





ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យលំដាប់យក្សរបស់អាមេរិក ដែលមានអាយុកាលជាង១០០ឆ្នាំ COLDWELL BANKER CAMBODIAបានពង្រីកវត្តមានជាថ្មីនៅកម្ពុជា។
ពិធីបើកសម្ពោធសាកល្បងក្រុមហ៊ុននេះធ្វើឡើងក្រោមអធិបតីភាពលោក ព្រាប កុលរដ្ឋមន្ត្រីប្រតិភូអមនាយលរដ្ឋមន្ត្រី។
អគ្គនាយកក្រុមហ៊ុនCOLDWELL BANKER CAMBODIA លោកKen Lo បានមានប្រសាសន៍ ក្នុងពិធីបើកសម្ភោធសាកល្បងរបស់ក្រុមហ៊ុនខាងលើកាលពីថ្ងៃទី១៨ សីហាកន្លងមកថា ការបន្ឋូរបន្ថយពន្ឋបដិការបស់សហរដ្ឋអាមេរិក មកនៅត្រឹម១៩ភាគរយជាសញ្ញាល្អមួយ ដែលប្រធានាធិបតីលោកដូណាល់ ត្រាំបានផ្តល់ជូនកម្ពុជា គឺជា សញ្ញាល្អមួយសម្រាប់សេដ្ឋកិច្ច និងទាក់ទាញអ្នកវិនិយោគអាមេរិកមកកាន់កម្ពុជាកាន់តែច្រើន។
លោកបន្តថា វត្តមានក្រុមហ៊ុនCOLDWELL BANKER CAMBODIA ជាសញ្ញាល្អសម្រាប់ទីផ្សារនេះ ដោយគិតមកទល់ពេលនេះ ក្រុមហ៊ុននេះបានពង្រីកវត្តមាន រហូតដល់៥០ប្រទេសរួចហើយ មានការិយាល័យជាង៤០០០កន្លែង និងមានភ្នាក់ងារជាង១០ម៉ឺននាក់ នៅទូទាំងពិភពលោក។

លោកKen Loបានបញ្ជាក់ថា “ក្រុមហ៊ុននេះផ្តោតលើទីផ្សារអចលនទ្រព្យបែបប្រណីត និងអចលនទ្រព្យទូទៅ ក្នុងន័យជួយលើកកំពស់ទីផ្សារអចលនទ្រព្យ នៅកម្ពុជាឲ្យកាន់តែរីកចម្រើន និងទាក់ទាញទំនុកចិត្តពីវិនិយោគិនអន្តរជាតិបន្ថែមទៀត”។
លោកបន្តថា ក្រុមហ៊ុនCOLDWELL BANKER CAMBODIAក៏នឹងលក់Franchise សម្រាប់អ្នកចង់ប្រឡូកក្នុងវិស័យនេះ ដោយយើងមានប្រព័ន្ឋការងារ និងការបណ្តុះបណ្តាលស្តង់ដាខ្ពស់ពីអាមេរិក និងភ្ជាប់បណ្តាញទំនាក់ទំនងជាមួយបណ្តាញរបស់ក្រុមហ៊ុននេះ នៅទូទាំងពិភពលោក ដល់អ្នកទិញFranchiseផងដែរ។
ជាមួយគ្នានេះ លោកឧកញ៉ាចេង ខេងអគ្គនាយកក្រុមហ៊ុនCPL ដែលបានចូលរួមជាកិត្តិយស ក្នុងកម្មវិធីនោះផងដែរបានមានប្រសាសន៍ថា វាជាក្រុមហ៊ុនមួយធំ និងមានអាយុកាលជាង១០០ឆ្នាំ ពិតជាក្រុមហ៊ុនល្អមួយ ដែលបានពង្រីកវត្តមាននៅកម្ពុជា។
លោកបញ្ជាក់ថា “យើងអាចធ្វើការរួមគ្នា និងរីកចម្រើនជាមួយគ្នា ព្រោះទម្រាំមកដល់ថ្ងៃនេះ ពួកយើងបានឆ្លងកាត់ឧបសគ្គច្រើនណាស់”។
ប្រធានសមាគមអ្នកវាតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកឧកញ៉ាសន សៀបបានមានប្រសាសន៍ថា ការបង្ហាញវត្តមាននៅកម្ពុជា របស់ក្រុមហ៊ុននេះ ជាសញ្ញាល្អមួយសម្រាប់ទីផ្សារ ហើយយើងនឹងបន្តរួមគ្នាឆ្ពោះទៅមុខ ដើម្បីលើកកំពស់វិស័យនេះ ឲ្យកាន់តែមានភាពរីកចម្រើន និងទាក់ទាញអ្នកវិនិយោគក្នុងវិស័យនេះឲ្យបានកាន់តែច្រើន។
ក្រុមហ៊ុនCOLDWELL BANKER CAMBODIAមានការិយាល័យនៅជាន់ទី២៥ ក្នុងអាគារប្រណីតMorgan Tower នៃទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ៕


ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃអង្គារនេះ ខណៈបណ្តាអ្នកវិនិយោគកំពុងផ្តោតលើកិច្ចប្រជុំរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ជាមួយថ្នាក់ដឹកនាំនៃប្រទេសអ៊ុយក្រែន និងសហភាពអឺរ៉ុប(EU) ដើម្បីតាមដានស្ថានការណ៍ភូមិសាស្ត្រនយោបាយ។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១១ភាគរយដល់៣.៣៣៤ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ប្រមាណ៣៣៣០,២៤ដុល្លារក្នុងមួយអោនកាលពីថ្ងៃចន្ទម្សិលមិញ។
ទោះជាយ៉ាងណា តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០៥ភាគរយមកនៅត្រឹម៣៣៧៦,២០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:២៩នាទីព្រឹកដូចគ្នា។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៣,៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ។
ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៨,១៩ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ ក្រោយពេលបានបិទការជួញដូរត្រឹម៩៨,១៦ពិន្ទុកាលពីថ្ងៃចន្ទម្សិលមិញ៕
ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត The Business Times បានរាយការណ៍ថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៥នេះ ការលក់ផ្ទះនៅក្នុងប្រទេសកាណាដាបានកើនឡើងក្នុងរយៈពេល៤ខែជាប់ៗគ្នា ខណៈទស្សនវិស័យសេដ្ឋកិច្ចបានបង្ហាញសញ្ញាប្រសើរឡើង។
នៅខែកក្កដា ការលក់ផ្ទះទូទាំងប្រទេសកាណាដាបានកើនឡើងក្នុងរង្វង់៣,៨ភាគរយបើធៀបនឹងខែមិថុនា។ នេះបើយោងតាមទិន្នន័យ ដែលបានចេញផ្សាយដោយសមាគមអចលនទ្រព្យកាណាដា (Canadian Real Estate Association)។
អត្រាកំណើនខាងលើនេះត្រូវបានជំរុញដោយការលក់ផ្ទះនៅទីក្រុង Toronto ដែលសម្រេចបានកំណើននៃការលក់ផ្ទះក្នុងរង្វង់៣៥,៥ភាគរយចាប់តាំងពីខែមីនា ឆ្នាំ២០២៥។ទីក្រុងតូរ៉ុនតូ (Toronto) ជាទីក្រុងធំជាងគេបំផុតក្នុងប្រទេសកាណាដា។
ចំនួនលំនៅដ្ឋានសរុប ដែលដាក់លក់នៅទូទាំងប្រទេសកាណាដាកាលពីខែកក្កដា បានហក់ឡើង១០,១ភាគរយបើធៀបនឹងឆ្នាំមុន។ ចំណែក តម្លៃលំនៅដ្ឋានជាមធ្យមបានស្ថិតនៅទ្រឹងត្រឹមទំហំទឹកប្រាក់ប្រមាណ៤៩៨.៩០១ដុល្លារអាមេរិក ក្នុងខែកក្កដា បើធៀបនឹងខែមិថុនា។
ការព្រួយបារម្ភចំពោះវិបត្តិសេដ្ឋកិច្ច ដោយសារសង្គ្រាមពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យសេដ្ឋកិច្ច និងទីផ្សារលំនៅដ្ឋានរបស់ប្រទេសកាណាដាធ្លាក់ចុះកាលពីដើមឆ្នាំ២០២៥។
ប៉ុន្តែ ទោះជាយ៉ាងណាក្តី កំណើនសេដ្ឋកិច្ចក្នុងប្រទេសកាណាដានៅតែរក្សាបានស្ថិរភាព ដោយសាររបាំងពន្ធគយភាគច្រើនជះផលប៉ះពាល់ដល់ឧស្សាហកម្មជាក់លាក់មួយចំនួនប៉ុណ្ណោះ ដូចជារថយន្ត ដែកថែប និងអាលុយមីញ៉ូម៕ប្រភព: The Business Times៕

