អន្តរក្រសួងគ្រោងពង្រីកអាកាសយានដ្ឋានខេត្តបាត់ដំបងទៅកម្រិត4Cសម្រាប់ចុះចតយន្តហោះខ្នាតមធ្យម

 ដោយៈ តារា

បាត់ដំបងៈ រាជរដ្ឋាភិបាលបានដាក់ចក្ខុវិស័យ ក្នុងការពង្រីកអាកាសយានដ្ឋានខេត្តបាត់ដំបង ដែលមានស្រាប់ក្នុងកម្រិត3C ដំឡើងឱ្យទៅជាកម្រិត 4C  ដូចនឹងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប នាបច្ចុប្បន្ននេះដែរ។

លោកសយ សុខាន់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៣ កក្កដានេះថា បច្ចុប្បន្ននេះ អាកាសយានដ្ឋានខេត្តបាត់ដំបង នៅបន្តប្រតិបត្តិការហោះហើររបស់ខ្លួន ក្នុងកម្រិត3Cនូវប្រភេទយន្តហោះតូចៗ ដែលដឹកអ្នកដំណើរបានក្រោម៧០នាក់ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះរាជរដ្ឋាភិបាល តម្រូវឱ្យរៀបចំដំឡើងអាកាសយានដ្ឋានខេត្តបាត់ដំបងនេះ ឱ្យទៅជាកម្រិត 4C នូវប្រភេទយន្តហោះធន់កណ្តាល ដែលអាចដាក់អ្នកដំណើរបានជាង១០០ ទៅ២០០នាក់ ដូចនឹងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបដែរ។

លោកបន្តថា “អាកាសយានដ្ឋានខេត្តបាត់ដំបងនេះ នៅពេលដំឡើងទៅជាកម្រិត 4C នឹងអាចហោះហើរបានចម្ងាយ៤ពាន់គីឡូម៉ែត្រ មានន័យថាប្រទេសដែលមានចម្ងាយក្នុងចន្លោះនេះ អាចហោះហើរបានទំាងអស់”។ លោកបន្តថា ស្របនឹងប្រទេសជាតិកំពុងអភិវឌ្ឍន៍ ក្រោមដំបូងសុខសន្តិភាព ដូចនេះហើយ ទើបគណៈកម្មការអន្តរក្រសួងបានជួបប្រជុំ ដើម្បីរៀបចំកញ្ចប់ថវិកា និងរួមគ្នាដោះស្រាយផលប៉ះពាល់ ដើម្បីដាក់សំណើរជូនរាជរដ្ឋាភិបាលសម្រេច”។

បច្ចុប្បន្ននេះ អាកាសយានដ្ឋានខេត្តបាត់ដំបង មានផ្ទៃដីត្រឹម១២៨ហិកតាប៉ុណ្ណោះ ហើយនៅពេលដំឡើងកម្រិតព្រលាននេះ ឱ្យទៅជាកម្រិត4C ទាមទារត្រូវពង្រីកបន្ថែមទៀត រហូតដល់ផ្ទៃដី២៩៥ហិកតា ដូចនេះគណៈកម្មការអន្តរក្រសួង ពិសេសគឺអាជ្ញាធរខេត្តបាត់ដំបង នឹងពិនិត្យលទ្ធភាពជាក់ស្តែងលើផ្ទៃដី ដែលស្ថិតនៅជាប់នឹងព្រលានខេត្តបាត់ដំបងនេះ ដែលអាចពង្រីកបាន បន្ទាប់មកគណៈកម្មការអន្តរក្រសួង តម្រូវឱ្យបង្កកផ្ទៃដីនៅជុំវិញព្រលានទំាងអស់ជាបណ្តោះអាសន្ន រង់ចាំគណៈកម្មការអន្តរក្រសួង ចុះសិក្សាដោយផ្ទាល់ ទើបសម្រេចជាគោលការណ៍តាមក្រោយបន្ត។

អាកាសយានដ្ឋានខេត្តបាត់ដំបងនេះ ស្ថិតនៅស្រុកសង្កែ ក្រុងបាត់ដំបង បានកសាង និងបើកឱ្យដំណើរការនៅថ្ងៃទី២៩ ខែតុលាឆ្នាំ១៩៦៨ ជាអាកាសយានដ្ឋានហោះហើរក្នុងស្រុក ហើយត្រូវបានផ្អាកឱ្យដំណើរការហោះហើរនៅទសវត្សន៍ឆ្នាំ៧០,១៩៧៥.១៩៧៩ ក្នុងរបបប៉ុលពត៕


