណេញខ្ពស់ជាងប្រទេសជិតខាងក្នុងតំបន់

ដោយ៖ សុផារី

ភ្នំពេញ៖ ដើម្បីស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញពីវិបត្តិជំងឺកូវីដ១៩ និង​វិបត្តិសេដ្ឋកិច្ច ប្រទេសនីមួយៗបានព្យាយាមដណ្តើមចំណែកទីផ្សារ និងការវិនិយោគពីសំណាក់បណ្តាវិនិយោគបរទេសនានា។ ក្នុងនោះ ប្រទេសកម្ពុជាក៏បានព្យាយាមពង្រឹងសមត្ថភាព និង​ទាក់ទាញវិនិយោគិនផងដែរ។

យ៉ាងណាក្តី អ្នកជំនាញលើកឡើងថា ប្រទេសកម្ពុជាជាប្រទេសទិសដៅវិនិយោគ ដែលមានភាពបត់បែនខ្ពស់ ហើយអាចផ្តល់ផលចំណេញខ្ពស់ជាងប្រទេសជិតខាង។

លោក ​ច្រឹក សុខនីម ​ប្រធាន​សមាគម​អ្នកវាយតម្លៃ និ​ងភ្នាក់ងារ​អចលនវត្ថុ បានមានប្រសាសន៍តាមប្រព័ន្ធទូរស័ព្ទ នៅថ្ងៃទី២២ ខែកក្កដាកន្លងមកថា ការវិនិយោគលើអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្នជាសញ្ញានៃភាពរីកចម្រើនមួយ ពោលគឺផលចំណូលពីការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាមានចំណូលខ្ពស់ បើប្រៀបធៀបទៅនឹងប្រទេសជិតខាងនៅក្នុងតំបន់។

លោកបានមានប្រសាសន៍ទៀតថា “យ៉ាងណាក្តី ប្រទេសនានា នៅក្នុងតំបន់ក៏បាននិងកំពុងចាប់ផ្ដើមទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសរបស់ខ្លួនដែរ ដូចជាប្រទេសថៃ បានព្យាយាមលើកកម្ពស់អ្នកវិនិយោគច្រើន ដើម្បីគាំទ្រ និងការពារគម្រោងរបស់ពួកគេ”។

ដោយឡែក សម្រាប់ប្រទេសកម្ពុជា លោក សុខនីម លើកឡើងថា កម្ពុជាក៏មានយន្តការគ្រប់គ្រប់ក្នុងការគាំទ្រ និងការពារផងដែរ ដូចជា ការផ្តល់សញ្ជាតិដល់វិនិយោគិនបរទេស ច្បាប់វិនិយោគថ្មី ដែលត្រូវបានបង្គើតមកពិសេសសម្រាប់ការទាក់ទាញជនជាតិបរទេស មក​វិនិយោគនៅក្នុងប្រទេសកម្ពុជា។

លោកបន្តទៀតថា ការប្រកួតប្រជែងនេះអាស្រ័យលើការជ្រើសរើសរបស់អតិថិជន ដែលអាស្រ័យលើគោលបំណងនៃការវិនិយោគ របស់ពួកគាត់ ថាតើគាត់ចង់វិនិយោគ ដើម្បីទាក់ទាញក្នុងវិស័យណាមួយ។

លោកបានគូសបញ្ជាក់ថា “ភាពបត់បែនរបស់ប្រទេសកម្ពុជាយើង ធៀបនឹងបណ្ដាប្រទេសជិតខាង មានភាពបត់បែនច្រើនជាង ដូចជាច្បាប់សញ្ជាតិ ដែលអនុញ្ញាតឱ្យជនជាតិបរទេសមានសិទ្ធិកាន់កាប់អចលនទ្រព្យបាន។ វាជាសញ្ញាល្អមួយ ក្នុងការផ្តល់ភាពរីកចម្រើន នៃវិស័យអចលនទ្រព្យកម្ពុជា”។

យោងតាមរបាយការណ៍ផ្លូវការចុងក្រោយបំផុតរបស់ Global Property Guide បានឱ្យដឹងថា​ ផលចំណេញពីការជួលអចលនទ្រព្យ ធៀបនឹងតម្លៃអចលនទ្រព្យ មានអត្រាខ្ពស់លំដាប់ទី៣ នៅក្នុងតំបន់អាស៊ីទាំងមូល មានចំនួន៥,៣៣ភាគរយ ដោយប្រទេសមានអត្រាខ្ពស់លំដាប់ទី១ គឺប្រទេសឥណ្ឌូណេស៊ី (៧,០៩ភាគរយ) មានអត្រាខ្ពស់លំដាប់ទី២ គឺប្រទេសហ្វីលីពិន (៦,១៣ភាគរយ)។

