Ministry woos investments with land ownership incentive

The Interior Ministry aims to allow foreign investors who invest 40 million baht for at least three years to purchase residence on 1 rai (1,600 square metres) land in a bid to boost real estate sales and stimulate the economy.

 

The ministry will propose this measure to the Cabinet soon, Deputy Interior Minister Nipon Boonyamanee said on Tuesday.

 

He expected this measure to help stimulate the real estate market and benefit lands in Bangkok and other major provinces, such as Samut Prakan, Chonburi, Chiang Mai and Phuket.

“So far, the Interior Ministry has sought measures to stimulate real estate sales, especially among foreign businessmen with high purchasing power,” he said.

 

“The price of real estate in Thailand isn’t high compared to other countries, so it is a good opportunity to stimulate the economy.”He said the ministry also aims to lower transfer and mortgage fees for properties costing more than 3 million baht to 0.01 per cent.

 

He added that the ministry will study whether the reduction of transfer and mortgage fees will be offered to properties costing up to 20 million baht or not.

 

Source: The Nation

អាមេរិកនិងទីភ្នាក់ងារថាមពលអន្តរជាតិ IEA ជំរុញឱ្យអាស៊ីធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលដើម្បីបញ្ចៀសវិបត្តិ

សុខុម

ស៊ីដនី: សហរដ្ឋអាមេរិក និងទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) នៅថ្ងៃអង្គារ ទី១២ ខែកក្កដា នេះបានជំរុញឱ្យបណ្តាប្រទេសនៅអាស៊ី ធ្វើពិពិធកម្ម (ធ្វើឱ្យសម្បូរបែប) ខ្សែសង្វាក់ផ្គត់ផ្គង់ថាមពល និងរ៉ែសំខាន់ៗរបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងពេកលើប្រទេសមួយក្ដាប់តូច ដូចជាមហាយក្សចិន និងរុស្ស៊ី ជាដើម។

នាយកប្រតិបត្តិទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) លោក Fatih Birol និងរដ្ឋមន្ត្រីថាមពលអាមេរិក លោកស្រី Jennifer Granholm បានលើកឡើងថា វិបត្តិថាមពលបច្ចុប្បន្ន ដែលផ្តើមចេញពីការដាក់ទណ្ឌកម្មលើរុស្ស៊ី ក្រោយពីប្រទេសនេះបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន គួរតែជាមេរៀន និងជំរុញឱ្យបណ្តាប្រទេសនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ផ្តោតយកចិត្តទុកដាក់បន្ថែមទៀត លើការងាកចេញពីពីឥន្ធនៈហ្វូស៊ីលដូចជាធ្យូងថ្ម ឧស្ម័ន និងប្រេងជាដើម។

ទោះជាយ៉ាងណា ចំណុចនេះនឹងតម្រូវឱ្យតំបន់នេះងាកចេញពីការពឹងផ្អែកលើមហាយក្សចិន សម្រាប់បច្ចេកវិទ្យាថាមពលសូឡា (ពន្លឺព្រះអាទិត្យ) និងប្រទេសដូចជាសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងរុស្ស៊ី សម្រាប់រ៉ែសំខាន់ៗដែលត្រូវការចាំបាច់ សម្រាប់ការផលិតរថយន្តអគ្គិសនី និងអាគុយ។

លោកស្រី Jennifer Granholm បានថ្លែងក្នុងវេទិកាថាមពលក្រុងស៊ីដនី (Sydney Energy Forum) ប្រទេសអូស្ត្រាលី ថា “យើងចង់ធ្វើឱ្យប្រាកដថា យើងមិនមែនជាប្រទេសដែលស្ថិតក្រោមគំនាបរបស់ជនផ្ដាច់ការ ដែលជាអ្នកនាំចេញប្រេង មិនស្ថិតក្រោមគំនាបរបស់អ្នក ដែលមិនផ្ដល់តម្លៃដល់យើង មិនស្ថិតក្រោមគំនាបរបស់អ្នក ដែលចង់គ្រប់គ្រងទិដ្ឋភាពយុទ្ធសាស្ត្រនៃខ្សែសង្វាក់ផ្គត់ផ្គង់”។