អង្គការ OPEC ព្យាករណ៍ថាតម្រូវការប្រេងពិភពលោកនឹងហក់ឡើងកាន់តែខ្ពស់នៅឆ្នាំ២០២៣

ដោយ: លាងហួរ

ពិភពលោក: តម្រូវការប្រេងពិភពលោក ត្រូវបានព្យាករណ៍ថានឹងកើនឡើងបន្ថែមទៀតនៅឆ្នាំក្រោយ ទោះបីជាក្នុងល្បឿនយឺតជាងឆ្នាំ២០២២ក៏ដោយ។

អង្គការ OPEC បានឱ្យដឹងនៅក្នុងរបាយការណ៍ប្រចាំខែរបស់ខ្លួនថា ខ្លួនរំពឹងថា​ តម្រូវការប្រេងពិភពលោក នឹងកើនឡើង២,៧លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងឆ្នាំ២០២៣ ខណៈពេលដែលការព្យាករណ៍កំណើនតម្រូវការនៅឆ្នាំនេះ នៅតែមិនផ្លាស់ប្តូរនៅត្រឹម៣,៤លានបារ៉ែលក្នុងមួយថ្ងៃ។

ប្រទេសសម្ព័ន្ធមិត្តផលិតប្រេងបាននិយាយថា ការព្យាករណ៍កំណើនតម្រូវការប្រេងឆ្នាំ២០២៣ គឺផ្អែកលើការទប់ស្កាត់កាន់តែប្រសើរឡើងនៃជំងឺរាតត្បាតកូវីដ១៩ និងការរំពឹងទុកកំណើនសេដ្ឋកិច្ច ពិភពលោកយ៉ាងរឹងមាំ។

ទោះជាយ៉ាងណាក៏ដោយ អង្គការOPEC បានកត់សម្គាល់ថា ហានិភ័យធ្លាក់ចុះ នៅតែមានសម្រាប់តម្រូវការប្រេង រួមទាំងបញ្ហាប្រឈមទាក់​ទងនឹងជំងឺរាតត្បាត និងភាពមិនច្បាស់លាស់ នៃភូមិសាស្ត្រនយោបាយ។

អង្គការ OPEC បានបង្ហាញនៅក្នុងរបាយការណ៍ខ្លួន ដោយបានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក នឹងកើនឡើង៣,២ភាគរយនៅឆ្នាំ២០២៣ ដោយសន្មតថាជំងឺរាតត្បាត ការប្រែប្រួលភូមិសាស្ត្រនយោបាយនៅអឺរ៉ុបខាងកើត និងការរឹតបន្តឹងហិរញ្ញវត្ថុពិភពលោកចំពេលអតិផរណាកើនឡើង មិនប៉ះពាល់ជាអវិជ្ជមានដល់កំណើន នៅឆ្នាំ២០២៣ដល់កម្រិតធំមួយនោះទេ៕

មូលហេតុសំខាន់ៗដែលអ្នកម្តាយគ្រប់រូបគួរតែជ្រើសរើសBalactan សម្រាប់បុត្រា បុត្រីរបស់ខ្លួន

ដោយៈវិវឌ្ឈន៍

       ភ្នំពេញៈ ការជ្រើសរើសផលិតផលទឹកដោះគោម្សៅ សម្រាប់បុត្រធីតារបស់ខ្លួនមានសារៈសំខាន់ណាស់ ដើម្បីផ្តល់ភាពលូតលាស់សតិបញ្ញាស្មារតីដល់ពួកគេ និងកំណត់នូវកម្រិតឆ្លាតវៃរបស់ពួកគេផងដែរ។

ផលិតផលទឹកដោះគោម្សៅ Balactan បាននិងកំពុងផ្តល់ជម្រើសដ៏ប្រសើ​រ សំរាប់មាតា បិតាគ្រប់រូប ដើម្បីឲ្យខួរក្បាលទារក និងកុមារមានការលូតលាស់បានល្អ​ប្រសើរ។

លោកប៊ូ​ ខេមរិន្ទ្រ ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុន MTSL Investment Co., Ltd បានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា បច្ចុប្បន្នផលិតផល ទឹកដោះគោម្សៅ Balactan បានបន្ថែមសារធាតុ DHA សម្រាប់ផលិតផលថ្មីរបស់យើង ដែលសារធាតុនេះ ជួយដល់ការអភិវឌ្ឍ លូតលាស់ខួរក្បាលក្មេងឲ្យចងចាំបានល្អ រៀនសូត្រចាប់បានលឿន រហ័ស និងចងចាំបានយូរ ពិសេសពួកគាត់អាចប្រើប្រាស់ខួរក្បាលបានល្អ។