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការសិក្សាលទ្ធភាពសាងសង់បណ្តាញផ្លូវដែកល្បឿនលឿនតភ្ជាប់រវាងរដ្ឋ Sabah និងរដ្ឋ Sarawak របស់ម៉ាឡេសុីទៅកាន់ប្រទេសប្រ៊ុយណេ និងកោះ Kalimantan របស់ប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងបញ្ចប់រួចរាល់នៅត្រីមាសទី៣ ឆ្នាំ២០២៦។
លោក Anthony Loke រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេសុីបច្ចុប្បន្នបានអះអាងថា រដ្ឋាភិបាលបានប្រគល់ភារកិច្ចទៅកាន់ក្រុមហ៊ុនប្រឹក្សាយោបល់ក្នុងស្រុកមួយដើម្បីធ្វើការសិក្សាអំពីលទ្ធភាពរយៈពេល១២ខែសម្រាប់កំណាត់ផ្លូវដែកនៅរដ្ឋ Sabah និងរដ្ឋ Sarawak ខណៈការសិក្សាបានចាប់ផ្តើមនៅក្នុងខែមិថុនា ឆ្នាំនេះ។
លោក Anthony Loke បានគូសបញ្ជាក់ថា ការសិក្សានេះនឹងបង្ហាញអំពីការវិភាគប្រៀបធៀបលម្អិត ដែលគ្របដណ្តប់លើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម សេដ្ឋកិច្ច ប្រតិបត្តិការ អភិបាលកិច្ច និងការពិចារណាលើផលប៉ះពាល់ចំពោះសង្គម។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ម៉ាឡេសុីធ្លាប់បានរាយការណ៍ថា រដ្ឋាភិបាលម៉ាឡេសុីបានវិភាជន៍ទំហំទឹកប្រាក់ចំនួន៧លានរីងហ្គីតសម្រាប់ផ្តល់មូលនិធិដល់ការសិក្សាលទ្ធភាពសាងសង់គម្រោងផ្លូវដែកល្បឿនលឿនTrans-Borneo នេះ។

គម្រោងផ្លូវដែក Trans-Borneo តភ្ជាប់រវាងម៉ាឡេសុី ប្រ៊ុយណេ និងឥណ្ឌូនេសុី ត្រូវបានផ្តួចផ្តើមជាលើកដំបូងនៅក្នុងឆ្នាំ២០១៥ ដោយលោក Najib Razak អតីតនាយករដ្ឋមន្ត្រីម៉ាឡេសុី។
លោក Najib បានស្នើគំនិតនេះទៅកាន់អតីតប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ដើម្បីបង្កើនការតភ្ជាប់ឆ្លងដែន ក្នុងគោលបំណងសម្រួលលំហូរប្រជាជន ទំនិញ និងសេវាកម្ម។
កាលពីខែមេសា ឆ្នាំមុន ក្រុមហ៊ុន Brunergy Utama ដែលមានមូលដ្ឋាននៅប្រទេសប្រ៊ុយណេបានអះអាងថា ខ្លួននឹងដឹកនាំការសាងសង់គម្រោងផ្លូវដែកតម្លៃ៧០ពាន់លានដុល្លារអាមេរិកនេះ ជា២ដំណាក់កាល ដែលលាតសន្ធឹងលើចម្ងាយជាង១.៦០០គីឡូម៉ែត្រ និងដាក់ឱ្យប្រើប្រាស់រថភ្លើងដែលអាចរត់ក្នុងល្បឿន៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង។
ទោះជាយ៉ាងណា ក្រោយមកលោក Anthony Loke បានច្រានចោលការអះអាងរបស់ក្រុមហ៊ុន Brunergy ដោយលោកសង្កត់ធ្ងន់ថា គម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាលសិក្សា និងមិនទាន់ត្រូវបានផ្តល់កិច្ចសន្យាសាងសង់ដល់ក្រុមហ៊ុនណាមួយនៅឡើយទេ៕ប្រភព: Dayak Daily ៕

