ដោយៈ ជេស៊ីកា
ប្រទេសចិនៈ ពិភពលោកបានមើលឃើញ និងកំពុងអ៊ុតលើអ្វីជាទស្សនវិស័យសម្រាប់រយៈពេល៥ឆ្នាំខាងមុខ របស់មេដឹកនាំកំពូលចិន គឺប្រធានាធិបតីហ្ស៊ី ជីនពីង ដែលជាមេដឹកនាំដ៏មានឥទ្ឋិពលរបស់ចិន ខណៈប្រទេសនេះ បានក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់ ក្នុងការអូសសេដ្ឋកិច្ចពិភពលោកឲ្យដើរថយក្រោយឬទៅមុខ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃព្រហ្បតិ៍ ទី ២០ ឆ្នាំ ២០២២ សមាជជាតិលើកទី២០ នៃបក្សកុម្មុយនីស្តចិន កំពុងប្រព្រឹត្តនៅទីក្រុងប៉េកាំង ហើយវាគឺជាព្រឹត្តិការណ៍នយោបាយ ដ៏សំខាន់បំផុតរបស់ប្រទេសចិនក្នុងរយៈពេលកន្លះទសវត្សរ៍ម្ដង។
-->
ដូចទៅនឹងការជជែកដេញដោល រវាងមេដឹកនាំមុនការបោះឆ្នោតនៅបណ្ដាប្រទេសលទ្ធិប្រជាធិបតេយ្យ លោកខាងលិចដែរ សមាជបក្សកុម្មុយនីស្ដចិនដែលធ្វើឡើងរៀងរាល់៥ឆ្នាំម្តង បានផ្តល់ឱកាសឱ្យគេបានស្វែងយល់បន្ថែមអំពីមេដឹកនាំនយោបាយរបស់ប្រទេសចិន និងគោលនយោបាយផ្សេងៗរបស់ពួកគេ។
ទោះជាយ៉ាងណា វាមិនមែនជាការជជែកដេញដោល នយោបាយបែបក្តៅគគុកនោះទេ ដោយសារតែអ្វីគ្រប់យ៉ាង នៃសមាជបក្សនេះភាគច្រើន ត្រូវបានរៀបចំឡើងនៅក្រោយឆាកជាមុនរួចស្រេចទៅហើយ។ ដោយឡែក ការកំណត់នូវទិសដៅដឹកនាំ ប្រទេសរបស់ថ្នាក់ដឹកនាំប្រទេសចិន ក៏ដូចជា ការផ្តល់អាទិភាពនូវគោលនយោបាយផ្សេងៗ ក្នុងប៉ុន្មានឆ្នាំខាងមុខ នឹងត្រូវបានរំលេចឡើង ក្នុងរបាយការណ៍របស់អគ្គលេខាធិកាបក្ស គឺលោកប្រធានាធិបតី ស៊ី ជីនពីង។
ពីរថ្ងៃនៃចុងសប្តាហ៍កន្លងផុតទៅ លោកហ្ស៊ី ជីនពីង បានថ្លែងសុន្ទរកថាទៅកាន់អង្គ សមាជបក្សរយៈពេលជាង១០៤នាទី ដោយលោកបានសង្ខេបនូវ “សមិទ្ធផលដ៏អស្ចារ្យជាច្រើន” នៃទសវត្សរ៍ដំបូងរបស់លោក ក្នុងនាមជាមេដឹកនាំកំពូលរបស់ប្រទេសចិន ហើយបានបង្កើតឃ្លាមួយថា”ទំនើបកម្មតាមបែបចិន”។
លោកបានដាក់ចេញនូវចក្ខុវិស័យ សម្រាប់ប្រទេសចិនរយៈពេល៥ ឆ្នាំខាងមុខ និងលើសពីនេះ លោកក៏បានបង្ហាញពីរបៀបដែលប្រទេសចិនមានទំនាក់ទំនងជាមួយពិភពលោកខាងក្រៅផងដែរ។
ការបន្តរក្សាគោលនយោបាយការបរទេសចាស់ ជាគន្លឹះដ៏សំខាន់កាលពី៥ឆ្នាំមុន របាយការណ៍របស់ប្រធានាធិបតីរូបនេះ បានបង្ហាញទៅកាន់សមាជបក្សឱ្យដឹងថា ប្រទេសចិននឹងក្លាយ ទៅជាអ្នកតំណាងដ៏រឹងមាំនៃសណ្តាប់ធ្នាប់អន្តរជាតិ។
ការអត្ថាធិប្បាយ នៅក្នុងគោលនយោបាយការបរទេសជាច្រើន នៅក្នុងរបាយការណ៍អាណត្តិនេះ ត្រូវបានលើកឡើងស្រដៀងៗគ្នា ឬដូចគ្នាទៅនឹងរបាយការណ៍កាលពីឆ្នាំ ២០១៧។ ក្នុងនោះ រួមមានឃ្លាសំខាន់ៗដូចជា “ការលើកកម្ពស់សន្តិភាពពិភពលោក” “ការលើកកម្ពស់ការអភិវឌ្ឍជារួម”និង “ការប្រឹងប្រែងកសាងសហគមន៍ ជាមួយនឹងអនាគតរួមគ្នាសម្រាប់មនុស្សជាតិទាំងមូល”។