លោកបន្តថា “អ្វីកាន់តែពិសេសពេលកុមារទទួលបានសារធាតុ DHA បានច្រើនរហូតដល់អាយុ៦ឆ្នាំ ធ្វើឲ្យពួកគាត់រៀនសូត្របានចេះ ចាំលឿន ពិសេសពេលពួកគាត់ចាស់ទៅ ក៏មិនមានភាពរង្វេងផងដែរ”។ លោកបន្តថា “នៅកម្ពុជាមានផលិតផលទឹកដោះគោ ដែលមានសារធាតុ DHA ផងដែរ ប៉ុន្តែគេលក់តម្លៃថ្លៃ តែសារធាតុ DHA នៅមានកម្រិត បើធៀបនឹងផលិតផ​លរបស់យើង”។

ផលិតផលទឹកដោះគោម្សៅ Balactan បាននិងកំពុងចរាចរណ៍លើទីផ្សារយ៉ាងទូលំទូលាយនៅកម្ពុជា និងកំពុងទទួលបានការគាំទ្រច្រើនពីសំណាក់មាតា បិតា អាណាព្យា​បាលកុមារនៅទូទាំងប្រទេស។

ជាមួយគ្នានេះ អគ្គនាយិការងក្រុមហ៊ុន ​​​MTSL Investment Co., Ltd លោកជំទាវថេង សុខលី បានមានប្រសាសន៍ថា ដោយសារមាននិស្ស័យស្រលាញ់កុមារ ទើបលោកជំទាវ បានសម្រេចសម្រេចជ្រើសរើសផលិ​ត​ផល ទឹកដោះគោម្សៅ ប្រកបដោយភាពសំរិតសំរាំង យកមកចែកចាយនៅកម្ពុជា ព្រោះចង់ឃើញទារក និងកុមារនៅកម្ពុជាមានសុខភាពល្អ និងបញ្ញាឆ្លាតវៃ ដូចកុមារនៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួន។

លោកជំទាវបន្តថា “ហេតុនេះមុនសម្រេចចិត្តជ្រើសរើស យកផលិត​ផលណាមួយ សំរាប់ទារក និងបុត្រធីតា សូមពិចារណាទៅលើសារធាតុផ្សំ និងជាផលិតផលលំដាប់ ISO ដូចជា Balactan”។ លោកជំទាវបន្តថា “ការសំរិតសំរាំងផលិតផលមានគុណភាព សុវត្ថិភាព ជាការជ្រើសរើសក្តីស្រលាញ់សំរាប់បុត្រ ធីតារបស់ខ្លួន ដែលនាងខ្ញុំផ្ទាល់ក៏បានជ្រើសរើស Balactan សំរាប់កូនរបស់ខ្ញុំផងដែរ”៕

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរគ្រោងសម្រេចឱ្យបាន៧០ភាគរយនៅដំណាច់ឆ្នាំនេះ

ដោយៈ សុផារី

សៀមរាបៈ គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២២នេះ គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ សម្រេចបានជិត៣៤ភាគរយ នៃគម្រោងទាំងមូល និងគ្រោងសម្រេចឱ្យបាន៧០ភាគរយនៅដំណាច់ឆ្នាំ២០២២។

នេះបើយោងតាមរបាយការណ៍ ក្នុងឱកាសដែលលោក តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី បានដឹកនាំសមាជិកមាជិកាគណកម្មការ ចុះត្រួតពិនិត្យការសាងសង់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ។

គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ មានវឌ្ឍនភាពការងារគួរឱ្យកត់សម្គាល់ ក្នុងនោះផ្នែកមួយចំនួនដូចជា អនុស្ថានី​យអគ្គិសនី ស្ថានីយស្តុកប្រេងឥន្ទន: និងអគារបញ្ជាផ្លូវហោះហើរ សម្រេចបានលើសពី៧០%ហើយ។

ចំណែកផ្នែកសំខាន់ៗធំៗដូចជាស្ថានីយអ្នកដំណើរ និងផ្លូវរត់យន្តហោះកំពុងមមាញឹកសាងសង់ និងបានលេចចេញជារូបរាងធំស្កឹមស្កៃហើយ។

ក្រុមហ៊ុនប្តេជ្ញាសម្រេចឱ្យបាន៥០% នៃគម្រោងទាំងមូលនៅដំណាច់ត្រីមាសទី៣ និង៧០% នៅដំណាច់ឆ្នាំ២០២២៕

ទីផ្សារអចលនទ្រព្យថៃ បន្តស្ថិតក្នុងស្ថានភាពមិនល្អដោយសារការកើនឡើងចំណាយថ្លៃដើម និងអតិផរណា

ដោយសុខុម

បាងកក: ទីផ្សារអចលនទ្រព្យថៃ នឹងបន្តប្រឈមការលំបាកដោយសារការកើនឡើងអតិផរណា ចំណាយថ្លៃដើមក្នុងការអភិវឌ្ឍ និងការដំឡើងអត្រាការប្រាក់ក្នុងឆមាសទី២ ឆ្នាំនេះដែលនឹងធ្វើឱ្យប៉ះពាល់ដល់តម្រូវការលំនៅដ្ឋាន។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១២ កក្កដា។