វេទិកានេះត្រូវបានរៀបចំឡើងរួមគ្នាដោយរដ្ឋាភិបាលអូស្ត្រាលី និងទីភ្នាក់ងារថាមពលអន្តរជាតិ (IEA)។

លោក Fatih Birol គូសបញ្ជាក់ថា ប្រទេសចិន គ្របដណ្ដប់ដល់ទៅ៨០%នៃខ្សែសង្វាក់ផ្គត់ផ្គង់សកលសម្រាប់បច្ចេកវិទ្យាសូឡានានាពេលបច្ចុប្បន្ន ហើយនៅឆ្នាំ២០២៥ នឹងកើនឡើងដល់៩៥%។

លោក Fatih Birol  និងលោកស្រី Jennifer Granholm លើកឡើងថា ការពឹងផ្អែកលើប្រទេសតែមួយសម្រាប់បច្ចេកវិទ្យា ឬឥន្ធនៈគួរតែជៀសវាង ដើម្បីបញ្ចៀសវិបត្តិទៅអនាគត បើមិនដូច្នោះទេអាចនឹងជួបវិបត្តិច្រំដែលដូចបច្ចុប្បន្ន ក្រោយការបាត់បង់ការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ី។

លោកស្រី Jennifer Granholm និងរដ្ឋមន្ត្រីថាមពលអូស្ត្រាលី លោក Chris Bowen នៅថ្ងៃអង្គារ នេះបានចុះកិច្ចព្រមព្រៀងមួយ សម្រាប់ប្រទេសទាំង២ធ្វើការរួមគ្នា លើការស្រាវជ្រាវថាមពល រួមទាំងការកាត់បន្ថយការចំណាយ លើការស្តុកថាមពលរយៈពេលវែង និងម៉ាស៊ីន Electrolyser ដើម្បីផលិតអ៊ីដ្រូសែនផងដែរ៕

ក្រុមហ៊ុនបរធនបាលកិច្ចបង្ហាញតួនាទីសំខាន់ជំរុញអចលនទ្រព្យនិងទាក់ទាញវិនិយោគិនបរទេសមកកាន់កម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ បរធនបាលកិច្ច គឺជាមធ្យោបាយថ្មីមួយនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យមួយនេះបាននិងកំពុងមានតួនាទីសំខាន់នៅក្នុងការជំរុញវិស័យអចលនទ្រព្យកម្ពុជា ឱ្យមានការរីកចម្រើន ជាពិសេស​នៅក្នុងអចលនទ្រព្យប្រភេទលំនៅឋានបុរី។

 

អ្នកនាង គឹម គិនកេសា អ្នក​គ្រប់គ្រង​ជាន់ខ្ពស់ CBRE Cambodia បានមានប្រសាសន៍ននៅក្នុងបទបង្ហាញរបាយការណ៍ប្រចាំឆមាសរបស់ក្រុមហ៊ុន CBRE Cambodia កាលពីសប្តាហ៍កន្លងមកថា “យើងបានសង្កេតឃើញ សកម្មភាពរួមគ្នារវាងក្រុមហ៊ុនបរធនបាល (Trust Company)ឈានជើងចូលមកកាន់វិស័យលំនៅឋានបែបបុរី ដោយក្រុមហ៊ុនបរធនបាលទាំងនោះបានធ្វើការសម្រាប់គម្រោងបុរី ដីធ្លីជាប់បុរី និងក្រៅបុរី”។

យោងតាមការឱ្យដឹងរបស់អ្នកនាងកេសា បច្ចុប្បន្ននេះ យ៉ាងហោចណាស់មានក្រុមហ៊ុនបរធនបាលប្រមាណ១២ទៅ១៤ក្រុមហ៊ុន បានបើកដំណើរការ និងគ្រប់គ្រងដោយ និយ័តករមូលបត្រកម្ពុជា (Securities and Exchange Regulator of Cambodia)។

 

បើតាមអ្នកជំនាញរូបនេះឱ្យដឹងថា វត្តមាននៃក្រុមហ៊ុនទាំងនោះនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជាបានធ្វើឱ្យអ្នកអភិវឌ្ឍន៍គម្រោងលំនៅឋាន មិនត្រឹមតែអាចផ្តល់ជូននូវបុរី ដែលមានគុណភាពខ្ពស់ ដល់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់ឱកាសក្នុងការពង្រីកបន្ថែមដល់អតិថិជនក្រៅប្រទេសផងដែរ។