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសនូវែលសេឡង់នឹងធ្វើការសម្រេចចិត្តថា តើខ្លួនត្រូវបន្ធូរបន្ថយការហាមប្រាមលើការទិញផ្ទះដោយជនបរទេសឬយ៉ាងណា?។នេះបើយោងតាមប្រសាសន៍របស់លោកស្រី Nicola Willis រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនូវែលសេឡង់។
លោកស្រី Nicola Willis បានមានប្រសាសន៍ឱ្យដឹងបន្តថា រដ្ឋាភិបាលនូវែលសេឡង់កំពុងពិចារណាក្នុងការអនុញ្ញាតឱ្យជនបរទេសមានសិទ្ធិស្នាក់នៅ និងទិញអចលនទ្រព្យលំនៅដ្ឋានក្នុងប្រទេសរបស់ខ្លួនក្រោមកម្មវិធី“ទិដ្ឋាការមាស”។
លោកស្រី Willis បានគូសបញ្ជាក់ថា “កិច្ចពិភាក្សាទាំងនេះកំពុងដំណើរការទៅមុខ ហើយយើងរំពឹងថា ការសម្រេចចិត្តនឹងត្រូវបានធ្វើឡើងដើម្បីប្រកាសលទ្ធផលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ”។

ចាប់តាំងពីឆ្នាំ២០១៨ រដ្ឋាភិបាលនូវែលសេឡង់បានអនុញ្ញាតឱ្យត្រឹមតែពលរដ្ឋអូស្ត្រាលី និងពលរដ្ឋសិង្ហបុរីប៉ុណ្ណោះក្នុងការទិញលំនៅដ្ឋាន។ វិធានការនេះត្រូវបានដាក់ចេញដោយលោក Jacinda Ardern អតីតនាយករដ្ឋមន្ត្រីនៃប្រទេសនូវែលសេឡង់ ដោយសារការព្រួយបារម្ភអំពីកង្វះខាតលំនៅដ្ឋានតម្លៃសមរម្យ។
ទោះជាយ៉ាងណា រដ្ឋាភិបាលនាពេលបច្ចុប្បន្នបាននិងកំពុងពិចារណាលុបចោលវិធានការនេះ បន្ទាប់ពីបានកែសម្រួលកម្មវិធីទិដ្ឋាការមាសនៅក្នុងខែមេសា ឆ្នាំ២០២៥ ដើម្បីទាក់ទាញក្រុមអ្នកមានជាច្រើនចូលមកកាន់ប្រទេសនូវែលសេឡង់។
គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ រដ្ឋាភិបាលរបស់ប្រទេសនេះបានទទួលពាក្យស្នើសុំទិដ្ឋាការមាសចំនួន២៦៧ពាក្យ។ ពាក្យស្នើសុំទាំងនោះមានទំហំទុនវិនិយោគប្រមាណ៩៤៧,៦៧លានដុល្លារអាមេរិក៕ប្រភព: Bloomberg៕

ដោយៈ គង់ សូរិយា
ភ្នំពេញៈ ទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងមានកំណើនថមថយមកស្ថិតក្នុងកំនើន៥,២% ក្នុងឆ្នាំ ២០២៥ និង៥,០%ក្នុងឆ្នាំ២០២៦។
ការថមថយនេះ ដោយសារការរំពឹងផលជះប៉ះពាល់ជាអវិជ្ជមានពីវិស័យនាំចេញមួយចំនួន និងទំនោរនៃការកើនឡើងចរន្តគាំពារនិយមរបស់ប្រទេសភាគច្រើន។
យោងតាមរបាយការណ៍ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងទស្សនវិស័យសម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦ ដែលរៀបចំដោយអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យដឹងថា ផ្អែកតាមទស្សនវិស័យសេដ្ឋកិច្ច របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បោះផ្សាយក្នុងខែមេសា ឆ្នាំ២០២៥ គឺសេដ្ឋកិច្ចសកលត្រូវបានវាយតម្លៃថា នឹងសម្រេចបាននូវកំណើនថមថយ ជាងការរំពឹងទុកក្នុងរង្វង់ប្រមាណ២,៨% សម្រាប់ឆ្នាំ២០២៥ និង៣,០% សម្រាប់ឆ្នាំ២០២៦ ពោលគឺទាបជាងការវាយតម្លៃកាលពីខែមករា ឆ្នាំ២០២៥ ដែលស្ថិតក្នុងរង្វង់៣,៣% ដូចគ្នាសម្រាប់ឆ្នាំនេះ និងឆ្នាំ២០២៦។
ការណ៍នេះ ឆ្លុះបញ្ចាំងពីការរំពឹងទុកកម្មវិបាកជាអវិជ្ជមាន នៃការកើនឡើង ចរន្តគាំពារនិយមដែលស្តែងចេញ ជាពិសេសតាមរយៈការដំឡើងពន្ធគយ(Broad-based tariff hike) និងពន្ធគយបដិការ (Reciprocal tariff) ដែលនឹងបន្ទច់បង្អាក់ដល់ចលនការនៃកំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេសជាច្រើន ដូចជា សហរដ្ឋអាមេរិក, សហភាពអឺរ៉ុប ចិន និងបណ្តាប្រទេសអាស៊ាន ជាដើម។