ការបន្តប្រើប្រាស់ឃ្លាដដែលនេះបានបង្ហាញថា ប្រទេសចិនទំនងជាមិនទទួលយកការផ្លាស់ប្តូរ គោលនយោបាយការបរទេស យ៉ាងឆាប់រហ័សនាពេលអនាគតដ៏ខ្លីខាងមុខនោះទេ។ ការរក្សានូវគោលនយោបាយការបរទេសដដែលនេះ ក៏អាចជាជម្រើសដែលបានគ្រោងទុកជាមុន ដោយចេតនាផងដែរ។
លោកហ្ស៊ី ជីនពីង ត្រូវបានគេរំពឹងទុកថា នឹងបន្តដឹកនាំក្នុងអាណត្តិទី៣បន្ថែមទៀត ដែលនេះជាប្រវត្តិសាស្ត្រ ក្នុងនាមជាមេដឹកនាំកំពូលរបស់ប្រទេសចិន។ ដូច្នេះហើយ គោលនយោបាយរបស់លោក អាចនឹងមិនមានការផ្លាស់ប្ដូរច្រើននោះទេ។
យោងតាមប្រធានាធិបតីដដែលនេះ ប្រទេសចិននឹង “រក្សាជំហររឹងមាំក្នុងការបន្តគោលនយោបាយ ការបរទេសឯករាជ្យនៃសន្តិភាព” ហើយលោកក៏បានសន្យាថា “ប្រទេសចិននឹងមិនស្វែងរកអនុត្តរភាព ឬក៏ពង្រីកដែនអធិបតេយ្យភាពឡើយ”។
យ៉ាងណាក៏ដោយ លោកហ្ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា ចិននឹងមិនសម្របសម្រួលជុំវិញបញ្ហាកោះតៃវ៉ាន់នោះទេ។ តាមគន្លងផ្លូវដើររបស់បក្ស លោកហ្ស៊ី ជីនពីង បានបញ្ជាក់ក្នុងរបាយការណ៍របស់លោកថា “ការដោះស្រាយបញ្ហាកោះតៃវ៉ាន់ គឺជាបញ្ហារបស់ប្រជាជនចិន ហើយវាត្រូវអាស្រ័យលើប្រជាជនចិនជាអ្នកសម្រេច”។
លោកក៏បានសម្តែងការគាំទ្រសម្រាប់ “ការបង្រួបបង្រួមដោយសន្តិវិធី”ជាមួយនឹង “ភាពស្មោះត្រង់ និងកិច្ចខិតខំប្រឹងប្រែងជាទីបំផុត”។ ប៉ុន្តែលោកក៏បានលើកឡើងផងដែរថា ចិននឹងមិនសន្យាថានឹងបោះបង់ការប្រើប្រាស់កម្លាំងយោធានោះទេ។
ប្រទេសចិននឹងមិនក្លាយជា “អ្នកជោគជ័យដោយស្ងៀមស្ងាត់” នៅក្នុងសង្វៀនអន្តរជាតិនោះទេ
ទោះជាយ៉ាងណាក៏ដោយ វាហាក់បីដូចជាមិនត្រឹមត្រូវនោះទេ ដែលសន្មតថា គោលនយោបាយការបរទេសរបស់លោកហ្ស៊ី ជីនពីង គ្មានពាក្យគន្លឹះថ្មីៗ ដែលនេះមានន័យថា ប្រទេសចិននឹងត្រលប់ទៅជា “អ្នកជោគជ័យដោយស្ងៀមស្ងាត់់” នៅក្នុងឆាកអន្តរជាតិ។
ផ្ទុយទៅវិញ ដោយសារសមត្ថភាពសេដ្ឋកិច្ច យោធា និងបច្ចេកវិទ្យាដ៏ខ្លាំងរបស់ចិន ប្រទេសនេះបានក្លាយជាអ្នកបង្កើត និងកែប្រែសណ្ដាប់ធ្នាប់អន្តរជាតិដ៏មានឥទ្ធិពលមួយរួចទៅហើយ តាមរយៈអ្នកការទូតរបស់ខ្លួនដែលបានដើរតួជា “អ្នកចម្បាំងចចក” ឬការបន្ទាបខ្លួនដោយការឱនលំទោន។