 

អ្នកនាងបន្តថា “ខ្ញុំគិតថា វានឹងក្លាយជាមធ្យោបាយថ្មីមួយ សម្រាប់អ្នកអភិវឌ្ឍន៍គម្រោងលំនៅឋាន ក្នុងការផ្តល់ជូននូវបុរី ដែលមានគុណភាពខ្ពស់ ដើម្បីពង្រីកបន្ថែមដល់អតិថិជនក្រៅប្រទេស ខណៈការឆ្លើយតប និងតម្រូវការនៃវិនិយោគិនបរទេស គឺជាអ្វី ដែលយើងត្រូវស្រូបយក និងតាមដានមើលក្នុងរយៈពេល២ឆ្នាំទៀត”។

 

ក្រុមហ៊ុនបរធនបាល (ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស) ឬភាសាអង់គ្លេសហៅថា Trust Company យោងតាមច្បាប់ស្តីពីបរធនបាលកិច្ចឆ្នាំ២០១៩ ជនបរទេសអាចទិញដីនៅកម្ពុជាបានតាមរយៈក្រុមហ៊ុនបរធនបាល ដែលបានចុះបញ្ជីបរធនបាលកិច្ចនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រឹមត្រូវ។

 

ក្រុមហ៊ុនបរធនបាលដើរតួជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិឱ្យជនបរទេស ដោយគ្មានសិទ្ធិយកទៅលក់ បន្តឡើយ ទោះជាដីនោះជាឈ្មោះកម្មសិទ្ធិរបស់ក្រុមហ៊ុនក៏ដោយ។ ការទិញដោយវិធីនេះ ជនបរទេសតែងមាន​ទំនុកចិត្តខ្ពស់៕

ប្រទេសថៃគ្រោងផ្តល់កម្មសិទ្ធិដីធ្លីដល់វិនិយោគិនបរទេស ដើម្បីទាញយកទុនវិនិយោគបន្ថែមពីបរទេស

ដោយ៖ លាងហួរ

ថៃ៖ ដើម្បីជំរុញការលក់អចលនទ្រព្យ និងជំរុញសេដ្ឋកិច្ចជាតិ ក្រសួងមហាផ្ទៃ របស់ប្រទេសថៃគ្រោងអនុញ្ញាតឱ្យវិនិយោគិនបរទេស ដែលវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន៤០លានបាត (ប្រមាណជាង១លានដុល្លារអាមេរិក) ក្នុងរយៈពេលយ៉ាងតិច៣ឆ្នាំ អាចទិញលំនៅដ្ឋានលើដីទំហំ១.៦០០ម៉ែត្រការ៉េ។

នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី១២ ខែកក្កដានេះ។

លោក Nipon Boonyamanee អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ឱ្យដឹងនៅ ថ្ងៃអង្គារនេះថា ក្រសួងមហាផ្ទៃនឹងស្នើវិធានការនេះ ទៅកាន់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីនាពេលឆាប់ៗនេះ។

លោក Nipon Boonyamanee បានបង្ហាញក្តីរំពឹងថា តាមរយៈវិធានការនេះនឹងជួយជំរុញទីផ្សារអចលនទ្រព្យ និងផ្តល់អត្ថប្រយោជន៍ដល់ហាងឆេងតម្លៃដីធ្លី នៅក្នុងទីក្រុងបាងកក និងខេត្តសំខាន់ៗផ្សេងទៀតដូចជាសាមុតប្រកាន (Samut Prakan) ឈុនបុរី (Chonburi) ឆៀងម៉ៃ (Chiang Mai) និង ខេត្តភូកេត (Phuket)។

អនុរដ្ឋមន្ត្រីរូបនេះ បានបន្តថា កន្លងមក ក្រសួងមហាផ្ទៃបានស្វែងរកវិធានការជំរុញការលក់អចលនទ្រព្យ ជាពិសេសក្នុងចំណោមពាណិជ្ជករបរទេស ដែលមានកម្លាំងទិញខ្ពស់។ តម្លៃអចលនទ្រព្យនៅក្នុងប្រទេសថៃមិនខ្ពស់ទេ បើប្រៀបធៀបទៅនឹងប្រទេសដទៃ ដូច្នេះវាជាឱកាសល្អក្នុងការជំរុញសេដ្ឋកិច្ច។