យោងតាមឯកសារខាងលើបានឲ្យដឹងថា វិស័យឧស្សាហកម្មរំពឹងថា នឹងមាននិន្នាការថមថយបន្តិច ជាមួយនឹងអត្រាកំណើន៧,៨% និង៧,១% ក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦ រៀងគ្នា ដោយសារការថមថយសន្ទុះ នៃកំណើនអនុវិស័យកាត់ដេរ បណ្តាលមកពីការស្រកស្រុតនៃតម្រូវការសកល ពោលគឺការបញ្ជាទិញពីបណ្តាប្រទេសដៃគូពាណិជ្ជកម្មរបស់កម្ពុជា ដែលជាបច្ច័យនៃការកើនឡើងយ៉ាងឆាប់រហ័សនៃចរន្តគាំពារនិយម មកលើសន្ទុះនៃកំណើនសេដ្ឋកិច្ចសកល។ ចំណែកកំណើននៃអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរ ក៏រំពឹងថមថយជាងការរំពឹងទុក ជាពិសេសការនាំចេញទំនិញសំខាន់ៗមួយចំនួនទៅសហរដ្ឋអាមេរិក ដោយផ្ទាល់មានដូចជា គ្រឿងសង្ហារឹម និងសំបកកង់រថយន្ត។
ទោះយ៉ាងណាជារួមអនុវិស័យនេះ ក៏នៅបន្តរក្សាបានកំណើនវិជ្ជមាន ដែលបន្តជំរុញដោយការនាំចេញ ផលិតផលសំខាន់ៗផ្សេងទៀតដូចជា គ្រឿងបង្គុំអេឡិចត្រូនិក គួបផ្សំនឹងការរក្សាបាននូវចលនការនៃឧស្សាហកម្មបម្រើទីផ្សារក្នុងស្រុក ដូចជា ឧស្សាហកម្មដំឡើងរថយន្ត និងផលិតកម្មចំណីអាហារ និងភេសជ្ជៈជាដើម។
ជាមួយគ្នានេះ អនុវិស័យសំណង់នៅបន្តងើបឡើង ក្នុងល្បឿនយឺតដូចការរំពឹងទុក ដែលបន្តទ្រទ្រង់ដោយសកម្មភាពសំណង់ លំនៅឋាន និងសំណង់បម្រើឱ្យវិស័យឧស្សាហកម្ម ដូចជា រោងចក្រ និងឃ្លាំងជាដើម។
វិស័យសេវាកម្មក៏រំពឹងថា នឹងមានកំណើនថមថយជាងការរំពឹងទុកផងដែរ ដោយស្ថិតនៅក្នុងអត្រាកំណើន៣,៨% ដូចគ្នាក្នុងឆ្នាំ២០២៥ និង២០២៦ ដោយសារការថមថយនៃសន្ទុះកំណើនសកម្មភាពចាយវាយ និងប្រើប្រាស់ក្នុងស្រុក(លក់ដុំ-រាយ) និងសកម្មភាពដឹកជញ្ជូន និងស្តុក ដោយសារការថមថយ នៃចលនការកំណើនរបស់វិស័យទ្រទ្រង់ចំណូល ជាពិសេសវិស័យកាត់ដេរ។ ប៉ុន្តែអនុវិស័យទាំងនេះជារួមនៅតែបន្តរក្សាបានកំណើនវិជ្ជមាន។ រីឯអនុវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ(ទេសចរណ៍) ក៏នៅតែបន្តនិន្នាការកើនឡើងដូចការគ្រោងទុក។
ចំណែកវិស័យកសិកម្មត្រូវបានរំពឹងថា នឹងបន្តរក្សាបានស្ថិរភាពនៃកំណើនក្នុងអត្រា០,៩% និង១,០% ក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦ រៀងគ្នា ដែលបន្តគាំទ្រដោយកំណើនល្អ នៃអនុវិស័យដំណាំ ឆ្លុះបញ្ចាំង តាមរយៈការបន្តនិន្នាការល្អប្រសើរ នៃការនាំចេញកសិផលសំខាន់ៗដូចជា ស្រូវ អង្គរ ស្វាយចន្ទី និងដំឡូងមី ជាដើម។
ជាមួយគ្នានេះ អនុវិស័យនេសាទ ក៏បន្តមានកំណើនល្អ ដែលជំរុញដោយនិន្នាការល្អនៃផលទឹកសាប ស្របពេលដែលអនុវិស័យចិញ្ចឹមសត្វ ក៏ចាប់ផ្តើមងើបឡើងវិញជាសន្សឹមៗ ដោយសារការរំពឹងទុកការចាប់ផ្តើមងើបឡើងវិញនៃទំនុកចិត្តវិនិយោគ ស្របពេលរាជរដ្ឋាភិបាលនៅតែបន្តផ្តល់ការយកចិត្តទុកដាក់ខ្ពស់ លើវិធានការអន្តរាគមន៍ និងបទប្បញ្ញត្តិទាំងឡាយ ពាក់ព័ន្ធនឹងការនាំចូលសាច់បង្កក ដើម្បីគាំពារដល់ផលិតកម្មក្នុងស្រុក៕