ទោះបីជាមិនមែនជាការប្រឈមមុខដាក់គ្នា ដោយផ្ទាល់ក៏ដោយ របាយការណ៍របស់លោកដដែល បានបង្ហាញសញ្ញាថា ប្រទេសចិននឹងមិនប្រកាន់ខ្ជាប់នូវ “សណ្តាប់ធ្នាប់អន្តរជាតិ ដែលមានច្បាប់ជាមូលដ្ឋានគ្រឹះ”នោះទេ ដែលគោលការណ៍នេះត្រូវបានសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច តែងតែខិតខំប្រឹងប្រែងលើកស្ទួយកន្លងមក។
ផ្ទុយទៅវិញ បើយោងតាមការលើកឡើងរបស់លោកហ្ស៊ី ជីនពីង ចិននឹង “លើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅក្នុងទំនាក់ទំនងអន្តរជាតិ”។
គោលនយោបាយការបរទេសថ្មី ដែលគួរឱ្យកត់សម្គាល់មួយចំនួននៅក្នុងរបាយការណ៍ដដែលនោះគឺ ប្រទេសចិននឹង “ធ្វើការសម្រេចចិត្តដោយប្រកាន់ខ្ជាប់នូវគោលជំហររបស់ចិន និងគោលនយោបាយរបស់ចិនលើបញ្ហាផ្សេងៗ ដោយផ្អែកលើអង្គសេចក្ដីនៃបញ្ហាទាំងនោះ”។
រដ្ឋមន្ត្រីការបរទេស និងអ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រើប្រាស់ឃ្លានេះជាញឹកញាប់ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ នៃជំហររបស់ប្រទេសចិន ក្នុងការបដិសេធមិនថ្កោលទោសរុស្ស៊ី ចំពោះការឈ្លានពានអ៊ុយក្រែន។
យ៉ាងណាក៏ដោយ វាហាក់បីដូចជាការបង្ហាញថា ប្រទេសចិនទំនងជារក្សាជំហរមិនច្បាស់លាស់ ជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ដោយចិននឹងមិនដើរតាមលោកខាងលិច ក្នុងការកាត់ចំណងមិត្តភាពជាមួយរុស្ស៊ី ហើយក៏មិនបានគាំទ្រ ចំពោះប្រតិបត្តិការយោធារបស់រុស្ស៊ីនោះដែរ។
ការប្រកាសឃ្លាថ្មីៗមួយចំនួន នៃគោលនយោបាយនេះ ក៏បានផ្តល់សេរីភាព ដល់អ្នកបង្កើតគោលនយោបាយការបរទេសចិន ក្នុងការដោះស្រាយបញ្ហាស្មុគស្មាញនាពេលអនាគតជាច្រើនផងដែរ។
សន្តិសុខជាតិ ការផ្តោតលើបញ្ហាចម្បងៗ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ដោយផ្អែកលើរបាយការណ៍ជាលាយ លក្ខណ៍ អក្សរពេញលេញដែលមិនទាន់បានចេញផ្សាយ ដែលមានប្រវែងវែងជាងសុន្ទរកថារបស់លោក ស៊ី ជីនពីងពាក្យថា “សន្តិសុខ” និង ពាក្យថា “សុវត្ថិភាព” ត្រូវបានសរសេរឡើងចំនួន ៨៩ ដង។ បើប្រៀបធៀបទៅនឹងរបាយការណ៍ របស់លោកកាលពី៥ឆ្នាំមុន ភាពញឹកញាប់ នៃការប្រើប្រាស់ពាក្យទាំងពីរនេះ បានកើនឡើងជាង៦០ភាគរយ។
ជំពូកទាំងមូលនៃរបាយការណ៍ របស់លោកប្រធានាធិបតី គឺផ្តោតលើរឿងសន្តិសុខជាតិជាចម្បង។ របាយការណ៍នេះក៏អំពាវនាវឱ្យមាន “យុទ្ធសាស្ត្ររួមមួយចំពោះសន្តិសុខជាតិ” ដែលពាក់ព័ន្ធនឹងការសម្របសម្រួលរវាងសន្តិសុខខាងក្រៅ និងខាងក្នុងប្រទេសចិន។
របាយការណ៍របស់គាត់ក៏បានបង្ហាញផងដែរថា ប្រទេសចិននឹងមិនត្រឹមតែផ្ដោតលើការរក្សាសន្តិសុខរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតលើ “សន្តិសុខរួម” តាមរយៈគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលបានលើកឡើងដោយលោកហ្ស៊ី ជីនពីង កាលពីខែមេសា។