លោក Saenphin Sukhee នាយកប្រតិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន Frasers Property Home (Thailand) បានលើកឡើងថា អត្រាអតិផរណា៧,៦%ក្នុងប្រទេសថៃ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល១៣ឆ្នាំមកនេះនឹងធ្វើឱ្យលក្ខខណ្ឌកាន់សម្រាប់ឥណទានគេហដ្ឋាន ឬកម្ចីទិញផ្ទះកាន់តែតឹងរ៉ឹង។

លោកគូសបញ្ជាក់ថា “សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បានធ្វើឱ្យចំណាយថ្លៃដើមក្នុងការអភិវឌ្ឍហក់ឡើងខ្ពស់ជាងមុន ដោយប្រេងឥន្ធនៈបានហក់ឡើងថ្លៃ១៧% ហើយដែកហក់ឡើងថ្លៃ២៥% ដែលបានរុញច្រានឱ្យចំណាយថ្លៃដើមក្នុងការអភិវឌ្ឍហក់ឡើង១០%”។

ដោយសារតែកត្តាអវិជ្ជមានទាំងនេះ សន្ទុះនៃការទិញផ្ទះនឹងធ្លាក់ចុះ ខណៈអតិថិជនកំពុងជួបការលំបាកដោយសារការកើនឡើងថ្លៃចំណាយជីវភាព ហើយប្រាក់ចំណូលក៏ពិបាករកដោយសារស្ថានភាពសេដ្ឋកិច្ចមិនអំណោយផល។

លោក Saenphin Sukhee បានបន្ថែមទៀតថា ការដំឡើងអត្រាការប្រាក់ក្នុងឆមាសទី២ នេះនឹងជះផលប៉ះពាល់មកលើសន្ទុះនៃការទិញផ្ទះ ព្រោះរាល់ការដំឡើង១%គឺស្មើនឹងកើនឡើង៨%នៅក្នុងអត្រាបង់រំលស់ផ្ទះប្រចាំខែ។

ទន្ទឹមនេះលោក Chatchai Sirilai ប្រធានធនាគារលំនៅដ្ឋានរដ្ឋ (Government Housing Bank (GHB)) ដែលគ្រប់គ្រងដោយរដ្ឋថ្លែងថា ការដំឡើងអត្រាការប្រាក់ក្នុងឆមាសទី២ ចុងឆ្នាំនេះ ទំនងជាមិនធ្វើឱ្យអ្នកទិញផ្ទះព្រួយបារម្ភនោះទេ ដោយសារអត្រាថ្មីនេះនៅតែទាបជាងពីមុន៕ Bangkok Post៕

UN: ប្រជាជនទូទាំងពិភពលោកនឹងកើនដល់ ៨ពាន់លាននាក់នៅឆ្នាំនេះ ហើយយក្សឥណ្ឌានឹងប្រជែងឈ្នះយក្សចិន

ដោយៈ សុខុម

អន្តរជាតិ: អង្គការសហប្រជាជាតិ (UN) បានព្យាករថា ចំនួនប្រជាជនសរុបទូទាំងពិភពលោក នឹងកើនដល់៨ពាន់លាននាក់ នៅត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ចុងឆ្នាំ២០២២ ដោយមហាយក្សឥណ្ឌា នឹងជែងឈ្នះមហាយក្សចិន ក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេ នៅលើពិភពលោកនៅឆ្នាំ២០២៣។

Indians, some wearing face masks as a precaution against the COVID-19, crowd a weekly market in New Delhi, India, Wednesday, Dec. 29, 2021. In India, which has been getting back to normal after a devastating COVID-19 outbreak earlier this year, omicron is once again raising fears, with more than 700 cases reported in the country of nearly 1.4 billion people. The capital, New Delhi, banned large gatherings for Christmas and New Year’s, and many other states have announced new restrictions, including curfews and vaccination requirements at stores and restaurants. (AP Photo/Altaf Qadri)

អង្គការសហប្រជាជាតិ បានធ្វើការកត់សម្គាល់កាលពីថ្ងៃច័ន្ទ ទី១១ ខែកក្កដា ថា ទម្រាំតែចំនួនប្រជាជនទូទាំងពិភពលោក កើនឡើងដល់១ពាន់លាននាក់ គឺត្រូវការពេលរហូតដល់ទៅរាប់សែនឆ្នាំឯណោះ ប៉ុន្តែចំនួនប្រជាជនបានកើនឡើង រហូតដល់៧ពាន់លាននាក់ ក្នុងរយៈពេលត្រឹមតែ២០០ឆ្នាំចុងក្រោយនេះ ពោលគឺគិតមកទល់នឹងឆ្នាំ២០២១។