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Bloomberg បានរាយការណ៍ថា តម្លៃជួលអាផាតមិននៅសង្កាត់ Manhattan ក្នុងទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកបានហក់ឡើងដល់កំណត់ត្រាខ្ពស់បំផុតជាលើកទី៥ ក្នុងរយៈពេល៦ខែកន្លងមកនេះ។
នៅខែកក្កដា ការជួលអាផាតមុិននៅសង្កាត់ Manhattan មានតម្លៃជាមធ្យមចំនួន៤.៧០០ដុល្លារក្នុងមួយខែ ហក់ឡើង៧៥ដុល្លារបើធៀបនឹងខែមិថុនា។នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនវាយតម្លៃ Miller Samuel និងក្រុមហ៊ុនភ្នាក់ងារឈ្មួញជើងសា Douglas Elliman ។
យោងតាមកាសែត Bloomberg បានឱ្យដឹងទៀតថា តម្លៃជួលអាផាតមុិនបានកើនឡើងក្នុងរង្វង់៩,៣ភាគរយបើធៀបនឹងឆ្នាំមុន។ តួលេខនេះជាអត្រាកំណើនប្រចាំឆ្នាំខ្ពស់បំផុតលើកទីពីរ គិតចាប់តាំងពីឆ្នាំ២០០៨។

លោក Jonathan Miller ប្រធានក្រុមហ៊ុន Miller Samuel បានលើកឡើងថា ខែកក្កដាតែងតែជាពេលវេលា ដែលមានតម្រូការជួលអាផាតមុិនខ្ពស់បំផុតក្នុងទីក្រុងញូវយ៉ក ដោយសារលំហូរសិស្ស-និស្សិតថ្មីចូលមកកាន់មជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកមួយនេះ។
ការប្រកួតប្រជែងដើម្បីជួលអាផាតមុិនបានកើនឡើងយ៉ាងគំហុកកាលពីខែកក្កដា ខណៈកិច្ចសន្យាចំនួន២៩ភាគរយនៃចំនួនកិច្ចសន្យាសរុបត្រូវបានចុះហត្ថលេខា បន្ទាប់ពីឆ្លងកាត់សង្រ្គាមដេញថ្លៃ។ តួលេខនេះជាកំណត់ត្រាខ្ពស់បំផុត។
តម្លៃជួលអាផាតមុិនបានកើនឡើងនៅគ្រប់កម្រិត។ ជាក់ស្តែង តម្លៃអាផាតមុិនកម្រិតទាប(Lower-end)បានហក់ឡើង១៤ភាគរយដល់ទំហំទឹកប្រាក់ចំនួន៣.២០០ដុល្លារក្នុងមួយខែ ខណៈតម្លៃជួលអាផាតមុិនប្រណីតបានកើនឡើង៥ភាគរយដល់ទំហំទឹកប្រាក់ចំនួន១០.៥០០ដុល្លារក្នុងមួយខែ៕ប្រភព: Bloomberg៕

