តម្លៃជួលការិយាល័យនៅតំបន់ពាណិជ្ជកម្មកណ្តាលរបស់សិង្ហបុរីបន្តកើនឡើង ខណៈក្រុមហ៊ុនជាច្រើនសម្រុកចូលមកកាន់តំបន់នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បើទោះជាមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយយ៉ាងណាក្តី ក៏តម្លៃជួលការិយាល័យនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល (CBD) របស់ប្រទេសសិង្ហបុរីបានបន្តកើនឡើងសន្សឹមៗក្នុងត្រីមាសទី២ ឆ្នាំ២០២៥។

ជាក់ស្តែង តម្លៃជួលការិយាល័យកម្រិត A នៅតំបន់ CBD បានកើនឡើង០,៧ភាគរយធៀបនឹងត្រីមាសទី១ ដល់១១,៦៩ដុល្លារសិង្ហបុរីក្នុងមួយហ្វីតការ៉េក្នុងមួយខែ។នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ ​​JLL។

ផ្ទុយទៅវិញ តម្លៃជួលការិយាល័យនៅខាងក្រៅតំបន់ CBD បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំ ដោយបានធ្លាក់ចុះ០,៨ភាគរយ មកត្រឹម៧,៦១ដុល្លារសិង្ហបុរីក្នុងមួយហ្វីតការ៉េ។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL វាយតម្លៃថា “ការធ្លាក់ចុះនេះ ដោយសារក្រុមហ៊ុនជាច្រើនបានកាត់បន្ថយទំហំបន្ទប់ការិយាល័យ និងបានផ្លាស់ប្តូរទីតាំងទៅជិតតំបន់ CBD”។

លោក Andrew Tangye អ្នកជំនាញនៅក្រុមហ៊ុន JLL Singapore បានលើកឡើងថា “បណ្តាក្រុមហ៊ុនជាច្រើនកំពុងផ្លាស់ប្តូរទីតាំងធ្វើការទៅកាន់ការិយាល័យមានគុណភាពខ្ពស់នៅតំបន់ពាណិជ្ជកម្មកណ្តាល (CBD) ដែលស័ក្តិសមជាមួយនឹងតម្រូវការរបស់ពួកគេ”។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Audi Singapore បានសម្រេចផ្លាស់ប្តូរទីតាំងការិយាល័យរបស់ខ្លួនពីអគារ Aperia ដែលស្ថិតនៅលើផ្លូវ Kallang Avenue ឆ្ពោះទៅកាន់អគារ Capital Square ក្នុងតំបន់ CBD។

លោក Chua Yang Liang អ្នកជំនាញមួយរូបទៀតនៅក្រុមហ៊ុន JLL បានអះអាងថា ក្រុមហ៊ុនជាច្រើនអាចនឹងបន្តផ្លាស់ប្តូរទីតាំងការិយាល័យទៅកាន់តំបន់ CBD ដោយសារតម្លៃជួលនៅតំបន់ CBD និងតម្លៃជួលនៅតំបន់ខាងក្រៅ មានគម្លាតខុសគ្នាចន្លោះពី៣០ភាគរយទៅ៣៥ភាគរយប៉ុណ្ណោះ៕

ទំហំប្រាក់ចំណូលពីការលក់ដីធ្លី របស់រដ្ឋាភិបាលចិនដាំក្បាលចុះ ខណៈវិបត្តិទីផ្សារអចលនទ្រព្យបន្តអូសបន្លាយ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទំហំប្រាក់ចំណូលពីការលក់ដីធ្លីរបស់ប្រទេសចិនបានដាំក្បាលចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយទសវត្សរ៍ ដោយជំរុញឱ្យមានឱនភាពថវិកាជាតិ ខណៈពេលដែលរដ្ឋាភិបាលចិនកំពុងចាក់បញ្ចូលមូលនិធិកាន់តែច្រើនដើម្បីជំរុញសន្ទុះសេដ្ឋកិច្ច។

ទំហំប្រាក់ចំណូលសរុបពីការលក់ដីធ្លីបានដាំក្បាលចុះ១៤,៦ភាគរយធៀបនឹងឆ្នាំមុនមកនៅត្រឹម១៩៤,១ពាន់លានយ័ន (ប្រមាណពាន់លានដុល្លារ)កាលពីខែឧសភា ឆ្នាំ២០២៥។ តួលេខនេះជាកម្រិតទាបបំផុតគិតចាប់តាំងពីខែឧសភា ឆ្នាំ២០១៥។