ទោះជាយ៉ាងណា ផ្អែកតាមរបាយការណ៍ព្យាករណ៍៍របស់នាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គមកិច្ច (Department of Economic and Social Affairs) នៃអង្គការសហប្រជាជាតិបង្ហាញថា ចំនួនប្រជាជនទូទាំងពិភពលោក កំពុងកើនឡើងក្នុងល្បឿនយឺតបំផុត ចាប់តាំងពីឆ្នាំ១៩៥០ មក។

អង្គការសហប្រជាជាតិនិយាយថា “កំណើនយ៉ាងខ្លាំងនេះ ភាគច្រើនត្រូវបានជំរុញដោយកំណើនចំនួនមនុស្ស ដែលនៅរស់រហូតដល់វ័យបន្តពូជ អមដោយការប្រែប្រួលខ្លាំងនូវអត្រាមានកូន កំណើននគរូបនីយកម្ម និងការពន្លឿនការធ្វើចំណាកស្រុក។ និន្នាការទាំងនេះ នឹងមានឥទ្ធិពលខ្លាំងមកលើមនុស្សជំនាន់ក្រោយៗ”។

របាយការណ៍នេះព្យាករថា ចំនួនប្រជាជនទូទាំងពិភពលោក នឹងកើនឡើងដល់៨,៥ពាន់លាននាក់នៅឆ្នាំ២០៣០ និង៩,៧ពាន់លាននៅឆ្នាំ២០៥០ ហើយនឹងកើនដល់ប្រមាណ១០,៤ពាន់លាននាក់ នៅទសវត្សរ៍ឆ្នាំ២០៨០។

យោងតាមសារព័ត៌មាន The Indian Express ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១២ ខែកក្កដា ឱ្យដឹងថា ប្រជាជនសរុបនៃប្រទេសចិន មានចំនួន១.៤២៤លាននាក់ ចំណែកឯប្រទេសឥណ្ឌា មានប្រជាជនចំនួន១.៤១២លាននាក់ ពោលគឺលើសខ្វះគ្នាតែបន្តិចប៉ុណ្ណោះ៕ Aljazeera៕

អាជ្ញាធរខេត្តកែបពង្រីកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋក្នុងមូលដ្ឋាន

ដោយៈ គង់ ម៉ាលីនណា

ខេត្តកែបៈ អភិបាលនៃគណៈអភិបាលខេត្តកែប លោកបណ្ឌិត​ សោម ពិសិដ្ឋ អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែ​ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប។

ផ្លូវនេះជាប្រភេទផ្លូវបេតុងអាមេមួយខ្សែ ប្រវែង៧៩០ម៉ែត្រ ទទឹង១០ម៉ែត្រ រៀបខឿនជញ្ជាំងភ្នំជើងទេរកម្ពស់២ម៉ែត្រ និងប្រឡាយរំដោះទឹកប្រវែង៧៩០ម៉ែត្រ។

លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប មានប្រសាសន៍កាលពីដើមសប្តាហ៍នេះថា ការបើកការដ្ឋាន សាងសង់ ចាក់បេតុងអាមេផ្លូវមួយខ្សែ ប្រវែង៧៩០ម៉ែត្រ ទទឹង១០ម៉ែត្រ និងប្រឡាយរំដោះទឹកភ្លៀង គឺអនុវត្តន៍តាមផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ​ និងកែលម្អសោភណភាព និងដាក់ភ្លើងបំភ្លឺផ្លូវដែលកន្លងមកតែងតែជួបនូវការលំបាក ការកកស្ទះ និងតូចចង្អៀត ពិបាកក្នុងការធ្វើចរាចរនៅពេលមានពិធីបុណ្យទានម្ដងៗ។

លោកបន្ថែមទៀតថា ខេត្តកែប​ បច្ចុប្បន្ននេះពីមួយថ្ងៃទៅមួយថ្ងៃ មានការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងជាបន្តបន្ទាប់ ខេត្តបាននឹងកំពុង ប្រឹងប្រែងកសាង ជួសជុលផ្លូវជាតិ ផ្លូវលំ រៀបចំរមណីយដ្ឋានទេសចរ​ណ៍ តំបន់ឆ្នេរ អោយកាន់តែមានភាពស្រស់ត្រកាល និងអនាម័យបរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ និងទិដ្ឋភាពគួរជាទីទាក់ទាញ ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកសម្រាក លំហែរកំសាន្ត នៅតាមតំបន់ឆ្នេរ
សមុទ្រខេត្តកែប អោយកាន់តែមាន សន្ទុះច្រើនឡើងៗនាពេលអនាគត​។

ជាការពិតណាស់ ផ្លូវចាក់បេតុងអាមេមួយខ្សែ ប្រវែង៧៩០ម៉ែត្រ ទទឹង១០ម៉ែត្រ និងប្រឡាយរំដោះទឹកភ្លៀង នាពេល​នេះ​ និងជួយសម្រួលដល់ការកកស្ទះ រាល់ការធ្វើដំណើររបស់បងប្អូនភ្ញៀវទេសចរជាតិ -អន្តរជាតិ ដែលមកសម្រាកលំហែរ កម្សាន្តក្នុងរដូវបុណ្យទាន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកែប អោយកាន់តែមានភាពងាយស្រួល ប្រសើរជាងមុន៕

តើការបង់ពន្ឋប្រថាប់ត្រា តម្រូវឲ្យមានឯកសារអ្វីខ្លះ?