លោកក៏បានបញ្ជាក់ថា ក្រសួងក៏មានគោលបំណងបញ្ចុះថ្លៃ ក្នុងការផ្ទេរនិងបញ្ចាំ សម្រាប់អចលនទ្រព្យ ដែលមានតម្លៃជាង៣លានបាត(ប្រមាណជាង៨២.០០០ដុល្លារ) ចុះដល់ត្រឹមតែ០,០១ភាគរយ។

លោកបានបន្ថែមថា ក្រសួងនឹងសិក្សាថា តើការកាត់បន្ថយថ្លៃផ្ទេរប្រាក់ និងកម្ចីទិញផ្ទះ នឹងត្រូវផ្តល់ជូនអចលនទ្រព្យ ដែលមានតម្លៃរហូតដល់២០លានបាត(ប្រមាណជាង៥៥ម៉ឺនដុល្លារ) ឬអត់៕

កំណើនភ្ញៀវទេសចរបរទេសចូលមកកម្ពុជាជំរុញឱ្យមានតម្រូវការទីផ្សារខុនដូនិងអាផាតម៉ិនឡើងវិញ

  ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ឆ្នាំ២០២២នេះ កំណើនភ្ញៀវទេសចរបរទេសចូលមកកាន់ប្រទេសកម្ពុជា ចាប់ផ្ដើមកើនឡើងវិញជាបន្តបន្ទាប់ ក្នុងនោះដែរក៏មានភ្ញៀវបរទេសជាទេសចរ និងភ្ញៀវជាវិនិយោគិនផងដែរ។

ការមកដល់នៃភ្ញៀវទេសចរបរទេស ចូលមកកាន់កម្ពុជានេះត្រូវបានរំពឹងថានឹងជួយជំរុញ ឱ្យទីផ្សារខុនដូនិងអាផាតម៉ិន ងើបឡើងវិញក្នុងពេលឆាប់ៗនេះ ។

អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថាឱ្យដឹងថា ទីផ្សារខុនដូក្នុងរយៈពេល១ឆមាស២០២២នេះ បានចាប់ផ្ដើមមានសកម្មភាពល្អប្រសើរបន្តិចឡើងវិញ ។ជាក់ស្ដែងទាំងសកម្មភាពសាងសង់នូវគម្រោង ដែលបានផ្អាកដំណើរការកាលពីពេលមានវិបត្តិក៏ចាប់ផ្ដើមដំណើរការវិញ ហើយគម្រោងថ្មីៗ មួយចំនួនក៏ចាប់ផ្ដើសាងសង់ដែរ ។

អ្នកនាងបន្តថា “កំណើនភ្ញៀវទេសចរបរទេស ពិតជាបានធ្វើឱ្យតម្រូវការនូវការជួលខុនដូ និងអាផាត់មិននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែបើនិយាយពីតម្លៃហាក់មិនទាន់មានការប្រែប្រួល គួរឱ្យកត់សម្គាល់នោះទេ នៅរក្សាតម្លៃ ថេរនិងតំបន់ខ្លះប្រែប្រួលតិចតួចប៉ុណ្ណោះ”។

ជាមួយគ្នានេះ លោកខន គង្គា អគ្គនាយកក្រុមហ៊ុនERA Cambodia ក៏បានលើកឡើងថា ក្នុងឆ្នាំ២០២២នេះ តម្រូវការទីផ្សារខុនដូ ក្នុងប្រទេសកម្ពុជា បានឃើញថាមានភាពកម្រើកជាងឆ្នាំ២០២០និងឆ្នាំ ២០២១កន្លងទៅ ហើយក៏មានសកម្មភាព នៃការទិញលក់ខុនដូច្រើនជាងរយៈពេល២ឆ្នាំកន្លងមកដែរ។ សកម្មភាពទាំងនេះ បានមកពីការបើកប្រទេសឡើងវិញ បើកសកម្មភាពសេដ្ឋកិច្ច និងការបើកឱ្យភ្ញៀវទេសចរបរទេសចូលមកកម្ពុជាឡើងវិញផងដែរ។