ការ​ណ៍នេះបាន​ធ្វើឱ្យ​ទំហំប្រាក់​ចំណូល​សរុប​ជារួមរបស់​រដ្ឋាភិបាល​ចិនធ្លាក់ចុះ មកនៅត្រឹមចំនួន១១,២ទ្រីលានយ័នក្នុងរយៈពេល៥ខែដំបូងដើមឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ ការចំណាយថវិកាជាតិសរុបរបស់រដ្ឋាភិបាលចិនបានកើនឡើងដល់ចំនួន១៤,៥ទ្រីលានយ័ន ខណៈអាជ្ញាធរបានបង្កើនការចាក់បញ្ចូលមូលនិធិ ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច។ ដូច្នេះ ទំហំឱនភាពថវិកាជាតិបានហក់ឡើងដល់៣,៣ទ្រីលានយ័ន។

ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​ដី​ធ្លីបាន​គូស​បញ្ជាក់​ពី​បញ្ហាប្រឈម​ជា​បន្ត​បន្ទាប់​ក្នុង​ទីផ្សារ​អចលន​ទ្រព្យចិន ខណៈសេដ្ឋកិច្ចចិនកំពុងប្រឈមមុខនឹងហានិភ័យ ដោយសារគោលនយោបាយរបស់រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដូចជាបញ្ហាពន្ធគយ។

លោក Lisheng Wang សេដ្ឋវិទូនៅធនាគារវិនិយោគ Goldman Sachs បានលើកឡើងថា “យើងបន្តព្យាករណ៍ថា ប្រាក់ចំណូលពីការលក់ដីធ្លីរបស់រដ្ឋាភិបាលចិនអាចនឹងធ្លាក់ចុះចន្លោះពី៥ភាគរយទៅ១០ភាគរយ បន្ថែមទៀតនៅឆ្នាំនេះ”។

លោក Wang នៅតែជឿជាក់ថា ការសាងសង់ និងការវិនិយោគលើអចលនទ្រព្យនៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ២ លើពិភពលោក មិនទាន់ដាំក្បាលចុះដល់កម្រិតបាតនៅឡើយទេ៕

គម្រោងផ្លូវដែកល្បឿនលឿនខ្នាតយក្សរបស់ឥណ្ឌាសម្រេចបាននូវវឌ្ឍនភាពដ៏សំខាន់មួយ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: គម្រោងផ្លូវដែកល្បឿនលឿនពីទីក្រុង Mumbai ឆ្ពោះទៅកាន់ទីក្រុង Ahmedabad របស់ប្រទេសឥណ្ឌាបានសម្រេចនូវវឌ្ឍនភាពដ៏សំខាន់មួយ ដោយបានបញ្ចប់ការសាងសង់ផ្លូវដែកលើអាកាសប្រវែងជាង៣០០គីឡូម៉ែត្រ។

គម្រោងផ្លូវដែកល្បឿនលឿនប្រកបដោយមហិច្ឆិតានេះលាតសន្ធឹងប្រវែង៥០៨គីឡូម៉ែត្រ ដោយប្រើប្រាស់រថភ្លើងប្រភេទ Shinkansen ពីប្រទេសជប៉ុន ក្រោមភាពជាដៃគូរវាងប្រទេសទាំងពីរ។

នេះជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏ធំបំផុតរបស់ប្រទេសឥណ្ឌា ក្នុងគោលបំណងកាត់បន្ថយពេលវេលាធ្វើដំណើរពី៧ម៉ោងមកនៅសល់ត្រឹមតែ២ម៉ោងរវាងទីក្រុងបុមបៃ និងទីក្រុង Ahmedabad ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់បំផុតទាំង២របស់ឥណ្ឌា។

នៅពេលសាងសង់បញ្ចប់ ភាពជោគជ័យរបស់ឥណ្ឌានៃគម្រោងផ្លូវដែកល្បឿនលឿននេះអាចបង្ហាញអំពីសមត្ថភាពរបស់ប្រទេសឥណ្ឌាក្នុងការប្រកួតប្រជែង និងការចាប់យកបច្ចេកវិទ្យាបៃតង ដូចបណ្តាប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿននៅលើពិភពលោក។

គិតត្រឹមខែមិថុនា ឆ្នាំ២០២៥នេះ ការសាងសង់ផ្លូវដែកលើអាកាសចម្ងាយជាង៣០០គីឡូម៉ែត្រសម្រាប់បណ្តាញរថភ្លើង Mumbai-Ahmedabad ត្រូវបានបញ្ចប់ ដោយប្រើប្រាស់វិធីសាស្រ្តសាងសង់ទំនើបបំផុត។