ប្រៀបធៀបនឹងប្រទេសជិតខាង ប្រទេសកម្ពុជាស្ថិតនៅក្នុងលំដាប់ទី១ ចំណែកប្រទេសថៃ មានផលចំណេញចំនួន៥,១៣ភាគរយ ប្រទេសវៀតណាមមានផលចំណេញចំនួន៤,៣៣ភាគរយ និងប្រទេសឡាវ មិនមានទិន្នន័យបង្ហាញពីផលចំណេញឡើយ៕

ប្រទេសចិនគ្រោងបង្កើតមូលនិធិអចលនទ្រព្យតម្លៃដល់ទៅ៤៤ពាន់លានដុល្លារ

ដោយ៖ លាងហួរ

ចិន៖ ប្រទេសចិនគ្រោងនឹងបង្កើតមូលនិធិអចលនទ្រព្យក្នុងទំហំទឹកប្រាក់រហូតដល់៣០០ពាន់លានយន់ (ស្មើនឹង៤៤,៣៩ពាន់លានដុល្លារអាមេរិក) ដើម្បីជួយគាំទ្រអ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន រួមទាំងក្រុមហ៊ុន China Evergrande Group ផងដែរ។

មូលនិធិនេះបានទទួលបានទឹកប្រាក់ចំនួន៥០ពាន់លានយ័ន ពីធនាគារ China Construction Bank និងចំនួន៣០ពាន់លានយ័ន ពីធនាគារប្រជាជនចិន (PBOC)  ដោយមូលនិធិនេះអាចកើនឡើងដល់ចន្លោះពី២០០ ទៅ៣០០ពាន់លានយ័ន។

និយតករ និងរដ្ឋាភិបាលក្នុងតំបន់ នឹងធ្វើការជ្រើសរើសអ្នកអភិវឌ្ឍន៍ ដែលមានសិទ្ធិទទួលបានការគាំទ្រពីមូលនិធិនេះ ដោយបញ្ជាក់បន្ថែមថាមូលនិធិនេះអាចត្រូវបានប្រើ ដើម្បីទិញផលិតផលហិរញ្ញវត្ថុ ដែលចេញដោយអ្នកអភិវឌ្ឍន៍ ឬផ្តល់ហិរញ្ញប្បទានដល់អ្នកទិញនៃគម្រោងរបស់ពួកគេ។

របាយការណ៍មួយបានបង្ហាញថា ទីក្រុងប៉េកាំងក៏កំពុងពិចារណាលើគោលនយោបាយជាតិ សម្រាប់ការចេញលក់មូលបត្របំណុលពិសេស សម្រាប់ការអភិវឌ្ឍឡើងវិញនៅទីក្រុង shantytown ផងដែរ៕

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដ៏ធំរបស់ចិនចុះហត្ថលេខាផ្តល់សិទ្ឋលក់ ផ្តាច់មុខដល់ក្រុមហ៊ុនPropNex Cambodia

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឈន៍អចលនទ្រព្យដ៏ធំ របស់ប្រទេសចិន JOVAN Group បានចុះហត្ថលេខាផ្តល់សិទ្ឋលក់ផ្តាច់មុខ ដល់ក្រុមហ៊ុនPropnex Cambodia ដើម្បីលក់បុរីJOVAN CITY។

ពិធីចុះហត្ថលេខានេះ បានប្រារពធ្វើកាលពីថ្ងៃទី២៣ កក្កដាកន្លងមកនេះ ដោយមានការចូលរួមចុះហត្ថលេខា ដោយលោកAlan Neo នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនPropnex Cambodia និងលោកស្រីLiu Yujiao នាយិកាផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនJOVAN East Asia ជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុនJOVAN Group ដែលបានចុះបញ្ជីរនៅផ្សារហ៊ុនទីក្រុងហុងកុង ដោយមានការចូលរួមជាអធិបតីពីលោកKong Jian Mingប្រធានក្រុមហ៊ុនJOVAN Groupនិងភ្ញៀវកិត្តិយសជាច្រើនទៀត។

ក្រុមហ៊ុនJOVAN Group បានទិញដី១៤០ហិកតា ដែលមានតម្លៃលើទីផ្សារ២០០លានដុល្លារអាមេរិក ហើយបើបូកបញ្ចូលថ្លៃសំំណង់ និងការអភិវឌ្ឍន៍នានាក្នុងបុរីនេះ គំរោងវិនិយោគJOVAN CITY គ្រោងចំណា​យទឹកប្រាក់សរុប៨០០លានដុល្លារអាមេរិកបន្ថែមទៀត។ នេះបើតាមការឲ្យដឹងពីលោកKong Jian Mingប្រធានក្រុមហ៊ុនJOVAN Group ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព៌តមាន បន្ទាប់ពីពិធីចុះហត្ថលេខាកាលពីថ្ងៃទី២៣ កក្កដាកន្លងមកនេះ។