ដោយៈ គង់ សូរិយា

ភ្នំពេញៈ នៅពេលនិយាយពីបញ្ហាបង់ពន្ឋ ហាក់ជារឿងស្មុគ្រស្មាញមួយ ដែលតម្រូវឲ្យអ្នកបង់ពន្ឋត្រូវមានឯកសារជាច្រើន ប៉ុន្តែចុះការបង់ពន្ឋប្រថាប់ត្រា ត្រូវតម្រូវឲ្យមានឯកសារអ្វីខ្លះ?។

យោងតាមឯកសាររបស់អគ្គនាយកដ្ឋានពន្ឋដាបានបង្ហាញថា ការស្នើសុំបង់ពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ អ្នកជាប់ពន្ធត្រូវភ្ជាប់ឯកសារដូចជា

-ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ដែលបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ) ត្រូវមានសំណុំឯកសារពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណ​ង់ និងសុរិយោដី ព្រមទាំងឯកសារពាក់ព័ន្ធនានា ដូចតទៅ

+បំពេញពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (PT 02) (០១ ច្បាប់)
+វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (Ci LMAP)
+លិខិតលក់ផ្តាច់
+អត្តសញ្ញាណប័ណ្ណ អ្នកផ្ទេរកម្មសិទ្ធិនិងអ្នកទទួលកម្មសិទ្ធិ
+សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
+ព័ត៌មានក្បាលដី
+កំណត់បង្ហាញរបស់សុរិយោដី
+ទម្រង់បែបបទនៃការប្រមូលទិន្នន័យក្បាលដី
+កិច្ចសន្យាទិញ-លក់ ឬសាលក្រម ឬស.ជ.ណ និងលក្ខន្តិកៈក្រុមហ៊ុន សម្រាប់ក្រុមហ៊ុន និងសហគ្រាស

-ចំពោះការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមិនទាន់ចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ) ត្រូវមានសំណុំឯកសារបញ្ជាក់ ពី មេឃុំ ចៅសង្កាត់ អភិបាលក្រុង ស្រុក ខណ្ឌ ដូចតទៅ៖

+ពាក្យស្នើសុំផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី
+សេចក្តីជូនដំណឹងស្តីពីការចុះវាស់វែងអចលនទ្រព្យដែលមិនទាន់ចុះបញ្ជី
+កំណត់ហេតុស្តីពីការចុះពិនិត្យវាស់វែងអចលនទ្រព្យដែលមិនទាន់ចុះបញ្ជី
+លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមិនទាន់ចុះបញ្ជី
+អត្តសញ្ញាណប័ណ្ណ អ្នកផ្ទេរសិទ្ធិនិងអ្នកទទួលសិទ្ធិ
+សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
+កិច្ចសន្យាទិញ-លក់ ឬសាលក្រម ឬស.ជ.ណ និងលក្ខន្តិកៈក្រុមហ៊ុន សម្រាប់ក្រុមហ៊ុន និងសហគ្រាស៕

អាជ្ញាធរខេត្តព្រះសីហនុកំពុងរកវិធីសាស្រ្តដើម្បីស្តារវិស័យអចលនទ្រព្យឡើងវិញ

ដោយៈ គង់ សូរិយា

ព្រះសីហនុៈ អាជ្ញាធរខេត្ត​ព្រះសីហនុ បាន​ជំរុញ​ឱ្យ​ម្ចាស់​សំណង់ និង​ម្ចាស់​ដី​ស្រុះស្រួល​គ្នា ​លើ​ការបន្ធូរបន្ថយ​ថ្លៃ​ជួល​ដី ដើម្បី​ស្តារ​វិស័យ​អចលនទ្រព្យ ដែល​បាន​ជាប់គាំង និង​ប៉ះពាល់​ដល់​មុខមាត់​របស់​ខេត្ត​ព្រះសីហនុ។​

សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ កាលពីដើមខែកក្កដានេះ បាន​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​មួយ​ស្តីពី​ យន្ត​​ការស្តារ​វិស័យ​អចលនទ្រព្យ និង​ដំណោះ​ស្រាយ​ សម្រាប់​គម្រោង​សំណង់​អគារ​ ដែល​ជាប់គាំង​ជាង១ ០០០ ​អគារ ក្នុង​ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​តំណាង​រដ្ឋបាលខេត្ត​ព្រះសីហនុ​, ក្រ​សួង​សេដ្ឋកិច្ច​ ម្ចាស់​ដី និង​ម្ចាស់​សំណង់​ដែល​ភាគច្រើន​គឺជា​ជនបរទេស​។​

លោក ឡុង ឌី​ម៉​ង់ អភិបាលរង​ខេត្ត​ព្រះសីហនុបានមានប្រសាសន៍ឲ្យ​ដឹង​ថា កិច្ចពិភាក្សា​នេះ​មិនទាន់មាន​លទ្ធផល​ជា​ផ្លែផ្កា​អ្វី​ទេ ដោយ​ការ​ពិគ្រោះ​យោបល់​នេះ ​មាន​គោលបំណងឱ្យ​ភាគី​ពាក់ព័ន្ធ ​ផ្ដល់​សម្បទាន​ឱ្យ​គ្នា​ទៅវិញទៅមក និង​រួមគ្នា​ដោះស្រាយ​បញ្ហា ដើម្បី​បញ្ចៀស​ផលប៉ះពាល់​កើត​ដោយ​​សារ​ការ​ទុក​សំណង់​អគារ​ចោល​។​

លោក​បន្ថែមថា “អគារ​ដែល​មិន​បញ្ចប់​ការសាងសង់ កំពុង​ធ្វើឱ្យប៉ះពាល់​ដល់​រូបភាព​នៃ​ខេត្ត​ព្រះសីហនុ​ និងធ្វើឱ្យប៉ះពាល់​ដល់​បច្ចេក​ទេស​សំណង់នាំ​មាន​គ្រោះ​​ថ្នាក់​ជាយថាហេតុ​ និង​ធ្វើឱ្យប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ចសង្គម​កម្ពុជា​ផងដែរ​”។​

លោក​បន្តថា ​យើង​ក្នុងនាម​អាជ្ញា​ធរ បាន​ខិតខំ​ពន្យល់​ដល់​វិស័យ​ឯកជន អំពី​ស្ថានភាព​បច្ចុប្បន្ន ជុំវិញ​បញ្ហា​តម្លៃ​ដីធ្លី ដែល​មិនមាន​តម្លៃ​ដូច​អំឡុង​ឆ្នាំ ​២០១៧ ឬ​ឆ្នាំ ​២០១៨ នោះទេ​។ យើង​ចង់ឱ្យ​ពួកគាត់​ដោះស្រាយ​គ្នា​ដោយ ការយោគយល់​ក្រៅ​ប្រព័ន្ធតុលាការ ដើម្បី​ឱ្យមាន​អាជ្ញាធរ​ពិចារណា​បន្តថា អាចជួយ​បាន​អ្វីខ្លះ​​។​

លោក​បន្ថែមថា ក្រោយពី​ការពន្យល់​របស់​អ្នកជំនាញ ​អចលនទ្រព្យ អ្នក​​សេដ្ឋកិច្ច និង​អាជ្ញាធរ​ហើយ ម្ចាស់​ដី និង​ម្ចាស់​សំណង់ បាន​យក​បញ្ហា​នេះ ទៅ​ពិចារណា​សិន ដោយ​មិនទាន់ ឆ្លើយតប​ជាក់លាក់​នៅឡើយ​ទេ​។

លោកឡុង ឌីម៉ង់បានបញ្ជាក់ថា ​យើង​នឹង​ពិចារណា​បន្តទៀត ដើម្បី​រក​ដំណោះស្រាយ ក៏ដូចជា​ពិនិត្យមើល​លទ្ធភាព ​ដែល​អាច​ចូល​​រួមចំណែក​ជួយ​សម្រុះសម្រួល​ដល់​ពួក​-​គាត់​។ យើង​ត្រូវ​ការរក​ប្រភព​ចំណូល​ពី​វិនិយោ​គិន​ថ្មី ដើម្បី​ប្រមូលយក Asset ទាំងអស់នេះ និង​ដើម្បី​បង្កើន​តម្លៃបន្ថែម​ឡើងវិញ​។ ខេត្ត​ព្រះសីហនុ នឹង​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស ​ពហុ​បំណង ដូចនេះ មិន​ត្រឹមតែ​វិនិយោគិន​ចិន​ទេ យើង​ស្វាគមន៍​រាល់​អ្នកវិនិយោគ​មកពី​គ្រប់​​ប្រទេស ដែលមាន​បំណង​ចង់​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​។