ស្ពានឆ្លងទន្លេចំនួន១៤ ស្ពានដែកចំនួន៧ និងស្ពានបេតុងចំនួន៥ បានបញ្ចប់ការសាងសង់ផងដែរ។ បច្ចុប្បន្ន គម្រោងនេះបានឈានចូលដល់ដំណាក់កាលតេស្តសាកល្បងដ៏សំខាន់មួយ ដោយប្រទេសជប៉ុនចាប់ផ្តើមសាកល្បងរថភ្លើងប្រភេទ Shinkansen ទំនើបចុងក្រោយបង្អស់ ដែលត្រូវបានផលិតឡើងជាពិសេសសម្រាប់ប្រទេសឥណ្ឌា។

នាពេលបច្ចុប្បន្ន រថភ្លើងផលិតនៅប្រទេសឥណ្ឌា ក្រោមគំនិតផ្តួចផ្តើម“Make in India”កំពុងដំណើរការតេស្តសាកល្បងដំបូងក្នុងល្បឿន២៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ ប៉ុន្តែ ល្បឿនគោលដៅត្រូវបានកំណត់ក្នុងរង្វង់៣២០គីឡូម៉ែត្រក្នុងមួយម៉ោង។

គម្រោងរថភ្លើង Mumbai-Ahmedabad ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ផ្នែកកំណាត់មួយចំនួននៅឆ្នាំ២០២៦ និងចាប់ផ្តើមសេវាកម្មដឹកអ្នកដំណើរដំបូងគេនៅរដ្ឋ Gujarat នៅឆ្នាំ២០២៨ មុនពេលតភ្ជាប់ពេញលេញទៅកាន់ទីក្រុងបុមបៃនៅឆ្នាំ២០៣០។

នៅពេលបញ្ចប់រួចរាល់ទាំងស្រុង ផ្លូវរថភ្លើងនេះត្រូវបានគេរំពឹងថា នឹងចូលរួមចំណែកដល់គោលដៅអាកាសធាតុរបស់ប្រទេសឥណ្ឌា ដោយផ្តល់នូវសមត្ថភាពដឹកជញ្ជូនសាធារណៈទ្រង់ទ្រាយធំ ដោយមិនបំភាយឧស្ម័ន៕

មន្ត្រីជាន់ខ្ពស់កម្ពុជាបានបង្ហាញឆន្ទៈក្នុងការថែរទាំអ្នកវិនិយោគកូរ៉េ ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា

0

ដោយៈ ម៉ាល័យ

    ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយលោកបណ្ឌិតPark Jung Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា បានអញ្ជើញដឹកនាំកិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជនកម្ពុជា-សាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីតំណាងក្រសួង -ស្ថាប័នពាក់ព័ន្ធ ទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA) ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ (KOICA) សភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (KOCHAM) និងវិស័យឯកជនជាច្រើនរូប។

កិច្ចសន្ទនាក្នុងព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសដល់វិនិយោគិនកូរ៉េ ដែលកំពុងវិនិយោគនៅកម្ពុជាបានលើកឡើងពីបញ្ហាប្រឈមនានា ធានាដល់ការតាមដាន និងស្វែងរកដំណោះ​ស្រាយសមស្រប សំដៅពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីកសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចកូរ៉េខាងត្បូង ព្រមទាំងជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។

មានមតិស្វាគមន៍ក្នុងកម្មវិធីខាងលើ លោកឧបនាយករដ្ឋមន្ត្រី បានធ្វើបច្ចុប្បន្នភាពថ្មី នូវព័ត៌មានពាក់ព័ន្ធមួយចំនួន មានជាអាទិ៍៖ ការបំបែកកំណត់ត្រា របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការអនុម័តគម្រោងវិនិយោគក្នុងឆ្នាំ២០២៤ ចំនួនគម្រោងវិនិយោគសរុបដែលបានអនុម័តក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥ ស្ថានភាពនៃចំនួនវិនិយោគពីប្រទេសកូរ៉េ និងវឌ្ឍនភាពនៃបេសកកម្មការងារចរចា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ កម្ពុជា-អាម៉េរិក ផងដែរ។

ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត បានបង្ហាញនូវសេចក្ដីសោម​នស្សរីករាយក្រៃលែង ដែលបានសហការដឹកនាំកិច្ចសន្ទនាលើកទី២នេះ ជាមួយនឹងសុឆន្ទៈក្នុងការរួមគ្នាពិនិត្យ និងពិភាក្សាស្វែងរកដំណោះស្រាយសមស្រប សម្រាប់បញ្ហាប្រឈមនានា ដែលវិនិយោគិនកូរ៉េបានលើកឡើង សំដៅចូលរួមចំណែក ក្នុងការលើកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា ក៏ដូចជាពង្រឹង និងពង្រីកវត្តមានរបស់សហគ្រាសកូរ៉េ ឱ្យមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជាបន្ថែមទៀត។

លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវអំណរគុណជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តួចផ្តើមឱ្យមានវេទិកានេះឡើង និងថ្លែងអំណរគុណចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ព្រមទាំងថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការយ៉ាងពេញទំហឹង ហើយលោកមានជំនឿចិត្តយ៉ាងមុតមាំថា តាមរយៈកិច្ចសន្ទនានាឱកាសនេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី កម្ពុជា-សាធារណរដ្ឋកូរ៉េ នឹងកាន់តែមានភាពល្អប្រសើរថែមមួយកម្រិតទៀត។

តំណាងទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA) បានធ្វើបទបង្ហាញ អំពីជោគជ័យដ៏ត្រចះត្រចង់ នៃការរៀបចំព្រឹត្តិកា​រណ៍ “ពិព័រណ៍ម៉ាកយីហោ និងការកម្សាន្តរបស់កូរ៉េ ឆ្នាំ២០២៥” (Korea Brand and Entertainment Expo 2025) កាលពីថ្ងៃទី២០-២១ ខែមិថុនាកន្លងទៅថ្មី ជូនទៅកាន់អង្គពិធីឱ្យបានជ្រាប។ ជាលទ្ធផល កម្មវិធីពិព័រណ៍រយៈពេល២ថ្ងៃនេះ បានស្រូបទាញអ្នកចូលទស្សនាសរុបចំនួន៥៣៦០នាក់ ក្នុងនោះមានក្រុមហ៊ុនកូរ៉េចំនួន៥៥ក្រុមហ៊ុន និងអ្នកបញ្ជាទិញចំនួន១៣៨នាក់បានចូលរួម។

អ្នកតំណាងKOTRA បានបន្ថែមថា នេះជាព្រឹត្តិការណ៍ពាណិជ្ជកម្មធំបំផុតរបស់កូរ៉េនៅកម្ពុជា ដែលមិនធ្លាប់មានពីមុនមក ហើយបានស្តែងឱ្យឃើញនូវសក្តានុពលនៃទីផ្សារកម្ពុជា និងបានពង្រឹងមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការបន្ត សំដៅចូលរួមពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌រវាងប្រទេសទាំងពីរ៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣៣២,១១ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២១ភាគរយដល់ត្រឹម៣៣៣៩,១៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៣៥ភាគរយដល់៣៣៥៤,៧០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:២៧នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៧៦,២ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី៣០ ខែកក្កដាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់៩៧,៣៥ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៧,៦៨ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ៕

អបអរសាទរ!នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ទទួលយកសំណើរជាអគ្គភ័ស្តុភារជាន់ខ្ពស់សម្រាប់កម្លាំងប្រដាប់អាវុធ

0

ដោយៈ គង់ សូរិយា

    ឧត្តរមានជ័យៈ សម្ដេចតេជោ នាយកឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន  បានប្រកាសទទួលយកតាមសំណើរបស់មេបញ្ជាការទាំងឡាយ នូវភារកិច្ចជាអគ្គភ័ស្ដុភារជាន់ខ្ពស់ សម្រាប់កងកម្លាំងប្រដាប់អាវុធ។

សម្ដេចអគ្គមហាសេនាបតីតេជោ នាយកឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន  ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា បានប្រកាសដូច្នេះក្នុងឱកាសអញ្ជើ​ញជួបប្រជុំជាមួយ មេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។

លោកជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសទទួលយកតាមសំណើរបស់មេបញ្ជាការទាំងឡាយ នូវភារកិច្ចជាអគ្គភ័ស្ដុភារជាន់ខ្ពស់ សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើង ដែលជាការបញ្ជាក់យ៉ាងច្បាស់ពីសម្ដេចនៅក្នុងការជួយដល់កងទ័ពរបស់យើង ជាពិសេស គឺជាការធានានូវការផ្គត់ផ្គង់ដល់កងកម្លាំងរបស់យើង ដែលកំពុងតែប្រឈមមុខជាមួយនឹងសត្រូវ។

