ដោយ៖ សុផារី
ភ្នំពេញ៖ កំណើនសេដ្ឋកិច្ចកម្ពុជាគាំទ្រដោយវិស័យជាច្រើន ក្នុងនោះ វិស័យអចលនទ្រព្យបានរួមចំណែកយ៉ាងសំខាន់។ អ្នកជំនាញអចលនទ្រព្យ បានព្យាករណ៍ថា ទោះបីជាកំណើនសេដ្ឋកិច្ចចាប់ផ្តើមមានការងើបឡើងវិញបណ្តើរៗក្តី ក៏វិស័យអចលនទ្រព្យត្រូវរង់ចាំរយៈវេលាមួយរយៈសិន ទើបអាចងើបឡើងពេញលេញ និងត្រលប់មកស្ថានភាពដូចមុនវិបត្តិវិញ។
-->
អ្នកនាង គឹម គិនកេសា ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់ នៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាន៍កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ថា ការងើបឡើងវិញនៃវិស័យអចលនទ្រព្យ ត្រូវការពេលពីមួយឆ្នាំ ទៅពីរឆ្នាំ ក្រោយពេលដែលសេដ្ឋកិច្ចនៅក្នុងប្រទេសមានកំណើនជាបណ្តើរៗ។
សញ្ញានៃការងើបឡើងវិញ នៃវិស័យសេដ្ឋកិច្ចនេះ អាចរំពឹងថា វិស័យអចលនទ្រព្យ ក៏មានសញ្ញាល្អដូចគ្នា។ ស្របពេលដែលវិស័យអចលនទ្រព្យ នៅមានកំណើនទាប អ្នកនាង គិនកេសា បានសង្កត់ធ្ងន់ថា នេះគឺជាឱកាសសម្រាប់អ្នកវិនិយោគទិញដី ឬគម្រោងធំៗ ដើម្បីអភិវឌ្ឍចំណេញនៅពេលទីផ្សារងើបឡើងខ្លាំងនាពេលខាងមុខ។

អ្នកជំនាញរូបនេះ ឱ្យដឹងថា តម្លៃនៅក្នុងវិស័យអចលនទ្រព្យ គឺពឹងផ្អែកទៅលើដំណើរការចរន្តសេដ្ឋកិច្ច។ ក្នុងនោះ វិស័យអចលនទ្រព្យកម្ពុជាចាំបាច់ត្រូវការរយៈពេលប្រហែលជា២ឆ្នាំ ក្រោយទីផ្សារសេដ្ឋកិច្ចកម្ពុជាទាំងមូលមានកំណើនឡើងវិញ។
អ្នកនាងគិនកេសា បានគូសបញ្ជាក់ថា “កន្លងមក នៅពេលដែលសេដ្ឋកិច្ចថមថយល្បឿន នៅក្នុងវិស័យអចលនទ្រព្យក៏មានការថមថយល្បឿនប្រហែល ១ឆ្នាំ ទៅ១ឆ្នាំកន្លះ បន្ទាប់ពីការថមថយនៃវិស័យសេដ្ឋកិច្ចទៅមុខទៀតក៏ដូចគ្នា នៅពេលដែលសេដ្ឋកិច្ចចាប់ផ្តើមងើបឡើងវិញ យើងរំពឹងថា វិស័យអចលនទ្រព្យប្រើរយៈពេល ១ឆ្នាំទៅ ២ឆ្នាំ ទម្រាំតែវិស័យនេះ មានកំណើនឡើងវិញ”។
របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា គិតត្រឹមឆមាសទី១ នៃឆ្នាំ២០២២កន្លងមក ការវិនិយោគក្នុងវិស័យសំណង់អចលនទ្រព្យ ទទួលបានកំណើនវិជ្ជមានឡើងវិញ ប៉ុន្តែល្បឿននៃការវិនិយោគហាក់មានភាពយឺតយ៉ាវនៅឡើយ បន្ទាប់ពីទទួលរងផលប៉ះពាល់ដោយសារកូវីដ១៩។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា វិស័យសំណង់ អចលនទ្រព្យ ទទួលបានកំណើនវិជ្ជមានឡើងវិញនាពេលនេះ គឺដោយសារការងើបឡើង វិញនៃរំហូរវិនិយោគបរទេស កំណើនឥណទានទៅកាន់វិស័យសំណង់ ការកើនឡើងវិញនៃប្រាក់ចំណូលក្នុងស្រុក និងការងើបឡើងវិញជាបណ្តើរៗនៃកំណើនភ្ញៀរទេសចរណ៍អន្តរជាតិ។
យ៉ាងណាក្តី គម្រោងសាងសង់ ដែលទទួលបានការអនុម័ត បានបង្ហាញថា តម្លៃ ផ្ទៃក្រឡា និងចំនួននៃគម្រោងសំណង់ថ្មីបន្តមានកំណើនអវិជ្ជមាន ជាពិសេស ចំនួនគម្រោងពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ ដែលមានថយចុះ ៣៣,៥ភាគរយ ៣២,៦ភាគរយ និង២១,៨ភាគរយរៀងគ្នា៕