គំនិតផ្តួចផ្តើមនេះ ទោះបីជានៅមានការខ្វះព័ត៌មានលម្អិតក៏ដោយ ក៏បានសង្កត់ធ្ងន់ថា “រដ្ឋមួយមិនគួររក្សាសន្តិសុខរបស់ខ្លួន ដោយបំផ្លាញសន្តិសុខរបស់រដ្ឋផ្សេងទៀតនោះទេ”។
បើយើងពិនិត្យមើលទៅ វាទំនងជានឹងក្លាយទៅជាក្របខ័ណ្ឌគោលនយោបាយការបរទេសថ្មីរបស់ចិន ដើម្បីតទល់ជាមួយយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វ៊ិករបស់សហរដ្ឋអាមេរិក ដែលចិនជឿថា “យុទ្ធសាស្ត្រនេះមានបំណងរាំងខ្ទប់ចិន និងព្យាយាមធ្វើឱ្យបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វ៊ិក “ពឹងពាក់”លើអនុត្តរភាពរបស់សហរដ្ឋអាមេរិក។
មិនត្រឹមតែប៉ុណ្ណោះ ប្រទេសចិននឹងការពារ “សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់” នៃ “ពលរដ្ឋដែលរស់នៅបរទេស និងនីតិបុគ្គល” របស់ខ្លួននៅឯបរទេស។
របាយការណ៍ក៏បានសង្កត់ធ្ងន់ លើការធានាខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិន ហើយប្រទេសចិននឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីពង្រីកការការពាររបស់ខ្លួនលើបណ្ដាក្រុមហ៊ុន សហគ្រាសដែលគ្រប់គ្រងដោយរដ្ឋ និងឯកជននៅឯបរទេស។

ដោយសារប្រទេសនេះ រងការវាយប្រហារយ៉ាងខ្លាំងពីជំងឺកូវីដ១៩ នៅពាក់កណ្តាលឆ្នាំ២០២០ អ្នកសង្កេតការណ៍ជាច្រើនបានប៉ាន់ប្រមាណថា ប្រទេសចិននឹងកាត់បន្ថយទំនាក់ទំនង សេដ្ឋកិច្ចរបស់ខ្លួនជាបណ្តើរៗជាមួយទីផ្សារខាងក្រៅ ដោយត្រលប់ទៅពឹងផ្អែកលើសេដ្ឋកិច្ចខ្លួនឯងផ្ទាល់វិញ។
យ៉ាងណាក៏ដោយ របាយការណ៍របស់លោកហ្ស៊ី ជីនពីង បានបញ្ជាក់ជាថ្មីថា “សេដ្ឋកិច្ចចិននៅតែរក្សាទ្វារចំហរបស់ខ្លួនជានិច្ច”។
លើសពីនេះរបាយការណ៍របស់លោក Xi Zhao Chenxin អនុប្រធានទីភ្នាក់ងារគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច របស់ប្រទេសចិន នៃគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ បានឱ្យដឹងថា ប្រទេសចិននឹងមិនអនុវត្តគោលនយោបាយសេដ្ឋកិច្ច ដែលមានលក្ខណៈបិទទ្វារនោះទេ។
យោងតាមរបាយការណ៍របស់លោកហ្ស៊ី ជីនពីង ដដែល ប្រទេសចិនក៏មានបំណង “បង្កើតឱកាសថ្មីសម្រាប់ពិភពលោក តាមរយៈការអភិវឌ្ឍរបស់ខ្លួន”។
ខណៈការចូលរួមពីឆាកអន្តរជាតិ ដែលជំរុញការអភិវឌ្ឍរបស់ប្រទេសចិននៅតែបន្ត គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ទំនងជានៅតែជាវេទិកាគោលនយោបាយដ៏សំខាន់ សម្រាប់ទំនាក់ទំនងការបរទេសរបស់ប្រទេសចិនផងដែរ៕