នៅក្នុងឱកាសនេះ សម្ដេចតេជោ នាយកឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា “សូមកងទ័ពទាំងឡាយកុំខ្លាច នៅក្នុងការវាយប្រហារជាមួយសត្រូវ ដែលឈ្លាន​ពានយើង”។

សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញដល់ក្រុមសំរោង ខេត្តឧត្តរមានជ័យនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងដ៏អង់អាចក្លា​ហានបំផុតការពារទឹកដីជាប់ព្រំដែនថៃ។

សម្តេចតេជោ ហ៊ុន សែន ជាអគ្គមេបញ្ជាការកំពូល ដែលបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះយោធា ហើយក៏ជាអគ្គមេបញ្ជាការដែលពោរពេញដោយយុទ្ធសាស្ត្រសង្គ្រាម វាយយកឈ្នះលើសមរភូមិសង្គ្រាម។

កងទ័ព និងសព្វាវុធដ៏ទំនើបៗរបស់កម្ពុជា ត្រូវបានចល័តចេញពីបន្ទាយឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនថៃ ទិសខេត្តឧត្តរមានជ័យ និងព្រះវិហារ បន្ទាប់ពីទាហានថៃ លបលួចបាញ់ប្រហារទាហានខ្មែរលើដីខ្មែរ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅនេះ។ មកដល់ពេលនេះ ទាំងទាហាន និងសព្វាវុធរបស់កម្ពុជាត្រូវបានត្រៀមបម្រុងជាប់ប្រចាំ ដើម្បីការពារទឹកដី ក្នុងករណីមានការឈ្លានពានណាមួយពីកងទ័ពថៃ៕

ឥណ្ឌូនេស៊ីគ្រោងនឹងផ្តល់កញ្ចប់ហិរញ្ញប្បទានចំនួន៨ពាន់លានដុល្លារ ដើម្បីជំរុញលើកទឹកចិត្តដល់អ្នកទិញផ្ទះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Jakarta Globe បានរាយការណ៍ថា រដ្ឋាភិបាលរបស់ប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងផ្តល់កញ្ចប់ហិរញ្ញប្បទានចំនួន១៣០ទ្រីលានរូពៀ(ប្រមាណ៨ពាន់លានដុល្លារអាមេរិក) ក្នុងទម្រង់ជាប្រាក់កម្ចីដល់អ្នកទិញផ្ទះ។

រដ្ឋាភិបាលឥណ្ឌូនេស៊ីអនុញ្ញាតឱ្យសមាគមធនាគាររដ្ឋ Himbara អាចប្រើប្រាស់មូលនិធិខ្នាតយក្ស Danantara ជាដើមទុនដើម្បីផ្តល់ប្រាក់កម្ចីដល់អ្នកទិញផ្ទះ។

ប្រធានាធិបតីឥណ្ឌូនេសុីលោក Prabowo Subianto មានគោលបំណងសាងសង់ផ្ទះចំនួន២លានយូនីតនៅតំបន់ជនបទ និង១លានយូនីតបន្ថែមទៀតនៅក្នុងទីក្រុងជារៀងរាល់ឆ្នាំ ដោយសារប្រទេសនេះជួបបញ្ហាកង្វះលំនៅដ្ឋាន។

ជាមួយគ្នានោះ លោក Rosan Roeslani នាយកប្រតិបត្តិរបស់មូលនិធិ Danantara ក៏បានគូសបញ្ជាក់ផងដែរអំពីការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងផ្តល់ហិរញ្ញប្បទានចំនួន៨ពាន់លានដុល្លារអាមេរិកនេះ។

សមាសភាពក្រុមការងារទទួលបន្ទុករៀបចំផ្តល់កញ្ចប់ហិរញ្ញប្បទាន រួមមានតំណាងមកពីក្រសួងលំនៅដ្ឋាន មូលនិធិ Danantara ទីភ្នាក់ងារ BP Tapera និងសមាគមធនាគាររដ្ឋ Himbara។

លោក Rosan បានមានប្រសាសន៍ឱ្យដឹងបន្ថែមថា យើងប៉ាន់ប្រមាណថា នៅចុងឆ្នាំ២០២៥នេះ យើងនឹងអាចបញ្ចេញកញ្ចប់ហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់ចំនួន១៣០ទ្រីលានរូពៀ។