លោកបន្តថា “ការបើកឱ្យជនបរទេស និងអ្នកដំណើរបរទេសចូលមកកម្ពុជាឡើងវិញ បានជំរុញឱ្យទីផ្សារមួយនេះ ទទួលបានកំណើនឡើងវិញជាបន្តបន្ទាប់ ហើយក៏រំពឹងថាទីផ្សារនេះ នឹងទទួលបានកំណើនកាន់តែច្រើននៅឆ្នាំ២០២២និងឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់”។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ក្នុងរយៈពេល៥ខែកន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរចំនួនជាង៣៤ម៉ឺននាក់ ខណៈរយៈពេលពេញមួយឆ្នាំនៃឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសតែជាង១៩ម៉ឺននាក់ប៉ុណ្ណោះ ។ ក្នុងឆ្នាំ២០២២នេះ ក្រសួងទេសចរណ៍រំពឹងថា នឹងទទួលបានភ្ញៀវទេសចរ១លាននាក់ និងឆ្នាំ២០២៣រំពឹងថានឹងទទួលបាន២លាននាក់ ក្រោយពីកម្ពុជាបានដាក់ចេញនូវវិធានការថ្មីៗបន្តបន្ទាប់៕

ធនាគារក្នុងខេត្តហឺណាន នឹងសងប្រាក់អតិថិជនមួយចំនួនក្រោយពីមាន បាតុកម្មទ្រង់ទ្រាយធំ

ដោយ: លាងហួរ

ចិន: និយ័តករបាននិយាយថា ធនាគារនៅខេត្តហឺណាន នឹងអនុញ្ញាតឱ្យអតិថិជន អាចដកប្រាក់របស់ខ្លួនវិញនៅថ្ងៃសុក្រ ទី១៥ខែកក្កដា បន្ទាប់ពីអ្នកដាក់ប្រាក់បញ្ញើបានប៉ះទង្គិច ជាមួយអាជ្ញាធរនៅក្នុងការតវ៉ាដ៏កម្រមួយកាលពីចុងសប្តាហ៍។

វិស័យធនាគារនៅជនបទរបស់ប្រទេសចិន ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារការខិតខំប្រឹងប្រែង របស់ទីក្រុងប៉េកាំងក្នុងការទប់ទល់នឹងវិស័យអចលនទ្រព្យ និងបំណុលដែលកំពុងកើនឡើង នៅក្នុងការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងនៅទូទាំងប្រទេ​សចិន។

ធនាគារចំនួន៤ នៅក្នុងខេត្តហឺណានបានបង្កក រាល់ការដកសាច់ប្រាក់ចាប់តាំងពីពាក់កណ្តាលខែមេសា ដែលនាំឱ្យអ្នកសន្សំរាប់ពាន់នាក់គ្មានមូលនិធិ និងបង្កឲ្យមានបាតុកម្មជាបន្តបន្ទាប់។

នៅក្នុងបាតុកម្មដ៏ធំបំផុតមួយ នៅទីក្រុងZhengzhou មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យ នៅខាងក្រៅសាខានៃធនាគារប្រជាជនចិន ក្នុងរដ្ឋធានី Zhengzhou នៃខេត្តហឺណាន ដើម្បីទាមទារដកប្រាក់របស់ពួកគេ។

និយតករធនាគារ និងធានារ៉ាប់រងខេត្តហឺណាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃចន្ទថា អ្នកដាក់ប្រាក់បញ្ញើមួយចំនួននឹងអាចទទួលបានប្រាក់របស់ពួកគេវិញហើយ។

និយតករបានបន្តថា អតិថិជនម្នាក់ៗ ដែលមានប្រាក់បញ្ញើរហូតដល់៥០.០០០យ័ន(៧៤៤២ដុល្លារអាមេរិក) នឹងត្រូវសងវិញចាប់ពីថ្ងៃសុក្រ ខណៈ ពេល ដែល ការ រៀបចំ សម្រាប់ ការ សង អតិថិជនផ្សេង នឹង ត្រូវ បាន ប្រកាស ដោយ ឡែក ពី គ្នា។