លោកបន្ថែមថា “គោលដៅនៃការវិនិយោគរបស់JOVAN Group នៅកម្ពុជា គឺដើម្បីចូលរួមលើកកំពស់វិស័យលំនៅដ្ឋាន និងជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែប្រសើរឡើង”។

លោកKong Jian Mingបានបន្តថា ជាមួយនឹងទស្សនទាននៃការអភិវឌ្ឍន៍ដើម្បីលើកកំពស់ វិស័យលំនៅដ្ឋាននៅកម្ពុជា ឲ្យមានភាពទំនើប ស៊ីវិល័យ និងផាសុខភាព និងលើកកំពស់សេដ្ឋកិច្ចកម្ពុជា បានធ្វើឲ្យយើងគិតពីគុណភាពជាចម្បង ជាមួយការឌីសាញលំនៅដ្ឋានទំនើប ទាន់សម័យ និងផ្តោតលើបរិស្ថានបៃតង ពិសេសការរៀបចំLandscapeដ៏ប្រណីត។

ក្រុមហ៊ុនJOVAN Group នឹងរៀបចំការអភិវឌ្ឍបុរីនេះ នូវភាពងាយស្រួលសម្រាប់ការរស់នៅ ដោយក្រុមហ៊ុននឹងមានរៀបចំជាMart ហាងកាហ្វេ និងសេវាកម្មជាច្រើនទៀត។

នាយកប្រតិបត្តិក្រុមហ៊ុនPropNex Cambodia លោក Alan Neoបានមានប្រសាសន៍ឲ្យដឹងផងដែរថា មុនសហការជាមួយក្រុមហ៊ុនJOVAN ក្រុមហ៊ុនPropNex Camnbodia បានធ្វើការសិក្សាទៅលើប្រវត្តិ និងសកម្មភាពវិនិយោគនានា របស់ក្រុមហ៊ុនJOVAN Group ដែលមានមូល ដ្ឋាននៅប្រទេស​ចិន និងចុះបញ្ជីរផ្សារហ៊ុននៅទីក្រុងហុងកុង។

លោកបន្តថា “ក្រុមហ៊ុនPropnex មានកិត្តិយស ដែលបានសហការជាមួយក្រុមហ៊ុនJOVAN ដែលបានមកវិនិយោគ លើការអភិវឌ្ឍលំនៅដ្ឋាន ដើម្បីលើកកំពស់ទីផ្សារលំនៅដ្ឋាន ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត”។

ជាមួយគ្នានេះ លោកKong Jian Mingបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការសម្រេចចិត្តជ្រើសរើសក្រុមហ៊ុនPropNex Cambodiaដើម្បីទទួលបានសិទ្ឋលក់ផ្តាច់មុខ របស់គំរោងJOVAN CITY គឺដោយសារក្រុមហ៊ុននេះ ជាក្រុមហ៊ុនជាប់លំដាប់ថ្នាក់លេខ១ និងបានចុះបញ្ជីរក្នុងផ្សារហ៊ុន​នៅប្រទេសសឹង្ហបុរី និងជាក្រុមហ៊ុនមានគុណវុឌ្ឍិគ្រប់គ្រាន់ ដែលនឹង

ចូលរួមលើកកំពស់កេរ្ត៍ឈ្មោះ និងជម្រុញការលក់បុរីនេះ ឲ្យទទួលបានជោគជ័យ៕

កម្ពុជាទាក់ទាញការវិនិយោគក្នុងទំហំទឹកប្រាក់១,២៩ពាន់លានដុល្លារពី ប្រទេសចិនក្នុងឆមាសទី១

ដោយ: លាងហួរ

ភ្នំពេញ: ប្រទេសកម្ពុជា បានទាក់ទាញការវិនិយោគទ្រព្យសកម្មថេរចំនួន១,២៩ពាន់លានដុល្លារពីប្រទេសចិន ក្នុងឆមាសទីមួយនៃឆ្នាំ២០២២។នេះបើយោងតាមរបាយការណ៍ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃសៅរ៍។

យោងតាមរបាយការណ៍ដដែលបានបង្ហាញថា ប្រទេសចិននៅតែជាប្រភពវិនិយោគិនបរទេសកំពូល នៅក្នុងប្រទេសកម្ពុជា ដែលមានចំនួន៤៣ភាគរយ នៃការវិនិយោគសរុបចំនួន២,៩៩ពាន់លានដុល្លារ ដែលកម្ពុជាបានអនុម័ត ក្នុងអំឡុងខែមករា ដល់ខែមិថុនាឆ្នាំនេះ។

ការវិនិយោគបរទេសផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា សម្រាប់ឆមា​សទីមួយក្នុងឆ្នាំនេះ មានមកពីប្រទេសថៃ សាម័រ កោះBritish Virgin កូរ៉េខាងត្បូង សឹង្ហបុរី កោះកៃម៉ាន ម៉ាឡេស៊ី ជប៉ុន និងអូស្ត្រាលី។ គម្រោងវិនិយោគទាំងនោះ បានផ្តោតលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម ផលិត​កម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ។

លោកហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សា​ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានមានប្រសាសន៍ថា ទំនាក់ទំនងដ៏ល្អ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) គឺជាកត្តាចម្បង ដែលលើកទឹកចិត្តអ្នកវិនិយោគចិន កាន់តែច្រើនមក​កម្ពុជា៕

អ្នកជំនាញលើកហេតុផលសំខាន់ៗបីធ្វើឱ្យអចលនទ្រព្យខេត្តប៉ៃលិនមានសភាពស្ងប់ស្ងាត់

ដោយៈ សុផារី

ប៉ៃលិនៈ ខេត្តប៉ៃលិនជាខេត្តមួយ ក្នុងចំណោមខេត្តជាប់ព្រំដែន ដែលមានសកម្មភាពពាណិជ្ជកម្ម ជាមួយប្រទេសជិតខាង ដែលនៅមិនទាន់មានភាពទាក់ទាញទៅលើការអភិវឌ្ឍអចលនទ្រព្យច្រើននៅឡើយ។

អ្នកជំនាញមូលដ្ឋានលើកឡើងថា ទីផ្សារអចលនទ្រព្យនៅក្នុងខេត្តមួយនេះមានសភាពយឺតយ៉ាវ ដោយសារកត្តាចំនួនបី។

លោកហេង តុងហៃ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តប៉ៃលិន បានមានប្រសាសន៍តាមប្រព័ន្ធតេឡេក្រាមនៅរសៀលថ្ងៃទី២២ ខែកក្កដាកន្លងមកថា មូលហេតុដែលខេត្តនេះមិនសូវទាក់ ទាញការវិនិយោគ ដោយសារកត្តាមួយចំនួន ដូចជា កត្តាទី១ ដោយសារតែខេត្តប៉ៃលិ នមានរយៈចម្ងាយឆ្ងាយពីរាជធានីភ្នំពេញ រួមផ្សំនឹងកង្វះប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធធំៗ។ ពីរាជធានីភ្នំពេញ មកកាន់ខេត្តប៉ៃលិនមានចម្ងាយប្រមាណ គីឡូម៉ែត្រ។

កត្តាទី២ បណ្តាលមកពី ខេត្តប៉ៃលិនជាខេត្តថ្មីមួយដែរ ដែលទើបផ្តាច់ចេញពីខេត្តបាត់ដំបង ហើយមានប្រជាជនហូរចូលមករស់នៅ ក្នុងខេត្តថ្មីមួយនេះតិចតួចនៅឡើយ។

លោករំលឹកថា កាលពីដំបូងៗ សម្បូរដីព្រៃច្រើន ដែលធ្វើឱ្យមានអាការៈចាញ់ទៀត ធ្វើឱ្យមិនសូវមានភាពអ៊ូអរខ្លាំងនោះទេ ប៉ុន្តែមួយរយៈ ចុងក្រោយនេះ ស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋ មានភាពល្អប្រសើរច្រើនហើយ។
លោកបញ្ជាក់ថា “ចម្ងាយផ្លូវឆ្ងាយ ស្ថានភាពផ្លូវនៅមិនទាន់មានភាពល្អប្រសើរទៀត។ ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលនៅតំបន់ក្បែរៗនេះ នឹងនាំឱ្យអចលនទ្រព្យខេត្តយើង មានភាពរីកចម្រើនជាងនេះ”។

កត្តាសំខាន់ទី៣ បណ្តាលមកពីកង្វះខាត ការជំរុញវិនិយោគពីបរទេ​ស មកកាន់ខេត្តថ្មីមួយនេះផងដែរ។
លោកតុងហៃរំពឹងថា នាពេលអនាគត នឹងមានការវិនិយោគបន្ថែមពីអ្នកវិនិយោគិនបរទេស ដើម្បីជំរុញឱ្យអចលនទ្រព្យ នៅខេត្តប៉ៃលិនមានភាពរីកចម្រើន៕