លោក​បាន​បញ្ជាក់ទៀតថា ធនាគារ​របស់​រដ្ឋ​ទាំង​អស់បាន​ឯកភាព​ចូល​រួមចំណែក​ក្នុង​គំនិត​ផ្តួច​ផ្តើម​នេះ។ លោក Rosan បានអះអាងថា រដ្ឋាភិបាលនឹងផ្តល់ការធានាលើប្រាក់កម្ចី និងអត្រាការប្រាក់ទាប ដើម្បីជាការលើកទឹកចិត្ត៕

ផ្លូវជាតិលេខ៤៤កំពុងទាក់ទាញការវិនិយោគសួនឧស្សាហកម្មនិងតំបន់សេដ្ឋកិច្ចពិសេស

0

ដោយៈ គង់ សូរិយា

    កំពង់ស្ពឺៈ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋបែបប្រទាក់ក្រឡា បាននិងកំពុងធ្វើឲ្យតំបន់ជាប់ផ្លូវជាតិលេខ៤៤ ទាក់ទាញការវិនិយោគសួនឧស្សា​ហកម្ម តំបន់សេដ្ឋកិច្ចពិសេស។

ទីផ្សារដីបែបលំហែរ និងដីឡូត៍ បាននិងកំពុងរីកចម្រើននៅតំបន់នេះ ដោយសារអ្នកទិញដីឡូត៏ពី ទៅបីឡូត៏ឡើងទៅ អាចសាងសង់ផ្ទះសម្រាប់ជួលឲ្យកម្មករ កម្មការិនីរាប់ពាន់នាក់ស្នាក់នៅ។

គោលនយោបាយអភិវឌ្ឍន៍ ឧស្សាហកម្មរបស់រដ្ឋាភិបាល បាននិងកំពុងទាក់ទាញការវិនិយោគ យ៉ាងច្រើនពីក្រុមហ៊ុនជាតិ អន្តរជាតិ ដោយក្នុងរយៈពេល៥ខែដើមឆ្នាំនេះ កម្ពុជាបានទាក់ទាញទុនវិនិយោគប្រមាណ៤២០០លានដុល្លារអាមេរិក ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ជិត៣០០ ដែលបានចាប់យកកាលានុវត្តន៍ភាពពីកម្ពុជា។

សក្តានុពលសេដ្ឋកិច្ច និងការពង្រីកឧស្សាហកម្មនៅលើផ្លូវ៤៤ បាននិងកំពុងធ្វើឲ្យតំបន់នេះ លេចឡើងនូវរោងចក្រ ឧស្សាហកម្មដូចផ្ការីក ដូចជាតំបន់ឧស្សាហកម្មនៅគីឡូម៉ែត្រលេខ៨ គីឡូម៉ែត្រលេខ២០ គីឡូម៉ែត្រលេខ៣០ និងគីឡូម៉ែត្រលេខ៣៤ជាដើម។

ផ្លូវជាតិលេខ៤៤ ជាផ្លូវសំខាន់មួយ ដែលតភ្ជាប់ទៅកាន់តំបន់ខ្នងផ្សារក្នុងខេត្តកំពង់ស្ពឺ ភ្ជាប់ទៅកាន់តំបន់ទឹកធ្លាក់ជ្រាវក្នុងខេត្តកំពង់ឆ្នាំង និងតភ្ជាប់ទៅកាន់ខេត្តពោធិ៍សាត់ផងដែរ។

អ្នកឧកញ៉ាសំ សុខនឿនប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនSAM SN Groupដែលកំពុងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅតាមបណ្តោយផ្លូវនេះបានមានប្រសាសន៍ឲ្យដឹងថា ដោយសារដីនៅយតាមបណ្តោយផ្លូវលេខ៥១ និងលេខ៤១ឡើងថ្លៃខ្ពស់ បានធ្វើឲ្យអ្នកវិនិយោគងាកមកកាន់តំបន់ផ្លូវជាតិលេខ៤៤ ដែលដីមានតម្លៃសមរម្យ។

អ្នកឧកញ៉ាបានបញ្ជាក់ថា “កំលាំងពលកម្មច្រើន ក៏ជាផ្នែកមួយ ដែលធ្វើឲ្យអ្នកវិនិយោគតំបន់ឧស្សាហកម្ម រោងចក្រ សហគ្រាសគិតជាអាទិភាពផងដែរ”។ លោកបន្ថែមថា “នៅពេលមានវត្តមានរោងចក្រឍ សហគ្រាសច្រើន នឹងទាក់ទាញមនុស្សទៅរស់នៅកាន់តែច្រើន និងធ្វើឲ្យទីផ្សារលំនៅដ្ឋាន ដីឡូត៏រីកចម្រើនផងដែរ”។