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារជួលលំនៅដ្ឋានរបស់តំបន់រដ្ឋបាលពិសេសក្រុងហុងកុងនៃប្រទេសចិនត្រូវបានគេរំពឹងថា នឹងកើនឡើងដល់កម្រិតខ្ពស់បំផុតនៅខែតុលា ឆ្នាំ២០២៥ ដោយសារលំហូរនិស្សិត និងក្រុមអ្នកជំនាញមកពីតំបន់ចិនដីគោកហូរចូលកោះមួយនេះ។
យោងតាមសារព័ត៌មាន Bloomberg បានរាយការណ៍ថា តម្លៃជួលលំនៅដ្ឋានជាមធ្យមនៅទូទាំងទីក្រុងហុងកុងបានកើនឡើង១,១ភាគរយក្នុងខែកក្កដា ឆ្នាំ២០២៥ បើធៀបនឹងខែមិថុនា។នេះបើយោងតាមវេទិកាថ្នាលចុះបញ្ជីអចលនទ្រព្យSpacious.hk ។
តម្លៃជួលលំនៅដ្ឋាននៅតំបន់ North Point បានកើនឡើងក្នុងរង្វង់៨,៨ភាគរយ។ បច្ចុប្បន្ន តម្លៃជួលលំនៅដ្ឋាននៅទីក្រុងហុងកុងមានកម្រិតទាបជាងឆ្នាំ២០១៩ ក្នុងរង្វង់ត្រឹមតែ២,២ភាគរយប៉ុណ្ណោះ។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។
អាផាតមុិនដែលមានបន្ទប់គេងទោលទំហំ៥៧០ហ្វីតការ៉េ (ប្រមាណ៥៣ម៉ែត្រការ៉េ) នៅក្នុងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានថ្មី North Point Fleur Pavilia មានតម្លៃជួលចំនួន៣២.០០០ដុល្លារហុងកុង(ប្រហែល៤០៧៦,៥ដុល្លារអាមេរិក)ក្នុងមួយខែ។
លោក Simon Fan ភ្នាក់ងារអចលនទ្រព្យនៅក្រុមហ៊ុន Centaline បានលើកឡើងថា តម្លៃជួលនឹងបន្តកើនឡើង ដោយសារតម្រូវការមានភាពរឹងមាំ ។ នៅពេលដែលអតិថិជនចិនដីគោកហូរចូលមកកាន់ទីក្រុងហុងកុង ពួកគេនឹងសម្រេចចិត្តក្នុងការជួលផ្ទះ ជាជាងទិញផ្ទះ៕ប្រភព: Bloomberg ៕

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃចន្ទនេះ ខណៈក្រុមអ្នកវិនិយោគរង់ចាំស្តាប់ការអត្ថាធិប្បាយរបស់លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក អំពីទស្សនវិស័យសេដ្ឋកិច្ច និងគោលនយោបាយរបស់ធនាគារ Fed ក្នុងសប្តាហ៍នេះ។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២៤ភាគរយដល់៣៣៤២,៩៥ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ប្រមាណ៣.៣៣៥ដុល្លារក្នុងមួយអោនកាលពីថ្ងៃសុក្រសប្តាហ៍មុន។
ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,ភាគរយដល់៣៣៨៩,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:២៦នាទីព្រឹកដូចគ្នា។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៤,៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ។
ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៧,៨៨ពិន្ទុនៅព្រឹកថ្ងៃចន្ទនេះ ក្រោយពេលបានបិទការជួញដូរត្រឹម៩៧,៨៥ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន៕