ជាមួយគ្នានេះ លោកវណ្ណ សុខ​ហេង ប្រធានសភា​​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុបានមានប្រសាសន៍ឲ្យដឹងថា សភាពាណិជ្ជកម្ម ជា​អាជ្ញាកណ្តាល​រវាង​ម្ចាស់​ដី និង​ម្ចាស់​សំណង់ ​ដើម្បី​ជួយ​សម្របសម្រួល​ធ្វើយ៉ាងណា​ឱ្យ​ភាគី​ទាំងអស់ ​យល់ព្រម​បន្ត​ការ​ដំណើរការ​សាងសង់​អគារ​ ដែល​ជាប់គាំង​ជាង២​ឆ្នាំ​មកនេះ​។​

លោក​បញ្ជាក់ថា​ ​វិស័យ​ឯកជន​យើង​មានលទ្ធភាព ​ក្នុង​ការជួយ​ពួកគាត់​ (​ម្ចាស់​ដី និង​ម្ចាស់​សំណង់​)​ ឱ្យមាន​ការ​​ចរចា​រឿង​តម្លៃ​ដី ដែល​សម្រេចយក​តម្លៃ​មួយ​សមរម្យ​អាច​ទទួលយកបាន ដើម្បីឱ្យ​អគារ​ដែល​សាងសង់​ហើយ​ខ្លះ​នោះ អាច​បញ្ចប់​ការសាងសង់ និង​ដំណើរ​​ការចៀសវាង​ការខូចខាត​អគារ​។​

អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodiaបានមានប្រសាសន៍ថា ទីផ្សារអចលនទ្រព្យ នៅក្រុងព្រះសីហនុ ត្រូវការរយៈពេលវែងតទៅទៀត ដើម្បីឲ្យទីផ្សារស្រូបយកអ្វី ដែលបានផ្គត់ផ្គង់ច្រើនរួចហើយ។

អ្នកស្រីបន្តថា នៅក្នុងស្ថានភាពបែបនេះ មានឱកាសពីរអាចកើតមានឡើង ទី១ អ្នកទិញអាចរកអចលនទ្រព្យដែលមានតម្លៃល្អ ប៉ុន្តែចំណុចទី២ គឺថា តើអ្នកទិញឬអ្នកវិនិយោគសំណង់ទាំងនោះ យកមកជួលឲ្យអ្នកណា?៕

ផ្លូវជាតិដ៏សំខាន់ចំនួនពីរត្រូវបានផ្អាកការធ្វើចរាចរណ៍ដោយសារគ្រោះធម្មជាតិ

ដោយៈជេស៊ីកា

កំពង់ស្ពឺ/ពោធិសាត់ៈ ផ្លួវជាតិសំខាន់ៗចំនួន២ គឺផ្លូវជាតិលេខ៤ និង​ផ្លូវជាតិលេខ៥៥ ត្រូវបានផ្អាកឲ្យធ្វើដំណើរបណ្តោះអាសន្ន ដោយសារគ្រោះថ្នាក់ធម្មជាតិ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ ជាបណ្ដោះអាសន្នលើដងផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ១១៦-១១៧ ដោយសភាពការណ៍អាកាសធាតុមានការប្រែប្រួល ធ្វើឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងតំបន់មួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

សេចក្តីជូនដំណឹងដដែលបានបន្តថា រដ្ឋបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដើម្បីរក្សាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ សូមប្រជាពលរដ្ឋ និងសាធារណៈជនដែលជាម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ និងម្ចាស់រថយន្តដឹកអ្នកដំណើរដែលធ្វើចរាចរណ៍ចេញ-ចូល ឆ្លងកាត់ត្រង់ចំណុចខាងលើ សូមបញ្ចៀសចរាចរណ៍តាមផ្លូវជាតិលេខ៣ វិញ។

ជាមួយគ្នានេះ បើយោងតាមសេចក្តីរាយការណ៍ពីពីភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ដោយសារតែមានភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នា ធ្វើឱ្យដីនៅភ្នំធ្លាក់មកបិទផ្លូវជាតិលេខ៥៥ នៅត្រង់ចន្លោះគីឡូម៉ែត្រ១៤២-១៤៣ ដែលរាំងស្ទះក្នុងការធ្វើចរាចរណ៍របស់យានយន្តគ្រប់ប្រភេទ។

ជុំវិញការបាក់ដីរាំងផ្លូវជាតិនេះដែរ ប្រជាពលរដ្ឋជាអ្នកដំណើរបានស្នើសុំឱ្យអាជ្ញាធរ មេត្តាចុះជួយសម្រួលយកគ្រឿងចាក់កាយដី ដែលបានធ្លាក់ចុះមករាំងផ្លូវជាតិត្រង់ចន្លោះគីឡូម៉ែត្រ ១៤២-១៤៣ នេះ ដើម្បីឱ្យពួកគាត់អាចធ្វើដំណើរទៅវិញទៅមកបានជាដើម៕