និយតករបាននិយាយថា មូលនិធិដែលពាក់ព័ន្ធនឹងអំពើខុសច្បាប់ រឺសកម្មភាពឧក្រិដ្ឋកម្ម  នឹងមិនត្រូវបានសងវិញជាបណ្ដោះអាសន្នទេ។

ការប្រកាសសងប្រាក់ដល់អតិថិជនវិញនេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីប៉ូលីស ក្នុងតំបន់បាននិយាយថា ខ្លួនបានចាប់ខ្លួនសមាជិកនៃក្រុមឧក្រិដ្ឋជន ដែលត្រូវបានចោទប្រកាន់ ពីបទកាន់កាប់ធនាគារក្នុងស្រុក និងធ្វើការផ្ទេរប្រាក់ខុសច្បាប់តាមរយៈប្រាក់កម្ចីក្លែងក្លាយ៕

រដ្ឋាភិបាលចិនបោះជាង៦៦ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធស្តុកទឹកជាច្រើនដើម្បីទាក់ទាញការវិនិយោគ

ដោយៈ សុខុម

ប៉េកាំង: មហាយក្សចិន បានសម្រុកបង្កើនការវិនិយោគយ៉ាងខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធអាងស្តុកទឹក ក្នុងឆមាសទី១ឆ្នាំ២០២២នេះ ខណៈប្រទេ​សនេះបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១១ ខែកក្កដា។

ក្រសួងធនធានទឹកប្រទេសនេះនិយាយថា ចាប់ពីខែមករា ដល់ខែមិថុនា ការវិនិយោគលើគម្រោងសាងសង់អាងស្តុកទឹកនានា នៅក្នុងប្រទេសនេះ មានទំហំសរុបរហូតដល់ទៅ៦៦,២៩ពាន់លានដុល្លារអាមេរិក ដោយកើនឡើងជិត៦០%បើធៀបនឹងឆ្នាំ២០២១។

ប្រទេសចិន បានផ្តួចផ្តើមគម្រោងអាងស្តុកទឹកថ្មីៗ រហូតដល់ទៅប្រ​មា​ណ១៤.០០០គម្រោងក្នុងឆមាសទី១ រួមទាំង៧៥០គម្រោង ដែលក្នុងគម្រោងនីមួយៗ មានទុនវិនិយោគដល់ទៅជាង១៥លានដុល្លារអាមេរិក ផងដែរ។

កិច្ចប្រជុំមួយកាលពីខែមិថុនា ដែលធ្វើឡើងរួមគ្នាដោយធនាគារកណ្ដាលចិន (People’s Bank of China) និងក្រសួងធនធានទឹកបានលើកឡើងថា គម្រោងអាងស្តុកទឹក អាចជួយស្រូបទាញការវិនិយោគធំៗ និងបង្កើតការងារបានយ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លី។

កិច្ចប្រជុំរួមនេះ បានលើកឡើងបន្ថែមទៀតថា ការវិនិយោគនេះក៏អាចការពារសន្តិសុខស្បៀង ជួយសម្រួលដល់ការអភិវឌ្ឍបៃតង និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិក្នុងរយៈពេលវែងផងដែរ។

តាមការរំពឹងទុក ប្រទេសចិន នឹងបំពេញការវិនិយោគក្នុងទំហំទឹកប្រាក់ សរុបដល់ទៅជាង១១៩ពាន់លានដុល្លារអាមេរិក លើគម្រោងសាងសង់អាងស្តុកទឹកក្នុងឆ្នាំ២០២២៕ Xinhua៕

កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិ១លាននាក់ក្នុងឆ្នាំ២០២២ និង២លាននាក់ក្នុងឆ្នាំ២០២៣

ដោយៈ សុផារី

ភ្នំពេញៈ ខណៈជំងឺកូវីដ-១៩សកលកំពុងថមថយ វិស័យទេសចរណ៍អន្តរជាតិចាប់ផ្ដើមមានសន្ទុះឡើងវិញ ដោយមានការបន្ធូរបន្ថយវិធានការរឹតត្បិត និងការដករបាំង ដែលជាលក្ខខណ្ឌតម្រូវនានា លើការធ្វើដំណើរជាអន្តរជាតិ។