ជាមួយគ្នានេះ អ្នកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះផងដែរថា កម្ពុជាមានច្បាប់វិនិយោគថ្មី ដែលបានផ្តល់ការលើកទឹកចិត្តជាច្រើន ដល់វិនិយោគិនជាតិ អន្តរជាតិ ពិសេសជនបរទេសអាចមានសិទ្ឋបើកក្រុមហ៊ុន ដោយមានទុនខ្លួនឯង១០០ភាគរយបាន ជាហេតុធ្វើឲ្យក្រុមហ៊ុនបរទេ​សកាន់តែច្រើន បានបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

លោកបញ្ជាក់ថា “នៅពេលវិស័យឧស្សាហកម្មរីកចម្រើន នឹងធ្វើឲ្យអចលនទ្រព្យនៅតំបន់នោះ មានភាពរីកចម្រើនផងដែរ ព្រោះពេលមានមនុស្សធ្វើការច្រើន នឹងមានតម្រូវការស្នាក់នៅសម្រាប់បុគ្គលិកក្រុមហ៊ុន និងកម្មករ កម្មការិនីស្នាក់នៅផងដែរ”៕

តើទីផ្សារខុនដូនៅរាជធានីភ្នំពេញមានសភាពដូចម្តេចគិតមកដល់ដំណាច់ត្រីមាសទី២ឆ្នាំនេះ?

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ពិតហើយចំនួនយូនីតខុនដូ ដែលបានបញ្ចប់ការសាងសង់កើនឡើង ប៉ុន្តែតម្រូវការក្នុងទីផ្សារហាក់នៅមានកម្រិត និងជួបភាពអូសបន្លាយនៃភាពមិនច្បាស់លាស់ក្នុងទីផ្សារ។

តើស្ថានភាពបែបនេះ អ្នកអាចមើលឃើញបែបណា? សូមពិនិត្យលើទិដ្ឋភាពមួយចំនួនដូចជា។

  1. ការផ្គត់ផ្គង់និងបញ្ចប់គំរោង

តាមរបាយការណ៍បានបង្ហាញថា ចំនួនយូនីតខុនដូសរុបរបស់ទីក្រុងភ្នំពេញ បានឈានដល់ប្រមាណ៧២,០០០យូនីត នៅចុងឆ្នាំ កាលពីឆ្នាំមុន កើនឡើង២៥ភាគរយ ធៀបនឹងឆ្នាំ២០២៣។ក្រុមហ៊ុនCBRE Cambodia បានព្យាករថា ចំនួនយូនីតនឹងឈានដល់ប្រហែល 80,000 យូនីតក្នុងឆ្នាំ២០២៥នេះ។

  • នៅក្នុងត្រីមាសទី១ ខុនដូចំនួន៦០៩០យូនីតផ្សេងទៀត ត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅទូទាំងការបើកដំណើរការថ្មី ដូចជា គំរោងVue Aston និង Lixin CEO Center ។
  1. តម្លៃ និងនិន្នាការលក់
  • ខុនដូតម្លៃសមរម្យក្នុងទីក្រុងភ្នំពេញ ជាមធ្យម$1,300–1,500ដុល្លារក្នុងមួយម៉ែត្រការ៉េ កម្រិតមធ្យមមានប្រហែល២០០០ដុល្លារ និងតម្លៃខ្ពស់មានតម្លៃប្រហែល២៧០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តម្លៃនេះបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខុនដូតម្លៃសមរម្យបានធ្លាក់ចុះ៩,៩ភាគរយ ខុនដូក្នុងតម្លៃមធ្យមបានធ្លាក់ចុះប្រមា​ណ៦ភាគរយ និងខុនដូតម្លៃខ្ពស់នៅតែមានស្ថិរភាព(+0.3%)។

ការសិក្សាបានបង្ហាញថា និន្នាការទិញខុនដូនៅត្រីមាសទី២​ឆ្នាំនេះ បានបង្ហាញពី “សញ្ញាឆ្ពោះទៅរកខុនដូដែលបានបញ្ចប់ការសាងសង់រួច ” ជាគំរោងគម្រោងដែលមានទីតាំងល្អ ទំនើប និងបរិក្ខារបរិក្ខារល្អៈ មានភាពរីករាយនឹងការលក់ខ្លាំងជាងមុន។