ចំពោះកម្ពុជា រាជរដ្ឋាភិបាលបានសម្រួលលក្ខខណ្ឌ សម្រាប់ភ្ញៀវទេសចរ និងអ្នកដំណើរអន្តរជាតិ ក្នុងការចូលមកកម្ពុជាជាបន្តបន្ទាប់ ដោ​យនៅក្នុងឆ្នាំ២០២២នេះ កម្ពុជារំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ក្នុងរង្វង់ប្រមាណ១លាននាក់ ហើយនិងប្រមាណ២លាននាក់ នៅក្នុងឆ្នាំ២០២៣ខាងមុខ។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបទេសចរណ៍ឆ្នាំ២០២០ -២០២១ និងឆមាសទី១ ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២២-២០២៣ នៅថ្ងៃទី១២ ខែកក្កដានេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា រយៈពេល៦ខែដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៥០ម៉ឺននាក់ កើនឡើង៣៩៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ តែនៅថយចុះ-៨៤,៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ (មុនវិបត្តិ)។

លោកបន្តថា ទេសចរភាគច្រើនមកពីប្រភព ដូចជា វៀតណាម ថៃ ចិន សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស អូស្ត្រាលី សិង្ហបុរី និងឥណ្ឌា។

លោក ថោង ខុន បន្តថា ភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្ត ក្នុងប្រទេស រួមមាន ទេសចរជាតិសរុបប្រមាណ៦,៣៣លាននាក់ កើនឡើងក្នុងអត្រាប្រមាណ២១៩% និងទេសចរបរទេសផ្ទៃក្នុងប្រមាណ៦៨ម៉ឺននាក់ កើនឡើងក្នុងអត្រាប្រមាណ៣៨០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។

លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា កម្ពុជារំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ក្នុងរង្វង់ប្រមាណ១លាននាក់ នៅក្នុងឆ្នាំ២០២២នេះ ហើយនិងប្រមាណ២លាននាក់ នៅក្នុងឆ្នាំ២០២៣ខាងមុខ ជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម លើកទី៣២។

នៅឆ្នាំ២០២២នេះ វិស័យទេសចរណ៍សកលរំពឹងថា នឹងមានភាពល្អប្រសើរជាងកាលពីឆ្នាំ២០២០ និង២០២១ ដោយសារការចាប់ផ្ដើមកម្រើកឡើងវិញនៃចរន្ត នៃការធ្វើដំណើររបស់ភ្ញៀវទេសចរអន្តរជាតិ ជាមួយនឹងការកើនឡើងនៃតម្រូវការក្នុងការធ្វើដំណើរ ដើម្បីជួបជុំគ្រួសារ ការធ្វើធុរកិច្ច និងការកម្សាន្ត ក្រោយពីខកខានអស់មួយរយៈ ដោយសារការដាក់ចេញនូវ វិធានការរឹតត្បិតនានា និងការបិទខ្ទប់នៅអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩។

តាមការព្យាកររបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) ចំនួនទេសចរអន្តរជាតិក្នុងឆ្នាំ២០២២ នេះ អាចនឹងថយចុះក្នុងចន្លោះពី -៣០% ទៅ -៤៥% បើធៀបនឹងចំនួនទេសចរអន្តរជាតិ នៅក្នុងឆ្នាំ២០១៩ (មុនវិបត្តិ) ដោយសារតែវិស័យទេសចរណ៍សកល កំពុងទទួលរងការគំរាមកំហែង និងផលប៉ះពាល់ជា អវិជ្ជមានពីវិបត្តិ និងបញ្ហាប្រឈមនានា ដូចជា ការវិវត្តជាបន្តបន្ទាប់នៃមេរោគកូវីដ-១៩ បំប្លែងថ្មី និងជំងឺឆ្លងផ្សេងៗ វិបត្តិនៅអ៊ុយក្រែន ដែលបានជះឥទ្ឋិពល ធ្វើឱ្យមានការកើនឡើងនូវអតិផរណាជារួម ការកើនឡើង ខ្លាំងនៃថ្លៃប្រេង និងការថមថយអំណាចទិញរបស់ភ្ញៀវ ល្បឿនខុសៗគ្នា នៃការបន្ធូរបន្ថយការរឹតត្បិតលើ ការធ្វើដំណើរ និងរបាំងនានារបស់ប្រទេសនីមួយៗជាដើម៕

ក្រសួងហាមមិនឱ្យយានយន្តគ្រប់ប្រភេទចរាចរលើផ្លូវល្បឿនលឿន ដែលសាងសង់មិនទាន់រួចរាល់

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ហាមមិនឱ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរនៅលើផ្លូវល្បឿនលឿន ភ្នំពេញ ក្រុងព្រះសីហនុ ដែលសាងសង់មិនទាន់រួចរាល់ជាស្ថាពរនោះ។

 

ការហាមនេះ កើតមានឡើងបន្ទាប់ពីមានគ្រោះថ្នាក់ចរាចរជាច្រើនករណីនៅលើផ្លូវល្បឿនលឿន ជាពិសេសគ្រោះថ្នាក់ចរាចរកាលពីថ្ងៃទី១១ ខែកក្កដា ម្សិលមិញ ហើយដោយសារផ្លូវមួយនេះនៅមិនទាន់បានបំពាក់បរិក្ខារសុវត្តិភាពចរាចរណ៍នៅឡើយទេ។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែកក្កដានេះ។

 

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ឱ្យដឹងថា ដើម្បីចៀសវាងការរំខានដល់ដំណើរការសាងសង់បញ្ចប់គម្រោងទាន់ពេលវេលាបានគ្រោងទុក និងចៀសវាងការបង្កគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ក្រសួងបានសម្រេចឱ្យក្រុមហ៊ុនសាងសង់បិទគ្រប់ច្រកចេញ-ចូល ដោយមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ ចូលប្រើផ្លូវល្បឿនលឿន ក្រៅពីយានយន្តដែលបម្រើឱ្យគម្រោង និងយានយន្តមានតម្រូវការចាំបាច់ ដែលមានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូននោះឡើយ៕

ការសិក្សាថ្មីៈ តម្លៃលក់និងជួលខុនដូកើនឡើងក្នុងអំឡុងត្រីមាសទី២

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ការសិក្សាថ្មីមួយបានរកឃើញថា តម្លៃលក់ និងតម្លៃជួលទីផ្សារខុនដូនៅកម្ពុជា ក្នុងអំឡុងត្រីមាសទី ២ ឆ្នាំ ២០២២នេះ មានការកើនឡើង គួរឱ្យកត់សម្គាល់។

ការផ្គត់​ផ្គង់​កើន​ឡើង៣២ភាគរយ​ផងដែរ ដោយសារស្ថានភាពទីផ្សារមានសភាពកាន់តែល្អប្រសើរ។

យោងតាមរបាយការណ៍សិក្សាថ្មីមួយរបស់ក្រុមហ៊ុនអន្តរជាតិ CBRE Cambodia ដែលបានបង្ហាញកាលពីសប្តាហ៍មុនបានឲ្យដឹងថា តម្លៃលក់ខុនដូបានកើនឡើងចន្លោះពី០,៧ភាគរយ ទៅ២,៧ភាគរយ និងកើន​ដល់១,៤ភាគរយ សម្រាប់ខុនដូប្រភេទតម្លៃសមរម្យ ប្រភេទមធ្យម និងលំដាប់ខ្ពស់។

ជាមួយគ្នានេះ តម្លៃ​ជួល​ ក៏មានការកើនឡើង១,២ភាគរយ ទៅ៣,៣ភាគរយ និង២,៣ភាគរយរៀងគ្នា សម្រាប់ខុនដូទាំងបីប្រភេទផងដែរ។

ការសិក្សាដដែលបានឲ្យដឹងទៀតថា រហូតដល់បច្ចុប្បន្នចំនួនខុនដូ បានសាងសង់រួចរាល់ក្នុងត្រីមាសទី២នេះ កើនឡើងបានចំនួនជាង៤៧០០យូនីត ស្មើនឹង៣៧ភាគរយនៃចំនួនសរុប ដែលបានគ្រោងទុកសម្រាប់ផ្គត់ផ្គង់ឆ្នាំ២០២២។

ចំណែកគម្រោង​សាងសង់​ ដែលមានយខុនដូជាង​១២០០យូនីត ដែលបានពន្យារពេលកន្លងមក ឥឡូវ​នេះបាននិងកំពុងចាប់ផ្តើមដំណើរការឡើងវិញហើយ៕