ទីផ្សារជួល និងផលចំណេញពីការវិនិយោគ

  • ការជួលនៅត្រីមាសទី១ឆ្នាំនេះ ផ្តល់ផលចំណេញត្រលប់ពីការវិនិយោគក្នុងរង្វង់៥,៨ភាគរយ។

ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ ផលចំណេញពីការវិនិយោគជាម ធ្យមមានប្រមាណ៧ភាគរយ ប៉ុន្តែសម្រាប់ទីតាំងពេញនិយមខ្លាំងផលចំណេញត្រលប់មានរហូតដល់៨,៥ភាគរយ។

ប៉ុន្តែសម្រាប់ទីតាំងកំពូល ដូចជា កែប/កំពត មានផលចំណេញត្រលប់ប្រមាណ៨ភាគរយ។

ចំណែកអ្នកជួលពេញនិយមជាងគេ គឺជាជនបរទេសមានដូចជា អាមេរិក ចិន បារាំង ជប៉ុន ជាមួយប្រជាជនកម្ពុជាមានក្នុងរង្វង់13.8% នៃតម្រូវការជួល។

  1. ប្រជាសាស្រ្តអ្នកទិញ
  • អ្នកទិញបរទេសគ្រប់គ្រងការលក់៖

តើជនបរទេសណាខ្លះ ទិញខុនដូនៅកម្ពុជា របាយការណ៍សិក្សាបានបង្ហាញថា សហរដ្ឋអាមេរិក10.3%, សិង្ហបុរី 7%, អង់គ្លេស និងចិនមាន6.7% នីមួយៗ រុស្ស៊ី6.2% ។ល។

ចំំណែកប្រជាជនកម្ពុជាឥឡូវនេះ តំណាងឱ្យទីផ្សារទិញទាំងមូលក្នុងរង្វង់១៨ភាគរយនៃការទិញ ដែលបង្ហាញពីការកើនឡើងនូវទំនុកចិត្តក្នុងស្រុក៕

មន្ត្រីជាន់ខ្ពស់អន្តរក្រសួងរៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិយានយន្តអគ្គិសនី

0

ដោយៈ ចំណាន

    ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកប៉េង ពោធ៍នា បានបើកកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី (គ.ល.គ.យ.អ.)។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យតាមដាន និងវាយតម្លៃវឌ្ឍនភាព នៃការអនុវត្ត “គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០” ដោយផ្អែកលើរបាយការណ៍ និងផែនការអនុវត្តរបស់ក្រសួង- សា្ថប័នសាមី លើបញ្ហាប្រឈម និងកាលានុវត្តភាព ដែលបានជួបប្រទះក្នុងការអនុវត្តគោលនយោបាយ ស្វែងរកដំណោះស្រាយរួម និងផ្តល់ទិសដៅសម្រាប់រយៈពេល៦ខែខាងមុខ ដើម្បីបន្តជំរុញការអនុវត្ត ផែនការសកម្មភាពនៃគោ​លនយោបាយឱ្យកាន់តែមានប្រសិទ្ធភាព។

គ.ល.គ.យ.អ. ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងាររៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិ សម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី ក្នុងទិសដៅគាំទ្រលើកទឹកចិត្ត ឱ្យបងប្អូនប្រជាពលរដ្ឋ ងាកមកប្រើប្រាស់យានយន្តអគ្គិសនី ឱ្យបានទូលំទូលាយ និងទាក់ទាញការវិនិយោគក្នុងវិស័យនេះ ឱ្យបានកាន់តែប្រសើរ និងច្រើនឡើងនៅកម្ពុជា ដើម្បីពង្រឹងកិច្ចការពារបរិស្ថាន និងថាមពលបៃតងស្របតាម “យុទ្ធសាស្ត្ររយៈពេលវែងរបស់កម្ពុជាស្តីពីអព្យាក្រឹតកាបូន” ដែលបានដាក់ជូន “អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ” (United Nations Framework Convention on Climate Change – UNFCCC) កាលពីខែធ្នូ ឆ្នាំ២០២១ ដោយមានបញ្ចូលការប្តេជ្ញាចិត្តសម្រេចឱ្យបាននូវការប្រើប្រាស់រថយន្តគ្រួសារ និងរថយន្តក្រុងអគ្គិសនី៤០% និងទោចក្រយានយន្តអគ្គិសនី ៧០% ត្រឹមឆ្នាំ២០៥០៕